លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ខ្ញុំមិនទាន់ដល់ថ្ងៃស្លាប់ទេ»

«ខ្ញុំមិនទាន់ដល់ថ្ងៃស្លាប់ទេ»

​​«ខ្ញុំ​មិន​ទាន់​ដល់​ថ្ងៃ​ស្លាប់​ទេ»

អ្នក​បើក​បរ​ឡាន​សំរាម​ធំ​មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​ឡើង​លើ​ចិញ្ចើម​ថ្នល់ ហើយ​បុក​ស្វាមីភរិយា​មួយ​គូ និង​បុរស​ម្នាក់​អាយុ​២៣​ឆ្នាំ​ដែល​កំពុង​ដើរ។ យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​ក្នុង​កាសែត​មួយ​នៅ​រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក គូ​ស្វាមីភរិយា​នោះ​បាន​ស្លាប់​ភ្លាម ហើយ​បុរស​វ័យ​ក្មេង​បាន​សន្លប់​បាត់​ស្មារតី។ ពេល​បុរស​វ័យ​ក្មេង​នោះ​ដឹង​ខ្លួន ហើយ​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង នោះ​ដំបូង​គាត់​គិត​ក្នុង​ចិត្ត​ថា ‹មិន​គួរ​ឲ្យ​ជឿ​សោះ​ថា នេះ​បាន​កើត​ឡើង។ ព្រះ​អង្គ​អើយ សូម​ជួយ​ផង!›។ គាត់​បាន​និយាយ​ថា «ខ្ញុំ​មិន​ទាន់​ដល់​ថ្ងៃ​ស្លាប់​ទេ»។

អ្នក​ទំនង​ជា​ធ្លាប់​ឮ​រឿង​ដូច​នេះ​ដែរ។ កាល​ណា​មនុស្ស​ម្នាក់​រួច​ជីវិត​ទាំង​ប្រផុតប្រផើយ មនុស្ស​និយាយ​ថា ‹គាត់​មិន​ទាន់​ដល់​ថ្ងៃ​ស្លាប់​ទេ›។ ប៉ុន្តែ ពេល​មាន​នរណា​ម្នាក់​ស្លាប់​ដោយ​ឧបទ្ទវហេតុ ពួក​គេ​សន្និដ្ឋាន​ថា ‹ជា​ពេល​ដែល​ត្រូវ​ស្លាប់› ឬ​‹ព្រះ​កំណត់​ឲ្យ›។ មិន​ថា​មនុស្ស​ចាត់​ទុក​ថា​ព្រឹត្ដិការណ៍​នេះ​ជា​លទ្ធផល​នៃ​ព្រហ្ម​លិខិត សំណាង វាសនា ឬ​ព្រះ​ក៏​ដោយ តែ​ជំនឿ​របស់​ពួក​គេ​គឺ​ដូច​គ្នា។ មនុស្ស​ជា​ច្រើន​ជឿ​ថា​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ក្នុង​ជីវិត​ខ្លួន និង​លទ្ធផល​នៃ​ព្រឹត្ដិការណ៍​ទាំង​នោះ ត្រូវ​បាន​កំណត់​ទុក​ជា​មុន ហើយ​ជឿ​ថា​ពួក​គេ​មិន​អាច​ផ្លាស់​ប្ដូរ​ព្រឹត្ដិការណ៍​និង​លទ្ធផល​នោះ​ឡើយ។ ណា​មួយ​ទៀត មនុស្ស​មិន​មាន​ទស្សនៈ​បែប​នេះ​គ្រាន់តែ​ពេល​មាន​គេ​ស្លាប់​ឬ​ពេល​មាន​ឧបទ្ទវហេតុ​ប៉ុណ្ណោះ​ទេ ហើយ​ទស្សនៈ​បែប​នេះ​ក៏​មិន​មែន​ថ្មី​ដែរ។

ជា​ឧទាហរណ៍ ពួក​បាប៊ីឡូន​ពី​បុរាណ ជឿ​ថា​ផ្កាយ​និង​ការ​ធ្វើ​ដំណើរ​របស់​ផ្កាយ​មាន​អានុភាព​ទៅ​លើ​អ្វី​ដែល​កើត​ឡើង​ដល់​មនុស្ស។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល​ទៅ​លើ​មេឃ​រក​ប្រផ្នូល​ដើម្បី​ដឹក​នាំ​ពួក​គេ។ សាសន៍​ក្រិច​និង​សាសន៍​រ៉ូម​បាន​គោរព​ប្រណិប័តន៍​ព្រះ​នាង​នៃ​ព្រហ្ម​លិខិត ដែល​គេ​ជឿ​ថា​ព្រះ​នាង​មាន​អំណាច​កំណត់​ឲ្យ​មនុស្ស​មាន​អនាគត​ល្អ​ឬ​អាក្រក់ ហើយ​ជួនកាល​អំណាច​នោះ​លុប​លើ​បំណង​នៃ​ព្រះ​ដ៏​ចម្បង​របស់​ពួក​គេ ឈ្មោះ​គឺ​សឺស​និង​ព្រហស្បតិ៍។

នៅ​ទ្វីប​អាស៊ី អ្នក​កាន់​តាម​សាសនា​ហិណ្ឌូ​និង​ពុទ្ធសាសនា​ជឿ​ថា អ្វីៗ​ដែល​បុគ្គល​កំពុង​តែ​ឆ្លង​កាត់ គឺ​ដោយ​ព្រោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ជាតិ​មុន ហើយ​ការ​ប្រព្រឹត្ត​របស់​គាត់​នៅ​ជាតិ​នេះ បញ្ជាក់​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​គាត់​នៅ​ជាតិ​ក្រោយ។ សាសនា​ឯ​ទៀត រួម​ទាំង​សាសនា​ជា​ច្រើន​ក្នុង​ពិភព​គ្រិស្ត​សាសនា ក៏​ជឿ​ថា​ខ្លួន​គេ​មិន​អាច​ជា​ម្ចាស់​ជីវិត​ខ្លួន ដោយ​បង្រៀន​ថា​ព្រះ​កំណត់​វាសនា​ទុក​ជា​មុន។

ហេតុ​នេះ​ហើយ​បាន​ជា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ! ដែល​មនុស្ស​ជា​ច្រើន​នៅ​តែ​ជឿ​ថា​ស្ថានការណ៍​របស់​ខ្លួន លទ្ធផល​នៃ​កិច្ចការ​ប្រចាំ​ថ្ងៃ និង​វាសនា​របស់​ខ្លួន គឺ​ត្រូវ​បាន​កំណត់​ដោយ​ព្រហ្ម​លិខិត ហើយ​ជឿ​ថា​ខ្លួន​មិន​អាច​ធ្វើ​អ្វី​ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានការណ៍​ទាំង​នោះ​សោះ។ ជំនឿ​បែប​នេះ​នៅ​តែ​មាន ទោះ​ជា​យើង​រស់​នៅ​សម័យ​ទំនើប​ដែល​ជា​សម័យ​មនុស្ស​គិត​ថា​ជំនឿ​និង​ទស្សនៈ​របស់​ខ្លួន​ផ្អែក​ទៅ​លើ​ការ​ពិត​ក៏​ដោយ។ តើ​អ្នក​មាន​អារម្មណ៍​ដូច្នោះ​ចំពោះ​ជីវិត​ឬ? តើ​ព្រឹត្ដិការណ៍​និង​ហេតុ​ការណ៍ ជោគជ័យ​និង​បរាជ័យ សូម្បី​តែ​ការ​កើត​និង​ស្លាប់ ពិត​ជា​បាន​កំណត់​រួច​ទៅ​ហើយ​ទេ? តើ​ជីវិត​របស់​អ្នក​ស្រេច​ទៅ​លើ​ព្រហ្ម​លិខិត​ឬ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​គម្ពីរ​អាច​ជួយ​យើង​ឆ្លើយ​សំណួរ​ទាំង​នេះ។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

Ken Murray/New York Daily News