លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៩

តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី១)

តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី១)

ជា​ធម្មតា​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង​សង្ឃឹម​ថា សុភមង្គល​ដែល​ពួក​គេ​មាន​នៅ​ថ្ងៃ​រៀប​ការ នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ សេចក្ដី​សង្ឃឹម​នោះ​ពិត​ជា​អាច​កើត​ឡើង​បាន។ គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​អស់​ជា​ច្រើន​ឆ្នាំ និង​ដែល​បាន​ខំ​ព្យាយាម​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ទទួល​ស្គាល់​ថា ពួក​គេ​អាច​មាន​សុភមង្គល​ជា​រៀង​រហូត​បាន។

១. តើ​គម្ពីរ​មាន​យោបល់​អ្វី​សម្រាប់​ប្ដី?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្ដី​ធ្វើ​ជា​ប្រមុខ​ក្រុម​គ្រួសារ។ (​សូម​អាន អេភេសូរ ៥:២៣​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ។ គម្ពីរ​ឲ្យ​យោបល់​ប្ដី​ថា​៖ ​«​ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប​»។ (​អេភេសូរ ៥:២៥​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​តែង​តែ​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​នាង​ទាំង​នៅ​ផ្ទះ​ទាំង​នៅ​មុខ​អ្នក​ឯ​ទៀត។ គាត់​ការ​ពារ​នាង​ឲ្យ​មាន​សុវត្ថិភាព ហើយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​នាង​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ (​ធីម៉ូថេ​ទី​១ ៥:៨​) សំខាន់​បំផុត គាត់​ជួយ​នាង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ៤:៤​) ជា​ឧទាហរណ៍ ប្ដី​អាច​អធិដ្ឋាន​និង​អាន​គម្ពីរ​ជា​មួយ​នឹង​ប្រពន្ធ។ ពេល​ប្ដី​ស្រឡាញ់​និង​ថែ​រក្សា​ប្រពន្ធ នោះ​គាត់​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។​—សូម​អាន ពេត្រុស​ទី១ ៣:៧

២. តើ​គម្ពីរ​មាន​យោបល់​អ្វី​សម្រាប់​ប្រពន្ធ?

បណ្ដាំ​របស់​ព្រះ​ចែង​ថា ប្រពន្ធ​«​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។ (​អេភេសូរ ៥:៣៣​) តើ​នាង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? នាង​អាច​គិត​អំពី​គុណ​សម្បត្តិ​របស់​ប្ដី និង​អ្វី​ទាំង​អស់​ដែល​ប្ដី​ព្យាយាម​ធ្វើ​ដើម្បី​ថែ​រក្សា​នាង​និង​កូន​ៗ។ ម្យ៉ាង​ទៀត នាង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ប្ដី​ដោយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់ និង​ដោយ​និយាយ​យ៉ាង​សប្បុរស​ទៅ​កាន់​គាត់ ហើយ​និយាយ​ល្អ​អំពី​គាត់ ទោះ​ជា​គាត់​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក៏​ដោយ។

៣. តើ​ប្ដី​ប្រពន្ធ​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​តាម​របៀប​ណា?

គម្ពីរ​ចែង​អំពី​គូ​អាពាហ៍ពិពាហ៍​ថា​៖ ​«​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។ (​ម៉ាថាយ ១៩:៥​) នេះ​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​យក​ឈ្នះ​អ្វី​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ស្រឡាញ់​គ្នា​ដូច​ពី​មុន។ ពួក​គេ​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ដោយ​ចំណាយ​ពេល​ជា​មួយ​គ្នា​ជា​ទៀង​ទាត់ និង​ដោយ​ប្រាប់​អំពី​គំនិត​និង​អារម្មណ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ក្រៅ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​មិន​ឲ្យ​អ្នក​ណា​ឬ​អ្វី​ក៏​ដោយ​សំខាន់​ជាង​គូ​របស់​ពួក​គេ​ទេ។ ជា​ពិសេស ពួក​គេ​ប្រុង​ប្រយ័ត្ន​ដោយ​មិន​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ហួស​ហេតុ​ពេក​ជា​មួយ​នឹង​អ្នក​មិន​មែន​ជា​គូ​របស់​ខ្លួន។

បង្កើន​ចំណេះ

សូម​មើល​គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។

៤. ប្ដី​ទាំង​ឡាយ ចូរ​ស្រឡាញ់​និង​ថែ​រក្សា​ប្រពន្ធ

គម្ពីរ​ចែង​ថា​៖ ​«​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​»។ (​អេភេសូរ ៥:២៨, ២៩​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ប្ដី​អាច​បង្ហាញ​ថា​គាត់​ស្រឡាញ់​និង​ថែ​រក្សា​ប្រពន្ធ​តាម​វិធី​ណា​ខ្លះ?

សូម​អាន កូឡុស ៣:១២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ប្ដី​អាច​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​ក្នុង​អាពាហ៍ពិពាហ៍​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

៥. ប្រពន្ធ​ទាំង​ឡាយ ចូរ​ស្រឡាញ់​និង​គោរព​ប្ដី

គម្ពីរ​លើក​ទឹក​ចិត្ត​ប្រពន្ធ​ឲ្យ​គោរព​ប្ដី ទោះ​ជា​គាត់​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឬ​មិន​មែន​ក៏​ដោយ។ សូម​អាន ពេត្រុស​ទី​១ ៣:​១, ២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • បើ​អ្នក​មាន​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ​ព្រះ​យេហូវ៉ា អ្នក​ច្បាស់​ជា​ចង់​ឲ្យ​គាត់​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក​ដូច​អ្នក​ដែរ។ ប៉ុន្តែ រវាង​ការ​និយាយ​ប្រាប់​ប្ដី​ឥត​ឈប់​អំពី​ព្រះ និង​ការ​ប្រព្រឹត្ត​ល្អ​ដោយ​បង្ហាញ​ការ​គោរព​ចំពោះ​ប្ដី តើ​អ្នក​គិត​ថា​វិធី​មួយ​ណា​មាន​ប្រសិទ្ធភាព​ជាង? ហេតុ​អ្វី?

ប្ដី​និង​ប្រពន្ធ​អាច​សហការ​គ្នា​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ប៉ុន្តែ ជួន​កាល​ប្រពន្ធ​ប្រហែល​ជា​មិន​យល់​ស្រប​ជា​មួយ​នឹង​ប្ដី​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី នាង​ប្រហែល​ជា​ប្រាប់​គំនិត​របស់​នាង​ដោយ​ស្លូត​បូត​និង​ដោយ​ការ​គោរព តែ​នាង​ត្រូវ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ភារកិច្ច​ដល់​ប្ដី​ជា​អ្នក​ស​ម្រេច​ចិត្ត​ថាអ្វី​ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ។ នាង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ប្ដី។ ពេល​នាង​ធ្វើ​ដូច្នេះ នាង​ជួយ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​មាន​សុភមង្គល។ សូម​អាន ពេត្រុស​ទី​១ ៣:៣​-​៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​ប្រពន្ធ​បង្ហាញ​ការ​គោរព​ចំពោះ​ប្ដី តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា?

៦. អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ដោយ​ជោគ​ជ័យ

គ្មាន​ចំណង​អាពាហ៍ពិពាហ៍​ណា​ល្អ​ឥត​ខ្ចោះ​ទេ។ ម្ល៉ោះ​ហើយ គូ​អាពាហ៍ពិពាហ៍​ត្រូវ​សហការ​គ្នា​ដើម្បី​ដោះ​ស្រាយ​ការ​ពិបាក​ផ្សេង​ៗ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​អ្វី​ខ្លះ​បង្ហាញ​ថា​ប្ដី​ប្រពន្ធ​មិន​សូវ​ជិត​ស្និទ្ធ​គ្នា​ដូច​ពី​មុន?

  • តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ?

សូម​អាន កូរិនថូស​ទី​១ ១០:២៤ និង​កូឡុស ៣:១៣ ក្រោយ​ពី​អាន​ខ​គម្ពីរ​នីមួយ​ៗ សូម​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ការ​ធ្វើ​តាម​យោបល់​នេះ អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​ប្រាប់​ថា យើង​គួរ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​លើក​កិត្តិយស​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ដោយ​សប្បុរស និង​ដោយ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត។ សូម​អាន រ៉ូម ១២:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ប្ដី​ឬ​ប្រពន្ធ​គួរ​ចាំ​ឲ្យ​គូ​របស់​ខ្លួន​លើក​កិត្តិយស​ខ្លួន​មុន​ឬ​ទេ? ហេតុ​អ្វី?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​និង​គូ​របស់​ខ្ញុំ​មិន​សូវ​ជិត​ស្និទ្ធ​គ្នា​ដូច​ពី​មុន​ទេ​»។

  • តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​ថា​គម្ពីរ​អាច​ជួយ​ពួក​គេ​បាន?

សេចក្ដី​សង្ខេប

ប្ដី​និង​ប្រពន្ធ​អាច​មាន​សុភមង្គល​បាន បើ​ពួក​គេ​គោរព​និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​តាម​គោល​ការណ៍​ក្នុង​គម្ពីរ។

រៀន​សា​ឡើង​វិញ

  • តើ​តាម​របៀប​ណា​ប្ដី​អាច​ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់​មាន​សុភមង្គល?

  • តើ​តាម​របៀប​ណា​ប្រពន្ធ​អាច​ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់​មាន​សុភមង្គល?

  • បើ​អ្នក​រៀប​ការ​ហើយ តើ​គោល​ការណ៍​មួយ​ណា​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​អំពី​យោបល់​ល្អ​ៗ​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​របស់​អ្នក​ឲ្យ​មាន​សុភមង្គល។

ក្រុម​គ្រួសារ​លោក​អ្នក​អាច​មាន​សុភមង្គល​បាន! ​(​សៀវ​ភៅ​ស្ដើង​)

តើ​តាម​របៀប​ណា​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​យក​ឈ្នះ​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ រួម​ទាំង​ការ​លែង​លះ​របស់​ពួក​គេ?

យើង​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​ឡើង​វិញ​ដោយ​មាន​ជំនួយ​ពី​ព្រះ (៥:១៤)