លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤២

តើគម្ពីរចែងយ៉ាងណាអំពីការនៅលីវនិងការរៀបការ?

តើគម្ពីរចែងយ៉ាងណាអំពីការនៅលីវនិងការរៀបការ?

ក្នុង​វប្បធម៌​ខ្លះ មនុស្ស​គិត​ថា​បើ​អ្នក​ណា​មិន​រៀប​ការ អ្នក​នោះ​គ្មាន​សុភមង្គល​ទេ។ ប៉ុន្តែ មិន​មែន​អ្នក​ដែល​រៀប​ការ​ទាំង​អស់​មាន​សុភមង្គល​ឡើយ ហើយ​ក៏​មិន​មែន​អ្នក​ដែល​នៅ​លីវ​ទាំង​អស់​គ្មាន​សុភមង្គល​ដែរ។ តាម​ពិត គម្ពីរ​ចាត់​ទុក​ការ​នៅ​លីវ​និង​ការ​រៀប​ការ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។

១. តើ​ការ​នៅ​លីវ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​រៀប​ការ អ្នក​នោះ​ក៏​សម្រេច​ការ​បាន​ល្អ​ដែរ តែ​អ្នក​ណា​ដែល​មិន​រៀប​ការ អ្នក​នោះ​នឹង​សម្រេច​ការ​បាន​ល្អ​ជាង​»។ (​សូម​អាន កូរិនថូស​ទី​១ ៧:៣២, ៣៣, ៣៨​) តើ​អ្នក​នៅ​លីវ​អាច​«​សម្រេច​ការ​បាន​ល្អ​ជាង​»​តាម​វិធី​ណា​ខ្លះ? គ្រិស្ត​សាសនិក​ដែល​នៅ​លីវ ពួក​គេ​គ្មាន​គូ​ដែល​ត្រូវ​ថែ​រក្សា​ទេ។ ម្ល៉ោះ​ហើយ ពួក​គេ​មាន​សេរី​ភាព​ច្រើន​ជាង។ ជា​ឧទាហរណ៍ បង​ប្អូន​ខ្លះ​អាច​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​ដូច​ជា ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​ផ្សេង​ជា​ដើម។ បន្ថែម​ទៅ​ទៀត ពួក​គេ​អាច​ចំណាយ​ពេល​ច្រើន​ជាង​ដើម្បី​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

២. តើ​ការ​រៀប​ការ​ស្រប​ច្បាប់​មាន​ប្រយោជន៍​អ្វី​ខ្លះ?

ដូច​ការ​នៅ​លីវ ការ​រៀប​ការ​ក៏​មាន​ប្រយោជន៍​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​មាន​គ្នា​ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង​»។ (​អ្នក​ទូន្មាន ៤:៩​) ជា​ពិសេស បើ​គ្រិស្ត​សាសនិក​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​ដូច​បទ​គម្ពីរ​នោះ​ចែង។ គូ​ដែល​រៀប​ការ​ស្រប​ច្បាប់​សន្យា​ថា ពួក​គេ​នឹង​ស្រឡាញ់​ថ្នាក់​ថ្នម ហើយ​គោរព​គ្នា ព្រម​ទាំង​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​លទ្ធផល ពួក​គេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​និង​មាន​ទំនុក​ចិត្ត​ច្រើន​ជាង គូ​ដែល​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ ហើយ​កូន​ៗ​របស់​ពួក​គេ​ក៏​ធំ​ឡើង​ក្នុង​បរិយាកាស​ល្អ​និង​មាន​អារម្មណ៍​កក់​ក្ដៅ​ដែរ។

៣. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍?

ពេល​ព្រះ​យេហូវ៉ា​រៀបចំ​គូ​អាពាហ៍ពិពាហ៍​ដំបូង លោក​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់​»។ (​ដើម​កំណើត ២:២៤​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​ស្រឡាញ់​គ្នា​និង​ជិត​ស្និទ្ធ​គ្នា ដរាប​ណា​ពួក​គេ​នៅ​មាន​ជីវិត។ លោក​អនុញ្ញាត​ឲ្យ​ប្ដី​ប្រពន្ធ​លែង​លះ​គ្នា លុះ​ត្រា​តែ​គូ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ក្នុង​ករណី​នេះ ព្រះ​យេហូវ៉ា​ឲ្យ​គូ​ដែល​គ្មាន​កំហុស​មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា គាត់​លែង​លះ​ឬ​មិន​លែង​លះ​គូ​របស់​គាត់។ a (​ម៉ាថាយ ១៩:៩​) ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​គ្រិស្ត​សាសនិក​មាន​ប្ដី​ឬ​ប្រពន្ធ​លើស​ពី​មួយ​ទេ។​—ធីម៉ូថេ​ទី​១ ៣:២

បង្កើន​ចំណេះ

សូម​រៀន​អំពី​របៀប​ដែល​អ្នក​អាច​មាន​សុភមង្គល និង​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត ទោះ​ជា​អ្នក​នៅ​លីវ​ឬ​រៀប​ការ​ហើយ​ក៏​ដោយ។

៤. ចូរ​ប្រើ​ភាព​នៅ​លីវ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត

លោក​យេស៊ូ​បាន​ចាត់​ទុក​ភាព​នៅ​លីវ​ថា​ជា​អំណោយ​មួយ។ (​ម៉ាថាយ ១៩:១១, ១២​) សូម​អាន ម៉ាថាយ ៤:២៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​លោក​យេស៊ូ​បាន​ប្រើ​ភាព​នៅ​លីវ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

គ្រិស្ត​សាសនិក​អាច​សប្បាយ​នឹង​ភាព​នៅ​លីវ​ដូច​លោក​យេស៊ូ​ដែរ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​អាច​ប្រើ​ភាព​នៅ​លីវ​ដែល​នាំ​ឲ្យ​ខ្លួន​ស្កប់​ចិត្ត?

តើ​អ្នក​ដឹង​ទេ?

គម្ពីរ​មិន​បាន​កំណត់​អាយុ​ដែល​ត្រូវ​រៀប​ការ​ទេ។ ប៉ុន្តែ គម្ពីរ​លើក​ទឹក​ចិត្ត​មនុស្ស​វ័យ​ក្មេង​ឲ្យ​រង់​ចាំ​រហូត​ដល់​ផុត​គ្រា​យុវវ័យ​ឬ​«​មិន​ក្មេង​ពេក​»​ ព្រោះ​នោះ​ជា​គ្រា​ដែល​មាន​ចំណង់​ខ្លាំង​ខាង​ផ្លូវ​ភេទ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ក្មេង​ពិបាក​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា។​—កូរិនថូស​ទី​១ ៧:៣៦

៥. ចូរ​ជ្រើស​រើស​គូ​ដោយ​ឈ្លាស​វៃ

ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​មួយ។ សូម​អាន ម៉ាថាយ ១៩:៤​-​៦, រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​គ្រិស្ត​សាសនិក​មិន​គួរ​ប្រញាប់​រៀប​ការ​ពេក?

គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​រក​បាន​គូ​អាពាហ៍ពិពាហ៍​ល្អ។ សំខាន់​បំផុត គឺ​រក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ b សូម​អាន កូរិនថូស​ទី​១ ៧:៣៩ និង​កូរិនថូស​ទី​២ ៦:១៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​យើង​គួរ​រៀប​ការ​តែ​ជា​មួយ​អ្នក​កាន់​តាម​លោក​ម្ចាស់​ប៉ុណ្ណោះ?

  • តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ស្រឡាញ់​លោក?

បើ​គេ​ទឹម​សត្វ​ពីរ​ដែល​ខុស​គ្នា​ឆ្ងាយ សត្វ​ទាំង​ពីរ​នោះ​នឹង​វេទនា។ ស្រដៀង​គ្នា​ដែរ បើ​គ្រិស្ត​សាសនិក​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ ពួក​គេ​នឹង​មាន​បញ្ហា​ជា​ច្រើន

៦. ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​អាពាហ៍ពិពាហ៍

នៅ​អ៊ីស្រាអែល​សម័យ​បុរាណ បុរស​ខ្លះ​លែង​លះ​ប្រពន្ធ​ដោយ​សារ​គិត​តែ​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ សូម​អាន ម៉ាឡាគី ២:១៣, ១៤, ១៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ស្អប់​ការ​លែង​លះ​ដែល​មិន​មាន​មូលដ្ឋាន​ពី​គម្ពីរ?

ការ​ផិត​ក្បត់​និង​ការ​លែង​លះ​ធ្វើ​ឲ្យ​គូ​ដែល​គ្មាន​កំហុស​និង​កូន​ត្រូវ​ឈឺ​ចាប់​ហើយ​វេទនា

លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • បើ​គូ​របស់​អ្នក​មិន​មែន​ជា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍?

៧. ចូរ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​អាពាហ៍ពិពាហ៍

បុគ្គល​ម្នាក់​ប្រហែល​ជា​ត្រូវ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ c ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​អ្នក​ដែល​ធ្វើ​ដូច្នោះ។ លេង​វីដេអូ

សូម​អាន ហេប្រឺ ១៣:៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​អាពាហ៍ពិពាហ៍​គឺ​សម​ហេតុ​សម​ផល​ឬ​ទេ? ហេតុ​អ្វី?

បើ​គ្រិស្ត​សាសនិក​រៀប​ការ​ឬ​លែង​លះ​គ្នា ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​ឬ​សំបុត្រ​លែង​លះ។ រដ្ឋាភិបាល​នៅ​ប្រទេស​ភាគ​ច្រើន ក៏​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ដូច្នេះ​ដែរ។ សូម​អាន ទីតុស ៣:១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • បើ​អ្នក​រៀប​ការ​ហើយ តើ​អ្នក​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​តាម​ច្បាប់​រដ្ឋ​ឬ​ទេ?

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​បើ​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ហើយ​រស់​នៅ​ជា​មួយ​គ្នា ហេតុ​អ្វី​ចាំ​បាច់​រៀប​ការ?​»។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ការ​នៅ​លីវ​និង​ការ​រៀប​ការ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។ អ្នក​ដែល​នៅ​លីវ​និង​អ្នក​ដែល​រៀប​ការ​ហើយ អាច​មាន​សុភមង្គល​និង​ជីវិត​ស្កប់​ចិត្ត បើ​ពួក​គេ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។

រៀន​សា​ឡើង​វិញ

  • តើ​តាម​របៀប​ណា​បុគ្គល​ដែល​នៅ​លីវ​អាច​ប្រើ​ភាព​នៅ​លីវ​របស់​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត?

  • ហេតុ​អ្វី​គម្ពីរ​ប្រាប់​ឲ្យ​រៀប​ការ​តែ​ជា​មួយ​អ្នក​កាន់​តាម​លោក​ម្ចាស់​ប៉ុណ្ណោះ?

  • ក្នុង​គម្ពីរ តើ​មូលហេតុ​តែ​មួយ​ដែល​អាច​លែង​លះ​គ្នា​ជា​អ្វី?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​ការ​រៀប​ការ​តែ​ជា​មួយ​«​អ្នក​កាន់​តាម​លោក​ម្ចាស់​»​ប៉ុណ្ណោះ​មាន​ន័យ​យ៉ាង​ណា?

«​សំណួរ​ពី​អ្នក​អាន​»​ ​(​brwp​០៤០៧០១​)

សូម​មើល​ឈុត​សម្ដែង​ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​អំពី​ការ​ស្វែង​យល់​ចិត្ត​គ្នា​និង​ការ​រៀប​ការ។

ចូរ​ត្រៀម​ខ្លួន​សិន មុន​រៀប​ការ (១១:៥៣)

សូម​រៀន​អំពី​មូលហេតុ​ដែល​បុរស​ម្នាក់​មាន​អារម្មណ៍​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់ មាន​តម្លៃ​ច្រើន​ជាង​អ្វី​ដែល​គាត់​បាន​លះ​បង់។

ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​រៀន​សេចក្ដី​ពិត (១:៥៦)

មុន​អ្នក​ណា​ម្នាក់​សម្រេច​ចិត្ត​រស់​នៅ​បែក​គ្នា​ឬ​លែង​លះ​គ្នា តើ​គាត់​គួរ​គិត​ពិចារណា​ចំណុច​អ្វី​ខ្លះ?

«​ចូរ​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ជា​ការ​រៀបចំ​របស់​ព្រះ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​ធ្នូ ឆ្នាំ​២០១៨​)

a សូម​មើលកំណត់​នៅ​ចុង​សៀវ​ភៅ លេខ​៤ អំពី​ការ​រស់​នៅ​បែក​គ្នា មិន​មែន​ដោយ​សារ​មូលហេតុ​ផិត​ក្បត់​ទេ។

b ក្នុង​វប្បធម៌​ខ្លះ ឪពុក​ម្ដាយ​គឺ​ជា​អ្នក​រៀបចំ​គូ​ស្រករ​ឲ្យ​កូន​របស់​ពួក​គេ។ ក្នុង​កាលៈទេសៈ​បែប​នេះ ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​កូន​មិន​គួរ​គិត​អំពី​លុយ​ឬ​ឋានៈ​របស់​បុគ្គល​នោះ​ទេ តែ​គួរ​គិត​ជា​មុន​ថា តើ​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។

c ប្រសិន​បើ​អ្នក​កំពុង​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​បាន​រៀប​ការ អ្នក​ផ្ទាល់​ត្រូវ​សម្រេច​ចិត្ត​ថា​អ្នក​នឹង​ចាក​ចេញ​ពី​គាត់ ឬ​រៀប​ការ​ជា​មួយ​គាត់។