លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចិត្ដក្លាហានផុសចេញពីជំនឿនិងការកោតខ្លាចព្រះ

ចិត្ដក្លាហានផុសចេញពីជំនឿនិងការកោតខ្លាចព្រះ

ចិត្ត​ក្លាហាន​ផុស​ចេញ​ពី​ជំនឿ​និង​ការ​កោត​ខ្លាច​ព្រះ

​«ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ! . . . ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ»។—យ៉ូស្វេ ១:៩

១, ២​. (ក) តាម​មើល​ទៅ តើ​ពួក​អ៊ីស្រាអែល​មាន​លទ្ធភាព​ឈ្នះ​លើ​ពួក​ស្រុក​កាណាន​ទេ? (ខ) តើ​យ៉ូស្វេ​មាន​ការ​ធានា​អ្វី?

នៅ​ឆ្នាំ​១៤៧៣ មុនគ.ស. សាសន៍​អ៊ីស្រាអែល​ហៀប​នឹង​ចូល​ទៅ​ក្នុង​ស្រុក​សន្យា ដូច្នេះ​លោក​ម៉ូសេ​បាន​រំលឹក​ប្រជាជន​អំពី​ការ​ពិបាក​ដែល​ពួក​គេ​នឹង​ជួបប្រទះ​នៅ​ទី​នោះ​ថា​៖ «នៅ​វេលា​នេះ ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ចាប់​យក​នគរ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ​មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់​ដែល​ឯង . . . បាន​ឮ​និយាយ​ពី​គេ​ថា​៖ ‹តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន?›»។ (ចោទិយកថា ៩:១, ២) ត្រូវ​ហើយ ពួក​ទ័ព​មាឌ​ធំ​ដែល​ជា​កូន​ចៅ​អ័ណាក់​មាន​ឈ្មោះ​ល្បី​មែន! ម្យ៉ាង​ទៀត សាសន៍​ខ្លះ​នៅ​ស្រុក​កាណាន​មាន​ពល​ទ័ព​ប្រដាប់​ដោយ​គ្រឿង​សឹក រួម​ទាំង​សេះ​និង​រទេះ​ដែក​ឬ​រទេះ​ចម្បាំង​ដែល​មាន​ដាវ​នៅ​ជាប់​នឹង​កង់។—ពួក​ចៅហ្វាយ ៤:១៣

រីឯ​សាសន៍​អ៊ីស្រាអែល​វិញ ពួក​គេ​ជា​មនុស្ស​មួយ​ពួក​ដែល​សុទ្ធតែ​ជា​អតីត​ទាសាទាសី​ដែល​ទើប​តែ​បាន​ដើរ​កាត់​ទី​រហោ​ស្ថាន​អស់​៤០​ឆ្នាំ។ ដូច្នេះ តាម​មើល​ទៅ ពួក​អ៊ីស្រាអែល​គ្មាន​លទ្ធភាព​ឈ្នះ​លើ​ពួក​ស្រុក​កាណាន​ទាល់តែ​សោះ! យ៉ាង​ណា​ក្ដី ម៉ូសេ​ជា​អ្នក​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​គាត់​អាច​ស្រមៃ​«ឃើញ»​ទ្រង់​កំពុង​តែ​នាំ​មុខ​ពួក​បណ្ដាជន​អ៊ីស្រាអែល។ (ហេព្រើរ ១១:២៧) ម៉ូសេ​បាន​ប្រាប់​ពួក​អ៊ីស្រាអែល​ថា​៖ «ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ដែល​នាំ​មុខ​ឯង​ឆ្លង​ទៅ . . . ទ្រង់​នឹង​បំផ្លាញ​គេ​ហើយ​បង្ក្រាប​គេ​នៅ​មុខ​ឯង​វិញ»។ (ចោទិយកថា ៩:៣; ទំនុកដំកើង ៣៣:១៦, ១៧) ក្រោយ​ម៉ូសេ​បាន​ទទួល​មរណភាព ព្រះ​យេហូវ៉ា​បាន​ធានា​គាំទ្រ​លោក​យ៉ូស្វេ​ដោយ​មាន​បន្ទូល​ថា​៖ «ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ! ព្រម​ទាំង​បណ្ដា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។ នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង​នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ។ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ»។—យ៉ូស្វេ ១:២, ៥

៣​. តើ​អ្វី​បាន​ពង្រឹង​ជំនឿ​និង​ចិត្ត​ក្លាហាន​របស់​យ៉ូស្វេ?

បើ​យ៉ូស្វេ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​គាំទ្រ​និង​នាំ​ផ្លូវ​គាត់ នោះ​គាត់​ត្រូវ​អាន​និង​រំពឹង​គិត​លើ​ក្រឹត្យ​វិន័យ​របស់​ទ្រង់ ហើយ​ក៏​ត្រូវ​រស់​ស្រប​ទៅ​តាម​ច្បាប់​ទាំង​នោះ​ដែរ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ «យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង។ តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី? ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ! កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​ផង»។ (យ៉ូស្វេ ១:៨, ៩) យ៉ូស្វេ​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​គាត់​មាន​កម្លាំង ចិត្ត​ក្លាហាន​និង​អ្វីៗ​ដែល​គាត់​ធ្វើ​បាន​កើត​ការ​មែន។ ក៏​ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​ដែល​មាន​អាយុ​ស្រករ​នឹង​យ៉ូស្វេ មិន​បាន​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ទេ។ ជា​លទ្ធផល ទង្វើ​របស់​ពួក​គេ​មិន​បាន​កើត​ការ​សោះ តែ​ពួក​គេ​បាន​ស្លាប់​ក្នុង​ទីរហោស្ថាន​វិញ។

មនុស្ស​ខ្វះ​ជំនឿ​ឥត​មាន​ចិត្ត​ក្លាហាន

៤, ៥​. (ក) តើ​ចារ​បុរស​១០​នាក់​មាន​ទស្សនៈ​ខុស​គ្នា​យ៉ាង​ណា​ពី​យ៉ូស្វេ​និង​កាលែប? (ខ) ពេល​ពួក​អ៊ីស្រាអែល​មិន​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា តើ​ទ្រង់​មាន​ព្រះទ័យ​យ៉ាង​ណា?

សែសិប​ឆ្នាំ​មុន​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​លោក​យ៉ូស្វេ​នោះ សាសន៍​អ៊ីស្រាអែល​បាន​មក​ដល់​ព្រំដែន​ស្រុក​កាណាន​ជា​លើក​ដំបូង ហើយ​ម៉ូសេ​បាន​ចាត់​ចារ​បុរស​១២​នាក់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​នោះ។ ចារ​បុរស​១០​នាក់​បាន​វិល​មក​វិញ​ទាំង​ភ័យ​រន្ធត់​ផង។ ពួក​គេ​បាន​ប្រកែក​ថា​៖ «មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធតែ​មាន​មាឌ​ធំៗ។ នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សំបើម គឺ​ជា​កូន​ចៅ​អ័ណាក់​ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សំបើម។ យើង​មើល​ទៅ​ខ្លួន​យើង​ដូច​ជា​កណ្ដូប​[វិញ]»។ តើ‹មនុស្ស​ទាំង​អស់​នោះ​សុទ្ធតែ​មាន​មាឌ​ធំៗ​› ឬ​គ្រាន់​តែ​ពួក​កូន​ចៅ​អ័ណាក់​ប៉ុណ្ណោះ? គឺ​តែ​ពួក​កូន​ចៅ​អ័ណាក់​ប៉ុណ្ណោះ! ហើយ​តើ​ពួក​គេ​ពិត​ជា​កូន​ចៅ​របស់​ពូជ​មនុស្ស​មាឌ​ធំ​សម្បើម​ដែល​បាន​រស់​មុន​ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ​ឬ? មិន​មែន​ទេ! យ៉ាង​ណា​ក៏​ដោយ ប្រជាជន​អ៊ីស្រាអែល​ទាំង​ឡាយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​តក់ស្លុត​ពេល​ឮ​គេ​បំផ្លើស​ការ​ពិត​នោះ។ ប្រជាជន​ភិតភ័យ​ដល់​ម្ល៉េះ​បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ជា​ស្រុក​ដែល​ពួក​គេ​ធ្លាប់​បម្រើ​ជា​ទាសករ!—ជនគណនា ១៣:៣១​–​១៤:៤

យ៉ាង​ណា​ក្ដី ចារ​បុរស​ពីរ​នាក់​ឈ្មោះ​យ៉ូស្វេ​និង​កាលែប ចង់​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​វិញ។ ពួក​គេ​និយាយ​ថា សាសន៍​កាណាន​«ជា​អាហារ​សំរាប់​យើង​រាល់​គ្នា​ទេ។ ទីពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ​យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ។ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ»។ (ជនគណនា ១៤:៩) តើ​យ៉ូស្វេ​និង​កាលែប​មាន​ទស្សនៈ​ប្រកប​ទៅ​ដោយ​សុទិដ្ឋិនិយម​ប៉ុណ្ណោះ តែ​ឥត​មាន​មូលដ្ឋាន​ឬ? មិន​មែន​ទេ ដ្បិត​ពួក​គេ​និង​ប្រជាជន​ទាំង​ឡាយ​បាន​ឃើញ​សេចក្ដី​វេទនា​ទាំង​១០​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​នៅ​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ឲ្យ​សាសន៍​ដ៏​ខ្លាំង​ក្លា​នោះ​និង​ព្រះ​នានា​របស់​គេ​អាម៉ាស់​មុខ​វិញ។ ក្រោយ​មក ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​និង​ពល​ទ័ព​របស់​ទ្រង់​លង់​ទឹក​ស្លាប់​ក្នុង​សមុទ្រ​ក្រហម។ (ទំនុកដំកើង ១៣៦:១៥) យ៉ាង​ច្បាស់​ណាស់ ចារ​បុរស​១០​នាក់​និង​អស់​ទាំង​ប្រជាជន​ដែល​ស្ដាប់​តាម​ពួក​គេ​ពិត​ជា​ស្រងាក​ចិត្ត​ដោយ​ឥត​ហេតុ​ត្រឹម​ត្រូវ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​បង្ហាញ​ព្រះទ័យ​ព្រួយ​ចំពោះ​ទឹក​ចិត្ត​របស់​គេ​ថា​៖ «តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទីសំគាល់​ដែល​អញ​បាន​ធ្វើ​នៅ​កណ្ដាល​គេ​ជា​ច្រើន​ម្ល៉េះ​ផង?»។—ជនគណនា ១៤:១១

៦​. តើ​ជំនឿ​និង​ចិត្ត​ក្លាហាន​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ណា? នៅ​សម័យ​យើង​នេះ តើ​អ្នក​ណា​កំពុង​តែ​បង្ហាញ​ជំនឿ​និង​ចិត្ត​ក្លាហាន? ហើយ​ដោយ​របៀប​ណា?

ព្រះ​យេហូវ៉ា​បាន​លាត​ត្រដាង​នូវ​ដើម​ហេតុ​នៃ​បញ្ហា​នោះ គឺ​ថា​ភាព​កំសាក​របស់​ប្រជាជន​អ៊ីស្រាអែល​បាន​ស​ឲ្យ​ឃើញ​ថា​គេ​ខ្វះ​ជំនឿ។ ពិត​មែន​ហើយ ជំនឿ​និង​ចិត្ត​ក្លាហាន​ជាប់​ទាក់ទង​នឹង​គ្នា​ដល់​ម្ល៉េះ​បាន​ជា​សាវ័ក​យ៉ូហាន​សរសេរ​អំពី​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​និង​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​ពួក​គេ​ថា «ជ័យជំនះ​ដែល​ឈ្នះ​លោកីយ នោះ​គឺ​ជា​សេចក្ដី​ជំនឿ​របស់​យើង»។ (យ៉ូហានទី១ ៥:៤) នៅ​សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​ចាស់​ទាំង​ក្មេង​ជាង​៦​លាន​នាក់ មិន​ថា​មាន​កម្លាំង​ខ្លាំង​ឬ​ខ្សោយ​ក្ដី កំពុង​តែ​បង្ហាញ​ជំនឿ​ដូច​យ៉ូស្វេ​និង​កាលែប​ដោយ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទូទាំង​ពិភពលោក។ គ្មាន​សត្រូវ​ណា​មាន​លទ្ធភាព​ទប់​មាត់​បងប្អូន​ទាំង​នេះ​ដែល​ប្រៀប​ដូច​ជា​ពល​ទ័ព​ដ៏​ខ្លាំង​ក្លា​ដែល​មាន​ចិត្ត​ក្លាហាន។—រ៉ូម ៨:៣១

កុំ​«ថយ​ទៅ​វិញ»​ឲ្យ​សោះ

៧​. តើ​ការ​«ថយ​ទៅ​វិញ»​មាន​ន័យ​អ្វី?

នៅ​សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​ក្លាហាន​ពីព្រោះ​ពួក​គេ​មាន​គំនិត​ដូច​សាវ័ក​ប៉ុល​ដែល​បាន​សរសេរ​ថា​៖ «យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ (ហេព្រើរ ១០:៣៩) ពាក្យ​របស់​ប៉ុល​ថា «ថយ​ទៅ​វិញ»​នោះ មិន​សំដៅ​ទៅ​លើ​ការ​ខ្លាច​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ទេ ដ្បិត​អ្នក​បម្រើ​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​ក៏​ធ្លាប់​ខ្លាច​ម្ដងម្កាល​ដែរ។ (សាំយូអែលទី១ ២១:១២; ពង្សាវតារក្សត្រទី១ ១៩:១​-​៤) ផ្ទុយ​ទៅ​វិញ វចនានុក្រម​មួយ​ខាង​ព្រះ​គម្ពីរ​ពន្យល់​ថា ពាក្យ​ទាំង​នេះ​សំដៅ​ទៅ​លើ​ការ​«ថយ​ក្រោយ រា​ថយ»​ឬ​ក៏​«ធ្វេសប្រហែស​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​ពិត»។ វចនានុក្រម​នោះ​ពន្យល់​ទៀត​ថា ការ​«ថយ​ទៅ​វិញ»​ក្នុង​កិច្ច​បម្រើ​ព្រះ អាច​ប្រៀបប្រដូច​នឹង​«ការ​មូរ​ក្ដោង​ដែល​ធ្វើ​ឲ្យ​ទូក​លយ​ទៅ​មុខ​តិច​ជាង​មុន»។ ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​ជំនឿ​មុត​មាំ​មិន​ចង់​បម្រើ​ព្រះ​«តិច​ជាង​មុន»​ទេ សូម្បី​តែ​ពេល​រង​ទុក្ខ​លំបាក​ក្ដី មិន​ថា​ជំងឺ​ឈឺ​ថ្កាត់​ឬ​ទុក្ខ​បៀតបៀន​ជា​ដើម។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ជឿន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ជ្រាប​ថា ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គេ ហើយ​ក៏​យល់​អំពី​កម្រិត​សមត្ថភាព​របស់​គេ​ផង។ (ទំនុកដំកើង ៥៥:២២; ១០៣:១៤) តើ​អ្នក​មាន​ជំនឿ​បែប​នេះ​ឬ​ទេ?

៨, ៩​. (ក) តើ​ព្រះ​យេហូវ៉ា​ពង្រឹង​ជំនឿ​របស់​ពួក​គ្រិស្ត​សា​សនិក​សម័យ​ដើម​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង?

ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្វះ​ជំនឿ​បន្ដិច ដូច្នេះ​ពួក​គេ​បាន​អង្វរ​ទ្រង់​ថា​៖ «សូម​ទ្រង់​ចំរើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង»។ (លូកា ១៧:៥) ពួក​គេ​បាន​ទទួល​ផល​ស្រប​ទៅ​តាម​សំណូម​ពរ​នោះ ជា​ពិសេស​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ពេល​ទទួល​វិញ្ញាណ​បរិសុទ្ធ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ ហើយ​វិញ្ញាណ​នោះ​បាន​ជួយ​ពួក​គេ​យល់​កាន់​តែ​ជ្រៅជ្រះ​នូវ​សារ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ព្រម​ទាំង​ជួយ​គេ​ឲ្យ​យល់​ច្បាស់​ជាង​អំពី​គោល​បំណង​របស់​ទ្រង់​ផង។ (យ៉ូហាន ១៤:​២៦; កិច្ចការ ២:១​-​៤) នេះ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​សាវ័ក​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​«ទៅ​ដល់​គ្រប់​ទាំង​មនុស្ស​ដែល​កើត​ក្រោម​មេឃ» ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ។—កូល៉ុស ១:២៣; កិច្ចការ ១:៨; ២៨:២២

បើ​យើង​ចង់​ពង្រឹង​ជំនឿ​និង​ឈាន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​ក៏​ត្រូវ​សិក្សា​ព្រះ​គម្ពីរ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​រៀន​នោះ ព្រម​ទាំង​អធិស្ឋាន​សូម​វិញ្ញាណ​បរិសុទ្ធ​ផង។ គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​ផ្ដិត​សេចក្ដី​ពិត​ពី​ព្រះ​ឲ្យ​ជាប់​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង ដូច​យ៉ូស្វេ កាលែប​និង​សិស្ស​របស់​ព្រះ​គ្រិស្ត​នៅ​សម័យ​ដើម​បាន​ធ្វើ​នោះ ទើប​យើង​នឹង​មាន​ជំនឿ​ដែល​នាំ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ស៊ូទ្រាំ​និង​មាន​ជ័យ​ជម្នះ​ក្នុង​ចម្បាំង​ខាង​វិញ្ញាណ។—រ៉ូម ១០:១៧

គ្រាន់​តែ​ជឿ​ព្រះ​គឺ​មិន​គ្រប់គ្រាន់

១០​. តើ​ជំនឿ​ពិត​រួម​បញ្ចូល​អ្វី​ខ្លះ?

១០ ពួក​អ្នក​នៅ​សម័យ​បុរាណ​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ថា គ្រាន់​តែ​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ នោះ​មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​បាន​ជំនឿ​ដែល​នាំ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ស៊ូទ្រាំ។ (យ៉ាកុប ២:១៩) ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់ ហើយ​ត្រូវ​សង្ឃឹម​ដល់​ទ្រង់​ឬ​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ស្រុង។ (ទំនុកដំកើង ៧៨:៥​-​៨; សុភាសិត ៣:៥, ៦) យើង​ក៏​ត្រូវ​ជឿ​អស់​អំពី​ចិត្ត​ថា យើង​នឹង​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ដោយ​ធ្វើ​តាម​ច្បាប់​និង​គោលការណ៍​របស់​ទ្រង់។ (អេសាយ ៤៨:១៧, ១៨) ម្យ៉ាង​ទៀត ជំនឿ​ពិត​មាន​ន័យ​ថា​យើង​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​ទ្រង់ ហើយ​នឹង​«ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។—ហេព្រើរ ១១:១, ៦; អេសាយ ៥៥:១១

១១​. តើ​យ៉ូស្វេ​និង​កាលែប​ទទួល​ពរ​អ្វី​ខ្លះ​ដោយ​ព្រោះ​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន?

១១ ជំនឿ​បែប​នេះ​តែង​តែ​រីក​ដុះដាល​កាន់​តែ​ខ្លាំង​ឡើងៗ។ ជា​ឧទាហរណ៍ យើង​មាន​ជំនឿ​កាន់​តែ​មុត​មាំ​ទៅៗ​ពេល​យើង​«ភ្លក់»​ប្រយោជន៍​ដែល​មក​ពី​ការ​អនុវត្ត​តាម​សេចក្ដី​ពិត​ក្នុង​ជីវិត ទាំង​«មើល»​ឃើញ​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង ហើយ​មាន​អារម្មណ៍​ថា​ទ្រង់​កំពុង​តែ​ជួយ​ណែនាំ​ជីវិត​របស់​យើង។ (ទំនុកដំកើង ៣៤:៨; យ៉ូហានទី១ ៥:១៤, ១៥) យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា យ៉ូស្វេ​និង​កាលែប​មាន​ជំនឿ​កាន់​តែ​មុត​មាំ​ទៅៗ ពេល​ពួក​គេ​បាន​ភ្លក់​នូវ​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ដល់​គេ។ (យ៉ូស្វេ ២៣:១៤) សូម​គិត​អំពី​មូលហេតុ​ខ្លះៗ​ត​ទៅ​នេះ។ មុន​ដំបូង ពួក​គេ​បាន​ឆ្លង​កាត់​ទី​រហោ​ស្ថាន​អស់​៤០​ឆ្នាំ​ទាំង​រួច​រស់​ជីវិត ស្រប​ទៅ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ (ជនគណនា ១៤:២៧​-​៣០; ៣២:១១, ១២) ពួក​គេ​ក៏​មាន​តួ​នាទី​សំខាន់​អស់​រយៈ​ពេល​៦​ឆ្នាំ​ក្នុង​ការ​យក​ឈ្នះ​ពួក​ស្រុក​កាណាន។ នៅ​ទីបំផុត យ៉ូស្វេ​និង​កាលែប​បាន​ទទួល​ដី​ជា​មត៌ក​របស់​ខ្លួន ព្រម​ទាំង​សុខភាព​ល្អ​និង​អាយុ​វែង។ ព្រះ​យេហូវ៉ា​ពិត​ជា​ប្រទាន​រង្វាន់​ដ៏​ល្អ​មែន! ដល់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​និង​មាន​ចិត្ត​ក្លាហាន​ក្នុង​កិច្ច​បម្រើ​ទ្រង់។—យ៉ូស្វេ ១៤:៦, ៩​-​១៤; ១៩:៤៩, ៥០; ២៤:២៩

១២​. តើ​ព្រះ​យេហូវ៉ា​«ដំកើង​ព្រះ​បន្ទូល​ទ្រង់​ឲ្យ​ធំ»​ក្នុង​ន័យ​អ្វី?

១២ សេចក្ដី​សប្បុរស​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ដល់​យ៉ូស្វេ​និង​កាលែប​នោះ ជួយ​រំលឹក​យើង​ពី​ពំនោល​របស់​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​ថា​៖ «ទ្រង់​បាន​ដំកើង​ព្រះ​បន្ទូល​ទ្រង់​ឲ្យ​ធំ​លើ​ព្រះ​នាម​ទ្រង់​ទៅ​ទៀត»។ (ទំនុកដំកើង ១៣៨:២) ពេល​ព្រះ​យេហូវ៉ា​ស្បថ​ធ្វើ​អ្វី​មួយ​ដោយ​ផ្អែក​លើ​ព្រះ​នាម​ទ្រង់ នោះ​បន្ទូល​ទ្រង់​ត្រូវ​«ដំកើង . . . ឲ្យ​ធំ»​ក្នុង​ន័យ​ថា មាន​សេចក្ដី​សម្រេច​ហួស​ពី​អ្វី​ដែល​មនុស្ស​នឹក​ស្មាន​ទៅ​ទៀត។ (អេភេសូរ ៣:២០) មែន​ហើយ ពេល​មនុស្ស​«យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ» ទ្រង់​មិន​ឲ្យ​គេ​ខក​បំណង​ឡើយ។—ទំនុកដំកើង ៣៧:៣, ៤

បុរស​ដែល‹ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ណាស់›

១៣, ១៤​. ហេតុ​អ្វី​បាន​ជា​ហេណុក​ត្រូវ​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន?

១៣ យើង​អាច​រៀន​ច្រើន​ថែម​ទៀត​អំពី​ជំនឿ​និង​ចិត្ត​ក្លាហាន​ដោយ​ពិនិត្យ​មើល​គំរូ​របស់​បុរស​ម្នាក់​ទៀត​ដែល​បាន​រស់​មុន​សម័យ​ពួក​គ្រិស្ត​សា​សនិក គឺ​លោក​ហេណុក។ មុន​ហេណុក​បាន​ចាប់​ផ្ដើម​ផ្សាយ​ទំនាយ​របស់​ព្រះ គាត់​ច្បាស់​ជា​ដឹង​ថា​គាត់​នឹង​ជួបប្រទះ​ស្ថានភាព​ដែល​សាកល្បង​ជំនឿ​និង​ចិត្ត​ក្លាហាន​របស់​គាត់។ ហេតុ​អ្វី​បាន​ជា​គាត់​ជ្រាប​ទុក​ជា​មុន? គឺ​ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ក្នុង​សួនច្បារ​អេដែន​ថា ពួក​អ្នក​ដែល​បម្រើ​ព្រះ​និង​ពួក​អ្នក​ដែល​កាន់​តាម​សាតាំង​ត្រូវ​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា​ឬ​ស្អប់​គ្នា​តែ​ម្ដង។ (លោកុប្បត្តិ ៣:១៥) ហេណុក​ជ្រាប​ថា សម្អប់​នោះ​បាន​ផ្ទុះ​ឡើង​ក្នុង​គ្រា​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ ពេល​កាអ៊ីន​សម្លាប់​ប្អូន​បង្កើត​ឈ្មោះ​អេបិល ដ្បិត​អ័ដាម​ដែល​ជា​ឪពុក​របស់​ពួក​គេ​នៅ​តែ​រស់​រហូត​ដល់​ហេណុក​មាន​អាយុ​ប្រហែល​ជា​៣១០​ឆ្នាំ។—លោកុប្បត្តិ ៥:៣​-​១៨

១៤ ទោះ​ជា​ហេណុក​ប្រឈម​មុខ​ស្ថានភាព​ទាំង​នោះ​ក៏​ដោយ គាត់​នៅ​តែ​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​«ដើរ​ជា​មួយ​នឹង​ព្រះ» ហើយ​គាត់​បាន​បន្ទោស​មនុស្ស​ដែល​ពោល​«សេចក្ដី​រឹង​ទទឹង»​ទាស់​នឹង​ព្រះ​យេហូវ៉ា។ (លោកុប្បត្តិ ៥:២២; យូដាស ១៤, ១៥) ហេណុក​មិន​ភ័យ​ខ្លាច​សោះ​ចំពោះ​មនុស្ស​នៅ​សម័យ​នោះ តែ​បាន​កាន់​ជំហរ​រឹង​មាំ​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត។ ជា​លទ្ធផល ហេណុក​មាន​សត្រូវ​ជា​ច្រើន​ដែល​ចង់​សម្លាប់​គាត់ តែ​ព្រះ​យេហូវ៉ា​ធ្វើ​អន្តរាគមន៍​កុំ​ឲ្យ​គេ​ធ្វើ​បាប​គាត់។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​ឲ្យ​ហេណុក​ដឹង​ថា «ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់» រួច​មក​បាន​«យក​គាត់​ទៅ»​ដោយ​ធ្វើ​ឲ្យ​គាត់​ស្លាប់​ក្នុង​មួយ​រំពេច ប្រហែល​ជា​ពេល​គាត់​កំពុង​តែ​ឃើញ​ចក្ខុនិមិត្ត​ដូច​ជា​សុបិន​ដែល​ជា​ទំនាយ។—ហេព្រើរ ១១:៥, ១៣; លោកុប្បត្តិ ៥:២៤

១៥​. តើ​ហេណុក​តាំង​គំរូ​ល្អ​អ្វី​សម្រាប់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ?

១៥ ពេល​ប៉ុល​រៀប​រាប់​រួច​ហើយ​អំពី​ការ​យក​ហេណុក​ទៅ​នោះ គាត់​ក៏​បញ្ជាក់​ម្ដង​ទៀត​អំពី​សារៈ​សំខាន់​នៃ​ជំនឿ ដោយ​សរសេរ​ថា​៖ «បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ»។ (ហេព្រើរ ១១:៦) ត្រូវ​ហើយ ជំនឿ​របស់​ហេណុក​បាន​ជួយ​ឲ្យ​គាត់​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ជួយ​ឲ្យ​គាត់​ប្រកាស​សារ​របស់​ព្រះ​យេហូវ៉ា​ដែល​កាត់​ទោស​លោកិយ​នោះ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ទមិឡ​ល្មើស។ យ៉ាង​នេះ ហេណុក​ជា​គំរូ​ល្អ​សម្រាប់​យើង ពីព្រោះ​យើង​មាន​កិច្ចការ​ស្រដៀង​នឹង​គាត់​ដែរ​ក្នុង​លោកិយ​នេះ​ដែល​ប្រឆាំង​នឹង​ការ​ថ្វាយ​បង្គំ​ពិត​និង​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់។—ទំនុកដំកើង ៩២:៧; ម៉ាថាយ ២៤:១៤; វិវរណៈ ១២:១៧

ចិត្ត​ក្លាហាន​ផុស​ចេញ​ពី​ការ​កោត​ខ្លាច​ព្រះ

១៦, ១៧​. តើ​អូបាឌា​ជា​អ្នក​ណា? តើ​គាត់​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ពិបាក​ណា?

១៦ បន្ថែម​ទៅ​លើ​ជំនឿ ការ​កោត​ខ្លាច​ព្រះ​ជា​គុណសម្បត្ដិ​មួយ​ទៀត​ដែល​ជួយ​យើង​បង្កើត​ឲ្យ​មាន​ចិត្ត​ក្លាហាន។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​គំរូ​ដ៏​អស្ចារ្យ​មួយ​របស់​បុរស​ម្នាក់​ដែល​កោត​ខ្លាច​ព្រះ។ បុរស​នេះ​បាន​រស់​នៅ​សម័យ​ព្យាការី​អេលីយ៉ា ពេល​អ័ហាប់​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​ជា​រាជាណាចក្រ​ប៉ែក​ខាង​ជើង​ស្រុក​នោះ។ ក្នុង​កំលុង​ការ​សោយ​រាជ្យ​របស់​អ័ហាប់ ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​បាល​លើស​ជាង​មុនៗ​ទៅ​ទៀត។ តាម​ការ​ពិត ហោរា​នៃ​ព្រះ​បាល​ក្នុង​ស្រុក​នោះ​មាន​ចំនួន​៤៥០​នាក់ និង​ហោរា​ខាង​រូប​ព្រះ​មួយ​ទៀត​ដែល​ជា​លិង្គ គឺ​មាន​ចំនួន​៤០០​នាក់​ផង ហើយ​ហោរា​ទាំង​នេះ​មាន​ទម្លាប់​«បរិភោគ​នៅ​តុ​របស់​ព្រះ​នាង​យេសិបិល»​ដែល​ជា​ព្រះ​អគ្គមហេសី​របស់​ស្តេច​អ័ហាប់។—ពង្សាវតារក្សត្រទី១ ១៦:៣០​-​៣៣; ១៨:១៩

១៧ យេសិបិល​ស្អប់​ព្រះ​យេហូវ៉ា​ណាស់ ហើយ​ក៏​ប្រើ​អំពើ​ឃោរឃៅ​ដោយ​មាន​បំណង​បំបាត់​ចោល​ការ​ថ្វាយ​បង្គំ​ទ្រង់​ក្នុង​ស្រុក​នោះ។ យេសិបិល​បាន​សម្លាប់​ព្យាការី​ខ្លះ​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​មាន​ផែនការ​សម្លាប់​អេលីយ៉ា​ផង ប៉ុន្តែ​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​លោក​រត់​ទៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់​ដើម្បី​រួច​រស់​ជីវិត។ (ពង្សាវតារក្សត្រទី១ ១៧:១​-​៣; ១៨:១៣) តើ​អ្នក​អាច​នឹក​ស្មាន​បាន​ទេ ថា​ពិបាក​ប៉ុណ្ណា​ឲ្យ​មនុស្ស​គាំទ្រ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ក្នុង​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​នៅ​សម័យ​នោះ? ហើយ​ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ត្រូវ​ធ្វើ​ការ​ក្នុង​រាជ​វាំង​តែ​ម្ដង? គឺ​រឹតតែ​ពិបាក​មែន! យ៉ាង​ណា​ក្ដី ឧកញ៉ា​ម្នាក់​ដែល​ជា​មហាតលិក​ក្នុង​រាជ​វាំង​របស់​អ័ហាប់ ជា​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា គាត់​ឈ្មោះ​អូបាឌា។ *ពង្សាវតារក្សត្រទី១ ១៨:៣

១៨​. ក្នុង​នាម​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា តើ​អូបាឌា​មាន​គុណសម្បត្ដិ​អ្វី​លើស​ពី​ធម្មតា?

១៨ យ៉ាង​ប្រាកដ​ណាស់ អូបាឌា​ជា​មនុស្ស​ឆ្លៀវឆ្លាត​ដែល​បាន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ប្រយ័ត្នប្រយែង ហើយ​គាត់​ក៏​មិន​បាន​លះបង់​ជំនឿ​ពិត​ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ​យ៉ាង​ណា​ក៏​ដោយ។ តាម​ពិត កំណត់​ហេតុ​រៀប​រាប់​ថា​៖ «រីឯ​អូបាឌា​នេះ លោក​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ណាស់»។ (ពង្សាវតារក្សត្រទី១ ១៨:៣, កំណែ​ជា​អក្សរ​ទ្រេត) ពិត​មែន​ហើយ អូបាឌា​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​លើស​ជាង​ធម្មតា! ជា​លទ្ធផល ចិត្ត​ក្លាហាន​ដ៏​លើស​លប់​របស់​គាត់​បាន​ស​ឲ្យ​ឃើញ​ច្បាស់​ភ្លាមៗ​ក្រោយ​ព្រះ​នាង​យេសិបិល​សម្លាប់​ព្យាការី​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា។

១៩​. តើ​អូបាឌា​បាន​ធ្វើ​អ្វី​ដែល​ស​ឲ្យ​ឃើញ​ចិត្ត​ក្លាហាន​របស់​គាត់?

១៩ យើង​អាន​ថា​៖ «កាល​យេសិបិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះ​យេហូវ៉ា នោះ​លោក[អូបាឌា]​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់​ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម​ដោយ​នំប៉័ង​នឹង​ទឹក»។ (ពង្សាវតារក្សត្រទី១ ១៨:៤) សូម​គិត​ពិចារណា​ថា ការ​ចែក​អាហារ​ដល់​បុរស​១០០​នាក់​ដោយ​សម្ងាត់​នោះ ជា​ការ​ផ្សង​គ្រោះថ្នាក់​មែន! ដ្បិត​អូបាឌា​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ស្តេច​អ័ហាប់​និង​យេសិបិល​ដឹង ហើយ​ក៏​ត្រូវ​ជៀស​វាង​កុំ​ឲ្យ​ពួក​ហោរា​ក្លែង​ក្លាយ​៨៥០​នាក់​ដែល​ចូល​រាជ​វាំង​ញឹកញាប់​ឃើញ​អ្វី​ដែល​គាត់​កំពុង​តែ​ធ្វើ។ ម្យ៉ាង​ទៀត ស្រុក​នោះ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត រួម​ទាំង​ជន​សាមញ្ញ​រហូត​ដល់​អ្នក​ធំ​ផង ហើយ​បើ​ពួក​គេ​ដឹង​ថា​អូបាឌា​កំពុង​តែ​ធ្វើ​នោះ គេ​ច្បាស់​ជា​ឆ្លៀត​ឱកាស​ដើម្បី​យក​ចិត្ត​ស្តេច​អ័ហាប់​និង​ព្រះ​អគ្គមហេសី​របស់​ទ្រង់​ដោយ​បក​អាក្រាត​ទង្វើ​របស់​គាត់។ យ៉ាង​ណា​ក្ដី អូបាឌា​បាន​ជួយ​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​ព្យាការី​របស់​ព្រះ​យេហូវ៉ា ថ្វី​បើ​មាន​អ្នក​ថ្វាយ​បង្គំ​មិន​ពិត​នៅ​ជិត​បង្កើយ។ ច្បាស់​ណាស់​ហើយ ការ​កោត​ខ្លាច​ព្រះ ពិត​ជា​អាច​បន្ថែម​កម្លាំង​យើង​មែន!

២០​. តើ​ការ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​បាន​ជួយ​អូបាឌា​យ៉ាង​ណា? តើ​គំរូ​របស់​អូបាឌា​អាច​ជួយ​អ្នក​បាន​យ៉ាង​ណា​ដែរ?

២០ អូបាឌា​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​ព្រោះ​គាត់​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា។ តាម​មើល​ទៅ​ព្រះ​យេហូវ៉ា​បាន​ការពារ​កុំ​ឲ្យ​ពួក​ខ្មាំង​ដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​តែ​ធ្វើ​នោះ។ សុភាសិត ២៩:២៥ ចែង​ថា​៖ «ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ»។ អូបាឌា​មិន​មែន​ជា​មនុស្ស​ខុស​ប្លែក​ពី​យើង​ទេ ដ្បិត​គាត់​ច្បាស់​ជា​ខ្លាច​គេ​ចាប់​និង​សម្លាប់​គាត់​ដែរ។ (ពង្សាវតារក្សត្រទី១ ១៨:៧​-​៩, ១២) យ៉ាង​ណា​ក៏​ដោយ អូបាឌា​បាន​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ពង្រឹង​កម្លាំង​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​យក​ឈ្នះ​លើ​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​មនុស្ស។ យ៉ាង​នេះ អូបាឌា​ជា​គំរូ​ល្អ​ដល់​យើង​រាល់​គ្នា ជា​ពិសេស​ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ក្រោម​កាលៈទេសៈ​ដែល​អាច​នាំ​ឲ្យ​បាត់បង់​សេរីភាព​ឬ​ជីវិត​ផង។ (ម៉ាថាយ ២៤:៩) ប្រាកដ​មែន ចូរ​ឲ្យ​យើង​រាល់​គ្នា​ព្យាយាម​«គោរព​ប្រតិបត្ដិ[ដល់​ព្រះ​យេហូវ៉ា] ហើយ​កោត​ខ្លាច​ដល់​ទ្រង់»។—ហេព្រើរ ១២:២៨

២១​. តើ​អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​អំពី​អ្វី?

២១ ចិត្ត​ក្លាហាន​មិន​ផុស​ចេញ​ពី​ជំនឿ​និង​ការ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ដ្បិត​សេចក្ដី​ស្រឡាញ់​អាច​ពង្រឹង​ចិត្ត​ក្លាហាន​របស់​អ្នក​ច្រើន​ថែម​ទៀត​ដែរ។ ប៉ុល​សរសេរ​ថា​៖ «ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ នឹង​ប្រាជ្ញា​នឹង​ធឹង​វិញ»។ (ធីម៉ូថេទី២ ១:៧) អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​នូវ​របៀប​ដែល​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន​ក្នុង​គ្រា​លំបាក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ។—ធីម៉ូថេទី២ ៣:១

[កំណត់​សម្គាល់]

^ វគ្គ 17 មិន​មែន​ព្យាការី​អូបាឌា​ទេ។

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

តើ​អ្វី​បាន​ពង្រឹង​ចិត្ត​ក្លាហាន​របស់​យ៉ូស្វេ​និង​កាលែប?

តើ​ជំនឿ​ពិត​រួម​បញ្ចូល​អ្វី​ខ្លះ?

ហេតុ​អ្វី​ក៏​ហេណុក​មិន​ភ័យ​ខ្លាច​ពេល​ប្រកាស​សារ​របស់​ព្រះ​យេហូវ៉ា​ដែល​កាត់​ទោស​មនុស្ស​នៅ​សម័យ​គាត់?

តើ​ការ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជួយ​ពង្រឹង​ចិត្ត​ក្លាហាន​បាន​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២២]

លោក​អូបាឌា​បាន​ការ​ពារ​និង​ចិញ្ចឹម ពួក​ព្យាការី​របស់​ព្រះ