លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការនិយាយសុំទោសជាការដោះស្រាយជំលោះដោយសន្ដិវិធី

ការនិយាយសុំទោសជាការដោះស្រាយជំលោះដោយសន្ដិវិធី

ការ​និយាយ​សុំ​ទោស​ជា​ការ​ដោះស្រាយ​ជំលោះ​ដោយ​សន្ដិវិធី

​«ការ​និយាយ​សុំទោស​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ ការ​សុំទោស​អាច​ជួយ​ដោះ​ស្រាយ​រឿង​ជំលោះ​ដោយ​សន្ដិវិធី​ហើយ​គ្មាន​អំពើ​ហិង្សា ការ​សុំទោស​អាច​ផ្សះផ្សា​នូវ​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ពូជ​សាសន៍​ផ្សេងៗ ការ​សុំទោស​របស់​រដ្ឋាភិបាល​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​រងទុក្ខ​របស់​ប្រជាពលរដ្ឋ ការ​សុំទោស​ក៏​អាច​ជួយ​ឲ្យ​មនុស្ស​មាន​ចំណង​មេត្រីភាព​ដ៏​ស្ថិតស្ថេរ​រវាង​គ្នា​និង​គ្នា»។ ឃ្លា​ខាង​លើ​នេះ​ជា​ឃ្លា​ដែល​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​មួយ​ដែល​លក់​ដាច់​បំផុត ដែល​និពន្ធ​ដោយ​លោក​ស្រី​ដេបូរ៉ា ថានិន ដែល​ជា​អ្នក​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​ភាសា​និង​សង្គម នៅ​សកលវិទ្យាល័យ​ចូជថោន នៅ​ទី​ក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី.។

ព្រះ​គម្ពីរ​បញ្ជាក់​ដែរ​ថា ការ​សុំទោស​យ៉ាង​ស្មោះ ជា​វិធី​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្សះផ្សា​នូវ​ចំណង​មេត្រីភាព​មួយ​ដែល​រៀប​នឹង​បែកបាក់។ ជា​ឧទាហរណ៍ ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​កូន​បង្ហិនទ្រព្យ​ម្នាក់ កូន​ប្រុស​នោះ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បានសុំទោស​និង​សារភាព​អស់​ពី​ដួងចិត្ត​នូវ​ទោស​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត ភ្លាមៗ​នោះ​ឪពុក​បាន​រត់​មក​ស្វាគមន៍​កូន​ដោយ​ក្ដី​ពេញចិត្ត​ឲ្យ​ចូល​ក្នុង​ក្រុម​គ្រួសារ​វិញ។ (លូកា ១៥:១៧​-​២៤) ត្រូវ​មែន យើង​គួរ​សុខចិត្ត​លះបង់​ចោល​នូវ​ចិត្ត​មានះ ហើយ​គួរ​ពេញ​ចិត្ត​នឹង​និយាយ​សុំទោស​ផង​ដែរ។ តាម​ពិត មនុស្ស​ដែល​ពិត​ជា​មាន​ចិត្ត​រាបទាប​នោះ មិន​សូវ​ពិបាក​និយាយ​សុំទោស​នោះ​ឡើយ។

ឥទ្ធិពល​នៃ​ការ​និយាយ​សុំ​ទោស

នាង​អ័ប៊ី​កែ​ល​ជា​ស្ត្រី​ឈ្លាសវៃ​ម្នាក់​នៅ​ស្រុក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ នាង​បាន​តាំង​គំរូ​ដ៏​ល្អ ដែល​បញ្ជាក់​ពី​ឥទ្ធិពល​នៃ​ការ​និយាយ​សុំទោស ទោះ​ជា​នាង​បាន​សុំទោស​ចំពោះ​កំហុស​ដែល​ស្វាមី​របស់​នាង​បាន​ប្រព្រឹត្ត​ក៏​ដោយ។ មុន​នឹង​ដាវីឌ​បាន​ក្លាយ​ជា​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល លោក​បាន​ស្នាក់​នៅ​ក្នុង​ទីរហោស្ថាន​មួយ​រយៈ ហើយ​ដាវីឌ​និង​ពួក​គូកន​របស់​លោក​បាន​ជួយ​ការពារ​ហ្វូងសត្វ​ដែល​ជា​របស់​ផង​លោក​ណា​បាល ជា​ស្វាមី​របស់​នាង​អ័ប៊ី​កែ​ល។ ក៏​ប៉ុន្តែ ពេល​ពួក​កំលោះៗ​ជា​គូកន​របស់​ដាវីឌ​បាន​ទៅ​សុំ​នំប៉័ង​និង​ទឹក​ខ្លះ​ពី​ណា​បាល នោះ​គាត់​បាន​បណ្ដេញ​គេ​ចេញ​ទាំង​ជេរ​ប្រមាថ​ទៀត​ផង។ ដាវីឌ​ខឹង​ខ្លាំង​ណាស់ ហើយ​បាន​នាំ​បុរស​ប្រមាណ​៤០០​នាក់​ទៅ​សម្លាប់​លោក​ណា​បាល​និង​ពួក​ផ្ទះ​លោក។ ពេល​នាង​អ័ប៊ី​កែ​ល​ឮ​ដំណឹង​នេះ នាង​បាន​ចេញ​ដំណើរ​ទៅ​ជួប​ដាវីឌ។ ពេល​នាង​អ័ប៊ី​កែ​ល​ជួប​នឹង​ដាវីឌ នាង​បាន​ក្រាប​ឱន​មុខ​ដល់​ដី​នៅ​បាត​ជើង​ដាវីឌ។ បន្ទាប់​មក​នាង​បាន​ពោល​ថា​៖ «ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ! សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ! សូម​ឲ្យ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ជំរាប​ជូន​លោក​ស្ដាប់​បន្ដិច ហើយ​សូម​ទទួល​ស្ដាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន»។ ក្រោយ​មក​អ័ប៊ី​កែ​ល​បាន​ពន្យល់​បកស្រាយ​ពី​កាលៈទេសៈ​នោះ ហើយ​បាន​ជូន​ម្ហូបអាហារ​និង​ភេសជ្ជៈ​ជា​អំណោយ​ចំពោះ​ដាវីឌ។ រួច​មក​ដាវីឌ​បាន​មាន​ប្រសាសន៍​ថា​៖ «សូម​អញ្ជើញ​ឡើង​ទៅ​ឯ​ផ្ទះ​អ្នក​វិញ ដោយ​សុខសាន្ត​ចុះ! ខ្ញុំ​បាន​យល់​ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរគុណ​ដល់​អ្នក​ដែរ»។—សាំយូអែលទី១ ២៥:២​-​៣៥

អាកប្បកិរិយា​ដ៏​រាប​ទាប​របស់​នាង​អ័ប៊ី​កែ​ល រួម​ជា​មួយ​ការ​សុំទោស​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​ទ្រ​គោះ​របស់​ស្វាមី​នាង បាន​ជួយ​ឲ្យ​ពួក​ផ្ទះ​នាង​រួច​រស់​ជីវិត។ ដាវីឌ​ក៏​បាន​សម្ដែង​អំណរគុណ​ចំពោះ​នាង​អ័ប៊ី​កែ​ល​ដោយសារ​នាង​បាន​ឃាត់​មិន​ឲ្យ​គាត់​កំចាយ​ឈាម​ពួក​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ។ ថ្វី​បើ​អ័ប៊ីកែល​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​មក​លើ​ដាវីឌ​និង​ពួក​គ្នីគ្នា​របស់​គាត់​ក្ដី តែ​នាង​បាន​ទទួល​ខុសត្រូវ​ជំនួស​ក្រុម​គ្រួសារ​នាង ហើយ​បាន​ធ្វើ​ការ​សម្រុះសម្រួល​ជា​មួយ​ដាវីឌ។

គំរូ​មួយ​ទៀត​ពី​មនុស្ស​ម្នាក់​ដែល​ចេះ​សុំទោស​ត្រូវ​ពេល​នោះ គឺ​សាវ័ក​ប៉ុល។ មាន​គ្រា​មួយ​ដែល​ប៉ុល​ត្រូវ​រៀប​រាប់​ហេតុ​ផល​ដើម្បី​ការពារ​សិទ្ធិ​ខ្លួន​ពី​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដែល​ជា​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា។ ពេល​សម្ដេច​សង្ឃ​អាន្ន៉ានាស​ឮ​សំដី​របស់​ប៉ុល លោក​ខឹង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​បង្គាប់​ឲ្យ​ពួក​អ្នក​ដែល​ឈរ​ជិត​ប៉ុល​នោះ​ទះ​មាត់​គាត់។ ខណៈ​នោះ​ប៉ុល​បាន​និយាយ​ទៅ​កាន់​អាន្ន៉ានាស​ថា​៖ «ឱ​កំផែង​លាប​ស​អើយ! ព្រះ​ទ្រង់​នឹង​វាយ​លោក​វិញ។ លោក​អង្គុយ​ជំនុំជំរះ​ខ្ញុំ​តាម​ក្រិត្យវិន័យ ចុះ​ដូចម្ដេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រិត្យវិន័យ​ដូច្នេះ?»។ ពេល​ពួកអ្នក​ដែល​ឈរ​ជិតៗ​នោះ​ស្តី​បន្ទោស​ប៉ុល​ដោយ​ព្រោះ​គាត់​ដៀល​ដល់​សម្ដេចសង្ឃ​នោះ សាវ័ក​ប៉ុល​បាន​សារភាព​កំហុស​ខ្លួន​ភ្លាមៗ​ថា​៖ «បង​ប្អូន​អើយ! ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សំដេចសង្ឃ​ទេ។ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​៖ ‹មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ›»។—កិច្ចការ ២៣:១​-​៥

ប៉ុល​បាន​និយាយ​ត្រូវ​មែន​ដែល​ថា អ្នក​ដែល​ត្រូវ​តែងតាំង​ជា​ចៅក្រម​នោះ មិន​គួរ​ប្រើ​អំពើ​ហិង្សា​ឡើយ។ ប៉ុន្តែ ប៉ុល​ក៏​បាន​សុំទោសដែរ ពីព្រោះ​គាត់​បាន​និយាយ​ដោយ​មិន​ដឹងខ្លួន​ថា គាត់​កំពុង​តែ​និយាយ​ទៅ​កាន់​សម្ដេចសង្ឃ និង​គាត់​ក៏​បាន​និយាយ​មិន​គួរសម ដែល​អ្នកឯទៀត​អាច​ចាត់ទុក​ជា​ពាក្យ​ដែល​មិន​បង្ហាញ​ការ​គោរព។ * ការ​សុំទោស​របស់​ប៉ុល​បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​នោះ​ព្រម​ស្ដាប់​គាត់​តទៅ​ទៀត។ ដោយសារ​ប៉ុល​ដឹង​ថា មាន​ការ​ទាស់ទែងគ្នា​រវាង​ពួក​អ្នក​ក្នុង​តុលាការ​នោះ ប៉ុល​បាន​ប្រាប់​គេ​ថា ក្រុម​ប្រឹក្សា​កំពុង​តែ​កាត់ក្ដី​គាត់​ដោយ​ព្រោះ​ជំនឿ​របស់​គាត់​លើ​ដំណើរ​រស់​ឡើង​វិញ។ ជា​លទ្ធផល​នោះ ពួក​ផារិស៊ី​ខ្លះ​បាន​កាន់ជើង​ប៉ុល ហើយ​ក៏​កើត​មាន​ការ​ទាស់ទែងគ្នា​ជា​ខ្លាំង។—កិច្ចការ ២៣:៦​-​១០

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​គំរូ​ពីរ​នេះ​ក្នុង​ព្រះ​គម្ពីរ? តាម​កាលៈទេសៈ​ទាំង​ពីរ​នេះ ការ​និយាយ​ថា​ខ្លួន​សោក​ស្ដាយ​ស្មោះ​អស់​ពីចិត្ត​ពី​អ្វី​ដែល​ខ្លួន​និយាយ​ឬ​ធ្វើ​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ថែម​ទៀត។ ដូច្នេះ ការ​សុំទោស​អាច​ជួយ​យើង​បង្កើត​ឲ្យ​មាន​ភាព​ស្រុះស្រួល​នឹងគ្នា​ឡើង​វិញ។ ត្រូវ​មែន បើ​យើង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​យើង និង​សុំទោស​ចំពោះ​ការ​ខូច​ខាត​ដែល​មាន​ជា​លទ្ធផល​នោះ យើង​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ពិគ្រោះ​គ្នា​ដើម្បី​ផ្សះផ្សា​ឡើង​វិញ។

‹ប៉ុន្តែ ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ខុស​ទេ!›

ពេល​យើង​ដឹង​ខ្លួន​ថា មនុស្ស​ណា​ម្នាក់​បាន​អាក់អន់ចិត្ត​ដោយ​សំដី​ឬ​ការ​ប្រព្រឹត្ត​របស់​យើង​នោះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា អ្នក​នោះ​មាន​គំនិត​មិន​សម​ហេតុផល​ទេ ឬ​មួយ​ក៏​ចាត់ទុក​គាត់​ជា​អ្នក​ដែល​រហ័ស​តូចចិត្ត​ពេក។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ជូន​យោបល់​ដល់​សិស្ស​ទ្រង់​ថា​៖ «កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ​ជា​ម្ចាស់ ហើយ​នៅ​ទីនោះ អ្នក​នឹក​ឃើញ​ថា​បងប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នក​នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះស្រួល​នឹង​បងប្អូន​របស់​អ្នក​ជា​មុនសិន រួច​សឹម​វិលមក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ»។—ម៉ាថាយ ៥:២៣, ២៤, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ឧបមា​ថា បងប្អូន​ម្នាក់​អាច​មាន​អារម្មណ៍​ថា អ្នក​បាន​ធ្វើ​បាប​នឹង​គាត់។ ក្នុង​ស្ថានការណ៍​បែប​នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា អ្នក​ត្រូវ​«ទៅ​ស្រុះស្រួល​នឹង​បងប្អូន​របស់​អ្នក» មិន​ថា​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ធ្វើ​អ្វី​ខុស​នឹង​គាត់​ឬ​យ៉ាង​ណា​ក៏​ដោយ។ យោង​ទៅ​តាម​ឯកសារ​ភាសាក្រិច​នោះ ពាក្យ​ដែល​ព្រះ​យេស៊ូ​ប្រើ​នេះ «បង្កប់​អត្ថន័យ​ជា​ការ​ទទួល​ស្គាល់​កំហុស​រៀងៗ​ខ្លួន ក្រោយ​ពី​ការ​ខ្វែង​គំនិត​គ្នា​មក»។ (វចនានុក្រម​ពន្យល់​ពាក្យ​ក្នុង​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី​របស់​លោក​វ៉ែន) ពេល​មនុស្ស​ពីរនាក់​ទាស់ទែងគ្នា​នោះ ទាំង​ពីរ​នាក់​ច្បាស់​ជា​មាន​កំហុស​ដែរ ដ្បិត​ទាំង​ពីរ​នាក់​មាន​ភាព​មិន​គ្រប់ល័ក្ខណ៍​ហើយ​ពិត​ជា​ចេះ​ធ្វើ​ខុស​មែន។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ចាំបាច់​ឲ្យ​យើង​ចេះ​ទទួល​ស្គាល់​កំហុស​រៀងៗ​ខ្លួន។

ចំណុច​សំខាន់​គឺ តើ​អ្នក​ណា​នឹង​ចាត់​វិធានការ​ជា​មុន​ក្នុង​ការ​សម្រុះ​សម្រួល​គ្នា មិន​មែន​ថា តើ​អ្នក​ណា​ខុស ហើយ​តើ​អ្នក​ណា​ត្រូវ​នោះ​ទេ។ ពេល​សាវ័ក​ប៉ុល​សម្គាល់​ឃើញ​ថា បងប្អូន​គ្រីស្ទាន​នៅ​ទីក្រុង​កូរិនថូស​បាន​ប្ដឹង​ពួក​អ្នក​រួម​ជំនឿ​ឡើង​តុលាការ​របស់​លោកីយ៍​នេះ ដោយ​ទាស់ទែងគ្នា​ពី​រឿង​លុយកាក់​ជា​ដើម ប៉ុល​បាន​កែ​តម្រង់​ពួក​គេ​ដោយ​ពោល​ថា​៖ «ហេតុអ្វី​បាន​ជា​បងប្អូន​មិន​ស៊ូទ្រាំ​នឹង​អំពើ​អយុត្ដិធម៌? ហេតុអ្វី​បាន​ជា​មិន​ព្រម​អោយ​គេ​រឹបយក​ទ្រព្យ​របស់​បងប្អូន?»។ (កូរិនថូសទី១ ៦:៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ប៉ុល​បាន​និយាយ​ដូច្នេះ​ដើម្បី​ទប់ស្កាត់​បង​ប្អូន​គ្រីស្ទាន​ពី​ការ​ទាស់ទែងគ្នា​នៅ​មុខ​តុលាការ​របស់​លោកីយ៍​នេះ ក៏​ប៉ុន្តែ​គោលការណ៍​នេះ​នៅ​តែ​បញ្ជាក់​ច្បាស់​ថា​៖ ការ​ស្រុះស្រួលគ្នា​ឡើង​វិញ​រវាង​ពួក​អ្នក​រួម​ជំនឿ គឺ​សំខាន់​ជាង​ការ​រក​ទីសំអាង​ដើម្បី​បញ្ជាក់​អំពី​នរណា​មាន​កំហុស​និង​នរណា​គ្មាន​កំហុស។ ការ​ចងចាំ​មិនភ្លេច​គោលការណ៍​មួយ​នេះ​អាច​ជួយ​យើង​សុំទោស​បាន​យ៉ាង​ងាយ​ស្រួលជាង បើ​យើង​ត្រូវ​ទទួល​ស្គាល់​កំហុស​ដែល​បងប្អូន​ណា​ម្នាក់​គិត​ថា​យើង​បាន​ប្រព្រឹត្ត​ខុស​ទៅ​លើ​ខ្លួន​គាត់​នោះ។

ភាព​ស្មោះ​ស​គឺ​ចាំបាច់​ណាស់

មនុស្ស​ខ្លះ​ចេះ​តែ​សុំទោស​ម្ដងហើយ​ម្ដងទៀត។ ឧទាហរណ៍ នៅ​ប្រទេស​ជប៉ុន ពាក្យស៊ូ​មីម៉ា​សិនជា​ពាក្យ​ធម្មតា​ដើម្បី​និយាយ​សុំទោស ហើយ​ប្រជាជន​និយាយ​ពាក្យ​នេះ​ជា​ញឹកញយ​ណាស់។ ពាក្យ​នេះ​គេ​អាច​ប្រើ​ដើម្បី​បង្ហាញ​នូវ​ការ​ដឹងគុណ ដែល​សម្ដែង​នូវ​អារម្មណ៍​ព្រួយ​ដោយ​សារ​មិន​អាច​តបស្នង​សងគុណ​វិញ​បាន​ឡើយ។ ដោយសារ​ពាក្យ​នេះ​ស្រួល​និយាយ​ទូទៅ​នោះ មនុស្ស​ខ្លះ​ចេះតែ​ឆ្ងល់​ថា តើ​អ្នក​ពោល​ពាក្យ​នោះ​ពិត​ជា​សុំទោស​យ៉ាង​ស្មោះ​ពីចិត្ត​មែន​ឬ? ដ្បិត​គេ​ឮ​ពាក្យ​នោះ​ញឹកញយ​ពេក។ ក្នុង​វប្បធម៌​ផ្សេងៗ​ទៀត​ដែរ ក៏​អាច​មាន​ពាក្យ​សុំទោស​ដែល​គេ​និយាយ​ម្ដងហើយ​ម្ដងទៀត​ដែរ។

មិន​ថា​ភាសា​ណា​ក៏​ដោយ ការ​សុំទោស​យ៉ាង​ស្មោះ​ពីចិត្ត​គឺ​ត្រូវ​ការ​ជា​ចាំបាច់។ ពាក្យ​សំដី​និង​សូរ​សម្លេង​ត្រូវ​ស​ឲ្យ​ឃើញ​នូវ​ជំរៅ​ចិត្ត​នៃ​ការ​សោកស្ដាយ​នោះ។ ក្នុង​ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើភ្នំ ទ្រង់​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ថា​៖ «ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ​ទេៗ​ប៉ុណ្ណោះ សេចក្ដី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មកតែ​ពី​អាកំណាច​ទេ»។ (ម៉ាថាយ ៥:៣៧, កំណែ​ជា​អក្សរ​ទ្រេត) បើ​អ្នក​សូម​អ្នក​ដទៃ​ឲ្យ​អត់​ឱន​ទោស​ចំពោះ​កំហុស​របស់​អ្នក ចូរ​ធ្វើ​នេះ​ដោយ​ស្មោះ​អស់​ពីចិត្ត​ចុះ! ជាក់ស្តែង​ដូច​ជា​បុរស​ម្នាក់​នៅ​ព្រលាន​យន្តហោះ​បាន​ឈរ​តាម​ជួរ​នៅ​កន្លែង​ឆែក​សំបុត្រ ស្រាប់​តែ​វ៉ាលី​គាត់​ប៉ះ​ស្ត្រី​ដែល​កំពុង​តែ​ឈរ​មុខ​គាត់។ គាត់​បាន​និយាយ​សុំទោស។ ប៉ុន្មាន​នាទី​ក្រោយ​មក ពេល​មនុស្ស​ក្នុង​ជួរ​នោះ​ខិត​ទៅ​មុខ វ៉ាលី​របស់​គាត់​បាន​ប៉ះ​ស្ត្រី​នេះ​ម្ដងទៀត។ រួច​មក​បុរស​នេះ​បាន​សុំទោស​ស្ត្រី​នេះ​ម្ដងទៀត​យ៉ាង​គួរ​សម។ ពេល​ដែល​គាត់​ប៉ះ​ស្ត្រី​នេះ​មួយ​ដង​ទៀត មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ជា​មួយ​ស្ត្រី​នេះ​បាន​ប្រាប់​បុរស​ម្នាក់​នេះ​ថា បើ​គាត់​ពិត​ជា​សុំទោស​មែន គាត់​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​វ៉ាលី​គាត់​ប៉ះ​ស្ត្រី​ទៀត។ ត្រឹមត្រូវ​មែន ការ​សុំទោស​យ៉ាង​ស្មោះ​ពីចិត្ត ក៏​ត្រូវ​ប្ដេជ្ញា​កុំ​ឲ្យ​ធ្វើ​ខុស​ដដែលៗ​ម្ដង​ហើយ​ម្ដងទៀត​នោះ​ឡើយ។

បើ​យើង​សុំទោស​ស្មោះ​ពីចិត្ត​មែន​នោះ យើង​នឹង​ទទួល​ស្គាល់​កំហុស​របស់​យើង ទាំង​ខំ​ស្រុះស្រួលគ្នា​វិញ​តាម​ដែល​មាន​លទ្ធភាព។ យ៉ាង​ណា​មិញ មនុស្ស​ម្នាក់​ដែល​បាន​អាក់អន់​ចិត្ត​នោះ ត្រូវ​សុខចិត្ត​អត់ឱន​ទោស​ឲ្យ​អ្នក​ធ្វើ​ខុស​ដែល​បាន​ប្រែចិត្ត​នោះ​ផង​ដែរ។ (ម៉ាថាយ ១៨:២១, ២២; ម៉ាកុស ១១:២៥; អេភេសូរ ៤:៣២; កូល៉ុស ៣:១៣) ដោយសារ​ភាគី​ទាំង​ពីរ​មាន​ភាព​មិន​គ្រប់ល័ក្ខណ៍ ការ​ស្រុះ​ស្រួល​គ្នា​ឡើង​វិញ​មិន​តែង​តែ​អាច​ប្រព្រឹត្ត​ឡើង​យ៉ាង​ឆាប់​រហ័ស​នោះ​ទេ។ យ៉ាង​ណា​ក្ដី ការ​សុំទោស​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ជួយ​ឲ្យ​ស្រុះស្រួលគ្នា​ឡើង​វិញ។

ពេល​មិន​គួរ​សុំ​ទោស

ទោះ​ជា​ការ​សុំទោស​និង​ការ​ពោល​ពាក្យ​សោកស្ដាយ​អាច​ជួយ​ឲ្យ​ធូរ​ស្រាល​ក្នុង​ចិត្ត និង​ធ្វើ​ឲ្យ​បាន​ស្រុះស្រួលគ្នា​ឡើង​វិញ​ក៏​ពិត​មែន តែ​មនុស្ស​ដែល​មាន​ប្រាជ្ញា​តែង​មិន​ប្រើ​ពាក្យ​នេះ នៅ​ពេល​ដែល​មិន​គួរ​និយាយ។ ជាក់ស្តែង​បើ​មាន​រឿង​នោះ​ទាក់ទង​នឹង​ចិត្ត​ស្មោះភក្ដី​ចំពោះ​ព្រះ។ ពេល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ «[ទ្រង់]បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទីមរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ»។ (ភីលីព ២:៨) ប៉ុន្តែ ព្រះ​យេស៊ូ​មិន​ដែល​សុំទោស​អំពី​ជំនឿ​ទ្រង់ ដើម្បី​សុំ​ការ​សម្រាល​ទោស​ឡើយ។ ព្រះ​យេស៊ូ​ក៏​មិន​បាន​សុំទោស​ពេល​សម្ដេចសង្ឃ​ទាមទារ​ថា​៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ចុះ! បើ​ឯង​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រ​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក»។ ជាជាង​សុំទោស​ដោយ​ក្ដី​អៀនខ្មាស​នោះ ព្រះ​យេស៊ូ​បាន​ឆ្លើយ​យ៉ាង​ម៉ឺងម៉ាត់​ថា​៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ! ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃ​ផង»។ (ម៉ាថាយ ២៦:៦៣, ៦៤) ព្រះ​យេស៊ូ​មិន​ដែល​មាន​គំនិត​ចង់​ស្រុះស្រួល​ជា​មួយ​សម្ដេច​សង្ឃ​នោះ ដោយ​លះបង់​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​របស់​ទ្រង់​ឡើយ។

ពួក​គ្រីស្ទាន​តែង​បង្ហាញ​ការ​គោរព​និង​ផ្ដល់​កិត្ដិយស​ចំពោះ​មនុស្ស​ដែល​កាន់​អំណាច។ ក៏​ប៉ុន្តែ ពួក​គ្រីស្ទាន​មិន​ត្រូវ​សុំទោស​ដោយ​ព្រោះ​ខ្លួន​សុខចិត្ត​ស្ដាប់បង្គាប់​ព្រះ ឬ​ដោយសារ​ខ្លួន​ស្រឡាញ់​បងប្អូន​រួម​ជំនឿ​នោះ​ឡើយ។—ម៉ាថាយ ២៨:១៩, ២០; រ៉ូម ១៣:៥​-​៧

គ្រា​ដែល​មនុស្ស​ពិបាក​ស្រុះស្រួល​គ្នា​នោះ នឹង​លែង​មាន​ទៀត

សព្វ​ថ្ងៃ​នេះ​យើង​ធ្វើ​ខុស​ដោយ​ព្រោះ​យើង​បាន​ទទួល​ភាព​មិន​គ្រប់​ល័ក្ខណ៍​និង​បាប​ជា​មរដក​ពី​អ័ដាម ជា​ជីតា​របស់​យើង។ (រ៉ូម ៥:១២; យ៉ូហានទី១ ១:១០) សភាព​បាប​របស់​អ័ដាម​ជា​លទ្ធផល​ពី​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត។ ក៏​ប៉ុន្តែ នៅ​ដើម​ដំបូង​នោះ អ័ដាម​និង​អេវ៉ា​ជា​មនុស្ស​គ្រប់ល័ក្ខណ៍ ហើយ​ព្រះ​សន្យា​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​មនុស្ស​មាន​ភាព​គ្រប់ល័ក្ខណ៍​ដូច​គ្នា​អ័ដាម​និង​អេវ៉ា។ ព្រះ​ទ្រង់​នឹង​ដក​យក​បាប​ចេញ ព្រម​ទាំង​ដក​ផល​អាក្រក់​ដែល​មក​ពី​បាប​ចេញ​ដែរ។—កូរិនថូសទី១ ១៥:៥៦, ៥៧

សូម​គិត​ទៅ​មើល ការ​គ្មាន​បាប​នោះ​នឹង​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎! ពេល​លោក​យ៉ាកុប​ជា​អនុជ​របស់​ព្រះ​យេស៊ូ​រួម​ឧទរ​បាន​ជូន​ឱវាទ​អំពី​ការ​ប្រើ​អណ្ដាត​នោះ គាត់​មាន​ប្រសាសន៍​ថា​៖ «បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូបកាយ​ទាំងមូល​បាន​ដែរ»។ (យ៉ាកុប ៣:២) មនុស្ស​គ្រប់ល័ក្ខណ៍​អាច​ទប់​អណ្ដាត​បាន ដូច្នេះ​ពួក​គេ​នឹង​មិន​ត្រូវ​សុំទោស​ដោយ​និយាយ​ខុស​ទៀត​ឡើយ។ ពួក​គេ​អាច​«ទប់​រូប​កាយ​ទាំងមូល​បាន»​ដែរ។ ការ​ក្លាយ​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​នោះ ពិត​ជា​រឿង​អស្ចារ្យ​មែន! គ្រា​នោះ​មនុស្ស​ម្នាក់ៗ​នឹង​លែង​ពិបាក​ស្រុះស្រួលគ្នា​ទៀត​ហើយ។ ក៏​ប៉ុន្តែ ទៅ​ចន្លោះ​ពេល​នេះ ការ​សុំទោស​ស្មោះ​អស់​ពីចិត្ត​ចំពោះ​កំហុស​របស់​យើង ពិត​ជា​នឹង​ជួយ​ឲ្យ​យើង​ស្រុះស្រួលគ្នា​ឡើង​វិញ​បាន។

[កំណត់​សម្គាល់]

^ វគ្គ 8 នេះ​ប្រហែល​ជា​កើត​មក​ដោយសារ​ប៉ុល​មាន​ភ្នែក​អន់ ហើយ​គាត់​មើល​មុខ​សម្ដេចសង្ឃ​នោះ​មិន​ច្បាស់។

[រូបភាព​នៅ​ទំព័រ​៥]

តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ប៉ុល?

[រូបភាព​នៅ​ទំព័រ​៧]

នៅ​ពេល​ដែល​មនុស្ស​ទាំង​អស់ មាន​ភាព​គ្រប់ល័ក្ខណ៍​នោះ នឹង​លែង​មាន​ការ​ពិបាក​ស្រុះស្រួល​គ្នា​ទៀត​ហើយ