លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំបុត្រពីគណៈអភិបាល

សំបុត្រពីគណៈអភិបាល

ជូន​ចំពោះ​បង​ប្អូន​ជា​ទី​ស្រឡាញ់!

ការ​ស្រឡាញ់​ព្រះ​និង​មនុស្ស​ឯ​ទៀត ជំរុញ​ចិត្ត​យើង​ឲ្យ​«​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​[​គ្រិស្ត​] ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​»។ (​ម៉ាថ. ២៨:១៩, ២០; ម៉ាក. ១២:២៨​-​៣១​) សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​អាច​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ទៅ​លើ​អស់​អ្នក​ដែល​មាន​«​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—សកម្ម. ១៣:៤៨

ពី​មុន​យើង​ផ្ដោត​លើ​ការ​ទន្ទេញ​ចាំ​ពាក្យ​ផ្សាយ ហើយ​ស្នើ​ផ្ដល់​សៀវភៅ​ដល់​ម្ចាស់​ផ្ទះ។ ប៉ុន្តែ​ឥឡូវ យើង​ត្រូវ​ចេះ​សន្ទនា​ច្រើន​ជាង​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ។ យើង​ចង់​ឲ្យ​ម្ចាស់​ផ្ទះ​ដឹង​ថា​យើង​ស្រឡាញ់​ពួក​គេ ហេតុ​នេះ​យើង​ចង់​និយាយ​អំពី​សាច់​រឿង​ដែល​ពួក​គេ​ចាប់​អារម្មណ៍។ នេះ​តម្រូវ​ឲ្យ​យើង​ចេះ​បត់​បែន ហើយ​គិត​យ៉ាង​ហ្មត់​ចត់​អំពី​កង្វល់ និង​ចំណាប់​អារម្មណ៍​របស់​បុគ្គល​ម្នាក់​ៗ។ តើ​សៀវភៅ​ស្ដើង​នេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

សៀវភៅ​ស្ដើង​នេះ​មាន​១២​មេ​រៀន ហើយ​រៀប​រាប់​នូវ​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​យើង​ត្រូវ​មាន​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ មេ​រៀន​នីមួយ​ៗ​ផ្អែក​ទៅ​លើ​គុណ​សម្បត្តិ​របស់​លោក​យេស៊ូ ឬ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ គឺ​ជា​គុណ​សម្បត្តិ​ដែល​ពួក​គាត់​បាន​បង្ហាញ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ គោល​ដៅ​របស់​យើង​មិន​មែន​ទន្ទេញ​ចាំ​ពាក្យ​ផ្សាយ​នោះ​ទេ តែ​យើង​ស្វែង​រក​វិធី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ឯ​ទៀត។ ពិត​មែន​ថា​គុណ​សម្បត្តិ​នីមួយ​ៗ​គឺ​សំខាន់​ក្នុង​គ្រប់​ផ្នែក​នៃ​កិច្ច​បម្រើ​ផ្សាយ តែ​យើង​នឹង​គិត​ពិចារណា​ថា​គុណ​សម្បត្តិ​ណា​គឺ​ចាំ​បាច់ ជា​ពិសេស​ពេល​ចាប់​ផ្ដើម​សន្ទនា ពេល​ត្រឡប់​ទៅ​ជួប ឬ​ពេល​បង្រៀន​គម្ពីរ។

កាល​ដែល​បង​ប្អូន​ពិនិត្យ​មើល​មេ​រៀន​នីមួយ​ៗ សូម​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​របៀប​ដែល​បង​ប្អូន​អាច​បង្ហាញ​គុណ​សម្បត្តិ​នោះ ពេល​និយាយ​ជា​មួយ​នឹង​មនុស្ស​ក្នុង​តំបន់​ដែល​បង​ប្អូន​រស់​នៅ។ ចូរ​ខំ​ព្យាយាម​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​មនុស្ស​ឯ​ទៀត​ឲ្យ​កាន់​តែ​ខ្លាំង ដោយ​សារ​សេចក្ដី​ស្រឡាញ់​នឹង​ជួយ​បង​ប្អូន​ឲ្យ​សម្រេច​គោល​ដៅ​ក្នុង​ការ​ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត។

យើង​សប្បាយ​ចិត្ត​ណាស់ ដែល​មាន​ឯក​សិទ្ធិ​ពិសេស​រួម​ធ្វើ​ការ​ជា​មួយ​នឹង​បង​ប្អូន។ (​សេផ. ៣:៩​) សូម​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ជា​បរិបូរ​ដល់​បង​ប្អូន កាល​ដែល​បង​ប្អូន​បន្ត​ស្រឡាញ់​មនុស្ស​ឯ​ទៀត ហើយ​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត!

ពី​បង​ប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)