លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរយកចិត្ដទុកដាក់យ៉ាងខ្លាំង»ចុះ!

«ចូរយកចិត្ដទុកដាក់យ៉ាងខ្លាំង»ចុះ!

«ចូរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង»​ចុះ!

​«ទី​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ ចូរ . . . យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន»។—១ពេ. ៤:៧

១​. តើ​អ្វី​ជា​រឿង​សំខាន់​ចម្បង​នៃ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ?

ពេល​លោក​យេស៊ូ​នៅ​លើ​ផែនដី រឿង​សំខាន់​ចម្បង​នៃ​សេចក្ដី​បង្រៀន​របស់​លោក​គឺ​រាជាណាចក្រ​របស់​ព្រះ។ តាម​រយៈ​រាជាណាចក្រ​នោះ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សកល​លោក​ទាំង​មូល ហើយ​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ យ៉ាង​នេះ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​ឲ្យ​អធិដ្ឋាន​ដល់​ព្រះ​ថា​៖ «សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថ. ៤:១៧; ៦:៩, ១០) មិន​យូរ​ប៉ុន្មាន​ទៀត រាជ​រដ្ឋាភិបាល​នោះ​នឹង​បំផ្លាញ​ចោល​ពិភព​លោក​របស់​សាថាន ហើយ​ក្រោយ​មក​ចាត់​ចែង​កិច្ចការ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ​នៅ​ទូ​ទាំង​ផែនដី។ ដូច​ដានីយ៉ែល​បាន​ទាយ​ទុក រាជាណាចក្រ​របស់​ព្រះ​«នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​[ដែល​មាន​នៅ​បច្ចុប្បន្ន]​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។—ដា. ២:៤៤

២​. (ក) តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ដឹង​ថា​លោក​មាន​វត្តមាន​ជា​ស្តេច​យ៉ាង​ដូច​ម្ដេច​បាន? (ខ) តើ​សញ្ញា​សម្គាល់​នឹង​បញ្ជាក់​អ្វី​ទៀត?

ដោយ​សារ​ការ​មក​ដល់​នៃ​រាជាណាចក្រ​របស់​ព្រះ​មាន​សារៈ​សំខាន់​ខ្លាំង​ចំពោះ​អ្នក​កាន់​តាម​លោក​យេស៊ូ នោះ​ពួក​គេ​សួរ​លោក​ថា​៖ «តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?»។ (ម៉ាថ. ២៤:៣) មនុស្ស​យើង​នៅ​ផែនដី​មិន​អាច​ឃើញ​គ្រិស្ត​មាន​វត្តមាន​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ឡើយ ម្ល៉ោះ​ហើយ​នឹង​មាន​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក។ សញ្ញា​សម្គាល់​នោះ​នឹង​មាន​លក្ខណៈ​ផ្សេងៗ​ដូច​បាន​ទាយ​ទុក​ក្នុង​បទ​គម្ពីរ។ ដូច្នោះ​ហើយ អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​នៃ​វត្តមាន​របស់​លោក អាច​យល់​ឃើញ​ថា​លោក​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​លើ​ស្ថាន​សួគ៌។ ម្យ៉ាង​ទៀត សម័យ​នោះ​ក៏​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​មួយ​ដែល​គម្ពីរ​ហៅ​ថា «គ្រា​ចុង​ក្រោយ​បង្អស់»​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​ដែល​មាន​នៅ​ទូ​ទាំង​ផែនដី។—២ធី. ៣:១​-​៥, ១៣; ម៉ាថ. ២៤:៧​-​១៤

ចូរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់

៣​. ហេតុ​អ្វី​បាន​ជា​ពួក​គ្រិស្ត​សាសនិក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង?

សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «ទី​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ ចូរ​ដឹង​ខុស​ត្រូវ​ជា​និច្ច ហើយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន»។ (១ពេ. ៤:៧) អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ហើយ​ខំ​មើល​ព្រឹត្ដិការណ៍​ក្នុង​ពិភព​លោក​ដែល​ចង្អុល​ប្រាប់​ថា​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច។ ណា​មួយ​ទៀត ពួក​គេ​នឹង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើស​ជាង​មុន ខណៈ​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​ជិត​មក​ដល់។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​ថា​៖ «ចូរ​ចាំ​យាម​ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ពេល​ណា​[ដើម្បី​ដាក់​ទោស​លើ​ពិភព​លោក​របស់​សាថាន]​ឡើយ»។—ម៉ាក. ១៣:​៣៥, ៣៦

៤​. សូម​រៀប​រាប់​ភាព​ផ្ទុយ​គ្នា​រវាង​ចិត្ត​គំនិត​នៃ​មនុស្ស​ដែល​រួម​ចំណែក​ក្នុង​ពិភព​លោក​របស់​សាថាន និង​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ (សូម​រួម​បញ្ចូល​ប្រអប់​ដែរ)

មនុស្ស​ជា​ទូទៅ​ស្ថិត​ក្រោម​អំណាច​របស់​សាថាន ហើយ​ពួក​គេ​មិន​បាន​ចាំ​យាម​មើល​ខ្លឹម​សារ​នៃ​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ក្នុង​ពិភព​លោក​ទេ។ ពួក​គេ​មិន​បាន​យល់​ថា​គ្រិស្ត​មាន​វត្តមាន​គ្រប់​គ្រង​ជា​ស្តេច​ឡើយ។ ប៉ុន្តែ អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ស្តី​អំពី​អត្ថន័យ​ដ៏​ពិត​ចំពោះ​អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុង​សតវត្សរ៍​កន្លង​ទៅ​នេះ។ តាំង​ពី​ឆ្នាំ​១៩២៥​មក សាក្សី​ព្រះ​យេហូវ៉ា​បាន​ទទួល​ស្គាល់​ថា​សង្គ្រាម​លោក​លើក​ទី​១ ព្រម​ទាំង​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នោះ ជា​ទី​សំអាង​ជាក់​ស្តែង​ដែល​បញ្ជាក់​ថា​ចាប់​ពី​ឆ្នាំ​១៩១៤​មក គ្រិស្ត​មាន​វត្តមាន​គ្រប់​គ្រង​ជា​ស្តេច​នៅ​លើ​ស្ថាន​សួគ៌។ យ៉ាង​នេះ គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន​បាន​ចាប់​ផ្ដើម​ដែរ។ ទោះ​បើ​មនុស្ស​ជា​ច្រើន​ដែល​ចេះ​សង្កេតការណ៍​មិន​យល់​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក៏​ដោយ ពួក​គេ​នៅ​តែ​ទទួល​ស្គាល់​ថា​គ្រា​មុន​និង​គ្រា​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ខុស​គ្នា​ឆ្ងាយ​ណាស់ (សូម​មើល​ប្រអប់​«គ្រា​ដ៏​ច្របូក​ច្របល់​បាន​ចាប់​ផ្ដើម»)។

៥​. ហេតុ​អ្វី​បាន​ជា​សំខាន់​ចាំ​បាច់​ឲ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង?

អស់​រយៈ​ពេល​ជិត​១០០​ឆ្នាំ​ហើយ ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ខ្ពើម​ត្រូវ​បាន​កើត​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​នេះ​ផ្ដល់​សក្ខីភាព​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​មែន។ មាន​ពេល​តិច​ណាស់ មុន​ព្រះ​យេហូវ៉ា​បញ្ជា​ឲ្យ​គ្រិស្ត​នាំ​មុខ​ទេវតា​ជា​កង​កម្លាំង​ដ៏​ខ្លាំងក្លា ឲ្យ​ប្រឆាំង​នឹង​ពិភព​លោក​របស់​សាថាន។ (បប. ១៩:១១​-​២១) គ្រិស្ត​សាសនិក​ពិត​ត្រូវ​បាន​ណែនាំ​ឲ្យ​ចាំ​យាម​រហូត។ អាស្រ័យ​ហេតុ​នេះ គឺ​ចាំ​បាច់​ឲ្យ​យើង​បន្ត​ធ្វើ​ដូច្នេះ​កាល​ដែល​យើង​រង់​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ (ម៉ាថ. ២៤:៤២) យើង​ត្រូវ​ចាំ​យាម​រហូត ហើយ​ក្រោម​ការ​ណែនាំ​របស់​គ្រិស្ត យើង​ត្រូវ​បំពេញ​កិច្ចការ​ដ៏​ជាក់​លាក់​មួយ​នៅ​លើ​ផែនដី​ទាំង​មូល។

កិច្ចការ​ដែល​ត្រូវ​ធ្វើ​នៅ​ទូ​ទាំង​ផែនដី

៦, ៧​. តើ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​បាន​រីក​ចម្រើន​ឡើង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​យ៉ាង​ដូច​ម្ដេច?

កិច្ចការ​ដែល​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​ធ្វើ​គឺ​បាន​ទាយ​ទុក​ជា​សញ្ញា​សម្គាល់​រួម​បញ្ចូល​លក្ខណៈ​ផ្សេងៗ ដែល​បញ្ជាក់​ថា​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។ លោក​យេស៊ូ​បាន​ពិពណ៌នា​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​នៅ​ទូ​ទាំង​ផែនដី​នេះ ពេល​លោក​ប្រាប់​អំពី​អ្វី​ផ្សេងៗ​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​បញ្ចប់។ ក្នុង​ទំនាយ​របស់​លោក​យេស៊ូ​មាន​ប្រយោគ​មួយ​ដ៏​មាន​ខ្លឹម​សារ​ដែល​ថា​៖ «ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់»។—ម៉ាថ. ២៤:១៤

សូម​គិត​អំពី​ហេតុ​ការណ៍​ពិត​ខ្លះៗ​ដែល​ទាក់​ទង​នឹង​លក្ខណៈ​នៃ​ទំនាយ​របស់​លោក​យេស៊ូ។ ពេល​គ្រា​ចុង​ក្រោយ​បង្អស់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ នោះ​មាន​មនុស្ស​ចំនួន​តិច​ទេ​ដែល​ប្រកាស​ផ្សាយ​ដំណឹង​ល្អ។ មក​ដល់​ពេល​នេះ ចំនួន​នោះ​បាន​កើន​ឡើង​យ៉ាង​ច្រើន​មែន។ ឥឡូវ​នេះ​មាន​សាក្សី​ព្រះ​យេហូវ៉ា​ជាង​៧​.​០០០​.​០០០​នាក់ ដែល​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក ដែល​ត្រូវ​បាន​រៀប​ចំ​ជា​សមាជិក​ក្នុង​ជាង​១០០​.​០០០​ក្រុម​ជំនុំ។ ក្រៅ​ពី​នេះ នៅ​ពិធី​បុណ្យ​រំលឹក​មរណភាព​របស់​គ្រិស្ត​នា​ឆ្នាំ​២០០៨ នោះ​មាន​មនុស្ស​ចំនួន​១០​.​០០០​.​០០០​នាក់​ទៀត​ដែល​បាន​ចូល​រួម។ ដូច្នេះ នេះ​បាន​សេចក្ដី​ថា​មាន​អ្នក​ចូល​រួម​ច្រើន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​ឆ្នាំ​២០០៧។

៨​. ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ទទួល​ជោគជ័យ?

នេះ​ពិត​ជា​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​ព្រះ ក្នុង​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់​មែន! ទាំង​អស់​នេះ​បាន​កើត​ឡើង​ទោះ​ជា​សាថាន​ជា​«ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ»​ក៏​ដោយ។ (២កូ. ៤:​៤) គ្រប់​វិធី​ឃោសនា​ព័ត៌មាន​ខាង​នយោបាយ សាសនា និង​ខាង​ពាណិជ្ជកម្ម​ក្នុង​ពិភព​លោក​នេះ​ស្ថិត​ក្រោម​អំណាច​របស់​សាថាន។ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​មាន​ជោគជ័យ​ដ៏​អស្ចារ្យ? នេះ​គឺ​ដោយ​សារ​យើង​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ កិច្ចការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ឈាន​ទៅ​មុខ​យ៉ាង​ល្អ​អស្ចារ្យ​មែន ទោះ​ជា​សាថាន​ខិត​ខំ​ប្រឹង​បញ្ឈប់​ក៏​ដោយ។

៩​. ហេតុ​អ្វី​បាន​ជា​ជោគជ័យ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ ការ​កើន​ឡើង​ស្តី​អំពី​ចំនួន​សមាជិក ព្រម​ទាំង​ចំណេះ​អំពី​ព្រះ​និង​គោល​បំណង​របស់​លោក អាច​ហៅ​ថា​ជា​អព្ភូតហេតុ?

ជោគជ័យ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​បាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ការ​កើន​ឡើង​ស្តី​អំពី​ចំនួន​សមាជិក ព្រម​ទាំង​ចំណេះ​អំពី​ព្រះ​និង​គោល​បំណង​របស់​លោក នោះ​អាច​ហៅ​ថា​ជា​អព្ភូតហេតុ​តែ​ម្ដង។ ប្រសិន​បើ​មិន​មាន​ការ​គាំទ្រ​ពី​ព្រះ​ទេ ដែល​រួម​បញ្ចូល​ការ​ណែនាំ​និង​ការ​ការពារ​រាស្ត្រ​របស់​លោក នោះ​យើង​មិន​អាច​បំពេញ​កិច្ចការ​ផ្សព្វ​ផ្សាយ​បាន​ឡើយ។ (សូម​អាន ម៉ាថាយ ១៩:​២៦) យើង​អាច​ជឿ​ជាក់​ថា ដោយ​សារ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​ចិត្ត​មនុស្ស​ដែល​ស្ម័គ្រ​បម្រើ​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នោះ កិច្ចការ​ផ្សព្វ​ផ្សាយ​នឹង​មាន​ជោគជ័យ​រហូត ហើយ​យើង​ក៏​អាច​ជឿ​ជាក់​ដែរ​ថា​«រួច​ទី​បញ្ចប់​នឹង​មក​ដល់»។ គ្រា​នោះ​គឺ​ជិត​ណាស់​ហើយ។

«គ្រា​ទុក្ខវេទនា​ជា​ខ្លាំង»

១០​. តើ​លោក​យេស៊ូ​បាន​ពិពណ៌នា​អំពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​ជិត​មក​ដល់​យ៉ាង​ដូច​ម្ដេច?

១០ ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​នឹង​មក​តាម​រយៈ​អ្វី​ដែល​គម្ពីរ​ហៅ​ថា​«គ្រា​ទុក្ខវេទនា​ជា​ខ្លាំង»។ (បប. ៧:១៤) គម្ពីរ​មិន​បាន​រៀប​រាប់​ថា​គ្រា​នោះ​នឹង​មាន​អស់​រយៈ​ពេល​ប៉ុន្មាន​ទេ ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «នៅ​គ្រា​នោះ នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ»។ (ម៉ាថ. ២៤:២១) ពេល​យើង​ពិចារណា​អំពី​ទុក្ខ​វេទនា​ដែល​ធ្លាប់​មាន​ក្នុង​ពិភព​លោក​នេះ ដូច​ជា​សង្គ្រាម​លោក​លើក​ទី​២​ដែល​មាន​មនុស្ស​ប្រមាណ​៥០​ទៅ​៦០​លាន​នាក់​បាន​បាត់បង់​ជីវិត នោះ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​ជិត​មក​ដល់​ពិត​ជា​ធ្ងន់ធ្ងរ​ក្រៃ​លែង។ នៅ​ដំណាច់​គ្រា​នោះ​នឹង​មាន​សង្គ្រាម​ហា​ម៉ា​គេ​ដូន។ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ចាត់​ពួក​ទេវតា​ជា​កង​កម្លាំង​របស់​លោក ឲ្យ​បំផ្លាញ​ចោល​របៀប​របប​របស់​សាថាន​ដែល​នៅ​សេស​សល់​នៅ​ផែនដី។—បប. ១៦:១៤, ១៦

១១, ១២​. តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​ជា​សញ្ញា​សម្គាល់​បញ្ជាក់​ពី​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?

១១ ទំនាយ​ក្នុង​គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​ថ្ងៃ​ខែ​ដែល​ដំណាក់​កាល​ទី​១​នៃ​គ្រា​ទុក្ខ​វេទនា​នឹង​ចាប់​ផ្ដើម​ទេ តែ​បាន​រៀប​រាប់​ឲ្យ​យើង​ដឹង​អំពី​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដែល​ជា​សញ្ញា​សម្គាល់​បញ្ជាក់​ពី​ទី​ចាប់​ផ្ដើម​នៃ​គ្រា​នោះ​វិញ។ ព្រឹត្ដិការណ៍​នោះ​គឺជា​សេចក្ដី​ហិន​វិនាស​នៃ​សាសនា​មិន​ពិត​ទាំង​ឡាយ​ដោយ​ពួក​នយោបាយ។ ទំនាយ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​១៧ និង​១៨ បាន​ប្រៀប​សាសនា​មិន​ពិត​ទៅ​នឹង​ស្ត្រី​ពេស្យា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​ប្រព័ន្ធ​នយោបាយ​នៅ​ផែនដី។ សៀវភៅ​ការ​បើក​បង្ហាញ ១៧:​១៦ ពន្យល់​ថា​បន្ដិច​ទៀត​ពួក​នយោបាយ​នឹង​«ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​នឹង​បំផ្លាញ​នាង​ព្រម​ទាំង​ធ្វើ​ឲ្យ​នាង​នៅ​អាក្រាត ក៏​នឹង​ស៊ី​សាច់​នាង ហើយ​ដុត​ចោល​ក្នុង​ភ្លើង»។

១២ ដល់​ពេល​នោះ ព្រះ​នឹង​«បណ្ដាល​ចិត្ត​ពួក​គេ​[ពួក​នយោបាយ]​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក»​ដើម្បី​បំផ្លាញ​ចោល​សាសនា​មិន​ពិត។ (បប. ១៧:​១៧) ដូច្នេះ យើង​អាច​យល់​ថា​គឺ​ព្រះ​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ហិន​វិនាស​នេះ។ នេះ​ជា​ការ​វិនិច្ឆ័យ​របស់​ព្រះ​លើ​សាសនា​ដ៏​មាន​ពុត​ត្បុត ដែល​យូរ​យារ​មក​ហើយ​បាន​បង្រៀន​លទ្ធិ​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​បម្រើ​របស់​លោក​ផង។ មនុស្ស​ជា​ទូទៅ​ក្នុង​ពិភព​លោក​មិន​ដឹង​ជា​មុន​អំពី​ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត​ទេ។ ប៉ុន្តែ អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​ដឹង​អំពី​រឿង​នេះ​មែន ហើយ​ពួក​គេ​បាន​ប្រាប់​មនុស្ស​ឲ្យ​ដឹង​អំពី​រឿង​នេះ​នៅ​ទូ​ទាំង​គ្រា​ចុង​ក្រោយ​ផង។

១៣​. តើ​អ្វី​បង្ហើប​ថា​ទី​បញ្ចប់​នៃ​សាសនា​មិន​ពិត​នឹង​កើត​ឡើង​ភ្លាមៗ?

១៣ មនុស្ស​នឹង​ស្លុត​ភាន់​ភាំង​ស្មារតី​តែ​ម្ដង​ពេល​ឃើញ​សាសនា​មិន​ពិត​ត្រូវ​វិនាស។ ស្តី​អំពី​សេចក្ដី​ហិន​វិនាស​នោះ ទំនាយ​ក្នុង​គម្ពីរ​បាន​បង្ហាញ​ថា សូម្បី​តែ​«ស្តេច​ទាំង​ឡាយ​នៅ​ផែនដី»​នឹង​ពោល​ថា​៖ ‹ស្ដាយ​ណាស់! ស្ដាយ​ណាស់ . . . ពីព្រោះ​ការ​វិនិច្ឆ័យ​ទោស​របស់​អ្នក​បាន​មក​ដល់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!›។ (បប. ១៨:៩, ១០, ១៦, ១៩) ពាក្យ​«មួយ​ម៉ោង»​ក្នុង​គម្ពីរ​បាន​បញ្ជាក់​ថា​ព្រឹត្ដិការណ៍​នោះ​នឹង​កើត​ឡើង​ភ្លាមៗ។

១៤​. នៅ​ទី​បំផុត ពេល​ពួក​សត្រូវ​របស់​ព្រះ​យេហូវ៉ា​ពាធា​អ្នក​បម្រើ​របស់​លោក តើ​ព្រះ​នឹង​ធ្វើ​អ្វី?

១៤ យើង​យល់​ថា​មួយ​រយៈ​ក្រោយ​ពី​ពេល​ដែល​សាសនា​មិន​ពិត​ត្រូវ​បាន​បំផ្លាញ​ចោល នោះ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ទទួល​ការ​ពាធា ដោយ​បាន​ប្រកាស​ផ្សាយ​សារ​វិនិច្ឆ័យ​របស់​លោក។ (អេសេ. ៣៨:​១៤​-​១៦) នៅ​ពេល​ដែល​ការ​ពាធា​នោះ​ចាប់​ផ្ដើម នោះ​អ្នក​ពាធា​នឹង​តាំង​ខ្លួន​ជា​គូ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ដែល​លោក​សន្យា​ថា​នឹង​ការពារ​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ដ្បិត​គឺ​ដោយ​សេចក្ដី​ប្រចណ្ឌ​របស់​ខ្ញុំ នឹង​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ថា . . . នោះ​គេ​នឹង​ដឹង​ថា ខ្ញុំ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត›។ (សូម​អាន អេសេគាល ៣៨:១៨​-​២៣) ព្រះ​មាន​ប្រសាសន៍​ក្នុង​បណ្ដាំ​របស់​លោក​ថា​៖ «អ្នក​ណា​ដែល​ពាល់​ឯង​[អ្នក​បម្រើ​ព្រះ​យ៉ាង​ស្មោះ]​រាល់​គ្នា នោះ​គឺជា​ពាល់​ដល់​ប្រស្រី​ព្រះ​នេត្រ​នៃ​ទ្រង់​ហើយ»។ (សាក. ២:​៨) ដូច្នេះ ពេល​សត្រូវ​របស់​ព្រះ​យេហូវ៉ា​ពាធា​អ្នក​បម្រើ​របស់​លោក នោះ​លោក​មិន​នៅ​ស្ងៀម​ឡើយ។ លោក​នឹង​ចាត់​វិធានការ​ដែល​នឹង​ចូល​ទៅ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ពោល​គឺ​សង្គ្រាម​ហា​ម៉ា​គេ​ដូន។ ក្រោម​ការ​បញ្ជា​របស់​គ្រិស្ត ទេវតា​ដែល​ជា​កង​កម្លាំង​ដ៏​ខ្លាំងក្លា​នឹង​ដាក់​ទោស​លើ​ពិភព​លោក​របស់​សាថាន​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា។

តើ​គួរ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច?

១៥​. ការ​យល់​ដឹង​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​គឺ​ជិត​ណាស់​ហើយ តើ​គួរ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ការ​យល់​ដឹង​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​គឺ​ជិត​ណាស់​ហើយ តើ​គួរ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច? សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «ដូច្នេះ ដោយ​សារ​ការ​ទាំង​អស់​នោះ​នឹង​ត្រូវ​រំលាយ​សាប​សូន្យ​ទៅ ចូរ​ពិចារណា​ថា អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា។ អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដីភាព​ចំពោះ​ព្រះ!»។ (២ពេ. ៣:​១១) ពាក្យ​ទាំង​នោះ​តម្រូវ​ឲ្យ​យើង​ចាំ​យាម​យ៉ាង​ដិត​ដល់ ដើម្បី​ប្រាកដ​ថា​កិរិយា​ប្រព្រឹត្ត​របស់​យើង​គឺ​សម​ស្រប​តាម​តម្រូវ​ការ​របស់​ព្រះ ហើយ​ថា​យើង​មាន​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​ភក្ដីភាព និង​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ ការ​ប្រព្រឹត្ត​បែប​នេះ​រួម​បញ្ចូល​ការ​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​មុន​ទី​បញ្ចប់​មក​ដល់។ ពេត្រុស​ក៏​បាន​សរសេរ​ថា​៖ «ទី​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ ចូរ . . . យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន»។ (១ពេ. ៤:៧) យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ដោយ​អធិដ្ឋាន​ជា​រឿយៗ ព្រម​ទាំង​សុំ​ឲ្យ​លោក​ផ្ដល់​ការ​ណែនាំ​តាម​រយៈ​សកម្ម​ពល​បរិសុទ្ធ និង​ក្រុម​ជំនុំ​របស់​លោក​ដែល​មាន​ទូ​ទាំង​ពិភព​លោក។

១៦​. ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​កាន់​តាម​ដំបូន្មាន​នៃ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ខ្ជាប់ខ្ជួន?

១៦ ក្នុង​គ្រា​ទាំង​នេះ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ចាំ​បាច់​ឲ្យ​យើង​កាន់​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ដំបូន្មាន​នៃ​បណ្ដាំ​របស់​ព្រះ​ដែល​ថា​៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ដូច​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា​វិញ។ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ព្រោះ​យើង​រស់​នៅ​សម័យ​ដ៏​ទុច្ចរិត»។ (អេភ. ៥:១៥, ១៦) សព្វ​ថ្ងៃ​នេះ​មាន​អំពើ​អាក្រក់​ជួជាតិ​ច្រើន​ជាង​ពេល​ណាៗ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ។ សាថាន​បាន​បង្កើត​វិធី​ជា​ច្រើន​ដើម្បី​រារាំង​មនុស្ស​ពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ឬ​បង្វែរ​ចិត្ត​បំបែរ​អារម្មណ៍​របស់​ពួក​គេ​ចេញ​តែ​ម្ដង។ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ យើង​ដឹង​យុទ្ធសាស្ត្រ​របស់​សាថាន ហើយ​យើង​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្វី​សោះ​មក​ធ្វើ​ឲ្យ​ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះ​ទៅ​ជា​អន់​ខ្សោយ​ឡើយ។ ម្យ៉ាង​ទៀត យើង​ក៏​ដឹង​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ ហើយ​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​បំណង​របស់​លោក។—សូម​អាន យ៉ូហាន​ទី​១ ២:១៥​-​១៧

១៧​. សូម​ពិពណ៌នា​អំពី​អារម្មណ៍​របស់​អ្នក​ដែល​រួច​រស់​ជីវិត​នៅ​សង្គ្រាម​ហា​ម៉ា​គេ​ដូន ពេល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

១៧ នៅ​ពិភព​លោក​ថ្មី ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​លោក​ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ពីព្រោះ​«មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»។ (សកម្ម. ២៤:១៥) សូម​កត់​សម្គាល់​ពាក្យ​ដែល​បាន​សង្កត់​នៅ​ក្នុង​សេចក្ដី​សន្យា​នោះ​ដែល​ថា​៖ «នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»! ពាក្យ​ទាំង​នេះ​បញ្ជាក់​ថា​គ្មាន​ការ​សង្ស័យ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ហើយ! អេសាយ ២៦:១៩​ក៏​បាន​ចែង​ថា​៖ «ឯ​ពួក​ស្លាប់​របស់​ឯង គេ​នឹង​រស់​ទៀត . . . ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ! . . . ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក»។ ពាក្យ​ទាំង​នោះ​មាន​ការ​សម្រេច​ជា​ដំបូង​ពេល​ព្រះ​ប្រោស​រាស្ត្រ​របស់​លោក​ពី​សម័យ​បុរាណ​ឲ្យ​រួច ដើម្បី​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។ ដូច្នេះ នេះ​នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​នឹង​ជិត​មាន​ការ​សម្រេច​តាម​ន័យ​ត្រង់ៗ​ក្នុង​ពិភព​លោក​ថ្មី។ ពេល​មនុស្ស​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជួប​បង​ប្អូន​ជា​ទី​ស្រឡាញ់​ម្ដង​ទៀត នេះ​ពិត​ជា​ពេល​ដ៏​សែន​សប្បាយ​មែន! ត្រូវ​ហើយ ទី​បញ្ចប់​នៃ​ពិភព​លោក​របស់​សាថាន​គឺ​ជិត​ណាស់​ហើយ រីឯ​ពិភព​លោក​ថ្មី​របស់​ព្រះ​ក៏​ជិត​ណាស់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង!

តើ​អ្នក​នៅ​ចាំ​ទេ?

តើ​រឿង​សំខាន់​ចម្បង​នៃ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គឺ​អ្វី?

ឥឡូវ​នេះ តើ​កិច្ចការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​បាន​ធ្វើ​ដល់​កម្រិត​ណា?

ហេតុ​អ្វី​បាន​ជា​សំខាន់​ចាំ​បាច់​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង?

តើ​អ្វី​ដែល​មាន​ក្នុង​សេចក្ដី​សន្យា​នៅ​សៀវភៅ​សកម្មភាព ២៤:១៥ ដែល​ពង្រឹង​ទឹក​ចិត្ត​អ្នក?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១៨, ១៩]

គ្រា​ដ៏​ច្របូក​ច្របល់​បាន​ចាប់​ផ្ដើម

លោក​អ័លិន គ្រិនស្ពែន(Alan Greenspan) បាន​សរសេរ​សៀវភៅ​មួយ​ដែល​បាន​ចេញ​នៅ​ឆ្នាំ​២០០៧ ហើយ​មាន​ចំណង​ជើង ការ​ផ្សង​ព្រេង​ក្នុង​ពិភព​លោក​ថ្មី ដែល​ជា​គ្រា​ដ៏​ច្របូក​ច្របល់ (The Age of Turbulence: Adventures in a New World )។ គាត់​ធ្លាប់​ជា​ប្រធាន​នៃ​គណៈ​កម្ម​ការ​នៃ​ធនាគារ​កណ្ដាល​អាម៉េរិក​អស់​រយៈ​ជិត​២០​ឆ្នាំ។ លោក​គ្រិនស្ពែន​បាន​លើក​ផ្នែក​សំខាន់ៗ​នៃ​ភាព​ផ្ទុយ​គ្នា​រវាង​ស្ថានភាព​ដែល​មាន​ក្នុង​ពិភព​លោក មុន​និង​ក្រោយ​ឆ្នាំ​១៩១៤។ គាត់​បាន​ពោល​ថា​៖

«យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​ទាំង​អស់​ដែល​មាន​មុន​ឆ្នាំ​១៩១៤ នោះ​តាម​មើល​ទៅ​មនុស្ស​ជា​ទូទៅ​និង​អ្នក​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ឡាយ ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ការ​ជឿន​លឿន​ខាង​វប្បធម៌​និង​ខាង​បច្ចេកវិជ្ជា​ផង។ សេចក្ដី​រីក​ចម្រើន​ក្នុង​សង្គម​មនុស្ស​គឺ​អស្ចារ្យ​ដល់​ម្ល៉េះ ដែល​មើល​ទៅ​អាច​ឈោង​ទៅ​កាន់​ភាព​ល្អ​ឥត​ខ្ចោះ​បាន។ ការ​ជួញ​ដូរ​ខ្ញុំ​កញ្ជះ​ត្រូវ​បាន​លុប​បំបាត់​ចោល​នៅ​សតវត្សរ៍​ទី​១៩។ ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​ក៏​ហាក់​ដូច​ជា​បាន​ថយ​ចុះ . . . ការ​ជឿន​លឿន​ខាង​បច្ចេកទេស​និង​ការ​បង្កើត​របស់​របរ​ថ្មីៗ​នៅ​ទូ​ទាំង​ផែនដី ដូច​ជា​ផ្លូវ​រទេះ​ភ្លើង ប្រព័ន្ធ​ទូរស័ព្ទ ភ្លើង​អគ្គី​ស​នី រោង​ភាពយន្ត រថយន្ត និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​សម្បែង​ដែល​មាន​ច្រើន​រក​ពណ៌​នា​ពុំ​បាន។ វេជ្ជសាស្ត្រ ម្ហូប​អាហារ​ដែល​មាន​គុណ​ភាព​កាន់​តែ​ប្រសើរ​ឡើង និង​ការ​ចែក​ចាយ​ទឹក​ស្អាត​ដែល​អាច​ផឹក​បាន នោះ​បាន​នាំ​ឲ្យ​មនុស្ស​មាន​អាយុ​រស់​នៅ​យូរ​ជាង . . . មនុស្ស​គ្រប់​រូប​មាន​អារម្មណ៍​ថា​គ្មាន​អ្វី​មក​បង្អាក់​សេចក្ដី​រីក​ចម្រើន​បែប​នេះ​បាន​ឡើយ»។

ក៏​ប៉ុន្តែ . . . «ទោះ​បើ​មាន​មនុស្ស​បាត់បង់​ជីវិត​ច្រើន​ជាង​នៅ​សង្គ្រាម​លោក​លើក​ទី​២​ក៏​ដោយ តែ​សង្គ្រាម​លោក​លើក​ទី​១​បាន​បំផ្លាញ​ខ្ទេចខ្ទី​ដល់​ការ​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​អារ្យធម៌ ដោយ​ព្រោះ​សង្គ្រាម​នេះ​បាន​បំផ្លាញ​ចោល​នូវ​ការ​ជឿ​ជាក់​មួយ។ ខ្ញុំ​មិន​អាច​បំភ្លេច​ចោល​នូវ​គំនិត​ដែល​មនុស្ស​គ្រប់​រូប​មាន​មុន​សង្គ្រាម​លោក​លើក​ទី​១ ពេល​ដែល​មើល​ទៅ​មនុស្ស​ជាតិ​មាន​ការ​ជឿន​លឿន​យ៉ាង​ឆាប់​រហ័ស​និង​ដោយ​គ្មាន​កំណត់។ សព្វ​ថ្ងៃ ទស្សនៈ​របស់​យើង​ចំពោះ​អនាគត​គឺ​ខុស​គ្នា​ស្រឡះ​ពី​១០០​ឆ្នាំ​មុន តែ​ប្រហែល​ជា​សម​ស្រប​តាម​ស្ថានការណ៍​ដែល​មាន​ពិតៗ​នៅ​សម័យ​នេះ។ សព្វ​ថ្ងៃ​មាន​ភេរវកម្ម កំណើន​សីតុណ្ហភាព​ទូ​ទាំង​ពិភព​លោក និង​ប្រជា​និយម​ជន​ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ តើ​ទាំង​អស់​នេះ​នឹង​មាន​ឥទ្ធិពល​លើ​សេចក្ដី​រីក​ចម្រើន​ខាង​ជំនួញ​រវាង​ប្រទេស​នានា​នៅ​សម័យ​នេះ ដូច​សង្គ្រាម​លោក​លើក​ទី​១​ដែល​មាន​ឥទ្ធិពល​យ៉ាង​អាក្រក់​ទៅ​លើ​សម័យ​មុន​ឬ​ទេ? ពុំ​មាន​នរណា​ម្នាក់​ដែល​អាច​ឆ្លើយ​ជា​ពិត​ប្រាកដ​បាន​ឡើយ»។

លោក​គ្រិនស្ពែន​បាន​នឹក​ចាំ​ពេល​គាត់​សិក្សា​នៅ​មហា​វិទ្យាល័យ នូវ​ពំនោល​របស់​សាស្ដ្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​ឈ្មោះ​បេនយ៉ាមីន អែនឌាសិន (Benjamin M. Anderson រស់​នៅ​ឆ្នាំ​១៨៨៦​-​១៩៤៩) ដែល​បាន​ពោល​ថា​៖ «អស់​អ្នក​ដែល​មាន​ការ​នឹក​ចាំ​និង​ដែល​មាន​សមត្ថភាព​ឆ្លុះ​យល់​អំពី​ស្ថានភាព​ក្នុង​ពិភព​លោក​មុន​សង្គ្រាម​លោក​លើក​ទី​១ អាច​មាន​អារម្មណ៍​អាឡោះ​អាល័យ​ចំពោះ​សម័យ​នោះ។ សម័យ​នោះ​ជា​សម័យ​ដែល​មនុស្ស​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ភាព​សុខសាន្ត តែ​លែង​មាន​ទៀត​តាំង​ពី​ពេល​នោះ​មក» (Economics and the Public Welfare )។

សៀវភៅ​មួយ​ទៀត​ដែល​ចេញ​នៅ​ឆ្នាំ​២០០៦ ដោយ​លោក​ជេរាល់ មៃអា (G. J. Meyer) ដែល​មាន​ចំណង​ជើង ពិភព​លោក​ដែល​មិន​ទាន់​បញ្ចប់ (A World Undone ) ក៏​បាន​សន្និដ្ឋាន​ស្រ​ដៀង​គ្នា​ដែរ។ នៅ​សៀវភៅ​នោះ​យើង​អាន​ថា​៖ «ជា​ញឹក​ញយ​គេ​បាន​និយាយ​ថា​ព្រឹត្ដិការណ៍​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​បាន​‹ផ្លាស់​ប្ដូរ​គ្រប់​ទាំង​អស់›។ ក្នុង​ករណី​នៃ​សង្គ្រាម​ដ៏​ធំ [១៩១៤​-​១៩១៨] យើង​អាច​និយាយ​ថា​សង្គ្រាម​នោះ​ពិត​ជា​បាន​ផ្លាស់​ប្ដូរ​គ្រប់​ទាំង​អស់​មែន។ មិន​គ្រាន់តែ​ផ្លាស់​ប្ដូរ​ព្រំ​ដែន រដ្ឋាភិបាល​និង​អនាគត​នៃ​ប្រទេស​នានា​ប៉ុណ្ណោះ​ទេ តែ​ផ្លាស់​ប្ដូរ​នូវ​របៀប​ដែល​មនុស្ស​មាន​ទស្សនៈ​ចំពោះ​ខ្លួន និង​ចំពោះ​ពិភព​លោក​តាំង​ពី​ពេល​នោះ​មក។ សង្គ្រាម​នោះ​បាន​បង្កើត​ពិភព​លោក​ទំនើប​មួយ ដែល​ខុស​គ្នា​ពី​ពិភព​លោក​ដ៏​សុខសាន្ត​ដែល​មាន​ពី​មុន»។

[រូបភាព​នៅ​ទំព័រ​២០]

ព្រះ​យេហូវ៉ា​នឹង​ចាត់​ទេវតា​ជា​កង​កម្លាំង​ដ៏​ខ្លាំងក្លា​នៅ​ឯ​សង្គ្រាម​ហាម៉ាគេដូន