«សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន»
«សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន»
«សិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ! សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង»។—លូកា ១១:១
១. ហេតុអ្វីបានជាសិស្សម្នាក់របស់ព្រះយេស៊ូសុំទ្រង់បង្រៀនគាត់នូវរបៀបអធិស្ឋាន?
នៅឆ្នាំ៣២ស.យ. មានពេលមួយដែលសិស្សម្នាក់របស់ព្រះយេស៊ូបានសង្កេតមើលកាលដែលទ្រង់អធិស្ឋាន។ សិស្សនោះមិនអាចស្ដាប់ឮអ្វីដែលព្រះយេស៊ូកំពុងតែមានបន្ទូលទូលព្រះវរបិតារបស់ទ្រង់ទេ ដ្បិតទ្រង់ប្រហែលជាបានអធិស្ឋានក្នុងព្រះទ័យ។ យ៉ាងណាក៏ដោយ ពេលដែលព្រះយេស៊ូអធិស្ឋានចប់ហើយ សិស្សនោះទូលទ្រង់ថា៖ «សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង»។ (លូកា ១១:១) ហេតុអ្វីបានជាសិស្សនោះសុំព្រះយេស៊ូដូច្នេះ? សេចក្ដីអធិស្ឋានជាទង្វើដែលគេធ្វើជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងការថ្វាយបង្គំរបស់ជនជាតិយូដា។ បទគម្ពីរហេព្រើរមានសេចក្ដីអធិស្ឋានជាច្រើនណាស់ក្នុងសៀវភៅទំនុកដំកើង និងក្នុងសៀវភៅផ្សេងទៀតដែរ។ ដូច្នេះ សិស្សម្នាក់នោះពុំបានសុំព្រះយេស៊ូបង្រៀនអ្វីមួយដែលខ្លួនគាត់មិនទាន់ស្គាល់ឬក៏មិនធ្លាប់ធ្វើនោះទេ។ គាត់ច្បាស់ជាធ្លាប់ស្ដាប់សេចក្ដីអធិស្ឋានរបស់ពួកអ្នកដឹកនាំសាសនាយូដាដែលប្រកាន់ក្បួនរីតិ៍សាសនានោះ។ ប៉ុន្តែឥឡូវពេលដែលឃើញព្រះយេស៊ូអធិស្ឋាន សិស្សនោះទំនងជាបានយល់ឃើញថា របៀបព្រះយេស៊ូអធិស្ឋាននិងសេចក្ដីអធិស្ឋានរបស់ពួកគ្រូសាសនាដែលចង់បង្ហាញឫកពាជាអ្នកគោរពព្រះនោះ មានភាពខុសគ្នាឆ្ងាយណាស់។—ម៉ាថាយ ៦:៥-៨
២. (ក) តើអ្វីបញ្ជាក់ថាព្រះយេស៊ូគ្មានបំណងឲ្យយើងសូត្រចំៗរត់មាត់តាមសេចក្ដីអធិស្ឋានគំរូនោះទេ? (ខ) ហេតុអ្វីបានជាយើងចាប់អារម្មណ៍ចង់ដឹងពីរបៀបអធិស្ឋាន?
២ ពេលដែលព្រះយេស៊ូថ្លែងធម្មទានលើភ្នំប្រហែល១៨ខែមុននោះ ទ្រង់ប្រទានគំរូមួយដល់សិស្សរបស់ទ្រង់ ដែលពួកគាត់អាចធ្វើតាមពេលអធិស្ឋានដោយខ្លួនឯង។ (ម៉ាថាយ ៦:៩-១៣) ប្រហែលជាសិស្សម្នាក់ដែលសុំរៀនរបៀបអធិស្ឋានមិនបាននៅទីនោះពេលទ្រង់ប្រទានគំរូទេ ដូច្នេះព្រះយេស៊ូបានបង្ហាញសេចក្ដីសប្បុរសដោយលើកឡើងម្ដងទៀតនូវចំណុចសំខាន់ៗពីសេចក្ដីអធិស្ឋានគំរូនោះ។ គួរឲ្យកត់សម្គាល់មែនដែលថា ព្រះយេស៊ូមិនបានប្រើបន្ទូលដូចគ្នាទាំងអស់ពីសេចក្ដីអធិស្ឋានគំរូនោះទេ។ នេះបញ្ជាក់ថា សេចក្ដីអធិស្ឋានគំរូនោះមិនមែនជាក្បួនរីតិ៍ដែលទ្រង់ចង់ឲ្យគេសូត្ររត់មាត់នោះទេ។ (លូកា ១១:១-៤) ដូចសិស្សម្នាក់ដែលពុំស្គាល់ឈ្មោះនោះ យើងក៏ចង់រៀននូវរបៀបអធិស្ឋានដែរ ដើម្បីសេចក្ដីអធិស្ឋានរបស់យើងនឹងទាញយើងចូលទៅជិតព្រះយេហូវ៉ាជាង។ ហេតុនេះសូមយើងពិនិត្យមើលសេចក្ដីអធិស្ឋានគំរូពិស្ដារដែលសាវ័កម៉ាថាយបានកត់សរសេរ។ សេចក្ដីអធិស្ឋាននោះមានសំណូមពរប្រាំពីរយ៉ាង ដែលក្នុងនោះមានសំណូមពរបីដែលទាក់ទងនឹងគោលបំណងរបស់ព្រះ ហើយសំណូមពរបួនទៀតទាក់ទងនឹងសេចក្ដីត្រូវការខាងរូបកាយនិងខាងវិញ្ញាណរបស់យើង។ ក្នុងអត្ថបទនេះយើងនឹងពិចារណាសំណូមពរបីដំបូង។
ព្រះវរបិតាមួយអង្គដែលប្រកបដោយសេចក្ដីស្រឡាញ់
៣, ៤. ពេលយើងហៅព្រះយេហូវ៉ាថា«ព្រះវរបិតានៃយើងខ្ញុំ» តើនេះមានន័យដូចម្ដេច?
៣ ចាប់ពីបន្ទូលដំបូង ព្រះយេស៊ូបង្ហាញថា សេចក្ដីអធិស្ឋានរបស់យើងគួរបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ានិងមានការគោរពចំពោះទ្រង់។ ដោយមានបន្ទូលច្រើនតែសំរាប់ប្រយោជន៍សិស្សដែលបានប្រមូលគ្នាជិតព្រះយេស៊ូលើជំរាលភ្នំនោះ ទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យទូលព្រះយេហូវ៉ាថា«ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌»។ (ម៉ាថាយ ៦:៩) យោងទៅតាមបណ្ឌិតមួយរូប មិនថាទ្រង់បានមានបន្ទូលជាភាសាហេព្រើរដែលពេញនិយមនៅពេលនោះ ឬក៏ភាសាអារ៉ាមក្ដី ក៏បន្ទូលដែលព្រះយេស៊ូប្រើសំរាប់«វរបិតា»គឺជា‹ពាក្យរបស់កូនក្មេង› ស្រដៀងនឹងពាក្យដែលទារកមួយប្រើពេលនិយាយជាមួយឪពុកខ្លួនដោយបង្ហាញសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ។ ការទូលព្រះយេហូវ៉ាដោយប្រើពាក្យថា«ព្រះវរបិតានៃយើងខ្ញុំ» បង្ហាញពីចំណងមិត្តភាពប្រកបដោយភាពកក់ក្ដៅនិងការទុកចិត្ត។
៤ ការប្រើពាក្យថា«ព្រះវរបិតានៃយើងខ្ញុំ»ក៏បង្ហាញថា យើងទទួលស្គាល់ថា ខ្លួនរួមចំណែកក្នុងក្រុមគ្រួសារដ៏ធំមួយដែលសុទ្ធសឹងជាបុរសនិងស្ត្រីដែលទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកប្រទានជីវិត។ (អេសាយ ៦៤:៨; កិច្ចការ ១៧:២៤, ២៨) ជនគ្រីស្ទានដែលព្រះតែងតាំងដោយវិញ្ញាណ ពួកគេត្រូវទទួលជា«ពួកកូនរបស់ព្រះ» ហើយអាច«ស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ!»។ (រ៉ូម ៨:១៤, ១៥) មនុស្សរាប់លាននាក់បានទៅជាគូកនស្មោះត្រង់របស់ពួកគាត់ដែរ។ អ្នកទាំងនេះបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ានិងបង្ហាញពីការថ្វាយខ្លួននោះដោយទទួលបុណ្យជ្រមុជទឹក។ អ្នកទាំងអស់នេះដែលជា«ចៀមឯទៀត»ក៏អាចទូលព្រះយេហូវ៉ាតាមរយៈព្រះនាមព្រះយេស៊ូ និងហៅទ្រង់«ព្រះវរបិតានៃយើងខ្ញុំ»ដែរ។ (យ៉ូហាន ១០:១៦; ១៤:៦) តាមរយៈសេចក្ដីអធិស្ឋាន យើងអាចទូលព្រះវរបិតារបស់យើងនៅស្ថានសួគ៌ជាទៀងទាត់ដើម្បីសរសើរទ្រង់ អរព្រះគុណទ្រង់សំរាប់ការល្អទាំងអស់ដែលទ្រង់ប្រោសប្រទានដល់យើង ហើយដើម្បីទូលទ្រង់អំពីកង្វល់កង្វាយរបស់យើង ដោយជឿជាក់ថាទ្រង់យកព្រះទ័យទុកដាក់នឹងយើង។—ភីលីព ៤:៦, ៧; ពេត្រុសទី១ ៥:៦, ៧
សេចក្ដីស្រឡាញ់ចំពោះព្រះនាមរបស់ព្រះយេហូវ៉ា
៥. តើសំណូមពរដំបូងបង្អស់ក្នុងសេចក្ដីអធិស្ឋានគំរូជាអ្វី? ហេតុអ្វីសំណូមពរនោះគឺសមរម្យ?
៥ សំណូមពរទីមួយបញ្ជាក់ពីអ្វីដែលសំខាន់បំផុតតែម្ដង។ សំណូមពរនោះគឺ៖ «សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ (ម៉ាថាយ ៦:៩) ប្រាកដហើយ ការធ្វើឲ្យព្រះនាមព្រះយេហូវ៉ាបរិសុទ្ធគួរជាអ្វីសំខាន់បំផុតចំពោះយើង ពីព្រោះយើងស្រឡាញ់ទ្រង់ និងស្អប់នូវអ្វីៗដែលនាំឲ្យមានការតិះដៀលចំពោះព្រះនាមទ្រង់។ ពេលដែលសាតាំងបានបះបោរ និងនាំបុរសស្ត្រីទីមួយមិនឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ា នោះបានបង្ខូចកិត្ដិនាមរបស់ព្រះ ដោយទម្លាក់ការសង្ស័យទៅលើរបៀបព្រះគ្រប់គ្រងជាអធិបតីនៃសកលលោកទាំងមូល។ (លោកុប្បត្តិ ៣:១-៦) ម្យ៉ាងទៀត តាំងតែពីការបះបោរដំបូងនោះ ព្រះនាមរបស់ព្រះយេហូវ៉ាត្រូវបានគេតិះដៀលដោយសារសេចក្ដីបង្រៀននិងការប្រព្រឹត្តរបស់អ្នកដែលអះអាងថាខ្លួនតំណាងព្រះ តែនាំឲ្យខូចកិត្ដិនាមរបស់ទ្រង់ទៅវិញ។
៦. បើយើងអធិស្ឋានសូមឲ្យព្រះនាមព្រះយេហូវ៉ាបានបរិសុទ្ធ តើយើងចៀសវាងទង្វើណាខ្លះ?
៦ សេចក្ដីអធិស្ឋានរបស់យើងដែលសូមឲ្យព្រះនាមព្រះយេហូវ៉ាបានបរិសុទ្ធ បង្ហាញយើងគាំទ្រសិទ្ធិរបស់ព្រះយេហូវ៉ាទាំងស្រុងក្នុងការគ្រប់គ្រងសកលលោកទាំងមូល។ ព្រះយេហូវ៉ាចង់ឲ្យសកលលោកទាំងមូលជាទីលំនៅរបស់បុគ្គលវិញ្ញាណនិងមនុស្សជាតិដែលរស់នៅដោយក្ដីសប្បាយរីករាយទាំងសុខចិត្តចុះចូលចំពោះការគ្រប់គ្រងដ៏សុចរិតរបស់ទ្រង់ ពីព្រោះពួកគេស្រឡាញ់ទ្រង់និងស្រឡាញ់អ្វីដែលព្រះនាមទ្រង់តំណាងផងដែរ។ (របាក្សត្រទី១ ២៩:១០-១៣; ទំនុកដំកើង ៨:១; ១៤៨:១៣) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនាមព្រះយេហូវ៉ានឹងជួយការពារកុំឲ្យយើងធ្វើអ្វីដែលអាចនាំឲ្យមានការតិះដៀលដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់។ (អេសេគាល ៣៦:២០, ២១; រ៉ូម ២:២១-២៤) សន្ដិភាពទូទាំងសកលលោកនិងសេចក្ដីសុខសាន្តរបស់អ្នកដែលរស់នៅក្នុងសកលលោកទាំងមូលសុទ្ធសឹងពឹងទៅលើការធ្វើឲ្យព្រះនាមព្រះយេហូវ៉ាបានបរិសុទ្ធ និងការឲ្យសេចក្ដីស្រឡាញ់ជំរុញយើងឲ្យចុះចូលចំពោះអធិបតីភាពរបស់ទ្រង់។ ហេតុនេះ ពេលយើងអធិស្ឋាន៖ «សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ» នោះសម្ដែងថាយើងជឿជាក់ថាគោលបំណងរបស់ព្រះយេហូវ៉ានឹងសម្រេច ហើយនេះនឹងនាំឲ្យមានសេចក្ដីសរសើរចំពោះទ្រង់។—អេសេគាល ៣៨:២៣
ព្រះរាជាណាចក្រដែលយើងសុំឲ្យមកដល់
៧, ៨. (ក) ព្រះរាជាណាចក្រដែលព្រះយេស៊ូបានបង្រៀនយើងឲ្យអធិស្ឋានសុំនោះ តើជាអ្វី? (ខ) ពីសៀវភៅដានីយ៉ែលនិងវិវរណៈ តើយើងរៀនអ្វីអំពីព្រះរាជាណាចក្រនេះ?
៧ សំណូមពរទីពីរក្នុងសេចក្ដីអធិស្ឋានគំរូគឺ៖ «សូមឲ្យរាជ្យទ្រង់បានមកដល់»។ (ម៉ាថាយ ៦:១០) សំណូមពរនេះជាប់ទាក់ទងនឹងសំណូមពរទីមួយដែរ។ យន្តការដែលព្រះយេហូវ៉ាប្រើសំរាប់ធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ គឺដោយរាជ្យឬព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ី ដែលជារដ្ឋាភិបាលរបស់ទ្រង់នៅស្ថានសួគ៌ដែលមានព្រះយេស៊ូគ្រីស្ទជាព្រះរាជបុត្រារបស់ទ្រង់ជាស្តេចដែលទ្រង់បានតែងតាំង។ (ទំនុកដំកើង ២:១-៩) ទំនាយនៅសៀវភៅដានីយ៉ែលពណ៌នាអំពីព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ីជា«ថ្ម»មួយដែលដាប់ផ្ដាច់ចេញពី«ភ្នំ»មួយ។ (ដានីយ៉ែល ២:៣៤, ៣៥, ៤៤, ៤៥) ភ្នំនោះតំណាងអធិបតីភាពសកលលោកទាំងមូលរបស់ព្រះយេហូវ៉ា ដូច្នេះព្រះរាជាណាចក្រដែលថ្មនោះតំណាងគឺជាការបង្ហាញឲ្យឃើញនូវការគ្រប់គ្រងរបស់ព្រះយេហូវ៉ាតាមរបៀបថ្មីមួយ។ ក្នុងទំនាយនេះ ថ្មនោះក្រោយមក«ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល» ដែលនេះបញ្ជាក់ថាព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ីនឹងតំណាងអធិបតីភាពរបស់ព្រះក្នុងការគ្រប់គ្រងផែនដីទាំងមូល។
៨ ក្នុងរដ្ឋាភិបាលនៃព្រះរាជាណាចក្រនេះមាន១៤៤.០០០នាក់ដែលពួកគាត់ត្រូវ‹លោះចេញពីមនុស្សលោក›ដើម្បីគ្រប់គ្រងជាមួយព្រះគ្រីស្ទជាស្តេចនិងជាសង្ឃ។ (វិវរណៈ ៥:៩, ១០; ១៤:១-៤; ២០:៦) ដានីយ៉ែលសំដៅទៅអ្នកទាំងនេះជា«ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត»។ ពួកគាត់និងព្រះគ្រីស្ទជាអ្នកដឹកនាំដែលទទួលនូវ«រាជ្យនឹងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរ នៅក្រោមមេឃទាំងមូល . . . រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្ដាប់បង្គាប់ផង»។ (ដានីយ៉ែល ៧:១៣, ១៤, ១៨, ២៧) នេះជាការពណ៌នាដ៏សមរម្យអំពីព្រះរាជាណាចក្រនៅស្ថានសួគ៌ដែលព្រះគ្រីស្ទបានបង្រៀនអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានសុំនោះ។
ហេតុអ្វីនៅតែអធិស្ឋានសុំឲ្យព្រះរាជាណាចក្រមកដល់?
៩. ហេតុអ្វីបានជាសមរម្យដែលយើងអធិស្ឋានឲ្យព្រះរាជាណាចក្ររបស់ព្រះមកដល់?
៩ ក្នុងសេចក្ដីអធិស្ឋានគំរូរបស់ព្រះគ្រីស្ទ ទ្រង់បង្រៀនយើងឲ្យអធិស្ឋានសុំព្រះរាជាណាចក្ររបស់ព្រះមកដល់។ ការសម្រេចនៃទំនាយព្រះគម្ពីរបានឲ្យដឹងថា ព្រះរាជាណាចក្រនៃព្រះមេស្ស៊ីត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩១៤។ បើដូច្នេះ តើនៅតែសមរម្យដែលយើងអធិស្ឋានសុំព្រះរាជាណាចក្ររបស់ព្រះឲ្យ«មកដល់»នោះ? ប្រាកដជាសមរម្យមែន! ដ្បិតក្នុងទំនាយរបស់ដានីយ៉ែល ព្រះរាជាណាចក្រនៃព្រះមេស្ស៊ីត្រូវតំណាងដោយថ្មមួយដែលកំពុងតែបោះពួយឆ្ពោះទៅរករដ្ឋាភិបាលមនុស្សជាតិ ដែលរដ្ឋាភិបាលទាំងនោះតំណាងដោយរូបចម្លាក់ដ៏ធំសម្បើមមួយ។ នៅថ្ងៃខាងមុខ ថ្មនោះនឹងទង្គិចរូបចម្លាក់នោះឲ្យខ្ទេចម៉ត់។ ទំនាយរបស់ដានីយ៉ែលថា៖ «អំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤
១០. ហេតុអ្វីយើងពិតជាចង់ឲ្យព្រះរាជាណាចក្ររបស់ព្រះមកដល់?
១០ យើងពិតជាចង់ឃើញព្រះរាជាណាចក្ររបស់ព្រះមកណាស់ ហើយបំផ្លាញរបបលោកីយ៍ដ៏អាក្រក់របស់សាតាំងចោល ដ្បិតនេះនឹងនាំឲ្យព្រះនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ក៏នឹងបំផ្លាញអស់អ្នកដែលប្រឆាំងអធិបតីភាពរបស់ទ្រង់។ យើងអធិស្ឋានអស់ពីចិត្តថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់» ហើយដូចសាវ័កយ៉ូហានយើងក៏ទូលថា៖ «អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ! សូមយាងមក»។ (វិវរណៈ ២២:២០) សូមព្រះយេស៊ូមកដើម្បីធ្វើឲ្យព្រះនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ និងបង្ហាញភាពត្រឹមត្រូវនៃអធិបតីភាពរបស់ទ្រង់ ដើម្បីឲ្យពាក្យរបស់អ្នកតែងទំនុកដំកើងក្លាយជាការពិតដែលថា៖ «ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុកដំកើង ៨៣:១៨
«សូមឲ្យព្រះហឫទ័យទ្រង់បានសំរេច»
១១, ១២. (ក) ពេលដែលយើងអធិស្ឋានសុំព្រះហឫទ័យរបស់ព្រះ«សំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ» តើយើងកំពុងតែសុំអ្វី? (ខ) ពេលយើងអធិស្ឋានសុំឲ្យព្រះហឫទ័យរបស់ព្រះយេហូវ៉ាបានសម្រេច តើនេះមានន័យយ៉ាងណាទៀត?
១១ ជាបន្តបន្ទាប់ ព្រះយេស៊ូបង្រៀនសិស្សរបស់ទ្រង់ឲ្យអធិស្ឋានថា៖ «សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) សកលលោកទាំងមូលបានកើតមកដោយសារព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ បុគ្គលវិញ្ញាណខ្លាំងពូកែនៅស្ថានសួគ៌ស្រែកថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ! ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។ (វិវរណៈ ៤:១១) ព្រះយេហូវ៉ាមានគោលបំណងសំរាប់«របស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដី»។ (អេភេសូរ ១:៨-១០) ដោយអធិស្ឋានសុំឲ្យព្រះហឫទ័យរបស់ព្រះសម្រេច ការពិតយើងកំពុងតែសុំព្រះយេហូវ៉ាឲ្យបំពេញតាមគោលបំណងរបស់ទ្រង់។ ម្យ៉ាងទៀត យើងបង្ហាញថា យើងពិតជាចង់ឃើញព្រះហឫទ័យរបស់ទ្រង់សម្រេចទូទាំងសកលលោក។
១២ ដោយអធិស្ឋានដូច្នេះ យើងក៏បង្ហាញថាយើងចង់រស់នៅសមស្របតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ាដែរ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង»។ (យ៉ូហាន ៤:៣៤) ក្នុងនាមជាគ្រីស្ទានដែលបានថ្វាយខ្លួនហើយ យើងក៏ដូចជាព្រះយេស៊ូដែរ ដ្បិតយើងក៏ត្រេកអរនឹងការធ្វើតាមព្រះហឫទ័យរបស់ព្រះដែរ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់ជំរុញចិត្តយើង‹កុំឲ្យរស់នៅតាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ›។ (ពេត្រុសទី១ ៤:១, ២; កូរិនថូសទី២ ៥:១៤, ១៥) យើងខំប្រឹងចៀសពីទង្វើណាដែលយើងដឹងថា គឺខុសនឹងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ (ថែស្សាឡូនីចទី១ ៤:៣-៥) ដោយឆ្លៀតលៃយកពេលដើម្បីអានព្រះគម្ពីរនិងសិក្សា យើង«ខំឲ្យយល់បំណងព្រះហឫទ័យព្រះ»ដែលរួមបញ្ចូលការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនូវ«ដំណឹងល្អនេះដែលសំដែងពីនគរ»។—អេភេសូរ ៥:១៥-១៧; ម៉ាថាយ ២៤:១៤
ព្រះហឫទ័យរបស់ព្រះយេហូវ៉ាសំរាប់ស្ថានសួគ៌
១៣. យូរមុនសាតាំងបះបោរនោះ តើព្រះហឫទ័យរបស់ព្រះកំពុងតែត្រូវសម្រេចយ៉ាងដូចម្ដេច?
១៣ ព្រះហឫទ័យរបស់ព្រះយេហូវ៉ាបានចាប់ផ្ដើមសម្រេចនៅស្ថានសួគ៌ជាយូរមុនដែលបុគ្គលវិញ្ញាណជាកូនព្រះមួយរូបបានបះបោរនិងក្លាយទៅជាសាតាំង។ សៀវភៅសុភាសិតពណ៌នាដោយប្រៀបធៀបព្រះរាជបុត្រាច្បងរបស់ព្រះជាមួយនឹងប្រាជ្ញា។ នេះបង្ហាញថាក្នុងពេលវេលាដ៏យូរអង្វែងដែលរកដើមរកចុងពុំឃើញនោះ ព្រះរាជបុត្រាតែមួយដែលព្រះបានបង្កើតតែមួយអង្គទ្រង់បាន«រីករាយនៅចំពោះទ្រង់ជានិច្ច» គឺសប្បាយធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់។ ក្រោយមក ទ្រង់បានទៅជា«មេជាង»ក្នុងការបង្កើតរបស់សព្វសារពើ«ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង»។ (សុភាសិត ៨:២២-៣១; កូល៉ុស ១:១៥-១៧) ព្រះយេហូវ៉ាក៏បានប្រើព្រះយេស៊ូជាព្រះបន្ទូល ឬមេនាំពាក្យផងដែរ។—យ៉ូហាន ១:១-៣
១៤. តើយើងអាចរៀនអ្វីពីទំនុកដំកើង១០៣ ស្តីអំពីរបៀបបណ្ដាទេវតាសម្រេចព្រះហឫទ័យរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌?
១៤ អ្នកតែងទំនុកដំកើងបង្ហាញថា អធិបតីភាពរបស់ព្រះយេហូវ៉ាគឺខ្ពង់ខ្ពស់បំផុត ហើយថាបណ្ដាទេវតាច្រើនឥតគណនាស្ដាប់ព្រះបន្ទូលនៃការណែនាំរបស់ទ្រង់និងសេចក្ដីបង្គាប់របស់ទ្រង់។ យើងអានថា៖ «ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់ ចូរសរសើរដល់ព្រះយេហូវ៉ា! អស់ពួកទេវតារបស់ទ្រង់អើយ! ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្ដិតាមបង្គាប់ទ្រង់ ដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ា! អស់ពួកពលបរិវាររបស់ទ្រង់អើយ! ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ អស់ទាំងស្នាដៃរបស់ទ្រង់អើយ! ចូរសរសើរដល់ព្រះយេហូវ៉ា! នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច[ឬ«អធិបតីភាព», ព.ថ.]»។—ទំនុកដំកើង ១០៣:១៩-២២
១៥. ពេលដែលព្រះយេស៊ូទទួលអំណាចគ្រប់គ្រងព្រះរាជាណាចក្រ តើនោះមានឥទ្ធិពលយ៉ាងណាទៅលើការសម្រេចនៃព្រះហឫទ័យរបស់ព្រះនៅស្ថានសួគ៌?
១៥ ក្រោយសាតាំងបះបោរនោះ វានៅតែអាចឡើងទៅស្ថានសួគ៌បាន ដូចត្រូវបញ្ជាក់ក្នុងសៀវភៅយ៉ូប។ (យ៉ូប ១:៦-១២; ២:១-៧) ក៏ប៉ុន្តែ សៀវភៅវិវរណៈបានទាយអំពីពេលដែលសាតាំងនិងពួកបិសាចរបស់វានឹងត្រូវបណ្ដេញចេញពីស្ថានសួគ៌។ តាមមើលទៅ ពេលនោះបានមកដល់មែនក្រោយព្រះយេស៊ូគ្រីស្ទទទួលអំណាចគ្រប់គ្រងព្រះរាជាណាចក្រព្រះនៅឆ្នាំ១៩១៤។ តាំងពីពេលនោះមក គ្មានកន្លែងសំរាប់អ្នកបះបោរទាំងនោះនៅស្ថានសួគ៌ទៀតឡើយ។ ពួកវាត្រូវដាក់នៅក្បែរៗផែនដី។ (វិវរណៈ ១២:៧-១២) គ្មានសម្លេងអ្នកណាចោទប្រកាន់នៅស្ថានសួគ៌ទៀតទេ មានតែការសរសើរយ៉ាងស្រុះគ្នាចំពោះ«កូនចៀម»ដែលជាព្រះគ្រីស្ទយេស៊ូ ហើយចុះចូលសរសើរព្រះយេហូវ៉ា។ (វិវរណៈ ៤:៩-១១) ព្រះហឫទ័យរបស់ព្រះយេហូវ៉ាពិតជាកំពុងតែសម្រេចនៅស្ថានសួគ៌យ៉ាងពិតប្រាកដ។
ព្រះហឫទ័យរបស់ព្រះយេហូវ៉ាសំរាប់ផែនដី
១៦. តើសេចក្ដីអធិស្ឋានគំរូបង្ហាញយ៉ាងដូចម្ដេចថា សេចក្ដីបង្រៀនរបស់ពិភពគ្រីស្ទសាសនាស្តីអំពីសេចក្ដីសង្ឃឹមរបស់មនុស្សគឺខុសនោះ?
១៦ និកាយពិភពគ្រីស្ទសាសនាបង្រៀនថា ព្រះគ្មានគោលបំណងសំរាប់ផែនដីទេ ដោយអះអាងថាមនុស្សល្អទាំងអស់ឡើងទៅស្ថានសួគ៌។ ប៉ុន្តែ ព្រះយេស៊ូបានបង្រៀនឲ្យយើងអធិស្ឋានថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) នៅផែនដីនេះដែលពោរពេញដោយអំពើឃោរឃៅ ភាពអយុត្ដិធម៌ ជំងឺ និងសេចក្ដីស្លាប់នោះ តើអាចនិយាយថា ព្រះហឫទ័យរបស់ព្រះយេហូវ៉ាកំពុងតែសម្រេចលើផែនដីទេ? មិនមែនទាល់តែសោះ! ហេតុនេះយើងគួរអធិស្ឋានយ៉ាងស្មោះអស់ពីចិត្តឲ្យព្រះហឫទ័យរបស់ព្រះសម្រេចនៅលើផែនដី សមស្របទៅតាមសេចក្ដីសន្យាដែលសាវ័កពេត្រុសបានសរសេរថា៖ «តាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី[ព្រះរាជាណាចក្រនៃព្រះមេស្ស៊ីដែលគ្រប់គ្រងដោយព្រះគ្រីស្ទ] និងផែនដីថ្មី[សង្គមមនុស្សសុចរិត]ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។—ពេត្រុសទី២ ៣:១៣
១៧. តើព្រះយេហូវ៉ាមានគោលបំណងអ្វីសំរាប់ផែនដី?
១៧ ពេលដែលព្រះយេហូវ៉ាបង្កើតផែនដី ទ្រង់មានគោលបំណង។ ទ្រង់បានបណ្ដាលឲ្យព្យាការីអេសាយសរសេរថា៖ «ព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ»។ (អេសាយ ៤៥:១៨) ព្រះបានដាក់បុរសស្ត្រីពីរនាក់ដំបូងក្នុងសួនមនោរម្យមួយ និងបង្គាប់ពួកគេថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ! ត្រូវបង្ក្រាបផែនដី»។ (លោកុប្បត្តិ ១:២៧, ២៨; ២:១៥) គឺច្បាស់ហើយថា គោលបំណងរបស់អ្នកបង្កើតគឺឲ្យផែនដីជាលំនៅរបស់មនុស្សគ្រប់ល័ក្ខណ៍និងមនុស្សសុចរិតដែលរីករាយចុះចូលក្រោមអធិបតីភាពរបស់ព្រះយេហូវ៉ា និងរស់នៅជារៀងរហូតក្នុងស្ថានបរមសុខឬសួនមនោរម្យដែលព្រះគ្រីស្ទបានសន្យា។—ទំនុកដំកើង ៣៧:១១, ២៩; លូកា ២៣:៤៣
១៨, ១៩. (ក) តើអ្វីត្រូវកើតឡើងទើបព្រះហឫទ័យរបស់ព្រះអាចសម្រេចយ៉ាងពេញលេញនៅផែនដីបាន? (ខ) តើលក្ខណៈអ្វីរបស់សេចក្ដីអធិស្ឋានគំរូនឹងត្រូវពិចារណាក្នុងអត្ថបទជាបន្តបន្ទាប់?
១៨ ព្រះហឫទ័យរបស់ព្រះយេហូវ៉ាសំរាប់ផែនដីមិនអាចត្រូវសម្រេចយ៉ាងពេញលេញបានទេ ដរាបណាដែលមានមនុស្សប្រុសស្រីដែលប្រឆាំងនឹងអធិបតីភាពរបស់ទ្រង់។ ដោយប្រើបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានៅក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ ព្រះនឹង«បំផ្លាញពួកអ្នក ដែលបង្ខូចផែនដី»។ របបលោកីយ៍ទុច្ចរិតទាំងមូលរបស់សាតាំងជាមួយនឹងសាសនាមិនពិត នយោបាយពុករលួយ ពាណិជ្ជកម្មលោភលន់និងមិនទៀងត្រង់ ថែមទាំងយោធាដែលចេះតែបំផ្លិចបំផ្លាញ ទាំងអស់នោះនឹងត្រូវបំផ្លាញចោលឲ្យសាបសូន្យ។ (វិវរណៈ ១១:១៨; ១៨:២១; ១៩:១,២, ១១-១៨) អធិបតីភាពរបស់ព្រះយេហូវ៉ានឹងត្រូវបង្ហាញឲ្យឃើញថា ត្រឹមត្រូវព្រមទាំងព្រះនាមរបស់ទ្រង់នឹងត្រូវធ្វើឲ្យបរិសុទ្ធ។ ទាំងអស់នេះជាអ្វីដែលយើងកំពុងតែសុំពេលអធិស្ឋានថា៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:៩, ១០
១៩ ក៏ប៉ុន្តែ ក្នុងសេចក្ដីអធិស្ឋានគំរូ ព្រះយេស៊ូបង្ហាញថាយើងអាចអធិស្ឋានអំពីរឿងផ្ទាល់ខ្លួនផងដែរ។ យើងនឹងពិនិត្យមើលការណែនាំរបស់ទ្រង់ដែលទាក់ទងនឹងរឿងនេះក្នុងអត្ថបទបន្តបន្ទាប់។
ដើម្បីរៀនសាឡើងវិញ
• ហេតុអ្វីជាការសមត្រឹមត្រូវដែលយើងទូលព្រះយេហូវ៉ាថា៖ «ព្រះវរបិតានៃយើងខ្ញុំ»?
• ហេតុអ្វីជាការសំខាន់ណាស់ដែលយើងអធិស្ឋានសុំឲ្យព្រះនាមព្រះយេហូវ៉ាបានបរិសុទ្ធ?
• ហេតុអ្វីយើងអធិស្ឋានសុំឲ្យព្រះរាជាណាចក្ររបស់ព្រះមកដល់?
• ពេលដែលអធិស្ឋានសុំឲ្យព្រះហឫទ័យរបស់ព្រះសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ តើនេះមានន័យយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៨]
សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូគឺខុសគ្នាឆ្ងាយពីសេចក្ដីអធិស្ឋានរបស់ពួកផារិស៊ីដែលចង់បង្ហាញឫកពាជាអ្នកគោរពព្រះ
[រូបភាពនៅទំព័រ៩]
ជនគ្រីស្ទានអធិស្ឋានសុំឲ្យព្រះរាជាណាចក្រមកដល់ឲ្យព្រះនាមទ្រង់បានបរិសុទ្ធ និងឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេច