លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កំណត់នៅចុងសៀវភៅ

កំណត់នៅចុងសៀវភៅ
  1. ១.  តើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​អ្វី?

  2. ២.  តើ​មេស្ស៊ី​នឹង​លេច​មក​នៅ​ពេល​ណា?

  3. ៣.  វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ឈាម

  4. ៤.  ការ​បែក​លំនៅ​សង្វាស

  5. ៥.  ទំនៀម​ទម្លាប់​និង​ពិធី​បុណ្យ

  6. ៦.  ជំងឺ​ឆ្លង

  7. ៧.  ទាក់​ទង​ខាង​ពាណិជ្ជកម្ម​ឬ​ខាង​ច្បាប់

 ១. តើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​អ្វី?

​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ជា​តំណាង​សាសនា​មិន​ពិត​ទាំង​អស់។ ហេតុ​អ្វី​យើង​ដឹង? (​ការ​បើក​បង្ហាញ ១៧:៥​) សូម​ពិចារណា​ចំណុច​ដូច​ត​ទៅ​៖

  • បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​អ្នក​ដឹក​នាំ​ពិភព​លោក​ទាំង​មូល។ គម្ពីរ​រៀប​រាប់​អំពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ថា នាង​កំពុង​អង្គុយ​លើ​«​មហា​ជន​នានា [​និង​]​ប្រជា​ជាតិ​នានា​»។ នាង​«​គ្រប់​គ្រង​លើ​ស្ដេច​នានា​នៅ​ផែនដី​»។—ការ​បើក​បង្ហាញ ១៧:១៥, ១៨

  • បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​មិន​អាច​ជា​អ្នក​នយោបាយ​ឬ​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ឡើយ។ ដោយ​សារ​ពេល​នាង​ត្រូវ​បំផ្លាញ​ចោល ​«​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​»​និង​«​ពួក​អ្នក​ជួញ​ដូរ​»​នឹង​មិន​ត្រូវ​បំផ្លាញ​ទេ។—ការ​បើក​បង្ហាញ ១៨:៩, ១៥

  • បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ។ នាង​បាន​ត្រូវ​ហៅ​ថា​ស្ត្រី​ពេស្យា ដោយ​សារ​នាង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​រដ្ឋាភិបាល​មនុស្ស​ដើម្បី​បាន​ទ្រព្យ​សម្បត្តិ​ឬ​ផល​ប្រយោជន៍​ផ្សេង​ៗ។ (​ការ​បើក​បង្ហាញ ១៧:១, ២​) នាង​បំភាន់​មនុស្ស​គ្រប់​ជន​ជាតិ។ ម្យ៉ាង​ទៀត នាង​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់។—ការ​បើក​បង្ហាញ ១៨:២៣, ២៤

ត្រឡប់​ទៅ​មេ​រៀន​ទី​១៣ ចំណុច​ទី​៦

 ២. តើ​មេស្ស៊ី​នឹង​លេច​មក​នៅ​ពេល​ណា?

គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា​មេស្ស៊ី​នឹង​លេច​មក ក្រោយ​៦៩​អាទិត្យ​កន្លង​ផុត​ទៅ។—សូម​អាន ដានីយ៉ែល ៩:២៥

  • តើ​៦៩​អាទិត្យ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា? គឺ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៤៥៥ មុន​គ.ស. នៅ​ពេល​នោះ​អភិបាល​នេហេមា​បាន​មក​ដល់​ក្រុង​យេរូសាឡិម ដើម្បី​«​សាង​សង់​»​ក្រុង​នោះ​ឡើង​វិញ។—ដានីយ៉ែល ៩:២៥; នេហេមា ២:១, ៥​-​៨

  • តើ​៦៩​អាទិត្យ​មាន​រយៈ​ពេល​ប៉ុន្មាន? ទំនាយ​ខ្លះ​ក្នុង​គម្ពីរ​ប្រាប់​ថា​មួយ​ថ្ងៃ​តំណាង​មួយ​ឆ្នាំ។ (​ជំរឿន​បណ្ដា​ជន ១៤:៣៤; អេសេគាល ៤:៦​) ដូច្នេះ មួយ​អាទិត្យ​តំណាង​៧​ឆ្នាំ។ ក្នុង​ទំនាយ​នេះ ៦៩​អាទិត្យ​គឺ​ស្មើ​នឹង​៤៨៣​ឆ្នាំ (​៦៩​អាទិត្យ​គុណ​នឹង​៧​ថ្ងៃ​)។

  • តើ​៦៩​អាទិត្យ​បាន​ចប់​នៅ​ពេល​ណា? បើ​រាប់​៤៨៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​៤៥៥ មុន.គ.ស. លទ្ធផល​គឺ​មក​ដល់​ឆ្នាំ​២៩ គ.ស.។ a នេះ​គឺ​ចំ​នឹង​ឆ្នាំ​ដែល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ទៅ​ជា​មេស្ស៊ី!—លូកា ៣:១, ២, ២១, ២២

ត្រឡប់​ទៅ​មេរៀន​ទី​១៥ ចំណុច​ទី​៥

 ៣. វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ឈាម

មាន​វិធី​ព្យាបាល​ដែល​ប្រើ​ឈាម​របស់​អ្នក​ជំងឺ​ផ្ទាល់។ វិធី​ព្យាបាល​ខ្លះ គ្រិស្ត​សាសនិក​មិន​អាច​ទទួល​យក​បាន​ទេ​ដូច​ជា ការ​ប្រើ​ឈាម​របស់​គាត់​ផ្ទាល់​ដែល​បាន​បូម​ទុក​ សម្រាប់​ការ​វះ​កាត់ ឬ​ការ​បរិច្ចាគ​ឈាម។—ការ​បំភ្លឺ​ច្បាប់ ១៥:២៣

ក៏​ប៉ុន្តែ មាន​វិធី​ព្យាបាល​ផ្សេង​ទៀត​ដែល​គ្រិស្ត​សាសនិក​អាច​ទទួល​យក​បាន។ នេះ​រួម​បញ្ចូល​ការ​បូម​ឈាម​យក​ទៅ​ពិនិត្យ ការ​ច្រោះ​ឈាម​ដោយ​ប្រើ​ម៉ាស៊ីន​ជំនួស​តម្រង​នោម ការ​បំបែរ​ឈាម​ចូល​ក្នុង​ថង់​ប្លោក ហើយ​ចាក់​បញ្ចូល​សូលុយស្យុង​ជំនួស ឬ​ការ​ប្រើ​ម៉ាស៊ីន​ដែល​ធ្វើ​ការ​ជំនួស​បេះ​ដូង​និង​សួត​ក្នុង​ពេល​វះ​កាត់​ដើម្បី​បំបែរ​ឈាម​ចេញ​ពី​បេះ​ដូង។ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​របៀប​ដែល​គាត់​ប្រើ​ឈាម​របស់​គាត់​ផ្ទាល់​ក្នុង​អំឡុង​ពេល​ព្យាបាល ពិនិត្យ​សុខ​ភាព ឬ​វះ​កាត់​ជា​ដើម។ វិធី​ព្យាបាល​របស់​គ្រូ​ពេទ្យ​ម្នាក់​ៗ​ប្រហែល​ជា​មិន​ដូច​គ្នា​ទាំង​ស្រុង​ទេ។ ដូច្នេះ មុន​ពេល​គ្រិស្ត​សាសនិក​សម្រេច​ចិត្ត​ទទួល​យក​វិធី​វះ​កាត់ វិធី​ពិនិត្យ​សុខភាព ឬ​វិធី​បំបែរ​ឈាម​ណា​មួយ គាត់​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​លាស់​អំពី​របៀប​ដែល​គ្រូ​ពេទ្យ​នឹង​ប្រើ​ឈាម​របស់​គាត់។ សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  • បើ​ឈាម​ខ្លះ​របស់​ខ្ញុំ​បាន​ត្រូវ​បំបែរ​ឲ្យ​រត់​តាម​ប្រព័ន្ធ​មួយ​ក្រៅ​រូប​កាយ ហើយ​អាច​ឈប់​នៅ​កន្លែង​ផ្សេង​ទៀត​មួយ​រយៈ​សិន មុន​នឹង​ចូល​ក្នុង​រូប​កាយ​ខ្ញុំ​វិញ តើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ថា​ឈាម​នេះ​មិន​បាន​«​បង្ហូរ​ទៅ​ដី​»​ឬ​ទេ?—ការ​បំភ្លឺ​ច្បាប់ ១២:២៣, ២៤

  • បើ​ក្នុង​អំឡុង​ពេល​ព្យាបាល គេ​បូម​ឈាម​ខ្លះ​របស់​ខ្ញុំ​ចេញ​ដើម្បី​ដក​ឬ​បន្ថែម​សារធាតុ​ខ្លះ រួច​មក​បញ្ចូល​ក្នុង​រូប​កាយ​ខ្ញុំ​វិញ តើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ​ដែល​បាន​ត្រូវ​អប់រំ​ពី​គម្ពីរ​នឹង​ធ្វើ​ទុក្ខ​ខ្ញុំ​ឬ​ទេ? ឬ​មួយ​ខ្ញុំ​អាច​ទទួល​វិធី​ព្យាបាល​ដូច​នោះ​បាន?

ត្រឡប់​ទៅ​មេរៀន​ទី​៣៩ ចំណុច​ទី​៣

 ៤. ការ​បែក​លំនៅ​សង្វាស

គម្ពីរ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្ដី​ប្រពន្ធ​បែក​លំនៅ​សង្វាស​ទេ ហើយ​គម្ពីរ​បាន​ប្រាប់​យ៉ាង​ចំ​ៗ​ថា ប្ដី​ប្រពន្ធ​ដែល​បែក​លំនៅ​គ្នា​មិន​អាច​រៀប​ការ​ជា​មួយ​នឹង​អ្នក​ថ្មី​បាន​ឡើយ។ (​កូរិនថូស​ទី​១ ៧:១០, ១១​) ប៉ុន្តែ មាន​ករណី​មួយ​ចំនួន​ដែល​គ្រិស្ត​សាសនិក​ខ្លះ​បាន​សម្រេច​ចិត្ត​បែក​លំនៅ​សង្វាស។

  • មាន​ចេតនា​មិន​ទំនុក​បម្រុង​ក្រុម​គ្រួសារ: ប្ដី​មិន​ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​ខ្លួន រហូត​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គ្មាន​លុយ​និង​អាហារ​បរិភោគ។—ធីម៉ូថេ​ទី១ ៥:៨

  • អំពើ​ឃោរឃៅ: ពេល​គូ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​លើ​ខ្លួន ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ឬ​អាយុ​ជីវិត។—កាឡាទី ៥:១៩​-​២១

  • ស្ថានភាព​ដែល​នឹង​បណ្ដាល​ឲ្យ​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា: ពេល​គូ​របស់​ខ្លួន​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​បម្រើ​ព្រះ​យេហូវ៉ា។—សកម្មភាព ៥:២៩

ត្រឡប់​ទៅ​មេរៀន​ទី​៤២ ចំណុច​ទី​៣

 ៥. ទំនៀម​ទម្លាប់​និង​ពិធី​បុណ្យ

គ្រិស្ត​សាសនិក​មិន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ឡើយ។ ប៉ុន្តែ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ប្រើ​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​អប់រំ​ពី​គម្ពីរ ដើម្បី​សម្រេច​ចិត្ត​ថា​គួរ​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានភាព​មួយ​ចំនួន​នៅ​រដូវ​ដែល​មាន​ពិធី​បុណ្យ។ សូម​ពិចារណា​ឧទាហរណ៍​ដូច​ត​ទៅ​៖

  • ពេល​គេ​ជូន​ពរ​អ្នក​នៅ​ថ្ងៃ​បុណ្យ។ អ្នក​អាច​និយាយ​ដោយ​គួរ​សម​ថា​៖ ​«​អរគុណ​»។ បើ​គេ​ចង់​ដឹង​អំពី​មូលហេតុ​ដែល​អ្នក​មិន​ចូល​រួម​ពិធី​បុណ្យ​ណា​មួយ សូម​ពន្យល់​គាត់​អំពី​រឿង​នោះ។

  • ពេល​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ចង់​ឲ្យ​អ្នក​បរិភោគ​អាហារ​ជា​មួយ​នឹង​សាច់​ញាតិ​ដើម្បី​អបអរ​ក្នុង​ថ្ងៃ​បុណ្យ។ បើ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដូច្នោះ​ទេ អ្នក​អាច​ពន្យល់​គាត់​ទុក​ជា​មុន​ថា បើ​ការ​បរិភោគ​អាហារ​ជា​មួយ​សាច់​ញាតិ​ជា​ផ្នែក​មួយ​នៃ​ទំនៀម​ទម្លាប់​របស់​សាសនា​មិន​ពិត នោះ​អ្នក​នឹង​មិន​ចូល​រួម​ទេ។

  • ពេល​ចៅហ្វាយ​ឲ្យ​ប្រាក់​បំណាច់​ដល់​អ្នក​ក្នុង​រដូវ​បុណ្យ។ តើ​អ្នក​គួរ​បដិសេធ​ឬ​ទេ? ប្រហែល​ជា​មិន​ចាំ​បាច់​ទេ។ តើ​ចៅហ្វាយ​របស់​អ្នក​ចាត់​ទុក​ប្រាក់​បំណាច់​ថា​ជា​ការ​ចូល​រួម​អបអរ​បុណ្យ​ឬ​ទេ? ឬ​គាត់​គ្រាន់​តែ​ចាត់​ទុក​ថា​នោះ​ជា​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ដែល​ខំ​ប្រឹង​ធ្វើ​ការ?

  • ពេល​គេ​ឲ្យ​អំណោយ​អ្នក​ក្នុង​រដូវ​បុណ្យ។ អ្នក​ដែល​ឲ្យ​អំណោយ​អាច​នឹង​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​មិន​ចូល​រួម​ពិធី​បុណ្យ​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​»។ ប្រហែល​ជា​គាត់​គ្រាន់​តែ​ចង់​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​អ្នក។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ទៀត មាន​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​គិត​ថា​គាត់​ចង់​សាក​ល្បង​ជំនឿ​របស់​អ្នក ឬ​ចង់​ឲ្យ​អ្នក​ចូល​រួម​ពិធី​បុណ្យ។ ក្រោយ​ពី​ពិចារណា​ចំណុច​នេះ អ្នក​អាច​សម្រេច​ចិត្ត​ថា​ទទួល​ឬ​មិន​ទទួល​អំណោយ។ ទោះ​ជា​យើង​សម្រេច​ចិត្ត​បែប​ណា​ក៏​ដោយ យើង​ចង់​មាន​សមត្ថភាព​វិនិច្ឆ័យ​ល្អ និង​ចង់​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។—សកម្មភាព ២៣:១

ត្រឡប់​ទៅ​មេរៀន​ទី​៤៤ ចំណុច​ទី​១

 ៦. ជំងឺ​ឆ្លង

យើង​ស្រឡាញ់​មនុស្ស ដូច្នេះ​យើង​ប្រុង​ប្រយ័ត្ន​មិន​ចម្លង​ជំងឺ​ដល់​អ្នក​ឯ​ទៀត​ទេ ទោះ​ជា​យើង​កំពុង​មាន​ជំងឺ​ឆ្លង ឬ​សង្ស័យ​ថា​ខ្លួន​មាន​ជំងឺ​ឆ្លង​ក៏​ដោយ។ យើង​ធ្វើ​ដូច្នេះ ដោយ​សារ​គម្ពីរ​បង្គាប់​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។—រ៉ូម ១៣:៨​-​១០

តើ​ការ​ធ្វើ​តាម​បង្គាប់​នេះ​មាន​ន័យ​យ៉ាង​ណា? អ្នក​ដែល​មាន​ជំងឺ​ឆ្លង​មិន​គួរ​ចាប់​ផ្ដើម​បង្ហាញ​ភាព​ស្និទ្ធ​ស្នា​ល​ដូច​ជា ឱប ឬ​ថើប​ទេ។ គាត់​មិន​គួរ​អន់​ចិត្ត បើ​អ្នក​ខ្លះ​ការ​ពារ​ខ្លួន​និង​ក្រុម​គ្រួសារ​ដោយ​មិន​អញ្ជើញ​គាត់​ឲ្យ​ទៅ​ផ្ទះ​របស់​ពួក​គេ។ មុន​ពេល​គាត់​ទទួល​ការ​ជ្រមុជ​ទឹក គាត់​គួរ​ប្រាប់​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​អំពី​ជំងឺ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​អាច​រៀបចំ​ការ​ពារ​អ្នក​ឯ​ទៀត​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ។ មុន​ពេល​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ អ្នក​ដែល​សង្ស័យ​ថា​ខ្លួន​មាន​ផ្ទុក​ជំងឺ​ឆ្លង គួរ​ទៅ​ពិនិត្យ​ឈាម។ ការ​ធ្វើ​ដូច្នេះ បង្ហាញ​ថា​អ្នក​គិត​អំពី​អ្នក​ឯ​ទៀត ដូច​គម្ពីរ​ចែង​ថា​៖ ​«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។—ភី​លី​ព ២:៤

ត្រឡប់​ទៅ​មេរៀន​ទី​៥៦ ចំណុច​ទី​២

 ៧. ទាក់​ទង​ខាង​ពាណិជ្ជកម្ម​ឬ​ខាង​ច្បាប់

ស្ដី​អំពី​រឿង​លុយ​កាក់ ជា​ការ​ល្អ​ឲ្យ​យើង​សរសេរ​កិច្ច​សន្យា សូម្បី​តែ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ព្រោះ​នោះ​អាច​ជួយ​ការ​ពារ​ពី​បញ្ហា​ជា​ច្រើន។ (​យេរេមា ៣២:៩​-​១២​) ប៉ុន្តែ ទោះ​ជា​មាន​កិច្ច​សន្យា​ក៏​ដោយ ម្ដង​ម្កាល​គ្រិស្ត​សាសនិក​ខ្លះ​នៅ​តែ​អាច​មាន​បញ្ហា​បន្តិច​បន្តួច​ក្នុង​ការ​អនុវត្ត​កិច្ច​សន្យា។ បើ​មាន​រឿង​ដូច​នេះ​កើត​ឡើង​មែន គ្រិស្ត​សាសនិក​គួរ​ដោះ​ស្រាយ​បញ្ហា​នោះ​ឲ្យ​បាន​ឆាប់​និង​ដោយ​សន្តិវិធី ហើយ​ដោះ​ស្រាយ​តែ​ជា​មួយ​នឹង​ភាគី​ដែល​ពាក់​ព័ន្ធ​ប៉ុណ្ណោះ។

ប៉ុន្តែ ក្នុង​ករណី​ធ្ងន់​ធ្ងរ​ដូច​ជា ការ​បោក​បញ្ឆោត​ឬ​ការ​បង្កាច់​បង្ខូច តើ​យើង​គួរ​ដោះ​ស្រាយ​យ៉ាង​ណា? (​សូម​អាន ម៉ាថាយ ១៨:១៥​-​១៧​) លោក​យេស៊ូ​ប្រាប់​យើង​ឲ្យ​ធ្វើ​តាម​ជំហាន​បី​យ៉ាង​៖

  1. ១. ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ (​សូម​មើល​ខ​១៥​)

  2. ២. បើ​មិន​អាច​ដោះ​ស្រាយ​បាន​ទេ សុំ​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ​ម្នាក់​ឬ​ពីរ​នាក់​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ទៅ​ជួប​គាត់​ជា​មួយ​នឹង​អ្នក។ (​សូម​មើល​ខ​១៦​)

  3. ៣. បើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន​ទៀត អ្នក​គួរ​ប្រាប់​រឿង​នេះ​ដល់​អ្នក​ចាស់​ទុំ។ (​សូម​មើល​ខ​១៧​)

ក្នុង​ករណី​ជា​ច្រើន យើង​មិន​គួរ​ប្ដឹង​បង​ប្អូន​យើង​ទៅ​តុលាការ​ទេ ព្រោះ​នោះ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​នាម​ព្រះ​យេហូវ៉ា​និង​ក្រុម​ជំនុំ។ (​កូរិនថូស​ទី​១ ៦:១​-​៨​) ក៏​ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ប្រហែល​ជា​ត្រូវ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ដូច​ជា ការ​លែង​លះ​គ្នា ការ​សុំ​សិទ្ធិ​ធ្វើ​ជា​អាណាព្យាបាល​កូន ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្រោយ​ពេល​លែង​លះ ការ​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​បំណុល​ក្នុង​រឿង​ក្ដី​ក្ស័យ​ធន ឬ​ពេល​ធ្វើ​បណ្ដាំ​មត៌ក​មាន​សុពល​តាម​ផ្លូវ​ច្បាប់​ជា​ដើម។ បើ​គ្រិស្ត​សាសនិក​ដែល​ប្ដឹង​ទៅ​តុលាការ​មាន​គោល​ដៅ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី នោះ​គាត់​មិន​ធ្វើ​ខុស​នឹង​គោល​ការណ៍​គម្ពីរ​ទេ។

ក្នុង​ករណី​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ដូច​ជា ការ​រំលោភ ការ​ធ្វើ​បាប​កុមារ ការ​បំពារ​បំពាន ចោរ​កម្ម(​កម្រិត​ធ្ងន់​) ឬ​ឃាតកម្ម នោះ​គ្រិស្ត​សាសនិក​ដែល​រា​យ​ការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​បំពាន​លើ​គោល​ការណ៍​គម្ពីរ​ឡើយ។

ត្រឡប់​ទៅ​មេរៀន​ទី​៥៦ ចំណុច​ទី​៣

a ចាប់​ពី​ឆ្នាំ​៤៥៥ មុន​គ.ស. ដល់​ឆ្នាំ​១ មុន​គ.ស. គឺ​មាន​រយៈ​ពេល​៤៥៤​ឆ្នាំ។ ចាប់​ពី​ឆ្នាំ​១ មុន​គ.ស. ដល់​ឆ្នាំ​១ គ.ស. គឺ​មាន​រយៈ​ពេល​មួយ​ឆ្នាំ (​ដោយ​សារ​គ្មាន​ឆ្នាំ​សូន្យ​ទេ​)។ ចាប់​ពី​ឆ្នាំ​១ គ.ស. ដល់​ឆ្នាំ​២៩ គ.ស. គឺ​មាន​រយៈ​ពេល​២៨​ឆ្នាំ។ សរុប​គឺ​ចំនួន​៤៨៣​ឆ្នាំ។