លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំឲ្យអារក្សមានឱកាសឲ្យសោះ

កុំឲ្យអារក្សមានឱកាសឲ្យសោះ

កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ

«កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ»។—អេភេសូរ ៤:២៧

១​. ហេតុអ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ឆ្ងល់​អំពី​អត្តសញ្ញាណ​របស់​អារក្ស?

វចនានុក្រម​ខ្មែរ​បកស្រាយ​ពាក្យ«អារក្ស»ថា ជា‹បិសាច​អសុរកាយ​ដែល​កាន់កាប់›ឬ«ខ្មោច​អ្នក​បីបាច់​រក្សា»។ ម្យ៉ាងទៀត គ្រីស្ទ​សាសនា​ផ្សេងៗ​ពន្យល់​អំពី​អារក្ស​ជា​បុគ្គល​មួយ​រូប​ដែល​មាន​ស្នែង​ហើយ​ស្លៀក​ពាក់​ពណ៌ក្រហម ដែល​បោះ​មនុស្ស​អាក្រក់​ទៅ​ក្នុង​ស្ថាននរក​ដែល​មាន​ភ្លើង​ឆេះ​ជា​រៀងរហូត។ ប៉ុន្តែ ពាក្យ«អារក្ស»ដែល​ប្រើ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​មិន​គាំទ្រ​គំនិត​ទាំង​នោះ​ឡើយ។ ដូច្នេះ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា តើ​ពាក្យ«អារក្ស»ក្នុង​ព្រះគម្ពីរ​ពិត​ជា​សំដៅ​ទៅ​លើ​អ្នក​ណា?

២​. តើ​ព្រះគម្ពីរ​ចែង​យ៉ាង​ណា​ខ្លះ​អំពី​អារក្ស?

ព្រះគម្ពីរ​រៀបរាប់​យ៉ាង​ជាក់​ច្បាស់​ថា អារក្ស​ជា​ទេវតា​បះបោរ​មួយ​រូប ហើយ​កំណត់ហេតុ​ផ្សេងៗ​ក្នុង​ព្រះគម្ពីរ​មាន​សក្ខីភាព​ពី​សាក្សី​ផ្សេងៗ​ដែរ។ ព្រះយេស៊ូ​គ្រីស្ទ​បាន​ឃើញ​វា​នៅ​ឯ​ស្ថានសួគ៌​ហើយ​បាន​ពិគ្រោះ​ជា​មួយ​វា​នៅ​ផែនដី​ផង។ (យ៉ូប ១:៦; ម៉ាថាយ ៤:៤​-​១១) ទោះ​ជា​ព្រះគម្ពីរ​មិន​ប្រាប់​ថា បុគ្គល​វិញ្ញាណ​នេះ​មាន​ឈ្មោះ​អ្វី​មុន​ដំបូង​ក៏​ដោយ បទគម្ពីរ​ផ្សេងៗ​ហៅ​វា​ជា​អារក្ស (ភាសា​ដើម​មាន​ន័យ​ថា «អ្នក​និយាយ​បង្កាច់​បង្ខូច») ពីព្រោះ​វា​បាន​និយាយ​បង្កាច់បង្ខូច​ព្រះ។ គេ​ក៏​ហៅ​វា​ជា​សាតាំង​ផង (ភាសា​ដើម​មាន​ន័យ​ថា «អ្នក​ប្រឆាំង») ពីព្រោះ​វា​ប្រឆាំង​នឹង​ព្រះយេហូវ៉ា។ អារក្ស​សាតាំង​ក៏​ត្រូវ​ហៅ​ថា «ពស់​ពី​បុរាណ»ផង​ដែរ ប្រហែល​ជា​ដោយសារ​វា​បាន​ប្រើ​សត្វ​ពស់​មួយ​ដើម្បី​បញ្ឆោត​នាង​អេវ៉ា។ (វិវរណៈ ១២:៩; ធីម៉ូថេទី១ ២:១៤) វា​ក៏​ត្រូវ​ហៅ​ជា«មេកំណាច»ទៀត​ផង។—យ៉ូហានទី១ ៥:១៩

៣​. តើ​យើង​នឹង​ពិភាក្សា​សំណួរ​អ្វី?

ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះយេហូវ៉ា យើង​មិន​ចង់​មាន​លក្ខណៈ​ដូច​សាតាំង​សោះ​ឡើយ ដែល​វា​ជា​មេសត្រូវ​នៃ​ព្រះ​ពិត។ ហេតុនេះ​ហើយ​បាន​ជា​យើង​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​ប៉ុល​ថា៖ «កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ»។ (អេភេសូរ ៤:២៧) បើ​ដូច្នេះ តើ​វា​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​យើង​មិន​គួរ​ធ្វើ​តាម​ទាល់តែ​សោះ?

កុំ​ឲ្យ​មាន​លក្ខណៈ​ដូច​មេ​និយាយ​បង្កាច់​បង្ខូច

៤​. តើ«មេ​កំណាច»បាន​និយាយ​បង្កាច់​បង្ខូច​ព្រះ​យ៉ាង​ដូចម្ដេច?

សំរាប់«មេ​កំណាច»វា​សម​តែ​ទទួល​ឈ្មោះ​ថា​អារក្ស ពីព្រោះ​វា​ជា​អ្នក​និយាយ​បង្កាច់​បង្ខូច។ ការនិយាយ​បង្កាច់បង្ខូច​ជា​ការពោល​ពាក្យ​កាច់​មួល​ឲ្យ​ខុស​ពី​ដំណើរ​ពិត​ឬ​បង្កាច់​ឲ្យ​ខូច​កេរ្ដិ៍ឈ្មោះ។ ព្រះ​បាន​បង្គាប់​ដល់​អ័ដាម​ថា៖ «ត្រង់​ដើម​ដឹង​ខុស​ត្រូវ​នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ (លោកុប្បត្តិ ២:១៧) អេវ៉ា​ក៏​ដឹង​អំពី​ច្បាប់​នេះ​ដែរ តែ​អារក្ស​បាន​និយាយ​ជា​មួយ​នាង​តាម​រយៈ​សត្វ​ពស់​ថា៖ «អ្នក[នឹង]មិន​ស្លាប់​ជា​ពិត​មែន​ទេ។ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង​ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង»។ (លោកុប្បត្តិ ៣:៤, ៥) នោះ​ជា​ការនិយាយ​មួលបង្កាច់​យ៉ាង​អាក្រក់​អំពី​ព្រះយេហូវ៉ា!

៥​. ហេតុអ្វី​ក៏​គួរ​គប្បី​ឲ្យ​ឌីអូត្រេព​ទទួល​ទោស​ចំពោះ​ការនិយាយ​បង្កាច់​បង្ខូច?

ព្រះ​បាន​បង្គាប់​ពួក​អ៊ីស្រាអែល​ថា៖ «[ឯង]មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ»។ (លេវីវិន័យ ១៩:១៦) សាវ័ក​យ៉ូហាន​បាន​រៀបរាប់​អំពី​មនុស្ស​ម្នាក់​នៅ​សម័យ​គាត់​ដែល​ជា​អ្នក​និយាយ​បង្កាច់​បង្ខូច។ យ៉ូហាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូលចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ។ ដូច្នេះ បើ​ខ្ញុំ​មក​ខ្ញុំ​នឹង​នឹកចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ​ដោយ​គាត់​ពោល​ពាក្យ​អាក្រក់​និយាយ​ដើម​យើង»។ (យ៉ូហានទី៣ ៩, ១០) លោក​ឌីអូត្រេព​បាន​និយាយ​បង្កាច់​បង្ខូច​យ៉ូហាន ដូច្នេះ​គាត់​គួរ​នឹង​ទទួល​ទោស។ ក្នុង​នាម​ជា​គ្រីស្ទាន​ស្មោះត្រង់​នោះ យើង​ពិត​ជា​មិន​ចង់​ធ្វើ​ដូច​ឌីអូត្រេព​ដែល​មាន​លក្ខណៈ​ដូច​សាតាំង​ដែល​ជា​មេ​និយាយ​បង្កាច់​បង្ខូច។

៦, ៧​. ហេតុអ្វី​ក៏​យើង​គ្មាន​ចេតនា​និយាយ​បង្កាច់​បង្ខូច​អ្នក​ដទៃ?

ម្ដង​ហើយ​ម្ដង​ទៀត​មាន​ពាក្យ​មួល​បង្កាច់​និង​ការចោទប្រកាន់​មិន​ពិត​ចំពោះ​រាស្ត្រ​របស់​ព្រះយេហូវ៉ា។ «ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ គេ​ឈរ​នៅ​ទី​នោះ​កំពុង​តែ​ចោទប្រកាន់[ព្រះយេស៊ូ]ជា​ខ្លាំង»។ (លូកា ២៣:១០) សម្ដេច​សង្ឃ​អាន្ន៉ានាស​និង​មនុស្ស​ដទៃ​បាន​ចោទ​ប្រកាន់​មិន​ពិត​ចំពោះ​ប៉ុល។ (កិច្ចការ ២៤:១​-​៨) ព្រះគម្ពីរ​ក៏​រៀបរាប់​អំពី​សាតាំង​ជា«អា​នោះ​ដែល​ចោទប្រកាន់​ពី​ពួក​បងប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ​នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ»។ (វិវរណៈ ១២:១០) បងប្អូន​ដែល​វា​ចោទប្រកាន់​មិន​ពិត​នោះ ជា​ពួក​គ្រីស្ទាន​ចាក់ប្រេងតាំង​នៅ​លើ​ផែនដី​នៅ​ជាន់​ក្រោយ​បង្អស់​នេះ។

គ្មាន​គ្រីស្ទាន​ពិត​ណា​មាន​ចេតនា​ចង់​និយាយ​បង្កាច់​បង្ខូច​ឬ​ចោទប្រកាន់​មិន​ពិត​ចំពោះ​មនុស្ស​ដទៃ​ឡើយ។ ប៉ុន្តែ បើ​យើង​មិន​ដឹង​ហេតុការណ៍​ពិត​ទាំង​អស់​មុន​ធ្វើ​ជា​សាក្សី នោះ​យើង​ប្រហែល​ជា​និយាយ​មិន​ពិត​ឬ​និយាយ​មួលបង្កាច់​វិញ។ ក្រោម​ក្រិត្យវិន័យ​លោក​ម៉ូសេ​នោះ គេ​អាច​ប្រហារ​ជីវិត​មនុស្ស​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែងក្លាយ។ (និក្ខមនំ ២០:១៦; ចោទិយកថា ១៩:១៥​-​១៩) ម្យ៉ាងទៀត «សាក្សី​ក្លែងក្លាយ​ដែល​ពោល​ពាក្យ​កំភូត»ជា​អ្វី​ដែល​ព្រះយេហូវ៉ា​ស្អប់​ណាស់។ (សុភាសិត ៦:១៦​-​១៩) បើ​ដូច្នេះ យើង​ច្បាស់​ជា​ចង់​ប្រយ័ត្ន​កុំ​ឲ្យ​មាន​លក្ខណៈ​ដូច​មេ​និយាយ​បង្កាច់​បង្ខូច​ដែល​ជា​អ្នក​ចោទប្រកាន់​មិន​ពិត។

យើង​មិន​ត្រូវ​មាន​ចិត្ត​គំនិត​ដូច​អ្នក​សម្លាប់​គេ​តាំង​ពីដើម

៨​. តើ​អារក្ស«ជា​អ្នក​សំឡាប់​គេ​តាំង​ពីដើម​មក»យ៉ាង​ដូចម្ដេច?

អារក្ស​ជា​អ្នក​សម្លាប់​គេ។ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖ «វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពីដើម​មក»។ (យ៉ូហាន ៨:៤៤) សាតាំង​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​បាន​បង្វែរ​អ័ដាម​និង​អេវ៉ា​ចេញ​ពី​ការគោរព​ព្រះ។ វា​បាន​នាំ​មនុស្ស​មួយ​គូ​ដំបូង​និង​កូន​ចៅ​ទាំង​ឡាយ​របស់​គេ​ឲ្យ​ស្លាប់​ដែរ។—រ៉ូម ៥:១២

៩​. ស្រប​ទៅ​តាម​យ៉ូហានទី១ ៣:១៥ តើ​យើង​អាច​ក្លាយ​ជា​អ្នក​សម្លាប់​គេ​យ៉ាង​ដូចម្ដេច?

ក្រិត្យវិន័យ​មួយ​ក្នុង​ចំណោម​ទាំង​ដប់​ប្រការ​ដែល​ព្រះ​បាន​ឲ្យ​ដល់​សាសន៍​អ៊ីស្រាអែល​នោះ​ចែង​ថា៖ «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ»។ (ចោទិយកថា ៥:១៧) សាវ័ក​ពេត្រុស​បាន​សរសេរ​ទៅ​កាន់​ពួក​គ្រីស្ទាន​ថា៖ «កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រងទុក្ខ​ទោស​ដោយ​ព្រោះ​សំឡាប់​គេ»។ (ពេត្រុសទី១ ៤:១៥) ដូច្នេះ ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះយេហូវ៉ា យើង​មិន​សម្លាប់​មនុស្ស​ទេ។ ក៏​ប៉ុន្តែ យើង​អាច​មាន​ទោស​ចំពោះ​ព្រះ​បាន បើ​យើង​ស្អប់​បងប្អូន​គ្រីស្ទាន​និង​ប៉ង​ចង់​ឲ្យ​គាត់​ស្លាប់។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បងប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ[ឬ«ជា​ឃាតករ»] ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ​ដែល​មាន​ជីវិត​ដ៏​រស់​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ»។ (យ៉ូហានទី១ ៣:១៥; ខ.ស.) ព្រះ​បាន​បង្គាប់​ពួក​អ៊ីស្រាអែល​ថា៖ «មិន​ត្រូវ[ឲ្យ​ឯង]មាន​ចិត្ត​ស្អប់​ដល់​បងប្អូន​ឯង​ឡើយ»។ (លេវីវិន័យ ១៩:១៧) បើ​យើង​មាន​រឿង​ជំលោះ​ជា​មួយ​នឹង​បងប្អូន​រួម​ជំនឿ ចូរ​ប្រញាប់​ដោះស្រាយ​បញ្ហា​នោះ​ភ្លាម​កុំ​ឲ្យ​សាតាំង​ដែល​ជា​អ្នក​សម្លាប់​គេ​ចូល​មក​បង្ខូច​សាមគ្គីភាព​របស់​យើង​ជា​ជន​គ្រីស្ទាន។—លូកា ១៧:៣, ៤

ចូរ​កាន់​ជំហរ​មាំមួន​ប្រឆាំង​នឹង​មេ​កំភូត

១០, ១១​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កាន់​ជំហរ​មាំមួន​ប្រឆាំង​នឹង​សាតាំង​ដែល​ជា​មេ​កំភូត?

១០ អារក្ស​ជា​អ្នក​កំភូត។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត​ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង»។ (យ៉ូហាន ៨:៤៤) សាតាំង​បាន​ភូត​កុហក​នាង​អេវ៉ា តែ​ព្រះយេស៊ូ​បាន​ចូល​មក​ក្នុង​លោកីយ៍​ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្ដីពិត​វិញ។ (យ៉ូហាន ១៨:៣៧) បើ​យើង​ចង់​រក្សា​ឲ្យ​មាន​កេរ្ដិ៍ឈ្មោះ​ជា​អ្នក​កាន់តាម​ព្រះគ្រីស្ទ​ដែល​កាន់​ជំហរ​មាំមួន​ប្រឆាំង​នឹង​អារក្ស យើង​មិន​អាច​ភូត​កុហក​ឬ​បោកប្រាស់​មនុស្ស​ដទៃ​សោះ​ឡើយ។ យើង​ត្រូវ​តែ«និយាយ​សេចក្ដីពិត»។ (សាការី ៨:១៦; អេភេសូរ ៤:២៥) «ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីពិត»ហើយ​ទ្រង់​ប្រទាន​ពរ​លើ​ស្មរបន្ទាល់​ទ្រង់​ប៉ុណ្ណោះ ដែល​កាន់​សច្ចៈ។ មនុស្ស​អាក្រក់​គ្មាន​សិទ្ធិ​តំណាង​ទ្រង់​សោះ​ឡើយ។—ទំនុកដំកើង ៣១:៥; ៥០:១៦; អេសាយ ៤៣:១០

១១ បើ​យើង​ស្រឡាញ់​នូវ​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​ដែល​ប្រោស​យើង​ឲ្យ​រួច​ពី​ពាក្យ​កំភូត​របស់​សាតាំង​នោះ យើង​នឹង​កាន់​ខ្ជាប់​នូវ​ជំនឿ​គ្រីស្ទាន​នេះ​ដែល​ជា«ផ្លូវ​ពិត»។ (ពេត្រុសទី២ ២:២; យ៉ូហាន ៨:៣២) សេចក្ដីបង្រៀន​ទាំង​ឡាយ​របស់​ពួក​គ្រីស្ទាន​ពិត​គឺ​ជា«សេចក្ដីពិត​នៃ​ដំណឹង​ល្អ»។ (កាឡាទី ២:៥, ១៤) យើង​អាច​ទទួល​សេចក្ដីសង្គ្រោះ​បាន ឲ្យ​តែ​យើង«ប្រព្រឹត្ត​តាម​សេចក្ដីពិត» ពោល​គឺ​កាន់​ខ្ជាប់​តាម​សេចក្ដីពិត​នោះ រួម​ទាំង​កាន់​ជំហរ​មាំមួន​ប្រឆាំង​នឹង‹ឪពុក​នៃ​សេចក្ដីកំភូត›។—យ៉ូហានទី៣ ៣, ៤,

ចូរ​ទប់ទល់​នឹង​មេ​ក្បត់ជំនឿ

១២, ១៣​. តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ក្បត់ជំនឿ?

១២ បុគ្គល​វិញ្ញាណ​មួយ​រូប​ដែល​បាន​ក្លាយ​ជា​អារក្ស​នោះ វា​ជា​អ្នក​កាន់​សច្ចៈ​នៅ​ដើម​ដំបូង។ ប៉ុន្តែ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖ «វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដីពិត​ព្រោះ​គ្មាន​សេចក្ដីពិត​នៅ​ក្នុង​វា​ទេ»។ (យ៉ូហាន ៨:៤៤) មេ​ក្បត់ជំនឿ​នេះ​បាន​ប្រឆាំង«ព្រះ​នៃ​សេចក្ដីពិត»រហូត​មក​នេះ។ ពួក​គ្រីស្ទាន​ខ្លះ​នៅ​សតវត្សរ៍​ទី​មួយ​បាន​ជាប់«អន្ទាក់​របស់​អារក្ស»។ តាម​មើល​ទៅ ពួក​គេ​បាន​រងគ្រោះថ្នាក់​ដោយ​ចាញ់​បញ្ឆោត​វា ហើយ​បែរ​ចេញ​ពី​សេចក្ដីពិត។ ដូច្នេះ ប៉ុល​បាន​ដាស់តឿន​ធីម៉ូថេ​ដែល​ជា​គូកន​របស់​គាត់​ក្នុង​កិច្ចបម្រើ​ព្រះ​ថា គាត់​ត្រូវ​ប្រដៅ​ដំរង់​បងប្អូន​ទាំង​នោះ​ដោយ​ចិត្តសុភាព​ដើម្បី​ជួយ​ស្ដារ​គេ​ឡើង​វិញ​ខាង​វិញ្ញាណ ហើយ​ឲ្យ​គេ​រួច​ពី​អន្ទាក់​របស់​សាតាំង។ (ធីម៉ូថេទី២ ២:២៣​-​២៦) យ៉ាងណាក៏ដោយ យក​ល្អ​យើង​កាន់​ខ្ជាប់​យ៉ាង​ស្មោះ​នឹង​សេចក្ដីពិត​ជានិច្ច ជាជាង​ជាប់​អន្ទាក់​របស់​សាតាំង​ដោយ​ស្ដាប់​ទស្សនៈ​របស់​ពួក​អ្នក​ក្បត់ជំនឿ។

១៣ មនុស្ស​មួយ​គូ​ដំបូង​បាន​ក្លាយ​ជា​អ្នក​ក្បត់ជំនឿ​ដោយ​ស្ដាប់​តាម​អារក្ស​ជាជាង​បដិសេធ​ពាក្យ​កំភូត​របស់​វា។ ដូច្នេះ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ក្បត់ជំនឿ​នៅ​សព្វថ្ងៃ​នេះ? តើ​មាន​ប្រយោជន៍​ឲ្យ​យើង​ស្ដាប់​ទស្សនៈ អាន​ឯកសារ​ឬ​មើល​វើបសាយ​អ៊ីនធឺណិត​របស់​ពួក​គេ​ទេ? បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​និង​សេចក្ដីពិត​នោះ យើង​មិន​ព្រម​ធ្វើ​ដូច្នេះ​ឡើយ។ យើង​មិន​គួរ​ជំរាប​សួរ​ពួក​អ្នក​ក្បត់ជំនឿ​ឬ​អញ្ជើញ​គេ​ចូល​មក​ផ្ទះ​យើង​សោះ ដ្បិត​ទង្វើ​បែប​នេះ​មាន​ន័យ​ថា យើង​ក្លាយ​ជា​អ្នក‹ប្រកប​ក្នុង​ការអាក្រក់​របស់​គេ​ដែរ›។ (យ៉ូហានទី២ ៩​-​១១) កុំ​ឲ្យ​យើង​ចាញ់​បញ្ឆោត​អារក្ស​ដោយ​លះបង់«មាគ៌ា​នៃ​សេចក្ដីពិត» ហើយ​ធ្វើ​តាម​គ្រូ​មិន​ពិត​ដែល​មាន​បំណង«បោកប្រាស​បងប្អូន . . . ដោយ​ពោល​ពាក្យ​បញ្ឆោត»ប៉ុណ្ណោះ។—ពេត្រុសទី២ ២:១​-​៣, ខ.ស.

១៤, ១៥​. ចំពោះ​ពួក​អ្នក​ចាស់ទុំ​នៅ​ក្រុង​អេភេសូរ​និង​ប្អូន​ប្រុស​ធីម៉ូថេ​ដែល​ជា​គូកន​ក្នុង​កិច្ច​បម្រើ​ព្រះ តើ​ប៉ុល​បាន​ព្រមាន​អំពី​អ្វី?

១៤ ប៉ុល​បាន​មាន​ប្រសាសន៍​ចំពោះ​ពួក​អ្នក​ចាស់ទុំ​គ្រីស្ទាន​ពី​ក្រុង​អេភេសូរ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន​ហើយ​ខំ​ថែរក្សា​ហ្វូង​សិស្ស​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ​អម្ចាស់​ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះលោហិត​ព្រះ​អង្គ​ទ្រង់​ចុះ! ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់​នោះ​នឹង​មាន​ឆ្កែព្រៃ​ដ៏​សាហាវ​ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​នឹង​កើត​មាន​មនុស្ស​ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ»។ (កិច្ចការ ២០:២៨​-​៣០) យូរៗ​ទៅ អ្នក​ក្បត់​ជំនឿ​បាន​លេច​ខ្លួន​មក​មែន ហើយ​ចូល​មក«អធិប្បាយ​សេចក្ដីទំនាស់​ខុស»!

១៥ ប្រហែល​ជា​ឆ្នាំ​៦៥ គ.ស. សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​ឲ្យ«កាត់ស្រាយ​ព្រះបន្ទូល​នៃ​សេចក្ដីពិត​យ៉ាង​ត្រឹមត្រូវ»។ គាត់​សរសេរ​ទៀត​ថា៖ «តែ​ត្រូវ​ចៀសចេញ​ពី​ពាក្យ​សំដី​ឡេះឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ​នឹង​នាំ​ឲ្យ​ចំរើន​សេចក្ដីទមិលល្មើស​កាន់តែ​ច្រើន​ឡើង​ទេ ហើយ​សំដី​គេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ។ ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ហ៊ីមេនាស​នឹង​ភីលេត​ដែល​បាន​ជ្រួស​ហួស​ចេញ​ពី​សេចក្ដីពិត ទាំង​និយាយ​ថា សេចក្ដីរស់ឡើងវិញ​បាន​កន្លង​ទៅ​ហើយ។ គេ​ក៏​បង្ខូច​សេចក្ដីជំនឿ​របស់​អ្នក​ខ្លះ​ដែរ»។ ការក្បត់ជំនឿ​បាន​ចាប់​រាលដាល​ហើយ! ប៉ុល​មាន​ប្រសាសន៍​ទៀត​ថា៖ «ប៉ុន្តែ​ឯ​ឫស​មាំមួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ»។—ធីម៉ូថេទី២ ២:១៥​-​១៩

១៦​. ទោះ​ជា​មេ​ក្បត់ជំនឿ​ប្រើ​ល្បិច​ផ្សេងៗ​ក៏​ដោយ តើ​អ្វី​បាន​ជួយ​យើង​រក្សា​ឲ្យ​មាន​ចិត្តស្មោះភក្ដី​ចំពោះ​ព្រះ​និង​បន្ទូល​របស់​ទ្រង់?

១៦ ម្ដង​ហើយ​ម្ដង​ទៀត​សាតាំង​ប្រើ​ពួក​អ្នក​ក្បត់ជំនឿ​ដើម្បី​បង្ខូច​ការថ្វាយបង្គំ​ពិត តែ​វា​គ្មាន​ជោគជ័យ​ទេ។ ប្រហែល​ជា​ឆ្នាំ​១៨៦៨ បង​ប្រុស​ឆាល្ស ថេហ្ស រ៉ាសិល​បាន​ចាប់ផ្ដើម​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់​នូវ​សេចក្ដីបង្រៀន​ផ្សេងៗ​ដែល​ពិភព​គ្រីស្ទ​សាសនា​និយម​ជឿ​យូរ​មក​ហើយ។ គាត់​បាន​រកឃើញ​កំហុស​ផ្សេងៗ​ក្នុង​ការបកស្រាយ​ន័យ​ខ​គម្ពីរ​ដែល​មាន​ក្នុង​ពិភព​គ្រីស្ទ​សាសនា។ បង​ប្រុស​រ៉ាសិល​និង​មនុស្ស​ខ្លះ​ទៀត​ដែល​ស្រឡាញ់​សេចក្ដីពិត​បាន​រួមគ្នា​មាន​កម្មវិធី​សិក្សា​ព្រះគម្ពីរ​នៅ​ទី​ក្រុង​ភិតបឺក រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាមេរិក។ ក្នុង​កំឡុង​ពេល​ជិត​១៤០​ឆ្នាំ​តាំង​ពី​គ្រា​នោះ​មក រាស្ត្រ​របស់​ព្រះយេហូវ៉ា​បាន​បង្កើន​ចំណេះ​និង​សេចក្ដីស្រឡាញ់​កាន់តែ​ច្រើន​ចំពោះ​ព្រះ​និង​ព្រះបន្ទូល​របស់​ទ្រង់។ ទោះ​ជា​មេ​ក្បត់ជំនឿ​ប្រើ​ល្បិច​ផ្សេងៗ​ក៏​ដោយ ក្រុម​អ្នក​បម្រើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​បាន​ប្រុង​ស្មារតី​ជានិច្ច​ខាង​វិញ្ញាណ​ហើយ​នេះ​បាន​ជួយ​ពួក​គ្រីស្ទាន​ពិត​រក្សា​ឲ្យ​មាន​ចិត្តស្មោះភក្ដី​ចំពោះ​ព្រះយេហូវ៉ា​និង​ព្រះបន្ទូល​របស់​ទ្រង់។—ម៉ាថាយ ២៤:៤៥

កុំ​ឲ្យ​ចៅហ្វាយ​លោកីយ៍​មាន​អំណាច​លើ​អ្នក​ទាល់តែ​សោះ

១៧​-​១៩​. តើ​លោកីយ៍​ដែល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ? ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ស្រឡាញ់​លោកីយ៍​នេះ?

១៧ អន្ទាក់​មួយ​ទៀត​ដែល​សាតាំង​ប្រើ​ដើម្បី​ទាក់ទាញ​យើង គឺ​ដោយ​ញុះញង់​យើង​ឲ្យ​ស្រឡាញ់​លោកីយ៍​នេះ ពោល​គឺ​សង្គម​មនុស្ស​ទុច្ចរិត​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ។ ព្រះយេស៊ូ​បាន​ហៅ​អារក្ស​ជា«ចៅហ្វាយ​របស់​លោកីយ​នេះ» ហើយ​ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «តែ​វា​គ្មាន​អ្វី​នៅ​ក្នុង[ឬ«គ្មាន​អំណាច​អ្វី​លើ»]ខ្ញុំ​ទេ»។ (យ៉ូហាន ១៤:៣០; ខ.ស.) កុំ​ឲ្យ​សាតាំង​មាន​អំណាច​លើ​យើង​ទាល់តែ​សោះ! ប្រាកដ​ហើយ យើង​ដឹង​ថា«លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»នោះ។ (យ៉ូហានទី១ ៥:១៩) ដូច្នេះ បើ​ព្រះយេស៊ូ​បែរ​ជា​ព្រម​ក្បត់ជំនឿ​ដោយ​ក្រាប​ថ្វាយបង្គំ​អារក្ស​តែ​ម្ដង​គត់ នោះ​វា​ពិត​ជា​មាន​សិទ្ធិ​ជូន«អស់​ទាំង​នគរ​ក្នុង​លោកីយ»ចំពោះ​ទ្រង់​មែន។ ប៉ុន្តែ ព្រះរាជបុត្រា​របស់​ព្រះ​មិន​ព្រម​ធ្វើ​ដូច្នេះ​ជា​ដាច់ខាត។ (ម៉ាថាយ ៤:៨​-​១០) លោកីយ៍​នេះ​ដែល​មាន​សាតាំង​ជា​ចៅហ្វាយ​នោះ ពិត​ជា​ស្អប់​ពួក​អ្នក​ដែល​កាន់​តាម​ព្រះគ្រីស្ទ។ (យ៉ូហាន ១៥:១៨​-​២១) ហេតុនោះហើយ​បាន​ជា​ពុំ​មែន​ជា​ការចម្លែក​អ្វី​ឡើយ​ដែល​សាវ័ក​យ៉ូហាន​បាន​ព្រមាន​យើង​ថា កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍!

១៨ យ៉ូហាន​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​ស្រឡាញ់​លោកីយ​ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ។ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដីប៉ងប្រាថ្នា​របស់​សាច់ឈាម​នឹង​សេចក្ដីប៉ងប្រាថ្នា​របស់​ភ្នែក​ហើយ​សេចក្ដីអំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ។ ឯ​លោកីយ​នេះ​នឹង​សេចក្ដីប៉ងប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហានទី១ ២:១៥​-​១៧) យើង​មិន​អាច​ស្រឡាញ់​លោកីយ៍​នេះ​បាន​ឡើយ ពីព្រោះ​របៀប​រស់​នៅ​របស់​លោកីយ៍​នេះ​តែង​ទាក់ទាញ​យើង​ឲ្យ​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​ខាង​សាច់ឈាម​ដែល​មាន​បាប ហើយ​មាន​លក្ខណៈ​ខុស​ស្រឡះ​ពី​ខ្នាត​តម្រា​របស់​ព្រះយេហូវ៉ា។

១៩ ចុះ​យ៉ាង​ណា​បើ​ចិត្ត​យើង​ស្រឡាញ់​លោកីយ៍​នេះ​ហើយ? បើ​ដូច្នេះ ចូរ​យើង​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ​ដើម្បី​យក​ឈ្នះ​ចំណង់​ចំណូល​ចិត្ត​និង​សេចក្ដីប៉ងប្រាថ្នា​ខាង​សាច់ឈាម​នោះ។ (កាឡាទី ៥:១៦​-​២១) បើ​យើង​នឹកចាំ​ថា សង្គម​មនុស្ស​ទុច្ចរិត​នេះ​មាន«ពួក​គ្រប់គ្រង»ដែល​យើង​មើល​មិន​ឃើញ ពោល​គឺ«អំណាច​អាក្រក់​ខាង​វិញ្ញាណ» នោះ​យើង​នឹង​ប្រុង​ប្រយ័ត្ន​កុំ«ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។—យ៉ាកុប ១:២៧; អេភេសូរ ៦:១១, ១២; កូរិនថូសទី២ ៤:៤

២០​. តើ​យើង«មិន​មែន​ជា​របស់​ផង​លោកីយ»ក្នុង​លក្ខណៈ​អ្វី?

២០ ព្រះយេស៊ូ​បាន​មាន​បន្ទូល​អំពី​ពួក​សិស្ស​ទ្រង់​ថា៖ «គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ (យ៉ូហាន ១៧:១៦) ពួក​គ្រីស្ទាន​ចាក់ប្រេងតាំង​និង​ពួក​គូកន​របស់​គាត់​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដែរ ខំ​រក្សា​ឲ្យ​មាន​ជំនឿ​និង​សីលធម៌​ស្អាត​ស្អំ​ដោយ​ឡែក​ពី​លោកីយ៍​នេះ។ (យ៉ូហាន ១៥:១៩; ១៧:១៤; យ៉ាកុប ៤:៤) លោកីយ៍​ដ៏​ទុច្ចរិត​នេះ​ស្អប់​យើង​ពីព្រោះ​យើង​ញែក​ខ្លួន​ដោយ​ឡែក​ពី​វា​ហើយ​ធ្វើ​ជា«អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) យើង​កំពុង​តែ​រស់​ក្នុង​សង្គម​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​កំផិត សហាយ​ស្មន់ ប្លន់​កំហែង ថ្វាយបង្គំ​រូប​ព្រះ ប្រមឹក​ស្រា ព្រម​ទាំង​មាន​អ្នក​កំភូត​និង​ចោរ​ផង​ដែរ។ (កូរិនថូសទី១ ៥:៩​-​១១; ៦:៩​-​១១; វិវរណៈ ២១:៨) «វិញ្ញាណ​របស់​លោកីយ»ជា​ចិត្តគំនិត​ដែល​ជំរុញ​មនុស្ស​ឲ្យ​ធ្វើ​អំពើ​បាប តែ​នេះ​មិន​មាន​អានុភាព​លើ​យើង​ពីព្រោះ​យើង​មិន​ស្រូប​យក«វិញ្ញាណ»នោះ​ឡើយ។—កូរិនថូសទី១ ២:១២

កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ

២១, ២២​. តើ​អ្នក​អាច​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ុល​នៅ​អេភេសូរ ៤:២៦, ២៧ បាន​យ៉ាងណា?

២១ ជាជាង​អនុញ្ញាត​ឲ្យ​ចិត្ត​គំនិត​ឬ«វិញ្ញាណ​របស់​លោកីយ»មាន​អានុភាព​លើ​ការប្រព្រឹត្ត​របស់​យើង យើង​មាន​វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ​ជីវិត​យើង ហើយ​នេះ​បង្កើត​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​ជា​សេចក្ដីស្រឡាញ់​និង​ការដឹងខ្នាត​ឬ​ការ​ចេះ​ទប់ចិត្ត។ (កាឡាទី ៥:២២, ២៣) គុណសម្បត្ដិ​ទាំង​នេះ​ជួយ​យើង​ទប់ទល់​នឹង​អារក្ស​ពេល​ដែល​វា​ពាធា​យើង។ វា​ចង់​ឲ្យ​យើង«ក្ដៅចិត្ត»ដើម្បី​ឲ្យ​យើង«ប្រព្រឹត្ត​អាក្រក់» ប៉ុន្តែ​វិញ្ញាណ​របស់​ព្រះ​ជួយ​យើង«បោះបង់​សេចក្ដី​ឃោរឃៅ​ចោល​ចេញ»។ (ទំនុកដំកើង ៣៧:៨) ជួន​កាល​មាន​ហេតុ​ត្រឹមត្រូវ​ឲ្យ​យើង​មាន​កំហឹង​មែន តែ​ប៉ុល​ទូន្មាន​យើង​ថា៖ «ចូរ​ខឹង​ចុះ! តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ។ កុំ​ឲ្យ​សេចក្ដីកំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ»។—អេភេសូរ ៤:២៦, ២៧

២២ បើ​យើង​ខឹង​រហូត កំហឹង​នោះ​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប។ ចិត្ត​ដែល​ខឹង​នោះ​អាច​បើក​ឱកាស​ឲ្យ​អារក្ស​ធ្វើ​ឲ្យ​ក្រុមជំនុំ​ប្រេះឆា ឬ​ញុះញង់​យើង​ឲ្យ​ធ្វើ​អំពើ​អាក្រក់។ អាស្រ័យ​ហេតុ​នេះ​បាន​ជា​យើង​ត្រូវ​ខំ​ដោះស្រាយ​បញ្ហា​យ៉ាង​ឆាប់​រហ័ស​តាម​ព្រះហឫទ័យ​របស់​ព្រះ។ (លេវីវិន័យ ១៩:១៧, ១៨; ម៉ាថាយ ៥:២៣, ២៤; ១៨:១៥, ១៦) ដូច្នេះ ចូរ​យើង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ​ជីវិត​យើង​ដោយ​ចេះ​ទប់ចិត្ត​កុំ​ឲ្យ​កំហឹង​ដែល​មាន​មូលហេតុ​ត្រឹមត្រូវ​ក្លាយ​ជា​សេចក្ដីសំអប់​ដែល​ចង​គំនុំ​ឬ​ចង់​ព្យាបាទ។

២៣​. តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពិភាក្សា​អំពី​អ្វី?

២៣ យើង​បាន​ពិភាក្សា​លក្ខណៈ​ខ្លះៗ​របស់​អារក្ស​ដែល​យើង​មិន​ចង់​មាន​ទេ។ ប៉ុន្តែ​បងប្អូន​មិត្ត​អ្នក​អាន​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ តើ​យើង​គួរ​ខ្លាច​សាតាំង​ឬ? ហេតុអ្វី​ក៏​វា​ញុះញង់​មនុស្ស​ឲ្យ​បៀតបៀន​ពួក​គ្រីស្ទាន? ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឈ្នះ​លើ​យើង?

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​យើង​គ្មាន​ចេតនា​និយាយ​បង្កាច់​បង្ខូច​អ្នក​ដទៃ?

ស្រប​ទៅ​តាម​យ៉ូហានទី១ ៣:១៥ តើ​ធ្វើ​ដូចម្ដេច​កុំ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​សម្លាប់​គេ?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ក្បត់ជំនឿ? ហើយ​ហេតុអ្វី?

ហេតុអ្វី​បាន​ជា​យើង​មិន​គួរ​ស្រឡាញ់​លោកីយ៍​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

យើង​មិន​អនុញ្ញាត​ឲ្យ​អារក្ស​បង្ខូច​សាមគ្គីភាព​របស់​យើង​ជា​ជន​គ្រីស្ទាន

[រូបភាព​នៅ​ទំព័រ​១៦]

ហេតុអ្វី​ក៏​យ៉ូហាន​ដាស់តឿន កុំ​ឲ្យ​យើង​ស្រឡាញ់​លោកីយ៍​នេះ?