លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៦

ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក?

ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក?

ពេល​អ្នក​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​អធិដ្ឋាន​ប្រាប់​លោក​ថា​អ្នក​នឹង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ហើយ​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក។ (​ចម្រៀង​សរសើរ​ព្រះ ៤០:៨​) បន្ទាប់​មក អ្នក​ទទួល​ការ​ជ្រមុជ​ទឹក។ ដោយ​ធ្វើ​ដូច្នេះ អ្នក​បង្ហាញ​មនុស្ស​ឯ​ទៀត​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ហើយ។ ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​ការ​សម្រេច​ចិត្ត​សំខាន់​បំផុត​មួយ​ដែល​យើង​ត្រូវ​ធ្វើ។ តើ​អ្វី​អាច​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​នេះ?

១. តើ​អ្វី​ជំរុញ​ចិត្ត​បុគ្គល​ម្នាក់​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ?

សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រគល់​ខ្លួន​ជូន​លោក។ (​យ៉ូហាន​ទី​១ ៤:១០, ១៩​) គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​[​ចូរ​]​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ​»។ (​ម៉ាកុស ១២:៣០​) យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​មិន​គ្រាន់​តែ​តាម​រយៈ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ក៏​តាម​រយៈ​ការ​ប្រព្រឹត្ត​ដែរ។ ជា​ឧទាហរណ៍ បើ​ប្រុស​និង​ស្រី​ពិត​ជា​ស្រឡាញ់​គ្នា​មែន ពួក​គេ​នឹង​រៀប​ការ​ជា​មួយ​គ្នា។ ស្រដៀង​គ្នា​ដែរ បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​នឹង​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

២. ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា តើ​លោក​នឹង​បន្ដ​ឲ្យ​ពរ​អ្វី​ខ្លះ​ដល់​អ្នក?

ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នឹង​ទៅ​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដ៏​សប្បាយ​របស់​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​នឹង​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​លោក​បង្ហាញ​ចំពោះ​អ្នក​តាម​របៀប​ជា​ច្រើន ហើយ​អ្នក​នឹង​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ (​សូម​អាន ម៉ាឡាគី ៣:១៦​-​១៨​) បន្ថែម​ទៅ​ទៀត អ្នក​នឹង​មាន​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​បិតា​របស់​អ្នក។ អ្នក​ក៏​នឹង​មាន​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក​ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​មួយ ដែល​ស្រឡាញ់​ព្រះ​និង​ស្រឡាញ់​អ្នក។ (​សូម​អាន ម៉ាកុស ១០:២៩, ៣០​) ប៉ុន្តែ មុន​ពេល​ដែល​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ត្រូវ​ធ្វើ​តាម​ជំហាន​មួយ​ចំនួន។ អ្នក​ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ស្រឡាញ់​លោក ព្រម​ទាំង​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក។ ក្រោយ​មក អ្នក​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ បើ​អ្នក​ធ្វើ​តាម​ជំហាន​ទាំង​នេះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក នោះ​អ្នក​នឹង​មាន​ឱកាស​រស់​ជា​រៀង​រហូត។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ‹អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​នៅ​ឥឡូវ​នេះ គឺ​ការ​ទទួល​ការ​ជ្រមុជ​ទឹក›។​—ពេត្រុស​ទី​១ ៣:២១

បង្កើន​ចំណេះ

សូម​ពិចារណា ហេតុអ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក?

៣. យើង​ទាំង​អស់​គ្នា​ត្រូវ​សម្រេច​ចិត្ត​ថា​យើង​នឹង​បម្រើ​អ្នក​ណា

នៅ​អ៊ីស្រាអែល​សម័យ​បុរាណ មនុស្ស​ខ្លះ​គិត​ថា​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ផង និង​ព្រះ​បាល​ដែល​ជា​ព្រះ​មិន​ពិត​ផង។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ចាត់​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក ឲ្យ​ទៅ​កែ​តម្រង់​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​របស់​ពួក​គេ។ សូម​អាន បណ្ដា​ស្ដេច​ទី​១ ១៨:២១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​ខ​គម្ពីរ​នេះ តើ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​សម្រេច​ចិត្ត​អំពី​អ្វី?

ដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែរ យើង​ត្រូវ​សម្រេច​ចិត្ត​ថា​យើង​នឹង​បម្រើ​អ្នក​ណា។ សូម​អាន លូកា ១៦:១៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុអ្វី​យើង​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ផង និង​អ្នក​ណា​ម្នាក់ ឬ​អ្វី​ផ្សេង​ទៀត​ផង?

  • តើ​តាម​របៀប​ណា​យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​សម្រេច​ចិត្ត​បម្រើ​លោក?

៤. ចូរ​រំពឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​អ្នក

ព្រះ​យេហូវ៉ា​បាន​ឲ្យ​អំណោយ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដល់​យើង។ តើ​យើង​អាច​ឲ្យ​អ្វី​ដល់​លោក​វិញ? លេង​វីដេអូ

តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​តាម​របៀប​ណា​ខ្លះ? សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៤:១៤, ១៥ និង​យ៉ូហាន​ទី​១ ៤:​៩, ១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ជា​ពិសេស តើ​អ្នក​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​អំណោយ​អ្វី​ខ្លះ?

  • តើ​អំណោយ​ទាំង​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​លោក?

ពេល​យើង​ទទួល​អំណោយ​មួយ​ដែល​យើង​ពេញ​ចិត្ត យើង​ចង់​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្នក​ដែល​ឲ្យ​អំណោយ​នោះ។ សូម​អាន ការ​បំភ្លឺ​ច្បាប់ ១៦:១៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​អ្នក​ពិចារណា​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក តើ​អ្នក​ចង់​ជូន​អ្វី​ដល់​លោក​វិញ?

៥. ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​នាំ​ឲ្យ​អ្នក​ទទួល​ពរ​ជា​ច្រើន

មនុស្ស​ជា​ច្រើន​ជឿ​ថា​ការ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី មាន​ការ​ងារ​ល្អ ឬ​មាន​លុយ​ច្រើន នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល។ តើ​នេះ​ជា​ការ​ពិត​ទេ? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ ទោះ​ជា​កីឡាករ​បាល់​ទាត់​នោះ​ស្រឡាញ់​អាជីព​របស់​គាត់​ខ្លាំង​ក៏​ដោយ ហេតុអ្វី​គាត់​បាន​លះ​បង់​អាជីព​នោះ?

  • គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​បោះ​បង់​អាជីព​ដែល​គាត់​ស្រឡាញ់។ តើ​អ្នក​គិត​ថា​គាត់​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ទេ? ហេតុអ្វី?

មុន​ដែល​សាវ័ក​ប៉ូល​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត គាត់​ខំ​ព្យាយាម​ឲ្យ​បាន​អាជីព​ដែល​មាន​មុខ​មាត់។ គាត់​បាន​រៀន​ច្បាប់​របស់​ជនជាតិ​យូដា​ជា​មួយ​នឹង​គ្រូ​ដ៏​ល្បី​ម្នាក់។ ប៉ុន្តែ ក្រោយ​មក​គាត់​បាន​លះ​បង់​អ្វី​ទាំង​នោះ​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ តើ​ប៉ូល​ធ្លាប់​ស្ដាយ​ក្រោយ​ទេ? សូម​អាន ភី​លី​ព ៣:៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុអ្វី​ប៉ូល​និយាយ​ថា​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​មុន​ពេល​គាត់​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត សុទ្ធ​តែ​ជា​«​សំរាម​»​?

  • តើ​ប៉ូល​បាន​ទទួល​អ្វី​មក​វិញ?

  • តើ​អ្នក​គិត​ថា​ការ​ប្រើ​ជីវិត​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា និង​ការ​ប្រើ​ជីវិត​ដើម្បី​បម្រើ​អ្វី​ផ្សេង​ទៀត ខុស​គ្នា​យ៉ាង​ណា?

ពេល​ប៉ូល​បាន​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត គាត់​បាន​ទទួល​ពរ​ច្រើន​ជាង​អ្វី​ដែល​គាត់​បាន​លះ​បង់​ឆ្ងាយ​ណាស់

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​គឺ​មិន​សម​ហេតុ​ផល​ទេ ដែល​យើង​គិត​តែ​ពី​បម្រើ​ព្រះ​ប៉ុណ្ណោះ​»។

  • ហេតុអ្វី​ជា​ការ​សម​ហេតុ​ផល ដែល​អ្នក​គួរ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

សេចក្ដី​សង្ខេប

សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។

រៀន​សា​ឡើង​វិញ

  • ហេតុអ្វី​ព្រះ​យេហូវ៉ា​សម​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ពី​យើង?

  • តើ​ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​អ្វី​ខ្លះ​ដល់​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​សាក្សី​របស់​លោក?

  • តើ​អ្នក​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ទេ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​មូលហេតុ​ដែល​សិល្ប​ការិនី​ម្នាក់​និង​កីឡាករ​ម្នាក់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។

ពួក​យុវជន​សួរ តើ​ខ្ញុំ​នឹង​ប្រើ​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? អតីតកាល (៦:៥៤)

ក្នុង​ចម្រៀង​វីដេអូ​នេះ សូម​សង្កេត​មើល​អំណរ​របស់​អស់​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។

ខ្ញុំ​តាំង​ចិត្ត​បម្រើ​លោក (៤:៣០)

ក្នុង​អត្ថបទ​«​អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​ធ្លាប់​ឆ្ងល់​ថា​‹ហេតុអ្វី​យើង​មាន​ជីវិត?›​»។ សូម​កត់​សម្គាល់​អ្វី​ដែល​បាន​ជំរុញ​ចិត្ត​ស្ត្រី​ម្នាក់​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​នាង។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១២​)