លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងបានសម្រេចជាក់ជាពុំខាន

‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងបានសម្រេចជាក់ជាពុំខាន

‹ច្បាប់​របស់​ព្រះ​យេហូវ៉ា›​នឹង​បាន​សម្រេច​ជាក់​ជា​ពុំ​ខាន

«អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អញ​ថា៖ ‹ឯង​ជា​កូន​អញ . . . ចូរ​សូម​ពី​អញ​នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង​ឡាយ​ដល់​ឯង​ទុក​ជា​មរដក›»។—ទំនុកដំកើង ២:៧, ៨

១​. តើ​គោល​បំណង​របស់​ព្រះ​ខុស​គ្នា​ពី​គោល​បំណង​របស់​សាសន៍​ទាំង​ឡាយ​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​មាន​គោល​បំណង​សំរាប់​មនុស្ស​ជាតិ​និង​សំរាប់​ផែនដី។ សាសន៍​ទាំង​ឡាយ​ក៏​មាន​គោល​បំណង​ដែរ។ ប៉ុន្តែ គោល​បំណង​របស់​សាសន៍​ទាំង​ឡាយ​គឺ​ខុស​គ្នា​ឆ្ងាយ​នឹង​គោល​បំណង​របស់​ព្រះ! យើង​ដឹង​ថា​ខុស​គ្នា​ដូច្នេះ​មែន ដ្បិត​ព្រះ​មាន​បន្ទូល​ថា៖ «ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ​ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ»។ គោល​បំណង​របស់​ព្រះ​នឹង​ត្រូវ​សម្រេច​ជាក់​ជា​ពុំ​ខាន ពីព្រោះ​ទ្រង់​មាន​បន្ទូល​ថែម​ទៀត​ថា៖ «ពីព្រោះ​ដែល​ភ្លៀង​នឹង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ នឹង​អាហារ​ដល់​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា នោះ​ពាក្យ​អញ​ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង​ក្នុង​ការ​អ្វី​ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។—អេសាយ ៥៥:៩​-​១១

២, ៣​. តើ​ទំនុក​ទីពីរ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អ្វី? ប៉ុន្តែ តើ​សំនួរ​អ្វី​ដែល​ត្រូវ​សួរ​ឡើង?

ទំនុក​ទី២​បញ្ជាក់​យ៉ាង​ច្បាស់​ថា គោល​បំណង​របស់​ព្រះ​នឹង​ត្រូវ​សម្រេច​ជាក់​ជា​ពុំ​ខាន​ស្តី​អំពី​ស្តេច​មេស្ស៊ី។ ស្តេច​ដាវីឌ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ដែល​ជា​អ្នក​តែង​ទំនុក​នេះ ត្រូវ​បាន​ព្រះ​បណ្ដាល​ឲ្យ​ទាយ​ថា​នឹង​មាន​គ្រា​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ពេល​ដែល​សាសន៍​ទាំង​ឡាយ​នឹង​មាន​ការ​ជ្រួល​ជ្រើម។ ពួក​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​នឹង​ប្រឆាំង​ព្រះ​យេហូវ៉ា ហើយ​ប្រឆាំង​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង។ យ៉ាង​ណា​ក៏​ដោយ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អញ​ថា៖ ‹ឯង​ជា​កូន​អញ . . . ចូរ​សូម​ពី​អញ នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង​ឡាយ​ដល់​ឯង​ទុក​ជា​មរដក ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ្ដិ៍​អាករ​របស់​ឯង›»។—ទំនុកដំកើង ២:៧, ៨

តើ‹ច្បាប់​របស់​ព្រះ​យេហូវ៉ា›មាន​ន័យ​យ៉ាង​ណា​ចំពោះ​សាសន៍​ទាំង​ឡាយ? តើ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​មាន​អានុភាព​លើ​មនុស្ស​ជាតិ​ទូទៅ​យ៉ាង​ណា? ប្រាកដ​ហើយ តើ​ព្រឹត្ដិការណ៍​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​កោត​ខ្លាច​ព្រះ​ដែល​អាន​ទំនុក​ទីពីរ​នេះ?

អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម

៤​. តើ​អ្នក​អាច​សង្ខេប​គោល​ចំណុច​នៃ​ទំនុកដំកើង ២:១, ២​យ៉ាង​ដូច​ម្ដេច?

អ្នក​តែង​បទ​ទំនុកដំកើង​បង្ហើប​ប្រាប់​នូវ​ការ​ប្រព្រឹត្ត​នៃ​សាសន៍​ទាំង​ឡាយ​និង​ពួក​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន ដោយ​ចាប់​ផ្ដើម​ច្រៀង​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជនជាតិ​ទាំង​ពួង[«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ​យ៉ាង​នេះ?», ខ.ស.] ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​ទាស់​នឹង​ព្រះ​អង្គ​ដែល​ទ្រង់​បាន​លាប​ប្រេង»។—ទំនុកដំកើង ២:១, ២ *

៥, ៦​. តើ​អស់​ទាំង​សាសន៍«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ»អំពី​អ្វី?

តើ​អស់​ទាំង​សាសន៍​នៅ​សម័យ​នេះ«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ»អំពី​អ្វី? ជាជាង​ទទួល​ស្វាគមន៍​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដែល​ជា​ព្រះមេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ នោះ​សាសន៍​ទាំង​ឡាយ​បាន«រអ៊ូរទាំ»ឬ​ខំ​ចំរើន​និរន្តរ​ភាព​នៃ​អំណាច​របស់​ខ្លួន។ ពាក្យ​ទាំង​នេះ​ក្នុង​ទំនុក​ទីពីរ​បាន​សម្រេច​នៅ​សតវត្សរ៍​ទី​មួយ​ដែរ ពេល​អាជ្ញាធរ​យូដា​និង​អាជ្ញាធរ​រ៉ូម​បាន​ឃុបឃិត​គ្នា​ធ្វើ​គុត​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ព្រះ​តាំង​ឲ្យ​ឡើង​សោយ​រាជ្យ។ យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​ដ៏​ធំ​បាន​ចាប់​ផ្ដើម​ឡើង​ឆ្នាំ​១៩១៤ ពេល​ព្រះ​យេស៊ូ​ត្រូវ​តាំង​ជា​ស្តេច​នៅ​លើ​ស្ថានសួគ៌។ តាំង​ពី​ពេល​នោះ​មក គ្មានអង្គការ​នយោបាយ​ណា​មួយ​បាន​ទទួល​ស្គាល់​ស្តេច​ដែល​ព្រះ​បាន​លើក​ឲ្យ​សោយ​រាជ្យ​នោះ​ទេ។

ពេល​អ្នក​តែង​បទ​ទំនុកដំកើង​បាន​សួរ​ថា‹ហេតុ​អ្វី​ក៏​ជនជាតិ​ទាំង​ពួង​រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ› តើ​នេះ​បាន​ន័យ​យ៉ាង​ណា? អ្វី​ដែល​ឥត​ខ្លឹមសារ​នោះ​គឺ​គោល​បំណង​របស់​គេ ដែល​ឥត​មាន​ប្រយោជន៍​និង​ទទួល​បរាជ័យ​ជា​ពុំ​ខាន។ ពួក​គេ​ពុំ​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​សំរាប់​ផែនដី​ឡើយ។ ក៏​ប៉ុន្តែ ការ​ខំ​ប្រឹង​របស់​ពួក​គេ​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​នោះ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ពួក​គេ​បែរ​ជា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ​ទៅ​វិញ។ តាម​ការ​ពិត ពួក​គេ​បាន​ប្រឹក្សា​គ្នា​កាន់​ជំហរ​ប្រឆាំង​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត និង​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង។ ទង្វើ​នេះ​ពិត​ជា​ល្ងង់ខ្លៅ​មែន!

ស្តេច​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ជ័យជំនះ

៧​. តាម​រយៈ​សេចក្ដី​អធិស្ឋាន តើ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ពីដើម​បាន​ចាត់​ទុក​ទំនុកដំកើង ២:១, ២​សំដៅ​ទៅ​លើ​អ្នក​ណា?

ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ចាត់​ទុក​ពាក្យ​ក្នុង​ទំនុកដំកើង ២:១, ២ សំដៅ​ចំពោះ​ទ្រង់។ ដោយ​ត្រូវ​បាន​គេ​បៀតបៀន​ដោយសារ​ជំនឿ នោះ​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​ដ៏​ជា​ម្ចាស់[ព្រះ​យេហូវ៉ា]ធំ​បំផុត​អើយ! គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី នឹង​សមុទ្រ ហើយ​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​បាន​មាន​បន្ទូល​ដោយសារ​ព្រះ​ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា ‹ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជនជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ​អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់› ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ[អាន់ទីប៉ាស] នឹង​លោក​ប៉ុនទាស​-​ពីឡាត់​បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ​នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ​យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ»។ (កិច្ចការ ៤:២៤​-​២៧; លូកា ២៣:១​-​១២) * មែន​ហើយ គឺ​មាន​ការ​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​នៅ​សតវត្សរ៍​ទី​មួយ។ យ៉ាង​ណា​ក៏​ដោយ ទំនុក​នេះ​នឹង​មាន​ការ​សម្រេច​មួយ​ទៀត​ដែល​នឹង​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

៨​. តើ​ទំនុកដំកើង ២:៣​ទាក់ទង​នឹង​សាសន៍​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​ដែល​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​មាន​មនុស្ស​ជា​ស្តេច ដូច​ជា​ដាវីឌ នោះ​ពាហិរជន​ទាំង​ឡាយ​និង​ពួក​អ្នក​គ្រប់គ្រង​ឯ​ទៀត​បាន​ព្រួត​ដៃ​គ្នា​ប្រឆាំង​ព្រះ​និង​ស្តេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​សព្វ​ថ្ងៃ​នេះ? សព្វ​ថ្ងៃ​នេះ សាសន៍​ទាំង​ឡាយ​មិន​ចង់​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះមេស្ស៊ី​នោះ​ទេ។ ដូច្នេះ​ហើយ ពួក​គេ​ពោល​ថា៖ «ចូរ​យើង​ផ្ដាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ!»។ (ទំនុកដំកើង ២:៣) បើ​ព្រះ​និង​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដាក់​ល័ក្ខខ័ណ្ឌ​អ្វី នោះ​ពួក​អ្នក​គ្រប់គ្រង​រួម​ទាំង​សាសន៍​ដទៃ​នឹង​ប្រឆាំង​ជាក់​ជា​មិន​ខាន។ ប្រាកដ​ហើយ ការ​ខំ​ប្រឹង​ផ្ដាច់​ចំណង​និង​បោះ​ខ្សែ​ចង​បែប​នេះ នោះ​គ្មាន​ប្រយោជន៍​ទេ។

ព្រះ​យេហូវ៉ា​នឹង​ចំអក​ឲ្យ​គេ

៩, ១០​. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ចំអក​ឲ្យ​សាសន៍​ទាំង​ឡាយ?

ព្រះ​យេហូវ៉ា​មិន​ខ្វល់ខ្វាយ​ទេ​ដែល​ពួក​អ្នក​គ្រប់គ្រង​នៃ​សាសន៍​ទាំង​ឡាយ​ខំ​ប្រឹង​ស្ថាបនា​នូវ​ការ​គ្រប់គ្រង​ដែល​មិន​ពឹងពាក់​ទៅ​លើ​ទ្រង់​នោះ។ ទំនុក​ទីពីរ​ចែង​បន្ត​ថា៖ «ឯ​ព្រះ​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​សើច ព្រះ​អម្ចាស់​ទ្រង់​នឹង​ចំអក​ឲ្យ​គេ»។ (ទំនុកដំកើង ២:៤) ព្រះ​បន្ត​ធ្វើ​តាម​រាជ​បំណង​ទ្រង់​ហាក់​ដូច​ជា​ពួក​អ្នក​គ្រប់គ្រង​ទាំង​នេះ​ឥត​សំខាន់​សោះ។ ទ្រង់​សើច​ចំអក​នឹង​សេចក្ដី​ព្រហើន​របស់​ពួក​គេ។ ចូរ​ឲ្យ​ពួក​គេ​អួត​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​ចុះ! ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ជា​អ្វី​សំរាប់​សើច​ចំអក។ ទ្រង់​សើច​នឹង​ការ​ប្រឆាំង​ដែល​គ្មាន​ប្រយោជន៍​របស់​ពួក​គេ។

១០ នៅ​ទំនុក​ផ្សេងៗទៀត ដាវីឌ​សំដៅ​ទៅ​លើ​សត្រូវ​និង​សាសន៍​ទាំង​ឡាយ ហើយ​គាត់​ច្រៀង​ថា៖ «ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពលបរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ! សូម​ទ្រង់​តើន​ឡើង​មក​ដាក់​ទោស​ដល់​ពួក​សាសន៍​ដទៃ សូម​កុំ​អាណិត​មេត្ដា​ដល់​អ្នក​ណា​មួយ​ដែល​រំលង​ដោយ​កាច​អាក្រក់​ឡើយ។ គេ​ត្រឡប់​មក​វិញ​រាល់​តែ​ល្ងាច គេ​លូ​ដូច​ជា​ឆ្កែ ព្រម​ទាំង​ដើរ​ក្រវែល​ទី​ក្រុង មើល! គេ​ភើ​ចេញ​មក​ពី​មាត់​គេ ក៏​មាន​ដាវ​នៅ​បបូរមាត់ ដ្បិត​គេ​ថា តើ​មាន​អ្នក​ណា​នឹង​ឮ? តែ​ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​នឹង​សើចឡក​ឲ្យ​គេ ទ្រង់​នឹង​ចំអក​ឲ្យ​ពួក​សាសន៍​ដទៃ​ទាំង​អស់​ផង»។ (ទំនុកដំកើង ៥៩:៥​-​៨) ព្រះ​យេហូវ៉ា​សើច​នឹង​ការ​អួត​ហើយ​ការ​វង្វេង​នៃ​សាសន៍​ទាំង​ឡាយ ដែល​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ល្ងង់ខ្លៅ​ទាស់​នឹង​ទ្រង់។

១១​. តើ​អ្វី​កើត​ឡើង​ពេល​សាសន៍​ទាំង​ឡាយ​ខំ​ប្រឹង​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ?

១១ ពាក្យ​នៅ​ទំនុក​ទី២​ពង្រឹង​ជំនឿ​យើង​ដោយ​ដឹង​ថា ព្រះ​អាច​ដោះស្រាយ​បញ្ហា​ណា​ក៏​បាន​ដែរ។ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា ទ្រង់​នឹង​សម្រេច​តាម​ព្រះ​ហឫទ័យ​ទ្រង់ ហើយ​មិន​បោះបង់​ចោល​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ទេ។ (ទំនុកដំកើង ៩៤:១៤) ដូច្នេះ តើ​អ្វី​នឹង​កើត​ឡើង​ពេល​សាសន៍​ទាំង​ឡាយ​ខំ​ប្រឹង​ប្រឆាំង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា? យោង​ទៅ​តាម​ទំនុក​នេះ ព្រះ«នឹង​មាន​បន្ទូល​ដល់​គេដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់»ដែល​លាន់​រំពង​ដូច​ផ្គរ​លាន់។ ម្យ៉ាង​វិញ​ទៀត «ដោយ​សេចក្ដី​ឃោរឃៅ»ដែល​ប្រៀប​ដូច​ជា​ផ្លេកបន្ទោរ ទ្រង់​នឹង«បំភ័យ​គេ»។—ទំនុកដំកើង ២:៥

ស្តេច​របស់​ព្រះ​បាន​តាំង​ឡើង

១២​. តើ​ទំនុកដំកើង ២:៦​ទាក់ទង​នឹង​ការ​តាំង​ឲ្យ​សោយ​រាជ្យ​ណា​មួយ?

១២ អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​បន្តបន្ទាប់​តាម​រយៈ​អ្នក​តែង​បទ​ទំនុកដំកើង ច្បាស់​ជា​ធ្វើ​ឲ្យ​សាសន៍​ទាំង​ឡាយ​ភ័យ​មែន។ ព្រះ​ប្រកាស​ថា៖ «អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន​ជា​ភ្នំ​បរិសុទ្ធ​របស់​អញ»។ (ទំនុកដំកើង ២:៦) ភ្នំ​ស៊ីយ៉ូន​គឺ​ជា​ភ្នំ​តូច​នៅ​ក្រុង​យេរូសាឡិម ដែល​ជា​កន្លែង​ដែល​ដាវីឌ​ត្រូវ​បាន​តាំង​ជា​ស្តេច​នៃ​ប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែ​ស្តេច​មេស្ស៊ី​នេះ​នឹង​មិន​គង់​លើ​បល្ល័ង្ក​ក្នុង​ក្រុង​នោះ​ឬ​កន្លែង​ផ្សេង​ទៀត​លើ​ផែនដី​ទេ។ តាម​ការ​ពិត ព្រះ​យេហូវ៉ា​បាន​តាំង​ព្រះ​យេស៊ូ​គ្រីស្ទ​រួច​ហើយ​ជា​ស្តេច​មេស្ស៊ី​នៅ​ភ្នំ​ស៊ីយ៉ូន​ឯ​ស្ថានសួគ៌។វិវរណៈ ១៤:១

១៣​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​អ្វី​ជា​មួយ​នឹង​បុត្រ​ទ្រង់?

១៣ ឥឡូវ​ស្តេច​មេស្ស៊ី​មាន​បន្ទូល​ថា៖ «អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ[ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ព្រះ​រាជាណាចក្រ​ជា​មួយ​នឹង​បុត្រ​ទ្រង់] គឺ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អញ​ថា៖ ‹ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ›»។ (ទំនុកដំកើង ២:៧) ព្រះ​គ្រីស្ទ​បាន​សំដៅ​ទៅ​កិច្ច​ព្រម​ព្រៀង​ព្រះ​រាជាណាចក្រ ពេល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ទ្រង់​ថា៖ «ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បងល​ខ្ញុំ ខ្ញុំ​ក៏​ដំរូវ​នគរ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ»។—លូកា ២២:២៨, ២៩

១៤​. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា​ព្រះ​យេស៊ូ​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ឡើង​សោយ​រាជ្យ​ជា​ស្តេច​ដែល​គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន​នោះ?

១៤ ដូច​បាន​ទាយ​ប្រាប់​នៅ​ទំនុកដំកើង ២:៧ ព្រះ​យេហូវ៉ា​បាន​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​បុត្រ​របស់​ទ្រង់​ពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ដោយ​ប្រោស​បុត្រ​នោះ​ឲ្យ​រស់​ឡើង​វិញ​មាន​ជីវិត​ជា​បុគ្គល​វិញ្ញាណ។ (ម៉ាកុស ១:៩​-​១១; រ៉ូម ១:៤; ហេព្រើរ ១:៥; ៥:៥) មែន​ហើយ ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌​គឺ​ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់។ (យ៉ូហាន ៣:១៦) ដោយសារ​ទ្រង់​ជា​កូន​ចៅ​របស់​ស្តេច​ដាវីឌ នោះ​ព្រះ​យេស៊ូ​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ឡើង​សោយ​រាជ្យ​ជា​ស្តេច​ដែល​គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន។ (សាំយូអែលទី២ ៧:៤​-​១៧; ម៉ាថាយ ១:៦, ១៦) យោង​ទៅ​តាម​ទំនុក​នេះ ព្រះ​មាន​បន្ទូល​ប្រាប់​បុត្រ​ទ្រង់​ថា៖ «ចូរ​សូម​ពី​អញ នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង​ឡាយ​ដល់​ឯង​ទុក​ជា​មរដក ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ្ដិ៍​អាករ​របស់​ឯង»។—ទំនុកដំកើង ២:៨

១៥​. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ចង់​ឲ្យ​សាសន៍​ទាំង​ឡាយ​ទៅ​ជា​មរដក​របស់​ទ្រង់?

១៥ ស្តេច​ដែល​ជា​បុត្រ​របស់​ព្រះ​មាន​អំណាច​បន្ទាប់​ពី​ព្រះ​យេហូវ៉ា។ ចំពោះ​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​បាន​ឆ្លង​កាត់​ការ​ល្បងល ស្មោះ​ត្រង់​ដែល​ទ្រង់​អាច​ទុក​ចិត្ត​បាន។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​មាន​មរដក​ជា​បុត្រ​ច្បង​របស់​ព្រះ។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​គ្រីស្ទ«ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក»។ (កូល៉ុស ១:១៥) ទ្រង់​គ្រាន់​តែ​សូម​ព្រះ នោះ​ព្រះ‹ឲ្យ​សាសន៍​ទាំង​ឡាយ​ដល់​ទ្រង់​ទុក​ជា​មរដក ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ្ដិ៍​អាករ​របស់​ទ្រង់›។ ដោយសារ​ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​មាន‹សេចក្ដី​អំណរ​ចំពោះ​អ្វី​ណា​ដែល​ទាក់ទង​នឹង​មនុស្ស​លោក› និង​ដោយ​ទ្រង់​មាន​ព្រះទ័យ​ខ្នះខ្នែង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​ចំពោះ​ផែនដី​និង​មនុស្ស​ជាតិ នោះ​ទ្រង់​អាច​សូម​សំណូម​ពរ​នេះ។—សុភាសិត ៨:៣០, ៣១

ច្បាប់​របស់​ព្រះ​យេហូវ៉ា​ប្រឆាំង​សាសន៍​ទាំង​ឡាយ

១៦, ១៧​. យោង​ទៅ​តាម​ទំនុកដំកើង ២:៩ តើ​សាសន៍​ទាំង​ឡាយ​នឹង​ទទួល​លទ្ធផល​អ្វី?

១៦ ដោយ​ព្រោះ​ទំនុក​ទីពីរ​កំពុង​តែ​សម្រេច​សព្វ​ថ្ងៃ​នេះ​ក្នុង​កំឡុង​វត្តមានដ៏​មើល​មិន​ឃើញ​របស់​ព្រះ​គ្រីស្ទ តើ​សាសន៍​ទាំង​ឡាយ​នឹង​ទៅ​ជា​យ៉ាង​ណា? មិន​យូរ​ប៉ុន្មាន​ទៀត ស្តេច​នឹង​សម្រេច​នូវ​ការ​ប្រកាស​របស់​ព្រះ​ដែល​ថា៖ «ឯង​នឹង​បំបាក់​បំបែក​គេ[សាសន៍​ទាំង​ឡាយ]ដោយ​ដំបង​ដែក ព្រម​ទាំង​បោក​កំទេច​គេ​ទៅ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន»។—ទំនុកដំកើង ២:៩

១៧ ដំបង​របស់​ស្តេច​ពី​សម័យ​បុរាណ​គឺ​តំណាង​អំណាច​នៃ​ស្តេច។ ដំបង​ខ្លះ​គឺ​ធ្វើ​ពី​ដែក ដូច​បាន​ចែង​មក​ក្នុង​ទំនុក​នេះ។ ជា​អត្ថបដិរូប​ពាក្យ​ដែល​បាន​ប្រើ​នៅ​ទី​នេះ​ចង់​បញ្ជាក់​ថា ព្រះ​គ្រីស្ទ​ជា​ស្តេច​នឹង​កំទេច​ចោល​សាសន៍​ទាំង​ឡាយ​ដោយ​ងាយ​ស្រួល។ ការ​វាយ​ដ៏​ខ្លាំង​មួយ​ដោយ​ដំបង​ដែក​នឹង​កំទេច​ភាជនៈ​របស់​ជាង​ស្មូន​ឲ្យ​បែក​ខ្ទេចខ្ទី​អស់។

១៨, ១៩​. ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ តើ​ស្តេច​ទាំង​ប៉ុន្មាន​លើ​ផែនដី​ត្រូវ​ធ្វើ​អ្វី?

១៨ តើ​ពួក​អ្នក​គ្រប់គ្រង​នៃ​សាសន៍​ទាំង​ឡាយ​នឹង​ត្រូវ​ទទួល​ការ​ហិនវិនាស​ដោយ​ខាន​ពុំ​បាន​ឬ? អត់​ទេ! អ្នក​តែង​បទ​ទំនុកដំកើង​អង្វរ​ពួក​គេ​ដោយ​ពាក្យ​ទាំង​នេះ​ថា៖ «ដូច្នេះ ឱ​ពួក​មហាក្សត្រ​ទាំង​ប៉ុន្មាន​អើយ! ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះ! ឱ​ពួក​អស់​ទាំង​ចៅក្រម​នៅ​ផែនដី​អើយ! ចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ!»។ (ទំនុកដំកើង ២:១០) ពួក​មហាក្សត្រ​តម្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ហើយ​មាន​ការ​យល់​ធ្លុះ​ចំពោះ​រឿង​នេះ។ បើ​ប្រៀបធៀប​នូវ​អ្វី​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​ធ្វើ​សំរាប់​ប្រយោជន៍​មនុស្ស​ជាតិ នោះ​ពួក​គេ​គួរ​គិត​ពិចារណា​អំពី​គម្រោង​ការ​ដ៏​ឥត​ប្រយោជន៍​របស់​ពួក​គេ។

១៩ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ នោះ​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ត្រូវ​តែ​ផ្លាស់ប្ដូរ​សកម្មភាព​របស់​ពួក​គេ។ ពួក​គេ​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​«គោរព​ដល់​ព្រះ​យេហូវ៉ា​ដោយ​កោត​ខ្លាច ហើយ​មាន​សេចក្ដី​អំណរ​ដោយ​ញ័រ​រន្ធត់»។ (ទំនុកដំកើង ២:១១) បើ​គេ​ធ្វើ​ដូច​នោះ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា? ជាជាង​ទៅ​ជា​ជ្រួល​ជ្រើម នោះ​ពួក​គេ​អាច​អរ​សប្បាយ​នូវ​សេចក្ដី​សង្ឃឹម​ណា​ដែល​ស្តេច​មេស្ស៊ី​នឹង​ប្រទាន​ចំពោះ​ពួក​គេ។ ពួក​អ្នក​គ្រប់គ្រង​ផែនដី​ត្រូវ​តែ​បោះបង់​ចោល​នូវ​ចិត្ត​មានះ​និង​ភាព​អួតអាង​ដែល​ពួក​គេ​បង្ហាញ​ចំពោះ​ការ​គ្រប់គ្រង​របស់​ខ្លួន​នោះ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ត្រូវ​តែ​កែ​ប្រែ​ជា​បន្ទាន់​និង​ប្រព្រឹត្ត​ដោយ​មាន​ការ​យល់​ធ្លុះ​ស្តី​អំពី​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​អំណាច​គ្មាន​អ្នក​ណា​ប្រៀប​បាន និង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​របស់​ព្រះ​រួម​ទាំង​ស្តេច​មេស្ស៊ី។

«ចូរ​ថើប​ព្រះ​រាជបុត្រា»

២០, ២១​. តើ​ការ«ថើប​ព្រះ​រាជបុត្រា»មាន​ន័យ​យ៉ាង​ណា?

២០ ទំនុក​ទី២​ក៏​ផ្ដល់​នូវ​សេចក្ដី​អញ្ជើញ​ដែល​ប្រកប​ដោយ​មេត្ដាករុណា​ដល់​ពួក​អ្នក​គ្រប់គ្រង​នៃ​សាសន៍​ទាំង​ឡាយ​ដែរ។ ជាជាង​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​ព្រះ ពួក​គេ​ត្រូវ​បាន​ដាស់​តឿន​ថា៖ «ចូរ​ថើប​ព្រះ​រាជបុត្រា ក្រែង​ទ្រង់[ព្រះ​យេហូវ៉ា]ខ្ញាល់​ឡើង ហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្ដិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង»។ (ទំនុកដំកើង ២:១២​ក) ពួក​អ្នក​គ្រប់គ្រង​ផែនដី​ត្រូវ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​អម្ចាស់​មហាក្សត្រ ពេល​ទ្រង់​ចេញ​ច្បាប់។ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​តាំង​បុត្រ​ទ្រង់​ឲ្យ​ឡើង​សោយ​រាជ្យ នោះ​ពួក​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​លើ​ផែនដី​គួរ​ឈប់«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ»។ ពួក​គេ​គួរ​ទទួល​ស្គាល់​ស្តេច​នោះ​ភ្លាម និង​គោរព​ស្ដាប់​បង្គាប់​ទ្រង់​ទាំង​ស្រុង។

២១ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ត្រូវ«ថើប​ព្រះ​រាជបុត្រា»? នៅ​សម័យ​ដែល​ទំនុក​នេះ​បាន​តែង​ឡើង នោះ​ការ​ថើប​គឺ​ជា​ការ​សម្ដែង​នូវ​មិត្តភាព និង​ធ្វើ​នៅ​ពេល​ដែល​ទទួល​ស្វាគមន៍​ភ្ញៀវ​ចូល​ផ្ទះ ដែល​ជា​ការ​បង្ហាញ​ការ​រាក់ទាក់​ចំពោះ​ភ្ញៀវ។ ការ​ថើប​ក៏​ជា​ការ​សម្ដែង​នូវ​ភាព​ស្មោះ​ត្រង់​ផង​ដែរ។ (សាំយូអែលទី១ ១០:១) នៅ​ក្នុង​ខ​នេះ​នៃ​ទំនុក​ទីពីរ ព្រះ​បញ្ជា​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ថើប​ឬ​ទទួល​ស្វាគមន៍​បុត្រ​របស់​ទ្រង់ ដែល​ជា​ស្តេច​បាន​ចាក់​ប្រេង​តាំង។

២២​. តើ​ពួក​អ្នក​គ្រប់គ្រង​នៃ​សាសន៍​ទាំង​ឡាយ​គួរ​ធ្វើ​តាម​ការ​ព្រមាន​អ្វី?

២២ អស់​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​អំណាច​គ្រប់គ្រង​របស់​ស្តេច​ដែល​ព្រះ​តែងតាំង នោះ​គឺ​មើលងាយ​ព្រះ​យេហូវ៉ា។ ពួក​គេ​មិន​ទទួល​ស្គាល់​អធិបតេយ្យ​សកលលោក​របស់​ព្រះ​យេហូវ៉ា និង​អំណាច​គ្រប់គ្រង​ហើយ​សមត្ថភាព​របស់​ទ្រង់​ចំពោះ​ការ​រើស​តាំង​ស្តេច ដែល​ជា​អ្នក​គ្រប់គ្រង​ដ៏​ល្អ​បំផុត​សំរាប់​មនុស្ស​ជាតិ។ ពួក​អ្នក​គ្រប់គ្រង​នៃ​សាសន៍​ទាំង​ឡាយ​នឹង​ដឹង​ថា សេចក្ដី​ខ្ញាល់​របស់​ព្រះ​នឹង​មាន​មក​លើ​ពួក​គេ​ភ្លាម នៅ​ពេល​ដែល​ពួក​គេ​ខំ​ធ្វើ​តាម​គម្រោង​របស់​គេ​នោះ។ «សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង»ឬ​នឹង​ឆួល​ឡើង​ភ្លាម​មួយ​រំពេច។ ពួក​អ្នក​គ្រប់គ្រង​នៃ​សាសន៍​ទាំង​ឡាយ​គួរ​ទទួល​យក​ការ​ព្រមាន​នេះ​ដោយ​អំណរ​និង​ធ្វើ​តាម។ ទង្វើ​នេះ​នឹង​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួក​គេ។

២៣​. តើ​នៅ​មាន​ពេល​ឲ្យ​បុគ្គល​ម្នាក់ៗធ្វើ​អ្វី?

២៣ ទំនុកដំកើង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​បញ្ចប់​សេចក្ដី​ថា៖ «មាន​ពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អស់​អ្នក​ណា​ដែល​យក[ព្រះ​យេហូវ៉ា]ជា​ទីពឹង​ជ្រក»។ (ទំនុកដំកើង ២:១២​ខ) គឺ​នៅ​មាន​ពេល​វេលា​សំរាប់​មនុស្ស​ឲ្យ​រក​ទីពឹង​ជ្រក សូម្បី​តែ​ពួក​អ្នក​គ្រប់គ្រង​ខ្លះៗដែល​បាន​ធ្វើ​តាម​គម្រោង​នៃ​សាសន៍​ទាំង​ឡាយ​ក៏​ដោយ។ ពួក​គេ​អាច​ចូល​ទៅ​រក​ព្រះ​យេហូវ៉ា​ដែល​ផ្ដល់​ទីពឹង​ជ្រក​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ។ ប៉ុន្តែ ពួក​គេ​ត្រូវ​តែ​ចាត់​វិធានការ​មុន​នឹង​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​កំទេច​ចោល​សាសន៍​ទាំង​ឡាយ​ដែល​ប្រឆាំង។

២៤​. តើ​យើង​អាច​រស់​នៅ​ដោយ​មាន​ជីវិត​គាប់​ចិត្ត​ជាង​យ៉ាង​ដូច​ម្ដេច​ទោះបី​រស់​ក្នុង​លោកីយ៍​ដែល​មាន​បញ្ហា?

២៤ បើ​យើង​ខំ​ព្យាយាម​សិក្សា​បទ​គម្ពីរ​និង​អនុវត្ត​តាម​ឱវាទ​ព្រះ​គម្ពីរ យើង​អាច​រស់​នៅ​ដោយ​មាន​ជីវិត​គាប់​ចិត្ត​ជាង​សូម្បី​តែ​រស់​ក្នុង​លោកីយ៍​សព្វ​ថ្ងៃ​នេះ​ដែល​មាន​បញ្ហា​ក៏​ដោយ។ ការ​អនុវត្ត​តាម​ឱវាទ​ព្រះ​គម្ពីរ​នាំ​ឲ្យ​យើង​មាន​គ្រួសារ​សប្បាយ​ជាង​និង​រួច​ផុត​ពី​បញ្ហា​ហើយ​សេចក្ដី​ខ្លាច​ដែល​ញាំ​ញី​ពិភពលោក​នេះ។ ការ​ធ្វើ​តាម​គោលការណ៍​ព្រះ​គម្ពីរ​ផ្ដល់​នូវ​ទំនុក​ចិត្ត ថា​យើង​ផ្គាប់​ព្រះទ័យ​ព្រះ​ដែល​ជា​អ្នក​បង្កើត។ មាន​តែ​ព្រះ​មហាក្សត្រ​សកលលោក​ទេ ដែល​អាច​ផ្ដល់​ការ​ធានា​រ៉ាប់​រង​នៃ«ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង» ក្រោយ​ពី​ទ្រង់​កំទេច​អស់​អ្នក​ដែល​ប្រឆាំង​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយសារ​ពួក​គេ​បដិសេធ​ការ​គ្រប់គ្រង​របស់​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ។—ធីម៉ូថេទី១ ៤:៨

២៥​. ដោយ​ព្រោះ‹ច្បាប់​របស់​ព្រះ​យេហូវ៉ា›នឹង​បាន​សម្រេច​ជាក់​ជា​ពុំ​ខាន តើ​នឹង​មាន​អ្វី​កើត​ឡើង​ក្នុង​សម័យ​យើង​នេះ?

២៥ ‹ច្បាប់​របស់​ព្រះ​យេហូវ៉ា›នឹង​បាន​សម្រេច​ជាក់​ជា​ពុំ​ខាន។ ជា​អ្នក​បង្កើត​យើង ព្រះ​ជ្រាប​នូវ​អ្វី​ដែល​ប្រសើរ​បំផុត​សំរាប់​មនុស្ស​ជាតិ ហើយ​ទ្រង់​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ដែល​គោរព​ស្ដាប់​បង្គាប់ ដោយ​ប្រទាន​នូវ​សន្ដិភាព ថែម​ទាំង​ការ​ស្កប់​ចិត្ត​និង​មាន​សេចក្ដី​សុខ​ជានិច្ច​ក្រោម​ការ​គ្រប់គ្រង​នៃ​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។ ព្យាការី​ដានីយ៉ែល​បាន​សរសេរ​អំពី​គ្រា​នោះ​ថា៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង​ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ . . . គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច»។ (ដានីយ៉ែល ២:៤៤) ដូច្នេះ ឥឡូវ​គឺ​ជា​គ្រា​បន្ទាន់​ឲ្យ​«ថើប​ព្រះ​រាជបុត្រា» និង​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​អម្ចាស់​មហាក្សត្រ!

[កំណត់​សម្គាល់]

^ វគ្គ 4 ដំបូង ស្តេច​ដាវីឌ​ជា«ព្រះ​អង្គ​ដែល​ទ្រង់​បាន​លាប​ប្រេង» ហើយ«ពួក​មហាក្សត្រ​នៅ​ផែនដី»គឺ​ពួក​អ្នក​គ្រប់គ្រង​សាសន៍​ភីលីស្ទីន​ដែល​ផ្ដុំ​កងទ័ព​របស់​ពួក​គេ​ទាស់​នឹង​ទ្រង់។

^ វគ្គ 7 បទ​គម្ពីរ​ឯ​ទៀត​ពី​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច​ក៏​បង្ហាញ​ថា ព្រះ​យេស៊ូ​ជា​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង ដូច​នៅ​ទំនុក​ទីពីរ​ដែរ។ យើង​អាច​ឃើញ​ជាក់​ស្តែង​ដោយ​ការ​ប្រៀបធៀប​ទំនុកដំកើង ២:៧ ជា​មួយ​នឹង​កិច្ចការ ១៣:៣២, ៣៣ ហើយ​ហេព្រើរ ១:៥; ៥:៥។ ព្រម​ទាំង​សូម​មើល​ទំនុកដំកើង ២:៩​និង​វិវរណៈ ២:២៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​សាសន៍​ទាំង​ឡាយ«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ»អំពី​អ្វី?

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ចំអក​ឲ្យ​សាសន៍​ទាំង​ឡាយ?

តើ​ច្បាប់​អ្វី​របស់​ព្រះ​ដែល​ប្រឆាំង​នឹង​សាសន៍​ទាំង​ឡាយ?

តើ​ការ«ថើប​ព្រះ​រាជបុត្រា»មាន​ន័យ​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៦]

ព្រះ​គ្រីស្ទ​បាន​តាំង​ឡើង​ជា​ស្តេច​នៅ​ភ្នំ​ស៊ីយ៉ូន​ឯ​ស្ថានសួគ៌