លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរខំប្រឹងឈានទៅរកភាពចាស់ទុំ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»

ចូរខំប្រឹងឈានទៅរកភាពចាស់ទុំ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»

ចូរ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ ព្រោះ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​»​

​«​ចូរ​យើង​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​»។—ហេ. ៦:១

១, ២​. ស្តី​អំពី​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​និង​តំបន់​យូឌា តើ​មាន​កាលៈទេសៈ​ណា​ដែល​ទុក​ឱកាស​ឲ្យ​ពួក​គេ​«​រត់​ទៅ​តំបន់​ភ្នំ​»​?

ពេល​លោក​យេស៊ូ​នៅ​ផែនដី នោះ​អ្នក​កាន់​តាម​លោក​មក​សួរ​ថា​៖ ​«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។ ចំពោះ​សំណួរ​នេះ លោក​យេស៊ូ​បាន​ផ្ដល់​ចម្លើយ​ឲ្យ​ពួក​គេ​តាម​រយៈ​ទំនាយ ហើយ​ការ​សម្រេច​ដំបូង​នៃ​ទំនាយ​នោះ​កើត​ឡើង​នៅ​សតវត្សរ៍​ទី​១។ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ព្រឹត្ដិការណ៍​ដ៏​ចម្លែក​ដែល​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា ទី​បញ្ចប់​ជិត​មក​ដល់​ហើយ។ ពេល​ឃើញ​ព្រឹត្ដិការណ៍​នោះ ​«​អ្នក​ដែល​នៅ​តំបន់​យូឌា​[​ត្រូវ​]​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ (​ម៉ាថ. ២៤:១​-​៣, ១៥​-​២២​) តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ស្គាល់​សញ្ញា​សម្គាល់ ហើយ​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​លោក​ឬ​ទេ?

ជិត​៣០​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​៦១ គ.ស. នោះ​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ដោយ​ប្រាប់​ត្រង់​ៗ​ទៅ​ពួក​គ្រិស្ត​សាសនិក​សាសន៍​ហេប្រឺ ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​និង​កន្លែង​ជិត​ៗ​ទី​ក្រុង​នោះ។ ទាំង​ប៉ូល​ទាំង​អ្នក​រួម​ជំនឿ​មិន​ដឹង​ថា មាន​តែ​ប្រាំ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ មុន​សញ្ញា​សម្គាល់​របស់​ដំណាក់​កាល​ទី​១​នៃ​«​ទុក្ខវេទនា​ជា​ខ្លាំង​»​នឹង​ចាប់​ផ្ដើម។ (​ម៉ាថ. ២៤:២១​) នៅ​ឆ្នាំ​៦៦ គ.ស. ស៊ីស្ទាស ហ្កាឡាស​នាំ​កង​ទ័ព​រ៉ូម​មក​ប្រយុទ្ធ​នឹង​ពួក​យូដា​នៅ​ក្រុង​យេរូសាឡិម ប៉ុន្តែ​ពេល​ជិត​ឈ្នះ ស្រាប់​តែ​ដក​ទ័ព​ថយ។ ដូច្នេះ នេះ​ទុក​ឱកាស​ឲ្យ​ពួក​គ្រិស្ត​សាសនិក​រត់​ចេញ​ពី​ទី​ក្រុង​នោះ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។

៣​. តើ​ប៉ូល​បាន​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​សាសន៍​ហេប្រឺ​យ៉ាង​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​ប៉ូល​ដាស់​តឿន​ពួក​គេ?

ពួក​គ្រិស្ត​សាសនិក​ទាំង​នោះ​ត្រូវ​ប៉ិនប្រសប់​ក្នុង​ការ​វែក​ញែក និង​ត្រូវ​ចេះ​មើល​ធ្លុះ​ថា​ព្រឹត្ដិការណ៍​ដែល​កំពុង​កើត​ឡើង គឺជា​ការ​សម្រេច​នៃ​ពាក្យ​របស់​លោក​យេស៊ូ​ហើយ​យល់​ថា ពួក​គេ​ត្រូវ​រត់​ចេញ។ ក៏​ប៉ុន្តែ គ្រិស្ត​សាសនិក​ខ្លះ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​«​ក្រ​នឹង​យល់​»។ ពួក​គេ​ខ្វះ​ការ​យល់​ដឹង​អំពី​បណ្ដាំ​របស់​ព្រះ ប្រៀប​ដូច​ពួក​គេ​ជា​កូន​ក្មេង​ដែល​ត្រូវ​ការ​«​ទឹក​ដោះ​»។ (​សូម​អាន ហេប្រឺ ៥:​១១​-​១៣​) ទោះ​ជា​គ្រិស្ត​សាសនិក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​ពិត​អស់​ច្រើន​ឆ្នាំ​ក៏​ដោយ តែ​ពួក​គេ​បង្ហាញ​លក្ខណៈ​ដែល​បញ្ជាក់​ថា ពួក​គេ​កំពុង​«​ថយ​ចេញ​ពី​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។ (​ហេ. ៣:១២​) ខ្លះ​មាន​«​ទម្លាប់​»​គេច​វេះ​ពី​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក នៅ​ពេល​ដែល​«​ថ្ងៃ​[​ដ៏​ធំ​]​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។ (​ហេ. ១០:​២៤, ២៥​) ប៉ូល​បាន​ដាស់​តឿន​ពួក​គេ​យ៉ាង​ត្រឹម​ត្រូវ​ដោយ​ថា​៖ ​«​ឥឡូវ យើង​បាន​រៀន​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​អំពី​គ្រិស្ត​ហើយ ដូច្នេះ ចូរ​យើង​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​»។—ហេ. ៦:១

៤​. ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​ឆាប់​យល់​នូវ​របៀប​ទំនាយ​ក្នុង​គម្ពីរ​សម្រេច ហើយ​បណ្ដុះ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ដ៏​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា? ហើយ​តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ?

យើង​កំពុង​រស់​នៅ​ក្នុង​អំឡុង​គ្រា​ដែល​មាន​ការ​សម្រេច​ចុង​បំផុត​នៃ​ទំនាយ​របស់​លោក​យេស៊ូ។ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​»​ហើយ នោះ​ជា​ថ្ងៃ​ដែល​របៀប​របប​ទាំង​មូល​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​សេផ. ១:១៤​) ដូច្នេះ លើស​ជាង​មុន​ៗ​ទៅ​ទៀត យើង​ត្រូវ​ឆាប់​យល់​ការ​សម្រេច​នៃ​ទំនាយ​ដែល​មាន​ក្នុង​គម្ពីរ ហើយ​បណ្ដុះ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ដ៏​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​១ពេ. ៥:៨​) តើ​យើង​ពិត​ជា​កំពុង​ធ្វើ​ដូច្នេះ​ឬ​ទេ? ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​នឹង​ជួយ​យើង​ចាំ​មិន​ភ្លេច​ថា យើង​កំពុង​រស់​នៅ​គ្រា​ណា​សព្វ​ថ្ងៃ។

តើ​អ្នក​ណា​ជា​គ្រិស្ត​សាសនិក​មាន​ភាព​ចាស់​ទុំ?

៥, ៦​. (​ក​) តើ​ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​រួម​បញ្ចូល​អ្វី​ខ្លះ? (​ខ​) តើ​មាន​រឿង​ពីរ​ណា​ដែល​យើង​ត្រូវ​ព្យាយាម​ធ្វើ​ដើម្បី​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ?

ប៉ូល​មិន​គ្រាន់តែ​លើក​ទឹក​ចិត្ត​ពួក​គ្រិស្ត​សាសនិក​សាសន៍​ហេប្រឺ​នៅ​សតវត្សរ៍​ទី​១​ឲ្យ​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​ភាព​ចាស់​ទុំ​នោះ​រួម​បញ្ចូល​អ្វី។ (​សូម​អាន ហេប្រឺ ៥:១៤; កំណត់​សម្គាល់​) ​«​មនុស្ស​ពេញ​វ័យ​»​មិន​ពេញ​ចិត្ត​ទទួល​ទាន​«​ទឹក​ដោះ​»​ប៉ុណ្ណោះ​ឡើយ តែ​ពួក​គេ​ចង់​ទទួល​ទាន​«​អាហារ​រឹង​»​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្គាល់​ទាំង​«​បឋម​សេចក្ដី​»​ទាំង​«​សេចក្ដី​ជ្រាល​ជ្រៅ​»​របស់​សេចក្ដី​ពិត។ (​១កូ. ២:១០​) ម្យ៉ាង​ទៀត ពួក​គេ​បាន​ប្រើប្រាស់​សមត្ថភាព​យល់​ដឹង ហើយ​សមត្ថភាព​នោះ​បាន​ត្រូវ​បង្វឹក​បង្ហាត់ ដោយ​អនុវត្ត​តាម​អ្វី​ដែល​ពួក​គេ​ដឹង។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​ពួក​គេ​ចេះ​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ កាល​ណា​ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត នោះ​ការ​បង្វឹក​បង្ហាត់​នេះ​ជួយ​ពួក​គេ​ឲ្យ​ចេះ​វែក​ញែក​ថា​គោលការណ៍​ក្នុង​បទ​គម្ពីរ​ណាខ្លះ​ជាប់​ពាក់​ព័ន្ធ​នឹង​កាលៈទេសៈ​នោះ ព្រម​ទាំង​របៀប​ដែល​ខ្លួន​អាច​អនុវត្ត​តាម​គោលការណ៍​នោះ​ផង។

ប៉ូល​បាន​សរសេរ​ថា​៖ ​«​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ចំពោះ​អ្វី​ដែល​យើង​បាន​ឮ ដើម្បី​កុំ​ឲ្យ​យើង​រសាត់​ចេញ​ពី​ជំនឿ​»។ (​ហេ. ២:១​) ការ​រសាត់​ចេញ​ពី​ជំនឿ​បែប​នេះ​អាច​កើត​ឡើង​មុន​ដែល​យើង​ដឹង​ខ្លួន។ យើង​អាច​ជៀស​ផុត​ពី​បញ្ហា​នេះ​បាន​ដោយ​«​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​»​ ពេល​យើង​ពិចារណា​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ដូច្នេះ យើង​ម្នាក់​ៗ​ត្រូវ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​នៅ​តែ​ពិចារណា​អំពី​បឋម​សេចក្ដី​ប៉ុណ្ណោះ​ឬ? តើ​ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​ក្នុង​សេចក្ដី​ពិត​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ប្រៀប​ដូច​ជា​អណ្ដែតត្រសែត​តាម​ទឹក​ទេ? តើ​ខ្ញុំ​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ពិត​ជា​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត?›។ ការ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​តម្រូវ​ឲ្យ​យើង​ព្យាយាម​ក្នុង​រឿង​ពីរ​យ៉ាង ពោល​គឺ​យើង​ត្រូវ​ស្គាល់​បណ្ដាំ​របស់​ព្រះ​ច្បាស់ ហើយ​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់។

ត្រូវ​ស្គាល់​បណ្ដាំ​របស់​ព្រះ​ច្បាស់

៧​. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ដោយ​ស្គាល់​បណ្ដាំ​របស់​ព្រះ​ច្បាស់?

ប៉ូល​បាន​សរសេរ​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ​មិន​ស្គាល់​បណ្ដាំ​នៃ​សេចក្ដី​សុចរិត​ទេ ពីព្រោះ​អ្នក​នោះ​ជា​ទារក​»។ (​ហេ. ៥:១៣​) យើង​ត្រូវ​ស្គាល់​បណ្ដាំ​របស់​ព្រះ​ច្បាស់​គឺ​អ្វី​ដែល​លោក​ផ្ដាំ​យើង ទើប​អាច​មាន​ភាព​ចាស់​ទុំ។ ដោយ​សារ​អ្វី​ដែល​ព្រះ​បាន​ផ្ដាំ​គឺ​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក នោះ​គប្បី​ឲ្យ​យើង​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​ការ​សិក្សា​គម្ពីរ និង​សៀវភៅ​ផ្សេង​ៗ​ពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥​-​៤៧​) ការ​សិក្សា​តាម​របៀប​នេះ​នឹង​ជួយ​យើង​ឲ្យ​រៀន​របៀប​ដែល​ព្រះ​គិត ហើយ​នឹង​ជួយ​យើង​បង្ហាត់​សមត្ថភាព​យល់​ដឹង​របស់​យើង​ដែរ។ សូម​គិត​អំពី​គំរូ​របស់​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ស្រី​ពៅ។ * គាត់​និយាយ​ថា​៖ ​«​ការ​រំលឹក​ឲ្យ​អាន​គម្ពីរ​ទៀង​ទាត់​គឺជា​ការ​រំលឹក​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ជីវិត​ខ្ញុំ។ ខ្ញុំ​បាន​ចំណាយ​ពេល​អស់​ពីរ​ឆ្នាំ​ទើប​អាន​គម្ពីរ​ទាំង​មូល​ចប់ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ទើប​ចាប់​ផ្ដើម​ស្គាល់​អ្នក​បង្កើត​ជា​លើក​ដំបូង។ ខ្ញុំ​បាន​រៀន​អំពី​ការ​ប្រព្រឹត្ត​របស់​លោក អ្វី​ដែល​លោក​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត ក៏​បាន​រៀន​ថា​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ប៉ុណ្ណា និង​មាន​ប្រាជ្ញា​ច្រើន​ប៉ុណ្ណា។ ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​បាន​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ខ្ញុំ​ក្នុង​គ្រា​ពិបាក​បំផុត​ក្នុង​ជីវិត​»។

៨​. តើ​បណ្ដាំ​របស់​ព្រះ​អាច​មាន​ឫទ្ធានុភាព​អ្វី​មក​លើ​យើង?

ការ​អាន​បទ​គម្ពីរ​ខ្លះ​ៗ​ជា​រឿយ​ៗ​អនុញ្ញាត​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​«​ឫទ្ធានុភាព​»​មក​លើ​យើង។ (​សូម​អាន ហេប្រឺ ៤:​១២​) ការ​អាន​បែប​នេះ​អាច​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង ហើយ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នឹង​យើង​កាន់​តែ​ច្រើន​ឡើង។ តើ​រូប​អ្នក​ត្រូវ​លៃ​ទុក​ពេល​ច្រើន​ជាង​ដើម្បី​អាន​គម្ពីរ និង​រំពឹង​គិត​លើ​អ្វី​ដែល​គម្ពីរ​រៀប​រាប់​ឬ​ទេ?

៩, ១០​. តើ​ការ​ស្គាល់​បណ្ដាំ​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ? សូម​រៀប​រាប់​ឧទាហរណ៍​មួយ។

ការ​ស្គាល់​បណ្ដាំ​របស់​ព្រះ​រួម​បញ្ចូល​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​ស្គាល់​អ្វី​ដែល​គម្ពីរ​ចែង​ប៉ុណ្ណោះ​ឡើយ។ គ្រិស្ត​សាសនិក​ដែល​គ្មាន​ភាព​ចាស់​ទុំ​នៅ​សម័យ​ប៉ូល​ទំនង​ជា​មាន​ចំណេះ​ខ្លះ​ៗ​អំពី​អ្វី​ដែល​បាន​រៀប​រាប់​ក្នុង​បណ្ដាំ​របស់​ព្រះ​ដែរ។ ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​អនុវត្ត​តាម​អ្វី​ដែល​ខ្លួន​ដឹង​ដើម្បី​អាច​ឃើញ​ប្រយោជន៍​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ។ ពួក​គេ​មិន​ឲ្យ​បណ្ដាំ​របស់​ព្រះ​ណែនាំ​ពួក​គេ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ជីវិត ដូច្នេះ​ហើយ​ពួក​គេ​មិន​ស្គាល់​បណ្ដាំ​របស់​ព្រះ។

១០ ការ​ស្គាល់​បណ្ដាំ​របស់​ព្រះ​មាន​ន័យ​ថា​យើង​ដឹង​អ្វី​ដែល​បណ្ដាំ​នោះ​ចែង ហើយ​អនុវត្ត​តាម​ការ​យល់​ដឹង​នោះ។ បទ​ពិសោធន៍​របស់​បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ខែល ស​ឲ្យ​ឃើញ​នូវ​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន។ បង​ស្រី​ខែល​បាន​ឈ្លោះ​គ្នា​ជា​មួយ​អ្នក​រួម​ការងារ​ម្នាក់។ តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ត្រូវ​គ្នា​វិញ​នឹង​អ្នក​រួម​ការងារ​នោះ? គាត់​ពន្យល់​ថា​៖ ​«​បទ​គម្ពីរ​ដែល​ខ្ញុំ​នឹក​ឃើញ​ភ្លាម​គឺ​រ៉ូម ១២:១៨ ដែល​ថា​៖ ‹ចូរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់›។ ដូច្នេះ ខ្ញុំ​ណាត់​ជួប​គាត់​ក្រោយ​ចេញ​ពី​ធ្វើ​ការ​»។ ពួក​គេ​បាន​ដោះ​ស្រាយ​បញ្ហា​នោះ ហើយ​អ្នក​រួម​ការងារ​បាន​កោត​ស្ងើច​វិធី​ដែល​ខែល​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ បង​ស្រី​ខែល​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ថា ការ​អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ​ជា​ទង្វើ​ត្រឹម​ត្រូវ​ជា​និច្ច​»។

រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់

១១​. ពេល​មាន​ការ​ពិបាក តើ​អ្វី​ដែល​បង្ហាញ​ថា​ការ​ស្ដាប់​បង្គាប់​គឺ​មិន​ងាយ​ស្រួល​ទេ?

១១ ការ​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន​ពី​បទ​គម្ពីរ​មិន​ងាយ​ស្រួល​ទេ ជា​ពិសេស​ពេល​មាន​ការ​ពិបាក។ ជា​ឧទាហរណ៍ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​ព្រះ​យេហូវ៉ា​រំដោះ​កូន​ចៅ​អ៊ីស្រាអែល​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប នោះ​ពួក​គេ​បាន​«​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​»​ ហើយ​«​ល្បង​ល​ព្រះ​យេហូវ៉ា​»។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​ខ្វះ​ទឹក​ផឹក។ (​និក្ខ. ១៧:១​-​៤​) ពួក​គេ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​ព្រះ ហើយ​យល់​ព្រម​ថា​នឹង​ធ្វើ​តាម​«​អស់​ទាំង​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក​»។ ក្រោយ​មក​មិន​ដល់​ពីរ​ខែ​ផង ពួក​គេ​បាន​បំពាន​ច្បាប់​របស់​លោក​ស្តី​អំពី​ការ​គោរព​បូជា​រូប​ព្រះ។ (​និក្ខ. ២៤:៣, ១២​-​១៨; ៣២:១, ២, ៧​-​៩​) កាល​ដែល​ម៉ូសេ​កំពុង​ទទួល​ការ​ណែនាំ​ពី​ព្រះ​នៅ​ភ្នំ​ហូរែប តើ​ពួក​គេ​បាន​បំពាន​ច្បាប់​របស់​ព្រះ​ដោយ​សារ​ម៉ូសេ​អវត្តមាន​យូរ​ពេក ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ឬ? តើ​ពួក​គេ​គិត​ថា​សាសន៍​អាម៉ាលេក​នឹង​មក​ច្បាំង​នឹង​ពួក​គេ​ម្ដង​ទៀត​ទេ? មុន​នេះ ម៉ូសេ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះ​លើ​សាសន៍​អាម៉ាលេក​ដោយ​លើក​ដៃ​ឡើង​ទៅ​លើ ដូច្នេះ តើ​ពួក​គេ​គិត​ថា​បណ្ដា​ជន​អ៊ីស្រាអែល​មិន​អាច​មាន​ជ័យ​ជម្នះ​ដោយ​សារ​ឥត​មាន​ម៉ូសេ​ឬ? (​និក្ខ. ១៧:៨​-​១៦​) ប្រហែលជា​ពួក​គេ​មាន​គំនិត​ដូច​នេះ​មែន ប៉ុន្តែ​មិន​ថា​មាន​មូលហេតុ​ណា​ក៏​ដោយ បណ្ដា​ជន​អ៊ីស្រាអែល​«​មិន​ព្រម​ស្ដាប់​បង្គាប់​»​ឡើយ។ (​សកម្ម. ៧:៣៩​-​៤១​) ប៉ូល​បាន​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ឲ្យ​«​ខំ​អស់ពី​សមត្ថភាព​»​ដើម្បី​កុំ​ឲ្យ​«​ធ្លាក់​ខ្លួន រួច​ដើរ​តាម​គន្លង​របស់​ពួក​អ្នក​ដែល​មិន​បាន​ស្ដាប់​បង្គាប់​»​ ដូច​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​ពេល​ពួក​គេ​ខ្លាច​មិន​ហ៊ាន​ចូល​ស្រុក​សន្យា។—ហេ. ៤:៣, ១១

១២​. តើ​លោក​យេស៊ូ​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​យ៉ាង​ដូច​ម្ដេច? ហើយ​ដោយ​សារ​ចេះ​ស្ដាប់​បង្គាប់ តើ​លោក​ទទួល​ប្រយោជន៍​អ្វី?

១២ ការ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​តម្រូវ​ឲ្យ​យើង​ខំ​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ដូច​បាន​ឃើញ​តាម​គំរូ​របស់​លោក​យេស៊ូ ភាគ​ច្រើន​យើង​អាច​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ដោយ​សារ​អ្វី​ដែល​យើង​បាន​រង​ទុក្ខ។ (​សូម​អាន ហេប្រឺ ៥:៨, ​) មុន​លោក​យេស៊ូ​មក​ផែនដី លោក​ចេះ​ស្ដាប់​បង្គាប់​បិតា។ ក៏​ប៉ុន្តែ ពេល​នៅ​ផែនដី ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​គឺ​ជាប់​ទាក់​ទង​នឹង​ការ​រង​ទុក្ខ​ខាង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ។ តាម​រយៈ​ការ​ស្ដាប់​បង្គាប់​ពេល​មាន​ទុក្ខ​សែន​ធ្ងន់ នោះ​លោក​យេស៊ូ​បាន​«​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​»​ក្នុង​នាម​ជា​ស្តេច​និង​សម្ដេច​សង្ឃ ដែល​ជា​ឋានៈ​ថ្មី​ដែល​ព្រះ​បាន​រៀប​ចំ​ឲ្យ​លោក។

១៣​. តើ​អ្វី​ដែល​បង្ហាញ​ថា​យើង​បាន​រៀន​ឬ​មិន​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់?

១៣ ចុះ​យ៉ាង​ណា​ចំពោះ​យើង? ទោះ​ជា​យើង​ជួប​ប្រទះ​បញ្ហា​ដែល​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ក៏​ដោយ តើ​យើង​បាន​តាំង​ចិត្ត​ឲ្យ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ឬ​ទេ? (​សូម​អាន ពេត្រុសទី១ ១:៦, ៧​) ដំបូន្មាន​របស់​ព្រះ​គឺ​ច្បាស់​ណាស់​ស្តី​អំពី​សីលធម៌ សេចក្ដី​ទៀង​ត្រង់ ពាក្យ​សម្ដី​ដ៏​គួរ​សម ការ​អាន​និង​សិក្សា​បទ​គម្ពីរ​ដោយ​ខ្លួន​ឯង ការ​ទៅ​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក​ហើយ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ (​យ៉ូស. ១:៨; ម៉ាថ. ២៨:១៩, ២០; អេភ. ៤:២៥, ២៨, ២៩; ៥:៣​-​៥; ហេ. ១០:២៤, ២៥​) តើ​យើង​ចេះ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ​ក្នុង​រឿង​ទាំង​នេះ ទោះ​ជា​យើង​មាន​ការ​លំបាក​ក៏​ដោយ? ការ​ស្ដាប់​បង្គាប់​របស់​យើង​ជា​សញ្ញា​សម្គាល់​មួយ​ដែល​បញ្ជាក់​ថា​យើង​បាន​ជឿន​ទៅ​រក​ភាព​ចាស់​ទុំ។

ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក​មាន​ភាព​ចាស់​ទុំ​ មាន​ប្រយោជន៍​អ្វី?

១៤​. សូម​រៀប​រាប់​ឧទាហរណ៍​ស្តី​អំពី​របៀប​ដែល​ការ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​អាច​ការពារ​យើង។

១៤ ពួក​គ្រិស្ត​សាសនិក​អាច​ទទួល​ការ​ការពារ​មែន បើ​ពួក​គាត់​មាន​សមត្ថភាព​យល់​ដឹង​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​យ៉ាង​ត្រឹម​ត្រូវ ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​ក្នុង​ពិភព​លោក​ដែល​«​លែង​ស្គាល់​ល្អ​ស្គាល់​អាក្រក់​»។ (​អេភ. ៤:១៩​) ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ឈ្មោះ​ជេម​ជា​អ្នក​ដែល​ធ្លាប់​អាន​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជា​រឿយ​ៗ ហើយ​ចាត់​ទុក​ព័ត៌មាន​ក្នុង​សៀវភៅ​នោះ​ថា​មាន​តម្លៃ​ខ្ពស់។ គាត់​ព្រម​ទទួល​ការងារ​ដែល​មាន​បុគ្គលិក​ស្ត្រី​ទាំង​អស់ លើក​លែង​តែ​គាត់។ គាត់​និយាយ​ថា​៖ ​«​ស្ត្រី​ជា​ច្រើន​នាក់​មិន​មាន​សីលធម៌​ទេ តែ​មាន​ស្ត្រី​ម្នាក់​ដែល​មើល​ទៅ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​គោរព ហើយ​គាត់​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែរ។ ប៉ុន្តែ ពេល​យើង​នៅ​តែ​ពីរ​នាក់​ក្នុង​បន្ទប់​មួយ​នៅ​កន្លែង​ធ្វើ​ការ នោះ​គាត់​ចាប់​ផ្ដើម​ប្រើ​ពាក្យ​សម្ដី​និង​ធ្វើ​កាយវិការ​បង្ហាញ​ថា​គាត់​ចង់​រួម​ដំណេក​ជា​មួយ​ខ្ញុំ។ ខ្ញុំ​ស្មានថា​គាត់​ធ្វើ​លេង ប៉ុន្តែ​ពិបាក​បញ្ឈប់​គាត់​ណាស់។ នៅ​ពេល​នោះ​ខ្ញុំ​នឹក​ចាំ​បទ​ពិសោធន៍​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ស្តី​អំពី​បង​ប្រុស​ម្នាក់​ដែល​ប្រឈម​មុខ​ការ​ល្បង​ល​ស្រ​ដៀង​គ្នា​ដែរ​នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់។ អត្ថបទ​នោះ​បាន​លើក​ឧទាហរណ៍​របស់​យ៉ូសែប​និង​ភរិយា​របស់​ប៉ូទីផារ។ ដូច្នេះ ខ្ញុំ​ក៏​ច្រាន​គាត់​ចេញ ហើយ​គាត់​រត់​ចេញ​ពី​បន្ទប់​នោះ​»។ (​លោ. ៣៩:៧​-​១២​) ជេម​សប្បាយ​ចិត្ត​ដែល​គាត់​មិន​បាន​ប្រព្រឹត្ត​ជ្រុល​ជ្រួស ហើយ​មិន​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​គាត់។—១ធី. ១:៥

១៥​. តើ​ការ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​ផ្ដល់​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៥ ភាព​ចាស់​ទុំ​ក៏​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ដោយ​ព្រោះ​នេះ​ផ្ដល់​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត និង​មិន​ឲ្យ​«​សេចក្ដី​បង្រៀន​ផ្សេង​ៗ​ដែល​ចម្លែក​បង្វែរ​[​យើង​]​រាល់​គ្នា​ឡើយ​»។ (​សូម​អាន ហេប្រឺ ១៣:​៩​) កាល​ណា​យើង​ខិត​ខំ​ជឿន​ទៅ​មុខ​ក្នុង​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ នោះ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»។ (​ភី. ១:៩, ១០​) យ៉ាង​នេះ យើង​ដឹង​គុណ​ព្រះ​កាន់​តែ​ច្រើន​ឡើង និង​យល់​តម្លៃ​នៃ​ការ​រៀប​ចំ​ទាំង​អស់​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ដើម្បី​ប្រយោជន៍​យើង។ (​រ៉ូម ៣:២៤​) គ្រិស្ត​សាសនិក​ដែល‹មាន​សមត្ថភាព​យល់​ដឹង​ជា​មនុស្ស​ពេញ​វ័យ› បណ្ដុះ​ឲ្យ​មាន​ការ​ដឹង​គុណ​ដូច​នេះ ហើយ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។—១កូ. ១៤:២០

១៦​. តើ​អ្វី​បាន​ជួយ​បង​ស្រី​ម្នាក់​បណ្ដុះ​ឲ្យ​មាន​«​ចិត្ត​រឹង​មាំ​»​?

១៦ បង​ស្រី​ឈ្មោះ​ឡូអ៊ីស​បាន​សារភាព​ថា អស់​មួយ​រយៈ​យូរ​បន្ទាប់​ពី​គាត់​ទទួល​ការ​ជ្រមុជ​ទឹក នោះ​មូលហេតុ​ចម្បង​ដែល​គាត់​បន្ត​ធ្វើ​កិច្ចការ​ជា​គ្រិស្ត​សាសនិក គឺ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​ពេញ​ចិត្ត​នឹង​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ដែល​ខុស​ទេ តែ​ខ្ញុំ​មិន​មាន​ក្ដី​ប្រាថ្នា​ខ្លាំង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ ខ្ញុំ​ដឹង​ខ្លួន​ថា​បើ​ខ្ញុំ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​អស់ពី​សមត្ថភាព នោះ​ខ្ញុំ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ។ ការ​ផ្លាស់​ប្ដូរ​ដ៏​ពិបាក​បំផុត​របស់​ខ្ញុំ គឺ​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​អស់ពី​ដួង​ចិត្ត​»។ ដោយ​សារ​បង​ស្រី​ឡូអ៊ីស​បាន​ព្យាយាម​បែប​នេះ នោះ​គាត់​បាន​បណ្ដុះ​ឲ្យ​មាន​«​ចិត្ត​រឹង​មាំ​»​ ហើយ​នេះ​ពិត​ជា​បាន​ជួយ​គាត់​ពេល​ជួប​ប្រទះ​បញ្ហា​សុខភាព​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​ព្រួយ។ (​យ៉ា. ៥:៨​) បង​ស្រី​ឡូអ៊ីស​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​តស៊ូ​ខ្លាំង​ណាស់ តែ​ខ្ញុំ​ពិត​ជា​បាន​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​»។

«​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​»​

១៧​. នៅ​សតវត្សរ៍​ទី​១ ហេតុ​អ្វី​បាន​ជា​ការ​ស្ដាប់​បង្គាប់​ចាំ​បាច់?

១៧ ដំបូន្មាន​របស់​ប៉ូល​ឲ្យ​«​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​»​ ជួយ​សង្គ្រោះ​ជីវិត​របស់​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ដែល​រស់​នៅ​ទី​ក្រុង​យេរូសាឡិម​និង​តំបន់​យូឌា។ អស់​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​នោះ ប៉ិន​វែក​ញែក​និង​ចេះ​មើល​ធ្លុះ​ថា​ព្រឹត្ដិការណ៍​ដែល​កំពុង​កើត​ឡើង​ជា​សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ គឺ​ត្រូវ​«​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ ពេល​ពួក​គេ​«​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​បំផ្លិចបំផ្លាញ កំពុង​ឈរ​នៅ​កន្លែង​បរិសុទ្ធ​»​ ពោល​គឺ​កង​ទ័ព​រ៉ូម​ឡោម​ព័ទ្ធ​និង​សម្រុក​ចូល​ទី​ក្រុង​យេរូសាឡិម នោះ​ពួក​គេ​ដឹង​ថា​ត្រូវ​តែ​រត់​ចេញ​ពី​ទី​ក្រុង។ (​ម៉ាថ. ២៤:១៥, ១៦​) យោង​ទៅ​តាម​អ្នក​ប្រវត្ដិសាស្ត្រ​មួយ​រូប គាត់​ថា​ពួក​គ្រិស្ត​សាសនិក​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​លោក​យេស៊ូ ហើយ​រត់​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម មុន​ទី​ក្រុង​នោះ​បាន​ត្រូវ​កម្ទេច​ចោល ហើយ​បាន​ស្ថិត​នៅ​ក្រុង​ភេឡា​នៅ​តំបន់​ភ្នំ​នៃ​ស្រុក​កាឡា​ត។ (​អ្នក​ប្រវត្ដិសាស្ត្រ Eusebius​) ដូច្នេះ ពួក​គេ​បាន​ជៀស​ផុត​ពី​រឿង​ខ្លោច​ផ្សា​បំផុត​ដែល​មិន​ធ្លាប់​កើត​មាន​ឡើង​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​ទី​ក្រុង​យេរូសាឡិម។

១៨, ១៩​. (​ក​) ហេតុ​អ្វី​បាន​ជា​ការ​ស្ដាប់​បង្គាប់​សំខាន់​ម្ល៉េះ​សព្វ​ថ្ងៃ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ត​បន្ទាប់?

១៨ ការ​ស្ដាប់​បង្គាប់​ដែល​មក​ពី​ការ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​យើង​ដែរ ពេល​យើង​ប្រឈម​មុខ​ការ​សម្រេច​ដ៏​សំខាន់​បំផុត​នៃ​ទំនាយ​របស់​លោក​យេស៊ូ ដែល​ថា​នឹង​«​មាន​ទុក្ខវេទនា​ជា​ខ្លាំង​»​ប្រៀប​ផ្ទឹម​ពុំ​បាន។ (​ម៉ាថ. ២៤:២១​) តើ​យើង​នឹង​ស្ដាប់​បង្គាប់​ការ​ណែនាំ​ណា​ក៏​ដោយ​ដែល​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»​នឹង​ជូន​ឲ្យ​យើង​ទេ? (​លូក. ១២:៤២​) គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​រៀន​ឲ្យ​ចេះ​«​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​»​!—រ៉ូម ៦:១៧

១៩ ការ​មាន​ភាព​ចាស់​ទុំ​តម្រូវ​ឲ្យ​យើង​បង្ហាត់​សមត្ថភាព​យល់​ដឹង​របស់​យើង។ យើង​អាច​ធ្វើ​ដូច្នោះ​ដោយ​ព្យាយាម​ស្គាល់​បណ្ដាំ​របស់​ព្រះ​ច្បាស់ និង​ដោយ​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់។ ការ​ជឿន​ទៅ​មុខ​ដើម្បី​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ នោះ​នាំ​ឲ្យ​មាន​ការ​ពិបាក​សម្រាប់​ប្អូន​ៗ​យុវវ័យ។ អត្ថបទ​បន្ត​បន្ទាប់​នឹង​ពិចារណា​នូវ​វិធី​ដែល​ប្អូន​ៗ​យុវវ័យ​អាចយ​ក​ឈ្នះ​លើ​ការ​ពិបាក​ទាំង​នោះ។

[កំណត់​សម្គាល់]

^ វគ្គ 7 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

តើ​អ្នក​បាន​រៀន​អ្វី?

តើ​នរណា​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ? ហើយ​តើ​យើង​អាច​មាន​ភាព​ចាស់​ទុំ​បែប​នេះ​តាម​វិធី​ណា?

តើ​ការ​ស្គាល់​បណ្ដាំ​របស់​ព្រះ​ទាក់​ទង​នឹង​ការ​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​យ៉ាង​ណា?

តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពេល​មាន​ភាព​ចាស់​ទុំ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

ការ​អនុវត្ត​តាម​ដំបូន្មាន​ក្នុង​គម្ពីរ​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​តាម​វី​ធី​ដែល​បង្ហាញ​ភាព​ចាស់​ទុំ

[រូបភាព​នៅ​ទំព័រ​១៦]

ការ​ធ្វើ​តាម​ដំបូន្មាន​របស់​លោក​យេស៊ូ នោះ​សង្គ្រោះ​ជីវិត​ពួក​គ្រិស្ត​សាសនិក​សម័យ​ដើម