លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥១

តើអ្នកអាចនិយាយពាក្យសម្ដីបែបណាដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?

តើអ្នកអាចនិយាយពាក្យសម្ដីបែបណាដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?

ពេល​ព្រះ​យេហូវ៉ា​បង្កើត​យើង លោក​បាន​ឲ្យ​អំណោយ​ដ៏​វិសេស​មួយ​ដល់​យើង ពោល​គឺ​សមត្ថភាព​និយាយ។ តើ​របៀប​ដែល​យើង​ប្រើ​អំណោយ​នោះ​សំខាន់​ចំពោះ​លោក​ទេ? ពិត​ជា​សំខាន់​ណាស់​ចំពោះ​លោក! (​សូម​អាន យ៉ាកុប ១:២៦​) ដូច្នេះ តើ​យើង​អាច​ប្រើ​សមត្ថភាព​និយាយ​តាម​របៀប​ណា​ដែល​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

១. តើ​យើង​គួរ​ប្រើ​សមត្ថភាព​និយាយ​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​ប្រាប់​យើង​ឲ្យ​«​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​ថែស្សាឡូនិច​ទី​១ ៥:១១​) តើ​អ្នក​គិត​ថា​អ្នក​ណា​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត? តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ល្អ​ជាង? សូម​ធ្វើ​ឲ្យ​ពួក​គាត់​ជឿ​ជាក់​ថា អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់។ ម្យ៉ាង​ទៀត អ្នក​អាច​ប្រាប់​អំពី​គុណ​សម្បត្តិ​របស់​ពួក​គាត់​ដែល​អ្នក​ចូល​ចិត្ត។ តើ​អ្នក​អាច​គិត​អំពី​បទ​គម្ពីរ​ណា​មួយ​ដែល​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​អ្នក​ស្គាល់​ឬ​ទេ? មាន​បទ​គម្ពីរ​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើស​រើស​បាន។ សូម​ចាំ​ថា របៀប​ដែល​អ្នក​និយាយ​មាន​ឥទ្ធិពល​ខ្លាំង​ដូច​គ្នា​នឹង​ពាក្យ​សម្ដី​ដែល​អ្នក​ប្រើ។ ដូច្នេះ សូម​និយាយ​ដោយ​សប្បុរស និង​ទន់ភ្លន់​ជា​និច្ច។​—សុភាសិត ១៥:១

២. តើ​យើង​មិន​គួរ​និយាយ​ពាក្យ​សម្ដី​បែប​ណា?

គម្ពីរ​ចែង​ថា​៖ ​«​កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ​»។ (​សូម​អាន អេភេសូរ ៤:២៩​) នេះ​មាន​ន័យ​ថា​យើង​មិន​ប្រើ​ពាក្យ​អសុរោះ ឬ​ពាក្យ​ទ្រ​គោះ​បោះ​បោក និង​ពាក្យ​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​ឡើយ។ យើង​ក៏​ត្រូវ​ជៀស​វាង​ពី​ការ​និយាយ​បង្កាច់​បង្ខូច និង​ការ​និយាយ​ដើម​គេ​ដែរ។​—សូម​អាន សុភាសិត ១៦:២៨

៣. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​និយាយ​តាម​របៀប​ដែល​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត?

ជា​ញឹក​ញយ អ្វី​ដែល​យើង​និយាយ​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត ឬ​អ្វី​ដែល​យើង​គិត។ (​លូកា ៦:៤៥​) ដូច្នេះ យើង​ត្រូវ​បង្ហាត់​បង្រៀន​ខ្លួន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​ល្អ ពោល​គឺ​អ្វី​ៗ​ដែល​សុចរិត អ្វី​ៗ​ដែល​បរិសុទ្ធ អ្វី​ៗ​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ។ (​ភី​លី​ព ៤:៨​) ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​ទាំង​នេះ យើង​ត្រូវ​ចេះ​ជ្រើស​រើស​ការ​កម្សាន្ត​និង​ចេះ​ជ្រើស​រើស​មិត្ត​ភក្តិ។ (​សុភាសិត ១៣:២០​) អ្វី​ល្អ​ៗ​ទាំង​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​គិត​យ៉ាង​ដិត​ដល់ មុន​នឹង​យើង​និយាយ​អ្វី​មួយ​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​សិន​ថា តើ​ពាក្យ​សម្ដី​របស់​អ្នក​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត? គម្ពីរ​ចែង​ថា​៖ ​«​ការ​និយាយ​ដោយ​ឥត​គិត​ពិចារណា ប្រៀប​ដូច​ជា​ការ​ចាក់​ដោយ​ដាវ តែ​ពាក្យ​ពេចន៍​របស់​មនុស្ស​មាន​ប្រាជ្ញា​នឹង​ជួយ​ឲ្យ​ជា​សះ​ស្បើយ​»។​—សុភាសិត ១២:១៨

បង្កើន​ចំណេះ

សូម​រៀន​អំពី​របៀប​និយាយ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត និង​ដែល​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។

៤. ចូរ​ចេះ​ទប់​មាត់

ជួន​កាល​យើង​ទាំង​អស់​គ្នា​និយាយ​អ្វី​ដែល​ក្រោយ​មក​នាំ​ឲ្យ​យើង​ស្ដាយ​ក្រោយ។ (​យ៉ាកុប ៣:២​) សូម​អាន កាឡាទី ៥:២២, ២៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ដើម្បី​ចេះ​ទប់​មាត់ តើ​អ្នក​ចង់​អធិដ្ឋាន​សុំ​ព្រះ​ជួយ​អ្នក​ឲ្យ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ? តើ​គុណ​សម្បត្តិ​ទាំង​នេះ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

សូម​អាន កូរិនថូស​ទី​១ ១៥:៣៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​មិត្ត​ភក្ដិ​និង​ការ​កម្សាន្ត​របស់​អ្នក​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​អ្នក​និយាយ?

សូម​អាន អ្នក​ទូន្មាន ៣:​១, រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ពេល​ណា​ដែល​យើង​គួរ​នៅ​ស្ងៀម ឬ​ពេល​ណា​ដែល​យើង​គួរ​និយាយ?

៥. ចូរ​និយាយ​ល្អ​អំពី​អ្នក​ឯ​ទៀត

តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពាក្យ​សម្ដី​មិន​សប្បុរស​ឬ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ ហេតុ​អ្វី​បុរស​នេះ​ចង់​កែ​ប្រែ​របៀប​ដែល​គាត់​និយាយ​អំពី​អ្នក​ឯ​ទៀត?

  • តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​កែ​ប្រែ?

សូម​អាន អ្នក​ទូន្មាន ៧:១៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​យើង​គួរ​ចាំ​អំពី​អ្វី​ពេល​យើង​ចង់​និយាយ​មិន​ល្អ​អំពី​អ្នក​ណា​ម្នាក់?

សូម​អាន អ្នក​ទូន្មាន ៧:២១, ២២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​អ្នក​ណា​ម្នាក់​និយាយ​មិន​ល្អ​អំពី​អ្នក តើ​ខ​គម្ពីរ​ទាំង​នេះ​អាច​ជួយ​អ្នក​កុំ​ឲ្យ​ឆាប់​ខឹង​យ៉ាង​ដូច​ម្ដេច?

៦. ចូរ​និយាយ​ដោយ​សប្បុរស​ចំពោះ​ក្រុម​គ្រួសារ

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​ដោយ​សប្បុរស​និង​ដោយ​សេចក្ដី​ស្រឡាញ់។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​និយាយ​ដោយ​សប្បុរស​ជា​មួយ​នឹង​ក្រុម​គ្រួសារ?

សូម​អាន អេភេសូរ ៤:៣១, ៣២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ពាក្យ​សម្ដី​បែប​ណា​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​រីករាយ?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​អារម្មណ៍​របស់​លោក​ចំពោះ​លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក។ សូម​អាន ម៉ាថាយ ១៧:៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​តាម​របៀប​ណា​អ្នក​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​អ្នក?

សូម​ស្វែង​រក​ឱកាស​ដើម្បី​សរសើរ​អ្នក​ឯ​ទៀត

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​យ៉ាង​ណា ខ្ញុំ​និយាយ​យ៉ាង​នោះ។ ខ្ញុំ​មិន​ខ្វល់​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ទេ​»។

  • តើ​អ្នក​យល់​ស្រប​ទេ? ហេតុ​អ្វី?

សេចក្ដី​សង្ខេប

ពាក្យ​សម្ដី​របស់​យើង​អាច​មាន​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​ទៅ​លើ​អ្នក​ឯ​ទៀត។ ដូច្នេះ យើង​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​អ្វី​ដែល​យើង​និយាយ ពេល​ដែល​យើង​និយាយ និង​របៀប​ដែល​យើង​និយាយ។

រៀន​សា​ឡើង​វិញ

  • តើ​យើង​អាច​ប្រើ​សមត្ថភាព​និយាយ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​តាម​របៀប​ណា​ខ្លះ?

  • តើ​អ្នក​ចង់​ជៀស​វាង​ពី​ពាក្យ​សម្ដី​បែប​ណា?

  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​និយាយ​ដោយ​សប្បុរស​និង​ដោយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ជា​និច្ច?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​អំពី​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​ការ​ប្រើ​ពាក្យ​សម្ដី​អាក្រក់។

«​តើ​ការ​ជេរ​ពិត​ជា​អាក្រក់​ខ្លាំង​ឬ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​មើល​អំពី​របៀប​ដែល​អ្នក​អាច​ជៀស​វាង​ពី​ការ​និយាយ​ដើម​គេ។

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ឈប់​និយាយ​ដើម​អ្នក​ឯ​ទៀត? (២:៣៦)

សូម​អាន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​បុរស​ម្នាក់​ឲ្យ​ឈប់​ប្រើ​ពាក្យ​ជេរ​ប្រមាថ។

«​ខ្ញុំ​ចាប់​ផ្ដើម​គិត​យ៉ាង​ជ្រាល​ជ្រៅ​ថា​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៣​)