លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត

ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត

ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​ប្រសើរ​លើស​ការ​គ្រប់គ្រង​ឯ​ទៀត

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ថា​៖ «ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ‹ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំ​រេ​ច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ›»។ (ម៉ាថាយ ៦:៩, ១០) សេចក្ដី​អធិស្ឋាន​ដ៏​ល្បី​នេះ​ប្រាប់​ពី​គោល​បំណង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ទ្រង់​នឹង​លើក​ព្រះ​នាម​ទ្រង់​ឲ្យ​បរិសុទ្ធ ដោយ​ជម្រះ​អស់​ទាំង​ការ​តិះដៀល​ពី​ព្រះ​នាម​ទ្រង់​ចេញ ដែល​បណ្ដាល​មក​ពី​ការ​បះបោរ​ប្រឆាំង​របស់​សាតាំង​និង​មនុស្ស​ជាតិ។ នេះ​សំខាន់​ណាស់! សុភមង្គល​របស់​ទេវតា​និង​មនុស្ស​ជាតិ​ទាំង​អស់​អាស្រ័យ​ទៅ​លើ​ការ​ចាត់​ទុក​ព្រះ​នាម​របស់​ព្រះ​ជា​បរិសុទ្ធ និង​ការ​ស្ម័គ្រ​ចិត្ត​ទទួល​ស្គាល់​សិទ្ធិ​គ្រប់គ្រង​របស់​ទ្រង់។—វិវរណៈ ៤:១១

បន្ថែម​ទៀត ព្រះ​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​រៀបចំ​ឡើង​ដើម្បី​«ឲ្យ​ព្រះ​ហឫទ័យ[ព្រះ]បាន​សំ​រេ​ច​នៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​ដែរ»។ តើ​អ្វី​ទៅ​ជា​ព្រះ​ហឫទ័យ​របស់​ទ្រង់? ព្រះ​ហឫទ័យ​របស់​ទ្រង់​គឺ​ដើម្បី​ផ្សះផ្សា​ឲ្យ​ដូច​ដើម​វិញ​នូវ​ចំណង​មិត្តភាព​រវាង​ព្រះ​និង​មនុស្ស​ជាតិ ជា​ចំណង​មិត្តភាព​ដែល​អ័ដាម​បាន​បាត់បង់។ ព្រះ​រាជាណាចក្រ​នោះ​ក៏​នឹង​សម្រេច​គោល​បំណង​មួយ​ទៀត​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មហាក្សត្រ​សកលលោក គឺ​នឹង​ស្ថាបនា​សួន​មនោរម្យ​នៅ​លើ​ផែនដី​ឲ្យ​មនុស្ស​សុចរិត​រស់​នៅ​ទី​នោះ​ជា​រៀង​រហូត។ ដូច្នេះ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​លុប​បំបាត់​នូវ​រាល់​ផលវិបាក​ដែល​មក​ពី​អំពើ​បាប​របស់​មនុស្ស​ពីរ​នាក់​ដំបូង ហើយ​នឹង​ធ្វើ​ឲ្យ​គោល​បំណង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​ផែនដី​បាន​សម្រេច។ (យ៉ូហានទី១ ៣:៨) តាម​ការ​ពិត ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​អ្វី​ដែល​ព្រះ​រាជាណាចក្រ​នេះ​នឹង​សម្រេច គឺ​ជា​សាច់​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ព្រះ​គម្ពីរ។

ហេតុ​អ្វី​ក៏​ល្អ​ជាង​ការ​គ្រប់គ្រង​ឯ​ទៀត?

ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​ពិត​មួយ​ដែល​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង​ក្លា។ លោក​ដានីយ៉ែល ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​បាន​បង្ហើប​ឲ្យ​យើង​ឃើញ​ថា​អំណាច​នៃ​ព្រះ​រាជាណាចក្រ​នោះ​ខ្លាំង​ក្លា​មែន! យូរ​យារ​មក​ហើយ ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖ «ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង . . . គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ[របស់​មនុស្ស​ជាតិ]ទាំង​នោះ​វិញ»។ បន្ថែម​ទៅ​ទៀត ព្រះ​រាជាណាចក្រ​របស់​ព្រះ​«នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច» មិន​ដូច​រដ្ឋាភិបាល​របស់​មនុស្ស​ដែល​គ្មាន​ស្ថិរ​ភាព​សោះ​ឡើយ។ (ដានីយ៉ែល ២:៤៤) ការ​នេះ​មិន​មាន​តែ​ប៉ុណ្ណឹង​ទេ។ គ្រប់​លក្ខណៈ​ទាំង​អស់​របស់​ព្រះ​រាជាណាចក្រ​នោះ​គឺ​ល្អ​ជាង​ឆ្ងាយ​ពី​ការ​គ្រប់គ្រង​របស់​មនុស្ស​ជាតិ។

ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​ស្តេច​មួយ​អង្គ​ដែល​មាន​លក្ខណៈ​ល្អ​ជាង​អ្នក​ដឹក​នាំ​ដែល​ជា​មនុស្ស​ជាតិ។ សូម​ពិនិត្យ​មើល​តើ​ស្តេច​អង្គ​នោះ​ជា​អ្នក​ណា? ដោយ​ការ​«យល់សប្ដិ​ហើយ​ឃើញ​ការ​ជាក់​ស្តែង» ដានីយ៉ែល​បាន​ឃើញ​អ្នក​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​«១​អង្គ​ដូច​ជា​មនុស្ស​ជាតិ»​យាង​មក​ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ហើយ​ទ្រង់​ក៏​ប្រទាន​«អំណាច​គ្រប់គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ»​ដែល​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច។ (ដានីយ៉ែល ៧:១, ១៣, ១៤) មួយ​អង្គ​ដូច​ជា​មនុស្ស​ជាតិ​នោះ​គឺ​គ្មាន​នរណា​ក្រៅ​ពី​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​ព្រះមេស្ស៊ី។ (ម៉ាថាយ ១៦:១៣​១៧) ព្រះ​យេហូវ៉ា​បាន​តែងតាំង​រាជបុត្រា​ទ្រង់​គឺ​ព្រះ​យេស៊ូ ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ កាល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​នៅ​លើ​ផែនដី ទ្រង់​មាន​បន្ទូល​ទៅ​ពួក​ផារិស៊ី​ទុច្ចរិត​ថា​៖ «នគរ​ព្រះ​ក៏​នៅ​កណ្ដាល​អ្នក​រាល់​គ្នា»។ ទ្រង់​ចង់​មាន​ន័យ​ថា​គឺ​ជា​ទ្រង់​ដែល​គង់​ក្នុង​ចំណោម​ពួក​គេ​នឹង​ឡើង​ជា​ស្តេច​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—លូកា ១៧:២១

តើ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ចំណោម​មនុស្ស​ជាតិ​ដែល​មាន​គុណសម្បត្ដិ​សម​ជា​អ្នក​គ្រប់គ្រង​ស្មើ​នឹង​ទ្រង់​ទេ? ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​ថា​ទ្រង់​សុចរិត គួរ​ទុក​ចិត្ត​បាន និង​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​ព្រះទ័យ​មេត្ដាករុណា។ សៀវភៅ​ដំណឹង​ល្អ​ពិពណ៌នា​ពី​ទ្រង់​ថា​ជា​បុគ្គល​ម៉ឺងម៉ាត់ ហើយ​ថា​ទ្រង់​មាន​ព្រះទ័យ​សន្ដោស​ប្រណី ព្រម​ទាំង​មាន​ចិត្ត​ក្ដួល​អាណិត។ (ម៉ាថាយ ៤:២៣; ម៉ាកុស ១:៤០, ៤១; ៦:៣១​-​៣៤; លូកា ៧:១១​-​១៧) ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​ដែល​បាន​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថានសួគ៌​គឺ​ផ្ទុយ​ពី​មនុស្ស​ជាតិ ដ្បិត​ទ្រង់​មិន​ស្លាប់ ហើយ​សមត្ថភាព​របស់​ទ្រង់​ក៏​គ្មាន​កម្រិត។—អេសាយ ៩:៦, ៧

ទី​តាំង​របស់​ព្រះ​យេស៊ូ​និង​អ្នក​ចូល​រួម​គ្រប់គ្រង​ជា​មួយ​ទ្រង់​គឺ​នៅ​ស្ថានសួគ៌។ នៅ​ក្នុង​សុបិន​ព្រះ​បាន​ធ្វើ​ឲ្យ​ដានីយ៉ែល​ឃើញ​ជា​មុន​ថា «រាជ្យ​នឹង​អំណាច​គ្រប់គ្រង . . . បាន​ប្រគល់​ដល់​បណ្ដាជន ជា​ពួក​បរិសុទ្ធ»។ (ដានីយ៉ែល ៧:២៧) ព្រះ​យេស៊ូ​មិន​គ្រប់គ្រង​តែ​មួយ​អង្គ​ទ្រង់​ទេ។ ទ្រង់​មាន​អ្នក​ឯ​ទៀត​ដែល​នឹង​សោយ​រាជ្យ​ជា​ស្តេច​និង​បម្រើ​ជា​សង្ឃ​ជា​មួយ​ទ្រង់។ (វិវរណៈ ៥:៩, ១០; ២០:៦) ស្តី​អំពី​ពួក​គាត់ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា «ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ . . . ដែល​ទ្រង់​លោះ​ពី​ផែនដី»។—វិវរណៈ ១៤:១​-​៣

កូន​ចៀម​តំណាង​ព្រះ​យេស៊ូ​ដែល​ជា​ស្តេច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (យ៉ូហាន ១:២៩; វិវរណៈ ២២:៣) ភ្នំ​ស៊ី​យ៉ូន​សំដៅ​ទៅ​ស្ថានសួគ៌។ * (ហេព្រើរ ១២:២២) ព្រះ​យេស៊ូ​និង​អ្នក​ចូល​រួម​គ្រប់គ្រង​ជា​មួយ​ទ្រង់​ដែល​មាន​ចំនួន​១៤៤​.​០០០​នាក់​នឹង​គ្រប់គ្រង​ពី​ស្ថានសួគ៌​មក។ ពិត​ជា​ទី​តាំង​ដ៏​ខ្ពង់​ខ្ពស់​មែន​សម្រាប់​ការ​គ្រប់គ្រង! ដោយសារ​ពួក​គាត់​នៅ​ស្ថានសួគ៌ នោះ​ពួក​គាត់​អាច​ឃើញ​អ្វីៗ​ទាំង​អស់។ ស្ថានសួគ៌​ជា​ទី​តាំង​របស់​ពួក​គាត់ ដោយ​ហេតុ​នេះ‹នគរ​ព្រះ›ក៏​បាន​ត្រូវ​ហៅ​ថា «នគរ​ស្ថានសួគ៌»​ដែរ។ (លូកា ៨:១០; ម៉ាថាយ ១៣:១១) គ្មាន​សស្ដ្រាវុធ​ណា​ឬ​អាវុធ​បរមាណូ​ណា​អាច​គំរាម​កំហែង​ឬ​បំផ្លាញ​រដ្ឋាភិបាល​ស្ថានសួគ៌​បាន​ឡើយ។ គ្មាន​នរណា​អាច​ផ្ដួល​រំលំ​បាន ហើយ​រដ្ឋាភិបាល​នោះ​នឹង​សម្រេច​តាម​គោល​បំណង​របស់​ព្រះ។—ហេព្រើរ ១២:២៨

ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ផែនដី​មាន​អ្នក​តំណាង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ហេតុ​អ្វី​យើង​ដឹង? ទំនុកដំកើង ៤៥:១៦​រៀប​រាប់​ថា​៖ «[«ព្រះ​អង្គ»​, ព.ថ.] នឹង​តាំង . . . ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី»។ «ព្រះ​អង្គ»​នៅ​ក្នុង​ទំនាយ​នេះ​គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ។ (ទំនុកដំកើង ៤៥:៦, ៧; ហេព្រើរ ១:៧, ៨) ដូច្នេះ ព្រះ​យេស៊ូ​គ្រីស្ទ​អង្គ​ទ្រង់​នឹង​ជ្រើស​តាំង​ពួក​ចៅហ្វាយ​ទាំង​នោះ​ឲ្យ​តំណាង​ទ្រង់។ យើង​អាច​ជឿជាក់​ថា​ពួក​គេ​នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​ទ្រង់​យ៉ាង​ស្មោះ​ត្រង់។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ ពួក​បុរស​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​បម្រើ​ជា​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ត្រូវ​បាន​អប់រំ​ថា​កុំ​ឲ្យ​«គ្រប់​គ្រង[ឬ​«ជិះជាន់»]»​លើ​អ្នក​ជឿ​គ្នីគ្នា ក៏​ប៉ុន្តែ​ត្រូវ​ការពារ ផ្ដល់​កម្លាំង​ចិត្ត ហើយ​សម្រាល​ទុក្ខ​ពួក​គេ​វិញ។—ម៉ាថាយ ២០:២៥​-​២៨; ខ.ស.; អេសាយ ៣២:២

ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​រាស្ត្រ​ដែល​សុទ្ធតែ​សុចរិត។ ពួក​គេ​គឺ​គ្រប់​លក្ខណ៍​និង​ទៀងត្រង់​តាម​ទស្សនៈ​របស់​ព្រះ។ (សុភាសិត ២:​២១, ២២) ព្រះ​គម្ពីរ​ចែង​ថា​៖ «ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរ​ដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ (ទំនុកដំកើង ៣៧:១១) រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​ជា​មនុស្ស​រាបសា គឺ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប សុភាព ស្លូតបូត។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ពួក​គាត់ គឺ​ពួក​គាត់​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ៥:៣) ពួក​គាត់​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ព្រម​ទាំង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ។

ព្រះ​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់​ល្អ​ជាង​ច្បាប់​របស់​មនុស្ស។ ច្បាប់​និង​គោលការណ៍​ដឹក​នាំ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​មក​ពី​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់។ ច្បាប់​និង​គោលការណ៍​ទាំង​នោះ​មិន​បិទ​បាំង​សេរីភាព​របស់​យើង តែ​ផ្ដល់​ប្រយោជន៍​ដល់​យើង​ទៅ​វិញ។ (ទំនុកដំកើង ១៩:៧​-​១១) មនុស្ស​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ពី​ការ​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​តម្រូវ​ដ៏​សុចរិត​របស់​ព្រះ។ ជា​ឧទាហរណ៍​បើ​ស្វាមី ភរិយា និង​បុត្រ​ធីតា​ធ្វើ​តាម​ឱវាទ​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ នោះ​នឹង​នាំ​ឲ្យ​ជីវិត​ក្រុម​គ្រួសារ​កាន់​តែ​មាន​សេចក្ដី​សុខ​ជាង។ (អេភេសូរ ៥:៣៣​–​៦:៣) ពេល​ដែល​យើង​ធ្វើ​តាម​បង្គាប់​ឲ្យ‹បន្ថែម​សេចក្ដី​ស្រឡាញ់› នោះ​ចំណង​មិត្តភាព​ជា​មួយ​អ្នក​ដទៃ​ក៏​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត។ (កូល៉ុស ៣:១៣, ១៤) បើ​យើង​រស់​នៅ​ស្រប​តាម​គោលការណ៍​ព្រះ​គម្ពីរ យើង​ក៏​បណ្ដុះ​នូវ​ទម្លាប់​ឧស្សាហ៍​ព្យាយាម​ធ្វើ​ការ ព្រម​ទាំង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​រឿង​ប្រាក់​ដែរ។ (សុភាសិត ១៣:៤; ធីម៉ូថេទី១ ៦:៩, ១០) ការ​ជៀស​វាង​ពី​ការ​ស្រវឹង​ស្រា អំពើ​អសីលធម៌​ខាង​កាម ថ្នាំ​ជក់ ព្រម​ទាំង​ថ្នាំ​ញៀន​នោះ​នឹង​ជួយ​យើង​ឲ្យ​គេច​ផុត​ពី​ជំងឺ​ផ្សេងៗ។—សុភាសិត ៧:​២១​-​២៣; ២៣:២៩, ៣០; កូរិនថូសទី២ ៧:១

ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​មួយ​តែងតាំង​ដោយ​ព្រះ។ ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នោះ​គឺ​ព្រះ​គ្រីស្ទ​យេស៊ូ​ដែល​ជា​ព្រះមេស្ស៊ី និង​អស់​អ្នក​ដែល​ចូល​រួម​គ្រប់គ្រង​ជា​មួយ​ទ្រង់ ជា​អ្នក​គាំទ្រ​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ព្រម​ទាំង​គោលការណ៍​ដែល​ទ្រង់​បាន​រៀបចំ​ដោយ​សេចក្ដី​ស្រឡាញ់។ រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ រួម​ទាំង​អ្នក​តំណាង​ទ្រង់​នៅ​លើ​ផែនដី ពួក​គាត់​ពេញ​ចិត្ត​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ ពួក​អ្នក​គ្រប់គ្រង​និង​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​ចាត់​ទុក​ព្រះ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្លួន។ ដូច្នេះ​ហើយ ព្រះ​រាជាណាចក្រ​មាន​ព្រះ​ជា​អ្នក​គ្រប់គ្រង។ ព្រះ​រាជាណាចក្រ​នោះ​សម្រេច​តាម​គោល​បំណង​ដែល​ព្រះ​បាន​រៀបចំ​ឡើង​ជាក់​ជា​មិន​ខាន។ ក៏​ប៉ុន្តែ ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​ត្រូវ​ហៅ​ថា​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​ដែរ​នោះ តើ​ចាប់​ផ្ដើម​គ្រប់គ្រង​នៅ​ពេល​ណា?

ការ​គ្រប់គ្រង​របស់​ព្រះ​រាជាណាចក្រ​ចាប់​ផ្ដើម

បន្ទូល​របស់​ព្រះ​យេស៊ូ​បាន​ពន្យល់​ចំណុច​សំខាន់​មួយ​អំពី​ពេល​ដែល​ព្រះ​រាជាណាចក្រ​ចាប់​ផ្ដើម​គ្រប់គ្រង។ ទ្រង់​មាន​បន្ទូល​ថា​៖ «ក្រុង​យេរូសាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំ​រេ​ច»។ (លូកា ២១:២៤) នា​សម័យ​នោះ​នៅ​ទូទាំង​ផែនដី យេរូសាឡិម​ជា​ទី​ក្រុង​តែ​មួយ​គត់​ដែល​មាន​ទាក់ទង​ទៅ​នឹង​ព្រះ​នាម​របស់​ព្រះ។ (ពង្សាវតារក្សត្រទី១ ១១:៣៦; ម៉ាថាយ ៥:៣៥) យេរូសាឡិម​ធ្លាប់​ជា​រាជធានី​នៃ​ព្រះ​រាជាណាចក្រ​មួយ​នៅ​ផែនដី ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ហើយ​គាំទ្រ។ ទី​ក្រុង​នោះ​បាន​ត្រូវ​ជាន់ឈ្លី​ដោយ​សាសន៍​ដទៃ​ក្នុង​ន័យ​ថា ការ​គ្រប់គ្រង​របស់​ព្រះ​ទៅ​លើ​រាស្ត្រ​ទ្រង់​បាន​ត្រូវ​ផ្អាក​ដោយ​ឲ្យ​រដ្ឋាភិបាល​របស់​មនុស្ស​គ្រប់គ្រង​វិញ។ តើ​ការ​ជាន់ឈ្លី​នោះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា?

ស្តេច​ចុង​ក្រោយ​ដែល​បាន​សោយ​រាជ្យ​នៅ​ទី​ក្រុង​យេរូសាឡិម​ត្រូវ​បាន​ទូល​ថា​៖ «ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ . . . ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ»។ (អេសេគាល ២១:២៥​-​២៧) មកុដ​ត្រូវ​ដោះ​ចេញ​ពី​ព្រះ​កេស​របស់​ស្តេច​នោះ ហើយ​ការ​គ្រប់គ្រង​របស់​ព្រះ​ទៅ​លើ​រាស្ត្រ​ទ្រង់​បាន​ត្រូវ​ផ្អាក។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦០៧​មុនគ.ស.​ពេល​ដែល​ពួក​បាប៊ីឡូន​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម។ ក្នុង​កំលុង​«គ្រា​របស់​សាសន៍​ដទៃ»​ដែល​មាន​បន្ទាប់​ពី​នោះ ព្រះ​មិន​មាន​រដ្ឋាភិបាល​នៅ​លើ​ផែនដី​ដែល​តំណាង​ការ​គ្រប់គ្រង​របស់​ទ្រង់​ទេ។ រហូត​ដល់​ទីបញ្ចប់​នៃ​គ្រា​ទាំង​នោះ ទើប​ព្រះ​យេហូវ៉ា​ប្រគល់​អំណាច​ឲ្យ​ដល់​អ្នក​«ដែល​មាន​ច្បាប់​ទទួល»​គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ តើ​គ្រា​របស់​សាសន៍​ដទៃ​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន?

បទ​ទំនាយ​នៅ​ក្នុង​សៀវភៅ​ដានីយ៉ែល​បាន​ចែង​ថា​៖ «ចូរ​កាប់​ដើម​ឈើ​នេះ​ចុះ! ហើយ​បំផ្លាញ​ទៅ តែ​ត្រូវ​ទុក​គល់ នឹង​ឫស​ជាប់​នៅ​ក្នុង​ដី មាន​ទាំង​វ័ណ្ឌ​ដែក នឹង​លង្ហិន​ព័ទ្ធ​ជុំវិញ . . . ទាល់តែ​បាន​កន្លង​អស់​៧​ខួប​ទៅ»។ (ដានីយ៉ែល ៤:២៣) យើង​នឹង​ឃើញ​ថា​«៧​ខួប»​នោះ​ស្មើ​នឹង​កំលុង​ពេល​នៃ​«គ្រា​របស់​សាសន៍​ដទៃ»។

ជួន​កាល​នៅ​ក្នុង​ព្រះ​គម្ពីរ បុគ្គល​នានា អ្នក​គ្រប់គ្រង​ឯ​ទៀត និង​រដ្ឋាភិបាល​ផ្សេងៗ​តំណាង​ដោយ​ដើម​ឈើ។ (ទំនុកដំកើង ១:៣; យេរេមា ១៧:៧, ៨; អេសេគាល ជំពូក​៣១) ដើម​ឈើ​ដែល​ជា​និមិត្តរូប​ក្នុង​សៀវភៅ​ដានីយ៉ែល មនុស្ស​អាច​«មើល​វា​ឃើញ រហូត​ដល់​ចុង​ផែនដី​បំផុត»។ (ដានីយ៉ែល ៤:១១) ដូច្នេះ ដើម​ឈើ​ដែល​បាន​ត្រូវ​កាប់​ហើយ​វ័ណ្ឌ​នោះ តំណាង​ការ​គ្រប់គ្រង​«រហូត​ដល់​ចុង​ផែនដី​បំផុត»​ឬ​ជាប់​ទាក់ទង​នឹង​មនុស្ស​ជាតិ​ទាំង​អស់។ (ដានីយ៉ែល ៤:១៧, ២០, ២២) ហេតុ​នេះ​ហើយ ដើម​ឈើ​តំណាង​ការ​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​របស់​ព្រះ ជា​ពិសេស​គឺ​ការ​គ្រប់គ្រង​មក​លើ​ផែនដី។ អស់​មួយ​រយៈ ការ​គ្រប់គ្រង​របស់​ព្រះ​បាន​ត្រូវ​តំណាង​ដោយ​ព្រះ​រាជាណាចក្រ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ដើម្បី​គ្រប់គ្រង​ទៅ​លើ​សាសន៍​អ៊ីស្រាអែល។ ដើម​ឈើ​ដែល​ជា​និមិត្តរូប​បាន​ត្រូវ​កាត់​ហើយ​វ័ណ្ឌ​ដោយ​ដែក​និង​លង្ហិន​ជា​ការ​ទប់​ស្កាត់​ដើម្បី​កុំ​ឲ្យ​លូត​លាស់។ នេះ​បញ្ជាក់​ថា​ការ​គ្រប់គ្រង​ណា​ក៏​ដោយ​ដែល​តំណាង​ការ​គ្រប់គ្រង​របស់​ព្រះ​នៅ​ផែនដី នឹង​ត្រូវ​ឈប់​មួយ​រយៈ។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦០៧​មុនគ.ស.​មែន។ ក៏​ប៉ុន្តែ មិន​ឈប់​រហូត​ទេ។ ដើម​ឈើ​ត្រូវ​វ័ណ្ឌ​រហូត​បាន​កន្លង​អស់​«៧​ខួប»។ នៅ​ទីបញ្ចប់​នៃ​រយៈ​ពេល​នោះ ព្រះ​យេហូវ៉ា​នឹង​ប្រគល់​អំណាច​គ្រប់គ្រង​ទៅ​អ្នក​ដែល​មាន​សិទ្ធិ​គ្រប់គ្រង គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ យើង​បាន​ឃើញ​ច្បាស់​ថា «៧​ខួប»​និង​«គ្រា​របស់​សាសន៍​ដទៃ»​សំដៅ​ទៅ​រយៈ​ពេល​ដូច​គ្នា។

ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ថា​«៧​ខួប»​មាន​រយៈ​ពេល​ប៉ុន្មាន។ ព្រះ​គម្ពីរ​បញ្ជាក់​ថា​១​.​២៦០​ថ្ងៃ​ស្មើ​នឹង​«១​ខួប ២​ខួប ហើយ​កន្លះ​ខួប»​បើ​គិត​សរុប​៣​«ខួប»​កន្លះ។ (វិវរណៈ ១២:៦, ១៤) មាន​ន័យ​ថា​៧​ខួប(៣​ខួប​កន្លះ​បូក​នឹង​៣​ខួប​កន្លះ) គឺ​ស្មើ​នឹង​២​.​៥២០​ថ្ងៃ​(១​.​២៦០​ថ្ងៃ​បូក​នឹង​១​.​២៦០​ថ្ងៃ)។

បើ​យើង​រាប់​២​.​៥២០​ថ្ងៃ ចាប់​ផ្ដើម​ពី​ឆ្នាំ​៦០៧​មុនគ.ស. នាំ​មក​ដល់​ឆ្នាំ​៦០០​មុនគ.ស.។ ក៏​ប៉ុន្តែ ៧​ខួប​ត្រូវ​មាន​ពេល​យូរ​ជាង​នេះ។ ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​«គ្រា​របស់​សាសន៍​ដទៃ»​នោះ រយៈ​ពេល​៧​ខួប​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ដូច្នេះ ៧​ខួប​គឺ​ជា​ទំនាយ​ឬ​ជា​និមិត្តរូប។ ហេតុ​នេះ​ហើយ យើង​ត្រូវ​រាប់​តាម​ក្បួន​ព្រះ​គម្ពីរ​«១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ»។ (ជនគណនា ១៤:៣៤; អេសេគាល ៤:៦) ក្នុង​ករណី​នោះ ៧​ខួប​ដែល​ផែនដី​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មនុស្ស ទាំង​អត់​មាន​អន្តរាគមន៍​ពី​ព្រះ​គឺ​អស់​រយៈ​ពេល​២​.​៥២០​ឆ្នាំ។ បើ​រាប់​២​.​៥២០​ឆ្នាំ​ចាប់​ផ្ដើម​ពី​ឆ្នាំ​៦០៧​មុនគ.ស. នាំ​យើង​មក​ដល់​ឆ្នាំ​១៩១៤​គ.ស.។ គឺ​នៅ​ឆ្នាំ​នោះ​ដែល​«គ្រា​របស់​សាសន៍​ដទៃ»​ឬ​៧​ខួប​បាន​ត្រូវ​បញ្ចប់។ នេះ​មាន​ន័យ​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ចាប់​ផ្ដើម​គ្រប់គ្រង​ជា​ស្តេច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ឆ្នាំ​១៩១៤។

«សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់»

បើ​ព្រះ​រាជាណាចក្រ​របស់​ព្រះមេស្ស៊ី​បាន​ត្រូវ​ស្ថាបនា​នៅ​ស្ថានសួគ៌​រួច​ហើយ តើ​យើង​គួរ​បន្ត​អធិស្ឋាន​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់​ដូច​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ក្នុង​សេចក្ដី​អធិស្ឋាន​គំរូ​ឬ​ទេ? (ម៉ាថាយ ៦:៩, ១០) យើង​គួរ​អធិស្ឋាន​មែន។ ព្រោះ​ពាក្យ​សុំ​នោះ​គឺ​សម​ត្រឹម​ត្រូវ និង​នៅ​តែ​មាន​សារៈ​សំខាន់។ នៅ​អនាគត​ឆាប់ៗ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់គ្រង​ទៅ​លើ​ផែនដី​ទាំង​មូល។

នៅ​ពេល​នោះ​មនុស្ស​ស្មោះ​ត្រង់​នឹង​ទទួល​ពរ​យ៉ាង​សន្ធឹក! ព្រះ​គម្ពីរ​ចែង​ថា​៖ «ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ (វិវរណៈ ២១:៣, ៤) គ្រា​នោះ​«ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ»។ (អេសាយ ៣៣:២៤) អស់​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត។ (យ៉ូហាន ១៧:៣) កាល​យើង​កំពុង​តែ​រង់ចាំ​ការ​សម្រេច​នូវ​ពាក្យ​សន្យា​ទាំង​នោះ ព្រម​ទាំង​សេចក្ដី​ទំនាយ​ដ៏​អស្ចារ្យ​ឯ​ទៀត​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ចូរ​ឲ្យ​យើង​«ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។—ម៉ាថាយ ៦:៣៣

[កំណត់​សម្គាល់]

^ វគ្គ 10 ស្តេច ដាវីឌ​នៃ​អ៊ីស្រាអែល​ពី​បុរាណ​ចាប់​យក​បាន​ទី​មាំមួន​ឈ្មោះ​ភ្នំ​ស៊ី​យ៉ូន​ពី​សាសន៍​យេប៊ូស​ហើយ​យក​ទី​ក្រុង​នោះ​ជា​រាជធានី​របស់​ទ្រង់។ (សាំយូអែលទី២ ៥:៦, ៧, ៩) ទ្រង់​ក៏​បាន​នាំ​យក​ហឹប​របស់​ព្រះ​យេហូវ៉ា​ទៅ​ទី​នោះ​ដែរ។ (សាំយូអែលទី២ ៦:១៧) ដោយសារ​ហឹប​នោះ​ជាប់​ទាក់ទង​ទៅ​នឹង​វត្តមាន​របស់​ព្រះ​យេហូវ៉ា ស៊ី​យ៉ូន​បាន​ត្រូវ​ហៅ​ថា​ដំណាក់​របស់​ព្រះ ហើយ​ហេតុ​នោះ​ស៊ី​យ៉ូន​ជា​និមិត្តរូប​ដ៏​សមរម្យ​នៃ​ស្ថានសួគ៌។—និក្ខមនំ ២៥:២២; លេវីវិន័យ ១៦:២; ទំនុកដំកើង ៩:១១; វិវរណៈ ១១:១៩

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៤]

ព្រះ​យេហូវ៉ា​បាន​តែងតាំង​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់

[រូប​/​រូបភាព​នៅ​ទំព័រ​៦]

២.៥២០​ឆ្នាំ

ខែ​តុលា ឆ្នាំ​៦០៧ ◀មុនគ.ស. គ.ស.▸ ខែ​តុលា ឆ្នាំ​១៩១៤

៦០៦​ឆ្នាំ​និង​៣​ខែ ១​.​៩១៣​ឆ្នាំ​និង​៩​ខែ

​«គ្រា​របស់​សាសន៍​ដទៃ»​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦០៧​មុនគ.ស. និង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩១៤​គ.ស.

[រូបភាព​នៅ​ទំព័រ​៧]

រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ នឹង​ទទួល​ពរ​យ៉ាង​សន្ធឹក