លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា!

ចូរប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា!

ចូរ​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា!

​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ​»។—សេផានា ១:១៤

១​-​៣​. (​ក​) តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា? (​ខ​) តើ​«​ថ្ងៃ​»​មួយ​ណា​«​របស់​ព្រះ​យេហូវ៉ា​»​ដែល​ជិត​មក​ដល់​ហើយ?

 ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មិន​សំដៅ​ទៅ​លើ​ថ្ងៃ​ណា​មួយ​ដែល​មាន​រយៈ​ពេល​២៤​ម៉ោង​នោះ​ទេ។ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជា​គ្រា​ដែល​ទ្រង់​កាត់​ទោស​មនុស្ស​អាក្រក់។ មនុស្ស​អាក្រក់​ច្បាស់​ជា​មាន​ហេតុ​ភ័យ​ព្រួយ​អំពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មែន ពីព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ហើយ​ងងឹត​ផង ទាំង​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​មុន​ទ្រង់​បំផ្លាញ​គេ​ចោល។ (​អេសាយ ១៣:៩; អេម៉ុស ៥:១៨​-​២០; សេផានា ១:១៥​) លោក​យ៉ូអែល​បាន​សរសេរ​ទំនាយ​ថា​៖ ​«​វរ​ហើយ​ថ្ងៃ​នោះ! ដ្បិត​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​ដល់​ហើយ។ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​»។ (​យ៉ូអែល ១:១៥​) ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា ទ្រង់​នឹង​សង្គ្រោះ​មនុស្ស​ដែល​«​មាន​ចិត្ត​ទៀងត្រង់​»​ទៅ​វិញ។—ទំនុកដំកើង ៧:១០

ពាក្យ​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ សំដៅ​ទៅ​លើ​គ្រា​ផ្សេង​ៗ​ដែល​ទ្រង់​បាន​កាត់​ទោស​មនុស្ស។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ​«​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​»​បាន​មក​ដល់​ចំពោះ​ពួក​អ្នក​ទី​ក្រុង​យេរូសាឡិម ពេល​ពួក​បាប៊ីឡូន​បាន​បំផ្លាញ​ទី​ក្រុង​នោះ​ចោល។ (​សេផានា ១:៤​-​៧​) នៅ​ឆ្នាំ​៧០ គ.ស. ព្រះ​យេហូវ៉ា​ក៏​បាន​កាត់​ទោស​ជនជាតិ​យូដា​ដែល​មិន​ព្រម​ទទួល​ស្គាល់​បុត្រ​ទ្រង់ ដោយ​អនុញ្ញាត​ឲ្យ​ពួក​រ៉ូម​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ចោល​ម្ដង​ទៀត។ (​ដានីយ៉ែល ៩:២៤​-​២៧; យ៉ូហាន ១៩:​១៥​) ទំនាយ​ក្នុង​គម្ពីរ​ក៏​សំដៅ​ទៅ​លើ​«​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​»​មួយ​ទៀត ជា​គ្រា​ដែល​ទ្រង់​នឹង‹ចេញ​ទៅ​ច្បាំង​នឹង​អស់​ទាំង​សាសន៍›។ (​សាការី ១៤:១​-​៣​) ព្រះ​យេហូវ៉ា​ក៏​បាន​បណ្ដាល​ឲ្យ​សាវ័ក​ប៉ុល​សរសេរ​អំពី​ថ្ងៃ​នោះ​ដែរ ថា​ជាប់​ទាក់ទង​នឹង​ការ​យាង​មក​ឬ​វត្តមាន​របស់​ព្រះ​គ្រិស្ត ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ពេល​ទ្រង់​ឡើង​សោយ​រាជ្យ​នៅ​ឯ​ស្ថានសួគ៌។ (​ថែស្សាឡូនីចទី២ ២:១, ២​) ដោយសារ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កៀក​ណាស់​ហើយ ដូច​ជា​ឃើញ​ស្រមោល​ស្ទុង​ៗ នោះ​ខ​គម្ពីរ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​យក​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៧ គឺ​សម​គួរ​ណាស់! បទ​គម្ពីរ​នោះ​មក​ពី​សៀវភៅ​សេផានា ១:១៤ ដែល​ថា​៖ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​»។

ដោយសារ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គប្បី​ឲ្យ​យើង​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច។ តើ​យើង​អាច​ប្រុង​ប្រៀប​ខ្លួន​ដោយ​របៀប​ណា? មុន​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់ តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​ជាង​ចំពោះ​អ្វី​ខ្លះ ទើប​បញ្ជាក់​ថា​យើង​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច?

ចូរ​ប្រុង​ប្រៀប​ខ្លួន តាម​គំរូ​របស់​ព្រះ​យេស៊ូ

៤​. តើ​ព្រះ​យេស៊ូ​បាន​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ធ្វើ​អ្វី?

ពេល​ព្រះ​យេស៊ូ​គ្រិស្ត​បាន​ថ្លែង​ទំនាយ​អំពី​បំផុត​កល្ប​ឬ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក ទ្រង់​បាន​ដាស់​តឿន​សិស្ស​ទ្រង់​ឲ្យ​«​ប្រុង​ប្រៀប​ខ្លួន​»។ (​ម៉ាថាយ ២៤:៤៤​) ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ ទ្រង់​ក៏​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ក្រោម​ការ​ល្បងល រហូត​ដល់​ទី​មរណៈ​ជា​ការ​បូជា​លោះ។ (​ម៉ាថាយ ២០:​២៨​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រុង​ប្រៀប​ខ្លួន?

៥, ៦​. (​ក​) មុន​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់ តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​និង​មនុស្ស​ដទៃ​អាច​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ល្អ​អ្វី​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ?

ព្រះ​យេស៊ូ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​ស្រឡាញ់​គោលការណ៍​សីលធម៌​របស់​បិតា​ទ្រង់​ដែល​តម្រូវ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ដោយ​សុចរិត។ សៀវភៅ​ហេព្រើរ ១:៩ រៀប​រាប់​អំពី​ព្រះ​យេស៊ូ​ថា​៖ ​«​ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់។ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់ បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់​ជា​ប្រេង​នៃ​សេចក្ដី​ត្រេកអរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់​»។ ដោយសារ​ព្រះ​យេស៊ូ​ស្រឡាញ់​ព្រះ​យេហូវ៉ា នេះ​បាន​ជំរុញ​ទ្រង់​ឲ្យ​មាន​ចិត្ត​ស្មោះ​ជានិច្ច​ចំពោះ​លោក​ដែល​ជា​បិតា​នៅ​ស្ថានសួគ៌។ បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បំពេញ​តាម​តម្រូវ​ការ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ការពារ​យើង។ (​ទំនុកដំកើង ៣១:២៣​) ពេល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្ដាប់​បង្គាប់​ទ្រង់ នេះ​ក៏​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​ដ៏​ធំ​របស់​ទ្រង់​មក​ដល់។

លក្ខណៈ​មួយ​របស់​ព្រះ​យេស៊ូ​ដែល​លេច​ធ្លោ​ជាង​គេ គឺ​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​មនុស្ស​ដទៃ។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​«​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ​ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម​ដែល​ឥត​អ្នក​គង្វាល​»។ (​ម៉ាថាយ ៩:៣៦​) ជា​លទ្ធផល ព្រះ​យេស៊ូ​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ។ ដូច​គ្នា​ដែរ សេចក្ដី​ស្រឡាញ់​ក៏​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រកាស​សារ​ដល់​អ្នក​ជិត​ខាង​របស់​យើង ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​តែង​តែ​ជាប់​រវល់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ ពីព្រោះ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​មនុស្ស​ដទៃ ហើយ​នេះ​ក៏​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​ដ៏​ធំ​របស់​ទ្រង់​មក​ដល់។—ម៉ាថាយ ២២:៣៧​-​៣៩

៧​. ពេល​រង់ចាំ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា តើ​អ្វី​នាំ​យើង​ឲ្យ​មាន​អំណរ?

ព្រះ​យេស៊ូ​មាន​អំណរ​និង​ពេញ​ចិត្ត​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា។ (​ទំនុកដំកើង ៤០:៨​) បើ​យើង​មាន​ចិត្ត​គំនិត​ដូច​ព្រះ​យេស៊ូ យើង​ក៏​នឹង​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ យ៉ាង​នេះ យើង​មិន​គិត​ដល់​ប្រយោជន៍​ខ្លួន​ឯង តែ​យើង​ឲ្យ​ដល់​អ្នក​ដទៃ​តាម​គំរូ​របស់​ព្រះ​យេស៊ូ ហើយ​នេះ​នាំ​ឲ្យ​មាន​ពរ​និង​សុភមង្គល​ពិត។ (​កិច្ចការ ២០:៣៥​) ពិត​មែន​ហើយ ​«​អំណរ​[​«​ដែល​មក​ពី​»​]​ព្រះ​យេហូវ៉ា​ជា​កំឡាំង​នៃ​[​យើង​]​រាល់​គ្នា​»។ អំណរ​នោះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​មក​ដល់។—នេហេមា ៨:១០; ខ.ស.

៨​. ហេតុ​អ្វី​ក៏​គប្បី​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិស្ឋាន?

ការ​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត ក៏​បាន​ជួយ​ព្រះ​យេស៊ូ​ដែរ ឲ្យ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ក្រោម​ការ​ល្បងល។ ពេល​លោក​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​យេស៊ូ ទ្រង់​កំពុង​អធិស្ឋាន។ មុន​ព្រះ​យេស៊ូ​ជ្រើសរើស​សាវ័ក​របស់​ទ្រង់ ទ្រង់​ក៏​បាន​អធិស្ឋាន​អស់​មួយ​យប់​ដែរ។ (​លូកា ៦:១២​-​១៦​) ណា​មួយ​ទៀត ពាក្យ​ដែល​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត​នៅ​រាត្រី​មុន​ទ្រង់​ទទួល​មរណភាព ក៏​មាន​ឥទ្ធិពល​លើ​អ្នក​ដែល​អាន​គម្ពីរ​ដែរ មែន​ទេ? (​ម៉ាកុស ១៤:៣២​-​៤២; យ៉ូហាន ១៧:១​-​២៦​) តើ​យើង​អធិស្ឋាន​ជា​រឿយ​ៗ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ឬ​ទេ? ចូរ​ឲ្យ​យើង​ចំណាយ​ពេល​យូរ​បន្ដិច​ក្នុង​ការ​អធិស្ឋាន​យ៉ាង​ឥត​ឈប់ឈរ ទាំង​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​សកម្ម​ពល​ទ្រង់។ រួច​មក ពេល​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ផ្ដល់​ការ​ណែនាំ​នោះ ចូរ​ធ្វើ​តាម​ភ្លាម​ចុះ! ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​បិតា​របស់​យើង​នៅ​ស្ថានសួគ៌ គឺ​ចាំបាច់​ណាស់​ពេល​ឥឡូវ​នេះ ដែល​ជា​គ្រា​បន្ទាន់ ពីព្រោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ! បើ​ដូច្នេះ ចូរ​យើង​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​អធិស្ឋាន។—យ៉ាកុប ៤:៨

៩​. តើ​ក្ដី​ប្រាថ្នា​ចង់​លើក​តម្កើង​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​មាន​សារៈ​ប្រយោជន៍​អ្វី?

ដោយសារ​ព្រះ​យេស៊ូ​មិន​ចង់​ឲ្យ​នរណា​មើល​ងាយ​ឈ្មោះ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា នេះ​ក៏​បាន​ជួយ​ទ្រង់​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ក្រោម​ការ​ល្បងល។ តាម​ការ​ពិត ព្រះ​យេស៊ូ​បាន​បង្រៀន​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់​ថា ពេល​អធិស្ឋាន ពួក​គេ​ក៏​គួរ​តែ​«​សូម​ឲ្យ​ព្រះ​នាម​[​ព្រះ​យេហូវ៉ា​]​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:៩​) បើ​យើង​ពិត​ជា​ចង់​លើក​តម្កើង​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទទួល​ស្គាល់​ឈ្មោះ​ទ្រង់​ជា​អ្វី​ដែល​ពិសេស នោះ​យើង​នឹង​ខំ​ជៀស​វាង​ទង្វើ​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​អ្នក​ដទៃ​មើលងាយ​ឈ្មោះ​ទ្រង់។ ជា​លទ្ធផល នេះ​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​មក​ដល់។

តើ​មាន​អ្វី​ខ្លះ​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​ជាង?

១០​. ម្ដេច​ក៏​គប្បី​ឲ្យ​យើង​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​របៀប​រស់​នៅ​របស់​យើង?

១០ ប្រសិន​បើ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់​នៅ​ថ្ងៃ​ស្អែក តើ​អ្នក​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ឬ​នៅ? គប្បី​ឲ្យ​យើង​ម្នាក់​ៗ​ពិនិត្យ​មើល​របៀប​រស់​នៅ​របស់​ខ្លួន ដើម្បី​ឲ្យ​ដឹង​ថា តើ​យើង​គួរ​មាន​ចិត្ត​គំនិត​និង​អាកប្បកិរិយា​ប្រសើរ​ជាង​ឬ​យ៉ាង​ណា? ដោយសារ​ជីវិត​មនុស្ស​ខ្លី​ណាស់ ហើយ​យើង​មិន​ដឹង​ថា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​នៅ​ថ្ងៃ​ណា​ទេ នោះ​គប្បី​ឲ្យ​យើង​ម្នាក់​ៗ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​នឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​សាស្ដា ៩:១១, ១២; យ៉ាកុប ៤:១៣​-​១៥​) បើ​ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​លក្ខណៈ​សំខាន់​ៗ​នៃ​ជីវិត ដែល​គប្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់។

១១​. តើ​អ្នក​មាន​គោល​ដៅ​អ្វី​ក្នុង​ការ​អាន​គម្ពីរ?

១១ លក្ខណៈ​មួយ​នៃ​ជីវិត​ដែល​មាន​សារៈ​សំខាន់​នោះ គឺ​ការ​ធ្វើ​តាម​យោបល់​របស់​«​អ្នក​បំរើ​ស្មោះ​ត្រង់​»​ដែល​ដាស់​តឿន​យើង​ឲ្យ​អាន​គម្ពីរ​រាល់​ថ្ងៃ។ (​ម៉ាថាយ ២៤:៤៥​) ប្រហែល​ជា​យើង​អាច​មាន​គោល​ដៅ​អាន​គម្ពីរ​ទាំង​មូល ពី​សៀវភៅ​លោកុប្បត្តិ​រហូត​ដល់​សៀវភៅ​វិវរណៈ មួយ​ឆ្នាំ​ម្ដង។ បើ​យើង​អាន​រៀង​រាល់​ថ្ងៃ​ប្រមាណ​តែ​បួន​ជំពូក​ប៉ុណ្ណោះ យើង​អាច​អាន​ទាំង​១.១៨៩​ជំពូក​ឲ្យ​អស់​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ។ ចំពោះ​ស្តេច​នីមួយ​ៗ​ដែល​គ្រប់គ្រង​នៅ​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គាត់​អាន​ក្រឹត្យ​វិន័យ​របស់​ទ្រង់​«​រាល់​តែ​ថ្ងៃ​ជា​និច្ច អស់​១​ជីវិត​»។ តាម​មើល​ទៅ លោក​យ៉ូស្វេ​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ (​ចោទិយកថា ១៧:១៤​-​២០; យ៉ូស្វេ ១:៧, ៨​) គឺ​ចាំបាច់​ណាស់! ឲ្យ​អ្នក​ចាស់​ទុំ​ទាំង​ឡាយ​អាន​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ​ដែរ ពីព្រោះ​នេះ​នឹង​ជួយ​ពួក​គាត់​ឲ្យ‹បង្រៀន​យ៉ាង​ត្រឹម​ត្រូវ›ពេល​ឃ្វាល​ក្រុម​ជំនុំ។—ទីតុស ២:១

១២​. ដោយសារ​យើង​ដឹង​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ តើ​នេះ​គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

១២ ដោយសារ​យើង​ដឹង​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ នេះ​គួរ​ជំរុញ​យើង​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​គ្រិស្ត​សាសនិក​គ្នីគ្នា​របស់​យើង​ជា​ទៀងទាត់ ព្រម​ទាំង​រួម​ចំណែក​ក្នុង​កម្មវិធី​ទាំង​នោះ​យ៉ាង​ពេញលេញ។ (​ហេព្រើរ ១០:២៤, ២៥​) បើ​យើង​ធ្វើ​ដូច្នេះ នេះ​នឹង​ជួយ​យើង​បង្កើន​សមត្ថភាព​ជា​អ្នក​ផ្សព្វផ្សាយ​ដែល​ប្រកាស​សារ​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា និង​មាន​បំណង​ចង់​រក​អស់​អ្នក​ដែល​សម​ទទួល​ជីវិត​ដែល​គ្មាន​ទីបញ្ចប់។ (​កិច្ចការ ១៣:៤៨​) ប្រហែល​ជា​យើង​អាច​មាន​សកម្មភាព​កាន់​តែ​ច្រើន​ក្នុង​ក្រុម​ជំនុំ ដោយ​ជួយ​បង​ៗ​វ័យ​ចាស់ និង​លើក​ទឹក​ចិត្ត​ប្អូន​ៗ​យុវ​វ័យ​ជា​ដើម។ ទង្វើ​បែប​នេះ​តែង​តែ​នាំ​ឲ្យ​មាន​ចិត្ត​ស្កប់ស្កល់!

របៀប​ប្រាស្រ័យ​ទាក់ទង​គ្នា

១៣​. តើ​យើង​អាច​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​ខ្លះ ស្តី​អំពី​ការ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ល្អ​ៗ ហាក់​ដូច​ជា​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី?

១៣ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កៀក​ណាស់​ហើយ! ដូច្នេះ តើ​យើង​គួរ​ព្យាយាម​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​«​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​»​ឬ? តើ​យើង​នៅ​តែ​ខ្វះ​លក្ខណៈ​ខ្លះ​ៗ​‹ដែល​សុចរិត​និង​បរិសុទ្ធ​តាម​ភាព​ព្រះ›ឬ​ទេ? (​អេភេសូរ ៤:២០​-​២៤​) ពេល​យើង​ខំ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា មនុស្ស​ដទៃ​មុខ​ជា​នឹង​កត់​សម្គាល់​ថា យើង​កំពុង‹ដើរ​ក្នុង​វិញ្ញាណ›ឬ​មាន​របៀប‹រស់​នៅ​ស្រប​តាម›សកម្ម​ពល​របស់​ទ្រង់ ទាំង​មាន​ផល​ផ្លែ​ឬ​លក្ខណៈ​សម​ស្រប​នឹង​សកម្ម​ពល​នោះ។ (​កាឡាទី ៥:​១៦, ២២​-​២៥; ខ.ស.​) តើ​យើង​អាច​រៀប​រាប់​អំពី​ទង្វើ​ខ្លះ​ៗ​របស់​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​យើង​ដែល​បង្ហាញ​ថា យើង​ពិត​ជា​បាន​ប្រដាប់​ខ្លួន​ឬ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ល្អ​ៗ​ ហាក់​ដូច​ជា​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​ឬ​ទេ? (​កូល៉ុស ៣:៩, ១០​) ជា​ឧទាហរណ៍ តើ​យើង​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ដែល​ធ្វើ​ល្អ​ដល់​បង​ប្អូន​រួម​ជំនឿ​និង​អ្នក​ឯ​ទៀត​ឬ? (​កាឡាទី ៦:១០​) កម្មវិធី​សិក្សា​គម្ពីរ​ជា​ទៀងទាត់​នឹង​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា ហើយ​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​របស់​ទ្រង់​មក​ដល់។

១៤​. ពេល​ខំ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត ម្ដេច​ក៏​ចាំបាច់​ឲ្យ​យើង​សូម​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា?

១៤ ចុះ​យ៉ាង​ណា​បើ​យើង​មាន​លក្ខណៈ​ឆាប់​ខឹង ហើយ​ទទួល​ស្គាល់​ថា​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត​ច្រើន​ជាង? ការ​ដឹង​ខ្នាត​ឬ​ចេះ​ទប់​ចិត្ត​ជា​លក្ខណៈ​មួយ​ដែល​យើង​អាច​មាន​ពេល​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​យើង។ បើ​ដូច្នេះ ចូរ​អធិស្ឋាន​សូម​ឲ្យ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​មក​សណ្ឋិត​លើ​យើង សម​ស្រប​នឹង​យោបល់​របស់​ព្រះ​យេស៊ូ​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក។ ចូរ​រក នោះ​តែង​នឹង​ឃើញ។ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។ . . . បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា​ដែល​គង់​ស្ថានសួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​អស់​អ្នក​ដែល​សូម ជាជាង​អម្បាលម៉ាន​ទៅ​ទៀត?​»។—លូកា ១១:៩​-​១៣

១៥​. បើ​យើង​មាន​ទំនាក់ទំនង​ប្រេះ​ឆា​នឹង​អ្នក​ជឿ​គ្នីគ្នា​ម្នាក់ តើ​យើង​គួរ​ធ្វើ​អ្វី?

១៥ ចុះ​យ៉ាង​ណា​បើ​មាន​រឿង ហើយ​យើង​និង​អ្នក​ជឿ​គ្នីគ្នា​ម្នាក់​មាន​ទំនាក់ទំនង​ប្រេះ​ឆា​វិញ? បើ​ដូច្នេះ ចូរ​ឲ្យ​យើង​ចាត់​វិធានការ​ដើម្បី​ឲ្យ​ជា​នា​នឹង​គ្នា។ យ៉ាង​នេះ យើង​ផ្ដល់​ហេតុ​ដើម្បី​ឲ្យ​មាន​ចិត្ត​ព្រម​ព្រៀង​ឬ​សាមគ្គី​ភាព​និង​ភាព​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ។ (​ទំនុកដំកើង ១៣៣:១​-​៣​) ចូរ​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ​ក្នុង​សៀវភៅ​ម៉ាថាយ ៥:២៣, ២៤ និង​ម៉ាថាយ ១៨:១៥​-​១៧។ បើ​យើង​ធ្លាប់​ចង​គំនុំ​និង​មាន​កំហឹង​ដរាប​ដល់​ថ្ងៃ​លិច កុំ​ឡើយ! ចូរ​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ឲ្យ​ជា​នា​នឹង​គ្នា​ចុះ! តាម​ធម្មតា ចាំបាច់​ឲ្យ​យើង​សុខ​ចិត្ត​អត់​ទោស​ឲ្យ​ពួក​គេ​តែ​ប៉ុណ្ណោះ។ ប៉ុល​សរសេរ​ថា​៖ ​«​ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា​ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ​គ្រីស្ទ​ដែរ​»។—អេភេសូរ ៤:​២៥, ២៦, ៣២

១៦​. តើ​គូ​ស្វាមី​ភរិយា​គួរ​បង្ហាញ​ចិត្ត​សន្ដោស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ករណី​អ្វី​ខ្លះ?

១៦ គូ​ស្វាមី​ភរិយា​ត្រូវ​តែ​ស្រឡាញ់​និង​មាន​ចិត្ត​សន្ដោស​ចំពោះ​គ្នា​ជានិច្ច ព្រម​ទាំង​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ បើ​យើង​ទទួល​ស្គាល់​ថា យើង​គួរ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​សន្ដោស​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ចូរ​ព្យាយាម​ធ្វើ​ដូច្នេះ​ចុះ! ព្រះ​យេហូវ៉ា​និង​ការ​ណែនាំ​ក្នុង​បណ្ដាំ​របស់​ទ្រង់​អាច​ជួយ​យើង​ឲ្យ​បំពេញ​គោល​ដៅ​នេះ​បាន។ តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​ជាង ចំពោះ​គោលការណ៍​ក្នុង​សៀវភៅ​កូរិនថូសទី១ ៧:១​-​៥ ហើយ​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​គូ​របស់​ខ្លួន ដើម្បី​បង្ការ​ហេតុ​ដែល​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​កំផិត​ឬ​ទេ? ក្នុង​ករណី​នេះ គូ​ស្វាមី​ភរិយា​គួរ​បង្ហាញ​«​ចិត្ត​ទន់​សន្ដោស​»​ចំពោះ​គ្នា​មែន។

១៧​. បើ​យើង​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ?

១៧ ចុះ​យ៉ាង​ណា​បើ​យើង​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ? ចូរ​ចាត់​វិធានការ​ភ្លាម​ៗ​ ដើម្បី​កែ​ប្រែ​វិញ​ចុះ! ចូរ​រក​ជំនួយ​ពី​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់​ទុំ។ ពេល​គាត់​អធិស្ឋាន​ឲ្យ​យើង នេះ​នឹង​ជួយ​ផ្សះផ្សា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។ (​យ៉ាកុប ៥:​១៣​-​១៦​) ចូរ​អធិស្ឋាន​ខ្លួន​ឯង ដើម្បី​បង្ហាញ​ចំពោះ​ព្រះ​យេហូវ៉ា​ថា យើង​បាន​ប្រែ​ចិត្ត​ហើយ។ បើ​មិន​ធ្វើ​ដូច្នេះ យើង​នឹង​មាន​វិប្បដិសារី ព្រម​ទាំង​ចិត្ត​ដែល​វិនិច្ឆ័យ​ថា​ខ្លួន​មាន​ទោស។ ស្តេច​ដាវីឌ​ធ្លាប់​មាន​ចិត្ត​គំនិត​បែប​នេះ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ធូរ​ស្រាល​វិញ ពេល​គាត់​រ៉ាយរ៉ាប់​ឬ​សារភាព​កំហុស​របស់​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​សរសេរ​ថា​៖ ​«​មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល​ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ​»។ (​ទំនុកដំកើង ៣២:១​-​៥​) ព្រះ​យេហូវ៉ា​រមែង​អត់​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​អំពើ​បាប ឲ្យ​តែ​ពួក​គេ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។—ទំនុកដំកើង ១០៣:៨​-​១៤; សុភាសិត ២៨:១៣

រក្សា​ខ្លួន​ដោយ​ឡែក​ពី​ពិភព​លោក

១៨​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពិភព​លោក​នេះ?

១៨ យើង​ម្នាក់​ៗ​ច្បាស់​ជា​រង់ចាំ​ដោយ​រីករាយ​នូវ​ពិភព​លោក​ថ្មី​ដ៏​អស្ចារ្យ ដែល​បិតា​របស់​យើង​នៅ​ស្ថានសួគ៌​បាន​សន្យា​ឲ្យ។ បើ​ដូច្នេះ តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សង្គម​មនុស្ស​ទុច្ចរិត​នា​សម័យ​នេះ ដែល​ចេះ​តែ​ឃ្លាត​ចេញ​ពី​ព្រះ? ក្នុង​នាម​ជា​«​ចៅហ្វាយ​របស់​លោកីយ​នេះ​»​ សាតាំង​គ្មាន​អំណាច​អ្វី​សោះ​លើ​ព្រះ​យេស៊ូ​គ្រិស្ត។ (​យ៉ូហាន ១២:៣១; ១៤:​៣០​) ដូច​គ្នា​ដែរ យើង​ប្រាកដ​ជា​មិន​ចង់​ឲ្យ​សាតាំង​និង​ពិភព​លោក​របស់​វា​មាន​អំណាច​លើ​យើង​ទេ។ ដូច្នេះ ចូរ​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​យ៉ូហាន​ដែល​ទូន្មាន​ថា​៖ ​«​កុំ​ឲ្យ​ស្រឡាញ់​លោកីយ​ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ​»។ នេះ​ពិត​ជា​យោបល់​ល្អ​មែន! ពីព្រោះ​«​លោកីយ​នេះ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ​»។—យ៉ូហានទី១ ២:១៥​-​១៧

១៩​. តើ​គប្បី​ឲ្យ​ប្អូន​ៗ​គ្រិស្ត​សាសនិក​មាន​គោល​ដៅ​បែប​ណា​ខ្លះ?

១៩ ចុះ​យ៉ាង​ណា​ចំពោះ​កូន​របស់​ខ្លួន? តើ​យើង​ផ្ដល់​ជំនួយ​ចំពោះ​កូន​ដើម្បី​«​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​»​ឬ​ទេ? (​យ៉ាកុប ១:២៧​) សាតាំង​មាន​គោល​ដៅ​ដាក់​នុយ​ដើម្បី​ទាក់ទាញ​ចិត្ត​កូន​របស់​យើង​ឲ្យ​ជាប់​ដូច​ជា​ត្រី​ជាប់​សន្ទូច។ ក្រុម​យុវជន​យុវនារី​និង​សមាគម​ផ្សេង​ៗ​ដែល​រៀបចំ​កម្មវិធី​សម្រាប់​ពួក​យុវ​វ័យ សុទ្ធតែ​មាន​គោល​ដៅ​ចង់​ជួយ​ប្អូន​ៗ​ទាំង​ឡាយ​ឲ្យ​ចេះ​រស់​នៅ​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ចូល​រួម​ជា​មួយ​អង្គការ​តែ​មួយ​គត់​រួច​ទៅ​ហើយ ដែល​នឹង​រួច​រស់​ជីវិត​ពេល​ពិភព​លោក​ដ៏​អាក្រក់​នេះ​កន្លង​ផុត​ទៅ។ ដូច្នេះ គប្បី​ឲ្យ​យើង​លើក​ទឹក​ចិត្ត​ប្អូន​ៗ​យុវ​វ័យ​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សាសនិក ឲ្យ​«​ធ្វើ​ការ​ព្រះ​អម្ចាស់​ឲ្យ​បរិបូរ​ជា​ដរាប​ចុះ!​»។ (​កូរិនថូសទី១ ១៥:​៥៨​) មាតា​បិតា​ទាំង​ឡាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ត្រូវ​តែ​ជួយ​កូន​ៗ​ឲ្យ​ជ្រើសរើស​គោល​ដៅ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល ផ្ដល់​ឲ្យ​បាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹមសារ ហើយ​ក៏​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​ផង​ដែរ។ មាន​តែ​គោល​ដៅ​បែប​នេះ​ទេ ដែល​នឹង​ជួយ​កូន​ៗ​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់។

ចូរ​ស្រមៃ​គិត​អំពី​ជីវិត​បន្ទាប់​ពី​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា

២០​. ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ឲ្យ​យើង​ស្រមៃ​គិត​អំពី​ជីវិត​ដែល​គ្មាន​ទីបញ្ចប់?

២០ ការ​ស្រមៃ​គិត​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់​ពេល​ទន្ទឹង​ចាំ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ (​យូដាស ២០, ២១​) យើង​ចេះ​តែ​រង់ចាំ​ថ្ងៃ​ដែល​យើង​អាច​សប្បាយ​នឹង​ជីវិត​ក្នុង​សួនមនោរម​ជា​រៀង​រហូត។ នៅ​គ្រា​នោះ យើង​នឹង​មាន​កម្លាំង​ហើយ​លែង​មាន​ជរា​ភាព​ទៀត ក៏​នឹង​មាន​ពេល​បំពេញ​គោល​ដៅ​ល្អ​ៗ​ទាំង​ឡាយ ព្រម​ទាំង​រៀន​ឲ្យ​បាន​ច្រើន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត យើង​នឹង​រៀន​រហូត​អំពី​ព្រះ​យេហូវ៉ា ពីព្រោះ​ឥឡូវ​នេះ​យើង​ស្គាល់​តែ​«​កិច្ច​ខាង​ក្រៅ​»​ឬ​«​បន្ដិច​បន្តួច​ប៉ុណ្ណោះ​»​អំពី​ទ្រង់។ (​យ៉ូប ២៦:១៤; ខ.ស.​) គឺ​ច្បាស់​ហើយ​ថា ពេល​យើង​រស់​ជា​រៀង​រហូត​នោះ យើង​នឹង​មាន​ឱកាស​រៀន​និង​ធ្វើ​អ្វី​ៗ​ដ៏​អស្ចារ្យ​មែន!

២១, ២២​. ក្នុង​សួនមនោរម តើ​មនុស្ស​ដែល​រស់​ឡើង​វិញ​អាច​ជួយ​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា? តើ​យើង​នឹង​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

២១ ពេល​យើង​រស់​នៅ​ក្នុង​សួនមនោរម​នោះ មនុស្ស​ដែល​រស់​ឡើង​វិញ​អាច​ជួយ​ពន្យល់​ល្អិតល្អន់​អំពី​អ្វី​ៗ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​បុរាណ។ យើង​នឹង​ជួប​លោក​ហេណុក​ដែល​អាច​ពន្យល់​អំពី​ហេតុ​ដែល​គាត់​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ប្រកាស​សារ​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​មនុស្ស​ទមិឡ​ល្មើស​នៅ​សម័យ​គាត់។ (​យូដាស ១៤, ១៥​) លោក​ណូអេ​ក៏​ច្បាស់​ជា​នឹង​រៀប​រាប់​អំពី​កិច្ចការ​កសាង​ទូក​ធំ​របស់​គាត់។ លោក​អ័ប្រាហាំ​និង​នាង​សារ៉ា​អាច​ប្រាប់​យើង​អំពី​អារម្មណ៍​ដែល​ពួក​គាត់​មាន​ពេល​ទទួល​បង្គាប់​ថា ត្រូវ​លះ​ចោល​ជីវិត​ស្រណុក​ស្រួល​ក្នុង​ទី​ក្រុង​អ៊ើរ ហើយ​ទៅ​យក​ត្រសាល​ជា​ទីលំនៅ​វិញ! សូម​គិត​អំពី​ពេល​ដែល​យើង​ជួប​ជា​មួយ​នាងអេសធើរ ហើយ​ស្ដាប់​នាង​ពន្យល់​អំពី​របៀប​ដែល​នាង​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​ជនជាតិ​អ៊ីស្រាអែល​គ្នីគ្នា ព្រម​ទាំង​រារាំង​ផែនការ​របស់​លោក​ហាម៉ាន។ (​នាងអេសធើរ ៧:១​-​៦​) ចុះ​យ៉ាង​ណា​ពេល​ស្ដាប់​លោក​យ៉ូណាស​រៀប​រាប់​អំពី​បី​ថ្ងៃ​ដែល​គាត់​ចំណាយ​ក្នុង​ពោះ​ត្រី​ធំ​នោះ? ឬ​មួយ​ក៏ ពេល​ស្ដាប់​លោក​យ៉ូហាន​ប្រាប់​អំពី​អារម្មណ៍​ដែល​គាត់​មាន​ពេល​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​យេស៊ូ? (​លូកា ៣:២១, ២២; ៧:​២៨​) គួរ​ឲ្យ​ចង់​ដឹង​ណាស់! នូវ​ចំណុច​ល្អិតល្អន់​ទាំង​នេះ។

២២ ពេល​ព្រះ​យេស៊ូ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ យើង​ប្រហែល​ជា​នឹង​មាន​ឯកសិទ្ធិ​ជួយ​មនុស្ស​ដែល​រស់​ឡើង​វិញ ឲ្យ​«​ស្គាល់​ដល់​ព្រះ​អង្គ​»​ព្រះ​យេហូវ៉ា។ (​សុភាសិត ២:១​-​៦​) សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​ចិត្ត​រីករាយ​ដែរ ពេល​ឃើញ​មនុស្ស​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ធ្វើ​តាម​ចំណេះ​នោះ! ដូច្នេះ សូម​គិត​អំពី​អារម្មណ៍​រំភើប​ដែល​យើង​នឹង​មាន​នា​អនាគតកាល ពេល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ថែម​ទៀត​មក​លើ​យើង ក្នុង​ការ​បង្ហាត់​បង្រៀន​មនុស្ស​ពី​សម័យ​បុរាណ ហើយ​ពេល​ដែល​ពួក​គេ​ក្លាយ​ទៅ​ជា​កូន​កតញ្ញូ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ!

២៣​. តើ​គប្បី​ឲ្យ​យើង​តាំង​ចិត្ត​ដើម្បី​ធ្វើ​អ្វី?

២៣ នៅ​សម័យ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ប្រយោជន៍​ច្រើន​ណាស់! ប៉ុន្តែ ដោយសារ​យើង​ជា​មនុស្ស​ដែល​គ្មាន​ភាព​ល្អ​ឥតខ្ចោះ យើង​គណនា​ពុំ​បាន​អំពី​ប្រយោជន៍​ទាំង​អស់​នោះ​ឡើយ។ (​ទំនុកដំកើង ៤០:​៥​) សំខាន់​បំផុត យើង​ត្រេកអរ​ណាស់ ចំពោះ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​មក​ដើម្បី​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ទ្រង់។ (​អេសាយ ៤៨:​១៧, ១៨​) មិន​ថា​យើង​មាន​កាលៈទេសៈ​បែប​ណា​ក៏​ដោយ​ក្នុង​ជីវិត ចូរ​ឲ្យ​យើង​បម្រើ​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត​យ៉ាង​អស់​ពី​ចិត្ត ទាំង​ទន្ទឹង​ចាំ​ថ្ងៃ​ដ៏​ធំ​របស់​ទ្រង់​ចុះ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​សំដៅ​ទៅ​លើ​អ្វី?

• តើ​យើង​អាច​ប្រុង​ប្រៀប​ខ្លួន​មុន​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

• ដោយសារ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ខ្លះ​ឲ្យ​បាន​ដិត​ដល់​ជាង?

• បន្ទាប់​ពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា តើ​អ្នក​ចង់​ធ្វើ​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

ព្រះ​យេស៊ូ​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ក្រោម​ការ​ល្បងល

[រូបភាព​នៅ​ទំព័រ​១៧]

គួរ​ឲ្យ​រីករាយ​ណាស់! ពេល​មាន​ឯកសិទ្ធិ​ជួយ​មនុស្ស​ដែល​រស់​ឡើង​វិញ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា