លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូររីករាយចំពោះប្រពន្ធពីកាលក្រមុំកំឡោះចុះ!›

‹ចូររីករាយចំពោះប្រពន្ធពីកាលក្រមុំកំឡោះចុះ!›

‹ចូរ​រីករាយ​ចំពោះ​ប្រពន្ធ​ពី​កាល​ក្រមុំ​កំឡោះ​ចុះ!›

​«ចូរ​ឲ្យ​ឯង​បាន​រីករាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ! . . . កូន​អើយ! តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ . . . ឬ​អី?»។—សុភាសិត ៥:១៨, ២០

១, ២​. តើ​ការ​រួម​ដំណេក​របស់​គូ​ស្វាមី​ភរិយា​មាន​ពរ​ក្នុង​ន័យ​អ្វី?

ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ឥត​លាក់​លៀម​អំពី​ការ​រួម​ភេទ។ នៅ​សុភាសិត ៥:១៨, ១៩ យើង​អាន​ថា​៖ «សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីករាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ! ប្រៀប​ដូច​ជា​ក្ដាន់​ញី​ដែល​គួរ​ស្រឡាញ់ នឹង​ប្រើស​ញី​សម​សួន។ ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង»។

ពាក្យ​«រន្ធ​ទឹក»​នេះ​សំដៅ​ទៅ​លើ​ការ​បំពេញ​តម្រេក ដែល​មាន​ពរ​ក្នុង​ន័យ​ថា ការ​ឈ្លក់​ចិត្ត​ស្រឡាញ់​គូ​របស់​ខ្លួន​ពេល​រួម​ដំណេក ជា​អំណោយ​ទាន​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ការ​រួម​ដំណេក​គឺ​សម្រាប់​តែ​គូ​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ។ ស្តេច​សាឡូម៉ូន​របស់​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​បាន​សរសេរ​សុភាសិត​ខ្លះៗ។ ទ្រង់​លើក​សំណួរ​មួយ​ឲ្យ​យើង​ត្រិះរិះ​ពិចារណា ដោយ​សួរ​ថា​៖ «កូន​អើយ! តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ​អី?»។—សុភាសិត ៥:២០

៣​. (ក) តើ​មាន​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​បែប​ណា ក្នុង​ចំណោម​អាពាហ៍ពិពាហ៍​ជា​ច្រើន? (ខ) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ផិត​ក្បត់?

ពេល​កូន​ក្រមុំ​កំលោះ​រៀប​ការ ពួក​គេ​យល់​ព្រម​ស្រឡាញ់​គ្នា​និង​មាន​ចិត្ត​ស្មោះ​នឹង​គ្នា​រហូត។ ក៏​ប៉ុន្តែ គូ​ស្វាមី​ភរិយា​ជា​ច្រើន​បាក់​បែក​គ្នា​ដោយ​ព្រោះ​មាន​ការ​ផិត​ក្បត់។ ជាក់​ស្តែង អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​ពិនិត្យ​មើល​បទ​សម្ភាសន៍​២៥ ហើយ​បាន​សន្និដ្ឋាន​ថា​៖ «២៥​ភាគ​រយ​នៃ​ស្ត្រី​ដែល​ជា​ភរិយា និង​៤៤​ភាគ​រយ​នៃ​បុរស​ដែល​ជា​ស្វាមី​បាន​ផិត​ក្បត់​គូ​របស់​ខ្លួន»។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សំ​រេ​ច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង . . . នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរ​ដក​ឡើយ»។ (កូរិនថូសទី១ ៦:៩, ១០) គឺ​ច្បាស់​ណាស់​ហើយ ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​ផិត​ក្បត់​ជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ។ ដូច្នេះ មនុស្ស​ដែល​ថ្វាយ​បង្គំ​ទ្រង់​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​កំផិត។ តើ​អ្វី​នឹង​ជួយ​យើង‹រក្សា​ឲ្យ​វិវាហមង្គល​មាន​ភាព​ប្រសើរ និង​ការ​រួម​ដំណេក​មាន​ភាព​ឥត​សៅហ្មង›?—ហេព្រើរ ១៣:៤

ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ចិត្ត

៤​. ដោយ​មិន​ដឹង​ខ្លួន តើ​អ្វី​អាច​នាំ​ឲ្យ​ស្វាមី​ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​មាន​ស្នេហា​ជា​មួយ​បុរស​ឬ​ស្ត្រី​ផ្សេង?

ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​សីលធម៌​មិន​ល្អ​នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​«មាន​ចិត្ត​នឹក​ឃើញ​តែ​[«ការ​ផិត​ក្បត់» ហើយ]​គេ​មិន​ចេះ​លែង​ធ្វើ​បាប​ឡើយ»។ (ពេត្រុសទី២ ២:១៤; ព.ថ.) នេះ​បាន​សេចក្ដី​ថា មនុស្ស​ជា​ច្រើន​ដែល​មាន​គូ​អាពាហ៍ពិពាហ៍​ហើយ ចេះ​តែ​រក​ប្រុស​រក​ស្រី​ផ្សេង​ទៀត។ ដើម​ហេតុ​មួយ​គឺ​ដោយសារ​មាន​មនុស្ស​ស្រី​ជា​ច្រើន​នៅ​ប្រទេស​ខ្លះ កំពុង​តែ​ចូល​ធ្វើ​ការ​ដែរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​លាយឡំ​បុគ្គលិក​ទាំង​ពីរ​ភេទ ហើយ​នេះ​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ស្រួល​រក​ទំនាក់ទំនង​ស្នេហា​មិន​សម​គួរ។ ម្យ៉ាង​ទៀត វើបសាយ​ឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ធ្វើ​ឲ្យ​មនុស្ស​ងាយ​ស្រួល​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា រួម​ទាំង​មនុស្ស​អៀន​ប្រៀន​ផង។ ស្ថានការណ៍​ទាំង​នេះ​ប្រៀប​ដូច​ជា​អន្ទាក់​ដែល​បាន​ទាក់​ចិត្ត​គូ​ស្វាមី​ភរិយា​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន។

៥, ៦​. តើ​បង​ស្រី​គ្រិស្ត​សា​សនិក​ម្នាក់​បាន​ធ្វើ​អ្វី​ដែល​ងាយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់? តើ​យើង​រៀន​អ្វី​ពី​បទពិសោធន៍​របស់​បង​ស្រី?

សូម​គិត​អំពី​ស្ត្រី​ម្នាក់​ជា​គ្រិស្ត​សា​សនិក​ដែល​ស្ទើរតែ​បាន​ធ្វើ​អំពើ​អសីលធម៌​ដោយ​ព្រោះ​តែ​ឱកាស​ហុច​ឲ្យ។ យើង​សូម​ហៅ​បង​ស្រី​ថា សុ​ជា​តា។ ស្វាមី​របស់​សុ​ជា​តា​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​គាត់​មិន​សូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​រង្វង់​គ្រួសារ​ទេ។ សុ​ជា​តា​អាច​នឹក​ចាំ​កាលៈទេសៈ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ដែល​នាង​បាន​ជួប​បុរស​ម្នាក់​ដែល​ធ្វើ​ការ​ជា​មួយ​ស្វាមី។ បុរស​នោះ​មាន​សុជីវធម៌ ហើយ​ក្រោយៗ​មក​ក៏​ចាប់​អារម្មណ៍​ចំពោះ​ជំនឿ​សាសនា​របស់​សុ​ជា​តា​ដែរ។ បង​ស្រី​មាន​ប្រសាសន៍​ថា​៖ «បុរស​នោះ​មិន​ដូច​ប្ដី​ខ្ញុំ​សោះ តែ​ជា​មនុស្ស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ណាស់»។ មិន​យូរ​ក្រោយ​មក សុ​ជា​តា​និង​បុរស​នោះ​ដែល​ធ្វើ​ការ​ជា​មួយ​ស្វាមី​នាង ចាប់​ផ្ដើម​ស្រឡាញ់​គ្នា។ សុ​ជា​តា​មាន​គំនិត​ថា​៖ «ខ្ញុំ​មិន​មែន​ផិត​ក្បត់​ប្ដី​ទេ តែ​បុរស​នេះ​ចាប់​អារម្មណ៍​ចង់​រៀន​ព្រះ​គម្ពីរ ហើយ​ប្រហែល​ជា​ខ្ញុំ​អាច​ជួយ​គាត់​បាន»។

ទោះ​ជា​សុ​ជា​តា​ជាប់​ចិត្ត​ស្នេហា​ក្ដី នាង​ដឹង​ខ្លួន​វិញ ហើយ​មិន​បាន​ផិត​ក្បត់​ស្វាមី​ទេ។ (កាឡាទី ៥:១៩​-​២១; អេភេសូរ ៤:១៩) មនសិការ​របស់​សុ​ជា​តា​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​នាង ហើយ​នេះ​បាន​ជំរុញ​ឲ្យ​នាង​កែ​តម្រង់​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន។ បទពិសោធន៍​របស់​បង​ស្រី​សុ​ជា​តា​បង្ហាញ​ឲ្យ​ដឹង​ថា «ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង»។ (យេរេមា ១៧:៩) ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ថា​៖ «ចូរ​រក្សា​ចិត្ត​ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត​សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក»។ (សុភាសិត ៤:២៣) តើ​យើង​អាច​រក្សា​ការពារ​ចិត្ត​យើង​ដោយ​របៀប​ណា?

‹មនុស្ស​ឆ្លៀវឆ្លាត​ចេះ​ពួន​ខ្លួន›

៧​. ពេល​ជួយ​អ្នក​ដែល​មាន​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍ តើ​ព្រះ​គម្ពីរ​មាន​យោបល់​អ្វី​ខ្លះ​ដែល​អាច​ការពារ​យើង?

សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត​ក្រែងលោ​ដួល»។ (កូរិនថូសទី១ ១០:១២) ហើយ​សុភាសិត ២២:៣ ចែង​ថា​៖ «មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ»។ ជាជាង​មាន​ទស្សនៈ​ថា ‹ខ្ញុំ​មិន​អី​ទេ› ដោយ​ស្មាន​ថា​អាច​ទប់​ចិត្ត​ខ្លួន​បាន នោះ​មាន​ប្រយោជន៍​ឲ្យ​យើង​គិត​ទុក​ជា​មុន​អំពី​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា។ ជា​ឧទាហរណ៍ គប្បី​កុំ​ឲ្យ​យើង​ក្លាយ​ជា​ជំនិត​តែ​ម្នាក់​គត់​របស់​មនុស្ស​ភេទ​ផ្សេង​ដែល​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​អាពាហ៍ពិពាហ៍។ (សុភាសិត ១១:១៤) ចូរ​ប្រាប់​អ្នក​នោះ​ថា គាត់​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាង​ដោយ​ពិភាក្សា​ជា​មួយ​គូ​របស់​ខ្លួន​អំពី​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​គាត់។ បើ​មិន​ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​និយាយ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​ឬ​ជា​មួយ​គ្រិស្ត​សា​សនិក​ណា​ម្នាក់​ដែល​មាន​ភេទ​ដូច​គ្នា​និង​គំនិត​ចាស់​ទុំ​ដែល​ប្រាថ្នា​ជួយ​គាត់​ផ្សះផ្សា​ឲ្យ​ជា​នា​នឹង​គូ​របស់​ខ្លួន។ (ទីតុស ២:៣, ៤) ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តែង​ទុក​គំរូ​ល្អ​ក្នុង​ករណី​នេះ។ ពេល​អ្នក​ចាស់​ទុំ​ត្រូវ​និយាយ​ម្នាក់​ឯង​ជា​មួយ​គ្រិស្ត​សា​សនិក​ភេទ​ស្រី​ម្នាក់ គាត់​តែង​តែ​ធ្វើ​ដូច្នេះ​នៅ​កន្លែង​ដែល​មនុស្ស​ឯ​ទៀត​អាច​មើល​ឃើញ ដូច​ជា​នៅ​ក្នុង​សាលព្រះរាជាណាចក្រ​ជា​ដើម។

៨​. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា​នៅ​កន្លែង​ធ្វើ​ការ?

មិន​ថា​នៅ​កន្លែង​ធ្វើ​ការ​ឬ​កន្លែង​ណា​ទៀត​ក្ដី ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ស្ថានភាព​ផ្សេងៗ​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ធ្វើ​ការ​ឯ​ទៀត។ ជា​ឧទាហរណ៍ បើ​យើង​តែង​តែ​ធ្វើ​ការ​លើស​ម៉ោង​ជា​មួយ​មនុស្ស​ភេទ​ផ្សេង នេះ​អាច​បង្កើត​ឲ្យ​មាន​ស្ថានភាព​ដែល​ល្បួង​ចិត្ត។ បើ​អ្នក​មាន​គូ​អាពាហ៍ពិពាហ៍​ហើយ សម្ដី​និង​អាកប្បកិរិយា​របស់​អ្នក​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​មិន​រក​គូ​ស្នេហា​ទៀត​ឡើយ។ ហើយ​ក្នុង​នាម​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ អ្នក​ពិត​ជា​មិន​និយាយ​ចែចង់​ឬ​បញ្ចេញ​ឫក​កាច់​រាង​ដោយ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន​បែប​មិន​សមរម្យ​ទេ។ (ធីម៉ូថេទី១ ៤:៨; ៦:១១; ពេត្រុសទី១ ៣:៣, ៤) បើ​ដាក់​រូប​ថត​គូ​អាពាហ៍ពិពាហ៍​និង​កូនៗ​នៅ​កន្លែង​ធ្វើ​ការ នេះ​ជួយ​រំលឹក​អ្នក ព្រម​ទាំង​ឲ្យ​មនុស្ស​ដទៃ​ដឹង​ថា អ្នក​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ខ្លួន​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ចូរ​តាំង​ចិត្ត​មិន​ធ្វើ​អ្វី​ក៏​ដោយ​ដែល​អាច​ទាញ​ចិត្ត​អ្នក​ដទៃ​ឲ្យ​មក​ស្រឡាញ់​យើង ហើយ​ចូរ​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អស់​អ្នក​ដែល​ចង់​យក​យើង​ធ្វើ​ជា​គូ​ស្នេហ៍។—យ៉ូប ៣១:១

«ចូរ​រស់​នៅ​ដោយ​អំណរ ជា​មួយ​នឹង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់[អ្នក]»

៩​. តើ​អាច​មាន​ស្ថានភាព​អ្វី​ខ្លះ​ដែល​ទាញ​ចិត្ត​ឲ្យ​រក​គូ​ស្នេហ៍?

ការ​រក្សា​ការពារ​ចិត្ត​ដោយ​ជៀស​វាង​កាលៈទេសៈ​ដែល​មាន​គ្រោះថ្នាក់ គឺ​ល្អ​ហើយ។ ប៉ុន្តែ បើ​ស្វាមី​ឬ​ភរិយា​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​ស្រឡាញ់​មនុស្ស​ដែល​មិន​ជា​គូ​របស់​ខ្លួន នេះ​ប្រហែល​ជា​សម្គាល់​ថា​ពួក​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គូ​របស់​ខ្លួន​ទេ។ ជា​ឧទាហរណ៍ ប្រហែល​ជា​ស្វាមី​តែង​តែ​មិន​រវល់​នឹង​ភរិយា ឬ​ភរិយា​រិះគន់​ស្វាមី​ជានិច្ច ស្រាប់​តែ​ស្វាមី​ឬ​ភរិយា​នោះ​ជួប​ម្នាក់​ទៀត​ដែល​មាន​លក្ខណៈ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដែល​គូ​របស់​ខ្លួន​មិន​បង្ហាញ​ដល់​គេ មិន​ថា​ជួប​អ្នក​នោះ​នៅ​កន្លែង​ធ្វើ​ការ​ឬ​ក្នុង​ក្រុមជំនុំ​ក្ដី។ មិន​យូរ​មិន​ឆាប់ ទាំង​ពីរ​នាក់​នោះ​ចាប់​ចិត្ត​ស្រឡាញ់​គ្នា ហើយ​ស្ទើរតែ​ទប់​មិន​បាន​នូវ​ក្ដី​ប៉ង​ប្រាថ្នា​ចង់​រក​គ្នា​ជា​គូ​ស្នេហ៍។ ស្ថានភាព​នេះ​ដែល​មាន​លំដាប់​លំដោយ​ដ៏​ពិបាក​សម្គាល់​នោះ គឺ​បញ្ជាក់​ពី​សច្ចភាព​នៃ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​ទុក​មក​ថា​៖ «គ្រប់​គ្នា​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ​ហើយ​លួងលោម​ទេ»។—យ៉ាកុប ១:១៤

១០​. តើ​គូ​ស្វាមី​ភរិយា​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន?

១០ គួរ​គប្បី​ឲ្យ​ស្វាមី​ភរិយា​ខំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រាថ្នា​ពង្រឹង​ចំណង​មិត្តភាព​រវាង​គ្នា ជាជាង​រក​មិត្ត​ជិត​ស្និទ្ធ​ផ្សេង​ពី​គូ​របស់​ខ្លួន មិន​ថា​ចង់​ឲ្យ​គេ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន ឬ​ចង់​ឲ្យ​គេ​ជួយ​ពេល​មាន​បញ្ហា​ក្ដី។ នេះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​ជា​មួយ​គ្នា​ដើម្បី​មាន​ភាព​ជិត​ស្និទ្ធ។ សូម​នឹក​គិត​អំពី​ហេតុ​ដែល​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ជា​ដំបូង​នោះ។ ចូរ​ខំ​ធ្វើ​អ្វីៗ​ក៏​ដោយ​ដើម្បី​ឲ្យ​មាន​អារម្មណ៍​កក់ក្ដៅ​ចំពោះ​គូ​របស់​ខ្លួន ដូច​អ្នក​ធ្លាប់​មាន​ពីដើម​មក។ ចូរ​គិត​អំពី​គ្រា​ដ៏​សប្បាយ​ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ជា​មួយ​គ្នា។ ចូរ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ ដាវីឌ​បាន​តែង​បទ​ទំនុកដំកើង​ដែល​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង»។ (ទំនុកដំកើង ៥១:១០) ចូរ​តាំង​ចិត្ត‹រស់​នៅ​ដោយ​អំណរ​ជា​មួយ​ភរិយា​ដែល​ជា​ទី​ស្រឡាញ់ ជា​ដរាប​អស់​មួយ​ជីវិត​ដែល​ព្រះ​បាន​ប្រទាន​មក​អ្នក​នៅ​ក្រោម​ថ្ងៃ›។—សាស្ដា ៩:៩

១១​. តើ​ចំណេះ ប្រាជ្ញា​និង​សមត្ថភាព​វែកញែក​មាន​តួ​នាទី​សំខាន់​អ្វី​ក្នុង​ការ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍?

១១ កុំ​ភ្លេច​ថា ការ​ប្រើ​ចំណេះ ប្រាជ្ញា​និង​សមត្ថភាព​វែកញែក​មាន​ប្រយោជន៍​ក្នុង​ការ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍។ សុភាសិត ២៤:៣, ៤ ចែង​ថា​៖ «ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយសារ​ប្រាជ្ញា ហើយ​គឺ​ដោយសារ​យោបល់​[ឬ​«សមត្ថភាព​វែកញែក»​, ព.ថ.]​ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំមួន ហើយ​ដោយ​សារ​ដំរិះ នោះ​បន្ទប់​ទាំង​ឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត»។ ក្រុម​គ្រួសារ​ដែល​មាន​សុភមង្គល​តែង​តែ​បង្ហាញ​គុណសម្បត្ដិ​ដែល​ប្រៀប​ដូច​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស ដូច​ជា​ភក្ដីភាព​និង​ចិត្ត​ស្មោះ​ត្រង់ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​និង​ការ​កោត​ខ្លាច​ព្រះ។ ការ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​ចំណេះ​អំពី​ព្រះ ដែល​មាន​ន័យ​ថា គូ​ស្វាមី​ភរិយា​ត្រូវ​សិក្សា​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ តើ​សំខាន់​ប៉ុណ្ណា​ឲ្យ​គូ​អាពាហ៍ពិពាហ៍​មាន​ប្រាជ្ញា​និង​សមត្ថភាព​វែកញែក? ពួក​គាត់​ត្រូវ​មាន​ប្រាជ្ញា ដែល​ជា​សមត្ថភាព​ធ្វើ​តាម​ចំណេះ​ពី​ព្រះ​គម្ពីរ ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​ដែល​គាត់​ជួបប្រទះ​រាល់​ថ្ងៃ។ មនុស្ស​ដែល​មាន​សមត្ថភាព​វែកញែក​អាច​យោគ​យល់​ចំពោះ​ទស្សនៈ​និង​អារម្មណ៍​នៃ​គូ​របស់​ខ្លួន។ (សុភាសិត ២០:៥) ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​រយៈ​ស្តេច​សាឡូម៉ូន​ថា​៖ «កូន​អើយ! ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​អញ​ដែរ»។—សុភាសិត ៥:១

ពេល​ស្វាមី​ភរិយា​មាន​«ទុក្ខ​ព្រួយ»

១២​. ហេតុ​អ្វី​ក៏​យើង​មិន​ភ្ញាក់ផ្អើល​ថា​គូ​ស្វាមី​ភរិយា​មាន​បញ្ហា​ម្ដងម្កាល?

១២ ស្វាមី​ភរិយា​ណា​ក៏​ដោយ សុទ្ធតែ​មាន​ចំណង​អាពាហ៍ពិពាហ៍​ដ៏​មិន​គ្រប់​លក្ខណ៍។ ព្រះ​គម្ពីរ​បញ្ជាក់​ថា ស្វាមី​ភរិយា​នឹង​មាន​«សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម»។ (កូរិនថូសទី១ ៧:២៨) ទុក្ខ​បៀតបៀន ជំងឺ​និង​រឿង​ឯ​ទៀត​ដែល​នាំ​ឲ្យ​មាន​កង្វល់ អាច​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​រវាង​ស្វាមី​ភរិយា។ យ៉ាង​ណា​ក៏​ដោយ ពេល​ជួបប្រទះ​បញ្ហា​ផ្សេងៗ គូ​ស្វាមី​ភរិយា​ត្រូវ​មាន​ចិត្ត​ស្មោះ​នឹង​គ្នា​ហើយ​មូល​កម្លាំង​ដើម្បី​រក​ដំណោះ​ស្រាយ​ដោយ​មាន​បំណង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។

១៣​. តើ​គូ​ស្វាមី​ភរិយា​គួរ​ពិនិត្យ​មើល​អាកប្បកិរិយា​ណា​របស់​ខ្លួន?

១៣ ចុះ​យ៉ាង​ណា​បើ​ភាព​តានតឹង​រវាង​ស្វាមី​ភរិយា​បណ្ដាល​មក​ពី​ការ​និយាយ​ស្តី​ឬ​ការ​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​គូ​របស់​ខ្លួន? បើ​មាន​បញ្ហា​បែប​នេះ​មែន ពួក​គាត់​ត្រូវ​ព្យាយាម​កែ​ប្រែ។ ឧបមា​ថា ប្រហែល​ជា​ពួក​គាត់​ចាប់​មាន​ទម្លាប់​និយាយ​ដោយ​របៀប​ដែល​បញ្ឈឺ​ចិត្ត​គូ​របស់​ខ្លួន។ (សុភាសិត ១២:១៨) ដូច​បាន​ពន្យល់​ក្នុង​អត្ថបទ​មុន​នេះ ពាក្យ​គំរោះគំរើយ​អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍។ យ៉ាង​នេះ សុភាសិត​មួយ​ក្នុង​ព្រះ​គម្ពីរ​ចែង​ថា​៖ «ស៊ូ​អាស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជាជាង​នៅ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង​ហើយ​អុច​អាល​វិញ»។ (សុភាសិត ២១:១៩) ដូច្នេះ បើ​អ្នក​ជា​ភរិយា​ដែល​គិត​ថា​មាន​ភាព​តានតឹង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក ចូរ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​មាន​អាកប្បកិរិយា​អាក្រក់​ដែល​ធ្វើ​ឲ្យ​ប្ដី​ជៀស​វាង​ខ្ញុំ​ឬ​ទេ?›។ ចំពោះ​ពួក​ស្វាមី​វិញ ព្រះ​គម្ពីរ​ចែង​ថា​៖ «ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ! កុំ​ឲ្យ​មាន​ចិត្ត​ជិនឆ្អន់​ឡើយ»។ (កូល៉ុស ៣:១៩) ដូច្នេះ បើ​អ្នក​ជា​ស្វាមី ចូរ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​ជា​មនុស្ស​សោះ​អង្គើយ​ដល់​ម្ល៉េះ​បាន​ជា​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្ញុំ​គិត​រក​គូ​ស្នេហា​ដើម្បី​ឲ្យ​បាន​ភាព​ជិត​ស្និទ្ធ​ឬ​ទេ?›។ គឺ​ចាំបាច់​ណាស់​ឲ្យ​គូ​ស្វាមី​ភរិយា​ពិភាក្សា​ដោយ​ឥត​លាក់​លៀម​នូវ​រឿងរ៉ាវ​ណា​ដែល​គាត់​មាន ដ្បិត​ភាព​តានតឹង​នោះ​អាច​នាំ​ឲ្យ​គូ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​កំផិត ទោះ​ជា​គ្មាន​ហេតុ​ត្រឹម​ត្រូវ​ក៏​ដោយ។

១៤, ១៥​. បើ​គូ​ស្វាមី​ភរិយា​មិន​ត្រូវ​គ្នា​ដោយ​ព្រោះ​មាន​រឿង​ណា​មួយ ហេតុ​អ្វី​ក៏​ការ​រក​សហាយ​មិន​មែន​ជា​ដំណោះ​ស្រាយ?

១៤ បើ​គូ​ស្វាមី​ភរិយា​មិន​ត្រូវ​គ្នា​ដោយ​ព្រោះ​មាន​រឿង​ណា​មួយ ការ​រក​សហាយ​មិន​មែន​ជា​ដំណោះ​ស្រាយ​ឡើយ។ ដ្បិត​តើ​អ្នក​កំផិត​អាច​សង្ឃឹម​ថា ចំណង​ស្នេហា​ថ្មី​នោះ​អាច​នាំ​ឲ្យ​មាន​ស្វាមី​ឬ​ភរិយា​ល្អ​ជាង​មុន​ឬ​ទេ? មនុស្ស​ខ្លះ​គិត​ថា​អាច​មាន​មែន ពីព្រោះ​គេ​ដោះ​សា​ថា​៖ ‹គូ​ថ្មី​នេះ​មាន​គុណសម្បត្ដិ​ល្អៗ​ទាំង​អស់​ដែល​ខ្ញុំ​ស្រឡាញ់›។ ប៉ុន្តែ នេះ​ជា​ទស្សនៈ​ខុស​ឆ្គង ពីព្រោះ​មនុស្ស​ណា​ដែល​សុខ​ចិត្ត​លះបង់​គូ​របស់​ខ្លួន​ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ​ដែរ មិន​មែន​ជា​មនុស្ស​ដែល​ចាត់​ទុក​ចំណង​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​ពិសិដ្ឋ​ទេ។ គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ ឲ្យ​គិត​ថា​ចំណង​អាពាហ៍ពិពាហ៍​ថ្មី​នោះ​នឹង​មាន​ភាព​ប្រសើរ​ជាង។

១៥ សូម​គិត​ម្ដង​ទៀត​អំពី​បង​ស្រី​សុ​ជា​តា។ គាត់​ចាប់​ផ្ដើម​គិត​វែង​ឆ្ងាយ​អំពី​អ្វី​ដែល​ត្រូវ​ជា​លទ្ធផល​ពី​ការ​ចង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​បុរស​ផ្សេង​នោះ ដែល​រួម​បញ្ចូល​លទ្ធភាព​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​លែង​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​នាង​និង​ចំពោះ​បុរស​នោះ​ដែរ។ (កាឡាទី ៦:៧) បង​ស្រី​មាន​ប្រសាសន៍​ថា​៖ «ពេល​ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​បុរស​ដែល​ធ្វើ​ការ​ជា​មួយ​ប្ដី​ខ្ញុំ ខ្ញុំ​ក៏​បាន​ទទួល​ស្គាល់​ថា បើ​គាត់​ពិត​ជា​ចង់​ស្គាល់​សេចក្ដី​ពិត​របស់​ព្រះ​មែន ខ្ញុំ​កំពុង​តែ​រារាំង​គាត់​ទៅ​វិញ! ទង្វើ​ខុស​ឆ្គង​បែប​នោះ​នាំ​មក​តែ​ផល​អាក្រក់​ដល់​យើង​ទាំង​អស់​គ្នា ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល​ផង!»។—កូរិនថូសទី២ ៦:៣

មូលហេតុ​ចម្បង ដែល​គូ​ស្វាមី​ភរិយា​គួរ​មាន​ចិត្ត​ស្មោះ

១៦​. តើ​អំពើ​អសីលធម៌​អាច​នាំ​ឲ្យ​មាន​ផលវិបាក​អ្វី​ខ្លះ?

១៦ ព្រះ​គម្ពីរ​ព្រមាន​ថា​៖ «បបូរ​មាត់​របស់​ស្ត្រី​ដទៃ​រមែង​ស្រក់​ជា​ទឹក​ឃ្មុំ ហើយ​មាត់​វា​រឥល​ជាង​ប្រេង ប៉ុន្តែ​ដល់​ចុង​បំផុត​បាន​ល្វីង​ដូច​ជា​ស្លែង ហើយ​មុត​ដូច​ជា​ដាវ​មាន​មុខ​២​វិញ»។ (សុភាសិត ៥:៣, ៤) អំពើ​អសីលធម៌​តែង​តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ហិន​ហោច​ផង។ លទ្ធផល​នៃ​អំពើ​អសីលធម៌​រួម​បញ្ចូល​កាម​រោគ មនសិការ​ដែល​ធ្វើ​ទុក្ខ​ខ្លួន និង​ការ​ធ្វើ​ឲ្យ​គូ​ដែល​ស្មោះ​ត្រង់​រង​ទុក្ខ​យ៉ាង​ខ្លាំង​ខាង​ផ្លូវ​ចិត្ត។ យ៉ាង​ហោច​ណាស់ នេះ​ផ្ដល់​ហេតុ​ឲ្យ​យើង​ចង់​ជៀស​វាង​ដាច់​អហង្ការ​នូវ​ទង្វើ​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​មាន​អំពើ​ផិត​ក្បត់។

១៧​. តើ​អ្វី​ជា​មូលហេតុ​ចម្បង​ឲ្យ​យើង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​ខ្លួន?

១៧ មូលហេតុ​ចម្បង​ដែល​ការ​ផិត​ក្បត់​គូ​របស់​ខ្លួន​ជា​អំពើ​អាក្រក់​នោះ គឺ​ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​មនុស្ស​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​និង​រួមរ័ក​ជា​ស្វាមី​ភរិយា ហើយ​ទ្រង់​ស្អប់​អំពើ​កំផិត។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​រយៈ​ព្យាការី​ម៉ាឡាគី​ថា​៖ «អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា​ដើម្បី​នឹង​សំ​រេ​ច​តាម​សេចក្ដី​យុត្ដិធម៌។ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស​ទាស់​នឹង . . . ពួក​កំផិត»។ (ម៉ាឡាគី ៣:៥) ស្តី​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ទត​ឃើញ​នោះ សុភាសិត ៥:២១ ចែង​ថា​៖ «អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធតែ​ច្បាស់​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ»។ មែន​ហើយ «គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត​ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។ (ហេព្រើរ ៤:១៣) ដូច្នេះ មូលហេតុ​ចម្បង​ដែល​យើង​គួរ​ចង់​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​ខ្លួន គឺ​ដោយ​ព្រោះ​យើង​ទទួល​ស្គាល់​ថា អំពើ​អសីលធម៌​តែង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា មិន​ថា​មនុស្ស​លាក់​ទុក​អំពើ​ផិត​ក្បត់​ក៏​ដោយ ឬ​មើល​ទៅ​ដូច​ជា​អំពើ​កំផិត​នោះ​ធ្វើ​ទុក្ខ​ឬ​នាំ​ឲ្យ​អាម៉ាស់​មុខ​តែ​បន្ដិច​បន្តួច​ក្ដី។

១៨, ១៩​. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​របស់​យ៉ូសែប​ជា​មួយ​ភរិយា​របស់​ប៉ូទីផារ?

១៨ គំរូ​របស់​យ៉ូសែប​ដែល​ជា​កូន​យ៉ាកុប​បង្ហាញ​ថា ក្ដី​ប្រាថ្នា​រក្សា​ឲ្យ​មាន​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ប្រព្រឹត្ត​ដោយ​សីលធម៌។ លោក​ប៉ូទីផារ​ជា​មេ​ក្រុម​រក្សា​អង្គ​ផារ៉ោន​ឬ​ជា​មហាតលិក​ក្នុង​រាជ​វាំង ហើយ​គាត់​ពេញ​ចិត្ត​ចំពោះ​យ៉ូសែប​ណាស់ ដល់​ម្ល៉េះ​បាន​ជា​លោក​ឲ្យ​យ៉ូសែប​មាន​ឯកសិទ្ធិ​ត្រួត​លើ​ផ្ទះ​លោក។ យ៉ូសែប​ក៏​«មាន​រូប​ឆោម​ដ៏​ពិសី ហើយ​ស្រៀវ​ស្រស់​ល្អ»។ ភរិយា​របស់​ប៉ូទីផារ​ក៏​គិត​ថា​យ៉ូសែប​ជា​បុរស​សង្ហារ​ដែរ។ រាល់​ថ្ងៃ​នាង​ប្រលោម​យ៉ូសែប​ឲ្យ​រួម​ដំណេក​ជា​មួយ តែ​យ៉ូសែប​មិន​ព្រម​ទេ។ ពេល​នាង​និយាយ​លួងលោម​ប្រើ​សម្ដី​ផ្អែម​ល្ហែម​ដាក់​យ៉ូសែប តើ​អ្វី​បាន​ជួយ​ឲ្យ​គាត់​ទប់ទល់​បាន? ព្រះ​គម្ពីរ​រាយ​ការណ៍​ថា​៖ «[យ៉ូសែប]​មិន​ព្រម​សោះ ក៏​និយាយ​ទៅ​ប្រពន្ធ​ចៅហ្វាយ​ខ្លួន​ថា​៖ ‹មើល! ចៅហ្វាយ​ខ្ញុំ . . . មិន​បាន​ហួង​ទុក​របស់​ណា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​លោក​ស្រី​ប៉ុណ្ណោះ ពីព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន? ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង›»។—លោកុប្បត្តិ ៣៩:១​-​១២

១៩ យ៉ូសែប​ជា​បុរស​នៅ​លីវ ដូច្នេះ​គាត់​ចង់​រក្សា​ឲ្យ​មាន​ភាព​បរិសុទ្ធ​ដោយ​មិន​ព្រម​ស្នេហា​ជា​ដាច់ខាត​ជា​មួយ​ស្ត្រី​ណា​ដែល​ជា​ភរិយា​គេ។ សុភាសិត ៥:១៥ ចែង​អំពី​បុរស​ដែល​មាន​ភរិយា​ថា​៖ «ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្ដូង​របស់​ខ្លួន​ចុះ!»។ ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ស្នេហា​ចំពោះ​មនុស្ស​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ថែម​ទាំង​ប្រយ័ត្ន​នឹង​អារម្មណ៍​ដែល​អាច​លេច​មក​ពី​ចិត្ត​ដោយ​អចេតនា​ផង។ ចូរ​ខំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​គូ​របស់​ខ្លួន​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ណា​ដែល​អ្នក​ទាំង​ពីរ​ជួបប្រទះ។ យ៉ាង​នេះ ‹ចូរ​រីករាយ​ចំពោះ​ប្រពន្ធ​ពី​កាល​ក្រមុំ​កំឡោះ​ចុះ!›។—សុភាសិត ៥:១៨

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

ដោយ​មិន​ដឹង​ខ្លួន តើ​អ្វី​អាច​នាំ​ឲ្យ​ស្វាមី​ភរិយា​ដែល​ជា​គ្រិស្ត​សា​សនិក​មាន​ស្នេហា​ជា​មួយ​បុរស​ឬ​ស្ត្រី​ផ្សេង?

តើ​ស្វាមី​ភរិយា​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឲ្យ​មាន​ស្នេហា​ជា​មួយ​មនុស្ស​ផ្សេង?

ពេល​គូ​ស្វាមី​ភរិយា​មាន​បញ្ហា​ម្ដងម្កាល តើ​ពួក​គាត់​គួរ​ធ្វើ​អ្វី?

តើ​អ្វី​ជា​មូលហេតុ​ចម្បង​ឲ្យ​យើង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​ខ្លួន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៦]

គួរ​ឲ្យ​ស្ដាយ​ណាស់ ថា​កន្លែង​ធ្វើ​ការ​អាច​មាន​បរិយាកាស​ស្រួល​រក​ទំនាក់ទំនង​ស្នេហា​មិន​សម​គួរ

[រូបភាព​នៅ​ទំព័រ​១៨]

‹ដោយសារ​ដំរិះ នោះ​បន្ទប់​ទាំង​ឡាយ​បាន​ពេញ ដោយ​របស់​ដែល​គាប់​ចិត្ត›