លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្រឡាញ់និងគោរពគ្នាដោយចេះទប់អណ្ដាត

ចូរស្រឡាញ់និងគោរពគ្នាដោយចេះទប់អណ្ដាត

ចូរ​ស្រឡាញ់​និង​គោរព​គ្នា​ដោយ​ចេះ​ទប់​អណ្ដាត

​«ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច[ឬ​«គោរព»]​ប្ដី​ដែរ»។ —អេភេសូរ ៥:៣៣; ខ.ស.

១, ២​. ចំពោះ​អស់​អ្នក​ដែល​បាន​រៀប​ការ​ហើយ តើ​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​សំណួរ​អ្វី? ហេតុ​អ្វី​បាន​ជា​ត្រូវ​សួរ​ខ្លួន​ឯង​សំណួរ​នោះ?

ចុះ​យ៉ាង​ណា​បើ​អ្នក​ទទួល​កាដូ​មួយ​ដែល​សរសេរ​ពី​លើ​ថា​៖ «ប្រយ័ត្ន​បែក»? តើ​អ្នក​បើក​កាដូ​នោះ​ដោយ​ថ្នមៗ​ឬ​ទេ? អ្នក​ច្បាស់​ជា​ប្រយ័ត្ន​កុំ​ឲ្យ​បែក​មែន! តែ​ចុះ​យ៉ាង​ណា​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​ដែល​ប្រៀប​ដូច​ជា​អំណោយ​មួយ​មាន​តម្លៃ?

ស្ត្រី​មេម៉ាយ​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​ន៉ាអូមី​បាន​ជូន​ពរ​ដល់​នាងរស់​និង​អ័រប៉ា​ដោយ​ពោល​ថា​៖ «សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រោស​មេត្ដា​ឲ្យ​ឯង​បាន​សេចក្ដី​ស្រាកស្រាន្ត​នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​១​ទៀត​រៀង​ខ្លួន​ចុះ!»។ (នាងរស់ ១:៣​-​៩) ព្រះ​គម្ពីរ​ចែង​អំពី​ភរិយា​ល្អ​ថា​៖ «ផ្ទះ​សំ​បែង​នឹង​ទ្រព្យ​សម្បត្ដិ​ជា​មរ​ដក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ​យេហូវ៉ា»។ (សុភាសិត ១៩:១៤) បើ​អ្នក​បាន​រៀប​ការ​ហើយ អ្នក​ត្រូវ​ទទួល​ស្គាល់​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជា​អំណោយ​ទាន​ពី​ព្រះ​យេហូវ៉ា។ តើ​អ្នក​កំពុង​តែ​ប្រព្រឹត្ត​យ៉ាង​ណា​លើ​អំណោយ​ទាន​នេះ​ដែល​ទ្រង់​ប្រទាន​ឲ្យ?

៣​. តើ​ស្វាមី​ភរិយា​គួរ​ធ្វើ​តាម​ដំបូន្មាន​អ្វី​របស់​ប៉ុល?

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ជូន​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​នៅ​សតវត្សរ៍​ទី​មួយ គាត់​មាន​ប្រសាសន៍​ថា​៖ «ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​[ឬ​«គោរព»]​ប្ដី​ដែរ»។ (អេភេសូរ ៥:៣៣; ខ.ស.) សូម​គិត​ពិចារណា​អំពី​របៀប​ស្វាមី​ភរិយា​អាច​ធ្វើ​តាម​ដំបូន្មាន​នេះ​ក្នុង​ការ​និយាយ​ស្តី។

ប្រយ័ត្ន​នឹង​«របស់​អាក្រក់​ដែល​ទប់​មិន​បាន»

៤​. តើ​អណ្ដាត​របស់​យើង​អាច​មាន​ឥទ្ធិពល​អាក្រក់​ឬ​ល្អ​យ៉ាង​ណា?

ក្នុង​ព្រះ​គម្ពីរ លោក​យ៉ាកុប​សរសេរ​ថា អណ្ដាត​គឺ​ជា​«របស់​អាក្រក់​ដែល​ទប់​មិន​បាន» ហើយ​«មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់»។ (យ៉ាកុប ៣:៨) គាត់​ទទួល​ស្គាល់​សេចក្ដី​ពិត​នេះ​ថា អណ្ដាត​ដែល​ទប់​មិន​បាន​អាច​ធ្វើ​ឲ្យ​ហិន​ហោច។ យ៉ាង​ប្រាកដ​ណាស់ យ៉ាកុប​ដឹង​អំពី​សុភាសិត​ក្នុង​ព្រះ​គម្ពីរ​ដែល​ចែង​ថា ពាក្យ​ឥត​បើ​គិត​ប្រៀប​«ដូច​ជា​ចាក់​ដោយ​ដាវ»។ ផ្ទុយ​ទៅ​វិញ សុភាសិត​ដដែល​នោះ​ចែង​ថា​៖ «សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ»។ (សុភាសិត ១២:១៨) ប្រាកដ​ណាស់ ពាក្យ​សម្ដី​អាច​មាន​ឥទ្ធិពល​ខ្លាំង​មែន គឺ​អាច​ផ្សះផ្សា​ឬ​ក៏​បញ្ឈឺ​ចិត្ត។ តើ​សម្ដី​របស់​អ្នក​មាន​អានុភាព​យ៉ាង​ណា​លើ​គូ​របស់​ខ្លួន? បើ​អ្នក​សួរ​ស្វាមី​ឬ​ភរិយា​របស់​អ្នក​នូវ​សំណួរ​នេះ តើ​គាត់​នឹង​ឆ្លើយ​យ៉ាង​ណា?

៥, ៦​. តើ​មនុស្ស​ខ្លះ​ពិបាក​ទប់​អណ្ដាត​ដោយ​ព្រោះ​មូលហេតុ​អ្វី​ខ្លះ?

បើ​អ្នក​កើត​មាន​ទម្លាប់​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​ឈឺ​ចាប់ អ្នក​អាច​កែ​ប្រែ​បាន។ ប៉ុន្តែ នេះ​តម្រូវ​ឲ្យ​អ្នក​ព្យាយាម​ប្រឹងប្រែង​ផង។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ដោយសារ​យើង​ត្រូវ​តទល់​នឹង​ភាព​មិន​គ្រប់​លក្ខណ៍។ បាប​ដែល​យើង​បាន​ទទួល​ជា​មត៌ក​នោះ មាន​ឥទ្ធិពល​អាក្រក់​លើ​របៀប​គិតគូរ​និង​ពាក្យ​ដែល​យើង​និយាយ។ យ៉ាកុប​បាន​សរសេរ​ថា​៖ «បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប​កាយ​ទាំង​មូល​បាន​ដែរ»។—យ៉ាកុប ៣:២

ការ​ភ្លយ​មាត់​នោះ មិន​គ្រាន់​តែ​បណ្ដាល​មក​ពី​ភាព​មិន​គ្រប់​លក្ខណ៍​ប៉ុណ្ណោះ​ទេ។ បរិយាកាស​ក្នុង​រង្វង់​គ្រួសារ​ក៏​អាច​មាន​អានុភាព​លើ​យើង​ដែរ។ មនុស្ស​ខ្លះ​បាន​ធំ​ឡើង​ក្នុង​រង្វង់​គ្រួសារ​ដែល​អាណាព្យាបាល‹គ្មាន​សេចក្ដី​អធ្យោគ​[ឬ​«គ្មាន​អធ្យាស្រ័យ»] ក៏​មិន​ចេះ​ទប់​ចិត្ត​ហើយ​មាន​ចិត្ត​សាហាវ›ផង។ (ធីម៉ូថេទី២ ៣:១​-​៣; ខ.ស.) ញយ​ដង​កូន​ដែល​ធំ​ឡើង​ក្នុង​បរិយាកាស​បែប​នោះ​មាន​លក្ខណៈ​ដូច​គ្នា​ដែរ​ពេល​ពេញ​វ័យ​ហើយ។ យ៉ាង​ណា​ក្ដី ភាព​មិន​គ្រប់​លក្ខណ៍​និង​បរិយាកាស​មិន​ល្អ​ក្នុង​រង្វង់​គ្រួសារ​មិន​ជា​ហេតុ​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ពាក្យ​អាក្រក់​នោះ​ឡើយ។ ក៏​ប៉ុន្តែ ការ​យល់​ដឹង​ពី​មូលហេតុ​ទាំង​នេះ​អាច​ជួយ​យើង​យោគ​យល់​ចំពោះ​មនុស្ស​ដែល​ពិបាក​ទប់​អណ្ដាត។

‹ចូរ​លះបង់​ចោល​ការ​និយាយ​ដើម​គេ›

៧​. ពេល​ពេត្រុស​ដាស់​តឿន​ពួក​គ្រិស្ត​សា​សនិក​ឲ្យ​«លះបង់ . . . ពាក្យ​និយាយ​ដើម​គេ» តើ​នេះ​បង្កប់​អត្ថន័យ​អ្វី?

មិន​ថា​មាន​មូលហេតុ​ណា​ក៏​ដោយ​បណ្ដាល​ឲ្យ​យើង​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​ឈឺ​ចាប់ នេះ​ក៏​អាច​ជា​សញ្ញា​សម្គាល់​ថា យើង​ខ្វះ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​គូ​របស់​ខ្លួន។ ដូច្នេះ ពេត្រុស​មាន​ហេតុ​ដាស់​តឿន​ពួក​គ្រិស្ត​សា​សនិក​ឲ្យ​«លះបង់​ចោល . . . ពាក្យ​និយាយ​ដើម​គេ​ទាំង​អស់​ចេញ»។ (ពេត្រុសទី១ ២:១) ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា «និយាយ​ដើម​គេ»​បង្កប់​អត្ថន័យ​ថា ‹ការ​បាញ់​រះ​មនុស្ស​ដោយ​ពាក្យ​សម្ដី›។ នេះ​ពិត​ជា​ការ​ពណ៌នា​យ៉ាង​ច្បាស់​នូវ​ផល​អាក្រក់​ដែល​មក​ពី​អណ្ដាត​ដែល​ទប់​មិន​បាន!

៨, ៩​. តើ​ការ​ពោល​ពាក្យ​សម្ដី​ដែល​មើលងាយ​អាច​មាន​លទ្ធផល​អ្វី? ហេតុ​អ្វី​ក៏​គូ​ស្វាមី​ភរិយា​គួរ​ជៀស​វាង​ពាក្យ​សម្ដី​ដែល​មើលងាយ?

មនុស្ស​ខ្លះ​ប្រហែល​ជា​មិន​ចាត់​ទុក​ការ​និយាយ​មើលងាយ​គេ​ជា​អ្វី​ដែល​អាក្រក់​ណាស់​ណា​ទេ។ ប៉ុន្តែ បើ​ស្វាមី​ភរិយា​ប្រើ​ពាក្យ​សម្ដី​បែប​នោះ សូម​គិត​អំពី​លទ្ធផល​វិញ។ បើ​ហៅ​គូ​របស់​ខ្លួន​ជា​មនុស្ស​ដែល​គិត​តែ​ពី​ខ្លួន​ឯង ភ្លើ​ឬ​ខ្ជិល​នោះ នេះ​គឺ​ហាក់​ដូច​ជា​យើង​សន្និដ្ឋាន​ថា គូ​របស់​យើង​មាន​លក្ខណៈ​តែ​ប៉ុណ្ណឹង ពោល​គឺ​គ្មាន​លក្ខណៈ​ល្អ​ណា​សោះ! នេះ​ច្បាស់​ជា​ការ​បង្អាប់​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ណាស់! ហើយ​ចុះ​យ៉ាង​ណា​បើ​យើង​បង្ហាញ​ឲ្យ​ឃើញ​កំហុស​របស់​គូ​ខ្លួន​ដោយ​និយាយ​ពន្លើស ដូច​ជា​បង្អាប់​ថា «ឯង​តែង​តែ​មក​យឺត» ឬ​«ឯង​មិន​ដែល​ស្ដាប់​ខ្ញុំ​សោះ»? សម្ដី​បែប​នេះ​ពិត​ជា​ជំរុញ​ឲ្យ​គាត់​តប​ត​វិញ ហើយ​ក៏​បង្កើត​ហេតុ​ឲ្យ​ឈ្លោះ​គ្នា​ទៀត។—យ៉ាកុប ៣:៥

ការ​និយាយ​មើលងាយ​គូ​អាពាហ៍ពិពាហ៍​តែង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង ហើយ​អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ ជាក់​ស្តែង សុភាសិត ២៥:២៤ ចែង​ថា​៖ «ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជាជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង»។ ហើយ​នេះ​ជា​ការ​ពិត​ក្នុង​ករណី​បុរស​ដែល​ចេះ​តែ​រក​រឿង​ភរិយា​ដែរ។ យូរៗ​ទៅ ពាក្យ​សម្ដី​អាក្រក់​របស់​ស្វាមី​ឬ​ភរិយា​ដែល​បញ្ឈឺ​ចិត្ត​គូ​ខ្លួន អាច​ពង្រេចពង្រឹល​ចំណង​អាពាហ៍ពិពាហ៍។ នេះ​អាច​នាំ​ឲ្យ​ស្វាមី​ឬ​ភរិយា​មាន​អារម្មណ៍​ថា ‹គាត់​មិន​ស្រឡាញ់​ខ្ញុំ​ទេ› ឬ​រហូត​ដល់​គិត​ថា ‹ខ្ញុំ​គ្មាន​តម្លៃ​សោះ​ឲ្យ​គាត់​ស្រឡាញ់›។ នេះ​បញ្ជាក់​ពី​ការ​ចាំបាច់​ណាស់​ឲ្យ​យើង​ចេះ​ទប់​អណ្ដាត។ ប៉ុន្តែ តើ​យើង​អាច​រៀន​ឲ្យ​ចេះ​ទប់​អណ្ដាត​ដោយ​របៀប​ណា?

ចូរ​«ចេះ​ទប់​អណ្ដាត»

១០​. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ឲ្យ​យើង​ទប់​អណ្ដាត?

១០ យ៉ាកុប ៣:៨ ចែង​ថា​៖ «ឯ​អណ្ដាត . . . នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ»។ យ៉ាង​ណា​ក៏​ដោយ យើង​គួរ​ព្យាយាម​ផ្សាំង​អណ្ដាត​របស់​យើង​ដោយ​ចេះ​ទប់​វា។ «បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្ដាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ»។ (យ៉ាកុប ១:២៦; ៣:២) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា សម្ដី​ឬ​របៀប​ប្រើ​អណ្ដាត​របស់​យើង ជា​រឿង​សំខាន់​មែន! ពាក្យ​សម្ដី​របស់​យើង​មិន​គ្រាន់​តែ​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​ជា​មួយ​គូ​របស់​យើង​ប៉ុណ្ណោះ តែ​ប៉ះ​ពាល់​ដល់​ចំណង​មេត្រីភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។—ពេត្រុសទី១ ៣:៧

១១​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បង្ការ​កុំ​ឲ្យ​រឿង​តូចតាច​ផ្ទុះ​ឡើង​ទៅ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ?

១១ យក​ល្អ​ឲ្យ​យើង​កត់​សម្គាល់​ពាក្យ​ដែល​យើង​ប្រើ​ពេល​និយាយ​ជា​មួយ​ស្វាមី​ឬ​ភរិយា​របស់​យើង។ ទោះ​បើ​មាន​ហេតុ​ទាស់​គ្នា​ក្ដី ចូរ​រក​វិធី​និយាយ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ទំនាស់។ សូម​គិត​អំពី​រឿង​មួយ​ដែល​លោក​អ៊ី​សាក​និង​ភរិយា​គាត់​ឈ្មោះ​រេបិកា​បាន​ជួបប្រទះ ដែល​រៀប​រាប់​ក្នុង​សៀវភៅ​លោកុប្បត្តិ ២៧:៤៦​–​២៨:៤។ «រេបិកា​និយាយ​ទៅ​អ៊ីសាក​ថា​៖ ‹ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ។ បើ​កាល​ណា​យ៉ាកុប​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត?›»។ កំណត់​ហេតុ​នេះ​មិន​ប្រាប់​ថា​អ៊ី​សាក​បាន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​រេបិកា​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​យល់​ថា​គាត់​មិន​ស្តី​ឲ្យ​នាង​ទេ ដ្បិត​គាត់​បាន​ចាត់​កូន​ឈ្មោះ​យ៉ាកុប​ឲ្យ​ទៅ​ស្រុក​ឆ្ងាយ​ដើម្បី​រក​ភរិយា​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​មិន​ធ្វើ​ឲ្យ​រេបិកា​ព្រួយ​ចិត្ត។ ចុះ​យ៉ាង​ណា​បើ​ស្វាមី​ភរិយា​ចាប់​ផ្ដើម​ទាស់​គ្នា។ ការ​ពិភាក្សា​ជា​មួយ​គ្នា​ដោយ​ប្រើ​ពាក្យ​«បង» «អូន»​ឬ​«យើង» ជាជាង​ប្រើ​ពាក្យ​«ឯង»​និង​«អញ» នោះ​អាច​បង្ការ​កុំ​ឲ្យ​រឿង​តូចតាច​ផ្ទុះ​ឡើង​ទៅ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ ជា​ឧទាហរណ៍ ជាជាង​និយាយ​ថា «ឯង​មិន​ចំណាយ​ពេល​សោះ​ជា​មួយ​អញ!» ចូរ​និយាយ​ថា «អូន(ឬ​បង)ស្ដាយ​ណាស់​ដែល​យើង​មិន​សូវ​មាន​ពេល​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់»។ ចូរ​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្វែង​គំនិត​នឹង​គ្នា​ជាជាង​ចង់​ខឹង​ចំពោះ​គូ​ខ្លួន។ ចូរ​ទប់​ចិត្ត​កុំ​ឲ្យ​វិភាគ​មើល​ថា នរណា​មាន​កំហុស​ហើយ​នរណា​គ្មាន​ទោស។ រ៉ូម ១៤:១៩ ចែង​ថា​៖ «ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី​ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។

ចូរ​លះ​ចោល‹គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្ដៅ​ក្រហាយ​និង​កំហឹង›

១២​. តើ​យើង​ត្រូវ​អធិស្ឋាន​សូម​អ្វី​ដើម្បី​ឲ្យ​ចេះ​ទប់​អណ្ដាត? ហេតុ​អ្វី​បាន​ជា​យើង​គួរ​អធិស្ឋាន​ដូច្នេះ?

១២ ការ​ទប់​អណ្ដាត​មិន​គ្រាន់​តែ​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​ពាក្យ​សម្ដី​ដោយ​ប្រយ័ត្នប្រយែង​ប៉ុណ្ណោះ​ទេ ដ្បិត​ពាក្យ​ទាំង​ឡាយ​ពោល​ចេញ​ពី​ចិត្ត​ជាជាង​ចេញ​ពី​មាត់​ប៉ុណ្ណោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ​ពី​កំណប់​ល្អ​ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់​ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច»។ (លូកា ៦:៤៥) ដូច្នេះ​ហើយ បើ​យើង​ចង់​រៀន​ឲ្យ​ចេះ​ទប់​អណ្ដាត យើង​ប្រហែល​ជា​ត្រូវ​អធិស្ឋាន​ដូច​ដាវីឌ​បាន​ទូល​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង»។—ទំនុកដំកើង ៥១:១០

១៣​. តើ​សេចក្ដី​ជូរ​ល្វីង ក្ដៅ​ក្រហាយ​និង​កំហឹង​នាំ​មុខ​ការ​ជេរ​ប្រមាថ​យ៉ាង​ដូច​ម្ដេច?

១៣ ប៉ុល​មិន​គ្រាន់​តែ​ដាស់​តឿន​ពួក​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​អេភេសូរ​ឲ្យ​ទប់​មាត់​ប៉ុណ្ណោះ តែ​គាត់​ក៏​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ក្នុង​ចិត្ត​ដែល​ជំរុញ​ឲ្យ​ពោល​ពាក្យ​ដែល​បញ្ឈឺ​ចិត្ត​អ្នក​ដទៃ។ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្ដៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ​នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ»។ (អេភេសូរ ៤:៣១) សូម​កត់​សម្គាល់​ថា មុន​ប៉ុល​ប្រាប់​អំពី​ការ​«ឡូឡា»​និង​ពាក្យ​«ជេរ​ប្រមាថ»​នោះ គាត់​រៀប​រាប់​អំពី​«សេចក្ដី​ជូរ​ល្វីង ក្ដៅ​ក្រហាយ​[និង]​កំហឹង»។ បើ​កំហឹង​យើង​ក្ដៅ​ឆួល​ឡើង គឺ​ងាយ​ស្រួល​ឲ្យ​នេះ​ផ្ទុះ​ចេញ​មក​ជា​ពាក្យ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់។ ដូច្នេះ ចូរ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​ចេះ​តែ​មាន​ចិត្ត​ខឹង​និង​អនុញ្ញាត​ឲ្យ​ភាព​ជូរ​ល្វីង​នេះ​នាំ​ឲ្យ​ខ្ញុំ​ចង​គំនុំ​ឬ​ទេ? តើ​ខ្ញុំ​ជា​«មនុស្ស​មាន​ចិត្ត​ក្រោធ»​ឬ?›។ (សុភាសិត ២៩:២២) បើ​មាន​មែន ចូរ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​យក​ឈ្នះ​ទំនោរ​ចិត្ត​បែប​នេះ។ ចូរ​សូម​ទ្រង់​ជួយ​ឲ្យ​អ្នក​ចេះ​ទប់​ចិត្ត​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​កំហឹង​ផ្ទុះ​ឡើង។ ទំនុកដំកើង​ទី៤:៤ ចែង​ថា​៖ «ចូរ​មាន​ចិត្ត​ញ័រ​ចុះ! តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ។ ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត​ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ!»។ បើ​អ្នក​មាន​អារម្មណ៍​មួម៉ៅ​ហើយ​គិត​ថា​មិន​អាច​ទប់​ចិត្ត​បាន ចូរ​ធ្វើ​តាម​ដំបូន្មាន​របស់​សុភាសិត​ដែល​ចែង​ថា​៖ «ចូរ​ដក​ខ្លួន​ថយ មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង»។ (សុភាសិត ១៧:១៤, ខ.ស.) នេះ​បាន​ន័យ​ថា យើង​គួរ​ដើរ​ចេញ​មួយ​រយៈ​សិន ទាល់តែ​បាត់​កំហឹង។

១៤​. តើ​ការ​ចង​គំនុំ​អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​អ្វី​ក្នុង​រង្វង់​គ្រួសារ?

១៤ កំហឹង​និង​ការ​ក្ដៅ​ក្រហាយ​មិន​ងាយ​ទប់​ទេ ជា​ពិសេស​បើ​ផុស​ចេញ​ពី​អ្វី​ដែល​ប៉ុល​ហៅ​ថា «សេចក្ដី​ជូរ​ល្វីង»។ ពាក្យ​ភាសា​ក្រិច​ដែល​ប៉ុល​ប្រើ​នោះ បាន​ត្រូវ​បកស្រាយ​ថា​«គំនុំ​គុំ​កួន​ដែល​មិន​ព្រម​ជា​នា​នឹង​គ្នា» ហើយ‹រាប់​កំហុស​ដោយ​ចង់​ព្យាបាទ›។ ជួន​កាល​មាន​បរិយាកាស​អាប់អួ​ក្នុង​ក្រុម​គ្រួសារ​ដោយ​ព្រោះ​ស្វាមី​ភរិយា​ចង​គំនុំ​គ្នា ហើយ​ពួក​គាត់​អាច​មាន​អារម្មណ៍​បែប​នោះ​យ៉ាង​យូរ​ផង។ បើ​មិន​ដោះស្រាយ​បញ្ហា​ឲ្យ​រួច​រាល់ នោះ​ពួក​គាត់​ប្រហែល​ជា​មើល​មុខ​គ្នា​មិន​ចំ​ទេ។ ប៉ុន្តែ ការ​ចង​គំនុំ​ចំពោះ​អ្វី​ដែល​គាត់​ធ្វើ​ខុស​ពី​មុន នោះ​គ្មាន​ប្រយោជន៍​អ្វី​សោះ ដ្បិត​យើង​មិន​អាច​ធ្វើ​ឲ្យ​ពេល​វេលា​ដើរ​ថយ​ក្រោយ​បាន​ទេ។ បើ​អត់​ទោស​ឲ្យ​ហើយ ចូរ​បំភ្លេច​កំហុស​នោះ​ចោល​ទៅ! ដ្បិត​សេចក្ដី​ស្រឡាញ់​«មិន​ប្រកាន់​ទោស»​ទេ។—កូរិនថូសទី១ ១៣:៤, ៥

១៥​. ចំពោះ​អស់​អ្នក​ដែល​ធ្លាប់​ប្រើ​ពាក្យ​គំរោះគំរើយ តើ​អ្វី​អាច​ជួយ​គាត់​កែ​ប្រែ​របៀប​និយាយ?

១៥ ចុះ​យ៉ាង​ណា​បើ​អ្នក​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ធ្លាប់​ប្រើ​ពាក្យ​គំរោះគំរើយ ហើយ​អ្នក​មាន​ទម្លាប់​និយាយ​បែប​នោះ​ដែរ? អ្នក​អាច​កែ​ប្រែ​បាន ដ្បិត​អ្នក​បាន​ដាក់​កម្រិត​ផ្សេងៗ​លើ​របៀប​រស់​នៅ​របស់​ខ្លួន​ហើយ ថា​មិន​ព្រម​ធ្វើ​នេះ​ឬ​ធ្វើ​នោះ​ទេ។ រីឯ​ពាក្យ​សម្ដី​វិញ តើ​អ្នក​នឹង​សម្រេច​មិន​ប្រើ​ពាក្យ​បែប​ណា​ខ្លះ? តើ​អ្នក​សុខ​ចិត្ត​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​ប្រមាថ​ឬ​ទេ? គប្បី​ឲ្យ​អ្នក​ដាក់​កម្រិត​លើ​ខ្លួន​ស្រប​ទៅ​តាម​អ្វី​ដែល​ចែង​ទុក​នៅ​សៀវភៅ​អេភេសូរ ៤:២៩ ដែល​ថា​៖ «មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ»។ ដើម្បី​ធ្វើ​ដូច្នេះ​បាន យើង​ត្រូវ​«ដោះ​មនុស្ស​ចាស់​នឹង​អំពើ​របស់​វា​ចោល​ចេញ[និង]ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង​ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ​ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក»។—កូល៉ុស ៣:៩, ១០

ស្វាមី​ភរិយា​ត្រូវ‹ប្រឹក្សា​គ្នា›​ជា​ចាំបាច់

១៦​. ហេតុ​អ្វី​ក៏​ការ​មិន​និយាយ​រក​គ្នា​អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍?

១៦ បើ​ស្វាមី​ភរិយា​មាន​ទំនាស់ ការ​មិន​និយាយ​រក​គ្នា​គ្មាន​ប្រយោជន៍​អ្វី​សោះ តែ​អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​វិញ។ តាម​ធម្មតា គូ​ស្វាមី​ភរិយា​មិន​និយាយ​រក​គ្នា​ដោយ​ព្រោះ​ចង់​ធ្វើ​បាប​គូ​របស់​ខ្លួន តែ​ជួន​កាល​គាត់​ប្រហែល​ជា​ធ្វើ​ដូច្នេះ​ដោយ​ព្រោះ​ធ្លាក់​ទឹក​ចិត្ត​ឬ​មាន​អារម្មណ៍​អន្ទះអន្ទែង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​មិន​និយាយ​រក​គ្នា​តែង​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ថែម​ទៀត ហើយ​មិន​ជួយ​ដោះស្រាយ​បញ្ហា​នោះ​ឡើយ ដូច​ជា​ភរិយា​ម្នាក់​បាន​សារភាព​ថា «ពេល​ដែល​យើង​សុខ​ចិត្ត​និយាយ​រក​គ្នា​វិញ យើង​ក៏​មិន​ពិភាក្សា​អំពី​រឿង​នោះ​ទៀត»។

១៧​. ពេល​មាន​ភាព​តានតឹង​រវាង​ស្វាមី​ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក តើ​ពួក​គាត់​គួរ​ធ្វើ​អ្វី?

១៧ ភាព​តានតឹង​រវាង​គូ​ស្វាមី​ភរិយា​មិន​ងាយ​ដោះស្រាយ​យ៉ាង​ឆាប់​បាន​ទេ។ ដូច្នេះ​សុភាសិត ១៥:២២ ចែង​ថា​៖ «ទីណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ។ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ»។ បើ​មាន​ការ​ប្រេះ​ឆា​ណា អ្នក​ត្រូវ​ចំណាយ​ពេល​ពិភាក្សា​រឿង​នោះ​ជា​មួយ​គូ​របស់​ខ្លួន។ ចូរ​ស្ដាប់​គាត់​ដោយ​ប្រាថ្នា​យោគ​យល់​ចំពោះ​ទស្សនៈ​និង​អារម្មណ៍​របស់​គាត់។ បើ​មើល​ទៅ​ដូច​ជា​អ្នក​ឬ​គូ​របស់​អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ចូរ​ឆ្លៀត​ប្រយោជន៍​ពី​សំវិធានការ​មួយ​ក្នុង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក ពោល​គឺ សូម​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ ពួក​គាត់​មាន​ចំណេះ​ច្រើន​ពី​ព្រះ​គម្ពីរ ហើយ​មាន​បទពិសោធន៍​ក្នុង​ការ​ពន្យល់​អំពី​របៀប​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ។ ពួក​អ្នក​ចាស់​ទុំ​ប្រៀប​«ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា»។—អេសាយ ៣២:២

អ្នក​អាច​ទប់​អណ្ដាត​បាន!

១៨​. តើ​រ៉ូម ៧:១៨​-​២៣ រៀប​រាប់​អំពី​ការ​ប្រទាញប្រទង់​អ្វី?

១៨ ការ​ទប់​អណ្ដាត​គឺ​ពិបាក​ណាស់! ហើយ​ការ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ភ្លាត់​ធ្វើ​ខុស​ក៏​មិន​ស្រួល​ដែរ។ សាវ័ក​ប៉ុល​បាន​ពណ៌នា​អំពី​ការ​ប្រឡង​ប្រណាំង​ដែល​គាត់​កំពុង​តែ​ឆ្លង​កាត់​ដោយ​សរសេរ​ថា​៖ «ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជា​និច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ។ ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ។ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ»។ ដោយសារ​យើង​«មាន​អំណាច​១​ទៀត​ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប​កាយ» យើង​មាន​ទំនោរ​ចិត្ត​ភ្លយ​មាត់​និង​ប្រើ​អវយវៈ​ឯ​ទៀត​របស់​យើង​ដោយ​របៀប​មិន​ល្អ។ (រ៉ូម ៧:១៨​-​២៣) យ៉ាង​ណា​ក្ដី យើង​ត្រូវ​ទប់ទល់​នឹង​ទំនោរ​ចិត្ត​នោះ ហើយ​យើង​ក៏​អាច​មាន​ជ័យ​ជម្នះ​បាន​ដោយ​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា។

១៩, ២០​. តើ​គំរូ​របស់​ព្រះ​យេស៊ូ​អាច​ជួយ​ស្វាមី​ភរិយា​ទប់​អណ្ដាត​យ៉ាង​ដូច​ម្ដេច?

១៩ មនុស្ស​ដែល​មាន​ចំណង​មេត្រីភាព​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នឹង​មិន​ប្រើ​ពាក្យ​ឥត​បើ​គិត​ឬ​ពាក្យ​គំរោះគំរើយ​ឡើយ។ សូម​គិត​អំពី​គំរូ​របស់​ព្រះ​យេស៊ូ។ ទ្រង់​មិន​ដែល​និយាយ​មើលងាយ​សិស្ស​របស់​ទ្រង់​សោះ។ ជាក់​ស្តែង​ពេល​ពួក​សាវ័ក​បាន​ឈ្លោះ​គ្នា​នៅ​រាត្រី​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​នៅ​លើ​ផែនដី សូម្បី​តែ​ពេល​នោះ​ដែល​ពួក​គេ​ដណ្ដើម​គ្នា​អំពី​នរណា​ជា​អ្នក​ធំ​ជាង​គេ នោះ​រាជបុត្រា​នៃ​ព្រះ​នៅ​តែ​មិន​ស្តី​បន្ទោស​គេ​ទេ។ (លូកា ២២:២៤​-​២៧) ព្រះ​គម្ពីរ​ក៏​ដាស់​តឿន​«បុរស​រាល់​គ្នា»​ថា​៖ «ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង»។—អេភេសូរ ៥:២៥

២០ ចុះ​យ៉ាង​ណា​ចំពោះ​ភរិយា​វិញ? នាង​«ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន»។ (អេភេសូ ៥:៣៣, ខ.ស.) បើ​ភរិយា​គោរព​ស្វាមី តើ​នាង​ជេរ​ប្រមាថ​គាត់​ដោយ​ស្រែក​ឡូឡា​ទេ? ប៉ុល​បាន​សរសេរ​ថា​៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់។ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ»។ (កូរិនថូសទី១ ១១:៣) ពួក​ស្ត្រី​ត្រូវ​ចុះ​ចូល​ចំពោះ​មេ​គ្រួសារ​ដែល​ប្រៀប​ដូច​ជា​ក្បាល​នាង ស្រប​ទៅ​តាម​គំរូ​របស់​ព្រះ​គ្រិស្ត​ដែល​ចុះ​ចូល​ចំពោះ​សិរសា​ឬ​មេ​របស់​ទ្រង់។ (កូល៉ុស ៣:១៨) មនុស្ស​យើង​ដែល​គ្មាន​ភាព​គ្រប់​លក្ខណ៍​មិន​អាច​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​បាន​យ៉ាង​ពេញលេញ​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​«ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»​នឹង​ជួយ​ស្វាមី​ភរិយា​ទប់​កុំ​ឲ្យ​ភ្លយ​មាត់​ទៀត។—ពេត្រុសទី១ ២:២១

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

តើ​អណ្ដាត​ដែល​ទប់​មិន​បាន​អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​ពិបាក​ម្ល៉េះ​ឲ្យ​យើង​ទប់​អណ្ដាត?

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទប់​មាត់​បាន?

ពេល​មាន​ភាព​តានតឹង​រវាង​ស្វាមី​ភរិយា តើ​ពួក​គាត់​គួរ​ធ្វើ​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៤]

ពួក​អ្នក​ចាស់​ទុំ​ផ្ដល់​ជំនួយ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ