លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥២

ហេតុអ្វីសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងជារឿងសំខាន់?

ហេតុអ្វីសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងជារឿងសំខាន់?

យើង​ទាំង​អស់​គ្នា​មាន​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​អំពី​អ្វី​ដែល​យើង​ចង់​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន។ បើ​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​មួយ​ចំនួន​ស្ដី​អំពី​រឿង​នោះ យើង​មិន​គ្រាន់​តែ​អាច​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ដែរ។ សូម​យើង​ពិចារណា​គោល​ការណ៍​គម្ពីរ​ខ្លះ។

១. តើ​គោល​ការណ៍​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន?

យើង​គួរ​ជ្រើស​រើស​«​សម្លៀក​បំពាក់​រៀប​រយ បែប​រមទម និង​ដោយ​ដឹង​ខុស​ត្រូវ​»​ ព្រម​ទាំង​សម្អិត​សម្អាង​ខ្លួន​ឲ្យ​ស្អាត​បាត​ជា​និច្ច ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​ថា​យើង​ជា​អ្នក​«​គោរព​ប្រណិប័តន៍​ព្រះ​»។ (​ធីម៉ូថេ​ទី​១ ២:​៩, ១០​) សូម​ពិចារណា​គោល​ការណ៍​បួន​យ៉ាង​៖ (​១​) សម្លៀក​បំពាក់​របស់​យើង​គួរ​«​រៀប​រយ​»។ ដូច​អ្នក​បាន​សង្កេត​ឃើញ​ហើយ នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ចំណង់​ចំណូល​ចិត្ត​ខុស​ៗ​គ្នា​អំពី​សម្លៀក​បំពាក់​និង​ម៉ូត​សក់។ ទោះ​ជា​យ៉ាង​នោះ​ក្ដី របៀប​ស្លៀក​ពាក់​និង​របៀប​តុបតែង​ខ្លួន​របស់​យើង​នៅ​តែ​បង្ហាញ​ការ​គោរព​ជា​និច្ច​ចំពោះ​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍។ (​២​) ការ​ស្លៀក​ពាក់​«​បែប​រមទម​»​ មាន​ន័យ​ថា​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ស្រើប​ស្រាល ហើយ​ក៏​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍​មក​លើ​យើង​ហួស​ហេតុ​ពេក​ដែរ។ (​៣​) យើង​បង្ហាញ​ថា​យើង​«​ដឹង​ខុស​ត្រូវ​»​ ពេល​យើង​មិន​ដេញ​តាម​ម៉ូត​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​ដែល​កំពុង​ពេញ​និយម។ (​៤​) ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គួរ​បង្ហាញ​ជា​និច្ច​ថា យើង​ជា​អ្នក​«​គោរព​ប្រណិប័តន៍​ព្រះ​»។ យ៉ាង​នេះ អ្នក​ឯ​ទៀត​ប្រហែល​ជា​ងាយ​ស្រួល​កត់​សម្គាល់​ថា យើង​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត។​—កូរិនថូស​ទី​១ ១០:៣១

២. ពេល​យើង​ជ្រើស​រើស​សម្លៀក​បំពាក់ ហេតុ​អ្វី​យើង​គួរ​គិត​អំពី​បង​ប្អូន​រួម​ជំនឿ?

ពិត​មែន​តែ​យើង​មាន​សិទ្ធិ​ជ្រើស​រើស​អ្វី​ដែល​យើង​ចង់​ស្លៀក​ពាក់ តែ​យើង​គួរ​គិត​ដែរ​ថា​សម្លៀក​បំពាក់​របស់​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​យ៉ាង​ណា។ ជា​ជាង​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ទើស​ចិត្ត យើង​គួរ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​«​បំពេញ​ចិត្ត​អ្នក​ជិត​ខាង ដោយ​ការ​ប្រព្រឹត្ត​ល្អ​ដែល​ពង្រឹង​ជំនឿ​របស់​គេ​»។​—សូម​អាន រ៉ូម ១៥:​១, ២

៣. តើ​តាម​របៀប​ណា​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​អាច​ទាក់​ទាញ​ចិត្ត​មនុស្ស​ឲ្យ​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា?

យើង​ព្យាយាម​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​ក្នុង​គ្រប់​ស្ថានភាព​ទាំង​អស់ ជា​ពិសេស​ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ។ យើង​មិន​ចង់​ឲ្យ​ការ​សម្អិត​សម្អាង​ឬ​ការ​តុបតែង​ខ្លួន​របស់​យើង បំបែរ​អារម្មណ៍​មនុស្ស​ពី​ការ​ស្ដាប់​ដំណឹង​ល្អ​ដែល​យើង​ផ្សព្វ​ផ្សាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​ឲ្យ​ការ​តុប​តែង​ខ្លួន​របស់​យើង​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ចង់​រៀន​សេចក្ដី​ពិត ព្រម​ទាំង​ចង់​«​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​ជា​អ្នក​សង្គ្រោះ​យើង ទាក់​ទាញ​ចិត្ត​មនុស្ស​កាន់​តែ​ខ្លាំង​»។​—ទីតុស ២:១០

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គឺ​សមរម្យ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក។

ការ​ស្លៀក​ពាក់​របស់​យើង​អាច​បង្ហាញ​ថា​យើង​គោរព​ពួក​អ្នក​មាន​អំណាច​ឬ​យ៉ាង​ណា។ ទោះ​ជា​ព្រះ​យេហូវ៉ា​ឃើញ​ចិត្ត​របស់​យើង​ក៏​ដោយ ក៏​ការ​ស្លៀក​ពាក់​របស់​យើង​គួរ​បង្ហាញ​ថា​យើង​គោរព​លោក​ដែរ

៤. ការ​សម្អិត​សម្អាង​ខ្លួន​សមរម្យ​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា

តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង? សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤៧:២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ដោយ​សារ​យើង​តំណាង​ព្រះ​យេហូវ៉ា តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​យើង​ស្លៀក​ពាក់?

  • ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ តើ​អ្នក​គិត​ថា​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គឺ​សំខាន់​ឬ​ទេ? ហេតុ​អ្វី?

៥. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន?

លេង​វីដេអូ

ទោះ​ជា​សម្លៀក​បំពាក់​របស់​យើង​មាន​តម្លៃ​ថ្លៃ​ឬ​ថោក​ក៏​ដោយ យើង​គួរ​ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត​បាត​និង​សមរម្យ​តាម​ស្ថានភាព​នីមួយ​ៗ។ សូម​អាន កូរិនថូស​ទី​១ ១០:២៤ និង​ធីម៉ូថេ​ទី​១ ២:​៩, ១០ រួច​មក សូម​ពិភាក្សា​អំពី​មូលហេតុ​ដែល​យើង​ចង់​ជៀស​វាង​ពី​ការ​ស្លៀក​សម្លៀក​បំពាក់​ដែល . . .

  • រយីក​រយាក ឬ​សាមញ្ញ​ពេក។

  • រឹប​រាង​ពេក ឬ​បញ្ចេញ​សាច់​ច្រើន ឬ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ស្រើប​ស្រាល។

ទោះ​ជា​គ្រិស្ត​សាសនិក​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ​ក៏​ដោយ ពួក​គេ​នៅ​តែ​អាច​រៀន​ច្រើន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ច្បាប់​នោះ។ សូម​អាន ការ​បំភ្លឺ​ច្បាប់ ២២:៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពិបាក​សម្គាល់​ថា​ជា​ប្រុស​ឬ​ជា​ស្រី?

សូម​អាន កូរិនថូស​ទី​១ ១០:៣២, ៣៣ និង​យ៉ូហាន​ទី​១ ២:១៥, ១៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ពេល​យើង​សម្អិត​សម្អាង​ខ្លួន ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍​របស់​មនុស្ស​ក្នុង​តំបន់​ដែល​យើង​រស់​នៅ ឬ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ?

  • ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ តើ​មនុស្ស​និយម​ស្លៀក​ពាក់​ឬ​សម្អិត​សម្អាង​ខ្លួន​បែប​ណា?

  • តើ​អ្នក​គិត​ថា​ម៉ូត​សម្លៀក​បំពាក់​ដូច​នោះ​សមរម្យ​សម្រាប់​គ្រិស្ត​សាសនិក​ឬ​ទេ? ហេតុ​អ្វី?

យើង​អាច​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន​តាម​របៀប​ផ្សេង​ៗ ហើយ​នៅ​តែ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សិទ្ធិ​ពាក់​អ្វី​ដែល​ខ្ញុំ​ចង់​ពាក់​»។

  • តើ​អ្នក​យល់​ស្រប​ទេ? ហេតុ​អ្វី?

សេចក្ដី​សង្ខេប

ពេល​យើង​ចេះ​សម្រេច​ចិត្ត​ល្អ​អំពី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន នោះ​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា?

  • តើ​គោល​ការណ៍​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​សម្រេច​ចិត្ត​ល្អ​អំពី​ការ​សម្អិត​សម្អាង​ខ្លួន?

  • តើ​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ចំពោះ​ព្រះ​ពិត​ដែល​យើង​គោរព​ប្រណិប័តន៍?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​ពិចារណា​ថា តើ​សម្លៀក​បំពាក់​របស់​អ្នក​ប្រហែល​ជា​នាំ​ឲ្យ​អ្នក​ឯ​ទៀត​គិត​យ៉ាង​ណា?

«​តើ​ការ​តុបតែង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ណា​ដែរ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ផល​វិបាក មុន​នឹង​អ្នក​សាក់​ស្បែក។

«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​សាក់​ស្បែក?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​ពិចារណា​គោល​ការណ៍​ថែម​ទៀត​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។

«​តើ​របៀប​ស្លៀក​ពាក់​របស់​អ្នក​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​ឬ​ទេ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កញ្ញា ឆ្នាំ​២០១៦​)