លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅលោកុប្បត្ដិ—ផ្នែកទី១

គោលសំខាន់ៗពីសៀវភៅលោកុប្បត្ដិ—ផ្នែកទី១

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​លោកុប្បត្តិ—ផ្នែក​ទី១

ពាក្យ​«លោកុប្បត្តិ»​ឬ​«ឧប្បត្ដិ​នៃ​លោក»​មាន​ន័យ​ថា​«កំណើត​នៃ​លោក»។ ពាក្យ​នេះ​គឺ​ជា​ចំណង​ជើង​សម​ណាស់ ដ្បិត​សៀវភៅ​លោកុប្បត្តិ​រៀប​រាប់​អំពី​កំន​កំណើត​សកលលោក របៀប​ផែនដី​ត្រូវ​បាន​រៀប​ចំ​ដើម្បី​ជា​លំនៅ​មនុស្ស​ជាតិ ហើយ​របៀប​មនុស្ស​ជាតិ​កើត​នៅ​លើ​ផែនដី។ លោក​ម៉ូសេ​បាន​សរសេរ​សៀវភៅ​នេះ​នៅ​ទី​រហោ​ស្ថាន​ស៊ីណាយ ហើយ​គាត់​ប្រហែល​ជា​បាន​សរសេរ​ចប់​នៅ​ឆ្នាំ​១៥១៣​មុន​ស.យ.។

សៀវភៅ​លោកុប្បត្តិ​រៀប​រាប់​ឲ្យ​ដឹង​អំពី​លោកីយ៍​ដែល​មាន​មុន​ទឹក​ជំនន់ អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ដើម​យុគ​សម័យ​ថ្មី​បន្ទាប់​ពី​ទឹក​ជំនន់ ហើយ​ក៏​ឲ្យ​ដឹង​អំពី​ទំនាក់ទំនង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​លោក​អ័ប្រាហាំ អ៊ី​សាក យ៉ាកុប និង​យ៉ូសែប។ អត្ថបទ​នេះ​នឹង​ពិចារណា​គោល​សំខាន់ៗ​ពី​លោកុប្បត្តិ ១:១​–​១១:៩ ដែល​រៀប​រាប់​នូវ​ព្រឹត្ដិការណ៍​ដើម​ដំបូង​រហូត​ដល់​ពេល​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ទាក់ទង​នឹង​លោក​អ័ប្រាហាំ​ដែល​ជា​បុព្វ​បុរស​ជនជាតិ​អ៊ីស្រាអែល។

លោកីយ៍​ដែល​មាន​មុន​ទឹក​ជំនន់

(លោកុប្បត្តិ ១:១​–​៧:២៤)

ពាក្យ​ដំបូង​នៃ​លោកុប្បត្តិ​ដែល​ថា​«កាល​ដើម​ដំបូង​ឡើយ» សំដៅ​ទៅ​លើ​អតីតកាល នៅ​គ្រា​មួយ​រាប់​កោដិ​ឆ្នាំ​មុន។ ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​«ថ្ងៃ»​ទាំង​ប្រាំ​មួយ ឬ​ក៏​គ្រា​ទាំង​ប្រាំ​មួយ​ពេល​ដែល​ព្រះ​បាន​បង្កើត​របស់​ផ្សេងៗ ត្រូវ​ពណ៌នា​ដោយ​រៀប​រាប់​អ្វី​ដែល​មនុស្ស​ម្នាក់​នឹង​អាច​មើល​ឃើញ​ប្រសិន​បើ​គាត់​បាន​នៅ​លើ​ផែនដី​នា​គ្រា​នោះ។ ព្រះ​បាន​បង្កើត​មនុស្ស​ជាតិ​មុន​ថ្ងៃ​ទី​ប្រាំ​មួយ​ចប់។ ទោះ​ជា​មិន​យូរ​ក្រោយ​មក​មនុស្ស​បាត់បង់​សួន​មនោរម្យ​ដោយសារ​ការ​មិនស្ដាប់​បង្គាប់​ក៏​ពិត​មែន ក៏​ព្រះ​យេហូវ៉ា​នៅ​តែ​ប្រទាន​ឲ្យ​សេចក្ដី​សង្ឃឹម។ ទំនាយ​ទី​មួយ​ក្នុង​ព្រះ​គម្ពីរ​ចែង​អំពី​«ពូជ»​មួយ​ដែល​នឹង​បំបាត់​បាប​ចោល​ហើយ​កិន​ក្បាល​របស់​សាតាំង។

ក្នុង​កំឡុង​១៦​សតវត្ស​បន្តបន្ទាប់ សាតាំង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំបែរ​មនុស្ស​គ្រប់​រូប​ចេញ​ពី​ព្រះ លើក​លែង​តែ​មនុស្ស​ស្មោះ​ភក្ដី​ប៉ុន្មាន​នាក់ ដូច​អេបិល ហេណុក និង​ណូអេ​ជា​ដើម។ ជា​ឧទាហរណ៍ កាអ៊ីន​ធ្វើ​ឃាត​អេបិល​ជា​ប្អូន​ប្រុស​របស់​គាត់ ដែល​ជា​មនុស្ស​សុចរិត។ ក្រោយ​មក «គេ​ចាប់​តាំង​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា» ដែល​តាម​មើល​ទៅ​សំដៅ​លើ​ការ​អំពាវនាវ​តាម​របៀប​ដែល​បង្ខូច​ព្រះ​នាម​របស់​ទ្រង់។ លោក​ឡាមេក​សម្ដែង​ឲ្យ​ឃើញ​នូវ​ចិត្ត​គំនិត​ឃោរឃៅ​របស់​មនុស្ស​នៅ​សម័យ​នោះ ដោយ​តែង​កំណាព្យ​មួយ​អំពី​គាត់​សម្លាប់​កំលោះ​ម្នាក់ ទាំង​អះអាង​ថា​នោះ​គឺ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ។ សភាព​ការណ៍​ទៅ​ជា​អាក្រក់​លើស​ដើម​ពេល​ពួក​ទេវតា​ដែល​ជា​កូន​ព្រះ​មិន​ស្ដាប់​បង្គាប់​មក​យក​ស្ត្រី​ជា​មនុស្ស​ជាតិ​ធ្វើ​ប្រពន្ធ ហើយ​បង្កើត​កូន​ហៅ​ថា​នីហ្វី​លី​ម​ដែល​ជា​មនុស្ស​រូប​ធំ​សម្បើម​និង​មាន​ចិត្ត​សាហាវ។ យ៉ាង​ណា​ក៏​ដោយ ណូអេ​សង់​ទូក​មួយ ព្រម​ទាំង​ព្រមាន​មនុស្ស​យ៉ាង​ក្លាហាន​អំពី​ទឹក​ជំនន់​ដែល​ជិត​មក​ដល់ ហើយ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រួច​រស់​ជីវិត​ពី​ការ​បំផ្លិច​បំផ្លាញ​នៃ​ទឹក​ជំនន់​នោះ។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១:១៦—តើ​ព្រះ​អាច​ធ្វើ​ឲ្យ​មាន​ពន្លឺ​យ៉ាង​ដូច​ម្ដេច​នៅ​ថ្ងៃ​ទី​មួយ បើ​មិន​ទាន់​ធ្វើ​តួ​ពន្លឺ​ទាល់តែ​ថ្ងៃ​ទី​បួន? ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា​«ធ្វើ»​នៅ​ខ​១៦​មិន​មែន​ជា​ពាក្យ​ដូច​គ្នា​នឹង​ពាក្យ​ដែល​បាន​បកប្រែ​ថា​«បង្កើត»​នៅ​លោកុប្បត្តិ ជំពូក​ទី១ ខ​១, ២១, និង​២៧​ទេ។ «ផ្ទៃ​មេឃ»​ដែល​មាន​តួ​ពន្លឺ​នោះ​ត្រូវ​បាន​បង្កើត​តាំង​ពី​យូរ​មុន​ដែល​«ថ្ងៃ​ទី១»​ចាប់​ផ្ដើម​ម្ល៉េះ។ ប៉ុន្តែ ពន្លឺ​នៃ​តួ​ទាំង​នោះ​មិន​បាន​ភ្លឺ​រហូត​ដល់​ផ្ទៃ​ផែនដី​ទេ។ នៅ​ថ្ងៃ​ទី​មួយ «ពន្លឺ​ក៏​មាន​ឡើង»​ដោយសារ​លើ​ផែនដី​ចាប់​ផ្ដើម​ឃើញ​ពន្លឺ​តិចៗ​ដែល​ភ្លឺ​កាត់​ស្រទាប់​ពពក។ ដូច្នេះ​ពេល​នោះ ផែនដី​ដែល​កំពុង​តែ​វិល ចាប់​ផ្ដើម​មាន​ថ្ងៃ​ផង​មាន​យប់​ផង។ (លោកុប្បត្តិ ១:១​-​៣, ៥) ប៉ុន្តែ ប្រភព​នៃ​ពន្លឺ​នោះ នៅ​តែ​មើល​មិន​ទាន់​ឃើញ​ពី​ផែនដី​ទេ។ ក៏​ប៉ុន្តែ ក្នុង​គ្រា​ទី​បួន​នៃ​ការ​បង្កើត មាន​ការ​កែ​ប្រែ​ដ៏​ធំ​មួយ។ ព្រះ​អាទិត្យ ព្រះ​ចន្ទ និង​ផ្កាយ​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ពន្លឺ​«បំភ្លឺ​មក​លើ​ផែនដី»។ (លោកុប្បត្តិ ១:១៧) «ទ្រង់​ធ្វើ»​តួ​ពន្លឺ​ទាំង​នេះ ក្នុង​ន័យ​ថា ឥឡូវ​អាច​មើល​ឃើញ​តួ​ពន្លឺពី​ផែនដី​បាន។

៣:៨—តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ជា​មួយ​នឹង​អ័ដាម​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ឬ​ទេ? ព្រះ​គម្ពីរ​ឲ្យ​ដឹង​ថា ពេល​ដែល​ព្រះ​មាន​បន្ទូល​ជា​មួយ​នឹង​មនុស្ស ទ្រង់​ច្រើន​តែ​មាន​បន្ទូល​តាម​រយៈ​ទេវតា។ (លោកុប្បត្តិ ១៦:៧​-​១១; ១៨:១​-​៣, ២២​-​២៦; ១៩:១; ពួក​ចៅហ្វាយ ២:១​-​៤; ៦:១១​-​១៦, ២២; ១៣:១៥​-​២២) មេ​នាំ​ពាក្យ​របស់​ព្រះ​គឺ​ជា​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់ ដែល​ហៅ​ថា​«ព្រះ​បន្ទូល»។ (យ៉ូហាន ១:១) ព្រះ​ទំនង​ជា​បាន​មាន​បន្ទូល​ជា​មួយ​នឹង​អ័ដាម​និង​អេវ៉ា​តាម​រយៈ​«ព្រះ​បន្ទូល»។—លោកុប្បត្តិ ១:២៦​-​២៨; ២:១៦; ៣:៨​-​១៣

៣:១៧—តើ​ក្នុង​ន័យ​អ្វី​ដែល​ដី​ត្រូវ​បណ្ដាសា? ហើយ​តើ​ដី​ត្រូវ​បណ្ដាសា​អស់​រយៈ​ពេល​ប៉ុន្មាន? បណ្ដាសា​លើ​ដី បាន​ន័យ​ថា​ការ​ដាំ​ដុះ​នឹង​ពិបាក​ណាស់។ បណ្ដាសា​នោះ​ធ្វើ​ឲ្យ​ដី​ដុះ​បន្លា​ហើយ​និង​អញ្ចាញ បាន​នាំ​ឲ្យ​កូន​ចៅ​អ័ដាម​ពិបាក​ដល់​ម្ល៉េះ​ដែល​លោក​ឡាមេក ឪពុក​របស់​លោក​ណូអេ​បាន​និយាយ​អំពី​«សេចក្ដី​នឿយ​ហត់​របស់​ដៃ​យើង ដោយ​ព្រោះ​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដាសា»។ (លោកុប្បត្តិ ៥:២៩) បន្ទាប់​ពី​ទឹក​ជំនន់ ព្រះ​យេហូវ៉ា​ប្រទាន​ពរ​លើ​ណូអេ​និង​កូន​ប្រុសៗ​របស់​គាត់ និង​មាន​បន្ទូល​អំពី​គោល​បំណង​របស់​ទ្រង់​ដែល​ចង់​ឲ្យ​ពួក​គាត់​ចំរើន​ឡើង​ពេញ​ពាស​ផែនដី។ (លោកុប្បត្តិ ៩:១) តាម​មើល​ទៅ បណ្ដាសា​របស់​ព្រះ​នៅ​លើ​ដី​ត្រូវ​បាន​ដក​ចោល។—លោកុប្បត្តិ ១៣:១០

៤:១៥—តើ​ព្រះ​យេហូវ៉ា​បាន​«ដៅ​ចំណាំ​កាអ៊ីន»​យ៉ាង​ដូច​ម្ដេច? ព្រះ​គម្ពីរ​មិន​ចែង​ថា សញ្ញា​ចំណាំ​មួយ​ត្រូវ​បាន​ដៅ​លើ​រូប​កាយ​របស់​កាអ៊ីន​ទេ។ ការ​ដៅ​ចំណាំ​នោះ ទំនង​ជា​ក្រិត្យ​វិន័យ​ផ្លូវការ​មួយ ដែល​អ្នក​ឯ​ទៀត​បាន​ស្គាល់​និង​គោរព​តាម ហើយ​ជា​ក្រិត្យ​វិន័យ​ដែល​បានបង្កើត​ក្នុង​បំណង​ហាមឃាត់​មនុស្ស​កុំ​ឲ្យ​សម្លាប់​កាអ៊ីន​ជា​ការ​សង​សឹក។

៤:១៧—តើ​កាអ៊ីន​បាន​ប្រពន្ធ​ពី​ណា​មក? អ័ដាម​«បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី»។ (លោកុប្បត្តិ ៥:៤) ដូច្នេះ កាអ៊ីន​បាន​យក​ប្អូន​ស្រី​ឬ​ក៏​ក្មួយ​ស្រី​ម្នាក់​របស់​គាត់​ជា​ប្រពន្ធ។ ក្រោយ​មក ច្បាប់​ដែល​ព្រះ​ប្រទាន​ដល់​ជនជាតិ​អ៊ីស្រាអែល​បាន​ហាមឃាត់​ការ​រៀប​ការ​ជា​មួយ​នឹង​បងប្អូន​ប្រុស​ស្រី​របស់​ខ្លួន។—លេវីវិន័យ ១៨:៩

៥:២៤—តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​បាន‹ទទួល​យក​ហេណុក​ទៅ›? តាម​មើល​ទៅ មាន​គេ​ចង់​សម្លាប់​ហេណុក តែ​ព្រះ​មិន​បាន​អនុញ្ញាត​ឲ្យ​ហេណុក​រង​ការ​ឈឺចាប់​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​ទេ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ»។ (ហេព្រើរ ១១:៥) នេះ​មិន​បាន​ន័យ​ថា​ព្រះ​យក​ហេណុក​ទៅ​ស្ថានសួគ៌​ឲ្យ​រស់​នៅ​ទី​នោះ​ទេ។ ព្រះ​យេស៊ូ​គឺ​ជា​បុគ្គល​ទី​មួយ​ដែល​ឡើង​ទៅ​ស្ថានសួគ៌។ (យ៉ូហាន ៣:១៣; ហេព្រើរ ៦:១៩, ២០) ហេណុក​«បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់» ប្រហែល​ជា​មាន​ន័យ​ថា ព្រះ​បាន​ធ្វើ​ឲ្យ​គាត់​ឃើញ​ចក្ខុនិមិត្ត​មួយ​ដែល​ជា​ទំនាយ រួច​បាន​បញ្ចប់​ជីវិត​ហេណុក​នៅ​ពេល​ដែល​គាត់​កំពុង​តែ​ឃើញ​ចក្ខុនិមិត្ត​នោះ។ ក្នុង​ករណី​នេះ ហេណុក​មិន​បាន​រង​ការ​ឈឺចាប់​ឬ​ក៏​«ឃើញ​សេចក្ដី​ស្លាប់»​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​ទេ។

៦:៦—ហេតុ​អ្វី​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​«ស្ដាយ»​ដែល​ទ្រង់​បង្កើត​មនុស្ស​ជាតិ? ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា «ស្ដាយ» សំដៅ​លើ​ការ​ដូរ​គំនិត​ឬ​ក៏​បំណង។ ព្រះ​យេហូវ៉ា​គឺ​គ្រប់​ល័ក្ខណ៍ ដូច្នេះ​នេះ​មិន​មាន​ន័យ​ថា​ទ្រង់​បង្កើត​មនុស្ស រួច​មក​ស្ដាយ​ថា​មិន​គួរ​បង្កើត​មនុស្ស​ទេ។ ក៏​ប៉ុន្តែ ទ្រង់​បាន​ប្រែ​គំនិត​ទ្រង់​ស្តី​អំពី​តំណ​មនុស្ស​មុន​ទឹក​ជំនន់។ ព្រះ​បាន​ប្រែ​ក្លាយ​ពី​អ្នក​បង្កើត​មនុស្ស ទៅ​ជា​អ្នក​បំផ្លាញ​មនុស្ស​វិញ ដោយសារ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​គេ។ មូលហេតុ​ដែល​ទ្រង់​បាន​សង្គ្រោះ​មនុស្ស​ជាតិ​ខ្លះ​បង្ហាញ​ថា​ការ​ស្ដាយ​របស់​ទ្រង់​គឺ​ចំពោះ​តែ​មនុស្ស​ទុច្ចរិត​ប៉ុណ្ណោះ។—ពេត្រុសទី២ ២:៥, ៩

៧:២—តើ​អ្វី​ជា​មូលដ្ឋាន​សំរាប់​ការ​វិនិច្ឆ័យ​ថា​សត្វ​ណា​ស្អាត សត្វ​ណា​មិន​ស្អាត​នោះ? តាម​មើល​ទៅ មូលដ្ឋាន​សំរាប់​ការ​វិនិច្ឆ័យ​នេះ​ទាក់ទង​នឹង​សត្វ​ណា​ដែល​អាច​ត្រូវ​ថ្វាយ​ជា​ដង្វាយ​ក្នុង​ការ​ថ្វាយបង្គំ មិន​មែន​សត្វ​ណា​ដែល​អាច​បរិភោគ​បាន​ឬ​មិន​អាច​បរិភោគ​នោះ​ទេ។ មុន​ទឹក​ជំនន់ មនុស្ស​មិន​បរិភោគ​សាច់​សត្វ​ទេ។ ការ​ចាត់​ទុក​សត្វ​ខ្លះ​«ស្អាត»​និង​ខ្លះ​«មិន​ស្អាត»​ជា​អាហារ មាន​តែ​ក្នុង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ហើយ​ក៏​លែង​មាន​វិញ​នៅ​ពេល​ក្រិត្យ​វិន័យ​នោះ​ត្រូវ​បំបាត់​ចោល។ (កិច្ចការ ១០:៩​-​១៦; អេភេសូរ ២:១៥) តាម​មើល​ទៅ ណូអេ​ដឹង​ថា​សត្វ​ណា​គឺ​សម​សំរាប់​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ថ្វាយ​បង្គំ។ ពេល​គាត់​ចេញ​ពី​ទូក​មក ភ្លាមៗ​នោះ​គាត់​«ស្អាង​អាសនា​១​ថ្វាយ​ព្រះ​យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ស្លាប​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាសនា​នោះ»។—លោកុប្បត្តិ ៨:២០

៧:១១—តើ​ទឹក​ដែល​បាន​ជន់​លិច​ពិភពលោក​បាន​មក​ពី​ណា? ក្នុង​កំឡុង​«ថ្ងៃ»​ទីពីរ​ឬ​គ្រា​ទីពីរ​នៃ​ការ​បង្កើត ជា​ថ្ងៃ​ដែល​«ប្រឡោះ»​ត្រូវ​បាន​ធ្វើ​នោះ គឺ​មាន​ទឹក​«ក្រោម​ប្រឡោះ» ហើយ​ក៏​មាន​ទឹក​«នៅ​លើ​ប្រឡោះ»​ដែរ។ (លោកុប្បត្តិ ១:៦, ៧) ទឹក​នៅ​ពី​«ក្រោម​ប្រឡោះ»​គឺ​ជា​ទឹក​ដែល​នៅ​លើ​ផែនដី​ហើយ។ ចំណែក​ទឹក​ដែល​«នៅ​លើ​ប្រឡោះ»​គឺ​ជា​ចំហាយ​ទឹក​ជា​ច្រើន​ដែល​អណ្ដែត​ត្រសែត​នៅ​ទី​ខ្ពស់​លើ​ផែនដី និង​រួម​ធ្វើ​ជា​«រន្ធ​ទឹក​នៅ​ទី​ជំរៅ​ធំ»។ ទឹក​នោះ​បាន​ធ្លាក់​មក​លើ​ផែនដី​នៅ​សម័យ​លោក​ណូអេ។

មេ​រៀន​សំរាប់​យើង:

១:២៦: ដោយសារ​យើង​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ នោះ​មនុស្ស​ជាតិ​មាន​សមត្ថភាព​បង្ហាញ​គុណសម្បត្ដិ​ដូច​ព្រះ​ដែរ។ យើង​ពិត​ជា​គួរ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ផ្សេងៗ​ដូច​សេចក្ដី​ស្រឡាញ់ មេត្ដាករុណា ចិត្ត​សប្បុរស ភាព​ល្អ និង​ចិត្ត​អត់ធ្មត់ ដូច​ព្រះ​ដែល​បាន​បង្កើត​យើង​ដែរ។

២:២២​-​២៤: អាពាហ៍ពិពាហ៍​ជា​ការ​រៀប​ចំ​របស់​ព្រះ។ ចំណង​អាពាហ៍ពិពាហ៍​គឺ​ពិសិដ្ឋ​និង​អចិន្ត្រៃយ៍ ហើយ​ប្ដី​ជា​មេ​គ្រួសារ។

៣:១​-​៥, ១៦​-​២៣: សុភមង្គល​របស់​យើង​អាស្រ័យ​លើ​យើង​ទទួល​ស្គាល់​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​ខ្លួន។

៣:១៨, ១៩; ៥:៥; ៦:៧; ៧:២៣: បន្ទូល​របស់​ព្រះ​យេហូវ៉ា​តែង​តែ​កើត​ឡើង​ជា​ពិត។

៤:៣​-​៧: ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ដង្វាយ​របស់​អេបិល​ពីព្រោះ​គាត់​ជា​បុរស​សុចរិត​ដែល​មាន​ជំនឿ។ (ហេព្រើរ ១១:៤) ផ្ទុយ​ពី​អេបិល កាអ៊ីន​គ្មាន​ជំនឿ​ទេ ហើយ​ការ​ប្រព្រឹត្ត​របស់​គាត់​បង្ហាញ​ថា​គាត់​គ្មាន​ជំនឿ។ ការ​ប្រព្រឹត្ត​របស់​កាអ៊ីន​សុទ្ធតែ​អាក្រក់ ដោយ​រួម​មាន​ការ​ច្រណែន ការ​ស្អប់ និង​ឃាតកម្ម។ (យ៉ូហាន​ទី១ ៣:១២) ម្យ៉ាង​ទៀត គាត់​ប្រហែល​ជា​មិន​សូវ​គិត​អំពី​ដង្វាយ​របស់​គាត់ ហើយ​គ្រាន់​តែ​ថ្វាយ​ដង្វាយ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ដង្វាយ​ដែល​យើង​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សរសើរ​នោះ គួរ​អស់​ពី​ចិត្ត​ហើយ​ត្រូវ​ថ្វាយ​ដោយ​ចិត្ត​គំនិត​ត្រឹម​ត្រូវ​និង​ការ​ប្រព្រឹត្ត​ល្អ មែន​ទេ?

៦:២២: ទោះ​ជា​ត្រូវ​ការ​ជា​ច្រើន​ឆ្នាំ​ដើម្បី​សង់​ទូក​ក៏​ដោយ ក៏​ណូអេ​បាន​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​ដែរ។ ហេតុ​នេះ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​បាន​សង្គ្រោះ​ពេល​ដែល​មាន​ទឹក​ជំនន់។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដល់​យើង​តាម​រយៈ​ព្រះ​បន្ទូល​ជា​លាយ​ល័ក្ខណ៍​អក្សរ និង​តាម​រយៈ​អង្គការ​របស់​ទ្រង់។ ពេល​យើង​ស្ដាប់​បង្គាប់​នោះ​យើង​ទទួល​ប្រយោជន៍។

៧:២១​-​២៤: ព្រះ​យេហូវ៉ា​មិន​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​មនុស្ស​ទុច្ចរិត​ទេ។

មនុស្ស​ជាតិ​ឈាន​ចូល​យុគ​សម័យ​ថ្មី

(លោកុប្បត្តិ ៨:១​–​១១:៩)

ដោយសារ​ពិភពលោក​មុន​ទឹក​ជំនន់​លែង​មាន​ទៀត នោះ​មនុស្ស​ជាតិ​ឈាន​ចូល​ក្នុង​យុគ​សម័យ​ថ្មី។ មនុស្ស​មាន​សេចក្ដី​អនុញ្ញាត​ឲ្យ​បរិភោគ​សាច់ តែ​ត្រូវ​បង្គាប់​ឲ្យ​ចៀស​វាង​ពី​ឈាម។ ព្រះ​យេហូវ៉ា​ប្រទាន​សេចក្ដី​អនុញ្ញាត​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ណា​ដែល​ជា​ឃាតករ ហើយ​ទ្រង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដោយ​តាំង​ទី​សម្គាល់​ជា​ឥន្ទធនូ ដោយ​សន្យា​មិន​នាំ​ឲ្យ​មាន​ទឹក​ជំនន់​ទៀត។ កូន​ប្រុស​បី​នាក់​របស់​ណូអេ​ទៅ​ជា​បុព្វ​បុរស​នៃ​មនុស្ស​ជាតិ​ទាំង​ឡាយ ប៉ុន្តែ​ចៅទួត​របស់​ណូអេ ឈ្មោះ​នីមរ៉ុឌ​ទៅ​ជា​«ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ[ឬ​«ប្រឆាំង​នឹង»​, ព.ថ.]ព្រះ​យេហូវ៉ា»។ ជាជាង​ពង្រាយ​គ្នា​ឲ្យ​ពេញ​ផែនដី មនុស្ស​សម្រេច​ចិត្ត​កសាង​ទី​ក្រុង​មួយ​ឈ្មោះ​បាបិល ហើយ​ប៉ម​មួយ​ដើម្បី​ឲ្យ​បាន​កេរ្ដិ៍​ឈ្មោះ។ បំណង​របស់​ពួក​គេ​ត្រូវ​រាំង​ស្កាត់​នៅ​ពេល​ព្រះ​យេហូវ៉ា​បំភាន់​ភាសា​របស់​គេ​និង​កំចាត់​កំចាយ​គេ​ទៅ​គ្រប់​ក្នុង​ផែនដី។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

៨:១១—បើ​ដើម​ឈើ​ទាំង​អស់​ខូច​ដោយសារ​ទឹក​ជំនន់ តើ​សត្វ​ព្រាប​នោះ​បាន​ពាំ​ស្លឹក​ដើម​អូលីវ​នោះ​ពីណា​មក? ចម្លើយ​អាច​មាន​ពីរ​យ៉ាង។ ដោយសារ​ដើម​អូលីវ​គឺ​មាំ​ណាស់ វា​អាច​នៅ​រស់​ក្រោម​ទឹក​អស់​ប៉ុន្មាន​ខែ​ក្នុង​កំឡុង​ទឹក​កំពុង​ជន់​នោះ។ នៅ​ពេល​ទឹក​ជំនន់​ស្រក​ទៅ នោះ​ដើម​អូលីវ​ដែល​ធ្លាប់​នៅ​ក្រោម​ទឹក នឹង​នៅ​លើ​ដី​គោក​ម្ដង​ទៀត ហើយ​អាច​លូត​ស្លឹក​បាន។ ស្លឹក​ដើម​អូលីវ​ដែល​សត្វ​ព្រាប​បាន​យក​ទៅ​ឲ្យ​ណូអេ​ក៏​អាច​មក​ពី​កូន​ឈើ​មួយ​ដែល​លូត​ក្រោយ​ទឹក​ជំនន់​ស្រក​ទៅ។

៩:២០​-​២៥—ហេតុ​អ្វី​បាន​ជា​ណូអេ​ដាក់​បណ្ដាសា​កាណាន? កាណាន​ទំនង​ជា​មាន​ទោស​កំហុស​ដោយ​បាន​ធ្វើ​អ្វី​ដ៏​អាសអាភាស​ទៅ​លើ​ណូអេ​ជា​ជីតា​របស់​គាត់។ ទោះបី​ហាំ​ជា​ឪពុក​កាណាន​បាន​ឃើញ​អំពើ​នេះ​ក៏​ដោយ គាត់​មិន​បាន​ធ្វើ​អន្តរាគមន៍​ទេ ផ្ទុយ​ទៅ​វិញ តាម​មើល​ទៅ​គាត់​បាន​ដើរ​ផ្សាយ​ពី​រឿង​នោះ​វិញ។ ក៏​ប៉ុន្តែ កូន​ពីរ​នាក់​ទៀត​របស់​ណូអេ សិម​និង​យ៉ាផែត​បាន​បិទ​បាំង​កេរ​ខ្មាស​របស់​ឪពុក​ខ្លួន។ ហេតុ​នេះ​ពួក​គាត់​បាន​ទទួល​ពរ ប៉ុន្តែ​កាណាន​បាន​ទទួល​បណ្ដាសា​វិញ ហើយ​ហាំ​បាន​ទទួល​ផល​អាក្រក់​ដោយសារ​កូន​របស់​គាត់​ត្រូវ​អាម៉ាស់​មុខ។

១០:២៥—តើ​ផែនដី​ត្រូវ​«បែក​គ្នា»​នៅ​សម័យ​លោក​ផាលេក​យ៉ាង​ដូច​ម្ដេច? ផាលេក​បាន​រស់​នៅ​ឆ្នាំ​២២៦៩​មុន​ស.យ.​ដល់​២០៣០​មុន​ស.យ.។ គឺ​«នៅ​ជាន់​អ្នក​នោះ»​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​គ្នា​យ៉ាង​ធំ​ក្នុង​ចំណោម​មនុស្ស​ដោយ​បំភាន់​ភាសា​របស់​ពួក​ជាង​សំណង់​នៅ​បាបិល ហើយ​ដោយ​កំចាត់​កំចាយ​ពួក​គេ​ទៅ​គ្រប់​លើ​ផែនដី។ (លោកុប្បត្តិ ១១:៩) យ៉ាង​នេះ​«ផែនដី[ឬ​មនុស្ស​ដែល​រស់​នៅ​ផែនដី]បាន​បែក​គ្នា»​នៅ​ជំនាន់​ផាលេក។

មេ​រៀន​សំរាប់​យើង:

៩:១; ១១:៩: គ្មាន​មនុស្ស​ជាតិ​ណា​ម្នាក់​ដែល​អាច​រាំង​ស្កាត់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។

១០:១​-​៣២: ជំពូក​ទី៥​និង​ជំពូក​ទី១០​ដែល​ជា​កំណត់​ហេតុ​ពីរ​ស្តី​អំពី​ពង្សាវតា​មនុស្ស​ជាតិ​ទាក់ទង​នឹង​ទឹក​ជំនន់ ហើយ​បញ្ជាក់ពី​ទំនាក់ទំនង​រវាង​មនុស្ស​ជាតិ​ទាំង​ឡាយ​នឹង​កូន​បី​នាក់របស់​ណូអេ។ សាសន៍​អាស៊ី​រី សាសន៍​ខាល់ដេ សាសន៍​ហេព្រើរ សាសន៍​ស៊ី​រី និង​កុលសម្ព័ន្ធ​ខ្លះ​របស់​សាសន៍​អា​រ៉ាប​គឺ​ជា​កូន​ចៅ​របស់​សិម។ សាសន៍​អេចូពី សាសន៍​អេស៊ីប សាសន៍​កាណាន ហើយ​កុលសម្ព័ន្ធ​ខ្លះ​នៅ​ទ្វីប​អា​ព្រិច​និង​របស់​សាសន៍​អា​រ៉ាប​គឺ​ជា​កូន​ចៅ​របស់​ហាំ។ សាសន៍​ឥណ្ឌូ​អឺរ៉ុប​គឺ​ជា​កូន​ចៅ​របស់​យ៉ាផែត។ មនុស្ស​ជាតិ​ទាំង​ឡាយ​គឺ​ជា​បងប្អូន​នឹង​គ្នា ហើយ​កើត​មក​មាន​ភាព​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ។ (កិច្ចការ ១៧:២៦) សេចក្ដី​ពិត​នេះ​ត្រូវ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​អ្នក​ឯ​ទៀត​និង​របៀប​យើង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ។

ព្រះ​បន្ទូល​របស់​ព្រះ​អាច​បញ្ចេញ​ឥទ្ធិពល​យ៉ាង​ពូកែ

កំណត់​ហេតុ​តែ​មួយ​គត់​អំពី​ប្រវត្ដិសាស្ត្រ​ដើម​របស់​មនុស្ស​ជាតិ​គឺ​មាន​ក្នុង​ផ្នែក​ទី​មួយ​នៃ​សៀវភៅ​លោកុប្បត្តិ។ ក្នុង​កំណត់​ហេតុ​នេះ យើង​អាច​យល់​ធ្លុះ​នូវ​គោល​បំណង​របស់​ព្រះ​ក្នុង​ការ​បង្កើត​មនុស្ស​នៅ​លើ​ផែនដី។ ពិត​ជា​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​មែន​ដោយ​ឃើញ​ថា​មនុស្ស​ជាតិ​ដូច​នីមរ៉ុឌ​មិន​អាច​រារាំង​ការ​សម្រេច​នៃ​គោល​បំណង​នោះ​ទេ ទោះ​ជា​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ!

ពេល​ដែល​អ្នក​អាន​អំនាន​ប្រចាំ​សប្ដាហ៍​ដើម្បី​រៀប​ចំ​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ ការ​ពិចារណា​ពត៌មាន​ក្រោម​ចំណង​ជើង​«ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ»​នឹង​ជួយ​អ្នក​យល់​បទ​គម្ពីរ​ខ្លះ​ដែល​ពិបាក​យល់។ ការ​ពន្យល់​នៅ​ខាង​ក្រោម​ពាក្យ​ដែល​ថា​«មេ​រៀន​សំរាប់​យើង»​នឹង​បង្ហាញ​នូវ​របៀប​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​អំនាន​ព្រះ​គម្ពីរ​សំរាប់​សប្ដាហ៍​នោះ។ នៅ​ពេល​ដែល​អាច​ប្រើ​បាន ពត៌មាន​នោះ​អាច​យក​ជា​មូលដ្ឋាន​ក្នុង​សុន្ទរកថា​សំរាប់​សេចក្ដី​ត្រូវ​ការ​តាម​តំបន់​ក្នុង​ប្រជុំ​អប់រំ​កិច្ច​បំរើ។ ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​រស់​នៅ​ហើយ​អាច​មាន​ឥទ្ធិពល​ដ៏​ពូកែ​ក្នុង​ជីវិត​របស់​យើង។—ហេព្រើរ ៤:១២