«អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ
«អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ
«[តើ]អ្នកណាជាអ្នកបំរើស្មោះត្រង់មានមារយាទ[ឬ«វិនិច្ឆ័យល្អ», ព.ថ.] ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក?»។—ម៉ាថាយ ២៤:៤៥
១, ២. ហេតុអ្វីបានជាចាំបាច់ម្ល៉េះ ដែលយើងទទួលអាហារខាងវិញ្ញាណឲ្យទៀងទាត់សព្វថ្ងៃនេះ?
នៅពេលរសៀលថ្ងៃអង្គារទី១១ ខែណែសាន ឆ្នាំ៣៣ ស.យ. សិស្សរបស់ព្រះយេស៊ូបានសួរសំនួរមួយដែលមានន័យសំខាន់ណាស់សំរាប់យើងសព្វថ្ងៃនេះ។ ពួកគាត់បានទូលសួរទ្រង់ថា៖ «តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?»។ ពេលតបឆ្លើយសំនួរនោះ ព្រះយេស៊ូបានមានបន្ទូលជាទំនាយមួយដ៏អស្ចារ្យ។ ព្រះយេស៊ូបានមានបន្ទូលអំពីគ្រាមួយដែលនឹងមានសង្គ្រាម អំណត់ កក្រើកដី និងរោគជំងឺផ្សេងៗ។ ហើយរបស់ទាំងនោះគ្រាន់តែជា«ដើមចម[ឬ«ដើមដំបូង», ខ.ស.]នៃសេចក្ដីទុក្ខទេ»។ ក្រោយមក ទុក្ខលំបាកនឹងមានកាន់តែខ្លាំងថែមទៀត។ នេះជាពត៌មានដែលធ្វើឲ្យភ័យរន្ធត់មែន!—ម៉ាថាយ ២៤:៣, ៧, ៨,១៥-២២; លូកា ២១:១០, ១១
២ តាំងពីឆ្នាំ១៩១៤ ទិដ្ឋភាពភាគច្រើននៃទំនាយរបស់ព្រះយេស៊ូបានសម្រេចរួចហើយ។ មនុស្សកំពុងតែរងនូវ«សេចក្ដីទុក្ខ»យ៉ាងច្រើន។ យ៉ាងណាក៏ដោយ បណ្ដាគ្រីស្ទានពិតមិនគួរខ្លាចឡើយ។ ព្រះយេស៊ូបានសន្យាថា ទ្រង់នឹងពង្រឹងកម្លាំងពួកគេដោយផ្ដល់អាហារខាងវិញ្ញាណដ៏ល្អ។ ដោយសារព្រះយេស៊ូគង់នៅស្ថានសួគ៌ឥឡូវនេះ តើទ្រង់បានរៀបចំឲ្យមនុស្សយើងនៅលើផែនដីទទួលអាហារខាងវិញ្ញាណបានតាមរបៀបណា?
៣. តើព្រះយេស៊ូបានរៀបចំអ្វីដើម្បីឲ្យយើងទទួលនូវ‹អាហារតាមត្រូវពេល›?
៣ ព្រះយេស៊ូបានមានបន្ទូលប្រាប់ចម្លើយចំពោះសំនួរនេះដោយអង្គទ្រង់ផ្ទាល់។ កាលដែលព្រះយេស៊ូមានបន្ទូលអំពីទំនាយដ៏អស្ចារ្យនោះ ទ្រង់ក៏បានសួរថា៖ «[តើ]អ្នកណាជាអ្នកបំរើស្មោះត្រង់មានមារយាទ[ឬ«វិនិច្ឆ័យល្អ», ព.ថ.] ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវពេល?»។ រួចមក ទ្រង់មានបន្ទូលថា៖ «បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (ម៉ាថាយ ២៤:៤៥-៤៧) ពិតមែនហើយ ត្រូវមាន«អ្នកបំរើ»មួយដែលទទួលកិច្ចការចែកអាហារខាងវិញ្ញាណ គឺ«អ្នកបំរើ»ដែលស្មោះត្រង់ផង ហើយមានវិនិច្ឆ័យល្អផងដែរ។ តើអ្នកបំរើនោះជាបុគ្គលណាមួយ ឬជាបុគ្គលប៉ុន្មាននាក់មានដំណតៗគ្នា ឬក៏ជាអ្វីផ្សេងទៀតវិញ? ដោយសារអ្នកបំរើស្មោះត្រង់ជាអ្នកផ្ដល់អាហារខាងវិញ្ញាណដែលយើងត្រូវការជាចាំបាច់នោះ យកល្អឲ្យយើងខំសម្គាល់អ្នកបំរើនោះ។
តើអ្នកបំរើនោះជាបុគ្គលមួយរូបឬជាក្រុមមួយ?
៤. តើយើងអាចសន្និដ្ឋានបានយ៉ាងណាថា«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»មិនមែនជាបុគ្គលតែម្នាក់ទេ?
៤ «អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»មិនមែនជាបុគ្គលមួយរូបទេ។ ហេតុអ្វី? ពីព្រោះអ្នកបំរើនោះបានចាប់ផ្ដើមធ្វើកិច្ចការចែកអាហារខាងវិញ្ញាណតាំងពីសតវត្សរ៍ទីមួយមកម្ល៉េះ ហើយយោងទៅតាមបន្ទូលរបស់ព្រះយេស៊ូ អ្នកបំរើនោះត្រូវចែកអាហារខាងវិញ្ញាណរហូតដល់ពេលដែលចៅហ្វាយមកដល់ គឺនៅឆ្នាំ១៩១៤។ បើដូច្នេះ បុគ្គលម្នាក់នោះត្រូវធ្វើកិច្ចការនេះអស់ប្រមាណ១.៩០០ឆ្នាំ។ សូម្បីតែលោកមធូសាឡាក៏មិនមានអាយុវែងដល់ប៉ុណ្ណឹងដែរ!—លោកុប្បត្តិ ៥:២៧
៥. សូមពន្យល់នូវមូលហេតុដែលពាក្យ«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ» មិនសំដៅទៅលើជនគ្រីស្ទានម្នាក់ៗឡើយ។
៥ បើដូច្នេះ តើពាក្យ«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»អាចមានន័យទូលំទូលាយសំដៅទៅលើជនគ្រីស្ទានម្នាក់ៗឬ? ជនគ្រីស្ទានម្នាក់ៗត្រូវមានចិត្តស្មោះត្រង់ហើយគួរចេះវិនិច្ឆ័យល្អផងដែរ នេះជាការពិតមែន។ ប៉ុន្តែ ព្រះយេស៊ូច្បាស់ជាមានគំនិតផ្សេងពេលដែលទ្រង់មានបន្ទូលអំពី«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»។ ហេតុអ្វីបានជាយើងដឹងថាទ្រង់មានគំនិតផ្សេងដូច្នេះ? ពីព្រោះទ្រង់បានមានបន្ទូលថា កាលណា«ចៅហ្វាយមកដល់» ទ្រង់នឹងតាំងអ្នកបំរើនោះ«ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (កំណែជាអក្សរទ្រេត) តើអាចតាំងជនគ្រីស្ទានម្នាក់ៗឲ្យត្រួតលើរបស់ទាំងឡាយ ឬលើទ្រព្យ«ទាំងអស់»របស់ចៅហ្វាយបានទេ? មិនបានទេ!
៦. តើសាសន៍អ៊ីស្រាអែលត្រូវធ្វើជា«អ្នកបំរើ»របស់ព្រះយ៉ាងដូចម្ដេច?
៦ បើដូច្នេះ សេចក្ដីសន្និដ្ឋានដ៏សមហេតុសមផលតែមួយគត់ គឺថាព្រះយេស៊ូបានសំដៅទៅលើជនគ្រីស្ទានមួយក្រុមជា«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»។ តើពិតជាអាចមានអ្នកបំរើមួយក្រុមបានទេ? ពិតជាអាចមានមែន! ប្រាំពីររយឆ្នាំមុនសម័យព្រះគ្រីស្ទ ព្រះយេហូវ៉ាបានហៅសាសន៍អ៊ីស្រាអែលទាំងមូលជា«អ្នកបំរើ ដែលអញបានរើសតាំង»។ (អេសាយ ៤៣:១០, កំណែជាអក្សរទ្រេត) តាំងពីពេលដែលព្រះប្រទានឲ្យក្រិត្យវិន័យតាមរយៈលោកម៉ូសេនៅឆ្នាំ១៥១៣ មុនស.យ. រហូតដល់បុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. នោះសមាជិកម្នាក់ៗក្នុងសាសន៍អ៊ីស្រាអែលបានរួមចំណែកក្នុងក្រុមអ្នកបំរើនោះ។ ប្រជាជនអ៊ីស្រាអែលភាគច្រើនមិនបានរួមចំណែកដោយផ្ទាល់ក្នុងការចាត់ចែងកិច្ចការនៅក្នុងសាសន៍នោះ ឬក្នុងការដឹកនាំឲ្យមានកម្មវិធីផ្ដល់អាហារខាងវិញ្ញាណឡើយ។ ព្រះយេហូវ៉ាបានប្រើស្តេចជាច្រើនអង្គ ចៅក្រម ព្យាការី ពួកសង្ឃ និងពួកលេវីឲ្យបំពេញភារកិច្ចផ្សេងៗ។ យ៉ាងណាក៏ដោយ សាសន៍អ៊ីស្រាអែលទាំងមូលត្រូវធ្វើជាអ្នកតំណាងអធិបតីភាពរបស់ព្រះយេហូវ៉ា ហើយក៏ត្រូវសរសើរតំកើងទ្រង់នៅចំពោះមុខសាសន៍ដទៃដែរ។ ជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវធ្វើបន្ទាល់អំពីព្រះយេហូវ៉ា។—ចោទិយកថា ២៦:១៩; អេសាយ ៤៣:២១; ម៉ាឡាគី ២:៧; រ៉ូម ៣:១, ២
«អ្នកបំរើ»មួយត្រូវបានបណ្ដេញចោល
៧. ហេតុអ្វីបានជាសាសន៍អ៊ីស្រាអែលពីបុរាណលែងមានសិទ្ធិធ្វើជា«អ្នកបំរើ»របស់ព្រះ?
៧ បើសាសន៍អ៊ីស្រាអែលធ្លាប់ជា«អ្នកបំរើ»របស់ព្រះអស់ច្រើនសតវត្សរ៍មុននេះ តើសាសន៍នោះជាអ្នកបំរើដែលព្រះយេស៊ូបានសំដៅចំពោះឬទេ? អត់ទេ! គួរឲ្យសោកស្ដាយ ដែលសាសន៍អ៊ីស្រាអែលពីបុរាណនោះមិនបានបង្ហាញភាពស្មោះត្រង់ឬមានវិនិច្ឆ័យល្អទេ។ ប៉ុលបានសរុបសេចក្ដីដោយគាត់ដកស្រង់បន្ទូលរបស់ព្រះយេហូវ៉ាជូនចំពោះសាសន៍អ៊ីស្រាអែលថា៖ «ពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា»។ (រ៉ូម ២:២៤) ប្រាកដហើយ ការបះបោរប្រឆាំងរបស់សាសន៍អ៊ីស្រាអែលបានឡើងដល់កំពូល ពេលដែលគេបានបដិសេធចោលព្រះយេស៊ូ ជាពេលដែលព្រះយេហូវ៉ាបានបដិសេធចោលសាសន៍នេះលែងទទួលស្គាល់ទៀតដែរ។—ម៉ាថាយ ២១:៤២, ៤៣
៨. តើ«អ្នកបំរើ»មួយបានត្រូវតាំងឡើងជំនួសសាសន៍អ៊ីស្រាអែលនៅពេលណា? ហើយតើស្ថិតក្រោមកាលៈទេសៈណា?
៨ ភាពមិនស្មោះត្រង់របស់សាសន៍អ៊ីស្រាអែលក្នុងនាមជា«អ្នកបំរើ»របស់ព្រះនោះ មិនមានន័យថាអ្នកថ្វាយបង្គំដ៏ស្មោះត្រង់នឹងលែងមានអាហារខាងវិញ្ញាណទៀតឡើយ។ ហាសិបថ្ងៃក្រោយពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញនោះ គឺនៅបុណ្យថ្ងៃទី៥០ឆ្នាំ៣៣ ស.យ. វិញ្ញាណបរិសុទ្ធបានចាក់មកលើសិស្សរបស់ព្រះយេស៊ូ ប្រមាណ១២០នាក់ក្នុងបន្ទប់ជាន់លើនៅទីក្រុងយេរូសាឡិម។ នៅពេលនោះឯង សាសន៍ថ្មីមួយបានកើតឡើង។ គឺជាការត្រឹមត្រូវណាស់ដែលកំណើតរបស់សាសន៍ថ្មីនេះបានត្រូវប្រកាសផ្សាយ ពេលដែលសមាជិករបស់សាសន៍នេះបានចាប់ផ្ដើមប្រាប់ពួកអ្នកនៅទីក្រុងយេរូសាឡិមយ៉ាងអង់អាចអំពី«ការអស្ចារ្យរបស់ព្រះ»។ (កិច្ចការ ២:១១) យ៉ាងនេះ សាសន៍ថ្មីនោះដែលជាសាសន៍មួយខាងវិញ្ញាណបានក្លាយជា«អ្នក បំរើ»ដែលត្រូវសំដែងចេញឲ្យគ្រប់ទាំងសាសន៍ដឹងអំពីសិរីរុងរឿងរបស់ព្រះយេហូវ៉ា ហើយក៏ត្រូវចែកអាហារខាងវិញ្ញាណតាមត្រូវពេលផងដែរ។ (ពេត្រុសទី១ ២:៩) គឺសមហេតុសមផលណាស់ ដែលសាសន៍ថ្មីនោះក្រោយមកបានត្រូវគេហៅថា «សាសន៍អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦
៩. (ក) តើអ្នកណាបានរួមចំណែកជា«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»? (ខ) តើ«ពួកផ្ទះ»ជាអ្នកណា?
៩ សមាជិកម្នាក់ៗក្នុង«សាសន៍អ៊ីស្រាអែលនៃព្រះ» ជាជនគ្រីស្ទានដែលបានឧទ្ទិសថ្វាយខ្លួន ហើយបានទទួលបុណ្យជ្រមុជទឹក ទាំងបានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ ហើយមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ហេតុនោះហើយបានជាពាក្យ«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»សំដៅទៅលើសមាជិកទាំងឡាយដែលរួមទាំងក្រុមមនុស្សនៅលើផែនដី ជាសាសន៍ខាងវិញ្ញាណដែលសុទ្ធតែជាអ្នកចាក់ប្រេងតាំង មិនថានៅគ្រាណាមួយតាំងពីឆ្នាំ៣៣ ស.យ. រហូតមកដល់គ្រាបច្ចុប្បន្ននេះក្ដី។ នេះគឺដូចគ្រាតាំងពីឆ្នាំ១៥១៣ មុនស.យ. រហូតដល់បុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. ដែលជនជាតិអ៊ីស្រាអែលទាំងឡាយបានរួមចំណែកក្នុងក្រុមអ្នកបំរើដែរ តាំងតែពីមុនសម័យគ្រីស្ទានទៅទៀត។ ប៉ុន្តែ «ពួកផ្ទះ»ដែលទទួលអាហារខាងវិញ្ញាណពីអ្នកបំរើនោះ តើពួកគាត់ជាអ្នកណា? នៅសតវត្សរ៍ទីមួយស.យ. ជនគ្រីស្ទានទាំងឡាយមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ដូច្នេះ ពួកផ្ទះគឺជាជនគ្រីស្ទានចាក់ប្រេងតាំងម្នាក់ៗ មិនមែនជាក្រុមមួយទេ។ គ្រប់ៗរូបត្រូវការនូវអាហារខាងវិញ្ញាណពីអ្នកបំរើនោះ មិនគ្រាន់តែពួកអ្នកដែលមានភារកិច្ចក្នុងក្រុមជំនុំទេ។—កូរិនថូសទី១ ១២:១២,១៩-២៧; ហេព្រើរ ៥:១១-១៣; ពេត្រុសទី២ ៣:១៥, ១៦
«ចែកមុខងារអោយរៀងៗខ្លួន»
១០, ១១. តើដោយដូចម្ដេចបានជាយើងដឹងថា សមាជិកគ្រប់រូបក្នុងក្រុមអ្នកបំរើនោះ មិនបានទទួលកិច្ចការដូចៗគ្នាទាំងអស់ទេ?
១០ «សាសន៍អ៊ីស្រាអែលនៃព្រះ»ជាក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អដែលមានកិច្ចការត្រូវធ្វើ ប៉ុន្តែ សមាជិកម្នាក់ៗក្នុងក្រុមនោះក៏មានភារកិច្ចផ្ទាល់ខ្លួនផងដែរ។ បន្ទូលរបស់ព្រះយេស៊ូនៅម៉ាកុស ១៣:៣៤ បានបញ្ជាក់ចំណុចនេះយ៉ាងច្បាស់។ ព្រះយេស៊ូមានបន្ទូលថា៖ «នេះដូចជាមនុស្សម្នាក់ ដែលចាកចោលផ្ទះចេញពីស្រុកទៅទីឆ្ងាយ ក៏ប្រគល់អំណាចដល់ពួកបាវព្រាវ ព្រមទាំងដាក់ការឲ្យធ្វើគ្រប់គ្នា[ឬ«ចែកមុខងារអោយរៀងៗខ្លួន», ខ.ស.] ហើយផ្ដាំអ្នកឆ្មាំទ្វារឲ្យចាំយាមផង»។ (កំណែជាអក្សរទ្រេត) ដូច្នេះ សមាជិកម្នាក់ៗក្នុងក្រុមអ្នកបំរើនោះបានទទួលកិច្ចការ ពោលគឺ ត្រូវចំរើនរបស់ទ្រព្យនៅលើផែនដីរបស់ព្រះគ្រីស្ទ។ សមាជិកម្នាក់ៗនោះសម្រេចកិច្ចការនេះតាមសមត្ថភាពនិងកាលៈទេសៈរៀងៗខ្លួន។—ម៉ាថាយ ២៥:១៤, ១៥
១១ បន្ថែមទៅទៀត សាវ័កពេត្រុសបានប្រាប់ពួកគ្រីស្ទានចាក់ប្រេងតាំងនៅសម័យគាត់ថា៖ «គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ»។ (ពេត្រុសទី១ ៤:១០, កំណែជាអក្សរទ្រេត) ដូច្នេះ ពួកអ្នកចាក់ប្រេងតាំងទាំងនោះមានភារកិច្ចបំរើគ្នាទៅវិញទៅមកដោយប្រើអំណោយដែលព្រះបានឲ្យដល់ពួកគាត់។ ម្យ៉ាងទៀត ពាក្យរបស់ពេត្រុសបង្ហាញថា ជនគ្រីស្ទានគ្រប់រូបមិនមានសមត្ថភាព ភារកិច្ច ឬឯកសិទ្ធិដូចគ្នាឡើយ។ យ៉ាងណាក៏ដោយ សមាជិកម្នាក់ៗនៃក្រុមអ្នកបំរើនោះអាចជួយយ៉ាងណាក៏បាន ឲ្យតែសាសន៍ខាងវិញ្ញាណនេះរីកចំរើនឡើង។ តើតាមរបៀបណា?
១២. សមាជិកម្នាក់ៗនៃក្រុមអ្នកបំរើ មិនថាជាបុរសឬស្ត្រីក្ដី តើពួកគាត់ទាំងអស់គ្នាអាចជួយឲ្យអ្នកបំរើនោះរីកចំរើនបានយ៉ាងណា?
អេសាយ ៤៣:១០-១២; ម៉ាថាយ ២៤:១៤) មិនយូរប៉ុន្មានមុនព្រះយេស៊ូបានឡើងទៅស្ថានសួគ៌នោះ ទ្រង់បានបង្គាប់ដល់សិស្សស្មោះត្រង់ទាំងឡាយ ទាំងប្រុសទាំងស្រី ឲ្យធ្វើជាអ្នកបង្រៀន។ ទ្រង់បានមានបន្ទូលថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ! ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង។ ហើយមើល! ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។—ម៉ាថាយ ២៨:១៩, ២០, កំណែជាអក្សរទ្រេត
១២ មុនដំបូង សមាជិកម្នាក់ៗមានភារកិច្ចធ្វើជាស្មរបន្ទាល់របស់ព្រះយេហូវ៉ា ដោយផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (១៣. តើអ្នកចាក់ប្រេងតាំងទាំងឡាយមានឯកសិទ្ធិអ្វី?
១៣ ពេលរកឃើញសិស្សថ្មីនោះ សិស្សនានាត្រូវបានបង្រៀនដោយយកចិត្តទុកដាក់ឲ្យកាន់តាមគ្រប់ទាំងសេចក្ដីដែលព្រះគ្រីស្ទបានបង្គាប់ដល់សិស្សទ្រង់។ យូរៗទៅ អស់អ្នកដែលសុខចិត្តធ្វើតាមសេចក្ដីបង្រៀននោះ នឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាត់បង្រៀនតទៅអ្នកឯទៀត។ អាហារល្អខាងវិញ្ញាណត្រូវបានចែកដល់ពួកអ្នកដែលក្លាយជាសមាជិកនៃក្រុមអ្នកបំរើនោះនៅក្នុងសាសន៍ជាច្រើន។ ពួកគ្រីស្ទានចាក់ប្រេងតាំងទាំងអស់ ទាំងប្រុសទាំងស្រីបានចូលរួមធ្វើកិច្ចការបង្កើតឲ្យមានសិស្ស។ (កិច្ចការ ២:១៧, ១៨) កិច្ចការនេះត្រូវធ្វើឡើងតាំងពីអ្នកបំរើបានចាប់ផ្ដើមធ្វើកិច្ចការនោះ រហូតដល់ទីបញ្ចប់នៃរបបលោកីយ៍នេះ។
១៤. តើឯកសិទ្ធិបង្រៀនក្នុងក្រុមជំនុំបានត្រូវប្រគល់ដល់អ្នកណា? ហើយតើស្ត្រីស្មោះត្រង់ដែលជាជនគ្រីស្ទានចាក់ប្រេងតាំង មានទស្សនៈយ៉ាងណាអំពីរឿងនោះ?
១៤ សិស្សដែលទើបតែបានទទួលបុណ្យជ្រមុជទឹកនិងបានត្រូវចាក់ប្រេងតាំងដែរ បានរួមចំណែកក្នុងក្រុមអ្នកបំរើនេះ។ មិនថាអ្នកណាបានបង្រៀនសិស្សថ្មីជាដំបូងក្ដី សិស្សនោះក៏បានទទួលការបង្វឹកបង្វឺនតទៅទៀតពីសមាជិកនៃក្រុមជំនុំដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកចាស់ទុំ។ (ធីម៉ូថេទី១ ៣:១-៧; ទីតុស ១:៦-៩) ដូច្នេះ ពួកបុរសតែងតាំងនោះ មានឯកសិទ្ធិពិសេសក្នុងការជួយឲ្យសាសន៍នោះមានការរីកចំរើនតទៅទៀត។ ស្ត្រីស្មោះត្រង់ដែលជាជនគ្រីស្ទានចាក់ប្រេងតាំងមិនបានតូចចិត្តឡើយ ដែលភារកិច្ចបង្រៀនក្នុងក្រុមជំនុំត្រូវប្រគល់ដល់បុរសគ្រីស្ទានប៉ុណ្ណោះ។ (កូរិនថូសទី១ ១៤:៣៤, ៣៥) ផ្ទុយទៅវិញ ស្ត្រីទាំងនោះពេញចិត្តទទួលប្រយោជន៍ពីការព្យាយាមរបស់បុរសទាំងឡាយក្នុងក្រុមជំនុំ ហើយក៏មានកតញ្ញូធម៌ចំពោះឯកសិទ្ធិដែលខ្លួនមាន ដែលរួមទាំងការប្រាប់អ្នកដទៃនូវដំណឹងល្អ។ បងប្អូនស្រីៗសព្វថ្ងៃនេះដែលជាអ្នកចាក់ប្រេងតាំងដែលមានចិត្តខ្នះខ្នែង ក៏បង្ហាញនូវចិត្តគំនិតរាបទាបដូចគ្នាដែរ មិនថាអ្នកចាស់ទុំដែលបានតែងតាំងឡើងនោះជាអ្នកចាក់ប្រេងតាំងឬអត់ក៏ដោយ។
១៥. តើអាហារខាងវិញ្ញាណនៅសតវត្សរ៍ទីមួយច្រើនតែមកពីណា? ហើយតើអ្នកណាបាននាំមុខក្នុងការចែកអាហារនោះ?
១៥ អាហារខាងវិញ្ញាណដែលសំខាន់ត្រូវចែកនៅសតវត្សរ៍ទីមួយនោះ គឺជាសំណេររបស់ពួកសាវ័កនិងសិស្សឯទៀតដែលជាអ្នកនាំមុខ។ សំបុត្រទាំងប៉ុន្មាននោះ ជាពិសេសសៀវភៅ២៧ក្បាលក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិកដែលព្រះបានបណ្ដាលឲ្យសរសេរនោះ បានត្រូវចែកដល់ក្រុមជំនុំទាំងឡាយ ហើយជាមូលដ្ឋានដែលអ្នកចាស់ទុំនាតំបន់និមួយៗបានប្រើក្នុងការបង្រៀន។ តាមវិធីនេះ ពួកអ្នកតំណាងអ្នកបំរើនោះ បានបង្ហាញភាពស្មោះត្រង់ក្នុងការចែកអាហារខាងវិញ្ញាណដល់ពួកគ្រីស្ទានដែលមានចិត្តស្មោះស។ ក្រុមអ្នកបំរើនៅសតវត្សរ៍ទីមួយបានបំពេញនូវកិច្ចការដែលព្រះយេស៊ូបានប្រគល់ឲ្យនោះយ៉ាងស្មោះត្រង់។
«អ្នកបំរើ»អស់១.៩០០ឆ្នាំក្រោយមក
១៦, ១៧. ក្រុមអ្នកបំរើបានបង្ហាញភាពស្មោះត្រង់ក្នុងការបំពេញកិច្ចការរបស់ខ្លួនច្រើនឆ្នាំដល់ឆ្នាំ១៩១៤ តើតាមវិធីណាខ្លះ?
១៦ ចុះយ៉ាងណាសព្វថ្ងៃនេះ? នៅពេលដែលព្រះយេស៊ូចាប់ផ្ដើមមានវត្តមាននៅឆ្នាំ១៩១៤ តើទ្រង់បានរកឃើញគ្រីស្ទានចាក់ប្រេងតាំងមួយក្រុមកំពុងតែចែកអាហារតាមត្រូវពេលឬទេ? ទ្រង់ពិតជាបានរកឃើញមួយក្រុមនោះមែន។ ក្រុមនោះត្រូវសម្គាល់ដោយសារផលល្អដែលពួកគេបង្កើត។ (ម៉ាថាយ ៧:២០) ប្រវត្ដិសាស្ត្រកន្លងមកបានសឲ្យឃើញថា ពួកគេពិតជាក្រុមនោះមែន។
១៧ នៅពេលដែលព្រះយេស៊ូបានយាងមកនោះ ពួកផ្ទះទ្រង់ដែលមានចំនួនប្រមាណ៥.០០០នាក់ កំពុងជាប់រវល់ក្នុងការផ្សាយនូវសេចក្ដីពិតពីព្រះគម្ពីរ។ សូម្បីមានអ្នកច្រូតតិចក៏ដោយ តែអ្នកបំរើនោះបានប្រើវិធីផ្សេងៗដ៏ប៉ិនប្រសប់ដើម្បីផ្សាយដំណឹងល្អ។ (ម៉ាថាយ ៩:៣៨) ជាឧទាហរណ៍ អ្នកបំរើបានរៀបចំឲ្យមានការពន្យល់នូវប្រធានផ្សេងៗខាងព្រះគម្ពីរ ដោយឲ្យគេបោះពុម្ពជិត២.០០០កាសែត។ ដោយធ្វើយ៉ាងនេះ អ្នកអានរាប់សិបម៉ឺននាក់បានទទួលសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះតែម្ដង។ បន្ថែមទៅទៀត ក៏មានកម្មវិធីរយៈពេលប្រាំបីម៉ោង ជាការបញ្ចាំងរូបភាពពណ៌តាមកញ្ចក់និងភាពយន្តផងដែរ។ ដោយប្រើវិធីទំនើបទាន់សម័យនោះ សារព្រះគម្ពីរអំពីព្រឹត្ដិការណ៍ទាំងឡាយតាំងពីការបង្កើតអ្វីៗទាំងអស់ រហូតដល់ចុងបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ បានបញ្ជូនទៅដល់មនុស្សដែលមានចំនួនសរុបជាងប្រាំ បួនលាននាក់នៅបីទ្វីប។ ការបោះពុម្ពសៀវភៅនានាជាវិធីផ្សាយម្យ៉ាងទៀតដែលអ្នកបំរើបានប្រើ។ ជាឧទាហរណ៍ នៅឆ្នាំ១៩១៤ គេបានបោះពុម្ពទស្សនាវដ្ដីនេះប្រមាណ៥០.០០០ច្បាប់។
១៨. តើព្រះយេស៊ូបានតាំងអ្នកបំរើឲ្យត្រួតលើរបស់ទ្រព្យទាំងអស់របស់ទ្រង់នៅពេលណា? ហើយតើហេតុអ្វី?
១៨ ពិតមែនហើយ ពេលដែលចៅហ្វាយមកដល់នោះ ទ្រង់បានឃើញអ្នកបំរើកំពុងតែចែកអាហារឲ្យពួកផ្ទះបរិភោគ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អផងដែរ។ បន្តបន្ទាប់ទៀត អ្នកបំរើនោះត្រូវទទួលភារកិច្ចថែមទៀតដែរ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (ម៉ាថាយ ២៤:៤៧) ព្រះយេស៊ូបានធ្វើដូច្នេះមែននៅឆ្នាំ១៩១៩ ក្រោយពីអ្នកបំរើបានឆ្លងកាត់គ្រាល្បងលនោះ។ ក៏ប៉ុន្តែ ហេតុអ្វីបានជា«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»ត្រូវទទួលភារកិច្ចច្រើនជាង? គឺពីព្រោះរបស់ទ្រព្យនៃចៅហ្វាយបានចំរើនឡើងហើយ។ ព្រះយេស៊ូបានទទួលមុខតំណែងជាស្តេចតាំងពីឆ្នាំ១៩១៤។
១៩. សូមពន្យល់អំពីរបៀបដែលសេចក្ដីត្រូវការខាងវិញ្ញាណរបស់«មនុស្ស១ហ្វូងយ៉ាងធំ»ត្រូវបានបំពេញ។
១៩ ចៅហ្វាយដែលទើបតែបានឡើងសោយរាជ្យនោះ បានតាំងអ្នកបំរើស្មោះត្រង់ឲ្យត្រួតលើរបស់ទ្រព្យទ្រង់។ តើរបស់ទ្រព្យនោះជាអ្វី? របស់ទ្រព្យនោះគឺជាអ្វីៗទាំងអស់ខាងវិញ្ញាណនៅលើផែនដីនេះដែលជារបស់ផងទ្រង់។ ជាឧទាហរណ៍ ម្ភៃឆ្នាំក្រោយពីព្រះគ្រីស្ទបានគង់លើបល្ល័ង្កជាស្តេចសោយរាជ្យនៅឆ្នាំ១៩១៤ «មនុស្ស១ហ្វូងយ៉ាងធំ»ដែលជា«ចៀមឯទៀត»បានត្រូវសម្គាល់។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពួកគេមិនមែនជាអ្នកចាក់ប្រេងតាំងដែលជាសមាជិកក្នុង«សាសន៍អ៊ីស្រាអែលនៃព្រះ»ទេ តែជាមនុស្សប្រុសស្រីដែលមានចិត្តស្មោះហើយសង្ឃឹមទទួលបានជីវិតនៅលើផែនដី ក៏ជាអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាហើយចង់បំរើទ្រង់ដូចអ្នកចាក់ប្រេងតាំងដែរ។ បើនិយាយឲ្យចំទៅ ចៀមឯទៀតបាននិយាយទៅកាន់«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»ថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។ (សាការី ៨:២៣) គ្រីស្ទានទាំងនោះដែលទើបតែបានទទួលបុណ្យជ្រមុជទឹក អាចទទួលទានអាហារវិសេសខាងវិញ្ញាណជាមួយពួកផ្ទះដែលជាអ្នកចាក់ប្រេងតាំង។ តាំងពីពេលនោះមក ក្រុមទាំងពីរនេះបានរួមតុតែមួយក្នុងការទទួលអាហារខាងវិញ្ញាណ។ សមាជិកនៃ«មនុស្ស១ហ្វូងយ៉ាងធំ»បានទទួលពរពិសេសមែន!
២០. តើ«មនុស្ស១ហ្វូងយ៉ាងធំ»មានមុខនាទីអ្វីក្នុងការចំរើនរបស់ទ្រព្យនៃចៅហ្វាយ?
២០ សមាជិកនៃ«មនុស្ស១ហ្វូងយ៉ាងធំ»មានចិត្តរីករាយរួមចំណែកជាអ្នកផ្សព្វផ្សាយដំណឹងល្អ ជាមួយក្រុមអ្នកបំរើដែលជាអ្នកចាក់ប្រេងតាំង។ កាលដែលពួកគេផ្សព្វផ្សាយ នោះរបស់ទ្រព្យនៃចៅហ្វាយបានចំរើនឡើង ដែលបន្ថែមភារកិច្ចរបស់«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»។ ដោយមានមនុស្សកាន់តែច្រើននាក់ចង់ដឹងអំពីសេចក្ដីពិត នោះការពង្រីកកន្លែងបោះពុម្ពគឺត្រូវការជាចាំបាច់ដើម្បីរៀបចំប្រកាសនវត្ថុខាងព្រះគម្ពីរឲ្យបានទាន់សេចក្ដីត្រូវការ។ ការិយាល័យសាខារបស់ស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវរៀបចំនៅច្រើនប្រទេស។ សាសនទូតបានត្រូវចាត់ឲ្យទៅ«រហូតដល់ចុងផែនដីបំផុត»។ (កិច្ចការ ១:៨) នៅឆ្នាំ១៩១៤មានអ្នកចាក់ប្រេងតាំងតែប្រមាណ៥.០០០នាក់ប៉ុណ្ណោះ តែចំនួននៃពួកអ្នកដែលសរសើរព្រះបានចំរើនដល់ជាងប្រាំមួយលាននាក់សព្វថ្ងៃនេះ ដែលភាគច្រើនចំនួននេះរួមចំណែកជា«មនុស្ស១ហ្វូងយ៉ាងធំ»។ ប្រាកដហើយ របស់ទ្រព្យនៃស្តេចយើងបានចំរើនកាន់តែច្រើនឡើងៗតាំងពីពិធីអភិសេករបស់ទ្រង់នៅឆ្នាំ១៩១៤!
២១. ក្នុងអត្ថបទសិក្សាបន្ទាប់ តើយើងនឹងពិនិត្យមើលរឿងប្រៀបប្រដូចពីរអ្វី?
២១ ពត៌មាននេះបង្ហាញថា អ្នកបំរើបានបង្ហាញភាព«ស្មោះត្រង់»និង«មានវិនិច្ឆ័យល្អ»។ ក្រោយពីព្រះយេស៊ូបានមានបន្ទូលអំពី«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»រួចហើយ ភ្លាមៗនោះទ្រង់បានមានបន្ទូលអំពីរឿងប្រៀបប្រដូចពីរដែលបញ្ជាក់ពីគុណសម្បត្ដិទាំងនេះ។ រឿងប្រៀបប្រដូចមួយអំពីស្រីព្រហ្មចារីខ្លះដែលមានគំនិតឬវិនិច្ឆ័យល្អ ហើយខ្លះល្ងង់ឬឥតគំនិត។ ហើយរឿងប្រៀបប្រដូចមួយទៀតអំពីប្រាក់ណែន។ (ម៉ាថាយ ២៥:១-៣០) យើងច្បាស់ជាឆ្ងល់មែន! តើរឿងប្រៀបប្រដូចទាំងនេះមានន័យអ្វីសំរាប់យើងសព្វថ្ងៃនេះ? យើងនឹងពិគ្រោះអំពីសំនួរនេះក្នុងអត្ថបទបន្ទាប់។
តើអ្នកគិតយ៉ាងណា?
• តើអ្នកណាខ្លះរួមចំណែកជា«អ្នកបំរើស្មោះត្រង់ ដែលមានវិនិច្ឆ័យល្អ»?
• តើ«ពួកផ្ទះ»ជាអ្នកណា?
• តើអ្នកបំរើស្មោះត្រង់បានត្រូវតាំងឲ្យត្រួតលើរបស់ទ្រព្យ ទាំងអស់របស់ចៅហ្វាយនៅពេលណា? ហើយហេតុអ្វីបានជាកើតឡើងនៅពេលនោះ?
• អស់ប៉ុន្មានទសវត្សរ៍កន្លងទៅថ្មីៗនេះ តើអ្នកណាបានជួយចំរើនរបស់ទ្រព្យនៃចៅហ្វាយ? ហើយតើតាមរបៀបណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១០]
ក្រុមអ្នកបំរើនៅសតវត្សរ៍ទីមួយបានបំពេញកិច្ចការរបស់ខ្លួនយ៉ាងស្មោះត្រង់