លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឥឡូវជាពេលដែលត្រូវសម្រេចចិត្ដ

ឥឡូវជាពេលដែលត្រូវសម្រេចចិត្ដ

ឥឡូវ​ជា​ពេល​ដែល​ត្រូវ​សម្រេច​ចិត្ត

​«[ព្រះ]​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូបអង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ ឲ្យ​ចំ​នឹង​រូបអង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង ជា​ប្រុស​ជា​ស្រី»។—លោកុប្បត្តិ ១:២៧

ពាក្យ​ទាំង​នោះ​ដែល​មាន​ក្នុង​ជំពូក​ដំបូង​នៃ​គម្ពីរ ជា​ពាក្យ​ដែល​គេ​ស្គាល់​ច្បាស់។ ពាក្យ​ទាំង​នោះ​បញ្ជាក់​ពី​អ្វី​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះ​បាន​បង្កើត​«ឲ្យ​ល្អ​តាម​រដូវ​កាល» ពោល​គឺ​គូ​ស្វាមីភរិយា​ដំបូង អាដាម​និង​អេវ៉ា ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ (សាស្ដា ៣:១១) ក្នុង​នាម​ជា​អ្នក​បង្កើត​ពួក​គេ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង»។—លោកុប្បត្តិ ១:២៨

តាម​រយៈ​ពាក្យ​នោះ​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គូ​ស្វាមីភរិយា​ដំបូង លោក​បាន​បញ្ជាក់​ឲ្យ​គេ​ដឹង​ពី​គោល​បំណង​របស់​លោក។ ពួក​គេ​មាន​ភារកិច្ច​បង្កើត​កូន ហើយ​ថែ​រក្សា​ផែនដី ដោយ​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​សម្រាប់​ខ្លួន​និង​កូន​ចៅ​ផង។ ព្រះ​មិន​បាន​កំណត់​ទុក​អាយុជីវិត​របស់​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​សន្យា​ពួក​គេ​អ្វី​មួយ​ដ៏​ល្អ​ប្រសើរ។ ប្រសិនបើ​ពួក​គេ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ហើយ​រក្សា​ភាព​ចុះ​សម្រុង​គ្នា​ជា​មួយ​ព្រះ នោះ​ពួក​គេ​អាច​រស់​នៅ​ជា​រៀង​រហូត​ដោយ​មាន​សេចក្ដី​សុខសាន្ត​និង​សុភមង្គល។

ប៉ុន្តែ ពួក​គេ​បាន​សម្រេច​ចិត្ត​ខុស ហើយ​ជា​លទ្ធផល មនុស្ស​ជាតិ​ទាំង​ឡាយ​ទទួល​ភាព​ចាស់​ជរា​និង​សេចក្ដី​ស្លាប់។ តាម​ពិត យ៉ូប​ដែល​ជា​មេ​គ្រួសារ​ម្នាក់​ពី​បុរាណ ទទួល​ស្គាល់​ថា​៖ «មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធតែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា​និច្ច​ផង»។ (យ៉ូប ១៤:១) ដូច្នេះ តើ​មាន​អ្វី​កើត​ឡើង?

គម្ពីរ​ពន្យល់​ថា​៖ «ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស»។ (រ៉ូម ៥:១២) «បុរស​តែ​ម្នាក់»​នោះ​គឺ​អាដាម ដែល​បាន​សម្រេច​ចិត្ត​ដោយ​ចេតនា មិន​ស្ដាប់​បង្គាប់​បញ្ញត្ដិ​ដ៏​ស្រួល​យល់​របស់​ព្រះ។ (លោកុប្បត្តិ ២:១៧) ដោយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​នេះ នោះ​អាដាម​បោះបង់​ឱកាស​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ ណា​មួយ​ទៀត គាត់​ក៏​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​គាត់​បាត់បង់​មត៌ក​ដែល​ពិត​ជា​មាន​តម្លៃ ហើយ​ទទួល​ទោស​នៃ​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​វិញ។ តាម​មើល​ទៅ អ្វីៗ​ទាំង​អស់​ខាត​ទទេ។ ប៉ុន្តែ តើ​ពិត​ជា​ដូច្នេះ​ឬ?

ពេល​ធ្វើ​អ្វីៗ​ទាំង​អស់​ថ្មី

រាប់​ពាន់​ឆ្នាំ​ក្រោយ​មក ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​តែង​បទ​ទំនុកដំកើង​សរសេរ​ថា​៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជាម​រដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។ (ទំនុកដំកើង ៣៧:២៩) ដោយ​បញ្ជាក់​ថា​សេចក្ដី​សន្យា​ដែល​ព្រះ​បាន​លើក​ឡើង​នៅ​សួន​ច្បារ​អេដែន​នឹង​ពិត​ជា​សម្រេច​មែន នោះ​បណ្ដាំ​របស់​ព្រះ​រៀប​រាប់​យ៉ាង​ល្អ​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ពី​អ្វី​ដែល​លោក​នឹង​ធ្វើ​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​ថា​៖ «លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វីៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ»។ បន្ទាប់​មក ព្រះ​មាន​ប្រសាសន៍​ថា​៖ «មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វីៗ​ទាំង​អស់​ថ្មី»។—ការ​បើក​បង្ហាញ ២១:៤, ៥

ដោយ​ព្រោះ​មាន​ពេល​កំណត់​សម្រាប់​អ្វីៗ​ទាំង​អស់ នោះ​គឺ​សម​ហេតុ​សម​ផល​ដែល​យើង​សួរ​ថា ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ​សម្រេច​ជា​ពិត​ប្រាកដ តើ​លោក​នឹង​ធ្វើ​អ្វី​ទាំង​អស់​ថ្មី​នៅ​ពេល​ណា? សាក្សី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​នេះ បាន​ខំ​ប្រឹង​ប្រាប់​មនុស្ស​ឲ្យ​ដឹង​ថា យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​គម្ពីរ​ហៅ​ថា​«គ្រា​ចុង​ក្រោយ​បង្អស់» ហើយ​ឲ្យ​ដឹង​ថា​ពេល​ដែល​ព្រះ​នឹង​ចាត់​វិធាន​ការណ៍​«ធ្វើ​អ្វីៗ​ទាំង​អស់​ថ្មី»​គឺ​ជិត​ណាស់​ហើយ។ (ធីម៉ូថេទី២ ៣:​១) ដូច្នេះ យើង​សូម​បំផុស​ទឹក​ចិត្ត​លោក លោក​ស្រី​ទាំង​អស់​គ្នា​ឲ្យ​ពិនិត្យ​មើល​គម្ពីរ ហើយ​រៀន​អំពី​អនាគត​ដ៏​អស្ចារ្យ​ដែល​អ្នក​អាច​មាន។ យើង​ក៏​បំផុស​ទឹក​ចិត្ត​លោក លោក​ស្រី​ទាំង​អស់​គ្នា​ឲ្យ​ព្រម​ទទួល​សេចក្ដី​អញ្ជើញ​នេះ​ដែរ​ដែល​ថា​៖ «ចូរ​ស្វែងរក​ព្រះ​យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ។ ហើយ​អំពាវ​នាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់នៅ​ជិត​ចុះ»។ (អេសាយ ៥៥:៦) ជា​ជាង​ផ្អែក​លើ​ព្រហ្ម​លិខិត ជីវិត​របស់​អ្នក​និង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ គឺ​ស្រេច​លើ​អ្នក​ផ្ទាល់!

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៨]

​«មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វីៗ​ទាំង​អស់​ថ្មី»