លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៣

តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាអំពីស្រា?

តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាអំពីស្រា?

នៅ​ទូទាំង​ពិភព​លោក​មនុស្ស​មាន​ទស្សនៈ​ខុស​ៗ​គ្នា​អំពី​ការ​ពិសា​ស្រា​ឬ​គ្រឿង​ស្រវឹង។ អ្នក​ខ្លះ​ពិសា​ស្រា​ក្នុង​ឱកាស​ជួប​ជុំ​មិត្ត​ភក្តិ។ ឯ​អ្នក​ខ្លះ​ទៀត សម្រេច​ចិត្ត​មិន​ពិសា​ទាល់​តែ​សោះ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត ពិសា​ស្រា​រហូត​ដល់​ស្រវឹង។ ប៉ុន្តែ តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ពិសា​ស្រា?

១. តើ​ការ​ពិសា​ស្រា​ខុស​ឬ?

គម្ពីរ​មិន​បាន​ប្រាប់​ថា ការ​ពិសា​ស្រា​គឺ​ខុស​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​គម្ពីរ​រៀប​រាប់​អំពី​អំណោយ​ជា​ច្រើន​ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង នោះ​ក៏​រួម​បញ្ចូល​ស្រា​ដែរ គឺ​ព្រះ​បាន​ផ្ដល់​«​ស្រា​ទំពាំង​បាយ​ជូរ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​សប្បាយ​រីករាយ​»។ (​ចម្រៀង​សរសើរ​ព្រះ ១០៤:១៤, ១៥​) បុរស​និង​ស្ត្រី​ស្មោះ​ត្រង់​មួយ​ចំនួន​ក្នុង​គម្ពីរ ក៏​បាន​ពិសា​ស្រា​ដែរ។​—ធីម៉ូថេ​ទី​១ ៥:២៣

២. តើ​គម្ពីរ​ផ្ដល់​យោបល់​អ្វី​ខ្លះ​សម្រាប់​អ្នក​ដែល​សម្រេច​ចិត្ត​ពិសា​ស្រា?

ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ច្រើន​ហួស​ប្រមាណ និង​ការ​ពិសា​ស្រា​រហូត​ដល់​ស្រវឹង។ (​កាឡាទី ៥:២១​) បណ្ដាំ​របស់​លោក​ចែង​ថា​៖ ​«​កុំ​ធ្វើ​ជា​មនុស្ស​ល្មោភ​ស្រា​»។ (​សុភាសិត ២៣:២០​) ទោះ​ជា​យើង​សម្រេច​ចិត្ត​ពិសា​ស្រា​តែ​ម្នាក់​ឯង ឬ​ជា​មួយ​អ្នក​ឯ​ទៀត​ក៏​ដោយ យើង​មិន​គួរ​ពិសា​ស្រា​ច្រើន​ពេក រហូត​ដល់​មិន​អាច​គិត​ពិចារណា​ត្រឹម​ត្រូវ ឬ​មិន​អាច​គ្រប់​គ្រង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​នោះ​ទេ។ ម្យ៉ាង​ទៀត យើង​មិន​គួរ​ពិសា​ស្រា​ច្រើន​ពេក​រហូត​ដល់​ខូច​សុខភាព​ឡើយ។ ដូច្នេះ បើ​យើង​មិន​អាច​ប្រមាណ​ចំនួន​ស្រា​ដែល​ខ្លួន​ពិសា​ទេ នោះ​យើង​គួរ​ឈប់​ពិសា​ស្រា។

៣. ស្ដី​អំពី​ស្រា តើ​យើង​អាច​គោរព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

មនុស្ស​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​ថា​ពិសា​ស្រា​ឬ​មិន​ពិសា។ យើង​មិន​គួរ​វិនិច្ឆ័យ​អ្នក​ណា​ម្នាក់​ដែល​សម្រេច​ចិត្ត​ពិសា​ស្រា​ដោយ​ចេះ​ប្រមាណ​ទេ ហើយ​យើង​ក៏​មិន​គួរ​បង្ខំ​អ្នក​ណា​ម្នាក់​ដែល​មិន​ចង់​ពិសា​ស្រា​ដែរ។ (​រ៉ូម ១៤:១០​) យើង​សម្រេច​ចិត្ត​មិន​ពិសា​ស្រា បើ​យើង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ឯ​ទៀត។ (​សូម​អាន រ៉ូម ១៤:២១​) យើង​«​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​»។​—សូម​អាន កូរិនថូស​ទី​១ ១០:២៣, ២៤

បង្កើន​ចំណេះ

សូម​ពិចារណា​គោល​ការណ៍​ក្នុង​គម្ពីរ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ថា​គួរ​ពិសា​ស្រា​ឬ​មិន​គួរ ហើយ​បើ​សម្រេច​ចិត្ត​ពិសា​ស្រា តើ​គួរ​ពិសា​ច្រើន​ប៉ុណ្ណា? ម្យ៉ាង​ទៀត សូម​ស្វែង​យល់​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ បើ​អ្នក​ពិបាក​យក​ឈ្នះ​ការ​ពិសា​ស្រា​ច្រើន​ពេក។

៤. ចូរ​សម្រេច​ចិត្ត​ថា​អ្នក​នឹង​ពិសា​ស្រា​ឬ​មិន​ពិសា

តើ​លោក​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​ពិសា​ស្រា? ដើម្បី​ដឹង​ចម្លើយ សូម​ពិចារណា​អព្ភូតហេតុ​ដំបូង​ដែល​លោក​បាន​ធ្វើ។ សូម​អាន យ៉ូហាន ២:១​-​១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • យោង​តាម​អព្ភូតហេតុ​នេះ តើ​យើង​អាច​រៀន​អ្វី​ពី​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​ស្រា​និង​ចំពោះ​អស់​អ្នក​ដែល​ពិសា​ស្រា?

  • ដោយ​សារ​លោក​យេស៊ូ​មិន​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា តើ​គ្រិស្ត​សាសនិក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ណា​ម្នាក់​ដែល​សម្រេច​ចិត្ត​ពិសា​ស្រា?

ប៉ុន្តែ ទោះ​ជា​គ្រិស្ត​សាសនិក​មាន​សេរី​ភាព​ក្នុង​ការ​ពិសា​ស្រា​ក៏​ដោយ មិន​មាន​ន័យ​ថា​គាត់​គួរ​តែ​ពិសា​ស្រា​គ្រប់​ពេល​នោះ​ទេ។ សូម​អាន សុភាសិត ២២:៣ រួច​ពិចារណា​ស្ថានភាព​ដូច​ត​ទៅ ដើម្បី​ដឹង​ថា​អ្នក​គួរ​ពិសា​ស្រា​ឬ​មិន​គួរ​៖

  • ពេល​អ្នក​ហៀប​នឹង​បើក​បរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន។

  • ពេល​អ្នក​កំពុង​មាន​ផ្ទៃ​ពោះ។

  • គ្រូ​ពេទ្យ​បាន​ឲ្យ​យោបល់​អ្នក​ថា កុំ​ពិសា​ស្រា។

  • ពេល​ពិសា​ស្រា អ្នក​ពិបាក​ឈប់។

  • ច្បាប់​មិន​អនុញ្ញាត​ឲ្យ​អ្នក​ពិសា​ស្រា។

  • ពេល​អ្នក​នៅ​ជា​មួយ​នឹង​បុគ្គល​ដែល​សម្រេច​ចិត្ត​មិន​ពិសា​ស្រា ដោយ​សារ​ពី​មុន​គាត់​ធ្លាប់​ពិសា​ស្រា​ច្រើន​ពេក។

តើ​អ្នក​គួរ​មាន​ស្រា​ក្នុង​ពិធី​រៀប​ការ ឬ​ពិធី​ជួប​ជុំ​ទេ? ដើម្បី​មើល​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​បាន សូមលេង​វីដេអូ

សូម​អាន រ៉ូម ១៣:១៣ និង​កូរិនថូស​ទី​១ ១០:៣១, ៣២ បន្ទាប់​ពី​អាន​ខ​គម្ពីរ​នីមួយ​ៗ សូម​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​តាម​របៀប​ណា​ការ​ធ្វើ​តាម​គោល​ការណ៍​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​ការ​ពិសា​ស្រា។ ទោះ​ជា​ពេល​ខ្លះ​គាត់​ពិសា​ស្រា​ក៏​ដោយ ប្រហែល​ពេល​ខ្លះ​គាត់​សម្រេច​ចិត្ត​មិន​ពិសា​ស្រា​ទេ

៥. ចូរ​សម្រេច​ចិត្ត​ថា​អ្នក​នឹង​ពិសា​ស្រា​ច្រើន​ប៉ុណ្ណា

បើ​អ្នក​សម្រេច​ចិត្ត​ពិសា​ស្រា សូម​ចាំ​អំពី​រឿង​នេះ​៖ ព្រះ​យេហូវ៉ា​មិន​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ទេ តែ​លោក​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ហួស​ប្រមាណ។ ហេតុ​អ្វី? សូម​អាន ហូសេ ៤:១១, ១៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​អ្នក​ពិសា​ស្រា​ច្រើន​ពេក តើ​អ្វី​អាច​កើត​ឡើង?

តើ​អ្វី​អាច​ជួយ​យើង​កុំ​ឲ្យ​ពិសា​ស្រា​ច្រើន​ពេក? យើង​ត្រូវ​មាន​ចិត្ត​សុភាព​ឬ​ត្រូវ​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន។ សូម​អាន សុភាសិត ១១:២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​អ្នក​ដាក់​កម្រិត​លើ​បរិមាណ​ស្រា​ដែល​អ្នក​នឹង​ពិសា?

៦. ចូរ​យក​ឈ្នះ​ការ​ពិសា​ស្រា​ហួស​ប្រមាណ

សូម​មើល​អ្វី​ដែល​បាន​ជួយ​បុរស​ម្នាក់​ឲ្យ​ឈប់​ពិសា​ស្រា​ច្រើន​ហួស​ប្រមាណ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ស្រា​ធ្វើ​ឲ្យ​បុរស​ឈ្មោះ​ឌីមិទ្រី​ប្រព្រឹត្ត​យ៉ាង​ណា?

  • តើ​គាត់​អាច​ផ្ដាច់​ស្រា​ភ្លាម​ៗ​បាន​ឬ​ទេ?

  • តើ​តាម​របៀប​ណា​គាត់​អាច​ផ្ដាច់​ការ​ញៀន​ស្រា​បាន​ទាំង​ស្រុង?

សូម​អាន កូរិនថូស​ទី​១ ៦:១០, ១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ប្រមឹក​ស្រា?

  • តើ​ខ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​អ្នក​ដែល​ពិសា​ស្រា​ហួស​ប្រមាណ​អាច​កែ​ប្រែ​បាន?

សូម​អាន ម៉ាថាយ ៥:៣០ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​លោក​យេស៊ូ​លើក​ឧទាហរណ៍​អំពី​ការ​កាត់​ដៃ លោក​ចង់​មាន​ន័យ​ថា​យើង​ប្រហែល​ជា​ត្រូវ​លះ​បង់​អ្វី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ បើ​អ្នក​ពិបាក​យក​ឈ្នះ​ការ​ពិសា​ស្រា​ច្រើន​ហួស​ប្រមាណ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ? a

សូម​អាន កូរិនថូស​ទី​១ ១៥:៣៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • បើ​អ្នក​ចូល​ចិត្ត​សេព​គប់​មនុស្ស​ដែល​ចូល​ចិត្ត​ពិសា​ស្រា​ច្រើន តើ​នោះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើអ្នក?

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​តើ​ការ​ពិសា​ស្រា​ខុស​ឬ?​»។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ផ្ដល់​ស្រា​ដើម្បី​ឲ្យ​យើង​សប្បាយ​រីករាយ តែ​លោក​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ហួស​ប្រមាណ​និង​ការ​ស្រវឹង​ស្រា។

រៀន​សា​ឡើង​វិញ

  • តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ពិសា​ស្រា?

  • តើ​ការ​ពិសា​ស្រា​ច្រើន​ពេក​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ?

  • ស្ដី​អំពី​ការ​ពិសា​ស្រា តើ​យើង​អាច​គោរព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​តាម​របៀប​ណា​ក្មេង​ជំទង់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​អំពី​ការ​ពិសា​ស្រា?

គិត​មុន​ផឹក​ស្រា (២:៣១)

សូម​ស្វែង​យល់​ជំហាន​ផ្សេង​ៗ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការ​ពិសា​ស្រា​ច្រើន​ពេក។

«​រក្សា​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ស្រា​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១០​)

សូម​មើល​បទ​ពិសោធន៍​របស់​បុរស​ម្នាក់​ដែល​បាន​ឈប់​ពិសា​ស្រា​ហួស​ប្រមាណ ក្នុង​អត្ថបទ​«​ខ្ញុំ​ជា​ធុង​ស្រា​ដែល​គ្មាន​បាត​»។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា–ធ្នូ ឆ្នាំ​២០១២​)

a អ្នក​ដែល​ញៀន​ស្រា​ប្រហែល​ជា​ត្រូវ​ការ​អ្នក​ជំនាញ​ដើម្បី​ជួយ​គាត់​ឲ្យ​ផ្ដាច់​ស្រា។ គ្រូ​ពេទ្យ​ជា​ច្រើន​ប្រាប់​ថា អ្នក​ដែល​ធ្លាប់​ញៀន​ស្រា មិន​គួរ​ពិសា​ស្រា​ទាល់​តែ​សោះ។