លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៩

អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!

អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!

មិន​យូរ​មិន​ឆាប់ គ្រិស្ត​សាសនិក​ទាំង​អស់​នឹង​ជួប​ការ​ប្រឆាំង រួម​ទាំង​ការ​បៀត​បៀន​ដែរ។ តើ​យើង​គួរ​ភ័យ​ខ្លាច​ឬ​ទេ?

១. ហេតុ​អ្វី​យើង​ដឹង​ថា​យើង​នឹង​ជួប​ការ​បៀត​បៀន?

គម្ពីរ​ប្រាប់​យ៉ាង​ចំ​ៗ​ថា​៖ ​«​អស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀត​បៀន​»។ (​ធីម៉ូថេ​ទី​២ ៣:១២​) លោក​យេស៊ូ​ត្រូវ​គេ​បៀត​បៀន ដោយ​សារ​លោក​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​សាថាន។ យើង​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ដែរ។ ដូច្នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​រដ្ឋាភិបាល​និង​អង្គការ​សាសនា​ផ្សេង​ៗ​បៀត​បៀន​យើង។​—យ៉ូហាន ១៥:១៨, ១៩

២. តើ​យើង​អាច​ត្រៀម​ខ្លួន​ប្រឈម​មុខ​ការ​បៀត​បៀន​យ៉ាង​ដូច​ម្ដេច?

ឥឡូវ​នេះ យើង​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ជា​រៀង​រាល់​ថ្ងៃ សូម​លៃ​ទុក​ពេល​អធិដ្ឋាន​ទៅ​លោក និង​អាន​បណ្ដាំ​របស់​លោក។ សូម​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​ទៀង​ទាត់។ ពេល​អ្នក​ធ្វើ​អ្វី​ទាំង​អស់​នេះ អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ដើម្បី​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន ទោះ​ជា​ការ​បៀត​បៀន​នោះ​មក​ពី​សមាជិក​ក្រុម​គ្រួសារ​ក៏​ដោយ។ សាវ័ក​ប៉ូល​បាន​ជួប​ការ​បៀត​បៀន​ជា​ច្រើន​លើក​ច្រើន​សា តែ​គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​»។​—ហេប្រឺ ១៣:៦

ពេល​យើង​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់ នោះ​ក៏​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​ក្លាហាន​ដែរ។ ហេតុ​អ្វី? ពីព្រោះ​ពេល​យើង​ផ្សព្វ​ផ្សាយ យើង​រៀន​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា និង​យក​ឈ្នះ​ការ​ខ្លាច​មនុស្ស។ (​សុភាសិត ២៩:២៥​) បើ​អ្នក​បង្កើន​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ឥឡូវ​នេះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​ដើម្បី​បន្ដ​ផ្សព្វ​ផ្សាយ សូម្បី​តែ​រដ្ឋាភិបាល​ដាក់​កម្រិត​លើ​កិច្ច​ការ​របស់​យើង។​—ថែស្សាឡូនិច​ទី១ ២:២

៣. បើ​យើង​ស៊ូ​ទ្រាំ​ការ​បៀត​បៀន តើ​យើង​នឹង​ទទួល​រង្វាន់​អ្វី​ខ្លះ?

យើង​ម្នាក់​ៗ​មិន​ចង់​ជួប​ការ​បៀត​បៀន​ទេ តែ​ពេល​យើង​ជួប​ការ​បៀត​បៀន ហើយ​ចេះ​ស៊ូ​ទ្រាំ នោះ​យើង​នឹង​មាន​ជំនឿ​កាន់​តែ​រឹង​មាំ។ ម្យ៉ាង​ទៀត យើង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ឃើញ​របៀប​ដែល​លោក​ជួយ​យើង ពេល​យើង​មាន​អារម្មណ៍​ថា​មិន​អាច​ស៊ូ​ទ្រាំ​ត​ទៅ​ទៀត​បាន។ (​សូម​អាន យ៉ាកុប ១:២​-​៤​) ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ពេល​ឃើញ​យើង​រង​ទុក្ខ​វេទនា តែ​លោក​ពេញ​ចិត្ត​ពេល​ឃើញ​យើង​ស៊ូ​ទ្រាំ។ គម្ពីរ​ចែង​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ដោយ​សារ​ធ្វើ​អំពើ​ល្អ តែ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​»។ (​ពេត្រុស​ទី​១ ២:២០​) បើ​យើង​បន្ត​ស៊ូ​ទ្រាំ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​រង្វាន់​ឲ្យ​យើង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​ពិភព​លោក​ថ្មី។ នៅ​ទី​នោះ មនុស្ស​ទាំង​អស់​នឹង​បម្រើ​ព្រះ​យេហូវ៉ា ហើយ​គ្មាន​អ្នក​ណា​មក​ប្រឆាំង​ពួក​គេ​ឡើយ។​—ម៉ាថាយ ២៤:១៣

បង្កើន​ចំណេះ

សូម​រៀន​អំពី​មូលហេតុ​ដែល​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​ជួប​ការ​បៀត​បៀន​ក៏​ដោយ។ សូម​រៀន​ដែរ​អំពី​រង្វាន់​ដែល​ព្រះ​នឹង​ឲ្យ​ដល់​យើង។

៤. អ្នក​អាច​ស៊ូ​ទ្រាំ​ចំពោះ​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ

លោក​យេស៊ូ​ដឹង​ច្បាស់​ថា សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ប្រហែល​ជា​មិន​ចង់​ឲ្យ​យើង​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ សូម​អាន ម៉ាថាយ ១០:៣៤​-​៣៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ក្រុម​គ្រួសារ​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​សមាជិក​គ្រួសារ​របស់​ខ្លួន​ស​ម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា?

ដើម្បី​ដឹង​ឧទាហរណ៍​មួយ សូមលេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • បើ​សាច់​ញាតិ​ឬ​មិត្ត​ភក្តិ​ព្យាយាម​រា​រាំង​អ្នក​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

សូម​អាន ចម្រៀង​សរសើរ​ព្រះ ២៧:១០ និង​ម៉ាកុស ១០:២៩, ៣០ បន្ទាប់​ពី​អាន​បទ​គម្ពីរ​នីមួយ​ៗ សូម​ពិភាក្សា​សំណួរ​នេះ​៖

  • បើ​អ្នក​រង​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្តិ តើ​សេចក្ដី​សន្យា​នេះ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

៥. ចូរ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ទោះ​ជា​មាន​ការ​បៀត​បៀន​ក៏​ដោយ

យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន ពេល​អ្នក​ឯ​ទៀត​ព្យាយាម​រា​រាំង​យើង​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​គំរូ​ក្នុង​វីដេអូ​នេះ​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

សូម​អាន សកម្មភាព ៥:២៧​-​២៩ និង​ហេប្រឺ ១០:២៤, ២៥ បន្ទាប់​ពី​អាន​បទ​គម្ពីរ​នីមួយ​ៗ សូម​ពិភាក្សា​សំណួរ​នេះ​៖

  • ទោះ​ជា​រដ្ឋាភិបាល​ដាក់​កម្រិត​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ឬ​កិច្ច​ប្រជុំ​របស់​យើង​ក៏​ដោយ ហេតុ​អ្វី​សំខាន់​ម្ល៉េះ​ឲ្យ​យើង​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?

៦. ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ

សាក្សី​ព្រះ​យេហូវ៉ា​ទាំង​ចាស់​ទាំង​ក្មេង​នៅ​ទូទាំង​ពិភព​លោក បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​ជួប​ការ​បៀត​បៀន​ក៏​ដោយ។ ដើម្បី​មើល​អ្វី​ដែល​បាន​ជួយ​ពួក​គេ សូមលេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​អ្វី​បាន​ជួយ​សាក្សី​ឲ្យ​ស៊ូ​ទ្រាំ?

សូម​អាន រ៉ូម ៨:៣៥, ៣៧​-​៣៩ និង​ភីលីព ៤:១៣ បន្ទាប់​ពី​អាន​បទ​គម្ពីរ​នីមួយ​ៗ សូម​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​បទ​គម្ពីរ​នេះ​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​យ៉ាង​ដូច​ម្ដេច​ថា អ្នក​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ទាំង​អស់​បាន?

សូម​អាន ម៉ាថាយ ៥:១០​-​១២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ទោះ​ជា​ជួប​ការ​បៀត​បៀន​ក៏​ដោយ ហេតុ​អ្វី​អ្នក​នៅ​តែ​អាច​មាន​សុភមង្គល?

សាក្សី​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​រង​ការ​ប្រឆាំង​បៀត​បៀន​ក៏​ដោយ។ អ្នក​ក៏​អាច​ធ្វើ​បាន​ដែរ!

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​អាច​ស៊ូ​ទ្រាំ​ការ​បៀត​បៀន​បាន​ទេ​»។

  • តើ​បទ​គម្ពីរ​មួយ​ណា​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​អាច​ស៊ូ​ទ្រាំ​បាន?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យើង​ចំពោះ​ការ​ខំ​ព្យាយាម​បម្រើ​លោក ទោះ​ជា​យើង​ជួប​ការ​បៀត​បៀន​ក៏​ដោយ។ ដោយ​មាន​ជំនួយ​ពី​លោក យើង​អាច​ស៊ូ​ទ្រាំ​បាន!

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដឹង​ថា​ពួក​គេ​នឹង​ជួប​ការ​បៀត​បៀន?

  • នៅ​ឥឡូវ​នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​មុន​ជួប​ការ​បៀត​បៀន?

  • ទោះ​ជា​អ្នក​ជួប​ទុក្ខ​លំបាក​ណា​ក៏​ដោយ ហេតុ​អ្វី​អ្នក​ជឿ​ជាក់​ថា​អ្នក​អាច​បន្ត​បម្រើ​ព្រះ​យេហូវ៉ា?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ពន្យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ ពេល​គាត់​ជាប់​គុក​ដោយ​សារ​រក្សា​អព្យាក្រឹតភាព។

ចូរ​ស៊ូ​ទ្រាំ ទោះ​ជា​មាន​ការ​បៀត​បៀន (២:៣៤)

សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​ជួយ​ប្ដី​ប្រពន្ធ​មួយ​គូ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​ជួប​ការ​ប្រឆាំង​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី។

ការ​បម្រើ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​ដែល​ផ្លាស់​ប្ដូរ (៧:១១)

សូម​រៀន​អំពី​របៀប​ដែល​យើង​អាច​ប្រឈម​មុខ​ការ​បៀត​បៀន​ដោយ​ចិត្ត​ក្លាហាន។

«​ចូរ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​សម្រាប់​ការ​បៀត​បៀន​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​២០១៩​)

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ពេល​ក្រុម​គ្រួសារ​បៀត​បៀន​យើង? ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​សន្តិភាព​ជា​មួយ​នឹង​ក្រុម​គ្រួសារ ព្រម​ទាំង​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា?

«​សេចក្ដី​ពិត​នាំ​ឲ្យ​មាន​‹ទំនាស់ មិន​មែន​នាំ​ឲ្យ​មាន​សន្តិភាព​ទេ›​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា ឆ្នាំ​២០១៧​)