លោតទៅអត្ថបទ

ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មនុស្ស​គួរ​ស្គាល់

ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មនុស្ស​គួរ​ស្គាល់

ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មនុស្ស​គួរ​ស្គាល់

តើ​អ្នក​ដូច​ជា​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​ម្យ៉ាង​ដែល​សំខាន់​ក្នុង​ជីវិត​ឬ​ទេ? បើ​អ្នក​ស្គាល់​ព្រះ​បន្តិច​បន្តួច អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ដូច​នោះ។ ហេតុ​អ្វី? ពីព្រោះ​ដូច​មនុស្ស​រាប់​លាន​នាក់​បាន​ពិសោធន៍ ការ​ស្គាល់​ព្រះ​តាម​រយៈ​គម្ពីរ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​ជីវិត។ អត្ថប្រយោជន៍​ទាំង​នេះ​ចាប់​ផ្ដើម​ភ្លាម​ៗ និង​មាន​រហូត​ដល់​ថ្ងៃ​អនាគត។

ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ ចង់​ឲ្យ​យើង​ស្គាល់​លោក។ អ្នក​សរសេរ​សៀវភៅ​ទំនុក​តម្កើង បាន​កត់​ទុក​ថា​៖​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។ គាត់​ដឹង​យ៉ាង​ច្បាស់​ថា ការ​ស្គាល់​ព្រះ​ផ្ដល់​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​មនុស្ស​យើង។ គម្ពីរ​ចែង​ថា​៖​«​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍​»។ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត?—ទំនុក​តម្កើង ៨៣:១៨; អេសាយ ៤៨:១៧

អត្ថប្រយោជន៍​ដ៏​ពិត​មួយ​គឺ យើង​មាន​ការ​ណែនាំ​ដែល​ជួយ​យើង​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​សម្រាប់​អនាគត និង​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត។ បន្ថែម​ទៅ​ទៀត ការ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​ផ្នត់​គំនិត​ផ្សេង​ចំពោះ​សំណួរ​សំខាន់​ៗ​ដែល​មនុស្ស​ទាំង​អស់​ចង់​ដឹង​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​សំណួរ​ទាំង​នោះ​មាន​អ្វី​ខ្លះ?

តើ​ជីវិត​របស់​អ្នក​មាន​គោល​បំណង​ទេ?

ទោះ​ជា​បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដូច​ជា​៖‹ហេតុ​អ្វី​ខ្ញុំ​កើត​មក? តើ​អនាគត​ខ្ញុំ​នឹង​ទៅ​ជា​បែប​ណា? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?›។ បើ​មនុស្ស​ម្នាក់​មិន​បាន​ទទួល​ចម្លើយ​ដែល​ធ្វើ​ឲ្យ​គាត់​អស់​ចម្ងល់​ទេ នោះ​ជីវិត​គាត់​នឹង​ខ្វះ​គោល​បំណង​ពិត​ប្រាកដ។ តើ​មនុស្ស​ជា​ច្រើន​ដឹង​ថា​ជីវិត​ខ្លួន​គ្មាន​គោល​បំណង​ឬ​ទេ? តាម​ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​នា​ចុង​សតវត្សរ៍ ឆ្នាំ​១៩៩០ បាន​បង្ហាញ​ថា ពាក់​កណ្ដាល​នៃ​មនុស្ស​ដែល​បាន​ឆ្លើយ​សំណួរ ច្រើន​តែ​ប្រាប់​ថា​ជីវិត​ខ្លួន​គ្មាន​គោល​បំណង​ទេ។ មនុស្ស​ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ​ប្រហែល​ជា​មាន​អារម្មណ៍​ស្រដៀង​គ្នា។

ប្រសិន​បើ​ជីវិត​គ្មាន​គោល​បំណង​ទេ មនុស្ស​យើង​មិន​សូវ​មាន​មូលដ្ឋាន​សម្រាប់​កំណត់​គោល​ដៅ​ផ្ទាល់​ខ្លួន​ឡើយ។ មនុស្ស​ជា​ច្រើន​ព្យាយាម​បំពេញ​នូវ​កង្វះ​ខាត​នេះ ដោយ​ខំ​ស្វែង​រក​អាជីព​ល្អ ឬ​ដោយ​ខំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​ជីវិត​ខ្លួន​គ្មាន​ន័យ​អ្វី​សោះ។ ការ​គ្មាន​គោល​បំណង​ក្នុង​ជីវិត​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង រហូត​ឈាន​ទៅ​ដល់​ការ​លែង​ចង់​រស់​ទៀត។ យោង​តាម​កាសែត​International Herald Tribune បាន​ប្រាប់​ថា នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ នាង​ធំ​ឡើង​ដោយ​មាន​ជីវិត​«​ដែល​ពោរ​ពេញ​ដោយ​ទ្រព្យ​សម្បត្តិ​មហា​សាល និង​មាន​ឋានៈ​ខ្ពស់​អាច​ធ្វើ​អ្វី​ក៏​បាន​តាម​ចិត្ត​»។ ទោះ​ជា​នាង​មាន​ជីវិត​សម្បូរ​សប្បាយ​ខ្លាំង​ក៏​ដោយ នាង​មាន​អារម្មណ៍​ឯកោ និង​មាន​អារម្មណ៍​ថា​ជីវិត​ខ្លួន​គ្មាន​គោល​បំណង​សោះ។ នាង​បាន​លេប​ថ្នាំ​ងងុយ​ដេក រួច​មក​គេ​បាន​ឃើញ​ថា​នាង​ស្លាប់​ហើយ។ អ្នក​ប្រហែល​ជា​ស្គាល់​មនុស្ស​ឯកោ​ផ្សេង​ទៀត​ដែល​បាន​បញ្ចប់​ជីវិត​ខ្លួន​យ៉ាង​ខ្លោច​ផ្សា។

ក៏​ប៉ុន្តែ តើ​អ្នក​ធ្លាប់​ឮ​គេ​អះអាង​ថា​វិទ្យា​សាស្ត្រ​អាច​ប្រាប់​យើង​អ្វី​ទាំង​អស់​អំពី​ជីវិត​ឬ​ទេ? កាសែត​ប្រចាំ​សប្ដាហ៍​មួយ​របស់​អាល្លឺម៉ង់ ឈ្មោះ​Die Woche បាន​សរសេរ​ថា​៖​«​ទោះ​ជា​វិទ្យា​សាស្ត្រ​អាច​ប្រាប់​ការ​ពិត​ច្រើន​ក៏​ដោយ តែ​មិន​ជួយ​ខាង​ជំនឿ​និង​សីលធម៌​ទេ។ ទ្រឹស្ដី​វិវត្តន៍​ដែល​មើល​ទៅ​ជា​ទ្រឹស្ដី​បឋម​និង​សាមញ្ញ ព្រម​ទាំង​រូប​វិទ្យា​កង​ទិច​ដែល​មាន​ភាព​ប្រែ​ប្រួល​ដែល​មិន​អាច​ដឹង​ទុក​ជា​មុន ក៏​មិន​អាច​ជួយ​មនុស្ស​ឲ្យ​ទទួល​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សុខ​សាន្ត​បាន​ដែរ​»។ អ្វី​ដែល​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​គឺ​បាន​បញ្ជាក់​យ៉ាង​ច្រើន​អំពី​ទម្រង់​នៃ​ជីវិត​ផ្សេង​ៗ អំពី​វដ្ដ​ធម្មជាតិ និង​អំពី​ដំណើរ​ការ​ទ្រ​ទ្រង់​ជីវិត។ ប៉ុន្តែ វិទ្យា​សាស្ត្រ​នៅ​តែ​មិន​អាច​ប្រាប់​យើង​អំពី​មូលហេតុ​ដែល​យើង​កើត​មក និង​អំពី​អនាគត​របស់​យើង​បាន​ទេ។ បើ​យើង​ពឹង​ផ្អែក​តែ​លើ​វិទ្យា​សាស្ត្រ​ប៉ុណ្ណោះ សំណួរ​របស់​យើង​អំពី​គោល​បំណង​នៃ​ជីវិត​ច្បាស់​ជា​គ្មាន​ចម្លើយ​ឡើយ។ លទ្ធផល​គឺ​ដូច​អ្វី​ដែល​កាសែត​Süddeutsche Zeitung សរសេរ​ថា​៖​«​មនុស្ស​ជា​ច្រើន​ត្រូវ​ការ​ការ​ណែនាំ​»។

តើ​មាន​អ្នក​ណា​អាច​ផ្ដល់​ការ​ណែនាំ​បែប​នេះ ដែល​ល្អ​ជាង​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឬ​ទេ? ដោយ​សារ​ព្រះ​ជា​អ្នក​បង្កើត​មនុស្ស​ដំបូង​នៅ​ផែនដី នោះ​លោក​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​មនុស្ស​មាន​ជីវិត។ គម្ពីរ​ពន្យល់​ថា​ព្រះ​យេហូវ៉ា​បង្កើត​មនុស្ស​មក​ដើម្បី​ឲ្យ​ពួក​គេ​អាច​បង្កើត​កូន​ពេញ​ផែនដី និង​មើល​ថែ​រក្សា​អ្វី​ៗ​នៅ​ផែនដី។ អ្វី​ទាំង​អស់​ដែល​មនុស្ស​ធ្វើ គួរ​ឆ្លុះ​បញ្ចាំង​នូវ​គុណ​សម្បត្តិ​របស់​ព្រះ​ដូច​ជា យុត្តិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់។ ពេល​យើង​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​យើង នោះ​យើង​នឹង​ដឹង​អំពី​មូលហេតុ​ដែល​យើង​មាន​ជីវិត​រស់​នៅ។—លោកុប្បត្តិ ១:២៦​-​២៨

តើ​អ្នក​អាច​ធ្វើ​អ្វី?

ចុះ​ប្រសិន​បើ​អ្នក​នៅ​មិន​ទាន់​រក​ឃើញ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​អ្នក​អស់​ចម្ងល់​ចំពោះ​សំណួរ​ថា​៖‹ហេតុ​អ្វី​ខ្ញុំ​កើត​មក? តើ​អនាគត​ខ្ញុំ​នឹង​ទៅ​ជា​បែប​ណា? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?›។ គម្ពីរ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់។ តាម​ពិត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ [​អ្នក​]ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។ អ្នក​ក៏​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ដូច​ព្រះ​ដែរ ជា​ពិសេស​សេចក្ដី​ស្រឡាញ់។ ដូច្នេះ សូម​មាន​គោល​ដៅ​ផ្ទាល់​ខ្លួន​ដើម្បី​រស់​នៅ​ក្រោម​រាជាណាចក្រ​មេស្ស៊ី​ដែល​នឹង​មក​ដល់។ រួច​មក អ្នក​នឹង​មាន​គោល​បំណង​ក្នុង​ជីវិត ព្រម​ទាំង​មាន​សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​សម្រាប់​អនាគត។ សំណួរ​សំខាន់​ផ្សេង​ៗ​ដែល​អ្នក​ឆ្ងល់ អ្នក​ទំនង​ជា​នឹង​ទទួល​បាន​ចម្លើយ។—យ៉ូហាន ១៧:៣; សាស្ដា ១២:១៣

តើ​ការ​ដឹង​ចម្លើយ​ទាំង​នេះ​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ខ្លាំង​យ៉ាង​ណា? ក្រោយ​ពី​បុរស​ម្នាក់​ឈ្មោះ​ហាន់​បាន​ដឹង​ចម្លើយ​ហើយ នេះ​បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គាត់។ * អស់​ជា​ច្រើន​ឆ្នាំ មុន​ដែល​ហាន់​ដឹង​ចម្លើយ​ទាំង​នេះ គាត់​មាន​ជំនឿ​មិន​ច្បាស់​លាស់​អំពី​ព្រះ តែ​ជំនឿ​របស់​គាត់​គ្មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​គាត់​ទេ។ គាត់​ចូល​ចិត្ត​ប្រើ​គ្រឿង​ញៀន លេង​ស្រី លួច​គេ និង​ជិះ​ម៉ូតូ​ឥត​គោរព​ច្បាប់។ គាត់​និយាយ​ថា​៖​«​ប៉ុន្តែ ជីវិត​គឺ​ទទេ​ស្អាត គ្មាន​ការ​ស្កប់​ចិត្ត​ទាល់​តែ​សោះ​»។ ពេល​គាត់​មាន​អាយុ​ប្រហែល​២៥​ឆ្នាំ គាត់​សម្រេច​ចិត្ត​អាន​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​អាច​ស្គាល់​ព្រះ​ច្បាស់។ ពេល​ហាន់​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់ ហើយ​យល់​អំពី​គោល​បំណង​នៃ​ជីវិត នោះ​គាត់​បាន​កែ​ប្រែ​របៀប​រស់​នៅ រួច​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​បាន​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល​អស់​១០​ឆ្នាំ។ គាត់​និយាយ​ចំ​ៗ​ថា​៖​«​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​របៀប​រស់​នៅ​ល្អ​បំផុត។ គ្មាន​អ្វី​ដែល​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ។ ការ​ស្គាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គោល​បំណង​ក្នុង​ជីវិត​»។

ពិត​ណាស់ គោល​បំណង​នៃ​ជីវិត​មិន​គ្រាន់​តែ​ជា​រឿង​មួយ​ដែល​មនុស្ស​ជា​ច្រើន​ខ្វល់​ខ្វាយ​នោះ​ទេ។ កាល​ដែល​ស្ថានភាព​ផ្សេង​ៗ​ក្នុង​ពិភព​លោក​កាន់​តែ​ដុនដាប មនុស្ស​កាន់​តែ​ច្រើន​ព្រួយ​បារម្ភ​អំពី​បញ្ហា​ធំ​ៗ​ទាំង​នោះ។

ហេតុ​អ្វី​រឿង​នេះ​កើត​ឡើង?

ពេល​មាន​រឿង​ខ្លោច​ផ្សា អ្នក​ដែល​រង​ទុក្ខ​ច្រើន​តែ​សួរ​ថា ហេតុ​អ្វី​រឿង​នេះ​កើត​ឡើង? មនុស្ស​អាច​ស៊ូ​ទ្រាំ​ចំពោះ​ទុក្ខ​លំបាក​បាន អាស្រ័យ​ទៅ​លើ​ចម្លើយ​ត្រឹម​ត្រូវ​ដែល​ពួក​គេ​បាន​ទទួល​ចំពោះ​សំណួរ​នោះ។ ប្រសិន​បើ​អ្នក​ដែល​មាន​ទុក្ខ​វេទនា​មិន​អាច​រក​ឃើញ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​អស់​ចម្ងល់​ទេ នោះ​គាត់​នឹង​នៅ​តែ​បន្ត​មាន​អារម្មណ៍​ឈឺ​ចិត្ត ហើយ​ប្រហែល​ជា​ឆាប់​ខឹង​ទៀត​ផង។ សូម​មើល​បទ​ពិសោធន៍​របស់​ប្រូ​នី។

ប្រូ​នី​ដែល​ជា​ម្ដាយ​មាន​វ័យ​កណ្ដាល បាន​និយាយ​ថា​៖​«​កូន​ស្រី​តូច​របស់​ខ្ញុំ​ស្លាប់​អស់​ជា​ច្រើន​ឆ្នាំ​ហើយ។ ដោយ​សារ​ខ្ញុំ​ជា​អ្នក​ជឿ​ព្រះ ខ្ញុំ​បាន​ទៅ​រក​ការ​សម្រាល​ទុក្ខ​ពី​បូជាចារ្យ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ព្រះ​បាន​យក​ស៊ូហ្សាន់នី​ទៅ​ស្ថាន​សួគ៌ ឲ្យ​ធ្វើ​ជា​ទេវតា។ អ្វី​គ្រប់​យ៉ាង​ក្នុង​ជីវិត​ខ្ញុំ​រលាយ​សាប​សូន្យ​អស់ ដោយ​សារ​កូន​ខ្ញុំ​ស្លាប់។ ដូច្នេះ ខ្ញុំ​ស្អប់​ព្រះ​ខ្លាំង​ណាស់​ដែល​បាន​យក​ជីវិត​កូន​របស់​ខ្ញុំ​»។ ប្រូ​នី​បាន​ឈឺ​ចិត្ត​និង​សោកសង្រេង​អស់​ជា​ច្រើន​ឆ្នាំ។ នាង​បន្ត​និយាយ​ទៀត​ថា​៖​«​ក្រោយ​មក មាន​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​បង្ហាញ​គម្ពីរ​ដល់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ស្អប់​ព្រះ​ទេ។ ព្រះ​យេហូវ៉ា​មិន​បាន​យក​ស៊ូហ្សាន់នី​ទៅ​ស្ថាន​សួគ៌​ទេ ហើយ​នាង​មិន​មែន​ធ្វើ​ជា​ទេវតា​ឡើយ។ នាង​មាន​ជំងឺ​ដោយ​សារ​យើង​ទាំង​អស់​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ ស៊ូហ្សាន់នី​កំពុង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ នាង​កំពុង​រង់​ចាំ​ព្រះ​យេហូវ៉ា​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិញ។ ខ្ញុំ​ក៏​បាន​រៀន​ដែរ​ថា លោក​បាន​បង្កើត​មនុស្ស​មក​ដើម្បី​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន ហើយ​នេះ​នឹង​កើត​ឡើង​ជាក់​ជា​ពុំ​ខាន។ ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ស្គាល់​អំពី​គុណ​សម្បត្តិ​ឬ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក ហើយ​ខ្ញុំ​ក៏​មិន​សូវ​ឈឺ​ចាប់​ទៀត​ដែរ​»។—ទំនុក​តម្កើង ៣៧:២៩; សកម្មភាព ២៤:១៥; រ៉ូម ៥:១២

មនុស្ស​រាប់​លាន​នាក់​ក៏​រង​ទុក្ខ​ដោយ​សារ​បញ្ហា​ផ្សេង​ទៀត​ដែរ ដូច​ជា​រឿង​ខ្លោច​ផ្សា​ក្នុង​ជីវិត សង្គ្រាម ការ​អត់​ឃ្លាន ឬ​មហន្តរាយ​ធម្មជាតិ​ជា​ដើម។ ប្រូ​នី​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​នាង​រៀន​គម្ពីរ ហើយ​នាង​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​ទេ។ នាង​ក៏​ដឹង​ដែរ​ថា​លោក​គ្មាន​គោល​បំណង​ឲ្យ​មនុស្ស​រង​ការ​ឈឺ​ចាប់​ឡើយ ហើយ​ថា​មិន​យូរ​ទៀត​លោក​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់។ អំពើ​អាក្រក់​ដែល​មាន​កាន់​តែ​ច្រើន​ឡើង​ៗ ជា​សញ្ញា​សម្គាល់​មួយ​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​នេះ។ ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នឹង​នាំ​ឲ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ដែល​យើង​ទាំង​អស់​គ្នា​ទន្ទឹង​រង់​ចាំ ហើយ​ការ​ផ្លាស់​ប្ដូរ​នោះ​គឺ​ជិត​មក​ដល់​ហើយ។—ធីម៉ូថេ​ទី​២ ៣:១​-​៥; ម៉ាថាយ ២៤:៧, ៨

ការ​ស្គាល់​ព្រះ

ពី​មុន​ហាន់​និង​ប្រូ​នី​ស្គាល់​ព្រះ​មិន​ច្បាស់​ទេ ទោះ​ជា​ពួក​គាត់​ជឿ​ព្រះ​ក៏​ដោយ។ ប៉ុន្តែ ពេល​ដែល​ពួក​គាត់​ចំណាយ​ពេល​ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់ នោះ​ការ​ខិត​ខំ​របស់​ពួក​គាត់ នាំ​ឲ្យ​ពួក​គាត់​ស្កប់​ចិត្ត​ណាស់។ ពួក​គាត់​បាន​ទទួល​ចម្លើយ​ត្រឹម​ត្រូវ​ចំពោះ​សំណួរ​សំខាន់​បំផុត​អំពី​គ្រា​សព្វ​ថ្ងៃ​នេះ។ នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត និង​មាន​សេចក្ដី​សង្ឃឹម​រឹង​មាំ​សម្រាប់​អនាគត។ មនុស្ស​រាប់​លាន​នាក់​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ធ្លាប់​មាន​បទ​ពិសោធន៍​ស្រដៀង​គ្នា។

ការ​ស្គាល់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ពី​ការ​អាន​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​គម្ពីរ​ប្រាប់​យើង​អំពី​លោក​និង​អំពី​អ្វី​ដែល​លោក​តម្រូវ​ឲ្យ​យើង​ធ្វើ។ នេះ​ជា​អ្វី​ដែល​អ្នក​ខ្លះ​បាន​ធ្វើ​នៅ​សតវត្សរ៍​ទី​១។ លូកា​ដែល​ជា​អ្នក​ប្រវត្តិសាស្ត្រ​និង​ជា​គ្រូ​ពេទ្យ បាន​រៀប​រាប់​ថា បង​ប្អូន​ជនជាតិ​យូដា​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​បេរៀ​ប្រទេស​ក្រិច​បាន​«​ទទួល​យក​បណ្ដាំ​របស់​ព្រះ[​ពី​ប៉ូល​និង​ស៊ីឡាស​]ដោយ​ក្ដី​រំភើប ហើយ​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា​ការ​ទាំង​នោះ​ជា​ការ​ពិត​ឬ​មិន​ពិត​»។—សកម្មភាព ១៧:១០, ១១

គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ជុំ​គ្នា​ក្នុង​ក្រុម​ជំនុំ។ (​សកម្មភាព ២:៤១, ៤២, ៤៦; កូរិនថូស​ទី​១ ១:១, ២; កាឡាទី ១:១, ២; ថែស្សាឡូនិច​ទី​២ ១:១​) សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ សាក្សី​ព្រះ​យេហូវ៉ា​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ។ ជា​ពិសេស កិច្ច​ប្រជុំ​បាន​ត្រូវ​រៀបចំ​ឡើង គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​មាន​អំណរ​ក្នុង​ការ​បម្រើ​លោក។ ការ​សេព​គប់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​តំបន់ នាំ​ឲ្យ​ទទួល​ប្រយោជន៍​ថែម​ទៀត។ ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​យក​តម្រាប់​ព្រះ​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍ នោះ​ពួក​គេ​បង្ហាញ​គុណ​សម្បត្តិ​កាន់​តែ​ដូច​ព្រះ ទោះ​ជា​ពួក​គេ​មិន​អាច​ធ្វើ​តាម​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ ដូច្នេះ ការ​ចូល​រួម​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់។—ហេប្រឺ ១០:២៤, ២៥

តើ​ស្ដាប់​ទៅ​ដូច​ជា​ត្រូវ​ខំ​ព្យាយាម​ខ្លាំង​ដើម្បី​ស្គាល់​បុគ្គល​ណា​ម្នាក់​ឬ​ទេ? ពិត​ជា​ត្រូវ​ខំ​ព្យាយាម​មែន។ ជា​ធម្មតា បើ​យើង​ចង់​បាន​អ្វី​មួយ​ឬ​ចង់​សម្រេច​កិច្ច​ការ​ណា​មួយ យើង​ត្រូវ​ខំ​ព្យាយាម មែន​ទេ? សូម​គិត​អំពី​ការ​ខំ​ព្យាយាម​របស់​កីឡាករ​ឆ្នើម​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ការ​ហ្វឹក​ហាត់។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ឈ្មោះ​ជីន​ខ្លូត ឃីលលី មក​ពី​ប្រទេស​បារាំង បាន​ឈ្នះ​មេ​ដាយ​មាស​ក្នុង​ការ​ជិះ​ស្គី​នៅ​កីឡា​អូឡាំពិក គាត់​បាន​និយាយ​ថា ដើម្បី​ក្លាយ​ទៅ​ជា​កីឡាករ​អន្តរ​ជាតិ​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ ​«​អ្នក​ត្រូវ​ចាប់​ផ្ដើម​១០​ឆ្នាំ​ទុក​ជា​មុន ហើយ​រៀបចំ​ផែន​ការ​អស់​រាប់​ឆ្នាំ និង​គិត​អំពី​រឿង​នេះ​ជា​រៀង​រាល់​ថ្ងៃ . . . ក្នុង​មួយ​ឆ្នាំ​មាន​៣៦៥​ថ្ងៃ គ្មាន​ថ្ងៃ​ណា​ដែល​មិន​គិត​និង​មិន​ខំ​ហ្វឹក​ហាត់​នោះ​ទេ​»។ រាល់​ពេល​វេលា​និង​រាល់​ការ​ខំ​ព្យាយាម​ទាំង​ប៉ុន្មាន គឺ​ដើម្បី​ប្រកួត​ក្នុង​រយៈ​ពេល​តែ​១០​នាទី​ប៉ុណ្ណោះ! ប៉ុន្តែ ការ​ខំ​ព្យាយាម​ស្គាល់​ព្រះ​យេហូវ៉ា នាំ​ឲ្យ​មាន​ប្រយោជន៍​យូរ​អង្វែង​ជាង​នោះ​ឆ្ងាយ​ណាស់!

ចំណង​មិត្តភាព​ដែល​កាន់​តែ​ជិត​ស្និទ្ធ

តើ​មាន​អ្នក​ណា​ចង់​ខ្វះ​អ្វី​ម្យ៉ាង​ដ៏​សំខាន់​ក្នុង​ជីវិត​ឬ​ទេ? គ្មាន​អ្នក​ណា​ចង់​ទេ។ បើ​អ្នក​មាន​អារម្មណ៍​ថា​ជីវិត​អ្នក​គ្មាន​គោល​បំណង​ពិត​ប្រាកដ ឬ​បើ​អ្នក​ចង់​បាន​ការ​ពន្យល់​អំពី​មូលហេតុ​ដែល​មាន​ទុក្ខ​វេទនា សូម​អ្នក​តាំង​ចិត្ត​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​គម្ពីរ​បរិសុទ្ធ។ ការ​រៀន​អំពី​លោក​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ជាង ជា​រៀង​រហូត​ត​ទៅ។

តើ​យើង​នឹង​ឈប់​សម្រាក​ពី​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​ឬ​ទេ? អស់​អ្នក​ដែល​ធ្លាប់​បម្រើ​លោក​អស់​រាប់​សិប​ឆ្នាំ នៅ​តែ​រំភើប​ចិត្ត​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​អំពី​លោក និង​អ្វី​ថ្មី​ៗ​ដែល​ពួក​គេ​បន្ត​រៀន​អំពី​លោក។ ការ​រៀន​អំពី​អ្វី​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ និង​នាំ​យើង​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ សូម​យើង​យល់​ស្រប​ជា​មួយ​នឹង​គំនិត​របស់​សាវ័ក​ប៉ូល​ដែល​គាត់​បាន​សរសេរ​ថា​៖​«​ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ! ព្រោះ‹តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា? ឬ​តើ​អ្នក​ណា​អាច​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​លោក​បាន?›​»។—រ៉ូម ១១:៣៣, ៣៤

[កំណត់​សម្គាល់]

^ វគ្គ 12 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

[ឃ្លា​អក្សរ​ធំ]

មនុស្ស​ម្នាក់​ៗ​នៅ​តែ​សួរ​សំណួរ​សំខាន់​ៗ​ដូច​ជា​៖‹ហេតុ​អ្វី​ខ្ញុំ​កើត​មក? តើ​អនាគត​ខ្ញុំ​នឹង​ទៅ​ជា​បែប​ណា? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?›

[ឃ្លា​អក្សរ​ធំ]

​«​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ស្គាល់​អំពី​គុណ​សម្បត្តិ​ឬ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​»​

[ឃ្លា​អក្សរ​ធំ]

​«​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​របៀប​រស់​នៅ​ល្អ​បំផុត។ គ្មាន​អ្វី​ដែល​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ។ ការ​ស្គាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គោល​បំណង​ក្នុង​ជីវិត​»​