លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?

អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ជីវិត​លោក​យេស៊ូ​នៅ​ផែនដី មិន​ធ្លាប់​ប្រើ​ពាក្យ​«​អព្ភូតហេតុ​»​ជា​ភាសា​ក្រិច​ទេ។ ពាក្យ​ភាសា​ក្រិច ​«​ឌីណា​មី​ស​»​ (​dy​ʹ​na·mis​) ជួន​កាល​បាន​ត្រូវ​បក​ប្រែ​ថា​«​អព្ភូតហេតុ​»​ ដែល​មាន​ន័យ​ត្រង់​ថា​«​ឫទ្ធានុភាព​»។ (​លូកា ៨:៤៦​) ក៏​អាច​បក​ប្រែ​ដែរ​ថា​«​សមត្ថភាព​»​ ឬ​«​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​»។ (​ម៉ាថាយ ១១:២០; ២៥:១៥​) យោង​តាម​បណ្ឌិត​ម្នាក់​បាន​និយាយ​ថា ពាក្យ​ភាសា​ក្រិច​នេះ​«​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ចការ​ដែល​បាន​សម្រេច​រួច​ហើយ ជា​ពិសេស​កិច្ចការ​ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​ឫទ្ធានុភាព។ កំណត់​ហេតុ​ទាំង​នោះ​បាន​ត្រូវ​រៀប​រាប់​ដោយ​ពាក្យ​ដែល​បង្ហាញ​ពី​ឫទ្ធានុភាព​របស់​ព្រះ​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​មួយ​»។

ពាក្យ​ភាសា​ក្រិច​មួយ​ទៀត​«​ថេរ៉ា​ស​»​ (​te​ʹ​ras​) ជា​ទូទៅ​បាន​ត្រូវ​បក​ប្រែ​ថា ​«​សញ្ញា​សម្គាល់​»​ ឬ​«​ការ​អស្ចារ្យ​»។ (​យ៉ូហាន ៤:៤៨; សកម្មភាព ២:១៩​) ពាក្យ​នេះ​សង្កត់​ធ្ងន់​ទៅ​លើ​ប្រតិកម្ម​របស់​អ្នក​សង្កេត​មើល។ ជា​ញឹក​ញយ ក្រុម​មនុស្ស​និង​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ឬ​រំភើប​ចិត្ត​ក្រៃ​លែង​ចំពោះ​ការ​ប្រកប​ដោយ​ឫទ្ធានុភាព​របស់​លោក​យេស៊ូ។—ម៉ាកុស ២:១២; ៤:៤១; ៦:៥១; លូកា ៩:៤៣

ពាក្យ​ភាសា​ក្រិច​ទី​៣​គឺ ​«​ស៊ីម្មាន​»​ (​se·mei​ʹ​on​) សំដៅ​លើ​អព្ភូតហេតុ​របស់​លោក​យេស៊ូ ដែល​មាន​ន័យ​ថា​«​សញ្ញា​សម្គាល់​នៃ​អំណាច​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​»។ បណ្ឌិត​រ៉ូបឺត ឌីហ្វីនបោ បាន​និយាយ​ថា​៖​«​ពាក្យ​នេះ​ផ្ដោត​ទៅ​លើ​អត្ថន័យ​ជ្រាល​ជ្រៅ​អំពី​អព្ភូតហេតុ​»។ គាត់​និយាយ​ទៀត​ថា​៖​«​សញ្ញា​សម្គាល់​ជា​អព្ភូតហេតុ​ដែល​បញ្ជាក់​នូវ​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​»។

តើ​ជា​ការ​បោក​បញ្ឆោត​ឬ​ជា​អំណាច​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ?

គម្ពីរ​មិន​បាន​រៀប​រាប់​ថា​អព្ភូតហេតុ​របស់​លោក​យេស៊ូ គឺ​ជា​ការ​ឆ្ពិន​ភ្នែក​ឬ​ជា​ការ​បោក​បញ្ឆោត​ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​មនុស្ស​ទេ។ ផ្ទុយ​ទៅ​វិញ អព្ភូតហេតុ​ទាំង​នោះ​បង្ហាញ​អំពី​«​កម្លាំង​មហិមា​របស់​ព្រះ​»​ ដូច​ក្នុង​ករណី​ដែល​លោក​យេស៊ូ​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ពី​ក្មេង​ប្រុស​ម្នាក់។ (​លូកា ៩:៣៧​-​៤៣​) ការ​អស្ចារ្យ​បែប​នេះ​អាច​កើត​ឡើង​បាន ដោយ​សារ​ព្រះ​ដែល​មាន​«​ព្រះ​ចេស្ដា​ដ៏​ធំ​»​ មែន​ទេ? (​អេសាយ ៤០:២៦​) ពិត​មែន!

ក្នុង​សៀវភៅ​ដំណឹង​ល្អ​មាន​កំណត់​ហេតុ​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ប្រហែល​៣៥​ដង។ ប៉ុន្តែ គម្ពីរ​មិន​បាន​ប្រាប់​អំពី​ចំនួន​សរុប​នៃ​អព្ភូតហេតុ​របស់​លោក​ទេ។ ជា​ឧទាហរណ៍ ម៉ាថាយ ១៤:១៤ ចែង​ថា​៖​«​ពេល​ដែល​ឡើង​ពី​ទូក​មក លោក[​យេស៊ូ​]ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ហើយ​លោក​មាន​ចិ​ត្ដ​អាណិត​អាសូរ​ពួក​គេ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ក្នុង​ចំណោម​ពួក​គេ​បាន​ជា​សះ​ស្បើយ​»។ ដូច្នេះ នៅ​ពេល​នោះ យើង​មិន​ដឹង​ថា​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប៉ុន្មាន​នាក់​ជា​សះ​ស្បើយ​ឡើយ។

ការ​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នោះ​ជា​មូលដ្ឋាន​សម្រាប់​ការ​អះអាង​របស់​លោក​យេស៊ូ​ថា លោក​ជា​បុត្រ​របស់​ព្រះ និង​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។ បទ​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​បាន​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ។ សាវ័ក​ពេត្រុស​បាន​លើក​ឡើង​ថា លោក​យេស៊ូ​ជា​«​បុរស​ម្នាក់​ដែល​ព្រះ​បាន​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ជា​ចំហ ដោយ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព សញ្ញា​សម្គាល់ និង​ការ​ដ៏​គួរ​ឲ្យ​កោត​ស្ងើច ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​លោក​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​»។ (​សកម្មភាព ២:២២​) នៅ​ពេល​មួយ​ទៀត ពេត្រុស​បាន​ប្រាប់​ថា​៖​«​ព្រះ​បាន​រើស​តាំង​លោក[​យេស៊ូ​]ដោយ​សកម្មពល​បរិសុទ្ធ​និង​ឫទ្ធានុភាព។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក ដោយ​ធ្វើ​អំពើ​ល្អ​ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេ​កំណាច​បៀត​បៀន បាន​ជា​សះ​ស្បើយ ពីព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក​»។—សកម្មភាព ១០:៣៧, ៣៨

អព្ភូតហេតុ​របស់​លោក​យេស៊ូ​ជាប់​ទាក់​ទង​នឹង​ដំណឹង​ដែល​លោក​ផ្សាយ។ ម៉ាកុស ១:២១​-​២៧ បង្ហាញ​អំពី​ប្រតិកម្ម​របស់​បណ្ដា​ជន​ចំពោះ​សេចក្ដី​បង្រៀន​និង​អព្ភូតហេតុ​មួយ​របស់​លោក​យេស៊ូ។ ម៉ាកុស ១:២២ ចែង​ថា បណ្ដា​ជន​«​នឹក​អស្ចារ្យ​នឹង​សេចក្ដី​បង្រៀន​របស់​លោក​»​ ហើយ​ខ​២៧​ចែង​ថា បណ្ដា​ជន​«​នឹក​ស្ងើច​ក្នុង​ចិត្ត​»​ពេល​លោក​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​មួយ​ចេញ។ ការ​អស្ចារ្យ​និង​ដំណឹង​ដែល​លោក​យេស៊ូ​ផ្សាយ ជា​ភ័ស្តុតាង​បញ្ជាក់​ថា​លោក​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។

លោក​យេស៊ូ​មិន​គ្រាន់​តែ​អះអាង​ថា​លោក​ជា​មេស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​តាម​រយៈ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​របស់​លោក ព្រម​ទាំង​ឫទ្ធានុភាព​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក​ធ្វើ​អព្ភូតហេតុ ជា​ភ័ស្ដុតាង​ដែល​បង្ហាញ​ថា​លោក​ជា​មេស្ស៊ី​ពិត​មែន។ ពេល​មាន​មនុស្ស​សួរ​អំពី​តួ​នាទី​និង​ភារកិច្ច​របស់​លោក​យេស៊ូ លោក​បាន​ឆ្លើយ​តប​យ៉ាង​ក្លាហាន​ថា​៖​«​ខ្ញុំ​មាន​ការ​បញ្ជាក់​ដែល​ប្រសើរ​ជាង​ការ​បញ្ជាក់​របស់​យ៉ូហាន[​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​] ព្រោះ​កិច្ចការ​ដែល​បិតា​របស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​សម្រេច ពោល​គឺ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ គឺ​កិច្ច​ការ​នោះ​ឯង​ដែល​បញ្ជាក់​អំពី​ខ្ញុំ​ថា បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។—យ៉ូហាន ៥:៣៦

ភ័ស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​ជាក់

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​អព្ភូតហេតុ​របស់​លោក​យេស៊ូ​គឺ​ជា​ការ​ពិត​និង​គួរ​ឲ្យ​ជឿ​ជាក់? សូម​ពិចារណា​ភ័ស្តុតាង​ខ្លះ​ៗ។

ពេល​លោក​យេស៊ូ​ធ្វើ​ការ​អស្ចារ្យ លោក​មិន​ដែល​ចង់​ឲ្យ​គេ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​លោក​ទេ។ គ្រប់​ពេល​ដែល​លោក​ធ្វើ​អព្ភូតហេតុ​ឬ​ការ​អស្ចារ្យ​ណា​មួយ លោក​តែង​តែ​ផ្ដល់​ការ​សរសើរ​និង​កិត្តិយស​ដល់​ព្រះ​ជា​និច្ច។ ជា​ឧទាហរណ៍ មុន​ពេល​លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​ម្នាក់​មើល​ឃើញ លោក​បាន​មាន​ប្រសាសន៍​ថា​ការ​នេះ​នឹង​កើត​ឡើង​«​ដើម្បី​ឲ្យ​កិច្ច​ការ​របស់​ព្រះ​បាន​ស​ឲ្យ​ឃើញ​ក្នុង​ករណី​របស់​គាត់​»។—យ៉ូហាន ៩:១​-​៣; ១១:១​-​៤

ខុស​គ្នា​ពី​គ្រូ​វេទមន្ត អ្នក​បោក​បញ្ឆោត ឬ​អ្នក​ឆ្ពិន​ភ្នែក លោក​យេស៊ូ​មិន​ដែល​ប្រើ​ល្បិច ប្រើ​គាថា ប្រើ​វេទមន្ត ឬ​ពិធី​សាសនា​ដើម្បី​ទស្សន៍​ទាយ ឬ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ស្រមើ​ស្រមៃ​នោះ​ឡើយ។ លោក​មិន​ពឹង​ផ្អែក​លើ​អបិយជំនឿ ឬ​ប្រើ​វត្ថុ​ដែល​មនុស្ស​គិត​ថា​ស័ក្តិ​សិទ្ធិ​នោះ​ទេ។ សូម​កត់​សម្គាល់​វិធី​ដ៏​សាមញ្ញ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​ពីរ​នាក់​មើល​ឃើញ។ កំណត់​ហេតុ​គម្ពីរ​ប្រាប់​ថា​៖​«​លោក​យេស៊ូ​មាន​ចិត្ត​ក្ដួល​អាណិត ក៏​បាន​ពាល់​ភ្នែក​របស់​ពួក​គេ។ រំពេច​នោះ ពួក​គេ​ក៏​មើល​ឃើញ ហើយ​បាន​ទៅ​តាម​លោក​»។ (​ម៉ាថាយ ២០:២៩​-​៣៤​) លោក​ធ្វើ​អព្ភូតហេតុ​ដោយ​គ្មាន​ពិធី​សាសនា ឬ​វត្ថុ​ស័ក្តិ​សិទ្ធិ​អ្វី​ទាំង​អស់។ លោក​យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​ជា​ចំហ​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន។ លោក​មិន​បាន​ប្រើ​ពន្លឺ​ភ្លើង វេទិកា ឬ​ឧបករណ៍​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ អព្ភូតហេតុ​ដែល​គេ​អះអាង​ថា​មាន​នៅ​សព្វ​ថ្ងៃ ច្រើន​តែ​គ្មាន​ភ័ស្ដុតាង​មក​បញ្ជាក់​ឡើយ។—ម៉ាកុស ៥:២៤​-​២៩; លូកា ៧:១១​-​១៥

ជួន​កាល លោក​យេស៊ូ​ឃើញ​ថា​មនុស្ស​ខ្លះ​បាន​ទទួល​ប្រយោជន៍​ពី​អព្ភូតហេតុ​របស់​លោក ដោយ​សារ​ពួក​គេ​មាន​ជំនឿ។ ប៉ុន្តែ ទោះ​ជា​អ្នក​ខ្លះ​ទៀត​គ្មាន​ជំនឿ​ក៏​ដោយ ក៏​លោក​នៅ​តែ​ធ្វើ​អព្ភូតហេតុ​ដែរ។ ពេល​ដែល​លោក​នៅ​ក្រុង​កាពើណិម​ក្នុង​ស្រុកកាលីឡេ​«​មាន​គេ​នាំ​មនុស្ស​ជា​ច្រើន​ដែល​មាន​វិញ្ញាណ​កំណាច​ចូល ឲ្យ​មក​ជួប​លោក។ ដោយ​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ លោក​បាន​បណ្ដេញ​វិញ្ញាណ​ទាំង​នោះ ហើយ​អស់​អ្នក​ដែល​មាន​ជំងឺ លោក​ក៏​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​»។—ម៉ាថាយ ៨:១៦

លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​របស់​មនុស្ស មិន​មែន​ដើម្បី​បំពេញ​ការ​ចង់​ដឹង​ចង់​ឮ​របស់​អ្នក​ណា​ម្នាក់​ទេ។ (​ម៉ាកុស ១០:៤៦​-​៥២; លូកា ២៣:៨​) លោក​យេស៊ូ​មិន​ដែល​ធ្វើ​អព្ភូតហេតុ​ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាល់​តែ​សោះ។—ម៉ាថាយ ៤:២​-​៤; ១០:៨

ចុះ​យ៉ាង​ណា​អំពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ?

យើង​បាន​ដឹង​ហេតុ​ការណ៍​ពិត​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​តាម​រយៈ​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។ កាល​ដែល​យើង​ពិចារណា​ភ័ស្តុតាង​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ តើ​មាន​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​កំណត់​ហេតុ​ទាំង​នោះ​ឬ​ទេ? ពិត​ជា​មាន។

ស្តុប​ដូច​បាន​រៀប​រាប់​រួច​មក​ហើយ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ចំហ​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន។ សៀវភៅ​ដំណឹង​ល្អ​ដំបូង​បាន​ត្រូវ​សរសេរ​នៅ​ពេល​ដែល​សាក្សី​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ។ ស្ដី​អំពី​ភាព​ស្មោះ​ត្រង់​របស់​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ សៀវភៅ​មួយ​បាន​កត់​ទុក​ថា​៖​«​ការ​ចោទ​ប្រកាន់​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ថា​បាន​បញ្ចេញ​បញ្ចូល​ព័ត៌មាន​ជា​ច្រើន​អំពី​អព្ភូតហេតុ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​ជា​ការ​ពិត ក្នុង​គោល​បំណង​លើក​ស្ទួយ​ជំនឿ​សាសនា​របស់​ខ្លួន នោះ​ពិត​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ . . . ពួក​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​ប្ដេជ្ញា​កត់​ទុក​កំណត់​ហេតុ​យ៉ាង​ស្មោះ​ត្រង់​»​ (​The Miracles and the Resurrection​)។

ជនជាតិ​យូដា​ដែល​ជា​អ្នក​ប្រឆាំង​គ្រិស្ត​សាសនា​មិន​ដែល​សង្ស័យ​អំពី​ការ​អស្ចារ្យ ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទេ។ ពួក​គេ​ឆ្ងល់​តែ​អំពី​ប្រភព​អំណាច​នៃ​ការ​ធ្វើ​អព្ភូតហេតុ​ទាំង​នោះ​ប៉ុណ្ណោះ។ (​ម៉ាកុស ៣:២២​-​២៦​) ក្រោយ​មក ទាំង​ពួក​អ្នក​រិះ​គន់​ក៏​មិន​អាច​មាន​អ្វី​មក​គាំទ្រ​ការ​បដិសេធ​របស់​ខ្លួន​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ដែរ។ ផ្ទុយ​ទៅ​វិញ ក្នុង​រវាង​សតវត្សរ៍​ទី​១​និង​ទី​២ គ.ស. មាន​ឯកសារ​យោង​ផ្សេង​ៗ​អំពី​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ជាក់​ស្ដែង​ណាស់ យើង​មាន​មូលហេតុ​ច្បាស់​លាស់​ឲ្យ​ចាត់​ទុក​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ក្នុង​សៀវភៅ​ដំណឹង​ល្អ ជា​កំណត់​ហេតុ​ដែល​យើង​អាច​ជឿ​ទុក​ចិត្ត​បាន។

បុគ្គល​ដែល​បាន​ធ្វើ​អព្ភូតហេតុ

ការ​ពិនិត្យ​មើល​អព្ភូតហេតុ​របស់​លោក​យេស៊ូ​នឹង​មិន​ពេញ​លេញ​ទេ បើ​ពិនិត្យ​មើល​ត្រឹម​តែ​អំណះអំណាង​សម​ហេតុ​សម​ផល​ប៉ុណ្ណោះ។ សៀវភៅ​ដំណឹង​ល្អ​មិន​គ្រាន់​តែ​ពណ៌នា​អំពី​ការ​ប្រកប​ដោយ​ឫទ្ធានុភាព​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​លើក​បញ្ជាក់​ដែរ​ថា​លោក​ជា​បុរស​ដែល​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ មាន​មេត្តា​ករុណា និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សុខ​របស់​មនុស្ស។

សូម​ពិចារណា​ករណី​បុរស​កើត​ឃ្លង់​ម្នាក់​ដែល​បាន​មក​ជួប​លោក​យេស៊ូ ហើយ​បាន​អង្វរ​លោក​យ៉ាង​ស្មោះ​ថា​៖​«​បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។ ឃើញ​ដូច្នេះ ​«​លោក​មាន​ចិត្ត​ក្ដួល​អាណិត​»​ រួច​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ ភ្លាម​នោះ គាត់​ក៏​បាន​ជា​សះ​ស្បើយ។ (​ម៉ាកុស ១:៤០​-​៤២​) តាម​រយៈ​ការ​លូក​ដៃ​ទៅ​ពាល់​គាត់ នោះ​បង្ហាញ​ថា​លោក​យេស៊ូ​យល់​អារម្មណ៍​គាត់ ហើយ​នេះ​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​ធ្វើ​អព្ភូតហេតុ ដោយ​ប្រើ​ឫទ្ធានុភាព​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក។

តើ​មាន​អ្វី​កើត​ឡើង​ពេល​លោក​យេស៊ូ​បាន​ជួប​ក្បួន​ហែ​សព​ចេញ​ពី​ក្រុង​ណេអ៊ីន? បុរស​វ័យ​ក្មេង​ដែល​បាន​ស្លាប់ គឺ​ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់។ ពេល​ដែល​លោក​យេស៊ូ​ឃើញ​ស្ត្រី​នោះ លោក​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ ហើយ​ក៏​ដើរ​ទៅ​រក​នាង រួច​មាន​ប្រសាសន៍​ថា​៖​«​ឈប់​យំ​ទៅ​»។ បន្ទាប់​មក លោក​បាន​ប្រោស​កូន​នាង​ឲ្យ​រស់​ឡើង​វិញ។—លូកា ៧:១១​-​១៥

ស្ដី​អំពី​កំណត់​ហេតុ​ដែល​សម្រាល​ទុក្ខ​នេះ យើង​អាច​ទាញ​មេ​រៀន​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ថា លោក​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ ហើយ​លោក​បាន​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​មនុស្ស​ឯ​ទៀត។ ប៉ុន្តែ លោក​យេស៊ូ​មិន​គ្រាន់​តែ​ធ្វើ​អព្ភូតហេតុ​បែប​នេះ​នៅ​អតីតកាល​ប៉ុណ្ណោះ​ទេ ព្រោះ​សៀវភៅ​ហេប្រឺ ១៣:៨ ចែង​ថា​៖​«​លោក​យេស៊ូ​គ្រិស្ត​គឺ​នៅ​ដដែល ម្សិលមិញ ថ្ងៃ​នេះ និង​ជា​រៀង​រហូត​ត​ទៅ​»។ សព្វ​ថ្ងៃ លោក​កំពុង​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ ហើយ​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ប្រើ​ឫទ្ធានុភាព​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ ដើម្បី​ធ្វើ​អព្ភូតហេតុ​ដែល​មាន​ទំហំ​ធំ​ជាង​អព្ភូតហេតុ​ដែល​លោក​បាន​ធ្វើ ពេល​ដែល​លោក​ជា​មនុស្ស​នៅ​ផែនដី។ មិន​យូរ​ទៀត លោក​យេស៊ូ​នឹង​ប្រើ​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ជា​សះ​ស្បើយ។ សាក្សី​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​នឹង​ជួយ​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​សម្រាប់​អនាគត។

[រូបភាព]

អព្ភូតហេតុ​របស់​លោក​យេស៊ូ បង្ហាញ​ឲ្យ​ឃើញ​«​ឫទ្ធានុភាព​ដ៏​មហិមា​របស់​ព្រះ​»​

[រូបភាព]

លោក​យេស៊ូ​ជា​បុគ្គល​ដែល​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ