លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅសុភាសិត

គោលសំខាន់ៗពីសៀវភៅសុភាសិត

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​សុភាសិត

ស្តេច​សាឡូម៉ូន​នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ​«បាន​និពន្ធ​ពាក្យ​សុភាសិត​៣​ពាន់​ខ»។ (ពង្សាវតារក្សត្រទី១ ៤:​៣២) នៅ​សព្វ​ថ្ងៃ​នេះ តើ​មាន​លទ្ធភាព​ឲ្យ​យើង​មើល​សំណេរ​ទាំង​នោះ​ដែល​សុទ្ធតែ​ជា​ឱវាទ​ដែល​មាន​ប្រាជ្ញា​ឬ​ទេ? យើង​ពិត​ជា​អាច​មើល​បាន ដ្បិត​សៀវភៅ​សុភាសិត​ក្នុង​ព្រះ​គម្ពីរ​ដែល​គេ​សរសេរ​ចប់​ប្រហែល​ជា​នៅ​ឆ្នាំ​៧១៧ មុនគ.ស. នេះ​ច្រើន​តែ​ជា​សុភាសិត​របស់​សាឡូម៉ូន។ មាន​តែ​ជំពូក​ពីរ​ចុង​ក្រោយ​ដែល​មាន​អ្នក​និពន្ធ​ផ្សេង ពោល​គឺ អេគើរ​ដែល​ជា​កូន​យ៉ាកេ និង​ស្តេច​លេមយួល។ រីឯ​លេមយួល មនុស្ស​ខ្លះ​ជឿ​ថា​នេះ​ជា​នាម​មួយ​ទៀត​របស់​ស្តេច​សាឡូម៉ូន។

សំណេរ​ដែល​បាន​ប្រមូល​ទុក​ក្នុង​សៀវភៅ​សុភាសិត​ដែល​ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​នោះ មាន​គោល​បំណង​ពីរ​យ៉ាង គឺ​«សំរាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា​នឹង​សេចក្ដី​ប្រៀនប្រដៅ»។ (សុភាសិត ១:២) សំណេរ​ក្នុង​សៀវភៅ​សុភាសិត​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា​ដែល​ជា​សមត្ថភាព​យល់​ធ្លុះ​និង​ប្រើ​ចំណេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។ យើង​ក៏​ទទួល​ការ​ប្រៀនប្រដៅ​ជា​ការ​បង្ហាត់​បង្រៀន​ខាង​សីលធម៌​ពី​សុភាសិត​ទាំង​នោះ​ដែរ។ បើ​យើង​ប្រមូល​អារម្មណ៍​និង​ធ្វើ​តាម​យោបល់​ក្នុង​សុភាសិត​ទាំង​នោះ នេះ​អាច​មាន​ឥទ្ធិពល​លើ​ចិត្ត​យើង ទាំង​ជួយ​យើង​រក​សុភមង្គល​ពិត​និង​សម្រេច​ការ​បាន​ក្នុង​ជីវិត​យើង។—ហេព្រើរ ៤:១២

‹ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​និង​ដំបូន្មាន›

(សុភាសិត ១:១​–​៩:១៨)

សាឡូម៉ូន​មាន​បន្ទូល​ថា​៖ «ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ»។ (សុភាសិត ១:២០) តើ​យើង​គួរ​ស្ដាប់​តាម​សំឡេង​ដែល​ប្រាជ្ញា​បន្លឺ​ឡើង​យ៉ាង​ច្បាស់​នោះ​ដោយ​ព្រោះ​អ្វី? ជំពូក​ទីពីរ​រៀប​រាប់​ពី​ផល​ប្រយោជន៍​ជា​ច្រើន​ដែល​យើង​ទទួល​ពី​ការ​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា។ ជំពូក​ទី​បី​ពន្យល់​អំពី​របៀប​បង្កើត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ក្រោយ​មក សាឡូម៉ូន​មាន​បន្ទូល​ថា​៖ «ប្រាជ្ញា​ជា​សំខាន់​លេខ​១។ ដូច្នេះ​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ! អើ! កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។ ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន​កុំ​លែង​ឲ្យ​សោះ»។—សុភាសិត ៤:៧, ១៣

តើ​អ្វី​នឹង​ជួយ​យើង​ទប់ទល់​នឹង​របៀប​រស់​នៅ​ដ៏​អសីលធម៌​របស់​លោកិយ​នេះ? ជំពូក​ទី​ប្រាំ​ក្នុង​សៀវភៅ​សុភាសិត​ឆ្លើយ​ថា យើង​គួរ​មាន​គំនិត​វាងវៃ​និង​ទទួល​ស្គាល់​ល្បិច​លួងលោម​របស់​លោកិយ​នេះ។ ចូរ​គិត​ផង​ដែរ​ពី​ផល​អាក្រក់​ដែល​មក​ពី​អំពើ​អសីលធម៌។ ជំពូក​ទី៦​ព្រមាន​អំពី​ទង្វើ​និង​អាកប្បកិរិយា​ផ្សេងៗ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ ជំពូក​ទី៧​បង្ហាញ​នូវ​ចរិត​របស់​មនុស្ស​ដែល​ធ្វើ​អំពើ​អសីលធម៌។ ជំពូក​ទី៨​រៀប​រាប់​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ហេតុ​ដែល​យើង​គួរ​ចង់​បាន​ប្រាជ្ញា និង​ប្រយោជន៍​ដែល​មក​ពី​នោះ។ ចុង​បង្អស់ ជំពូក​ទី៩​មាន​ពាក្យ​ប្រៀបប្រដូច​ដែល​ពញ្ញាក់​ស្មារតី​ហើយ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​បាន​ប្រាជ្ញា។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៧; ៩:១០—តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា «ជា​ដើម​ចម​[ឬ​«ប្រភព»​, ខ.ស.]​នៃ​ដំរិះ»​និង​«ប្រាជ្ញា»​យ៉ាង​ដូច​ម្ដេច? បើ​មនុស្ស​មិន​កោត​ខ្លាច​ព្រះ​យេហូវ៉ា ពួក​គេ​មិន​អាច​ទទួល​តម្រិះ​ឬ​ចំណេះ​បាន​ទេ ពីព្រោះ​ទ្រង់​ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ។ (រ៉ូម ១:២០; ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ចំណេះ​ពិត​ទាំង​អស់។ អាស្រ័យ​ហេតុ​នេះ​បាន​ជា​យើង​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​បាន​ចំណេះ។ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ក៏​ជា​ប្រភព​នៃ​ប្រាជ្ញា​ដែរ ពីព្រោះ​យើង​មិន​អាច​មាន​ប្រាជ្ញា​បើ​គ្មាន​ចំណេះ។ ម្យ៉ាង​ទៀត មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ​យេហូវ៉ា នឹង​មិន​ប្រើ​ចំណេះ​របស់​ខ្លួន​ដើម្បី​លើក​កិត្ដិយស​ទ្រង់​ទេ។

៥:៣—ហេតុ​អ្វី​បាន​ជា​សាឡូម៉ូន​ប្រើ​ពាក្យ​«ស្ត្រី​ដទៃ»​ពេល​សំដៅ​ទៅ​លើ​ស្រី​ពេស្យា? សុភាសិត ២:១៦, ១៧ រៀប​រាប់​អំពី​«ស្រី​ដទៃ»​ជា​«ស្រី​អាវ៉ាសែ»​ដែល​«ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន»។ មនុស្ស​ណា​ដែល​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ឬ​ប្រព្រឹត្ត​ដូច​មនុស្ស​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ក្រឹត្យ​វិន័យ​ម៉ូសេ រួម​ទាំង​ពួក​ស្រី​ពេស្យា បាន​ត្រូវ​គេ​ហៅ​ជា​មនុស្ស​សាសន៍​ដទៃ។—យេរេមា ២:២៥; ៣:១៣

៧:១, ២—តើ​«អស់​ទាំង​ពាក្យ​របស់​អញ» និង​«អស់​ទាំង​បណ្ដាំ​អញ»​រួម​បញ្ចូល​អ្វី​ខ្លះ? ពាក្យ​និង​បណ្ដាំ​ទាំង​នេះ​មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​រួម​បញ្ចូល​ច្បាប់​ដែល​មាតា​បិតា​ដាក់​សម្រាប់​សមាជិក​គ្រួសារ​ដើម្បី​ឲ្យ​គ្រប់​គ្នា​ទទួល​ប្រយោជន៍។ កូនៗ​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​មាតា​បិតា​និង​សេចក្ដី​បង្រៀន​របស់​ពួក​គាត់​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ។

៨:៣០—តើ​ពាក្យ​«មេ​ជាង»​សំដៅ​ទៅ​លើ​អ្នក​ណា? ក្នុង​ជំពូក​នេះ ប្រាជ្ញា​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ហៅ​ខ្លួន​ជា​មេ​ជាង។ ពាក្យ​ប្រៀបប្រដូច​នេះ​មិន​គ្រាន់​តែ​ពន្យល់​អំពី​លក្ខណៈ​ផ្សេងៗ​នៃ​ប្រាជ្ញា​ប៉ុណ្ណោះ តែ​ក៏​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​រាជ​បុត្រ​ច្បង​របស់​ព្រះ​យេហូវ៉ា មុន​ទ្រង់​ចាប់​កំណើត​ជា​មនុស្ស។ យូរ​ឆ្នាំ​មុន​ព្រះ​យេស៊ូ​យាង​មក​ផែនដី ព្រះ​យេហូវ៉ា‹បាន​តាំង​ទ្រង់​ឡើង​ជា​ដើម​ការ​នៃ​ទ្រង់›។ (សុភាសិត ៨:២២) ក្នុង​នាម​ជា​«មេ​ជាង» ព្រះ​យេស៊ូ​បាន​ធ្វើ​ការ​ជា​មួយ​ព្រះ​វរបិតា​ទ្រង់​ក្នុង​ការ​បង្កើត​របស់​សព្វសារពើ។—កូល៉ុស ១:១៥​-​១៧

៩:១៧—តើ​«ទឹក​ដែល​លួច​ពី​គេ»​សំដៅ​ទៅ​លើ​អ្វី? ហេតុ​អ្វី​ក៏​ទឹក​នោះ​«រមែង​ផ្អែម»​ដូច្នេះ? ព្រះ​គម្ពីរ​ប្រៀបធៀប​ការ​រួម​ដំណេក​រវាង​ស្វាមី​ភរិយា​ទៅ​នឹង​ការ​ផឹក​ទឹក​ពី​អណ្ដូង។ ដូច្នេះ ការ​លួច​ទឹក​នោះ​សំដៅ​ទៅ​លើ​អំពើ​អសីលធម៌​ដែល​មនុស្ស​ប្រព្រឹត្ត​ដោយ​លួច​លាក់។ (សុភាសិត ៥:១៥​-​១៧) ពេល​មនុស្ស​គិត​ថា​គេ​អាច​បិទ​បាំង​អំពើ​អសីលធម៌​របស់​ខ្លួន នោះ​ប្រៀប​ដូច​ជា​ការ​ផឹក​ទឹក​ដែល​មើល​ទៅ​ដូច​ជា​ផ្អែម។

មេ​រៀន​សម្រាប់​យើង:

១:១០​-​១៤: យើង​ត្រូវ​ឃាត់​ចិត្ត​កុំ​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​មាន​បាប​លួង​ចិត្ត​យើង​ឲ្យ​ធ្វើ​អំពើ​អាក្រក់ ដោយ​សន្យា​ថា​យើង​អាច​ទទួល​បាន​លុយ​យ៉ាង​ច្រើន។

៣:៣: យើង​ត្រូវ​ទទួល​ស្គាល់​តម្លៃ​នៃ​សេចក្ដី​មេត្ដា​និង​សេចក្ដី​ពិត ហើយ​បង្ហាញ​ឲ្យ​មនុស្ស​ដទៃ​ឃើញ​គុណសម្បត្ដិ​ទាំង​នេះ ដូច​ជា​ពាក់​ខ្សែ​ក​ថ្លៃៗ។ យើង​ក៏​ត្រូវ​ចារឹក​ទុក​គុណសម្បត្ដិ​ទាំង​នោះ​ក្នុង​ចិត្ត​យើង ឲ្យ​ក្លាយ​ជា​លក្ខណៈ​របស់​យើង។

៤:១៨: យើង​ទទួល​ចំណេះ​អំពី​អ្វីៗ​ខាង​វិញ្ញាណ​ជា​បណ្ដើរៗ។ បើ​យើង​ចង់​ទទួល​ពន្លឺ​ខាង​វិញ្ញាណ​ជា​និច្ច យើង​ត្រូវ​បង្ហាញ​លក្ខណៈ​រាបសា​និង​មាន​ចិត្ត​រាប​ទាប។

៥:៨: យើង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​អ្វីៗ​ដែល​អាច​ទាក់​ចិត្ត​ទាញ​អារម្មណ៍​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌ មិន​ថា​ជា​បទ​ភ្លេង ការ​កម្សាន្ត ប្រព័ន្ធ​អ៊ីនធឺណិត ឬ​សៀវភៅ​និង​ទស្សនាវដ្ដី​ជា​ដើម។

៥:២១: បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា តើ​យើង​សុខ​ចិត្ត​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ទ្រង់​ដោយ​ព្រោះ​ចង់​បាន​ការ​សប្បាយ​តែ​មួយ​ភ្លែត​ឬ? ពិត​ជា​អត់​ទេ! ការ​ចង​ចាំ​ថា​ព្រះ​យេហូវ៉ា​ទត​ឃើញ​អស់​ទាំង​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​ថា​ទ្រង់​នឹង​កាត់​ទោស​យើង​ផង ជា​អ្វី​ដែល​ជំរុញ​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។

៦:១​-​៥: ខ​ទាំង​ប៉ុន្មាន​នេះ​មាន​យោបល់​ល្អ​ណាស់ ឲ្យ​យើង​ប្រយ័ត្ន​នឹង​ការ​ចូល​ហ៊ុន​ឬ​«ធានា​ឲ្យ»​អ្នក​ឯ​ទៀត​ដោយ​ឥត​ចេះ​គិត។ បើ​យើង​បាន​ធ្វើ​ដូច្នេះ​រួច​ហើយ តែ​ទទួល​ស្គាល់​ថា​ទង្វើ​នោះ​មិន​ប្រកប​ទៅ​ដោយ​ប្រាជ្ញា ចូរ​«អង្វរ​ដល់​គេ»​ម្ដង​ហើយ​ម្ដង​ទៀត និង​ព្យាយាម​ដោះស្រាយ​រឿង​នោះ​អស់​ពី​សមត្ថភាព។

៦:១៦​-​១៩: អំពើ​ទាំង​៧​យ៉ាង​នេះ​រួម​បញ្ចូល​ស្ទើរតែ​គ្រប់​អំពើ​អាក្រក់​ទាំង​អស់។ យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ស្អប់​អំពើ​ទាំង​នោះ។

៦:២០​-​២៤: ការ​អប់រំ​កូន​តាម​គោលការណ៍​ព្រះ​គម្ពីរ​អាច​ការពារ​ពួក​គេ​ពី​អំពើ​អសីលធម៌​ខាង​កាម​ដែល​ប្រៀប​ដូច​ជា​អន្ទាក់។ មាតា​បិតា​មិន​គួរ​ធ្វេសប្រហែស​ក្នុង​ការ​អប់រំ​កូន​អំពី​រឿង​នេះ។

៧:៤: យើង​គួរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​ប្រាជ្ញា​និង​យោបល់​ឬ​ការ​យល់​ដឹង។

សុភាសិត​ដែល​ណែនាំ​ផ្លូវ​យើង

(សុភាសិត ១០:១​–​២៩:២៧)

សុភាសិត​ឯ​ទៀត​របស់​សាឡូម៉ូន​ជា​ឱវាទ​ផ្សេងៗ​ដែល​មាន​ខ្លឹមសារ។ សុភាសិត​ភាគ​ច្រើន​នេះ​សរសេរ​ជា​ការ​ប្រៀបធៀប​ស​ឲ្យ​ឃើញ​លក្ខណៈ​ផ្សេងៗ​ដែល​ខុស​ស្រឡះ​ពី​គ្នា ឬ​ក៏​បង្ហាញ​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​គ្នា​ក៏​មាន។ សុភាសិត​ទាំង​នេះ​ជា​មេ​រៀន​សំខាន់​ណាស់ អំពី​អាកប្បកិរិយា ពាក្យ​សម្ដី​និង​ចិត្ត​គំនិត​របស់​មនុស្ស​ជាតិ។

សុភាសិត​ជំពូក​១០​ដល់​២៤​បញ្ជាក់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ សុភាសិត​ជំពូក​២៥​ដល់​២៩​បាន​ចម្លង​ទុក​ដោយ​«ពួក​ស្មៀន​របស់​ហេសេគា ស្តេច​សាសន៍​យូដា»។ (សុភាសិត ២៥:១) សុភាសិត​ទាំង​នេះ​បង្រៀន​ឲ្យ​យើង​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា ហើយ​មាន​មេ​រៀន​សំខាន់ៗ​ឯ​ទៀត​ដែរ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១០:៦—តើ​«សេចក្ដី​ច្រឡោត​តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់»​យ៉ាង​ដូច​ម្ដេច? ជា​ការ​ធម្មតា​ដែល​មនុស្ស​ល្អ​ស្អប់​មនុស្ស​អាក្រក់ ដូច្នេះ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​មិន​ហ៊ាន​និយាយ។ ប៉ុន្តែ ឯកសារ​ដើម​ជា​ភាសា​ហេព្រើរ​ប្រហែល​ជា​បញ្ជាក់​ន័យ​ម្យ៉ាង​ទៀត សម​ស្រប​នឹង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ដែល​បកប្រែ​ឃ្លា​នេះ​ថា​៖ «មនុស្ស​ពាល​តែង​តែ​និយាយ​បិទ​បាំង​អំពើ​ឃោរឃៅ​របស់​ខ្លួន»។ នេះ​បាន​ន័យ​ថា គេ​ប្រើ​ពាក្យ​ផ្អែម​ពីរោះ​ដើម្បី​បិទ​បាំង​បំណង​អាក្រក់​របស់​ខ្លួន។

១០:១០—តើ‹អ្នក​ដែល​មិច​ភ្នែក›នាំ​ឲ្យ​អ្នក​ដទៃ​កើត​ទុក្ខ​យ៉ាង​ដូច​ម្ដេច? «មនុស្ស​ចោល​ម្សៀត»​មិន​គ្រាន់​តែ​«ប្រើ​មាត់​ពោល​ពាក្យ​វៀច»​ប៉ុណ្ណោះ តែ​ប្រហែល​ជា​ចង់​បិទ​បាំង​ផែនការ​អាក្រក់​ដោយ​ធ្វើ​កាយវិការ​ដូច​ជា​«មិច​ភ្នែក»​ជា​ដើម។ (សុភាសិត ៦:១២, ១៣) កាយវិការ​បោក​បញ្ឆោត​នោះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពិបាក​ចិត្ត​ណាស់។

១០:២៩—តើ​«ផ្លូវ​ព្រះ​យេហូវ៉ា»​សំដៅ​ទៅ​លើ​អ្វី? ផ្លូវ​នេះ​មិន​សំដៅ​ទៅ​លើ​របៀប​រស់​នៅ​របស់​យើង​ទេ តែ​បញ្ជាក់​ពី​របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​លើ​មនុស្ស​ជាតិ​វិញ ពោល​គឺ​ប្រទាន​ឲ្យ​មនុស្ស​ទៀងត្រង់​នូវ​សេចក្ដី​សុខ តែ​ជា​សេចក្ដី​ហិនវិនាស​ដល់​មនុស្ស​អាក្រក់។

១១:៣១—ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​នឹង​ទទួល​សំណង​លើស​ជាង​មនុស្ស​សុចរិត? សំណង​ក្នុង​ខ​នេះ​សំដៅ​ទៅ​លើ​ទោស​ដែល​គេ​នឹង​ទទួល។ ពេល​មនុស្ស​សុចរិត​ភ្លាត់​ធ្វើ​ខុស គាត់​ទទួល​ការ​ទូន្មាន​ប្រដៅ​ជា​សំណង។ រីឯ​មនុស្ស​អាក្រក់​គេ​គួរ​នឹង​ទទួល​ទោស​ច្រើន​ជាង​ដោយសារ​គេ​ធ្វើ​អំពើ​បាប​ដោយ​ចេតនា​ហើយ​មិន​ព្រម​កែ​ប្រែ។

១២:២៣—តើ​មនុស្ស​អាច​«គ្រប​បាំង​ចំណេះ​របស់​ខ្លួន»​ដោយ​របៀប​ណា? ការ​គ្រប​បាំង​ចំណេះ​មិន​បាន​សេចក្ដី​ថា ធ្វើ​ដូច​ជា​អត់​ចេះ​អ្វី​សោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​គ្រប​បាំង​ចំណេះ​សំដៅ​ទៅ​លើ​ការ​ប្រើ​ចំណេះ​ដោយ​ចេះ​វិនិច្ឆ័យ គឺ​ដោយ​មិន​អួត​ខ្លួន​ឲ្យ​អ្នក​ដទៃ​ដឹង។

១៨:១៩—តើ‹បង​ប្អូន​ដែល​អន់​ចិត្ត នោះ​ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំមួន›យ៉ាង​ដូច​ម្ដេច? ដូច​ជា​ទី​ក្រុង​មាំមួន​ដែល​សត្រូវ​មិន​អាច​លុក​លុយ​ចូល​បាន នោះ​មនុស្ស​ដែល​អន់​ចិត្ត​ប្រហែល​ជា​មិន​ព្រម​អត់​ទោស​ឲ្យ​គេ​ជា​ដាច់ខាត។ ជម្លោះ​រវាង​អ្នក​ទាំង​ពីរ​អាច​ក្លាយ​ទៅ​ជា​រឿង​ធំ​ធៀប​ដូច​ជា​«រនុក​ទ្វារ​បន្ទាយ»។

មេ​រៀន​សម្រាប់​យើង:

១០:១១​-​១៤: បើ​យើង​ចង់​ពោល​ពាក្យ​ដែល​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ដទៃ យើង​ត្រូវ​តែ​មាន​គំនិត​ពេញ​ទៅ​ដោយ​ចំណេះ​ពិត ចិត្ត​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​មាន​ប្រាជ្ញា​ដើម្បី​ជ្រើសរើស​ពាក្យ​ត្រឹម​ត្រូវ។

១០:១៩; ១២:១៨; ១៣:៣; ១៥:២៨; ១៧:២៨: ចូរ​ឲ្យ​យើង​ពោល​ពាក្យ​តិច​ដែល​បង្កប់​អត្ថន័យ​ជ្រៅ។

១១:១; ១៦:១១; ២០:១០, ២៣: ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ប្រកប​មុខ​របរ​ដោយ​ទៀងត្រង់។

១១:៤: មនុស្ស​ដែល​រក​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ខក​ខាន​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​និង​ការ​អធិស្ឋាន ព្រម​ទាំង​ខាន​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ នោះ​មាន​ភាព​ល្ងីល្ងើ​មែន។

១៣:៤: ការ​«ប្រាថ្នា​ចង់​បាន»​ប៉ុណ្ណោះ នូវ​ភារកិច្ច​ផ្សេងៗ​ក្នុង​ក្រុម​ជំនុំ ឬ​ជីវិត​ក្នុង​ពិភព​លោក​ថ្មី នោះ​មិន​គ្រប់គ្រាន់​ទេ។ យើង​ក៏​ត្រូវ​មាន​ចិត្ត​ខ្នះខ្នែង​ហើយ​សង្វាត​ព្យាយាម​ដើម្បី​បំពេញ​តម្រូវ​ការ។

១៣:២៤; ២៩:១៥, ២១: ចំពោះ​កំហុស​របស់​កូន មាតា​បិតា​ដែល​ស្រឡាញ់​កូន​នឹង​មិន​ទម្រើស​វា​ឬ​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ មាតា​បិតា​ចាត់​វិធានការ​ដើម្បី​ជម្រះ​ទំនោរ​ចិត្ត​អាក្រក់​ចេញ​ពី​ចិត្ត​កូន​កុំ​ឲ្យ​ក្លាយ​ជា​ទម្លាប់។

១៤:១០: អ្នក​ដទៃ​មិន​តែង​តែ​យល់​អារម្មណ៍​ដែល​កប់​ជ្រៅ​ក្នុង​ចិត្ត​យើង ហើយ​ជួន​កាល​យើង​ក៏​ពិបាក​បង្ហាញ​ឲ្យ​គេ​ដឹង​ពី​មនោសញ្ចេតនា​របស់​យើង​ដែរ។ ជា​លទ្ធផល ការ​សម្រាល​ទុក្ខ​ពី​មនុស្ស​ដទៃ​មាន​កម្រិត។ ដូច្នេះ យើង​ប្រហែល​ជា​ត្រូវ​ស៊ូទ្រាំ​ការ​ពិបាក​ខ្លះ​ដោយ​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។

១៥:៧: អ្នក​សាប​ព្រោះ​មិន​ចាក់​គ្រាប់​ស្រូវ​នៅ​កន្លែង​តែ​មួយ​ទេ។ ដូច​គ្នា​ដែរ មិន​គប្បី​ឲ្យ​យើង​ប្រាប់​អ្នក​ដទៃ​ពី​អ្វីៗ​ទាំង​អស់​ភ្លាមៗ​នោះ​ទេ ដ្បិត​មនុស្ស​ប្រាជ្ញ​រមែង​ផ្សាយ​ចំណេះ​ចេញ​ម្ដង​បន្ដិចៗ​តាម​ដែល​ត្រូវ​ការ។

១៥:១៥; ១៨:១៤: ការ​រក្សា​ឲ្យ​មាន​គំនិត​ល្អ​ដែល​ចេះ​តែ​សង្ឃឹម​ទៅ​មុខ នឹង​ជួយ​យើង​មាន​អំណរ​សូម្បី​តែ​ក្រោម​កាលៈទេសៈ​ដែល​មាន​ទុក្ខ​ក្ដី។

១៧:២៤: គប្បី​ឲ្យ​យើង​ខំ​រក​តម្រិះ​ដើម្បី​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ជា​ជាង​ធ្វើ​ដូច​«មនុស្ស​ល្ងីល្ងើ»​ដែល​មិន​ចេះ​ប្រមូល​អារម្មណ៍​លើ​រឿង​សំខាន់ៗ ហើយ​ចេះ​តែ​មើល​ពី​នេះ​ពី​នោះ។

២៣:៦​-​៨: យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ពុត​ជា​មនុស្ស​មាន​ចិត្ត​សទ្ធា​តែ​សម្បក​ក្រៅ។

២៧:២១: លក្ខណៈ​ពិត​របស់​យើង​អាច​លេច​មក​យ៉ាង​ច្បាស់​ពេល​យើង​ទទួល​សេចក្ដី​សរសើរ។ បើ​សេចក្ដី​សរសើរ​ជំរុញ​ឲ្យ​យើង​ទទួល​ស្គាល់​ថា​យើង​ជំពាក់​គុណ​ព្រះ​យេហូវ៉ា ឬ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បម្រើ​ទ្រង់​ជា​បន្ត នេះ​បង្ហាញ​ថា​យើង​មាន​ចិត្ត​រាប​ទាប​មែន។ ប៉ុន្តែ បើ​យើង​កើត​មាន​ចិត្ត​ធំ​ពេល​ទទួល​សេចក្ដី​សរសើរ នេះ​ស​ឲ្យ​ឃើញ​ថា​យើង​គ្មាន​ចិត្ត​រាប​ទាប​ទេ។

២៧:២៣​-​២៧: សុភាសិត​ទាំង​នេះ​រៀប​រាប់​ពី​ទិដ្ឋភាព​ផ្សេងៗ​នៅ​ជនបទ​ដែល​លើក​បញ្ជាក់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​ពេញ​ចិត្ត​នឹង​ធ្វើ​ការ​ដោយ​ខ្នះខ្នែង​ដើម្បី​ឲ្យ​មាន​ជីវភាព​រស់​នៅ​សាមញ្ញ​ធម្មតា។ សុភាសិត​ទាំង​នេះ​បង្កប់​អត្ថន័យ​ដែល​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ការ​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា។

២៨:៥: បើ​យើង​«ស្វែង​រក​ព្រះ​យេហូវ៉ា»​ដោយ​សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់​និង​អធិស្ឋាន​ផង យើង​អាច​«យល់​គ្រប់​ទាំង​អស់»​ដែល​ចាំបាច់​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ក្នុង​កិច្ច​បម្រើ​ទ្រង់។

«ពាក្យ​ទូន្មាន»

(សុភាសិត ៣០:១​–​៣១:៣១)

ជំពូក​ទាំង​ពីរ​ចុង​ក្រោយ​បង្អស់​ក្នុង​សៀវភៅ​សុភាសិត​មាន​«សេចក្ដី​ទំនាយ​[ឬ​«ពាក្យ​ទូន្មាន»]»​ដ៏​សំខាន់។ (សុភាសិត ៣០:១; ខ.ស.; ៣១:១) ពាក្យ​ទូន្មាន​របស់​អេគើរ​រួម​បញ្ចូល​ពាក្យ​ប្រៀបប្រដូច​ផ្សេងៗ​ដែល​ជំរុញ​យើង​ឲ្យ​គិត​វែង​ឆ្ងាយ។ គាត់​លើក​ឧទាហរណ៍​ដែល​បង្ហាញ​ថា មនុស្ស​លោភ​មិន​ចេះ​ស្កប់​ចិត្ត។ អេគើរ​ក៏​បង្ហាញ​ឲ្យ​ដឹង​ថា ពាក្យ​ស្នេហា​ដែល​ពួក​ប្រុសៗ​ប្រើ​ដើម្បី​លួង​ចិត្ត​ស្រី​ក្រមុំ គឺ​មិន​ងាយ​សម្គាល់​ទេ។ ហើយ​ពាក្យ​ទូន្មាន​របស់​អេគើរ​ក៏​ព្រមាន​កុំ​ឲ្យ​យើង​អួត​ខ្លួន​ឬ​គំហក​ដាក់​គេ​ដោយ​ព្រោះ​មាន​ចិត្ត​ខឹង។

ទំនាយ​ឬ​សេចក្ដី​ទូន្មាន​ដែល​លេមយួល​ទទួល​ពី​មាតា​ទ្រង់ មាន​យោបល់​ល្អៗ​អំពី​ការ​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​និង​គ្រឿង​ស្រវឹង​ឯ​ទៀត ព្រម​ទាំង​ពន្យល់​អំពី​របៀប​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត។ ក្រោយ​មក​ក៏​មាន​ការ​ពណ៌​នា​អំពី​លក្ខណៈ​នៃ​ភរិយា​ល្អ ហើយ​សុភាសិត​នេះ​ចប់​ដោយ​ជូន​យោបល់​ថា​៖ «ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នា​ដៃ​របស់​នាង​បាន​ជា​ទី​សរសើរ​ដល់​នាង»។—សុភាសិត ៣១:៣១

ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ! ចូរ​ព្រម​ទទួល​សេចក្ដី​ប្រៀនប្រដៅ​ដែរ ហើយ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​ពឹងផ្អែក​ទ្រង់​ទាំង​ស្រុង។ សៀវភៅ​សុភាសិត​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​នោះ ពិត​ជា​មាន​មេ​រៀន​ពិសេស​ណាស់! ដូច្នេះ ចូរ​ឲ្យ​យើង​ធ្វើ​តាម​យោបល់​ក្នុង​សៀវភៅ​សុភាសិត ដើម្បី​ឲ្យ​បាន​សុភមង្គល​ជា​ពួក‹អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា›។—ទំនុកដំកើង ១១២:១