លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាសនាពិតធ្វើឲ្យមនុស្សមានសាមគ្គីភាព

សាសនាពិតធ្វើឲ្យមនុស្សមានសាមគ្គីភាព

សាសនា​ពិត​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គីភាព

ទោះ​បី​សាសនា​ជា​ទូទៅ​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា​ក៏​ដោយ ការ​ថ្វាយ​បង្គំ​ព្រះ​តែ​មួយ​អង្គ​ដ៏​ពិត អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គីភាព។ ពេល​អ៊ីស្រាអែល​ជា​សាសន៍​ដែល​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​រាស្ត្រ​ទ្រង់ នោះ​មាន​មនុស្ស​ចិត្ត​ស្មោះ​ជា​ច្រើន​នាក់​ពី​សាសន៍​ដទៃ ដែល​មាន​ចិត្ត​ចង់​ចូល​សាសនា​ពិត​នោះ​ដែរ។ តួយ៉ាង​ដូច​ជា នាង​រស់​បាន​លះ​ចោល​ព្រះ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កំណើត​របស់​នាង​គឺ​ស្រុក​ម៉ូអាប់ ហើយ​នាង​បាន​ប្រាប់​ន៉ាអូមី​ថា៖ «សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ»។ (នាង​រស់ ១:១៦) នៅ​សតវត្ស​ទី​មួយ​ស.យ. មនុស្ស​ជា​ច្រើន​ពី​សាសន៍​ដទៃ​បាន​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​វិញ។ (កិច្ច​ការ ១៣:៤៨; ១៧:៤) ក្រោយ​មក ពេល​សាវ័ក​របស់​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​នាំ​សារ​ពី​ដំណឹង​ល្អ​ទៅ​កន្លែង​ឆ្ងាយ​ៗ នោះ​មាន​អ្នក​ឯ​ទៀត​ដែល​មាន​ចិត្ត​ស្មោះ​រួប​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «[អ្នក​បាន]បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​នោះ​វិញ»។ (ថែស្សាឡូនីច​ទី​១ ១:៩) តើ​ការ​ថ្វាយ​បង្គំ​ព្រះ​ពិត​អាច​បង្កើត​ឲ្យ​មាន​សាមគ្គីភាព​នៅ​សព្វ​ថ្ងៃ​នេះ​ទេ?

អ្នក​ដែល​សង្ស័យ​ទទូច​ថា ការ​និយាយ​អំពី«អ្នក​ថ្វាយ​បង្គំ​ពិត​ឬ​ក៏«ព្រះ​ដ៏​ពិត»គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ពួក​គេ​ប្រហែល​ជា​គិត​យ៉ាង​នេះ ពីព្រោះ​គេ​មិន​ដឹង​ថា មាន​ប្រភព​មួយ​ដែល​បង្រៀន​សេចក្ដី​ពិត​ទេ។ ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាក់​ដែល​មាន​ប្រវត្ដិ​ខុស​ៗ​គ្នា​និង​ដែល​កំពុង​តែ​ស្វែង​រក​សេចក្ដី​ពិត ទទួល​ស្គាល់​ថា​រឿង​សាសនា មិន​មែន​ជា​អ្វី​ដែល​ស្រេច​តែ​នឹង​ចិត្ត​មនុស្ស​ម្នាក់​ៗ​ឡើយ។ ព្រះ​តែ​មួយ​គត់​ដែល​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​ពី​យើង ទ្រង់​ជា​ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ គឺ​ព្រះ​យេហូវ៉ា។ (វិវរណៈ ៤:១១) ទ្រង់​ជា​ព្រះ​ដ៏​ពិត និង​ទ្រង់​មាន​សិទ្ធិ​សម្រេច​ថា​យើង​ត្រូវ​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ណា។

ដើម្បី​ជួយ​យើង​យល់​ដឹង​ពី​តម្រូវ​ការ​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​ពន្យល់​យើង​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ ពោល​គឺ​ជា​ព្រះ​គម្ពីរ។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​អាច​ទទួល​ព្រះ​គម្ពីរ​ទាំង​មូល​បាន ឬ​ក៏​ផ្នែក​ផ្សេង​ៗ​នៃ​ព្រះ​គម្ពីរ។ ម្យ៉ាង​ទៀត រាជបុត្រា​របស់​ព្រះ​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ . . . អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត»។ (យ៉ូហាន ៨:៣១, ៣២) ដូច្នេះ មនុស្ស​អាច​ស្គាល់​សេចក្ដី​ពិត​បាន។ ហើយ​មាន​មនុស្ស​រាប់​លាន​នាក់​ដែល​ធ្លាប់​មាន​សាសនា​ខុស​ៗ​គ្នា គឺ​កំពុង​តែ​ទទួល​យក​សេចក្ដី​ពិត​ដោយ​ចិត្ត​ក្លាហាន និង​ក៏​ត្រូវ​បង្រួប​បង្រួម​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត​វិញ។—ម៉ាថាយ ២៨:១៩, ២០; វិវរណៈ ៧:៩, ១០

សាមគ្គីភាព​ទូទាំង​ពិភព​លោក​ក្នុង​សម័យ​យើង​នេះ!

ទំនាយ​មួយ​នៅ​សៀវភៅ​សេផានា​ក្នុង​ព្រះ​គម្ពីរ ចែង​អំពី​ការ​រួប​រួម​គ្នា​រវាង​មនុស្ស​ដែល​មាន​ប្រវត្ដិ​ខុស​ប្លែក​ពី​គ្នា។ ទំនាយ​នោះ​ចែង​ថា៖ «នៅ​គ្រា​នោះ អញ[ព្រះ​យេហូវ៉ា]នឹង​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ មាន​បបូរ​មាត់​ស្អាត[ភាសា​បរិសុទ្ធ ព.ថ.] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។ (សេផានា ៣:៩) នេះ​គឺ​ជា​ការ​ពណ៌នា​ដ៏​ប្រសើរ​ណាស់​ហ្ន៎! អំពី​មនុស្ស​ដែល​ប្រែ​ចិត្ត​មក​បំរើ​ព្រះ​ដោយ​សាមគ្គីភាព!

តើ​នេះ​ត្រូវ​កើត​ឡើង​នៅ​ពេល​ណា​ទៅ? សេផានា ៣:៨ ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់​ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពីព្រោះ​អញ​បាន​គិត​សំរេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍​ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់​ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវ​ក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ»។ ត្រូវ​ហើយ ក្នុង​កំឡុង​ពេល​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រមូល​អស់​ទាំង​សាសន៍ តែ​មុន​នឹង​ទ្រង់​ចាក់​សេចក្ដី​ក្រេវ​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ នោះ​ទ្រង់​ពិត​មែន​ចង់​ឲ្យ​មនុស្ស​រាប​សា​មាន​ភាសា​បរិសុទ្ធ។ គ្រា​នោះ​គឺ​ជា​គ្រា​ឥឡូវ​នេះ ដ្បិត​ការ​ប្រមូល​សាសន៍​ទាំង​ឡាយ​មក​ក្នុង​សង្គ្រាម​នៃ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​បាន​ចាប់​ផ្ដើម​ហើយ។—វិវរណៈ ១៦:១៤, ១៦

ដើម្បី​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​សាមគ្គីភាព​នោះ ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ភាសា​បរិសុទ្ធ​មួយ។ ភាសា​ថ្មី​នេះ​រួម​បញ្ចូល​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ពី​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ស្តី​ពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់។ ការ​និយាយ​ភាសា​បរិសុទ្ធ​នេះ​រួម​បញ្ចូល​ការ​ជឿ​ទៅ​លើ​សេចក្ដី​ពិត​នេះ ការ​បង្រៀន​ភាសា​បរិសុទ្ធ​នេះ​ដល់​អ្នក​ឯ​ទៀត និង​ការ​រស់​នៅ​សម​ស្រប​តាម​ក្រិត្យ​វិន័យ​និង​គោល​ការណ៍​របស់​ព្រះ។ នោះ​តម្រូវ​ឲ្យ​បដិសេធ​រឿង​នយោបាយ​ដែល​នាំ​ឲ្យ​បែក​ខ្ញែក​គ្នា​នោះ និង​កំចាត់​ចោលគំនិត​សួន​តួ​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន ដូច​ជា​ការ​ប្រកាន់​ពូជ​សាសន៍ និង​ជាតិ​និយម​ដែល​ជា​លក្ខណៈ​នាំ​ឲ្យ​បែក​បាក់​គ្នា​ក្នុង​លោកីយ៍​នេះ។ (យ៉ូហាន ១៧:១៤; កិច្ច​ការ ១០:៣៤, ៣៥) អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​និង​ស្រឡាញ់​សេចក្ដី​ពិត​អាច​រៀន​ភាសា​នេះ​បាន។ សូម​ពិចារណា​នូវ​របៀប​មនុស្ស​ប្រាំ​នាក់​ក្នុង​អត្ថបទ​មុន ដែល​ធ្លាប់​មាន​សាសនា​ខុស​គ្នា​ឆ្ងាយ តែ​ឥឡូវ​មាន​សាមគ្គីភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​អង្គ។

ពួក​គេ​មាន​សាមគ្គីភាព​ក្នុង​សាសនា​ពិត

ពេល​ហ្វីដេលយ៉ា ដែល​ជា​អ្នក​កាន់​យ៉ាង​ស្មោះ​តាម​សាសនា​កាតូលិក​រ៉ូម៉ាំង បាន​ទិញ​ព្រះ​គម្ពីរ​មួយ​សំរាប់​លំហាត់​សាលា​រៀន​របស់​កូន​ស្រី​គាត់ នោះ​គាត់​សុំ​បព្វជិត​ម្នាក់​ឲ្យ​ពន្យល់​ពី​ព្រះ​គម្ពីរ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូន​ប្រាំ​នាក់​របស់​គាត់​ដែល​បាន​ស្លាប់​នោះ។ ហ្វីដេលយ៉ា​ស្រដី​ថា៖ «ខ្ញុំ​បាន​ខក​ចិត្ត​ខ្លាំង​មែន​ទែន!»។ ដូច្នេះ ពេល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទៅ​លេង​គាត់ នោះ​គាត់​ក៏​សួរ​គេ​សំនួរ​មួយ​ស្រដៀង​នេះ​ដែរ។ លុះ​ដល់​គាត់​អាន​ក្នុង​ព្រះ​គម្ពីរ​របស់​ខ្លួន​នូវ​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់ នោះ​គាត់​បាន​ដឹង​ថា​សាសនា​របស់​គាត់​បាន​បោក​បញ្ឆោត​គាត់​មែន។ គាត់​រៀន​ដឹង​ថា មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទេ និង​ហេតុ​នោះ​ហើយ​មិន​អាច​រង​ទុក្ខ​វេទនា​នៅ​ទី​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ​កន្លែង​ណា​ផ្សេង​ទៀត​ឡើយ។ (ទំនុកដំកើង ១៤៦:៤; សាស្ដា ៩:៥) ហ្វីដេលយ៉ា​បោះ​ចោល​រូប​បដិមាករ​ទាំង​អស់​របស់​គាត់ និង​ដក​ខ្លួន​ចេញ​ពី​ព្រះ​វិហារ​នោះ ហើយ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ (យ៉ូហាន​ទី​១ ៥:២១) អស់​ដប់​ឆ្នាំ​ហើយ គាត់​បាន​អរ​សប្បាយ​ដោយ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត។

លោក​ស្រី​តារា​ពី​ទី​ក្រុង​កាត់ត្មាន់ឌូ បាន​ផ្លាស់​ទៅ​នៅ​ប្រទេស​ដែល​មិន​សូវ​មាន​វិហារ​សាសនា​ហិណ្ឌូ។ ដូច្នេះ គាត់​បាន​ទៅ​វិហារ​សាសនា​មិតូដិស​មួយ ដោយ​សង្ឃឹម​ថា​គាត់​អាច​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គាត់។ ក៏​ប៉ុន្តែ គាត់​មិន​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​សំនួរ​របស់​គាត់​អំពី​ការ​រង​ទុក្ខ​វេទនា​របស់​មនុស្សជាតិ​ទេ។ ក្រោយ​មក ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួប​គាត់​និង​ស្នើ​សិក្សា​ជា​មួយ​គាត់​អំពី​ព្រះ​គម្ពីរ។ តារា​ប្រាប់​ថា៖ «ក្រោយ​មក​ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ​មួយ​អង្គ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​មិន​អាច​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង​ដែល​មាន​ក្នុង​លោកីយ៍​នេះ​ទេ . . . ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​រៀន​អំពី​សេចក្ដី​សង្ឃឹម​ចំពោះ​ពិភព​លោក​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គីភាព»។ (វិវរណៈ ២១:៣, ៤) តារា​បោះ​ចោល​រូប​ចម្លាក់​សាសនា​ហិណ្ឌូ​របស់​គាត់ ឈប់​ធ្វើ​តាម​ទំនៀម​ទំលាប់​សាសនា​របស់​ស្រុក​កំណើត​គាត់ ហើយ​ជា​ស្មរបន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា គាត់​មាន​សុភមង្គល​ពិត​ក្នុង​ការ​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​អ្នក​ឯ​ទៀត។

បញ្ញា​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​គ្រូ​ទាយ ពេល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទៅ​ជួប​គាត់​នៅ​ទី​ក្រុង​បាងកក។ ដូច្នេះ គាត់​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បទ​ទំនាយ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ។ បញ្ញា​បាន​ប្រាប់​ថា៖ «គឺ​ដូច​ជា​របាំង​មួយ​បាន​ត្រូវ​ដក​ចេញ​ពី​ខាង​មុខ​ភ្នែក​ខ្ញុំ ពេល​ខ្ញុំ​រៀន​ថា ស្ថានភាព​សព្វ​ថ្ងៃ​នេះ​គឺ​ខុស​គ្នា​ពី​គោល​បំណង​ដើម​របស់​អ្នក​បង្កើត ហើយ​ខ្ញុំ​រៀន​អំពី​របៀប​ទ្រង់​រៀបចំ​ដើម្បី​បំបាត់​នូវ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​អ្នក​ដែល​បដិសេធ​ទ្រង់​និង​ព្រះ​ធិបតេយ្យ​របស់​ទ្រង់។ អ្វី​ទាំង​អស់​ក្នុង​សារ​ព្រះ​គម្ពីរ​ស្រប​ហេតុ​ផល​គ្នា​មែន​ទែន។ ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​បុគ្គល​មួយ​អង្គ និង​នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ប្រព្រឹត្ត​តាម​អ្វី​ដែល​ខ្ញុំ​យល់​ដឹង​ថា​គឺ​ត្រឹម​ត្រូវ​នោះ។ ខ្ញុំ​មាន​ចំណង់​ខ្លាំង​ចង់​ជួយ​អ្នក​ឯ​ទៀត​យល់​ឃើញ​ភាព​ខុស​គ្នា​រវាង​ប្រាជ្ញា​មនុស្ស និង​ប្រាជ្ញា​របស់​ព្រះ។ ប្រាជ្ញា​ពិត​បាន​កែ​ប្រែ​ជីវិត​របស់​ខ្ញុំ​មែន!»។

ក្រោយ​មក វើជីល​ចាប់​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​អំពី​ជំនឿ​សាសនា​របស់​ខ្លួន។ គាត់​មិន​បាន​អធិស្ឋាន​ទូល​ព្រះ​ឲ្យ​រក​វិធី​ជួយ​មនុស្ស​ស្បែក​ខ្មៅ និង​ដើម្បី​ជួយ​អង្គការ​មួយ​ដែល​គាត់​ចាត់​ទុក​ជា​អ្នក​ប្រកាន់​ពូជ​សាសន៍​និង​បណ្ដាល​ឲ្យ​មនុស្ស​ស្អប់​មនុស្ស​ស្បែក​ស​ទេ តែ​គាត់​បាន​អធិស្ឋាន​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត ទោះ​ជា​សេចក្ដី​ពិត​នោះ​ជា​អ្វី​ឬ​នៅ​ឯ​ណា​ក៏​ដោយ។ វើជីល​ប្រាប់​ថា៖ «ថ្ងៃ​បន្ទាប់​ក្រោយ​ខ្ញុំ​បាន​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត ខ្ញុំ​ភ្ញាក់​ឡើង​ឃើញ​ទស្សនាវដ្ដី​ប៉ម​យាម​មួយ​ក្នុង​ផ្ទះ​របស់​ខ្ញុំ . . . គេ​បាន​ញាត់​វា​ចូល​ក្រោម​ទ្វារ»។ មិន​យូរ​ក្រោយ​មក គាត់​បាន​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ខ្នះ​ខ្នែង​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ គាត់​និយាយ​បន្ថែម​ថា៖ «ជា​លើក​ទី​មួយ​ក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​បាន​ស្កប់​ចិត្ត . . . ពន្លឺ​នៃ​សេចក្ដី​សង្ឃឹម​បាន​ចាប់​ផ្ដើម​រះ​ក្នុង​ចិត្ត​ខ្ញុំ»។ មិន​យូរ​ក្រោយ​មក វើជីល​បាន​ចូល​រួប​រួម​នឹង​អ្នក​ដែល​ប្រាប់​មនុស្ស​អំពី​សេចក្ដី​សង្ឃឹម​ពិត​តែ​មួយ​សំរាប់​មនុស្ស តាម​អ្វី​ដែល​ត្រូវ​ចែង​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។

ឆារ៉ូ​ពី​អាមេរិក​ឡាទីន បាន​កោត​ស្ងើច​ពេល​ស្មរបន្ទាល់​ស្រី​ម្នាក់​ឈ្មោះ ក្លាដិស​បាន​ឃើញ​គាត់​ពិបាក​មើល​កូន​តូច​ៗ​របស់​គាត់ និង​សុំ​ជួយ​គាត់​ដោយ​ដឹក​គាត់​ទៅ​ផ្សារ។ ក្រោយ​មក ឆារ៉ូ​បាន​ព្រម​នឹង​សំនើរ​មួយ​របស់​ក្លាដិស គឺ​ដើម្បី​សិក្សា​ព្រះ​គម្ពីរ​នៅ​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ។ ឆារ៉ូ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​គាត់​រៀន​ពី​ព្រះ​គម្ពីរ​របស់​ខ្លួន​ថា មិន​មែន​មនុស្ស​ល្អ​ទាំង​អស់​ឡើង​ទៅ​ស្ថាន​សួគ៌​នោះ​ទេ តែ​ព្រះ​យេហូវ៉ា​ក៏​នឹង​ប្រទាន​ពរ​ដល់​មនុស្សជាតិ​នៅ​លើ​ផែនដី ដោយ​ប្រោស​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត។ (ទំនុកដំកើង ៣៧:១១, ២៩) ឆារ៉ូ​បាន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នេះ​ដោយ​ខ្លួន​ផ្ទាល់ អស់​១៥​ឆ្នាំ​ហើយ។

សូម​នឹក​គិត​ក្នុង​ចិត្ត​អំពី​ផែនដី​មួយ​ដែល​មាន​សុទ្ធ​តែ​មនុស្ស​ស្មោះ​ត្រង់​សាមគ្គី​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​តែ​មួយ! នេះ​មិន​មែន​ជា​រឿង​ព្រេង​និទាន​ទេ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។ តាម​រយៈ​សេផានា​ដែល​ជា​ព្យាការី​របស់​ព្រះ ទ្រង់​បាន​មាន​បន្ទូល​ប្រកាស​ថា៖ «អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្ដាល​ឯង។ ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា។ . . . [គេ]នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ . . . ហើយ​ដេក​ចុះ​ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។ (សេផានា ៣:១២, ១៣) បើ​សិន​ជា​អ្នក​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​នេះ សូម​ធ្វើ​តាម​សេចក្ដី​ដាស់​តឿន​នេះ​ក្នុង​ព្រះ​គម្ពីរ​ចុះ ដែល​ចែង​ថា៖ «អស់​អ្នក​រាប​សា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ! ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង!»។—សេផានា ២:៣