លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៥

តើអព្យាក្រឹតភាពមានអត្ថន័យអ្វី?

តើអព្យាក្រឹតភាពមានអត្ថន័យអ្វី?

លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​‹មិន​គួរ​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ›។ (​យ៉ូហាន ១៥:១៩​) ការ​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​មាន​ន័យ​ថាពួក​គេ​កាន់​ជំហរ​អព្យាក្រឹត ដោយ​មិន​គាំទ្រ​នយោបាយ​និង​សង្គ្រាម​របស់​ពិភព​លោក​នេះ។ តាម​ពិត ការ​កាន់​ជំហរ​អព្យាក្រឹត​មិន​តែង​តែ​ស្រួល​ទេ។ អ្នក​ឯ​ទៀត​អាច​ចំអក​មើល​ងាយ​យើង ដោយ​សារ​យើង​កាន់​ជំហរ​អព្យាក្រឹត។ តើ​តាម​របៀប​ណា​យើង​អាច​រក្សា​អព្យាក្រឹតភាព​និង​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា?

១. តើ​គ្រិស្ត​សាសនិក​ពិត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រដ្ឋាភិបាល​របស់​មនុស្ស?

គ្រិស្ត​សាសនិក​គោរព​រដ្ឋាភិបាល។ យើង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ​»​ ពោល​គឺ​យើង​គោរព​ច្បាប់​របស់​ប្រទេស ដូច​ជា​បង់​ពន្ធ​ទៅ​អ្នក​ណា​ដែល​តម្រូវ​ឲ្យ​បង់​ពន្ធ។ (​ម៉ាកុស ១២:១៧​) គម្ពីរ​បង្រៀន​ថា​រដ្ឋាភិបាល​មនុស្ស​មាន​អំណាច​គ្រប់​គ្រង ដោយ​សារ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ពួក​គេ​គ្រប់​គ្រង។ (​រ៉ូម ១៣:១​) ដូច្នេះ យើង​ដឹង​ថា​រដ្ឋាភិបាល​មនុស្ស​មាន​អំណាច​តែ​មួយ​កម្រិត​ប៉ុណ្ណោះ។ យើង​ជឿ​ជាក់​ថា​ព្រះ​របស់​យើង​និង​រាជាណាចក្រ​ស្ថាន​សួគ៌ នឹង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​របស់​មនុស្សជាតិ។

២. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​កាន់​ជំហរ​អព្យាក្រឹត?

ដូច​លោក​យេស៊ូ​ដែរ យើង​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​ទេ។ នៅ​សម័យ​លោក​យេស៊ូ បន្ទាប់​ពី​បណ្ដា​ជន​ឃើញ​អព្ភូតហេតុ​មួយ​ដែល​លោក​បាន​ធ្វើ ពួក​គេ​ព្យាយាម​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច តែ​លោក​មិន​ធ្វើ​តាម​ពួក​គេ​ទេ។ (​យ៉ូហាន ៦:១៥​) ហេតុ​អ្វី? ដោយ​សារ​ក្រោយ​មក​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូហាន ១៨:៣៦​) ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​បង្ហាញ​ថា​យើង​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​ផ្សេង​ៗ។ ជា​ឧទាហរណ៍ យើង​មិន​ចូល​រួម​ធ្វើ​សង្គ្រាម។ (​សូម​អាន មីកា ៤:៣​) យើង​មិន​មើល​ងាយ​ទង់​ជាតិ ឬ​និមិត្តរូប​ផ្សេង​ៗ​ដែល​តំណាង​ជាតិ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​គោរព​ប្រណិប័តន៍​អ្វី​ទាំង​នោះ​ឡើយ។ (​យ៉ូហាន​ទី​១ ៥:២១​) យើង​មិន​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ ឬ​បេក្ខជន​នយោបាយ​ណា​ម្នាក់​ឡើយ។ ក្នុង​រឿង​ទាំង​នេះ​និង​ក្នុង​រឿង​ផ្សេង​ទៀត យើង​បង្ហាញ​ថា​យើង​រក្សា​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​រដ្ឋាភិបាល​របស់​ព្រះ ពោល​គឺ​រាជាណាចក្រ​របស់​លោក។

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​ស្ថានភាព​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​អព្យាក្រឹតភាព ហើយ​សូម​មើល​របៀប​ដែល​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

៣. គ្រិស្ត​សាសនិក​ពិត​កាន់​ជំហរ​អព្យាក្រឹត

លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ទុក​គំរូ​ល្អ​សម្រាប់​យើង។ សូម​អាន រ៉ូម ១៣:​១, ៥​-​៧ និង​ពេត្រុស​ទី​១ ២:១៣, ១៤ បន្ទាប់​មក លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​យើង​គួរ​គោរព​ពួក​អាជ្ញាធរ?

  • តើ​យើង​ចុះ​ចូល​ពួក​អាជ្ញាធរ​ក្នុង​រឿង​ណា​ខ្លះ?

ពេល​មាន​សង្គ្រាម ជន​ជាតិ​ខ្លះ​ប្រហែល​ជា​អះអាង​ថា​ពួក​គេ​កាន់​ជំហរ​អព្យាក្រឹត តែ​ពួក​គេ​បែរ​ជា​ជួយ​ភាគី​ទាំង​សង​ខាង​ក្នុង​សង្គ្រាម។ តើ​អព្យាក្រឹតភាព​ពិត​ប្រាកដ​មាន​ន័យ​យ៉ាង​ណា? សូម​អាន យ៉ូហាន ១៧:១៦ បន្ទាប់​មក លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អព្យាក្រឹតភាព​មាន​ន័យ​យ៉ាង​ណា?

ចុះ​បើ​ពួក​អាជ្ញាធរ​បញ្ជា​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​របស់​ព្រះ? សូម​អាន សកម្មភាព ៥:២៨, ២៩ បន្ទាប់​មក លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • បើ​ច្បាប់​របស់​មនុស្ស​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ តើ​យើង​គួរ​ធ្វើ​តាម​ច្បាប់​របស់​អ្នក​ណា?

  • តើ​មាន​ស្ថានភាព​ណា​ខ្លះ​ដែល​អ្នក​គិត​ថា​គ្រិស្ត​សាសនិក​មិន​គួរ​ធ្វើ​តាម​បង្គាប់​របស់​ពួក​អាជ្ញាធរ?

៤. ចូរ​កាន់​ជំហរ​អព្យាក្រឹត​ទាំង​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត

សូម​អាន យ៉ូហាន​ទី​១ ៥:២១ បន្ទាប់​មក លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • អេយ៉េនគេ​បាន​ស​ម្រេច​ចិត្ត​មិន​ចូល​រួម​គណបក្ស​នយោបាយ​ទេ ហើយ​គាត់​ក៏​មិន​ចូល​រួម​គោរព​ទង់​ជាតិ​និង​ពិធី​ស្នេហា​ជាតិ​ដែរ។ ហេតុ​អ្វី​គាត់​ស​ម្រេច​ចិត្ត​ដូច្នេះ?

  • តើ​អ្នក​គិត​ថា​គាត់​បាន​ស​ម្រេច​ចិត្ត​ដោយ​ប្រាជ្ញា​ឬ​ទេ?

តើ​មាន​ស្ថានភាព​ណា​ខ្លះ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​អព្យាក្រឹតភាព? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ស្ដី​អំពី​ការ​ប្រកួត​កីឡា​អន្តរជាតិ តើ​យើង​អាច​រក្សា​អព្យាក្រឹតភាព​យ៉ាង​ដូច​ម្ដេច?

  • ទោះ​ជា​យើង​រង​គ្រោះ​ឬ​ទទួល​ប្រយោជន៍​ពី​ការ​សម្រេច​ចិត្ត​របស់​ពួក​អ្នក​នយោបាយ​ក៏​ដោយ តើ​យើង​អាច​រក្សា​អព្យាក្រឹតភាព​យ៉ាង​ដូច​ម្ដេច?

  • អ្វី​ដែល​យើង​ឮ​ពី​បណ្ដាញ​សារ​ព័ត៌មាន​និង​ពី​អ្នក​ដែល​យើង​សេព​គប់ តើ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

តើ​គ្រិស្ត​សាសនិក​ត្រូវ​រក្សា​អព្យាក្រឹតភាព​ទាំង​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ក្នុង​រឿង​ណា​ខ្លះ?

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​មិន​គោរព​ទង់​ជាតិ​ឬ​ច្រៀង​ចម្រៀង​ជាតិ?​»។

  • តើ​អ្នក​នឹង​តប​ឆ្លើយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

គ្រិស្ត​សាសនិក​ពិត​ព្យាយាម​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ​ទាំង​ចិត្ត​គំនិត ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត។

រៀន​សា​ឡើង​វិញ

  • តើ​យើង​មាន​កាតព្វកិច្ច​អ្វី​ខ្លះ​ចំពោះ​រដ្ឋាភិបាល​មនុស្ស?

  • ហេតុ​អ្វី​យើង​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ?

  • តើ​ស្ថានភាព​ណា​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​អព្យាក្រឹតភាព?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​យើង​ប្រហែល​ជា​ត្រូវ​លះ​បង់​អ្វី​ខ្លះ​ដើម្បី​រក្សា​អព្យាក្រឹតភាព?

ព្រះ​យេហូវ៉ា​មិន​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ (៣:១៤)

តើ​ក្រុម​គ្រួសារ​អាច​រៀបចំ​អ្វី​ទុក​ជា​មុន ពេល​ដែល​ពួក​គេ​ជួប​នឹង​ស្ថានភាព​ដែលពិបាក​រក្សា​អព្យាក្រឹតភាព?

ចូរ​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​កម្ម​វិធី​សាធារណៈ (៤:២៥)

ហេតុ​អ្វី​ការ​ការ​ពារ​ប្រទេស​របស់​ខ្លួន​មិន​មែន​ជា​កិត្តិយស​ខ្ពង់​ខ្ពស់​បំផុត?

«​ព្រះ​អាច​ស​ម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»​ (៥:១៩)

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​ងារ។

«​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៦​)