លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរពីអ្នកអាន

សំនួរពីអ្នកអាន

សំនួរ​ពី​អ្នក​អាន

តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​យល់​ព្រម​ទទួល​ការ​ព្យាបាល​ដោយ​ផលិតផល​ដែល​ចំរាញ់​ចេញ​ពី​ឈាម​ឬ​ទេ?

បើ​ឆ្លើយ​ឲ្យ​ចំ​ទៅ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ឡើយ។ យើង​ជឿ​ថា ច្បាប់​របស់​ព្រះ​ស្តី​អំពី​ឈាម​មិន​ប្រែប្រួល​តាម​ទស្សនៈ​ផ្សេងៗដែល​កែ​ប្រែ​ជានិច្ច​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ មាន​ចម្ងល់​ថ្មីៗលេច​ឡើង​ជានិច្ច​ជា​កាល ដោយសារ​សព្វ​ថ្ងៃ​នេះ​មនុស្ស​មាន​សមត្ថភាព​បែងចែក​នូវ​សារ​ធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម ឬ​រហូត​ដល់​បែងចែក​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗទាំង​នោះ​ទៅ​ទៀត។ ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​យើង​អាច​ព្រម​ទទួល​សារ​ធាតុ​ផ្សេងៗនៃ​ឈាម​បាន​ឬ​ក៏​អត់​នោះ គួរ​គប្បី​ឲ្យ​ជន​គ្រីស្ទាន​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​សិន ដោយ​មិន​គ្រាន់​តែ​គិត​អំពី​ប្រយោជន៍​ឬ​គ្រោះថ្នាក់​ខាង​សុខភាព​ប៉ុណ្ណោះ​ទេ។ ជន​គ្រីស្ទាន​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​ចែង​ទុក​ក្នុង​ព្រះ​គម្ពីរ ហើយ​អំពី​ឥទ្ធិពល​នៃ​ទង្វើ​នោះ​លើ​ចំណង​មេត្រីភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ​ដែល​មាន​ព្រះ​ចេស្ដា​បំផុត។

រឿង​សំខាន់ៗគឺ​ស្រួល​យល់។ ដើម្បី​ជួយ​ឲ្យ​យើង​ទទួល​ស្គាល់​នូវ​មូលហេតុ​ដែល​រឿង​សំខាន់ៗមិន​ពិបាក​យល់​នោះ សូម​ពិនិត្យ​មើល​ពត៌មាន​ខ្លះ​ដែល​ទាក់ទង​នឹង​ព្រះ​គម្ពីរ ប្រវត្ដិសាស្ត្រ និង​វេជ្ជសាស្ត្រ​ដែរ។

លោក​ណូអេ​ជា​បុព្វ​បុរស​នៃ​មនុស្ស​ទាំង​ឡាយ ហើយ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា មនុស្ស​ត្រូវ​ចាត់​ទុក​ឈាម​ជា​អ្វី​ដ៏​ពិសិដ្ឋ។ (លោកុប្បត្តិ ៩:៣, ៤) យូរ​ឆ្នាំ​ក្រោយ​មក ក្រិត្យ​ក្រម​ដែល​ព្រះ​ឲ្យ​ដល់​សាសន៍​អ៊ីស្រាអែល​នោះ​បាន​បង្ហាញ​ពី​ភាព​ពិសិដ្ឋ​នៃ​ឈាម​ដែរ៖ «ឯ​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា . . . ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ»។ បើ​ជន​អ៊ីស្រាអែល​ណា​ម្នាក់​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​ច្បាប់​របស់​ព្រះ នេះ​អាច​មាន​ឥទ្ធិពល​អាក្រក់​លើ​អ្នក​ឯ​ទៀត​ដែរ ដូច្នេះ​ទ្រង់​បាន​មាន​បន្ទូល​បន្ថែម​ថា ទ្រង់​នឹង«កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន»។ (លេវីវិន័យ ១៧:១០) យូរ​ឆ្នាំ​ក្រោយ​នោះ​ទៀត កាល​ដែល​មាន​កិច្ច​ប្រជុំ​នៅ​ឯ​ទី​ក្រុង​យេរូសាឡិម ពួក​សាវ័ក​និង​អ្នក​ចាស់​ទុំ​ឯ​ទៀត​បាន​ចេញ​បង្គាប់​ថា យើង​ត្រូវ‹ចៀស​វាង​ពី​ឈាម›។ ការ​ចៀស​វាង​ពី​ឈាម​ជា​ការ​ចាំបាច់ស្មើ​នឹង​ការ​ចៀស​វាង​ពី​អំពើ​អសីលធម៌​ខាង​កាម​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែរ។—កិច្ចការ ១៥:២៨, ២៩

នៅ​ជំនាន់​នោះ តើ​ការ«ចៀស​វាង»ពី​ឈាម​រួម​បញ្ចូល​អ្វី​ខ្លះ? ជន​គ្រីស្ទាន​មិន​បាន​បរិភោគ​ឈាម​ឡើយ មិន​ថា​ឈាម​រាវ​ឬ​ឈាមកក​ក្ដី ហើយ​ពួក​គេ​ក៏​មិន​បាន​បរិភោគ​សាច់​នៃ​សត្វ​ដែល​សម្លាប់​ដោយ​មិន​សម្រក់​ឈាម​ចេញ​ដែរ។ ពួក​គេ​ក៏​មិន​អាច​បរិភោគ​អាហារ​ដែល​មាន​ដាក់​លាយ​ឈាម ដូច​ជា​សាច់​ក្រក​ម្យ៉ាង​ដែល​មាន​ដាក់​ឈាមកក​នៅ​ក្នុង​នោះ។ ការ​ទទួល​ទាន​ឈាម​តាម​វិធី​ណា​ក៏​ដោយ​នោះ គឺ​ជា​ការ​បំពាន​លើ​ច្បាប់​របស់​ព្រះ។—សាំយូអែលទី១ ១៤:៣២, ៣៣

ដោយ​ពិនិត្យ​មើល​សំនេរ​របស់​លោក​ធើធូលាន (ពី​សតវត្សរ៍​ទីពីរ​និង​ទី​បី ស.យ.) យើង​អាច​យល់​ដឹង​ថា មនុស្ស​ភាគ​ច្រើន​ពី​សម័យ​បុរាណ​នោះ​មិន​ទើសទាល់​នឹង​ការ​បរិភោគ​ឈាម​សោះ​ឡើយ។ នៅ​គ្រា​នោះ​មាន​ការ​ចោទ​ប្រកាន់​មិន​ពិត​ថា ពួក​គ្រីស្ទាន​ជា​អ្នក​បរិភោគ​ឈាម ដូច្នេះ​លោក​ធើធូលាន​បាន​សរសេរ​តប​ទៅ​វិញ​ដោយ​ពន្យល់​ថា មាន​មនុស្ស​ក្រុម​ផ្សេងៗមែន ដែល​ចុះ​កិច្ច​សន្យា​ដោយ​ភ្លក់​ឈាម។ លោក​ក៏​បាន​កត់​សម្គាល់​ថា «កាល​ណា​មាន​ការ​សម្ដែង​នៅ​ឯ​សៃវៀន [មនុស្ស​ខ្លះ]ស្រេក​ឃ្លាន​ចង់​ផឹក​ឈាម​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ខំ​ត្រង​ឈាម​ដែល​ហូរ​ចេញ​ពី​អ្នក​ទោស . . . ជា​វិធី​ព្យាបាល​ជំងឺ​ឆ្កួត​ជ្រូក»។

ការ​ប្រព្រឹត្ត​នោះ (មិន​ថា​ជនជាតិ​រ៉ូម​ធ្វើ​ដូច្នេះ​ដើម្បី​ព្យាបាល​ជំងឺ​ក៏​ដោយ) ជា​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​សំរាប់​ជន​គ្រីស្ទាន​វិញ ដ្បិត​លោក​ធើធូលាន​បាន​សរសេរ​ថា៖ «ក្នុង​ចំណី​អាហារ​របស់​យើង យើង​ក៏​មិន​បរិភោគ​ឈាម​សត្វ​ទាល់តែ​សោះ»។ ជនជាតិ​រ៉ូម​បាន​ល្បងល​ជំនឿ​របស់​ពួក​គ្រីស្ទាន​ពិត​ដោយ​ឲ្យ​គេ​បរិភោគ​អាហារ​ដែល​មាន​លាយ​ឈាម។ លោក​ធើធូលាន​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សូម​សួរ បើ​អ្នក​ដឹង​ប្រាកដ[ថា​ពួក​គ្រីស្ទាន]នឹង​ចៀស​ចេញ​ពី​ឈាម​សត្វ​ទាំង​ខ្ពើម​ឆ្អើម​នោះ តើ​ដូច​ម្ដេច​បាន​ជា​អ្នក​គិត​ថា​ពួក​គេ​ស្រេក​ឃ្លាន​ចង់​ផឹក​ឈាម​មនុស្ស​ទៅ​វិញ?»។

សព្វ​ថ្ងៃ​នេះ កាល​ណា​គ្រូ​ពេទ្យ​ជូន​យោបល់​ឲ្យ​មនុស្ស​ទទួល​ឈាម​នោះ កម្រ​ណាស់​ដែល​មនុស្ស​គិត​ថា នេះ​អាច​បំពាន​លើ​ច្បាប់​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​រស់​បន្ត​ទៅ​ទៀត​មែន តែ​យើង​ក៏​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ឈាម​ដែរ។ តើ​តម្រូវ​ការ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ ស្តី​អំពី​វិធី​ព្យាបាល​ពេល​ថ្មីៗនេះ?

ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី២ ពេល​ដែល​ការ​ចាក់​បញ្ចូល​ឈាម​បាន​ក្លាយ​ជា​វិធី​ព្យាបាល​ធម្មតា នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​យល់​ថា ទង្វើ​នោះ​ប្រាស​ចាក​ច្បាប់​របស់​ព្រះ ហើយ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​នៅ​តែ​ជឿ​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក វិធី​ព្យាបាល​ជំងឺ​បាន​ប្រែប្រួល​ច្រើន​ណាស់។ សព្វ​ថ្ងៃ​នេះ ពេល​ដែល​គេ​ចាក់​បញ្ចូល​ឈាម​នោះ តាម​ធម្មតា​មិន​មែន​ជា​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ​ទេ តែ​ជា​ការ​ចាក់​បញ្ចូល​តែ​ធាតុ​មួយ​នៃ​សារ​ធាតុ​សំខាន់ៗនៃ​ឈាម ពោល​គឺ៖ (១) គោលិកា​ក្រហម (២) គោលិកា​ស (៣) ផ្លា​កែ​ត (តាម​ភាសា​បារាំង plaquettes) និង(៤) ផ្លា​ស្មា (ធាតុ​រាវ​នៃ​ឈាម តាម​ភាសា​អង់គ្លេស plasma)។ ស្រេច​ទៅ​លើ​អ្វី​ដែល​អ្នក​ជំងឺ​ត្រូវ​ការ​នោះ វេជ្ជបណ្ឌិត​ប្រហែល​ជា​នឹង​បង្គាប់​ឲ្យ​ចាក់​បញ្ចូល​គោលិកា​ក្រហម គោលិកា​ស ផ្លា​កែ​ត ឬ​ផ្លា​ស្មា​តែ​ប៉ុណ្ណោះ។ ការ​ចាក់​បញ្ចូល​ធាតុ​តែ​មួយ​ប៉ុណ្ណោះ​នៃ​សារ​ធាតុ​សំខាន់ៗទាំង​នេះ​នៃ​ឈាម​បាន​ន័យ​ថា ឈាម​មួយ​ផ្លោក​អាច​បែងចែក​បញ្ចូល​ទៅ​ក្នុង​អ្នក​ជំងឺ​ច្រើន​នាក់​ទៀត។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តែ​ជឿ​ថា ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ​ឬ​ធាតុ​ណា​មួយ​ពី​សារ​ធាតុ​សំខាន់ៗទាំង​បួន​នៃ​ឈាម គឺ​ជា​ការ​បំពាន​លើ​ច្បាប់​របស់​ព្រះ។ ហើយ​នេះ​ក៏​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា ការ​ធ្វើ​តាម​ព្រះ​គម្ពីរ​ក្នុង​ករណី​នេះ​បាន​ការពារ​ពួក​គេ​ពី​គ្រោះថ្នាក់​ជា​ច្រើន រួម​ទាំង​ជំងឺ​ដូច​ជា​រោគ​រលាក​ថ្លើម​និង​ជំងឺ​អេដស៍​ដែល​អាច​ឆ្លង​តាម​ឈាម​បាន។

ក៏​ប៉ុន្តែ ដោយសារ​គេ​អាច​ចំរាញ់​ធាតុ​ផ្សេងៗទៀត​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម​សុទ្ធ នោះ​ក៏​មាន​សំនួរ​អំពី​ធាតុ​ផ្សេងៗទាំង​នេះ​ផង​ដែរ។ តើ​វេជ្ជសាស្ត្រ​ប្រើ​ធាតុ​ផ្សេងៗទាំង​នេះ​យ៉ាង​ណា? ហើយ​តើ​ជន​គ្រីស្ទាន​គួរ​គិត​ពិចារណា​អំពី​អ្វី មុន​នឹង​សម្រេច​ចិត្ត​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម?

ឈាម​ជា​សារ​ធាតុ​ស្មុគស្មាញ​ណាស់។ សូម្បី​តែ​ផ្លា​ស្មា​ប៉ុណ្ណោះ​ដែល​៩០​ភាគ​រយ​នោះ​សុទ្ធតែ​ទឹក ក៏​មាន​អរ​ម៉ូន​យ៉ាង​ច្រើន ហើយ​រួម​មាន​អំបិល​ម្យ៉ាង (ភាសា​អង់គ្លេស​ហៅ​ថា inorganic salts) ហើយ​អង់ស៊ីម (តាម​ភាសា​បារាំង enzyme) និង​អ្វីៗដែល​ទ្រទ្រង់​ជីវិត ដូច​ជា​ធាតុ​រ៉ែ​និង​ជាតិ​ស្ករ​ជា​ដើម។ បន្ថែម​ទៅ​ទៀត នៅ​ក្នុង​ផ្លា​ស្មា​មាន​ប្រូតេអ៊ីន​ផ្សេងៗ (តាម​ភាសា​បារាំង protéines) ដូច​ជា​អាល់ប៊ុយមីន (តាម​ភាសា​បារាំង albumine) កត្ដា​ដែល​ធ្វើ​ឲ្យ​ឈាមកក និង​អង់ទីគ័រ (តាម​ភាសា​បារាំង anticorps ភាសា​អង់គ្លេស​ហៅ​ថា antibodies) ដែល​តទល់​នឹង​មេ​រោគ។ អ្នក​បច្ចេកទេស​ក៏​បែងចែក​នូវ​ប្រូតេអ៊ីន​ផ្សេងៗជា​ច្រើន​ដែល​ចំរាញ់​ចេញ​ពី​ផ្លា​ស្មា។ ជា​ឧទាហរណ៍ មាន​អ្វី​ដែល​ហៅ​ថា កត្ដា​ទី៨​ដែល​គេ​ប្រើ​សំរាប់​មនុស្ស​ដែល​មាន​ជំងឺ​ឈាម​មិន​កក ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ឈាមកក​វិញ។ ឬ​បើ​មនុស្ស​ណា​ម្នាក់​មុខ​ជា​នឹង​កើត​ជំងឺ​ដោយ​ឆ្លង​ពី​អ្នក​ដទៃ​នោះ វេជ្ជបណ្ឌិត​ប្រហែល​ជា​បង្គាប់​ឲ្យ​ចាក់​ហ្គាម៉ាគ្លោប៊ុយលិន (តាម​ភាសា​បារាំង gamma globulines) ដែល​ចំរាញ់​ចេញ​ពី​ផ្លា​ស្មា​ក្នុង​ឈាម​នៃ​មនុស្ស​ដែល​ស៊ាំ​នឹង​ជំងឺ​នោះ។ មាន​ប្រូតេអ៊ីន​ផ្សេងៗទៀត​ដែល​ចំរាញ់​ចេញ​ពី​ផ្លា​ស្មា ដែល​គេ​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ ប៉ុន្តែ​យើង​បាន​លើក​ឧទាហរណ៍​ខាង​លើ​នេះ​ដើម្បី​បង្ហាញ​ពី​របៀប​ចំរាញ់​ចេញ​នូវ​ធាតុ​ផ្សេងៗពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម ដូច​ជា​ផ្លា​ស្មា​ជា​ដើម។ *

គេ​មិន​គ្រាន់​តែ​ចំរាញ់​ធាតុ​ផ្សេងៗចេញ​ពី​ផ្លា​ស្មា​ប៉ុណ្ណោះ​ទេ តែ​អាច​ចំរាញ់​ធាតុ​ដ៏​តូច​ផ្សេងៗទៀត​ចេញ​ពី​សារ​ធាតុ​សំខាន់ៗឯ​ទៀត​នៃ​ឈាម​ដែរ (គោលិកា​ក្រហម គោលិកា​ស និង​ផ្លា​កែ​ត)។ ជា​ឧទាហរណ៍ គេ​អាច​ចំរាញ់​អ៊ិនធើហ្វីរ៉ុន (តាម​ភាសា​អង់គ្លេស interferons) និង​អ៊ិនធើលូគិន (តាម​ភាសា​អង់គ្លេស interleukins) ចេញ​ពី​គោលិកា​ស​ក្នុង​ឈាម ដែល​គេ​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​និង​ជំងឺ​ខ្លះ​ដែល​បណ្ដាល​មក​ពី​វីរុស។ កត្ដា​ដែល​ជួយ​ធ្វើ​ឲ្យ​របួស​ឆាប់​សះ​នោះ គឺ​ដោយសារ​ធាតុ​ដែល​គេ​ចំរាញ់​ចេញ​ពី​ផ្លា​កែ​ត​នៃ​ឈាម។ ហើយ​ក៏​មាន​ការ​ផលិត​ថ្នាំ​ពេទ្យ​ផ្សេងៗទៀត​ដែល (មុន​ដំបូង) ផ្សំ​ដោយ​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗ​នៃ​ឈាម។ វិធី​ព្យាបាល​បែប​នេះ​មិន​មែន​ជា​ការ​ចាក់​បញ្ចូល​សារ​ធាតុ​សំខាន់ៗនៃ​ឈាម​ទេ តែ​ទាក់ទង​នឹង​ធាតុ​ដ៏​តូច​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗទាំង​នោះ​វិញ។ តើ​ពួក​គ្រីស្ទាន​អាច​ព្រម​ទទួល​ការ​ព្យាបាល​ដោយ​ផលិតផល​ដែល​ចំរាញ់​ចេញ​ពី​ឈាម​ឬ​ទេ? អ្នក​បោះ​ពុម្ព​មិន​ហ៊ាន​ឆ្លើយ​ទេ។ ព្រះ​គម្ពីរ​មិន​ប្រាប់​ចំណុច​ល្អិតល្អន់​ទាំង​អស់​ទេ ដូច្នេះ​នៅ​ចំពោះ​ព្រះ​គ្រីស្ទាន​ម្នាក់ៗត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង ហើយ​ស្រប​ទៅ​តាម​មនសិការ​របស់​ខ្លួន។

ជន​គ្រីស្ទាន​ខ្លះ​មិន​ព្រម​ទទួល​ឡើយ​នូវ​អ្វីៗដែល​ចំរាញ់​ចេញ​ពី​ឈាម (សូម្បី​តែ​ធាតុ​ដ៏​តូច​ផ្សេងៗដែល​គេ​ប្រើ​ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​ការពារ​សារពាង្គ​កាយ​មួយ​រយៈ​ក៏​ដោយ)។ នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ស្តី​អំពី​ច្បាប់​របស់​ព្រះ​ដែល​ថា ត្រូវ‹ចៀស​វាង​ពី​ឈាម›។ ជន​គ្រីស្ទាន​ខ្លះ​វែកញែក​ថា ច្បាប់​ដែល​ព្រះ​ឲ្យ​សាសន៍​អ៊ីស្រាអែល​នោះ តម្រូវ​ឲ្យ​គេ‹ចាក់​ឈាម​ចោល​ទៅ​លើ​ដី› ពេល​ដែល​បង្ហូរ​ឈាម​ចេញ​ពី​សត្វ។ (ចោទិយកថា ១២:២២​-​២៤) ហេតុ​អ្វី​ក៏​គួរ​ឲ្យ​គិត​អំពី​គោលការណ៍​មួយ​នេះ? គឺ​ពីព្រោះ​ពេល​ដែល​គេ​ផលិត​កត្ដា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ឈាមកក និង​ហ្គាម៉ាគ្លោប៊ុយលិន​ជា​ដើម នេះ​តម្រូវ​ឲ្យ​បូម​ឈាម ព្រម​ទាំង​កែ​ប្រែ​លក្ខណៈ​នៃ​សារ​ធាតុ​ឈាម​នោះ។ អាស្រ័យ​ហេតុ​នេះ ជន​គ្រីស្ទាន​ខ្លះ​បដិសេធ​នឹង​អ្វីៗដែល​ត្រូវ​ផលិត​តាម​របៀប​នោះ ដូច​ជា​បដិសេធ​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ​ឬ​សារ​ធាតុ​សំខាន់ៗទាំង​បួន​នៃ​ឈាម​ដែរ។ អ្នក​ដទៃ​គួរ​គោរព​សិទ្ធិ​របស់​អ្នក​ទាំង​នេះ ដែល​ធ្វើ​ការ​សម្រេច​ស្មោះ​ពី​ចិត្ត​ហើយ​ស្រប​ទៅ​តាម​មនសិការ​របស់​ខ្លួន។

ជន​គ្រីស្ទាន​ឯ​ទៀត​ក៏​សម្រេច​ចិត្ត​ផ្សេង​ដែរ។ ពួក​គេ​ក៏​បដិសេធ​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ គោលិកា​ក្រហម គោលិកា​ស ផ្លា​កែ​ត និង​ផ្លា​ស្មា។ ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​គ្រូ​ពេទ្យ​ប្រើ​វិធី​ព្យាបាល​ឬ​ប្រើ​ថ្នាំ​ដែល​ផ្សំ​ដោយ​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម។ រីឯ​វិធី​ព្យាបាល​ផ្សេងៗទាំង​នេះ អ្នក​ខ្លះ​ក៏​ប្រហែល​ជា​មាន​ការ​សម្រេច​ចិត្ត​ខុសៗគ្នា​ដែរ។ ជន​គ្រីស្ទាន​ម្នាក់​ប្រហែល​ជា​យល់​ព្រម​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​បញ្ចូល​ហ្គាម៉ាគ្លោប៊ុយលិន ប៉ុន្តែ​ប្រហែល​ជា​មិន​ព្រម​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​បញ្ចូល​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​គោលិកា​ក្រហម​ឬ​គោលិកា​ស​ទេ។ យ៉ាង​ណា​ក្ដី បើ​សរុប​សេចក្ដី ជន​គ្រីស្ទាន​ខ្លះ​សម្រេច​ចិត្ត​ទទួល​ការ​ព្យាបាល​ឬ​ប្រើ​ថ្នាំ​ដែល​ធ្វើ​ពី​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម តើ​ដោយ​អាស្រ័យ​លើ​មូលហេតុ​អ្វី?

អត្ថបទ«សំនួរ​ពី​អ្នក​អាន»ក្នុង​ទស្សនាវដ្ដី​ប៉មយាម ភាសា​អង់គ្លេស​និង​បារាំង ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៩០ បាន​កត់​សម្គាល់​ថា ប្រូតេអ៊ីន​ដែល​នៅ​ក្នុង​ផ្លា​ស្មា (ពោល​គឺ​ធាតុ​ម្យ៉ាង​ដែល​នៅ​ក្នុង​សារ​ធាតុ​សំខាន់​នៃ​ឈាម) អាច​ឆ្លង​កាត់​ឈាម​ស្ត្រី​ដែល​មាន​គភ៌ ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម​នៃ​ទារក ដែល​ប្រព័ន្ធ​សរសៃ​ឈាម​ទាំង​ពីរ​នេះ​គឺ​ផ្សេង​ពី​គ្នា។ យ៉ាង​នេះ ម្ដាយ​អាច​ផ្ដល់​អ៊ី​មុយណូគ្លោប៊ុយលិន (តាម​ភាសា​បារាំង immunoglobuline) ដល់​កូន​បាន ដែល​មាន​តម្លៃ​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ។ ម្យ៉ាង​ទៀត នៅ​ពេល​ដែល​គោលិកា​ក្រហម​នៃ​ទារក​ហួស​កំណត់​អាយុ ផ្នែក​ដែល​ដឹក​នាំ​អុកស៊ីសែន​នោះ​ក៏​ប្រែ​ក្លាយ ខ្លះ​ក្លាយ​ជា​ប៊ី​លី​រូប៉ិន (តាម​ភាសា​បារាំង bilirubine) ជា​ធាតុ​ដែល​ឆ្លង​កាត់​សុក ហើយ​ត្រូវ​បញ្ចេញ​ចោលជា​មួយ​នឹង​លា​មក​របស់​ម្ដាយ។ ដោយសារ​ធាតុ​ដ៏​តូច​ផ្សេងៗដែល​ចំរាញ់​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម​អាច​ឆ្លង​ទៅ​ម្ដាយ​ឬ​ទារក​បាន​តាម​ក្រិត្យ​ក្រម​ធម្មជាតិ​នោះ ជន​គ្រីស្ទាន​ខ្លះ​សន្និដ្ឋាន​ថា ពួក​គេ​អាច​ព្រម​ទទួល​ការ​ព្យាបាល​ឬ​ប្រើ​ថ្នាំ​ដែល​ធ្វើ​ពី​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​ផ្លា​ស្មា​ឬ​គោលិកា​ឈាម។

ដោយសារ​មនុស្ស​ម្នាក់ៗមាន​ទស្សនៈ​និង​ការ​សម្រេច​ចិត្ត​ខុស​ពី​គ្នា​នោះ តើ​នេះ​បាន​ន័យ​ថា​រឿង​នេះ​មិន​សំខាន់​ឬ? មិន​មែន​ដូច្នេះ​ទេ! រឿង​នេះ​គឺ​សំខាន់​ណាស់! យ៉ាង​ណា​ក៏​ដោយ រឿង​ទាក់ទង​នឹង​ឈាម​ក៏​មាន​គោល​សំខាន់​ដែល​មិន​ពិបាក​យល់​ទេ។ ពត៌មាន​ខាង​លើ​នេះ​បង្ហាញ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បដិសេធ​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ និង​សារ​ធាតុ​សំខាន់ៗនៃ​ឈាម។ ព្រះ​គម្ពីរ​បង្គាប់​ពួក​គ្រីស្ទាន​ឲ្យ​‹ចៀស​វាង​ពី​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ ហើយ​ពី​ឈាម និង​ពី​សេចក្ដី​កំផិត›។ (កិច្ចការ ១៥:២៩) ក្រៅ​ពី​ចំណុច​ទាំង​នេះ កាល​ណា​ទាក់ទង​នឹង​ធាតុ​ដ៏​តូច​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម នោះ​ជន​គ្រីស្ទាន​ម្នាក់ៗត្រូវ​សម្រេច​ចិត្ត​ឲ្យ​ស្រប​តាម​មនសិការ​របស់​ខ្លួន ដោយ​បាន​អធិស្ឋាន​និង​រំពឹង​គិត​យ៉ាង​វែង​ឆ្ងាយ​អំពី​រឿង​នេះ​ជា​មុន​សិន។

មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​ទទួល​ការ​ព្យាបាល​ឬ​ថ្នាំ​ណា​ដែល​អាច​ជួយ​ឲ្យ​ជា​សះ​ស្បើយ​ភ្លាមៗ សូម្បី​តែ​ការ​ព្យាបាល​ដែល​គេ​ដឹង​ថា​អាច​មាន​គ្រោះថ្នាក់​ក៏​ដោយ ដូច​ជា​ការ​ប្រើ​ផលិតផល​ដែល​ធ្វើ​ពី​ឈាម។ ជន​គ្រីស្ទាន​ដែល​មាន​ចិត្ត​ស្មោះ​នោះ ខំ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ទូលំទូលាយ​ហើយ​មាន​តុល្យភាព ដែល​មិន​គ្រាន់​តែ​ទាក់ទង​នឹង​រូប​រាង​កាយ​ប៉ុណ្ណោះ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អបអរ​នឹង​ការ​ប្រឹងប្រែង​របស់​វេជ្ជសាស្ត្រ​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​ក៏​ថ្លឹង​ថ្លែង​នូវ​ផល​ប្រយោជន៍​និង​គ្រោះថ្នាក់​ពី​វិធី​ព្យាបាល​ផ្សេងៗដែរ។ ក៏​ប៉ុន្តែ រឿង​ដែល​ទាក់ទង​នឹង​ផលិតផល​ដែល​ចំរាញ់​ចេញ​ពី​ឈាម​វិញ នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល​របស់​ព្រះ និង​ចំណង​មេត្រីភាព​របស់​ខ្លួន​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​អង្គ​ដែល​ប្រទាន​ជីវិត។—ទំនុកដំកើង ៣៦:៩

បណ្ដា​គ្រីស្ទាន​មាន​ពរ​វិសេស​មែន ដោយ​មាន​ទំនុក​ចិត្ត​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​បាន​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះ​អាទិត្យ​ហើយ​ជា​ខែល ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ផ្ដល់​ព្រះ​គុណ ព្រម​ទាំង​កិត្ដិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី​ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀងត្រង់​ឡើយ។ ឱ​ព្រះ​យេហូវ៉ា . . . អើយ! មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ»។—ទំនុកដំកើង ៨៤:១១, ១២

[កំណត់​សម្គាល់]

^ វគ្គ 12 សូម​មើល«សំនួរ​ពី​អ្នក​អាន»ក្នុង​ទស្សនាវដ្ដី​ប៉មយាម ឆ្នាំ​១៩៧៨ ភាសា​អង់គ្លេស​ចុះ​ថ្ងៃ​ទី១៥ ខែ​មិថុនា ភាសា​បារាំង​ចុះ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ហើយ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៩៤ (ជា​ភាសា​អង់គ្លេស​និង​បារាំង)។ ក្រុម​ហ៊ុន​ដែល​ផលិត​ថ្នាំ​ពេទ្យ​បាន​បង្កើត​ថ្នាំ​ខ្លះ​ពី​ធាតុ​គីមី​ដែល​មិន​ចំរាញ់​ចេញ​ពី​ឈាម​ទេ ហើយ​អាច​ប្រើ​ក្នុង​ការ​ព្យាបាល​ជំនួស​ធាតុ​ផ្សេងៗដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម​ដែល​ធ្លាប់​ប្រើ​ពី​មុន។

[ប្រអប់​នៅ​ទំព័រ​៣០]

សំនួរ​ដែល​យើង​អាច​សួរ​គ្រូ​ពេទ្យ

ប្រសិន​បើ​អ្នក​ត្រូវ​ទទួល​ការ​ព្យាបាល​ឬ​ត្រូវ​វះកាត់ ដែល​ប្រហែល​ជា​តម្រូវ​ឲ្យ​ប្រើ​ផលិតផល​ដែល​ចំរាញ់​ចេញ​ពី​ឈាម សូម​សួរ​ថា៖

តើ​បុគ្គលិក​ពេទ្យ​ទាំង​អស់​គ្នា​ដឹង​ហើយ​ឬ​នៅ ថា​ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ខ្ញុំ​សូម​បង្គាប់​ថា កុំ​ចាក់​បញ្ចូល​ឈាម​ឲ្យ​សោះ (រួម​ទាំង​ឈាម​សុទ្ធ គោលិកា​ក្រហម គោលិកា​ស ផ្លា​កែ​ត និង​ផ្លា​ស្មា) មិន​ថា​មាន​កាលៈទេសៈ​ណា​ក៏​ដោយ​នោះ?

បើ​គ្រូ​ពេទ្យ​ចង់​ប្រើ​ថ្នាំ​ដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​ណា​មួយ​នៃ​ឈាម មិន​ថា​ផ្លា​ស្មា ផ្លា​កែ​ត គោលិកា​ក្រហម ឬ​គោលិកា​ស​ក្ដី សូម​សួរ​ថា៖

តើ​ថ្នាំ​នេះ​បាន​ត្រូវ​ផលិត​ពី​សារ​ធាតុ​សំខាន់ៗណា​មួយ​នៃ​ឈាម​ឬ​ទេ? បើ​ដូច្នេះ​មែន សូម​ឲ្យ​គ្រូ​ពេទ្យ​ពន្យល់​ថា តើ​ថ្នាំ​នេះ​ផ្សំ​ពី​អ្វី​ខ្លះ?

បើ​ខ្ញុំ​ព្រម​ទទួល​ថ្នាំ​នេះ​ដែល​ចំរាញ់​មក​ពី​ឈាម តើ​នឹង​ប្រើ​ថ្នាំ​នេះ​ច្រើន​ប៉ុន​ណា? ហើយ​តាម​របៀប​ណា?

ប្រសិន​បើ​មនសិការ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រម​ទទួល​ធាតុ​ផ្សេងៗនេះ​ដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម តើ​អាច​មាន​គ្រោះថ្នាក់​ឬ​មាន​ប្រតិកម្ម​ក្នុង​ការ​ព្យាបាល​នេះ​ឬ​ទេ?

ប្រសិន​បើ​មនសិការ​ខ្ញុំ​មិន​ឲ្យ​ទទួល​យក​ធាតុ​ផ្សេងៗនេះ​ដែល​ចំរាញ់​ចេញ​ពី​សារ​ធាតុ​សំខាន់ៗនៃ​ឈាម តើ​គ្រូ​ពេទ្យ​អាច​ប្រើ​វិធី​ព្យាបាល​ណា​ទៀត?

ខ្ញុំ​សូម​គិត​ពិចារណា​សិន។ តើ​ខ្ញុំ​អាច​ជួប​គ្រូ​ពេទ្យ​នៅ​ថ្ងៃ​ណា​ទៀត ដើម្បី​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ?