លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦០

ចូរបន្តរីកចម្រើនតទៅទៀត

ចូរបន្តរីកចម្រើនតទៅទៀត

តាម​រយៈ​សៀវភៅ​នេះ អ្នក​បាន​រៀន​យ៉ាង​ច្រើន​ពី​គម្ពីរ​អំពី​ព្រះ​យេហូវ៉ា។ អ្វី​ដែល​អ្នក​បាន​រៀន ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង។ ប្រហែល​នេះ​ជា​មូលហេតុ​ដែល​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក ឬ​ក៏​អ្នក​កំពុង​គិត​ធ្វើ​ដូច្នេះ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ។ ទោះ​ជា​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក៏​ដោយ អ្នក​មិន​ត្រូវ​ឈប់​រីក​ចម្រើន​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​បន្ត​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ តើ​តាម​របៀប​ណា?

១. ហេតុ​អ្វី​អ្នក​គួរ​បន្ត​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

យើង​ត្រូវ​ព្យាយាម​បន្ត​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ​«​ដើម្បី​កុំ​ឲ្យ​យើង​រសាត់​ចេញ​»​ពី​លោក។ (​ហេប្រឺ ២:១​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់? យើង​អាច​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​បន្ត​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​បម្រើ​ព្រះ​របស់​យើង​ឲ្យ​បាន​ច្រើន​ជាង។ (​សូម​អាន ភីលីព ៣:១៦​) ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត!​—ចម្រៀង​សរសើរ​ព្រះ ៨៤:១០

២. តើ​អ្នក​គួរ​បន្ត​ធ្វើ​អ្វី​ទៀត?

ទោះ​ជា​អ្នក​រៀន​ចប់​សៀវភៅ​នេះ​ក៏​ដោយ អ្នក​ត្រូវ​បន្ត​មាន​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក។ ហេតុ​អ្វី? ព្រោះ​គម្ពីរ​ប្រាប់​ថា​យើង​ត្រូវ​បន្ត​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​»។ (​អេភេសូរ ៤:២៣, ២៤​) កាល​ដែល​អ្នក​បន្ត​រៀន​បណ្ដាំ​របស់​ព្រះ និង​បន្ត​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ នោះ​អ្នក​នឹង​រៀន​អ្វី​ថ្មី​ៗ​អំពី​ព្រះ​យេហូវ៉ា​និង​គុណ​សម្បត្តិ​របស់​លោក។ សូម​ស្វែង​រក​វិធី​ដែល​អ្នក​អាច​ធ្វើ​តាម​គុណ​សម្បត្តិ​របស់​លោក​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ចូរ​បន្ត​ធ្វើ​ការ​កែ​ប្រែ​ជា​និច្ច​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ។

៣. តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​ចែង​ថា​៖ ​«​ព្រះ . . . នឹង​បង្គ្រប់​ការ​ហ្វឹកហ្វឺន​របស់​អ្នក​រាល់​គ្នា។ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំង​ក្លា លោក​នឹង​ជួយ​អ្នក​មិន​ឲ្យ​រង្គោះ​រង្គើ​ឡើយ​»។ (​ពេត្រុស​ទី១ ៥:១០​) យើង​ទាំង​អស់​គ្នា​នឹង​ជួប​ប្រទះ​ការ​ល្បង​ល​ជា​មិន​ខាន។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​យក​ឈ្នះ​ការ​ល្បង​ល​ទាំង​នោះ។ (​ចម្រៀង​សរសើរ​ព្រះ ១៣៩:២៣, ២៤​) លោក​បាន​សន្យា​ថា​នឹង​ឲ្យ​អ្នក​មាន​បំណង​ចិត្ត​និង​កម្លាំង​ដើម្បី​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។​—សូម​អាន ភីលីព ២:១៣

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បន្ត​រីក​ចម្រើន និង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក។

៤. ចូរ​ប្រាស្រ័យ​ទាក់​ទង​នឹង​មិត្ត​ដ៏​ល្អ​បំផុត​របស់​អ្នក

ការ​អធិដ្ឋាន​និង​ការ​សិក្សា​គម្ពីរ​បាន​ជួយ​អ្នក​ឲ្យ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​ការ​បន្ត​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​កាន់​តែ​ខ្លាំង​ជា​មួយ​នឹង​លោក?

សូម​អាន ចម្រៀង​សរសើរ​ព្រះ ៦២:៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​ខ​នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ។ តើ​តាម​របៀប​ណា?

សូម​អាន ចម្រៀង​សរសើរ​ព្រះ ១:២ និង​កំណត់​សម្គាល់ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​ខ​នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​ការ​អាន​គម្ពីរ។ តើ​តាម​របៀប​ណា?

តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន? ដើម្បី​មើល​យោបល់​ខ្លះ សូមលេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​យោបល់​មួយ​ណា​ក្នុង​វីដេអូ​ដែល​អ្នក​ចង់​ធ្វើ​តាម?

  • តើ​អ្នក​ចង់​សិក្សា​ប្រធានបទ​មួយ​ណា?

៥. ចូរ​កំណត់​គោល​ដៅ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ប្រសើរ​ជាង

ការ​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​រីក​ចម្រើន។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ​នេះ តើ​ខេមរិន​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ?

មិន​មែន​បង​ប្អូន​ទាំង​អស់​អាច​រើ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង​ទេ។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​អាច​កំណត់​គោល​ដៅ​ដែល​យើង​អាច​ធ្វើ​បាន។ សូម​អាន សុភាសិត ២១:៥ រួច​សូម​ពិចារណា​គោល​ដៅ​ដែល​អ្នក​អាច​មាន​ដើម្បី​ជួយ . . .

  • ក្នុង​ក្រុម​ជំនុំ។

  • ក្នុង​កិច្ច​បម្រើ​ផ្សាយ។

តើ​គោល​ការណ៍​ក្នុង​ខ​នេះ​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​យ៉ាង​ដូច​ម្ដេច?

សូម​ពិចារណា​គោល​ដៅ​ខ្លះ​ៗ​

  • ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ។

  • អាន​គម្ពីរ​ទាំង​មូល។

  • ស្គាល់​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បាន​ច្បាស់​ជាង។

  • មាន​សិស្ស​គម្ពីរ​ម្នាក់។

  • បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ឬ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

  • បើ​អ្នក​ជា​បង​ប្អូន​ប្រុស សូម​ខំ​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

៦. ចូរ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!

សូម​អាន ចម្រៀង​សរសើរ​ព្រះ ២២:២៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​ជីវិត​សប្បាយ​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត?

សេចក្ដី​សង្ខេប

ចូរ​បន្ត​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា និង​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ យ៉ាង​នេះ អ្នក​អាច​សប្បាយ​នឹង​ជីវិត​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត!

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់?

  • តើ​អ្នក​អាច​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ខ្លះ?

  • តើ​ការ​កំណត់​គោល​ដៅ​អាច​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច?

គោល​ដៅ​រយៈ​ពេល​វែង

ស្វែង​យល់​ថែម​ទៀត

រវាង​ការ​បង្ហាញ​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា​តែ​មួយ​ដង និង​ការ​ស្មោះ​ត្រង់​ចំពោះ​លោក​អស់​មួយ​ជីវិត តើ​លោក​ឲ្យ​តម្លៃ​មួយ​ណា​ខ្លាំង​ជាង?

ចូរ​ស្មោះ​ត្រង់​ដូច​អាប្រាហាំ (៩:២០)

សូម្បី​តែ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ក៏​អាច​បាត់​បង់​អំណរ​ដែរ។ សូម​មើល​របៀប​ដែល​អាច​មាន​អំណរ​ម្ដង​ទៀត។

ការ​សិក្សា​និង​ការ​រំពឹង​គិត​ជួយ​ឲ្យ​មាន​អំណរ​ឡើង​វិញ (៥:២៥)

តើ​តាម​របៀប​ណា​អ្នក​អាច​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ និង​អាច​សម្រេច​គោល​ដៅ​នោះ?

«​ចូរ​បំពេញ​តាម​គោល​ដៅ​របស់​អ្នក​ដើម្បី​លើក​តម្កើង​ព្រះ​ដែល​ជា​អ្នក​បង្កើត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៤​)

ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ព្យាយាម​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ? ហើយ​តើ​អ្នក​អាច​មាន​ភាព​ចាស់​ទុំ​យ៉ាង​ដូច​ម្ដេច?

«​ចូរ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ ព្រោះ​‹ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់›​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០០៩​)