លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរដឹងគុណព្រះដែលផ្ដល់ទឹកភ្លៀង

ចូរដឹងគុណព្រះដែលផ្ដល់ទឹកភ្លៀង

ចូរ​ដឹង​គុណ​ព្រះ​ដែល​ផ្ដល់​ទឹក​ភ្លៀង

ប្រសិន​បើ​គ្មាន​ភ្លៀង តើ​ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា? ពិត​មែន ភ្លៀង​ច្រើន​ពេក​អាច​នាំ​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់។ ម្យ៉ាង​ទៀត មនុស្ស​ដែល​រស់​នៅ​តំបន់​ដែល​មាន​រដូវ​ឬ​អាកាសធាតុ​ត្រជាក់​ឬ​សើម ប្រហែល​ជា​មិន​តែង​តែ​ចូល​ចិត្ត​ភ្លៀង​ឡើយ។ (អែសរ៉ា ១០:៩) ប៉ុន្តែ ចុះ​យ៉ាង​ណា​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​ស្ងួត​ជា​ច្រើន​ខែ? ពេល​ធ្លាក់​ភ្លៀង នេះ​ពិត​ជា​ធ្វើ​ឲ្យ​មាន​អាកាសធាតុ​ត្រជាក់​ស្រួល​មែន!

នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​នា​សម័យ​គម្ពីរ​ក៏​មាន​អាកាសធាតុ​បែប​នេះ​ដែរ ដូច​ជា​នៅ​កណ្ដាល​តំបន់​អាស៊ី​ដែល​សាវ័ក​ប៉ូល​បាន​ធ្វើ​ដំណើរ​ជា​សាសនទូត ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​តំបន់​មួយ​នៃ​ប្រទេស​តួគី។ ពេល​នៅ​តំបន់​លីកៅនា​ពី​សម័យ​បុរាណ ប៉ូល​បាន​ប្រាប់​មនុស្ស​នៅ​តំបន់​នោះ​ថា៖ «[ព្រះ]បាន​ផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល ក៏​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ»។ (សកម្មភាព ១៤:១៧) សូម​កត់​សម្គាល់​ថា មុន​ដំបូង​ប៉ូល​បាន​រៀប​រាប់​អំពី​ទឹក​ភ្លៀង ព្រោះ​បើ​គ្មាន​ភ្លៀង​ទេ នោះ​គ្មាន​អ្វី​សោះ​អាច​ដុះ​ដាល ហើយ​នឹង​មិន​មាន«រដូវ​ដែល​សម្បូរ​ភោគ​ផល»ឡើយ។

គម្ពីរ​បាន​រៀប​រាប់​ជា​ច្រើន​ដង​អំពី​ភ្លៀង។ ក្នុង​គម្ពីរ ពាក្យ​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​សម្រាប់​ភ្លៀង មាន​ជាង​មួយ​រយ​ដង។ តើ​លោក​អ្នក​ចង់​ដឹង​ថែម​ទៀត​ឬ​ទេ​អំពី​ភ្លៀង​ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​ពី​ព្រះ? ទន្ទឹម​គ្នា​នេះ តើ​លោក​អ្នក​ចង់​ពង្រឹង​ជំនឿ​របស់​លោក​អ្នក​ដែល​ថា​គម្ពីរ​គឺ​ត្រឹម​ត្រូវ​តាម​វិទ្យា​សាស្ត្រ​ឬ​ទេ?

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ភ្លៀង?

លោក​យេស៊ូ​គ្រិស្ត​បាន​ទាញ​អារម្មណ៍​យើង​ទៅ​លើ​អ្វី​មួយ​ដែល​ចាំ​បាច់​ដើម្បី​មាន​ភ្លៀង។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «បិតា​របស់​អ្នក . . . លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត»។ (ម៉ាថាយ ៥:៤៥) តើ​លោក​អ្នក​កត់​សម្គាល់​ឬ​ទេ​ថា​លោក​យេស៊ូ​បាន​សំដៅ​ទៅ​លើ​ថ្ងៃ មុន​លោក​រៀប​រាប់​អំពី​ភ្លៀង? នេះ​គឺ​ត្រឹម​ត្រូវ​ពី​ព្រោះ​ព្រះ​អាទិត្យ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​រុក្ខជាតិ​ដុះ​ដាល​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​មាន​វដ្ដ​ទឹក​ដែរ។ ត្រូវ​ហើយ គឺ​កម្ដៅ​ព្រះ​អាទិត្យ​ដែល​បង្ហួត​ទឹក​សមុទ្រ​ប្រហែល​៤០០.០០០​គីឡូ​ម៉ែត្រ​គីប ឲ្យ​ទៅ​ជា​ចំហាយ​ទឹក​ជា​រៀង​រាល់​ឆ្នាំ។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​ព្រះ​អាទិត្យ លោក​បាន​ត្រូវ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​អ្នក​ដែល​បង្ហួត​ទឹក​ដើម្បី​ឲ្យ​មាន​ភ្លៀង។

គម្ពីរ​ពណ៌នា​អំពី​វដ្ដ​ទឹក​ដោយ​ចែង​ថា៖ «ព្រះ . . . ជក់​ទឹក​ទៅ​លើ​ឲ្យ​ប្រែ​ជា​ចំហាយ រួច​ទំលាក់​ជា​ភ្លៀង​វិញ ជា​ទឹក​ដែល​ពពក​ចាក់​ចុះ​មក ឲ្យ​ធ្លាក់​ជា​បរិបូរ ស្រោច​ស្រព​លើ​មនុស្ស​លោក»។ (យ៉ូប ៣៦:២៦​-​២៨) ពាក្យ​ទាំង​នោះ​ដែល​ត្រឹម​ត្រូវ​តាម​វិទ្យា​សាស្ត្រ​បាន​ត្រូវ​សរសេរ​ទុក​រាប់​ពាន់​ឆ្នាំ​មក​ហើយ តាំង​ពី​ពេល​នោះ​មក មនុស្ស​មាន​ពេល​វេលា​ជា​ច្រើន​ដើម្បី​ស្វែង​យល់​អំពី​វដ្ដ​ទឹក។ សៀវភៅ​មួយ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០០៣​ចែង​ថា៖ «បច្ចុប្បន្ន​នេះ យើង​មិន​ដឹង​ប្រាកដ​ថា ដំណក់​ទឹក​ភ្លៀង​កើត​មាន​ឡើង​តាម​របៀប​ណា​ទេ» (Water Science and Engineering)។

ប៉ុន្តែ អ្វី​ដែល​ពួក​អ្នក​វិទ្យា​សាស្ត្រ​ដឹង គឺ​ថា​ដំណក់​ទឹក​ភ្លៀង​បាន​កកើត​ពី​វត្ថុ​តូច​ល្អិត​ដែល​ក្លាយ​ទៅ​ជា​ណ្វៃយ៉ូ​នៃ​ដំណក់​ទឹក​តូច​ៗ​ក្នុង​ពពក។ ដំណក់​ទឹក​នី​មួយ​ៗ​ទាំង​នេះ​ត្រូវ​រីក​ធំ​ឡើង​ៗ​មួយ​ជា​មួយ​លាន​ដង​ឬ​ច្រើន​ជាង ទើប​អាច​បង្កើត​បាន​ទឹក​ភ្លៀង​មួយ​ដំណក់។ វិធី​ស្មុគ​ស្មាញ​នេះ ប្រហែល​ជា​ត្រូវ​ការ​ពីរ​ឬ​បី​ម៉ោង។ សៀវភៅ​ខាង​វិទ្យា​សាស្ត្រ​មួយ​បាន​ចែង​ថា៖ «មាន​ទ្រឹស្តី​បី​បួន​យ៉ាង​ដែល​ចែង​អំពី​របៀប​ដែល​ដំណក់​ទឹក​អាច​ក្លាយ​ទៅ​ជា​ទឹក​ភ្លៀង ហើយ​ការ​ពន្យល់​មួយ​ចំនួនអំពី​កំណើត​ទឹក​ភ្លៀង នៅ​តែ​ទាក់​ទាញ​អារម្មណ៍​របស់​អ្នក​ស្រាវ​ជ្រាវ» (Hydrology in Practice)។

ព្រះ​ដែល​ជា​អ្នក​បង្កើត​ដំណើរ​ការ​ដែល​នាំ​ឲ្យ​មាន​ទឹក​ភ្លៀង បាន​សួរ​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ម្នាក់​របស់​លោក​នូវ​សំណួរ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​រាប​ទាប ដែល​ថា៖ «តើ​ភ្លៀង​មាន​ឪពុក​ឬ? តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម? តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង[ពពក]? . . . តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន ឬ​នឹង​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក?»។ (យ៉ូប ៣៨:២៨, ៣៦, ៣៧) ជាង​៣.៥០០​ឆ្នាំ​ក្រោយ​មក ពួក​អ្នក​វិទ្យា​សាស្ត្រ​នៅ​តែ​ពិបាក​ឆ្លើយ​សំណួរ​ទាំង​នេះ។

តើ​វដ្ដ​ទឹក​កើត​ឡើង​ដោយ​របៀប​ណា?

ទស្សនវិទូ​ជន​ជាតិ​ក្រិច​បាន​បង្រៀន​ថា ប្រភព​នៃ​ទឹក​ទន្លេ​គឺ​មិន​មែន​ទឹក​ភ្លៀង​ទេ តែ​ជា​ទឹក​សមុទ្រ​វិញ​ដែល​ហូរ​តាម​វិធី​ណា​មួយ​នៅ​ក្រោម​ដី​រហូត​ទៅ​ដល់​កំពូល​ភ្នំ ហើយ​បាន​ក្លាយ​ទៅ​ជា​ទឹក​សាប។ សេចក្ដី​អត្ថាធិប្បាយ​មួយ​ខាង​គម្ពីរ​បាន​អះអាង​ថា សាឡូម៉ូន​ក៏​ជឿ​ដូច្នេះ​ដែរ។ សូម​គិត​ពិចារណា​ពាក្យ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សាឡូម៉ូន​សរសេរ ដែល​ថា៖ «ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​ដដែល​វិញ​ទៀត»។ (សាស្ដា ១:៧) តើ​សាឡូម៉ូន​ចង់​មាន​ន័យ​ថា​មាន​បំពង់​ណា​មួយ​ដែល​ស្រូប​ទឹក​សមុទ្រ​ទៅ​ក្នុង​ភ្នំ​ដើម្បី​ក្លាយ​ទៅ​ជា​ប្រភព​ទឹក​នៃ​ទឹក​ទន្លេ​ឬ? ដើម្បី​ឆ្លើយ​សំណួរ​នោះ សូម​ពិនិត្យ​មើល​អ្វី​ដែល​ជន​រួម​ជាតិ​របស់​សាឡូម៉ូន​បាន​ជឿ​ស្តី​អំពី​វដ្ដ​ទឹក។ តើ​ពួក​គេ​ជឿ​ខុស​ឬ​ទេ?

តិច​ជាង​មួយ​រយ​ឆ្នាំ​ក្រោយ​សម័យ​សាឡូម៉ូន អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ បាន​បង្ហាញ​ថា​គាត់​ដឹង​អំពី​ភ្លៀង​ថា​មក​ពី​ទិស​ណា។ ក្នុង​សម័យ​គាត់ មាន​គ្រោះ​រាំង​ស្ងួត​ជាង​បី​ឆ្នាំ។ (យ៉ាកុប ៥:១៧) ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គ្មាន​ភ្លៀង​ធ្លាក់​លើ​រាស្ត្រ​របស់​លោក ពី​ព្រោះ​ពួក​គេ​បាន​បដិសេធ​លោក​ដើម្បី​ទទួល​យក​ព្រះ​បាល​ជា​ព្រះ​នៃ​ភ្លៀង​របស់​ជន​ជាតិ​កាណាន​វិញ។ ប៉ុន្តែ អេលីយ៉ា​បាន​ជួយ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រែ​ចិត្ត ហើយ​គាត់​ស្ម័គ្រ​ចិត្ត​អធិដ្ឋាន​ទៅ​ព្រះ​ដើម្បី​ឲ្យ​មាន​ភ្លៀង។ កាល​ដែល​គាត់​កំពុង​អធិដ្ឋាន គាត់​សុំ​អ្នក​បម្រើ​របស់​គាត់​ឲ្យ​មើល​ទៅ«ខាង​សមុទ្រ»។ ពេល​អ្នក​បម្រើ​បាន​ប្រាប់​អេលីយ៉ា​អំពី«ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក» នោះ​គាត់​ដឹង​ថា​ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។ មិន​យូរ​ក្រោយ​មក «មេឃ​ត្រឡប់​ជា​ខ្មៅ​ដោយ​ពពក​នឹង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង»។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៨:៤៣​-​៤៥) យ៉ាង​នេះ អេលីយ៉ា​បាន​បង្ហាញ​ថាគាត់​មាន​ការ​យល់​ដឹង​អំពី​វដ្ដ​ទឹក។ គាត់​ដឹង​ថា​ពពក​នឹង​ផ្ដុំ​គ្នា​នៅ​លើ​សមុទ្រ ហើយ​ខ្យល់​នឹង​បក់​ផាត់​ពពក​នោះ​ទៅ​ទិស​ខាង​កើត​ទៅ​ដល់​ស្រុក​សន្យា។ រហូត​មក​ដល់​សព្វ​ថ្ងៃ នេះ​ជា​ចលនា​របស់​វដ្ដ​ទឹក។

ប្រហែល​ជា​មួយ​រយ​ឆ្នាំ​ក្រោយ​អេលីយ៉ា​បាន​អធិដ្ឋាន​ដើម្បី​ឲ្យ​មាន​ភ្លៀង កសិករ​ម្នាក់​ដែល​មាន​ចិត្ត​រាប​ទាប​ឈ្មោះ​អេម៉ុស បាន​បញ្ជាក់​អំពី​ព័ត៌មាន​សំខាន់​មួយ​ស្តី​អំពី​ប្រភព​នៃ​វដ្ដ​ទឹក។ ព្រះ​បាន​ប្រើ​អេម៉ុស​ឲ្យ​ប្រកាស​ទំនាយ​ប្រឆាំង​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ពី​ព្រោះ​ពួក​គេ​បាន​ជិះ​ជាន់​មនុស្ស​ក្រី​ក្រ ព្រម​ទាំង​គោរព​បូជា​ព្រះ​មិន​ពិត។ ដើម្បី​រួចជីវិត​ពី​ការ​កាត់​ទោស​របស់​ព្រះ អេម៉ុស​បាន​ដាស់​តឿន​ពួក​គេ​ឲ្យ‹ស្វែង​រក​ព្រះ​យេហូវ៉ា​វិញ នោះ​ពួក​គេ​នឹង​រស់​នៅ›។ បន្ទាប់​មក​អេម៉ុស​បាន​ពន្យល់​ថា ពួក​គេ​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ពី​ព្រោះ​លោក​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ ជា​អ្នក​ដែល«ហៅ​ទឹក​សមុទ្រ​មក រួច​ចាក់​ទៅ​លើ​ផែនដី»។ (អេម៉ុស ៥:៦,) នៅ​ពេល​ក្រោយ​មក អេម៉ុស​បាន​រៀប​រាប់​ម្ដង​ទៀត​អំពី​ការ​ពិត​ដ៏​អស្ចារ្យ​របស់​វដ្ដ​ទឹក និង​ដំណើរ​ការ​របស់​វដ្ដ​ទឹក។ (អេម៉ុស ៩:៦) យ៉ាង​នេះ អេម៉ុស​បាន​បង្ហាញ​ថា សមុទ្រ​ជា​ប្រភព​ដ៏​ធំ​បំផុត​នៃ​ទឹក​ភ្លៀង។

នៅ​ឆ្នាំ​១៦៨៧ លោក​អិដមិន ហាលី​បាន​បង្ហាញ​ភ័ស្តុតាង​ជាក់​ស្តែង​តាម​លក្ខណៈ​វិទ្យា​សាស្ត្រ​ថា នេះ​ជា​ការ​ពិត​មែន។ ក៏​ប៉ុន្តែ គាត់​ត្រូវ​ចាំ​ច្រើន​ឆ្នាំ​មុន​អ្នក​ឯ​ទៀត​ទទួល​ស្គាល់​ភ័ស្តុតាង​របស់​គាត់។ សព្វវចនាធិប្បាយ​មួយ​បាន​ចែង​ថា៖ «ការ​ពន្យល់​ដែល​មាន រហូត​ដល់​ដើម​សតវត្សរ៍​ទី​១៨ គឺ​ថា​មាន​ប្រព័ន្ធ​មួយ​នៅ​ផែនដី​ដែល​នាំ​ទឹក​សមុទ្រ​ទៅ​កំពូល​ភ្នំ ហើយ​នៅ​ទី​នោះ​មាន​ទឹក​ធ្លាក់»។ (Encyclop​æ​dia Britannica Online) សព្វ​ថ្ងៃ មនុស្ស​ស្គាល់​ជា​ទូទៅ​នូវ​ការ​ពិត​អំពី​ដំណើរ​ការ​នៃ​វដ្ដ​ទឹក។ សព្វវចនាធិប្បាយ​ដដែល​នេះ​ពន្យល់​ថា៖ «ទឹក​សមុទ្រ​ហួត​ឡើង​ជា​ចំហាយ​ទឹក រួច​កកើត​ជា​ដំណក់​តូច​ៗ​នៅ​លើ​អាកាស បន្ទាប់​មក​ធ្លាក់​ជា​ភ្លៀង​មក​លើ​ផែនដី នៅ​ទី​បំផុត​ហូរ​ចូល​ក្នុង​ទន្លេ ហើយ​ត្រឡប់​ទៅ​សមុទ្រ​វិញ»។ ច្បាស់​ណាស់ ពាក្យ​របស់​សាឡូម៉ូន​អំពី​ដំណើរ​ការ​នៃ​ភ្លៀង​ដូច​បាន​កត់​ទុក​នៅ​សៀវភៅ​សាស្ដា ១:៧ សំដៅ​ទៅ​លើ​ដំណើរ​ការ​ដូច​គ្នា​ដែល​ទាក់​ទង​ពពក​និង​ភ្លៀង។

តើ​នេះ​គួរ​បំផុស​ទឹក​ចិត្ត​លោក​អ្នក ឲ្យ​ធ្វើ​អ្វី?

ដោយ​ហេតុ​ថា វដ្ដ​ទឹក​បាន​ត្រូវ​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​បំផុត​ដោយ​អ្នក​សរសេរ​ផ្សេង​ៗ​នៃ​គម្ពីរ នេះ​ជា​ភ័ស្តុតាង​យ៉ាង​ច្បាស់​ក្រឡែត​មួយ​ក្នុង​ចំណោម​ភ័ស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​មនុស្សជាតិ។ (ធីម៉ូថេ​ទី​២ ៣:១៦) ពិត​មែន​ហើយ តាម​មើល​ទៅ​ការ​គ្រប់​គ្រង​មិន​ល្អ​របស់​មនុស្ស​ទៅ​លើ​ផែនដី​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែ​ប្រួល​ខុស​ពី​ធម្មតា ដោយ​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​នៅ​កន្លែង​ខ្លះ ហើយ​មាន​ការ​រាំង​ស្ងួត​នៅ​កន្លែង​ឯ​ទៀត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​វដ្ដ​ទឹក​បាន​សន្យា​ជា​យូរ​យារ​ណាស់​មក​ហើយ​ថា នៅ​ទី​បំផុត លោក​នឹង​ធ្វើ​អន្តរាគមន៍ ហើយ«បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី»។—ការ​បើក​បង្ហាញ ១១:១៨

ទម្រាំ​ដល់​ពេល​នោះ តើ​លោក​អ្នក​អាច​បង្ហាញ​ការ​ដឹង​គុណ​របស់​លោក​អ្នក​យ៉ាង​ណា​ចំពោះ​ភ្លៀង​ដែល​ជា​អំណោយ​មួយ​របស់​ព្រះ? លោក​អ្នក​អាច​ធ្វើ​ដូច្នោះ​ដោយ​សិក្សា​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ហើយ​អនុវត្ត​ក្នុង​ជីវិត​នូវ​អ្វី​ដែល​លោក​អ្នក​រៀន។ ដោយ​ធ្វើ​ដូច​នេះ លោក​អ្នក​នឹង​មាន​សេចក្ដី​សង្ឃឹម​រួច​ជីវិត​ដើម្បី​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ដែល​នៅ​ទី​នោះ លោក​អ្នក​នឹង​អាច​សប្បាយ​ជា​រៀង​រហូត​នឹង​អំណោយ​របស់​ព្រះ។ ត្រូវ​ហើយ«គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ»មក​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​ភ្លៀង។—យ៉ាកុប ១:១៧

[រូប/រូប​ភាព​នៅ​ទំព័រ​២៤]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

កំណ​ជា​ដំណក់​ទឹក​តូច​ៗ

ភ្លៀង

រំហួត​ទឹក​ចេញ​តាម​ស្លឹក​រុក្ខជាតិ

រំហួត​ទឹក

ទឹក​ដែល​ហូរ​ធ្លាក់​ចុះ

ទឹក​ដែល​ជ្រាប​ចូល​ក្នុង​ដី

[រូប​ភាព​នៅ​ទំព័រ​២៤]

ពេល​អេលីយ៉ា​អធិដ្ឋាន អ្នក​បម្រើ​របស់​គាត់​មើល​ទៅ«ខាង​សមុទ្រ»