លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកតែងតែត្រូវការច្បាប់ពីព្រះគម្ពីរឬ?

តើអ្នកតែងតែត្រូវការច្បាប់ពីព្រះគម្ពីរឬ?

តើ​អ្នក​តែង​តែ​ត្រូវ​ការ​ច្បាប់​ពី​ព្រះ​គម្ពីរ​ឬ?

ពេល​ដែល​អ្នក​នៅ​ក្មេង មាតា​បិតា​របស់​អ្នក​ទំនង​ជា​បាន​ដាក់​បញ្ជា​ជា​ច្រើន​ឲ្យ​អ្នក​ធ្វើ​តាម។ ពេល​អ្នក​ធំ​ឡើង អ្នក​ចាប់​ផ្ដើម​យល់​ថា​ពួក​គាត់​បាន​គិត​ខ្វល់ខ្វាយ​ពី​ប្រយោជន៍​អ្នក បាន​ជា​ពួក​គាត់​ដាក់​បញ្ជា​ទាំង​នេះ។ ឥឡូវ​ដែល​អ្នក​ជា​មនុស្ស​ពេញ​វ័យ​ហើយ អ្នក​ប្រហែល​ជា​នៅ​តែ​ប្រព្រឹត្ត​តាម​គោលការណ៍​ខ្លះៗ​ដែល​ពួក​គាត់​បាន​ធ្វើ​ឲ្យ​ដក់​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​អ្នក ទោះ​ជា​អ្នក​មិន​នៅ​ក្រោម​បង្គាប់​ពួក​គាត់​ទៀត​ក៏​ដោយ។

ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​ប្រទាន​សេចក្ដី​បង្គាប់​ចំៗ​មួយ​ចំនួន​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់​ក្នុង​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ ទ្រង់​ហាម​ថ្វាយ​បង្គំ​រូប​ព្រះ ធ្វើ​អំពើ​សហាយ​ស្មន់ ការ​ផិត​គ្នា និង​អំពើ​លួច​ប្លន់។ (និក្ខមនំ ២០:១​-​១៧; កិច្ចការ ១៥:២៨, ២៩) ពេល​យើង​«បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់» យើង​ចាប់​ផ្ដើម​យល់​ថា​ព្រះ​យេហូវ៉ា​គិត​ពី​ប្រយោជន៍​យើង ហើយ​សេចក្ដី​បង្គាប់​របស់​ទ្រង់​គឺ​មិន​តឹងតែង​ហួស​ហេតុ​នោះ​ទេ។—អេភេសូរ ៤:១៥; អេសាយ ៤៨:១៧, ១៨; ៥៤:១៣

ក៏​ប៉ុន្តែ មាន​ស្ថានភាព​ជា​ច្រើន​ដែល​គ្មាន​សេចក្ដី​បង្គាប់​ចំៗ​នោះ​ទេ។ ហេតុ​នេះ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​មួយ​ថា បើ​គ្មាន​ច្បាប់​ចំៗ​ណា​មួយ​ក្នុង​ព្រះ​គម្ពីរ ពួក​គេ​មាន​សេរីភាព​អាច​ធ្វើ​តាម​ចិត្ត​បាន។ ពួក​គេ​ខំ​វែកញែក​ថា បើ​ចាំបាច់​នោះ ព្រះ​ប្រាកដ​ជា​ដាក់​សេចក្ដី​បង្គាប់​ចំៗ​ណា​មួយ​ឲ្យ​ដឹង​ថា​ទ្រង់​មាន​ព្រះ​ហឫទ័យ​យ៉ាង​ណា។

មនុស្ស​ដែល​វែកញែក​ដូច្នេះ​ច្រើន​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​នាំ​ឲ្យ​ខ្លួន​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង។ ពួក​គេ​មិន​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​មាន​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ក៏​បើក​ឲ្យ​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​ទៀត​ផង។ នៅ​ពេល​យើង​សិក្សា​ព្រះ​គម្ពីរ​និង​ចាប់​ផ្ដើម​យល់​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេងៗ​នោះ ការ​យល់​ដឹង​នេះ​ជួយ​យើង​លត់​ដំ​មនសិការ​ទៅ​តាម​ព្រះ​គម្ពីរ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សម​ស្រប​តាម​ទស្សនៈ​របស់​ទ្រង់។ នៅ​ពេល​យើង​ធ្វើ​ដូច្នេះ យើង​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះទ័យ​រីករាយ ហើយ​យើង​ទទួល​ផល​ប្រយោជន៍​ដ៏​ល្អ​ដែល​មក​ពី​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។—អេភេសូរ ៥:១

គំរូ​ល្អ​ប្រសើរ​ក្នុង​ព្រះ​គម្ពីរ

នៅ​ពេល​យើង​មើល​កំណត់​ហេតុ​ព្រះ​គម្ពីរ​ស្តី​អំពី​អ្នក​បំរើ​ព្រះ​នៅ​សម័យ​បុរាណ យើង​ឃើញ​ថា​ពួក​គាត់​ធ្លាប់​គិត​ពិចារណា​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ស្ថានភាព​ផ្សេងៗ សូម្បីតែ​នៅ​ពេល​ពួក​គាត់​គ្មាន​បញ្ញត្ដិ​ចំៗ​ណា​មួយ​ក៏​ដោយ។ សូម​ពិចារណា​គំរូ​របស់​យ៉ូសែប។ នៅ​ពេល​ដែល​ប្រពន្ធ​របស់​លោក​ប៉ូទីផារ​ខំ​ល្បួង​គាត់​ឲ្យ​ធ្វើ​អំពើ​អសីលធម៌​ជា​មួយ​នឹង​នាង នោះ​គ្មាន​ច្បាប់​ជា​លាយ​ល័ក្ខណ៍​អក្សរ​ណា​ពី​ព្រះ​ដែល​ហាម​ផិត​គ្នា​នោះ​ឡើយ។ ប៉ុន្តែ ទោះ​ជា​គ្មាន​ច្បាប់​ចំៗ​ក៏​ដោយ យ៉ូសែប​បានរិះគិត​ហើយ​យល់​ឃើញ​ថា ការ​ផិត​មិន​គ្រាន់​តែ​ជា​បាប​ទាស់​នឹង​មនសិការ​របស់​គាត់​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បាប​«នៅ​ចំពោះ​ព្រះ»​ឬ​ទាស់​នឹង​ព្រះ​ដែរ។ (លោកុប្បត្តិ ៣៩:៩) តាម​មើល​ទៅ យ៉ូសែប​បាន​ទទួល​ស្គាល់​ថា ការ​ផិត​គឺ​ជា​អំពើ​ទាស់​នឹង​គំនិត​ហើយ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល​ទ្រង់​បាន​បើក​ឲ្យ​ដឹង​នៅ​សួនច្បារ​អេដែន។—លោកុប្បត្តិ ២:២៤

សូម​ពិចារណា​គំរូ​មួយ​ទៀត។ នៅ​កិច្ចការ ១៦:៣ យើង​អាន​ថា ប៉ុល​យក​ធីម៉ូថេ​ទៅ​កាត់​ស្បែក​មុន​យក​គាត់​ទៅ​ជា​មួយ​ពេល​ធ្វើ​ដំណើរ​ជា​សាសនទូត​គ្រីស្ទាន។ ប៉ុន្តែ នៅ​ខ​៤ យើង​អាន​ថា ក្រោយ​នោះ​ប៉ុល​និង​ធីម៉ូថេ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​មួយ​ចំនួន​ដោយ​ប្រគល់​«សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្ដី​ដែល​ពួក​សាវក នឹង​ពួក​ចាស់​ទុំ ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ជំនុំ​សំរេច​ឲ្យ​គេ​កាន់​តាម»។ ក្នុង​ចំណោម​សេចក្ដី​បញ្ញត្ដិ​ទាំង​នោះ មាន​ការ​សម្រេច​ដែល​ថា​គ្មាន​ច្បាប់​តម្រូវ​ឲ្យ​ជន​គ្រីស្ទាន​កាត់​ស្បែក​ទៀត​ឡើយ! (កិច្ចការ ១៥:៥, ៦, ២៨, ២៩) ហេតុ​អ្វី​បាន​ជា​ប៉ុល​គិត​ថា​ធីម៉ូថេ​ចាំបាច់​ត្រូវ​កាត់​ស្បែក​នោះ? «ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក[របស់​ធីម៉ូថេ]ជា​សាសន៍​ក្រេក»។ ប៉ុល​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ណា​ប្រកាន់​ឬ​ជំពប់​ដួល​ដោយ​មិន​ចាំបាច់​នោះ​ឡើយ។ គាត់​ខ្វល់ខ្វាយ​ចង់​ឲ្យ​ជន​គ្រីស្ទាន​បន្ត​«ផ្ទុក​ផ្ដាក់​ខ្លួន នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ»។—កូរិនថូសទី២ ៤:២; កូរិនថូសទី១ ៩:១៩​-​២៣

ការ​គិតគូរ​បែប​នេះ​ជា​លក្ខណៈ​ធម្មតា​របស់​ប៉ុល​និង​ធីម៉ូថេ។ សូម​អាន​បទគម្ពីរ​ផ្សេងៗ​ដូច​ជា​រ៉ូម ១៤:១៥, ២០, ២១ និង​កូរិនថូសទី១ ៨:៩​-​១៣; ១០:២៣​-​៣៣ ហើយ​អ្នក​នឹង​ឃើញ​ថា ប៉ុល​គិតគូរ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ដល់​ភាព​ខាង​វិញ្ញាណ​របស់​អ្នក​ឯ​ទៀត ជា​ពិសេស​អ្នក​ដែល​អាច​ជំពប់​ដួល​ចំពោះ​រឿង​ណា​មួយ​ដែល​តាម​ការ​ពិត​មិន​មែន​ជា​អ្វី​ខុស​នោះ​ទេ។ ហើយ​ប៉ុល​ក៏​បាន​សរសេរ​អំពី​ធីម៉ូថេ​ដែរ​ថា​៖ «ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​ត្រង់​នោះ​ទេ ពីព្រោះ​មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ ថា​គាត់​បាន​បំរើ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បំរើ​ឱ​ពុក»។ (ភីលីព ២:២០​-​២២) បុរស​គ្រីស្ទាន​ទាំង​ពីរ​នាក់​នេះ​បាន​ទុក​គំរូ​ល្អ​ប្រសើរ​ណាស់​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ! នៅ​ពេល​គ្មាន​ច្បាប់​ចំៗ​ណា​មួយ​ពី​ព្រះ ជាជាង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ស្រួល​ឬ​ក៏​រក​បំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ពួក​គាត់​បាន​យកតម្រាប់​តាម​របៀប​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ពិចារណា​ឥទ្ធិពល​ដែល​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​អាច​មាន​ទៅ​លើ​ភាព​ខាង​វិញ្ញាណ​របស់​អ្នក​ឯ​ទៀត។

សូម​គិត​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​គំរូ​សំខាន់​បំផុត​របស់​យើង។ ពេល​ទ្រង់​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ ទ្រង់​ពន្យល់​យ៉ាង​ច្បាស់​ថា បុគ្គល​ម្នាក់​ដែល​យល់​គោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​ច្បាប់​របស់​ព្រះ នឹង​ធ្វើ​លើស​ពី​អ្វី​ដែល​ត្រូវ​បង្គាប់​យ៉ាង​ចំៗ​ឲ្យ​ធ្វើ​ឬ​មិន​ធ្វើ​ទៅ​ទៀត។ (ម៉ាថាយ ៥:២១, ២២, ២៧, ២៨) ទាំង​ព្រះ​យេស៊ូ ប៉ុល ធីម៉ូថេ និង​យ៉ូសែប​មិន​បាន​ប្រកាន់​គំនិត​ថា ពេល​ណា​គ្មាន​ច្បាប់​ចំៗ​ពី​ព្រះ យើង​អាច​ធ្វើ​តាម​តែ​អំពើ​ចិត្ត​នោះ។ ដោយ​ប្រព្រឹត្ត​តាម​ទស្សនៈ​របស់​ព្រះ​វិញ បុរស​ទាំង​នេះ​បាន​កាន់​តាម​ច្បាប់​ដែល​ព្រះ​យេស៊ូ​បញ្ជាក់​ថា​ជា​ច្បាប់​ពីរ​សំខាន់​បំផុត ពោល​គឺ​ចូរ​ស្រឡាញ់​ព្រះ​និង​ស្រឡាញ់​អ្នកជិតខាង។—ម៉ាថាយ ២២:៣៦​-​៤០

ចុះ​ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​វិញ?

គឺ​ឃើញ​ច្បាស់​ហើយ​ថា យើង​មិន​ត្រូវ​ចាត់​ទុក​ព្រះ​គម្ពីរ​ជា​ឯកសារ​ច្បាប់​ដែល​រៀប​រាប់​យ៉ាង​ចំៗ​អំពី​ភារកិច្ច​គ្រប់​ទាំង​អស់​ដែល​យើង​ត្រូវ​បំពេញ​នោះ​ទេ។ យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ​ជា​ខ្លាំង ពេល​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​គំនិត​របស់​ទ្រង់ សូម្បីតែ​នៅ​ពេល​ដែល​គ្មាន​ច្បាប់​ចំៗ​ប្រាប់​យើង​ថា​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ជាជាង​តែង​តែ​ត្រូវ​ការ​មាន​ច្បាប់​មួយ​ប្រាប់​ថា​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​យ៉ាង​ណា​ទៅ នោះ​យើង​អាច​«ខំ​ឲ្យ​យល់[ឬ​«រិះគិត​អោយ​យល់»​, ខ.ស.]បំណង​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៥:១៧; រ៉ូម ១២:២) ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​សប្បាយ? ពីព្រោះ​នេះ​បង្ហាញ​ថា យើង​មិន​ចាត់​ទុក​ចំណង់​ចំណូល​ចិត្ត​និង​សិទ្ធិ​របស់​ខ្លួន​សំខាន់​ជាង​ការ​គាប់​ព្រះ​ហឫទ័យ​ទ្រង់​នោះ​ទេ។ នោះ​ក៏​បង្ហាញ​ថា​យើង​មាន​ក​ត​ញ្ញុ​តា​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​រហូត​នាំ​ឲ្យ​យើង​ចង់​យក​តម្រាប់​តាម​របៀប​ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​យក​សេចក្ដី​ស្រឡាញ់​បែប​នេះ​ជា​កម្លាំង​ដែល​ជំរុញ​ចិត្ត​យើង។ (សុភាសិត ២៣:១៥; ២៧:១១) ម្យ៉ាង​ទៀត ការ​ប្រព្រឹត្ត​ដែល​មាន​មូលដ្ឋាន​លើ​អ្វី​ដែល​ត្រូវ​បញ្ជាក់​ក្នុង​បទ​គម្ពីរ​បណ្ដាល​ឲ្យ​យើង​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ​ផង​ហើយ​ជា​ញយៗ​ក៏​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ជាង​ខាង​រូប​កាយ​ផង​ដែរ។

សូម​យើង​មើល​របៀប​ដែល​អាច​អនុវត្ត​តាម​គោលការណ៍​នេះ​ក្នុង​រឿង​ផ្ទាល់​ខ្លួន។

ជម្រើស​នៃ​ការ​កំសាន្ត

សូម​ពិចារណា​ឧទាហរណ៍​មួយ​អំពី​យុវជន​ម្នាក់​ដែល​ចង់​ទិញ​ស៊ីឌី​ចំរៀង​មួយ។ ចំរៀង​ដែល​គាត់​ធ្លាប់​ឮ​ពី​ស៊ីឌី​នេះ​គឺ​ពីរោះ​ណាស់ ប៉ុន្តែ គាត់​កំពុង​តែ​ខ្វល់ខ្វាយ​ដោយសារ​សំបក​ស៊ីឌី​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ចំរៀង​ក្នុង​ស៊ីឌី​មាន​ពាក្យ​អាសអាភាស​និង​ពាក្យ​ទ្រគោះ។ ម្យ៉ាង​ទៀត គាត់​យល់ថា​ចំរៀង​ភាគ​ច្រើន​របស់​អ្នក​ចំរៀង​ម្នាក់​នេះ​ច្រើន​តែ​បង្ហាញ​ពី​ចិត្ត​ឆេវឆាវ​និង​ឃោរឃៅ។ ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា យុវជន​នេះ​ចង់​ដឹង​ពី​គំនិត​និង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ តើ​គាត់​អាច​រិះ​គិត​ឲ្យ​យល់​ព្រះ​ហឫទ័យ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​ក្នុង​រឿង​នេះ?

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​បងប្អូន​នៅ​ទី​ក្រុង​កាឡាទី គាត់​រៀប​រាប់​អំពី​កិច្ចការ​ខាង​សាច់​ឈាម​និង​ផលផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ។ អ្នក​ទំនង​ជា​ដឹង​ហើយ​ថា ផលផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ​មាន​អ្វី​ខ្លះ គឺ​៖ សេចក្ដី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត។ ប៉ុន្តែ តើ​កិច្ចការ​ខាង​សាច់​ឈាម​មាន​អ្វី​ខ្លះ? ប៉ុល​បាន​សរសេរ​ថា​៖ «រីឯ​កិច្ចការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្ដី​កំផិត សហាយ​ស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្ស​ពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល នឹង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ ទុក​ជា​មរដក​ឡើយ»។—កាឡាទី ៥:១៩​-​២៣

សូម​កត់​សម្គាល់​ពាក្យ​ចុង​ក្រោយ​នោះ​ដែល​ថា​«ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង»។ ប៉ុល​មិន​បាន​សរសេរ​រៀប​រាប់​ឲ្យ​អស់​ពី​អំពើ​គ្រប់​បែប​យ៉ាង​ដែល​ចាត់​ទុក​ជា​កិច្ចការ​ខាង​សាច់​ឈាម​នោះ​ទេ។ នេះ​មិន​បាន​ន័យ​ថា យើង​អាច​វែកញែក​ថា​«តាម​បទ​គម្ពីរ ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​មិន​បាន​រៀប​រាប់​ក្នុង​សំបុត្រ​របស់​ប៉ុល​អំពី​អ្វី​ដែល​ជា​កិច្ចការ​ខាង​សាច់​ឈាម​នោះ»។ ផ្ទុយ​ទៅ​វិញ អ្នក​អាន​ត្រូវ​តែ​ប្រើ​សមត្ថភាព​រិះ​គិត​ដើម្បី​សម្គាល់​អ្វី​ដែល​ប៉ុល​មិន​បាន​រៀប​រាប់ ប៉ុន្តែ​នៅ​តែ​ជា​អ្វី​ដែល​«ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ»។ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ដែល​មិន​បាន​រៀប​រាប់​ក្នុង​កិច្ចការ​ខាង​សាច់​ឈាម តែ​ជា​អំពើ​ដែល​«ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ» ហើយ​ធ្វើ​អំពើ​នោះ​ដោយ​មិន​ប្រែ​ចិត្ត អ្នក​នោះ​នឹង​មិន​ទទួល​ពរ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឡើយ។

ដូច្នេះ យើង​ត្រូវ​ចេះ​រិះ​គិត​ឬ​ក៏​វែកញែក​ឲ្យ​យល់​ថា អ្វី​ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​មាន​អ្វី​ខ្លះ។ តើ​ការ​រិះ​គិត​គឺ​ពិបាក​ទេ? ឧបមា​ថា​គ្រូ​ពេទ្យ​របស់​អ្នក​ជូន​យោបល់​ថា ត្រូវ​ញ៉ាំ​ផ្លែ​ឈើ​និង​បន្លែ​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​តម​បង្អែម ការ៉េម និង​របស់​ញ៉ាំ​ណា​ដែល​ស្រដៀង​បង្អែម​និង​ការ៉េម តើ​អ្នក​ពិបាក​យល់​ថា​នំ​គួរ​តែ​ញ៉ាំ​ឬ​ក៏​តម? ឥឡូវ សូម​មើល​ម្ដង​ទៀត​នូវ​ផលផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ​និង​កិច្ចការ​ខាង​សាច់​ឈាម។ តើ​ស៊ីឌី​ដែល​រៀប​រាប់​ខាង​លើ​នេះ​ចូល​មួយ​ណា? ស៊ីឌី​នោះ​មិន​ទាក់ទង​លក្ខណៈ​ដូច​ជា​សេចក្ដី​ស្រឡាញ់ ស្មោះ​ត្រង់ ដឹង​ខ្នាត ឬ​គុណសម្បត្ដិ​ឯ​ទៀត​ដែល​រៀប​រាប់​ក្នុង​ផលផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ​នោះ​ទេ។ មនុស្ស​ម្នាក់​មិន​ចាំបាច់​ត្រូវ​ការ​ច្បាប់​ចំៗ​ណា​មួយ​ដើម្បី​រិះ​គិត​យល់​ថា ចំរៀង​បែប​នេះ​មិន​សម​ស្រប​នឹង​គំនិត​របស់​ព្រះ​ឡើយ។ គោលការណ៍​ដដែល​នេះ​ក៏​ត្រូវ​អនុវត្ត​ក្នុង​ការ​ជ្រើសរើស​សៀវភៅ​អាន មើល​កុន កម្មវិធី​ទូរទស្សន៍ ហ្គេម​កុំព្យូទ័រ និង​ពត៌មាន​តាម​អ៊ិនថឺណិត​ជា​ដើម។

អាការ​ក្រៅ​សមរម្យ

ព្រះ​គម្ពីរ​ក៏​មាន​គោលការណ៍​ដែល​ទាក់ទង​នឹង​របៀប​ស្លៀក​ពាក់សំអិត​សំអាង​ខ្លួន​ដែរ។ គោលការណ៍​ទាំង​នេះ​ជួយ​ណែនាំ​គ្រីស្ទាន​ម្នាក់ៗ​ដើម្បី​គាត់​អាច​មាន​អាការ​ក្រៅ​ដ៏​គាប់​ភ្នែក​និង​សមរម្យ។ ប៉ុន្តែ ក្នុង​រឿង​នេះ​ដែរ អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឃើញ​ថា នេះ​មិន​មែន​ឱកាស​ធ្វើ​តាម​តែ​អំពើ​ចិត្ត​ខ្លួន​ទេ តែ​ជា​ឱកាស​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ព្រះវរបិតា​នៅ​ស្ថានសួគ៌​មាន​ព្រះទ័យ​រីករាយ​វិញ។ ដូច​យើង​បាន​រៀន​ហើយ ហេតុ​តែ​ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​ការ​ណែនាំ​ចំៗ​អំពី​រឿង​ណា​មួយ នេះ​មិន​បាន​ន័យ​ថា​ទ្រង់​អនុញ្ញាត​ឲ្យ​រាស្ត្រ​ទ្រង់​ធ្វើ​តាម​តែ​អំពើ​ចិត្ត​ទេ។ ធម្មតា​តែង​តែ​មាន​ម៉ូដ​ខុសៗ​គ្នា​តាម​កន្លែង ហើយ​សូម្បីតែ​នៅ​កន្លែង​តែ​មួយ​ក៏​ដោយ ម៉ូដ​ដែល​មនុស្ស​និយម​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ម្ដងម្កាល​ដែរ។ ក៏​ប៉ុន្តែ ព្រះ​ផ្គត់ផ្គង់​គោលការណ៍​បឋមៗ​មួយ​ចំនួន​ដែល​គួរ​ណែនាំ​រាស្ត្រ​ទ្រង់​នៅ​គ្រប់​ពេល​គ្រប់​គ្រា និង​គ្រប់​កន្លែង​ទាំង​អស់។

ជា​ឧទាហរណ៍ ធីម៉ូថេទី១ ២:៩, ១០​ចែង​ថា​៖ «ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន​ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ​មុក្ដា​ឬ​សំលៀកបំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ»។ ដូច្នេះ ស្ត្រី​និង​បុរស​គ្រីស្ទាន​គួរ​គប្បីគិត​ពិចារណា​ថា តើ​មនុស្ស​នៅ​តំបន់​ខ្លួន​គិត​ថា​បុគ្គល​«ដែល​រាប់​ខ្លួន​ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ»​នឹង​មាន​អាការ​ក្រៅ​បែប​ណា​ទៅ? ជា​ពិសេស ជា​ការ​សមរម្យ​ណាស់​ដែល​គ្រីស្ទាន​ម្នាក់​ពិចារណា​ថា តើ​អាការ​ក្រៅ​របស់​ខ្លួន​នឹង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​អ្វី​ខ្លះ​អំពី​សារ​ពី​ព្រះ​គម្ពីរ​ដែល​គាត់​ផ្សាយ​នោះ? (កូរិនថូសទី២ ៦:៣) គ្រីស្ទាន​ម្នាក់​ដែល​ជា​គំរូ​ល្អ​នឹង​មិន​គិត​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឬ​ក៏​អាង​សិទ្ធិ​របស់​ខ្លួន​ទេ តែ​ផ្ទុយ​ទៅ​វិញ​គាត់​នឹង​គិត​ខ្វល់ខ្វាយ​ពី​អាការ​ក្រៅ​របស់​ខ្លួន​មិន​ឲ្យ​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ដទៃ​រង្កៀស​ចិត្ត​ឬ​ជំពប់​ដួល​ឡើយ។—ម៉ាថាយ ១៨:៦; ភីលីព ១:១០

នៅ​ពេល​គ្រីស្ទាន​ម្នាក់​ឃើញ​ថា អាការ​ក្រៅ​ណា​មួយ​របស់​ខ្លួន​នាំ​ឲ្យ​អ្នក​ដទៃ​រង្កៀស​ចិត្ត​ឬ​ក៏​ជំពប់​ដួល​នោះ គាត់​អាច​យក​តម្រាប់​តាម​សាវ័ក​ប៉ុល​ដោយ​គិត​ពី​ភាព​ខាង​វិញ្ញាណ​របស់​អ្នក​ឯ​ទៀត​មុន​ដែល​គិត​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ ប៉ុល​បាន​ពោល​ថា​៖ «ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ»។ (កូរិនថូសទី១ ១១:១) ហើយ​ប៉ុល​បាន​សរសេរ​អំពី​ព្រះ​យេស៊ូ​ថា​៖ «ដ្បិត​ព្រះ​គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ ចំណុច​ដែល​ប៉ុល​ចង់​ឲ្យ​គ្រីស្ទាន​ទាំង​ឡាយ​ទាញ​យក​មក​អនុវត្ត​គឺ​ច្បាស់​ហើយ​ថា​៖ «គួរ​តែ​ឲ្យ​យើង​រាល់​គ្នា​ដែល​មាន​កំឡាំង បាន​ទ្រាំទ្រ​នឹង​សេចក្ដី​កំសោយ​របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នកជិតខាង​ខ្លួន សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង»។—រ៉ូម ១៥:១​-​៣

ការ​បណ្ដុះ​បណ្ដាល​សមត្ថភាព​រិះ​គិត

តើ​យើង​អាច​បណ្ដុះ​បណ្ដាល​សមត្ថភាព​រិះ​គិត​របស់​យើង​យ៉ាង​ដូច​ម្ដេច​ដើម្បី​ដឹង​នូវ​របៀបដែល​អាច​ពេញ​ព្រះហឫទ័យ​របស់​ព្រះ​យេហូវ៉ា ទោះបី​ជា​ទ្រង់​មិន​បាន​ឲ្យ​ការណែនាំចំៗ​អំពី​រឿង​ណា​មួយ​ក៏ដោយ? បើ​យើង​អាន​ព្រះ​បន្ទូល​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ហើយ​សិក្សា​ជា​ទៀង​ទាត់ និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន នោះ​យើង​នឹង​ពង្រីក​សមត្ថភាព​រិះ​គិត​របស់​យើង។ ការ​រីក​ចំរើន​បែប​នេះ​មិន​កើត​ឡើង​យ៉ាង​លឿន​នោះ​ទេ។ ដូច​ការ​ធំ​ឡើង​របស់​កូន​ក្មេង​កើត​ឡើង​បន្ដិច​ម្ដងៗ នោះ​ការ​រីក​ចំរើន​ខាង​វិញ្ញាណ​គឺ​បន្ដិច​ម្ដងៗ​ដែរ ហើយ​មិន​មែន​ជា​អ្វី​ដែល​អាច​មើល​ឃើញ​ភ្លាមៗ​នោះ​ទេ។ ដូច្នេះ យើង​ត្រូវ​តែ​អត់ធ្មត់ ហើយ​មិន​គួរ​មួម៉ៅ​ចិត្ត​បើ​មិន​ឃើញ​ការ​រីក​ចំរើន​ភ្លាមៗ​នោះ។ ម្យ៉ាង​វិញ​ទៀត បើ​គ្រាន់​តែ​ឲ្យ​ពេល​ជា​ច្រើន​កន្លង​ទៅ​ប៉ុណ្ណោះ នោះ​ក៏​មិន​បណ្ដុះ​បណ្ដាល​សមត្ថភាព​រិះ​គិត​របស់​យើង​ដែរ។ ក្នុង​កំឡុង​ពេល​នោះ យើង​ត្រូវ​ពិចារណា​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ទៀងទាត់ ដូច​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ ហើយ​យើង​ត្រូវ​ប្រព្រឹត្ត​តាម​បន្ទូល​នោះ​ក្នុង​ជីវិត​យើង​ឲ្យ​អស់​ពី​សមត្ថភាព។—ហេព្រើរ ៥:១៤

យើង​អាច​និយាយ​បាន​ថា ច្បាប់​របស់​ព្រះ​អាច​ស​ឲ្យ​ឃើញ​ថា តើ​យើង​ចេះ​ស្ដាប់​បង្គាប់​ឬ​ក៏​យ៉ាង​ណា? ហើយ​គោលការណ៍​របស់​ទ្រង់​ក៏​អាច​ស​ឲ្យ​ឃើញ​ថា តើ​យើង​មាន​ភាព​ខាង​វិញ្ញាណ​និង​បំណង​ប្រាថ្នា​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់​ខ្លាំង​ប៉ុន​ណា​ទៅ? ពេល​ដែល​យើង​កំពុង​តែ​រីក​ចំរើន​ខាង​វិញ្ញាណ នោះ​យើង​នឹង​ប្រមូល​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់។ យើង​នឹង​មាន​ចិត្ត​រំភើប​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គំនិត​របស់​ព្រះ​យេហូវ៉ា​ដែល​ត្រូវ​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​បទ​គម្ពីរ។ នៅ​ពេល​ដែល​យើង​ធ្វើ​ឲ្យ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​មាន​ព្រះ​ហឫទ័យ​រីករាយ​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ នោះ​យើង​នឹង​ឃើញ​ថា អំណរ​របស់​យើង​ក៏​កើន​ឡើង​ផង​ដែរ។

[រូបភាព​នៅ​ទំព័រ​៣២]

ម៉ូដ​សំលៀកបំពាក់​តែង​តែ​ខុសៗ​គ្នា​តាម​កន្លែង ប៉ុន្តែ​គោលការណ៍​ព្រះ​គម្ពីរ​គួរ​ណែនាំ​យើង ពេល​ជ្រើសរើស​ម៉ូដ​សំលៀកបំពាក់