លោតទៅអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

ពាក្យ​«​អ្នក​ដែល​មិន​ជឿ​»​នៅ​ក្នុង​កូរិនថូស​ទី​២ ៦:១៤ តើ​ប៉ូល​សំដៅ​ទៅ​អ្នក​ណា?

នៅ​កូរិនថូស​ទី​២ ៦:១៤​ចែង​ថា​៖​«​កុំ​ផ្សំផ្គុំ​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​ឡើយ​»។ បើ​យើង​មើល​បរិបទ យើង​ឃើញ​ថា​ពាក្យ​«​អ្នក​ដែល​មិន​ជឿ​»​ ប៉ូល​ចង់​សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មិន​រួម​ចំណែក​ជា​មួយ​នឹង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ក្នុង​ខ​គម្ពីរ​ឯ​ទៀត ប៉ូល​ក៏​ប្រើ​ពាក្យ​អស់​«​អ្នក​មិន​ជឿ​»​ដែរ ហើយ​នេះ​គាំទ្រ​ការ​យល់​ដឹង​នៅ​ខាង​ដើម។

ជា​ឧទាហរណ៍ ប៉ូល​បាន​ស្ដី​បន្ទោស​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​ប្ដឹង​ផ្ដល់​គ្នា​នៅ​តុលាការ ហើយ​ឈរ​នៅ​មុខ​«​ពួក​អ្នក​មិន​ជឿ​»។ (​កូរិនថូស​ទី​១ ៦:៦​) ពាក្យ​«​ពួក​អ្នក​មិន​ជឿ​»​សំដៅ​ទៅ​លើ​ចៅ​ក្រម​ដែល​បម្រើ​ក្នុង​តុលាការ​ក្នុង​ក្រុង​កូរិនថូស។ ក្នុង​សំបុត្រ​ទី​២ ប៉ូល​សរសេរ​ថា​សាថាន​«​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត​»។ គំនិត​ពួក​អ្នក​មិន​ជឿ​បាន​ត្រូវ​គ្រប​បាំង​ដោយ​«​ស្បៃ​»​ពី​ដំណឹង​ល្អ។ ពួក​គេ​គ្មាន​បំណង​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ដូច​ប៉ូល​បាន​ពន្យល់​ថា​៖​«​ពេល​ដែល​ពួក​គេ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ស្បៃ​នោះ​ក៏​ត្រូវ​ដក​ចេញ​»។—កូរិនថូស​ទី​២ ៣:១៦; ៤:៤

ពួក​អ្នក​មិន​ជឿ​ខ្លះ​រួម​បញ្ចូល​ពួក​អ្នក​ទទឹង​ច្បាប់​ឬ​ពួក​អ្នក​គោរព​បូជា​រូប​ព្រះ។ (​កូរិនថូស​ទី​២ ៦:១៥, ១៦​) ប៉ុន្តែ មិន​មែន​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ប្រឆាំង​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នោះ​ទេ។ អ្នក​ខ្លះ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​សេចក្ដី​ពិត។ ពួក​គេ​ជា​ច្រើន​នាក់​មាន​គូ​អាពាហ៍ពិពាហ៍​ជា​គ្រិស្ត​សាសនិក ហើយ​ពួក​គេ​សប្បាយ​រួម​រស់​ជា​មួយ​គូ​របស់​ខ្លួន។ (​កូរិនថូស​ទី​១ ៧:១២​-​១៤; ១០:២៧; ១៤:២២​-​២៥; ពេត្រុស​ទី​១ ៣:១, ២​) ប៉ុន្តែ ពេល​ប៉ូល​ប្រើ​ពាក្យ​«​អ្នក​ដែល​មិន​ជឿ​»​ គាត់​តែង​តែ​សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មិន​រួម​ចំណែក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ដែល​មាន​សុទ្ធ​តែ​«​អ្នក​ជឿ​លោក​ម្ចាស់​»។—សកម្មភាព ២:៤១; ៥:១៤; ៨:១២, ១៣

គោល​ការណ៍​នៅ​កូរិនថូស​ទី​២ ៦:១៤ ជា​គោល​ការណ៍​ល្អ​សម្រាប់​ណែនាំ​គ្រិស្ត​សាសនិក​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត។ គោល​ការណ៍​នេះ​ក៏​មាន​ប្រយោជន៍​សម្រាប់​គ្រិស្ត​សាសនិក​ដែល​ចង់​រៀប​ការ​ដែរ។ (​ម៉ាថាយ ១៩:៤​-​៦​) ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា ដែល​គ្រិស្ត​សាសនិក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​នឹង​មិន​រៀប​ការ​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​ទេ ព្រោះ​ពួក​គេ​មាន​គោល​ដៅ ខ្នាត​តម្រា និង​ជំនឿ​ខុស​គ្នា​ឆ្ងាយ​ណាស់។

ចុះ​យ៉ាង​ណា​អ្នក​ដែល​រៀន​គម្ពីរ ហើយ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជា​ទៀង​ទាត់? ចុះ​ចំណែក​ឯ​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក? តើ​ពួក​គេ​ជា​អ្នក​ដែល​មិន​ជឿ​ដែរ​ឬ? មិន​មែន​ទេ។ អស់​អ្នក​ដែល​ទទួល​យក​សេចក្ដី​ពិត​ពី​ដំណឹង​ល្អ ហើយ​រីក​ចម្រើន​ឈាន​ទៅ​ដល់​ការ​ទទួល​ការ​ជ្រមុជ​ទឹក មិន​ត្រូវ​ហៅ​ថា​អ្នក​ដែល​មិន​ជឿ​នោះ​ទេ។ (​រ៉ូម ១០:១០; កូរិនថូស​ទី​២ ៤:១៣​) ជា​ឧទាហរណ៍ កូនេលាស​បាន​ត្រូវ​ហៅ​ថា​«​អ្នក​គោរព​កោត​ខ្លាច​ព្រះ​»​ មុន​គាត់​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ទៀត។—សកម្មភាព ១០:២

ដោយ​សារ​ឱវាទ​របស់​ប៉ូល​នៅ​ក្នុង​កូរិនថូស​ទី​២ ៦:១៤ មិន​សំដៅ​ចំ​ៗ​ទៅ​លើ​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក តើ​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​ទេ បើ​គ្រិស្ត​សាសនិក​ម្នាក់​ស្វែង​យល់​ចិត្ត​គ្នា ហើយ​មាន​គម្រោង​រៀប​ការ​ជា​មួយ​អ្នក​ផ្សាយ​នោះ? នោះ​គឺ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ។ ហេតុ​អ្វី? ពីព្រោះ​ប៉ូល​បាន​ឲ្យ​ឱវាទ​ចំ​ៗ​ទៅ​គ្រិស្ត​សាសនិក​ដែល​ជា​ស្ត្រី​មេម៉ាយ​ថា​៖​«​នាង​មាន​សេរី​ភាព​អាច​រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់​»។ (​កូរិនថូស​ទី​១ ៧:៣៩​) ស្រប​តាម​ឱវាទ​នេះ គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​រៀប​ការ​តែ​ជា​មួយ​«​អ្នក​កាន់​តាម​លោក​ម្ចាស់​»​ប៉ុណ្ណោះ។

នៅ​រ៉ូម ១៦:៨​-​១០ ប្រើ​ពាក្យ​«​ក្នុង​គ្រិស្ត​»​ ហើយ​នៅ​កូឡុស ៤:៧ ប្រើ​ពាក្យ​«​របស់​លោក​ម្ចាស់​»។ តើ​ពាក្យ​ទាំង​នោះ​មាន​ន័យ​យ៉ាង​ណា? បើ​អ្នក​អាន​ខ​ទាំង​នោះ អ្នក​នឹង​ឃើញ​ថា​ឃ្លា​ទាំង​ពីរ​នោះ​សំដៅ​ទៅ​លើ​«​អ្នក​រួម​ការ​ងារ​»​«​អ្នក​ស្មោះ​ត្រង់​»​«​បង​ប្អូន​ជា​ទី​ស្រឡាញ់​»​«​អ្នក​បម្រើ​ស្មោះ​ត្រង់​»​និង‹ខ្ញុំ​បម្រើ​គ្នី​គ្នា›។

តើ​ពេល​ណា​បុគ្គល​ម្នាក់​ក្លាយ​ទៅ​ជា​«​ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​»​? គឺ​ពេល​ដែល​គាត់​សុខ​ចិត្ត​បំពេញ​ភារកិច្ច​ដែល​ខ្ញុំ​បម្រើ​គួរ​ធ្វើ ហើយ​ប្រគល់​ខ្លួន​ជូន​ព្រះ។ លោក​យេស៊ូ​បាន​ពន្យល់​ថា​៖​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន រួច​មក​តាម​ខ្ញុំ​ជា​ដរាប​»។ (​ម៉ាថាយ ១៦:២៤​) ពេល​ដែល​បុគ្គល​ម្នាក់​ប្រគល់​ខ្លួន​ជូន​ព្រះ គាត់​ចាប់​ផ្ដើម​ធ្វើ​តាម​គ្រិស្ត ហើយ​ចុះ​ចូល​ទាំង​ស្រុង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ក្រោយ​មក គាត់​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ក្លាយ​ជា​អ្នក​បម្រើ​ព្រះ​ពេញ​សិទ្ធិ និង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ * ដូច្នេះ ‹រៀប​ការ​ជា​មួយ​អ្នក​កាន់​តាម​លោក​ម្ចាស់›មាន​ន័យ​ថា​រៀប​ការ​ជា​មួយ​នឹង​បុគ្គល​ដែល​បាន​បង្ហាញ​ថា​គាត់​គឺ​ជា​អ្នក​ជឿ​មែន ពោល​គឺ​ជា​«​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​»។—យ៉ាកុប ១:១

បុគ្គល​ម្នាក់​ដែល​កំពុង​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​កំពុង​រីក​ចម្រើន គឺ​ពិត​ជា​គួរ​ឲ្យ​សរសើរ​ណាស់។ ប៉ុន្តែ គាត់​មិន​ទាន់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​មិន​ទាន់​សម្រេច​ចិត្ត​បម្រើ​ព្រះ និង​ធ្វើ​ការ​លះបង់​ដើម្បី​លោក​ទេ។ គាត់​នៅ​តែ​ត្រូវ​កែ​ប្រែ​ក្នុង​រឿង​ជា​ច្រើន។ គាត់​ក៏​ត្រូវ​សម្រេច​ចិត្ត​ក្នុង​រឿង​ធំ​ៗ​ដែរ ដូច​ជា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។ ការ​សម្រេច​ចិត្ត​នេះ​គួរ​តែ​ធ្វើ​មុន ការ​សម្រេច​ចិត្ត​ឯ​ទៀត​ក្នុង​ជីវិត ដូច​ជា​ការ​រៀប​ការ​ជា​ដើម។

តើ​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​ទេ ដែល​គ្រិស្ត​សាសនិក​ម្នាក់​ចង់​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​នឹង​សិស្ស​គម្ពីរ​ដែល​កំពុង​រីក​ចម្រើន​ក្នុង​បំណង​រៀប​ការ​ជា​មួយ​គាត់ ក្រោយ​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក? ការ​ធ្វើ​ដូច្នោះ​គឺ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ឡើយ។ បើ​សិស្ស​គម្ពីរ​នោះ​ដឹង​អំពី​រឿង​នេះ បំណង​ចិត្ត​គាត់​ក្នុង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ប្រហែល​មិន​ត្រឹម​ត្រូវ​ទេ។

ធម្មតា​ពេល​វេលា​ពី​ការ​ធ្វើ​ជា​អ្នក​ផ្សាយ​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក មិន​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន​ទេ។ ដូច្នេះ ឱវាទ​ដែល​ឲ្យ​រៀប​ការ​ជា​មួយ​អ្នក​កាន់​តាម​លោក​ម្ចាស់ គឺ​ជា​ការ​សម​ហេតុ​សម​ផល។ ចុះ​បើ​បុគ្គល​ម្នាក់​ដល់​អាយុ​គ្រប់​ការ ហើយ​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​និង​បាន​រួម​ចំណែក​ក្នុង​ក្រុម​ជំនុំ​អស់​ជា​ច្រើន​ឆ្នាំ តែ​គាត់​នៅ​តែ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​គ្រិស្ត​សាសនិក​ដែល​ជ្រមុជ​ទឹក​ហើយ គួរ​រៀប​ការ​ជា​មួយ​គាត់​ឬ​ទេ? មុន​សម្រេច​ចិត្ត សូម​គិត​សំណួរ​ដូច​ត​ទៅ​៖ តើ​អ្វី​រា​រាំង​គាត់​ពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា? ហេតុ​អ្វី​គាត់​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក? តើ​គាត់​សង្ស័យ​ឬ? ទោះ​ជា​គាត់​មិន​មែន​ជា​អ្នក​ដែល​មិន​ជឿ​ក៏​ដោយ តែ​គាត់​មិន​បាន​ត្រូវ​ចាត់​ទុក​ជា‹ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់›ដែរ។

ឱវាទ​របស់​ប៉ូល​ស្ដី​អំពី​អាពាហ៍ពិពាហ៍ គឺ​មាន​ប្រយោជន៍​សម្រាប់​យើង។ (​អេសាយ ៤៨:១៧​) ពេល​ដែល​បុគ្គល​ពីរ​នាក់​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា នោះ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​តាំង​ចិត្ត​ស្មោះ​ជា​មួយ​គ្នា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ការ​មាន​ខ្នាត​តម្រា​សីលធម៌​ដូច​គ្នា​និង​មាន​គោល​ដៅ​ដូច​គ្នា ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​រឹង​មាំ​និង​មាន​សុភមង្គល។ បន្ថែម​ទៅ​ទៀត ការ‹រៀប​ការ​ជា​មួយ​អ្នក​កាន់​តាម​លោក​ម្ចាស់› គឺ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នាំ​ឲ្យ​មាន​ពរ​ជា​រៀង​រហូត ព្រោះ​«​លោក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព​»។—ចម្រៀង​សរសើរ​ព្រះ ១៨:២៥

[កំណត់​សម្គាល់]

^ វគ្គ 10 សំបុត្រ​របស់​សាវ័ក​ប៉ូល ដំបូង​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ដូច្នេះ ការ​ធ្វើ​ជា‹ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់›ក៏​រួម​បញ្ចូល​ការ​ទទួល​តែង​តាំង​ជា​បុត្រ​របស់​ព្រះ​និង​ជា​បង​ប្អូន​របស់​គ្រិស្ត។

[រូបភាព]

‹ព្រះ​យេហូវ៉ា​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព›