លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៧

ចុះបើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?

ចុះបើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?

ទោះ​ជា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ព្យាយាម​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​ឈឺ​ចិត្ត​ក៏​ដោយ ម្ដង​ម្កាល​យើង​នឹង​ធ្វើ​ខុស​ជា​មិន​ខាន។ ប៉ុន្តែ កំហុស​ខ្លះ​ធ្ងន់​ជាង​កំហុស​ឯ​ទៀត។ (​កូរិនថូស​ទី​១ ៦:​៩, ១០​) បើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​មិន​ឈប់​ស្រឡាញ់​អ្នក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ត្រៀម​នឹង​អភ័យ​ទោស​ឲ្យ​អ្នក ហើយ​ចង់​ជួយ​អ្នក។

១. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?

អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង ក្រោយ​ពី​ពួក​គេ​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ប៉ុន្តែ ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ លោក​បាន​សន្យា​ចំពោះ​រាស្ត្រ​របស់​លោក​ថា​៖ ​«​ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ​»។ (​អេសាយ ១:១៨​) បើ​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង។ តើ​ការ​ប្រែ​ចិត្ត​មាន​ន័យ​យ៉ាង​ណា? មាន​ន័យ​ថា​យើង​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង​ចំពោះ​កំហុស​របស់​យើង ហើយ​ក៏​ឈប់​ធ្វើ​ខុស​ដូច​នោះ​ម្ដង​ទៀត ព្រម​ទាំង​អង្វរ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ រួច​មក យើង​ព្យាយាម​កែ​ប្រែ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ឬ​ទម្លាប់​ដែល​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​យើង​ខំ​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ស្អាត​ស្អំ​របស់​ព្រះ​យេហូវ៉ា។​—សូម​អាន អេសាយ ៥៥:​៦, ៧

២. ពេល​យើង​ធ្វើ​ខុស តើ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ចាស់​ទុំ​ឲ្យ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

បើ​យើង​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​«​ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​»។ (​សូម​អាន យ៉ាកុប ៥:១៤, ១៥​) បុរស​ចាស់​ទុំ​ទាំង​នេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចៀម​របស់​លោក។ ពួក​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។​—កាឡាទី ៦:១

បើ​យើង​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​ពួក​អ្នក​ចាស់​ទុំ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? អ្នក​ចាស់​ទុំ​ពីរ​ឬ​បី​នាក់​នឹង​ប្រើ​គម្ពីរ​ដើម្បី​បង្ហាញ​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​ខុស។ ម្យ៉ាង​ទៀត ពួក​គាត់​នឹង​ឲ្យ​យោបល់​ល្អ​និង​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ជួយ​យើង​កុំ​ឲ្យ​ធ្វើ​ខុស​ម្ដង​ទៀត។ ពួក​គាត់​ប្រហែល​ជា​ដាក់​កម្រិត​លើ​សកម្មភាព​មួយ​ចំនួន​របស់​យើង​ជា​គ្រិស្ត​សាសនិក​អស់​មួយ​រយៈ​ពេល រហូត​ដល់​យើង​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។ បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មិន​ព្រម​ប្រែ​ចិត្ត ពួក​អ្នក​ចាស់​ទុំ​នឹង​បណ្ដាច់​មិត្តភាព​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​ក្រុម​ជំនុំ។

បង្កើន​ចំណេះ

សូម​ស្វែង​យល់​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង ពេល​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ នេះ​ជួយ​យើង​ឲ្យ​ដឹង​គុណ​លោក​កាន់​តែ​ខ្លាំង​ចំពោះ​ការ​រៀបចំ​នោះ។

៣. បើ​យើង​សារភាព​កំហុស តើ​នោះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

កំហុស​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត។ ដូច្នេះ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​សារភាព​កំហុស​ប្រាប់​លោក។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣២:១​-​៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ជា​ជាង​លាក់​បាំង​កំហុស​របស់​យើង ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​យើង​សារភាព​ប្រាប់​ព្រះ​យេហូវ៉ា?

ក្រោយ​ពី​សារភាព​កំហុស​ប្រាប់​ព្រះ​យេហូវ៉ា​ហើយ យើង​ត្រូវ​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ ដើម្បី​ពួក​គាត់​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ពួក​អ្នក​ចាស់​ទុំ​បាន​ជួយ​ខេណុន​យ៉ាង​ដូច​ម្ដេច​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ?

យើង​ត្រូវ​និយាយ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ដោយ​ស្មោះ​និង​ដោយ​មិន​លាក់​លៀម ព្រោះ​ពួក​គាត់​ចាំ​ជួយ​យើង​ជា​និច្ច។ សូម​អាន យ៉ាកុប ៥:១៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​យើង​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ដោយ​មិន​លាក់​លៀម ហេតុ​អ្វី​នេះ​កាន់​តែ​ស្រួល​ឲ្យ​ពួក​គាត់​ជួយ​យើង?

សារភាព​កំហុស​ទៅ​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ដោយ​ឥត​លាក់​លៀម រួច​ទទួល​យក​ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា

៤. តើ​ការ​បណ្ដាច់​មិត្តភាព​មាន​ប្រយោជន៍​អ្វី?

បើ​បុគ្គល​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ នៅ​តែ​មិន​ព្រម​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា នោះ​គាត់​មិន​អាច​រួម​ចំណែក​ជា​មួយ​នឹង​ក្រុម​ជំនុំ​ទៀត​ទេ ពោល​គឺ​គាត់​ត្រូវ​បណ្ដាច់​មិត្តភាព។ ដូច្នេះ យើង​មិន​អាច​សេព​គប់​ឬ​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​បណ្ដាច់​មិត្តភាព​ឡើយ។ សូម​អាន កូរិនថូស​ទី​១ ៥:​៦, ១១ និង​យ៉ូហាន​ទី​២ ៩​-​១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ដូច​ដំបែ​ធ្វើ​ឲ្យ​នំ​ប៉័ង​ដោរ​ឡើង តើ​ការ​សេព​គប់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​មិន​ប្រែ​ចិត្ត នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ក្រុម​ជំនុំ?

អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ជា​ច្រើន​នាក់ បាន​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ។ ពិត​មែន​តែ​ការ​បណ្ដាច់​មិត្តភាព​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នោះ​ឈឺ​ចាប់ ប៉ុន្តែ​នេះ​បាន​ជួយ​ពួក​គាត់​ឲ្យ​ភ្ញាក់​ខ្លួន។ (​ចម្រៀង​សរសើរ​ព្រះ ១៤១:៥​) លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ការ​បណ្ដាច់​មិត្តភាព​បាន​ជួយ​សុនយ៉ា​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ការ​បណ្ដាច់​មិត្តភាព . . .

  • ជា​ការ​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា?

  • បង្ហាញ​ថា​ព្រះ​យេហូវ៉ា​សម​ហេតុ​សម​ផល​និង​មាន​សេចក្ដី​ស្រឡាញ់?

៥. ពេល​យើង​ប្រែ​ចិត្ត ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង

លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​មួយ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ពេល​បុគ្គល​ម្នាក់​ប្រែ​ចិត្ត។ សូម​អាន លូកា ១៥:១​-​៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​រយៈ​ខ​ទាំង​នេះ តើ​អ្នក​បាន​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា?

សូម​អាន អេសេគាល ៣៣:១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ការ​ប្រែ​ចិត្ត​រួម​បញ្ចូល​អ្វី​ខ្លះ?

ដូច​គង្វាល ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ចៀម​របស់​លោក

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​ប្រាប់​អ្នក​ចាស់​ទុំ​ថា​ខ្ញុំ​បាន​ធ្វើ​ខុស ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​ត្រូវ​បណ្ដាច់​មិត្តភាព​»។

  • តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា​ទៅ​កាន់​អ្នក​ដែល​មាន​អារម្មណ៍​ដូច្នេះ?

សេចក្ដី​សង្ខេប

បើ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តែ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​តាំង​ចិត្ត​មិន​ប្រព្រឹត្ត​អំពើ​នោះ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​សារភាព​កំហុស​ទៅ​ព្រះ​យេហូវ៉ា?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?

  • បើ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហេតុ​អ្វី​យើង​គួរ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​បទ​ពិសោធន៍​របស់​បុរស​ម្នាក់​ដែល​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ​យេហូវ៉ា ដូច​បាន​រៀប​រាប់​នៅ​អេសាយ ១:១៨

ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា (៥:០២)

សូម​រៀន​អំពី​របៀប​ដែល​អ្នក​អាច​ពន្យល់​ដល់​មនុស្ស​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា អំពី​មូលហេតុ​ដែល​មាន​ការ​បណ្ដាច់​មិត្តភាព។

«​តើ​សាក្សី​ព្រះ​យេហូវ៉ា​ឈប់​រាប់​អាន​មនុស្ស​ដែល​លែង​កាន់​សាសនា​របស់​ពួក​គេ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

ក្នុង​បទ​ពិសោធន៍​«​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​រក​ព្រះ​យេហូវ៉ា​វិញ​»​ សូម​រៀន​អំពី​មូលហេតុ​ដែល​បុរស​ម្នាក់​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត និង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​ឯ​លោក​វិញ។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា–មិថុនា ឆ្នាំ​២០១២​)