លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកើតជាថ្មី តើបានសម្រេចបំណងអ្វី?

ការកើតជាថ្មី តើបានសម្រេចបំណងអ្វី?

ការ​កើត​ជា​ថ្មី តើ​បាន​សម្រេច​បំណង​អ្វី?

ពេល​លោក​យេស៊ូ​រៀប​រាប់​អំពី​ការ​ជ្រមុជ​ក្នុង​សកម្ម​ពល​បរិសុទ្ធ ហេតុ​អ្វី​បាន​ជា​លោក​ប្រើ​ពាក្យ​«​កើត . . . ពី​សកម្ម​ពល​របស់​ព្រះ​»​? (​យ៉ូហាន ៣:៥​) ពេល​ប្រើ​ពាក្យ​«​កើត​»​ក្នុង​ន័យ​ធៀប នេះ​មាន​ន័យ​ថា​ ​«​ការ​ចាប់​ផ្ដើម​»​ ដូច​ជា​ឃ្លា​ដែល​ថា​ ​«​ប្រទេស​បាន​កកើត​»។ អាស្រ័យ​ហេតុ​នេះ ពាក្យ​‹ការ​កើត​ជា​ថ្មី›​បញ្ជាក់​ពី​«​ការ​ចាប់​ផ្ដើម​ជា​ថ្មី​»។ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​«​កើត​»​និង​«​កើត​ជា​ថ្មី​»​ក្នុង​ន័យ​ធៀប បញ្ជាក់​ពី​ការ​ចាប់​ផ្ដើម​ថ្មី​ក្នុង​ទំនាក់​ទំនង​រវាង​ព្រះ​និង​អស់​អ្នក​ដែល​បាន​ត្រូវ​ជ្រមុជ​ក្នុង​សកម្ម​ពល​របស់​ព្រះ។ តើ​ទំនាក់​ទំនង​នេះ​ទៅ​ជា​យ៉ាង​ណា​ដែរ?

សាវ័ក​ប៉ូល​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​មួយ​ពី​ជីវិត​គ្រួសារ​ដើម្បី​ពន្យល់​របៀប​ដែល​ព្រះ​រៀប​ចំ​មនុស្ស​ឲ្យ​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ គាត់​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​សម័យ​នោះ​ថា​ព្រះ​នឹង​‹ទទួល​ពួក​គេ​ជា​កូន› ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អាច​ប្រព្រឹត្ត​នឹង​ពួក​គេ​«​ដូច​កូន​»។ (​កាឡាទី ៤:៥; ហេប្រឺ ១២:៧​) ឧទាហរណ៍​នោះ​ស្តី​អំពី​ការ​យក​កូន​មក​ចិញ្ចឹម​ជួយ​យើង​ឲ្យ​យល់​ការ​ផ្លាស់​ប្ដូរ​ដែល​កើត​ឡើង​ពេល​មនុស្ស​ទទួល​ការ​ជ្រមុជ​ក្នុង​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។ ដើម្បី​ដឹង សូម​ឲ្យ​យើង​ពិចារណា​ម្ដង​ទៀត​អំពី​ក្មេង​ជំទង់​ដែល​ចង់​ចុះ​ឈ្មោះ​ក្នុង​សាលា​សម្រាប់​ជន​ជាតិ​ភាគ​តិច។

បាន​ក្លាយ​ជា​កូន​ចិញ្ចឹម

ក្នុង​រឿង​ប្រៀប​ប្រដូច ក្មេង​ជំទង់​នោះ​មិន​អាច​ចុះ​ឈ្មោះ​ចូល​សាលា​ដោយ​សារ​គាត់​មិន​មែន​ជា​ជន​ជាតិ​ភាគ​តិច។ ឥឡូវ សូម​គិត​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​កើត​ឡើង។ បិតា​មួយ​រូប​ដែល​ជា​ជន​ជាតិ​ភាគ​តិច យក​ក្មេង​នោះ​មក​ធ្វើ​ជា​កូន​ចិញ្ចឹម​សម​ស្រប​តាម​ច្បាប់។ តើ​ទង្វើ​នេះ​មាន​ឥទ្ធិពល​លើ​ក្មេង​នោះ​យ៉ាង​ណា? ដោយ​សារ​ជា​កូន​ចិញ្ចឹម ឥឡូវ​គាត់​អាច​មាន​សិទ្ធិ​ដូច​ក្មេង​ជន​ជាតិ​ភាគ​តិច​ឯ​ទៀត រួម​ទាំង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ក្នុង​សាលា​នោះ​ដែរ។ ការ​យក​ក្មេង​នោះ​មក​ចិញ្ចឹម​ជា​កូន​នាំ​ឲ្យ​គាត់​មាន​សិទ្ធិ​ផ្សេង​ៗ​ទៀត​ដែល​គាត់​មិន​ធ្លាប់​មាន​ពី​មុន នេះ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​សម្រាប់​ក្មេង​នោះ។

នេះ​ជួយ​ឲ្យ​យើង​យល់​ពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ជាង​ដែល​កើត​ឡើង​ពេល​ដែល​មនុស្ស​កើត​ជា​ថ្មី។ សូម​គិត​អំពី​ភាព​ស្រ​ដៀង​គ្នា​ខ្លះ​ៗ។ ក្មេង​ប្រុស​នោះ​អាច​ចុះ​ឈ្មោះ​រៀន​នៅ​សាលា​នោះ​បាន លុះ​ត្រា​តែ​ក្មេង​ប្រុស​នោះ​បំពេញ​តាម​តម្រូវ​ការ​របស់​សាលា ទើប​អាច​ចុះ​ឈ្មោះ​រៀន​នៅ​សាលា​នោះ​បាន ពោល​គឺ​គាត់​ត្រូវ​ជា​សមាជិក​ជន​ជាតិ​ភាគ​តិច។ ប៉ុន្តែ គាត់​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​នោះ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ស្រ​ដៀង​គ្នា​ដែរ មនុស្ស​ខ្លះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ បើ​ពួក​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​អាច​ចូល​បាន​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​«​កើត​ម្ដង​ទៀត​»។ ក៏​ប៉ុន្តែ ពួក​គេ​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​នោះ​ដោយ​ខ្លួន​ឯង​បាន​ទេ ពីព្រោះ​ការ​កើត​ម្ដង​ទៀត​គឺ​ស្រេច​ទៅ​លើ​ព្រះ។

តើ​អ្វី​បាន​ផ្លាស់​ប្ដូរ​សភាព​របស់​ក្មេង​ប្រុស​នោះ? គឺ​ការ​យក​គាត់​មក​ចិញ្ចឹម​ជា​កូន​តាម​ច្បាប់។ ពិត​មែន​ហើយ នេះ​មិន​បាន​ផ្លាស់​ប្ដូរ​លក្ខណៈ​របស់​ក្មេង​ប្រុស​នោះ​ឡើយ។ ក្រោយ​ពី​គេ​យក​មក​ធ្វើ​ជា​កូន​ចិញ្ចឹម នោះ​គាត់​នៅ​តែ​មាន​លក្ខណៈ​ដូច​ពី​មុន។ យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​បាន​យក​មក​ធ្វើ​ជា​កូន​ចិញ្ចឹម​សម​ស្រប​តាម​ច្បាប់ ក្មេង​ប្រុស​នោះ​មាន​អត្តសញ្ញាណ​ថ្មី។ ពិត​មែន គាត់​មាន​ការ​ចាប់​ផ្ដើម​ជា​ថ្មី នេះ​ហាក់​ដូច​ជា​គាត់​កើត​ជា​ថ្មី។ ពេល​គាត់​ក្លាយ​ទៅ​ជា​កូន​ជន​ជាតិ​ភាគ​តិច នេះ​មាន​ន័យ​ថា​គាត់​មាន​សិទ្ធិ​ទៅ​សាលា ហើយ​មាន​សិទ្ធិ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ឪពុក​ចិញ្ចឹម។

ស្រ​ដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ផ្លាស់​ប្ដូរ​សភាព​នៃ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​មួយ​ក្រុម​ដោយ​ទទួល​ពួក​គាត់​ជា​កូន​ចិញ្ចឹម​ស្រប​តាម​ច្បាប់។ សាវ័ក​ប៉ូល​ដែល​រួម​ចំណែក​ក្នុង​ក្រុម​នោះ បាន​សរសេរ​ទៅ​អ្នក​រួម​ជំនឿ​ថា​៖ ​«​ដោយ​សកម្ម​ពល​នោះ យើង​បាន​ត្រូវ​ទទួល​ជា​កូន ហើយ​សកម្ម​ពល​នោះ​ជំរុញ​ឲ្យ​យើង​ស្រែក​ឡើង​ថា​៖ ‹អប្បា! បិតា​អើយ!›។ សកម្ម​ពល​របស់​ព្រះ​ធ្វើ​ជា​សាក្សី ដែល​បញ្ជាក់​ជា​មួយ​នឹង​ចិត្ត​គំនិត​របស់​យើង​ថា យើង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:១៥, ១៦​) ត្រូវ​ហើយ តាម​រយៈ​ការ​ទទួល​ជា​កូន ពួក​គ្រិស្ត​សាសនិក​នោះ​បាន​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ ឬ​«​កូន​ព្រះ​»។—យ៉ូហានទី១ ៣:​១; កូរិនថូសទី២ ៦:១៨

ពិត​មែន​ហើយ ដោយ​ព្រះ​ទទួល​ជា​កូន នោះ​មិន​បាន​កែប្រែ​លក្ខណៈ​របស់​កូន​ចិញ្ចឹម​ឡើយ ពីព្រោះ​ពួក​គេ​នៅ​តែ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ (​យ៉ូហានទី១ ១:៨​) យ៉ាង​ណា​ក្ដី ដូច​ប៉ូល​បាន​ពន្យល់ ក្រោយ​ពី​បាន​ទទួល​ជា​កូន​សម​ស្រប​តាម​ច្បាប់ នោះ​ពួក​គេ​ទទួល​អត្តសញ្ញាណ​ថ្មី។ ដំណាល​គ្នា​នេះ​ដែរ សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ស៊ប់​ថា​ពួក​គេ​នឹង​រស់​នៅ​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ (​យ៉ូហានទី១ ៣:២​) ការ​ជឿ​ជាក់​ដែល​បណ្ដាល​មក​ពី​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ នាំ​ឲ្យ​ពួក​គេ​មាន​ទស្សនៈ​ថ្មី​ចំពោះ​ជីវិត។ (​កូរិនថូសទី២ ១:២១, ២២​) ត្រូវ​មែន ពួក​គេ​មាន​ការ​ចាប់​ផ្ដើម​ថ្មី ហាក់​ដូច​ជា​កើត​ជា​ថ្មី។

គម្ពីរ​បាន​រៀប​រាប់​អំពី​មនុស្ស​ដែល​ព្រះ​បាន​ទទួល​ជា​កូន​ថា​៖ ​«​ពួក​គេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះ​និង​របស់​គ្រិស្ត ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​អស់​មួយ​ពាន់​ឆ្នាំ​»។ (​ការ​បើក​បង្ហាញ ២០:៦​) មនុស្ស​ដែល​ព្រះ​ទទួល​ជា​កូន​នឹង​ធ្វើ​ជា​ស្តេច​ជា​មួយ​គ្រិស្ត​ក្នុង​រាជាណាចក្រ​របស់​ព្រះ ឬ​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​របស់​ព្រះ។ សាវ័ក​ពេត្រុស​បាន​ប្រាប់​អ្នក​រួម​ជំនឿ​ថា ពួក​គេ​នឹង​ទទួល​«​មត៌ក​ដែល​មិន​អាច​ខូច​ទៅ ដែល​ឥត​សៅហ្មង ហើយ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍​»​ ពោល​គឺ​មត៌ក​ដែល​បាន​ត្រូវ​«​បម្រុង​ទុក​នៅ​ស្ថាន​សួគ៌​»​សម្រាប់​ពួក​គាត់។ (​ពេត្រុសទី១ ១:៣, ៤​) នេះ​ពិត​ជា​មត៌ក​ដែល​មាន​តម្លៃ​មែន!

យ៉ាង​ណា​ក៏​ដោយ ការ​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​នាំ​ឲ្យ​យើង​សួរ​សំណួរ​មួយ​ទៀត។ ប្រសិនបើ​អស់​អ្នក​ដែល​បាន​កើត​ម្ដង​ទៀត​នឹង​គ្រប់​គ្រង​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ តើ​ពួក​គេ​នឹង​គ្រប់​គ្រង​លើ​អ្នក​ណា? សំណួរ​នេះ​នឹង​ពិចារណា​នៅ​អត្ថបទ​បន្ទាប់។

[រូបភាព​នៅ​ទំព័រ​១០]

តើ​ប៉ូល​បាន​រៀប​រាប់​អ្វី​ស្តី​អំពី​ការ​ទទួល​មនុស្ស​មួយ​ចំនួន​ជា​កូន?