លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលស្គាល់លោកយេស៊ូដែលឧត្ដមជាងម៉ូសេ

ចូរទទួលស្គាល់លោកយេស៊ូដែលឧត្ដមជាងម៉ូសេ

ចូរ​ទទួល​ស្គាល់​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​ម៉ូសេ

​«ព្រះ​យេហូវ៉ា​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ពី​ចំណោម​បង​ប្អូន​របស់​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​តាម​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​រាល់​គ្នា»។—សកម្ម. ៣:២២

១​. តើ​លោក​យេស៊ូ​មាន​អានុភាព​លើ​ប្រវត្ដិសាស្ត្រ​មនុស្ស​យ៉ាង​ដូច​ម្ដេច?

ពីរ​ពាន់​ឆ្នាំ​កន្លង​ទៅ​នេះ កំណើត​របស់​កូន​ប្រុស​ម្នាក់​បាន​នាំ​ទេវតា​ជា​ច្រើន​នៅ​ស្ថាន​សួគ៌​ឲ្យ​សរសើរ​ព្រះ ហើយ​គង្វាល​ខ្លះ​ក៏​បាន​ឮ​ការ​សរសើរ​នេះ​ដែរ។ (លូក. ២:៨​-​១៤) សាមសិប​ឆ្នាំ​ក្រោយ​មក កូន​នោះ​ក៏​ពេញ​វ័យ ហើយ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​ដែល​មាន​រយៈ​ពេល​តែ​បី​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ប្រវត្ដិសាស្ត្រ​មនុស្ស​ប្រែ​ប្រួល​ខ្លាំង​ណាស់។ អ្នក​ប្រវត្ដិសាស្ត្រ​ល្បីល្បាញ​ម្នាក់​ឈ្មោះ ភីលីព សេវ (Philip Schaff) ដែល​រស់​នៅ​សតវត្សរ៍​ទី​១៩ ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​និយាយ​អំពី​បុរស​នេះ​ថា​៖ «លោក​មិន​បាន​បន្សល់​ទុក​សំណេរ​មួយ​បន្ទាត់​សោះ តែ​ក្នុង​ចំណោម​បុរស​ឧត្តុង្គឧត្តម​ទាំង​អស់ពី​សម័យ​បុរាណ​និង​សម័យ​នេះ គ្មាន​អ្នក​ណា​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ឯ​ទៀត​សរសេរ​ច្រើន​ជាង​លោក ឬ​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​មនុស្ស​យក​មក​រៀប​រាប់​ក្នុង​ធម្មទាន សុន្ទរកថា កិច្ច​ចរចា សៀវភៅ ស្នា​ដៃ​សិល្បៈ ឬ​ចម្រៀង​ច្រើន​ជាង​លោក​ទេ»។ បុរស​ដ៏​អស្ចារ្យ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។

២​. តើ​សាវ័ក​យ៉ូហាន​បាន​ពោល​យ៉ាង​ណា​អំពី​លោក​យេស៊ូ​និង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក?

សាវ័ក​យ៉ូហាន​បាន​សរសេរ​កំណត់​ហេតុ​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ ហើយ​បាន​សន្និដ្ឋាន​ថា​៖ «តាម​ការ​ពិត មាន​ការ​ជា​ច្រើន​ទៀត​ដែល​លោក​យេស៊ូ​បាន​ធ្វើ ហើយ​ប្រសិនបើ​សរសេរ​អំពី​ការ​ទាំង​នោះ​ឲ្យ​បាន​ល្អិត​ល្អន់ ខ្ញុំ​គិត​ថា​ពិភព​លោក​ទាំង​មូល​មិន​ល្មម​ទុក​រមូរ​ទាំង​អស់​នោះ​ឡើយ»។ (យ៉ូន. ២១:២៥) យ៉ូហាន​ដឹង​ថា​គាត់​មិន​អាច​កត់​ទុក​អ្វីៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​និង​មាន​ប្រសាសន៍ ក្នុង​អំឡុង​បី​ឆ្នាំ​កន្លះ​ដ៏​សំខាន់​នោះ។ យ៉ាង​ណា​ក៏​ដោយ ហេតុ​ការណ៍​ប្រវត្ដិសាស្ត្រ​ដែល​យ៉ូហាន​បាន​កត់​ទុក​ក្នុង​សៀវភៅ​ដំណឹង​ល្អ នោះ​មាន​តម្លៃ​ឥត​គណនា។

៣​. តើ​យើង​អាច​យល់​កាន់​តែ​ច្បាស់​អំពី​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​គោល​បំណង​ព្រះ​យ៉ាង​ដូច​ម្ដេច?

ក្រៅ​ពី​សៀវភៅ​ដំណឹង​ល្អ​សំខាន់ៗ​ទាំង​បួន បទ​គម្ពីរ​ឯ​ទៀត​ផ្ដល់​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​អំពី​ជីវិត​របស់​លោក​យេស៊ូ ដែល​ពង្រឹង​ជំនឿ​យើង។ ជា​ឧទាហរណ៍ កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​បុរស​ស្មោះ​ត្រង់​ខ្លះៗ​ដែល​រស់​នៅ​មុន​សម័យ​លោក​យេស៊ូ មាន​ព័ត៌មាន​ដែល​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​គោល​បំណង​ព្រះ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ព័ត៌មាន​ទាំង​នេះ​ជា​មួយ​គ្នា។

បុរស​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ ដែល​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​តួនាទី​របស់​គ្រិស្ត

៤, ៥​. តើ​នរណា​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​តួនាទី​របស់​គ្រិស្ត? តើ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

យ៉ូហាន​និង​បី​នាក់​ទៀត​ដែល​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​សំដៅ​ទៅ​ម៉ូសេ ដាវីឌ និង​សាឡូម៉ូន​ជា​បុរស​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​តួនាទី​របស់​គ្រិស្ត ជា​អ្នក​រើស​តាំង​ម្នាក់​របស់​ព្រះ និង​ជា​អ្នក​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ស្តេច។ តើ​ម៉ូសេ ដាវីឌ និង​សាឡូម៉ូន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​តួនាទី​របស់​គ្រិស្ត​តាម​របៀប​ណា? ហើយ​តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​កំណត់​ហេតុ​ទាំង​នេះ?

ប្រសិនបើ​រៀប​រាប់​យ៉ាង​សង្ខេប​អំពី​តួនាទី​នោះ​ខ្លះៗ គម្ពីរ​ចែង​ថា​ម៉ូសេ​ជា​អ្នក​ប្រកាស​ទំនាយ អ្នក​សម្រុះ​សម្រួល និង​អ្នក​សង្គ្រោះ។ លោក​យេស៊ូ​ក៏​ដូច​គ្នា​ដែរ។ ដាវីឌ​ជា​គង្វាល​និង​ជា​ស្តេច​ដែល​បាន​ឈ្នះ​លើ​ពួក​ខ្មាំង​សត្រូវ​នៃ​ប្រទេស​អ៊ីស្រាអែល។ លោក​យេស៊ូ​ក៏​ជា​គង្វាល និង​ជា​ស្តេច​ដែល​កំពុង​មាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ​ដែរ។ (អេសេ. ៣៧:២៤, ២៥) ពេល​សាឡូម៉ូន​នៅ​ស្មោះ​ត្រង់​នៅ​ឡើយ គាត់​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​ប្រាជ្ញា ហើយ​ក្រោម​អំណាច​គ្រប់​គ្រង​របស់​គាត់ នោះ​បណ្ដា​ជន​អ៊ីស្រាអែល​មាន​សន្ដិភាព។ (១ពង្ស. ៤:២៥, ២៩) ដូច​គ្នា​ដែរ លោក​យេស៊ូ​មាន​ប្រាជ្ញា​បំផុត ហើយ​ត្រូវ​បាន​ហៅ​ជា​«ម្ចាស់​នៃ​មេត្រី​ភាព»។ (អេសា. ៩:៦) យ៉ាង​ច្បាស់​ណាស់ តួនាទី​របស់​លោក​យេស៊ូ​គ្រិស្ត​គឺ​ស្រ​ដៀង​គ្នា​នឹង​បុរស​ទាំង​បី​នោះ​ពី​សម័យ​បុរាណ ប៉ុន្តែ​លោក​យេស៊ូ​មាន​តួនាទី​ឧត្តម​ជាង​គេ​បង្អស់​ក្នុង​គោល​បំណង​របស់​ព្រះ។ មុន​ដំបូង សូម​ឲ្យ​យើង​ប្រៀប​ធៀប​លោក​យេស៊ូ​ទៅ​នឹង​ម៉ូសេ ហើយ​យល់​នូវ​របៀប​ដែល​ការ​ប្រៀប​ធៀប​បែប​នេះ ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​កាន់​តែ​ច្បាស់​អំពី​តួនាទី​របស់​លោក​យេស៊ូ ក្នុង​គោល​បំណង​របស់​ព្រះ។

ម៉ូសេ​បាន​បង្ហាញ​ទុក​ជា​មុន​អំពី​កិច្ចការ​របស់​លោក​យេស៊ូ

៦​. តើ​សាវ័ក​ពេត្រុស​បាន​ពន្យល់​ពី​ការ​ចាំ​បាច់​នៃ​ការ​ស្ដាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ប៉ុន្មាន​ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. នោះ​សាវ័ក​ពេត្រុស​បាន​ដក​ស្រង់​ពាក្យ​ទំនាយ​របស់​ម៉ូសេ​ដែល​លោក​យេស៊ូ​គ្រិស្ត​បាន​សម្រេច។ ពេត្រុស​កំពុង​ឈរ​ក្នុង​វិហារ​នៅ​មុខ​សាសន៍​យូដា​មួយ​ក្រុម​ធំ។ មនុស្ស​ទាំង​នោះ​«ភ្ញាក់​ផ្អើល​ហួស​ប្រមាណ» កាល​ដែល​ពេត្រុស​និង​យ៉ូហាន​ធ្វើ​ឲ្យ​អ្នក​សុំ​ទាន​ដែល​ខ្វិន​តាំង​ពី​កំណើត​បាន​ជា​សះ​ស្បើយ។ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​មើល​ឲ្យ​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង។ ពេត្រុស​បាន​ពន្យល់​ថា​ទង្វើ​ដ៏​អស្ចារ្យ​នេះ​គឺ​ដោយ​សារ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ បន្ទាប់​មក ដោយ​ដក​ស្រង់​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ គាត់​រៀប​រាប់​ថា​៖ «តាម​ការ​ពិត ម៉ូសេ​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ពី​ចំណោម​បង​ប្អូន​របស់​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​តាម​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​រាល់​គ្នា›»។—សកម្ម. ៣:១១, ២២, ២៣; សូម​អាន ចោទិយកថា ១៨:១៥, ១៨, ១៩

៧​. ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ស្ដាប់​ពេត្រុស​អាច​យល់​ពាក្យ​របស់​គាត់​អំពី​អ្នក​ប្រកាស​ទំនាយ​ដែល​ឧត្តម​ជាង​ម៉ូសេ?

ពួក​អ្នក​ស្ដាប់​ពេត្រុស​ប្រហែលជា​ធ្លាប់​ស្គាល់​ពាក្យ​ទាំង​នោះ​របស់​ម៉ូសេ ពីព្រោះ​ពួក​គេ​ជា​សាសន៍​យូដា ហើយ​ពួក​គេ​គោរព​ម៉ូសេ​យ៉ាង​ជ្រាល​ជ្រៅ។ (ចោទិ. ៣៤:១០) ពួក​គេ​ទន្ទឹង​ចាំ​អ្នក​ប្រកាស​ទំនាយ​ដែល​ឧត្តម​ជាង​ម៉ូសេ។ អ្នក​ប្រកាស​ទំនាយ​នោះ​មិន​គ្រាន់តែ​ជា​មេស្ស៊ី​ធម្មតា ដូច​ម៉ូសេ​ដែល​ជា​អ្នក​រើស​តាំង​របស់​ព្រះ​ទេ ប៉ុន្តែ​ជា​មេស្ស៊ី​ឧត្តម​បំផុត ពោល​គឺ​«គ្រិស្ត​របស់​ព្រះ ជា​អ្នក​រើស​តាំង»​របស់​ព្រះ​យេហូវ៉ា។—លូក. ២៣:៣៥; ហេ. ១១:២៦

ភាព​ស្រ​ដៀង​គ្នា​រវាង​លោក​យេស៊ូ​និង​ម៉ូសេ

៨​. តើ​ជីវិត​របស់​ម៉ូសេ​និង​កុមារ​យេស៊ូ​មាន​អ្វី​ខ្លះ​ដែល​ស្រ​ដៀង​គ្នា?

ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី​គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​ជីវិត​របស់​ម៉ូសេ។ ជា​ឧទាហរណ៍ ពេល​នៅ​ក្មេង​នៅ​ឡើយ ទាំង​ម៉ូសេ​ទាំង​កុមារ​យេស៊ូ​គេច​ផុត​ពី​សេចក្ដី​ស្លាប់ ដោយ​រួច​ពី​កណ្ដាប់​ដៃ​អ្នក​គ្រប់​គ្រង​ដ៏​កាច​សាហាវ។ (និក្ខ. ១:២២​–​២:១០; ម៉ាថ. ២:៧​-​១៤) បន្ថែម​ទៅ​ទៀត ទាំង​ពីរ​នាក់​ត្រូវ​បាន​‹ហៅ​ចេញ​ពី​ស្រុក​អេស៊ីព្ទ›។ អ្នក​ប្រកាស​ទំនាយ​ហូសេ​បាន​ពោល​ថា​៖ «ក្នុង​គ្រា​ដែល​អ៊ីស្រាអែល​នៅ​ក្មេង​នៅ​ឡើយ​នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ (ហូ. ១១:១) ពាក្យ​របស់​ហូសេ​បញ្ជាក់​ពី​គ្រា​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​ម៉ូសេ​ជា​អ្នក​នាំ​មុខ​ដែល​ព្រះ​បាន​តែង​តាំង។ (និក្ខ. ៤:២២, ២៣; ១២:២៩​-​៣៧) ក៏​ប៉ុន្តែ ពាក្យ​របស់​ហូសេ​មិន​គ្រាន់តែ​សំដៅ​ទៅ​លើ​ព្រឹត្ដិការណ៍​នៅ​អតីតកាល​នោះ​ទេ តែ​ក៏​បាន​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​កាល​ផង។ ពាក្យ​របស់​គាត់​ជា​ទំនាយ​ដែល​ត្រូវ​បាន​សម្រេច​ពេល​យ៉ូសែប​និង​ម៉ារៀ​ត្រឡប់​ពី​ស្រុក​អេស៊ីប​ជា​មួយ​កុមារ​យេស៊ូ ក្រោយ​ស្តេច​ហេរ៉ូឌ​បាន​ស្លាប់​ទៅ។—ម៉ាថ. ២:១៥, ១៩​-​២៣

៩​. (ក) តើ​ម៉ូសេ​និង​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី​ខ្លះ? (ខ) សូម​រៀប​រាប់​ភាព​ស្រ​ដៀង​គ្នា​ឯ​ទៀត​រវាង​លោក​យេស៊ូ​និង​ម៉ូសេ។ (សូម​មើល​ប្រអប់​«លក្ខណៈ​ឯ​ទៀត​ដែល​ស្រ​ដៀង​គ្នា​រវាង​លោក​យេស៊ូ​និង​ម៉ូសេ» នៅ​ទំព័រ​នេះ)

ទាំង​ម៉ូសេ​ទាំង​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ ហើយ​យ៉ាង​នេះ​បង្ហាញ​ថា​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។ យោង​ទៅ​តាម​គម្ពីរ ម៉ូសេ​ជា​មនុស្ស​ទី​១​ដែល​បាន​ធ្វើ​អព្ភូតហេតុ។ (និក្ខ. ៤:១​-​៩) ជា​ឧទាហរណ៍ ម៉ូសេ​បាន​ធ្វើ​អព្ភូតហេតុ​ដែល​ទាក់​ទង​នឹង​ទឹក។ គាត់​បាន​បញ្ជា​ទឹក​ទន្លេ​នី​ល​និង​ស្រះ​ឲ្យ​ទៅ​ជា​ឈាម ធ្វើ​ឲ្យ​ទឹក​នៃ​សមុទ្រក្រហម​ញែក​ចេញ​ពី​គ្នា និង​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម​នៅ​តំបន់​ស្ងាត់​ជ្រងំ​ផង។ (និក្ខ. ៧:១៩​-​២១; ១៤:២១; ១៧:៥​-​៧) លោក​យេស៊ូ​ក៏​បាន​ធ្វើ​អព្ភូតហេតុ​ដែល​ទាក់​ទង​នឹង​ទឹក​ដែរ។ អព្ភូតហេតុ​ដំបូង​របស់​លោក​គឺ​ការ​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ឯ​ពិធី​អបអរ​អាពាហ៍ពិពាហ៍។ (យ៉ូន. ២:១​-​១១) ក្រោយ​មក លោក​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​ស្ងប់​ស្ងាត់​នៅ​ឯ​សមុទ្រ​កាលីឡេ។ ណា​មួយ​ទៀត មាន​ពេល​មួយ​ដែល​លោក​បាន​ដើរ​លើ​ទឹក​ផង​ដែរ! (ម៉ាថ. ៨:២៣​-​២៧; ១៤:​២៣​-​២៥) ក្នុង​ប្រអប់​នៅ​ទំព័រ​នេះ មាន​ភាព​ស្រ​ដៀង​គ្នា​ខ្លះ​ទៀត​រវាង​ម៉ូសេ និង​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​ម៉ូសេ។

ទទួល​ស្គាល់​គ្រិស្ត​ជា​អ្នក​ប្រកាស​ទំនាយ

១០​. តើ​កិច្ចការ​របស់​អ្នក​ប្រកាស​ទំនាយ​ដ៏​ពិត​រួម​បញ្ចូល​អ្វី​ខ្លះ? ហើយ​តើ​អ្វី​បញ្ជាក់​ថា​ម៉ូសេ​ជា​អ្នក​ប្រកាស​ទំនាយ​ដ៏​ពិត?

១០ មនុស្ស​ភាគ​ច្រើន​គិត​ថា​អ្នក​ប្រកាស​ទំនាយ​គឺ​អ្នក​ដែល​ទាយ​អំពី​អនាគត ប៉ុន្តែ​កិច្ចការ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​នៃ​ភារកិច្ច​របស់​អ្នក​ប្រកាស​ទំនាយ។ អ្នក​ប្រកាស​ទំនាយ​ដ៏​ពិត ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​យេហូវ៉ា ជា​អ្នក​ប្រកាស​«ការ​ដ៏​រុងរឿង​របស់​ព្រះ»។ (សកម្ម. ២:​១១, ១៦, ១៧) ការ​ទាយ​ទុក​របស់​គាត់​អាច​រួម​បញ្ចូល​ការ​ប្រកាស​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ឬ​ប្រកាស​ការ​វិនិច្ឆ័យ​របស់​ព្រះ​ជា​ដើម។ ម៉ូសេ​ជា​អ្នក​ប្រកាស​ទំនាយ​បែប​នេះ។ គាត់​បាន​ទាយ​ទុក​អំពី​សេចក្ដី​វេទនា​នីមួយៗ​នៃ​សេចក្ដី​វេទនា​ទាំង​១០​ប្រការ​ដែល​កើត​មាន​ដល់​ស្រុក​អេស៊ីប។ គាត់​បាន​ណែនាំ​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ស្គាល់​កិច្ច​ព្រមព្រៀង​ខាង​ក្រឹត្យ​វិន័យ​នៅ​ឯ​ភ្នំ​ស៊ីណាយ ហើយ​បាន​បង្ហាត់​បង្រៀន​បណ្ដា​ជន​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។ ក៏​ប៉ុន្តែ អ្នក​ប្រកាស​ទំនាយ​ដែល​ឧត្តម​ជាង​ម៉ូសេ​នឹង​លេច​មក​នៅ​ទី​បំផុត។

១១​. តើ​លោក​យេស៊ូ​បាន​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ឧត្តម​ជាង​ម៉ូសេ​យ៉ាង​ដូច​ម្ដេច?

១១ ក្រោយ​មក នៅ​សតវត្សរ៍​ទី​១ សាការី​បាន​ប្រកាស​ទំនាយ​ពេល​គាត់​លាត​ត្រដាង​គោល​បំណង​របស់​ព្រះ​ចំពោះ​កូន​ប្រុស​របស់​គាត់​ឈ្មោះ​យ៉ូហាន។ (លូក. ១:៧៦) កូន​ប្រុស​នោះ​បាន​ក្លាយ​ទៅ​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ហើយ​គាត់​បាន​ផ្សាយ​អំពី​ការ​លេច​មក​នៃ​អ្នក​ប្រកាស​ទំនាយ​ដែល​ឧត្តម​ជាង​ម៉ូសេ ដែល​គេ​រង់​ចាំ​យូរ​ឆ្នាំ​មក​ហើយ ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។ (យ៉ូន. ១:២៣​-​៣៦) ក្នុង​នាម​ជា​អ្នក​ប្រកាស​ទំនាយ លោក​យេស៊ូ​បាន​ទាយ​ទុក​អ្វីៗ​ជា​ច្រើន។ ជា​ឧទាហរណ៍ លោក​បាន​ទាយ​អំពី​សេចក្ដី​ស្លាប់​របស់​ខ្លួន របៀប កន្លែង​ដែល​លោក​នឹង​ស្លាប់ ព្រម​ទាំង​នរណា​នឹង​សម្លាប់​លោក​ផង។ (ម៉ាថ. ២០:១៧​-​១៩) លោក​យេស៊ូ​ក៏​បាន​ទាយ​អំពី​សេចក្ដី​ហិន​វិនាស​នៃ​ទី​ក្រុង​យេរូសាឡិម និង​វិហារ​ក្នុង​ក្រុង​នោះ​ដែរ ហើយ​នេះ​នាំ​ឲ្យ​ពួក​អ្នក​ស្ដាប់​លោក​ភ្ញាក់​ផ្អើល​មែន។ (ម៉ាក. ១៣:១, ២) ទំនាយ​របស់​លោក​ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​សម័យ​យើង​ដែរ។—ម៉ាថ. ២៤:៣​-​៤១

១២​. (ក) តើ​លោក​យេស៊ូ​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​បាន​ជា​យើង​កាន់​តាម​គំរូ​របស់​លោក​យេស៊ូ​សព្វ​ថ្ងៃ​នេះ?

១២ ក្រៅ​ពី​ជា​អ្នក​ប្រកាស​ទំនាយ លោក​យេស៊ូ​ជា​អ្នក​ផ្សាយ​និង​ជា​គ្រូ​បង្រៀន​ផង។ លោក​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​គ្មាន​នរណា​មាន​ប្រសាសន៍​ដោយ​ក្លាហាន​ជាង​លោក​ឡើយ។ (លូក. ៤:១៦​-​២១, ៤៣) លោក​ជា​គ្រូ​បង្រៀន​ដែល​ប៉ិនប្រសប់​បំផុត។ អ្នក​ដែល​បាន​ស្ដាប់​ពោល​ថា​៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ (យ៉ូន. ៧:៤៦) លោក​យេស៊ូ​បាន​ខ្នះខ្នែង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​រាជាណាចក្រ​របស់​ព្រះ​ដូច​លោក​ផង។ យ៉ាង​នេះ លោក​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្ហាត់​បង្រៀន​នៅ​ទូ​ទាំង​ពិភព​លោក ដែល​ត្រូវ​បាន​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ។ (ម៉ាថ. ២៨:១៨​-​២០; សកម្ម. ៥:៤២) នៅ​ឆ្នាំ​មុន អ្នក​កាន់​តាម​គ្រិស្ត​៧​លាន​នាក់​បាន​ចំណាយ​ពេល​ប្រមាណ​១.៥០០.០០០.០០០​ម៉ោង ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ក្នុង​ការ​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍។ តើ​អ្នក​ចូល​រួម​ក្នុង​កិច្ចការ​នោះ​អស់ពី​លទ្ធ​ភាព​របស់​អ្នក​ទេ?

១៣​. តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង‹ភ្ញាក់​ជា​និច្ច›?

១៣ យើង​បាន​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​បាន​សម្រេច​ទំនាយ​ក្នុង​ការ​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ដូច​ម៉ូសេ។ តើ​ការ​ដឹង​ចំណុច​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក? តើ​ជួយ​ពង្រឹង​ទំនុក​ចិត្ត​ថា ទំនាយ​របស់​ព្រះ​ស្តី​អំពី​អនាគត​ឆាប់ៗ​របស់​យើង​ក៏​នឹង​សម្រេច​ដែរ​ឬ​ទេ? ពិត​មែន​ហើយ ការ​រំពឹង​គិត​ទៅ​លើ​គំរូ​របស់​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​ម៉ូសេ ជួយ​ឲ្យ​យើង​«ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច»​ចំពោះ​អ្វីៗ​ដែល​ព្រះ​នឹង​ធ្វើ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។—១ថែ. ៥:២,

យល់​តម្លៃ​គ្រិស្ត​ដែល​ជា​អ្នក​សម្រុះ​សម្រួល

១៤​. តើ​ម៉ូសេ​ជា​អ្នក​សម្រុះ​សម្រួល​រវាង​បណ្ដា​ជន​អ៊ីស្រាអែល​និង​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៤ ដូច​ម៉ូសេ លោក​យេស៊ូ​ក៏​ជា​អ្នក​សម្រុះ​សម្រួល​ដែរ។ ម៉ូសេ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ខាង​ក្រឹត្យ​វិន័យ​រវាង​ព្រះ​យេហូវ៉ា​និង​បណ្ដា​ជន​អ៊ីស្រាអែល។ ប្រសិនបើ​កូន​ចៅ​របស់​យ៉ាកុប​ស្ដាប់​តាម​ច្បាប់​ព្រះ នោះ​ពួក​គេ​នឹង​បាន​ដាច់​ជា​របស់​ផង​ព្រះ​រហូត ជា​ពួក​ជំនុំ​របស់​លោក។ (និក្ខ. ១៩:៣​-​៨) កិច្ច​ព្រមព្រៀង​នោះ​មាន​សុពលភាព​ពី​ឆ្នាំ​១៥១៣ មុន​គ.ស. រហូត​ដល់​សតវត្សរ៍​ទី​១ គ.ស.។

១៥​. តើ​លោក​យេស៊ូ​ជា​អ្នក​សម្រុះ​សម្រួល​ដែល​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​ឆ្នាំ​៣៣ គ.ស. ព្រះ​យេហូវ៉ា​បាន​បង្កើត​កិច្ច​ព្រមព្រៀង​ដែល​ប្រសើរ​ជាង​ជា​មួយ​សាសន៍​អ៊ីស្រាអែល​ថ្មី ពោល​គឺ​«អ៊ីស្រាអែល​នៃ​ព្រះ» ដែល​ក្លាយ​ទៅ​ជា​ក្រុម​ជំនុំ​ដែល​មាន​ទូ​ទាំង​ពិភព​លោក ហើយ​សមាជិក​នៃ​ក្រុម​ជំនុំ​នោះ​គឺ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ (កាឡ. ៦:១៦) កិច្ច​ព្រមព្រៀង​សម្រុះ​សម្រួល​ដោយ​ម៉ូសេ​រួម​បញ្ចូល​ក្រឹត្យ​វិន័យ​ដែល​ព្រះ​បាន​សរសេរ​លើ​បន្ទះ​ថ្ម។ ប៉ុន្តែ កិច្ច​ព្រមព្រៀង​សម្រុះ​សម្រួល​ដោយ​លោក​យេស៊ូ​គឺ​ប្រសើរ​ជាង ពីព្រោះ​កិច្ច​ព្រមព្រៀង​នោះ ព្រះ​បាន​សរសេរ​ច្បាប់​ទុក​ក្នុង​ចិត្ត​របស់​មនុស្ស​ជាតិ​វិញ។ (សូម​អាន ធីម៉ូថេទី១ ២:៥; ហេប្រឺ ៨:​១០) យ៉ាង​នេះ ឥឡូវ​«អ៊ីស្រាអែល​នៃ​ព្រះ»​ដាច់​ជា​របស់​ផង​ព្រះ ជា​«ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល»​នៃ​រាជាណាចក្រ​ដែល​ស្ថិត​ក្រោម​លោក​យេស៊ូ។ (ម៉ាថ. ២១:៤៣) មនុស្ស​មួយ​ក្រុម​ដែល​ប្រៀប​ដូច​ជា​ជន​ជាតិ​ថ្មី​មួយ​នោះ គឺ​រួម​ចំណែក​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី។ យ៉ាង​ណា​ក៏​ដោយ មិន​មែន​តែ​ពួក​គេ​ប៉ុណ្ណោះ​ទេ​ដែល​ទទួល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ថ្មី​នោះ។ មនុស្ស​ច្រើន​ឥត​គណនា សូម្បី​តែ​មនុស្ស​ច្រើន​នាក់​ដែល​បាន​ស្លាប់​ហើយ ដែល​ប្រៀប​ដូច​ជា​កំពុង​ដេក​លក់ នឹង​ទទួល​ប្រយោជន៍​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​ព្រោះ​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​នោះ។

កោត​គោរព​គ្រិស្ត​ជា​អ្នក​សង្គ្រោះ

១៦​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ម៉ូសេ​ឲ្យ​ធ្វើ​ជា​អ្នក​សង្គ្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​តាម​វិធី​ណា? (ខ) យោង​ទៅ​តាម​និក្ខមនំ ១៤:១៣ តើ​នរណា​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ?

១៦ នៅ​រាត្រី​ចុង​ក្រោយ​មុន​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នោះ​កូន​ចៅ​ខ្លះៗ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ស្ថិត​ក្រោម​ស្ថានភាព​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដ៏​ធំ។ មិន​យូរ​ប៉ុន្មាន​ទៀត ទេវតា​របស់​ព្រះ​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប​ដើម្បី​សម្លាប់​កូន​ច្បង​ទាំង​ឡាយ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​កូន​ច្បង​របស់​បណ្ដា​ជន​អ៊ីស្រាអែល​នឹង​ត្រូវ​សង្គ្រោះ បើ​ពួក​គេ​យក​ឈាម​កូន​ចៀម​នៃ​បុណ្យ​រំលង​មក​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​ផ្ទះ​របស់​ខ្លួន​ផង។ (និក្ខ. ១២:១​-​១៣, ២១​-​២៣) នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​មែន។ ក្រោយ​មក បណ្ដា​ជន​ទាំង​ឡាយ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ។ ពួក​គេ​ជាប់​ហើយ​គេច​ផុត​ពុំ​បាន ពីព្រោះ​ម្ខាង​មាន​សមុទ្រក្រហម ហើយ​ម្ខាង​ទៀត​មាន​ជន​ជាតិ​អេស៊ីប​ដែល​កំពុង​ដេញ​តាម​ក្នុង​រទេះ​ចម្បាំង។ ម្ដង​ទៀត ព្រះ​យេហូវ៉ា​សង្គ្រោះ​ពួក​គេ​តាម​រយៈ​ម៉ូសេ ដែល​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ញែក​ចេញ​ពី​គ្នា។—និក្ខ. ១៤:១៣, ២១

១៧, ១៨​. តើ​លោក​យេស៊ូ​ជា​អ្នក​សង្គ្រោះ​ដែល​ឧត្តម​ជាង​ម៉ូសេ​តាម​របៀប​ណាខ្លះ?

១៧ សេចក្ដី​សង្គ្រោះ​ដែល​ព្រះ​បាន​ផ្ដល់​នៅ​ពេល​នោះ​ពិត​ជា​អស្ចារ្យ​មែន តែ​សេចក្ដី​សង្គ្រោះ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តាម​រយៈ​លោក​យេស៊ូ​គឺ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត។ តាម​រយៈ​លោក​យេស៊ូ មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​ត្រូវ​បាន​សង្គ្រោះ​ពី​ទាសភាព​នៃ​ភាព​ខុស​ឆ្គង។ (រ៉ូម ៥:​១២, ១៨) ហើយ​សេចក្ដី​សង្គ្រោះ​នោះ​គឺ​«សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់»។ (ហេ. ៩:១១, ១២) នាម​របស់​លោក​យេស៊ូ​មាន​ន័យ​ថា​«ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ»។ លោក​យេស៊ូ ជា​អ្នក​សង្គ្រោះ​របស់​យើង មិន​ត្រឹម​តែ​សង្គ្រោះ​យើង​ពី​អំពើ​ខុស​ឆ្គង​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​ប៉ុណ្ណោះ​ទេ តែ​បើក​ផ្លូវ​ឲ្យ​យើង​មាន​អនាគត​ល្អ​ប្រសើរ​ជាង។ ដោយ​សារ​លោក​យេស៊ូ​សង្គ្រោះ​អ្នក​កាន់​តាម​លោក​ពី​ទាសភាព​នៃ​ភាព​ខុស​ឆ្គង នោះ​លោកសង្គ្រោះ​ពួក​គេ​ពី​កំហឹង​របស់​ព្រះ ហើយ​នាំ​ពួក​គេ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​មួយ​ព្រះ​យេហូវ៉ា។—ម៉ាថ. ១:២១

១៨ សេចក្ដី​សង្គ្រោះ​ពី​ភាព​ខុស​ឆ្គង​ដែល​លោក​យេស៊ូ​ផ្ដល់ នោះ​នឹង​រួម​បញ្ចូល​សេរីភាព​ពី​ជំងឺ​និង​សេចក្ដី​ស្លាប់​ផង​នៅ​គ្រា​កំណត់។ ដើម្បី​ស្រមៃ​គិត​ពី​អត្ថន័យ​នៃ​សេរីភាព​នេះ សូម​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​ពេល​លោក​យេស៊ូ​ទៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​យ៉ែរ៉ូស។ កូន​ស្រី​របស់​គាត់​អាយុ​១២​ឆ្នាំ​ទើប​តែ​ស្លាប់។ លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​យ៉ែរ៉ូស​ថា​៖ «កុំ​ខ្លាច​ឡើយ គ្រាន់តែ​មាន​ជំនឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​ត្រូវ​សង្គ្រោះ»។ (លូក. ៨:៤១, ៤២, ៤៩, ៥០) ក្មេង​ស្រី​នោះ​បាន​រស់​ឡើង​វិញ​ស្រប​តាម​ប្រសាសន៍​របស់​លោក​មែន! តើ​អ្នក​អាច​ស្រមៃ​គិត​ថា​មាតាបិតា​របស់​នាង​សប្បាយ​ប៉ុណ្ណា​ទេ? ប្រសិនបើ​អាច​ស្រមៃ​គិត​មែន នោះ​អ្នក​អាច​យល់​ពី​សេចក្ដី​សប្បាយ​ដ៏​លើស​លប់​ដែល​យើង​នឹង​មាន ពេល​«អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក​[យេស៊ូ] ហើយ​ចេញ​មក»​ក្នុង​ការ​រស់​ឡើង​វិញ។ (យ៉ូន. ៥:២៨, ២៩) ពិត​ណាស់ លោក​យេស៊ូ​ជា​អ្នក​សង្គ្រោះ​របស់​យើង!—សូម​អាន សកម្មភាព ៥:៣១; ទីត. ១:៤; បប. ៧:១០

១៩, ២០​. (ក) តើ​ការ​រំពឹង​គិត​អំពី​តួនាទី​របស់​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​ម៉ូសេ​មាន​ឥទ្ធិពល​ទៅ​លើ​យើង​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​នឹង​ពិភាក្សា​អំពី​អ្វី​នៅ​អត្ថបទ​បន្ត​បន្ទាប់?

១៩ ដោយ​ដឹង​ថា​យើង​អាច​ជួយ​មនុស្ស​ទទួល​ប្រយោជន៍​ពី​ទង្វើ​របស់​លោក​យេស៊ូ​ដែល​ផ្ដល់​សេចក្ដី​សង្គ្រោះ នោះ​ចិត្ត​យើង​ជំរុញ​ឲ្យ​យើង​ចូល​រួម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​និង​កិច្ចការ​បង្ហាត់​បង្រៀន។ (អេសា. ៦១:១​-​៣) ម្យ៉ាង​ទៀត ការ​រំពឹង​គិត​អំពី​តួនាទី​របស់​លោក​យេស៊ូ​ជា​អ្នក​ដែល​ឧត្តម​ជាង​ម៉ូសេ ពង្រឹង​ទំនុក​ចិត្ត​យើង​កាន់​តែ​ខ្លាំង​ថា លោក​នឹង​សង្គ្រោះ​អ្នក​កាន់​តាម ពេល​លោក​មក​ដើម្បី​ដាក់​ទោស​មនុស្ស​អាក្រក់។—ម៉ាថ. ២៥:៣១​-​៣៤, ៤១, ៤៦; បប. ៧:៩, ១៤

២០ ពិត​មែន​ហើយ លោក​យេស៊ូ​គឺ​ឧត្តម​ជាង​ម៉ូសេ។ លោក​បាន​ធ្វើ​អ្វីៗ​ជា​ច្រើន​ដ៏​អស្ចារ្យ​ដែល​ម៉ូសេ​មិន​អាច​ធ្វើ។ ពាក្យ​របស់​លោក​យេស៊ូ​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ការ​ប្រព្រឹត្ត​របស់​លោក​ជា​អ្នក​សម្រុះ​សម្រួល នោះ​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ជាតិ​ទាំង​ឡាយ។ ក្នុង​នាម​ជា​អ្នក​សង្គ្រោះ លោក​យេស៊ូ​មិន​ផ្ដល់​សេចក្ដី​សង្គ្រោះ​ជា​បណ្ដោះ​អាសន្ន​ឡើយ តែ​ជា​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​សម្រាប់​មនុស្ស​ជាតិ​វិញ។ ប៉ុន្តែ យើង​អាច​រៀន​អ្វី​ជា​ច្រើន​ទៀត​អំពី​លោក​យេស៊ូ​ពី​បុរស​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ។ អត្ថបទ​បន្ត​បន្ទាប់​នឹង​ពិភាក្សា​នូវ​របៀប​ដែល​លោក​យេស៊ូ​បាន​ទៅ​ជា​អ្នក​ដែល​ឧត្តម​ជាង​ដាវីឌ និង​ឧត្តម​ជាង​សាឡូម៉ូន។

តើ​អ្នក​អាច​ពន្យល់​ទេ?

តើ​លោក​យេស៊ូ​ឧត្តម​ជាង​ម៉ូសេ​យ៉ាង​ដូច​ម្ដេច

ជា​អ្នក​ប្រកាស​ទំនាយ?

ជា​អ្នក​សម្រុះ​សម្រួល?

ជា​អ្នក​សង្គ្រោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​២៥]

លក្ខណៈ​ឯ​ទៀត​ដែល​ស្រ​ដៀង​គ្នា រវាង​លោក​យេស៊ូ​និង​ម៉ូសេ

បាន​លះ​បង់​ឋានៈ​ខ្ពស់​ដើម្បី​អាច​បម្រើ​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​លោក។—២កូ. ៨:៩; ភី. ២:៥​-​៨; ហេ. ១១:២៤​-​២៦

បាន​ត្រូវ​រើស​តាំង​ដោយ​ព្រះ​យេហូវ៉ា។—ម៉ាក. ១៤:៦១, ៦២;យ៉ូន. ៤:២៥, ២៦; ហេ. ១១:២៦

បាន​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា។—និក្ខ. ៣:១៣​-​១៦; យ៉ូន. ៥:៤៣; ១៧:៤, ៦, ២៦

បាន​បង្ហាញ​ចិត្ត​សុភាពរាបសា។—ជន. ១២:៣; ម៉ាថ. ១១:២៨​-​៣០

បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​មួយ​ក្រុម​ធំ។—និក្ខ. ១៦:១២; យ៉ូន. ៦:៤៨​-​៥១

បាន​បម្រើ​ជា​អ្នក​វិនិច្ឆ័យ​ទោស​និង​ជា​អ្នក​តែង​ច្បាប់។—និក្ខ. ១៨:១៣; ម៉ាឡ. ៤:៤;យ៉ូន. ៥:២២, ២៣; ១៥:១០

បាន​ត្រូវ​ប្រគល់​ឲ្យ​ត្រួត​លើ​ផ្ទះ​របស់​ព្រះ។—ជន. ១២:៧; ហេ. ៣:២​-​៦

បាន​ត្រូវ​រៀប​រាប់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់។—ហេ. ១១:២៤​-​២៩; ១២:១; បប. ១:៥

ក្រោយ​ពី​ម៉ូសេ​បាន​ស្លាប់ ហើយ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់​នៅ​ផែនដី នោះ​ព្រះ​បាន​ចាត់​ចែង​សព​ទាំង​ពីរ។—ចោទិ. ៣៤:៥, ៦; លូក. ២៤:១​-​៣; សកម្ម. ២:៣១; ១កូ. ១៥:៥០; យូ. ៩