លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងគួរធ្វើតាម«គ្រិស្ដ»?

ហេតុអ្វីយើងគួរធ្វើតាម«គ្រិស្ដ»?

ហេតុ​អ្វី​យើង​គួរ​ធ្វើ​តាម​«​គ្រិស្ត​»​?

​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ . . . ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ​»។—លូក. ៩:២៣

១, ២​. ហេតុ​អ្វី​បាន​ជា​សំខាន់​ឲ្យ​យើង​ពិចារណា​មូលហេតុ​ដែល​យើង​គួរ​ធ្វើ​តាម​«​គ្រិស្ត​»​?

ព្រះ​យេហូវ៉ា​ពិត​ជា​រំភើប​ចិត្ត​មែន! ពេល​ឃើញ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ចាប់​អារម្មណ៍​ថ្មី​ៗ​និង​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​ចំណោម​អ្នក​គោរព​ប្រណិប័តន៍​ជា​ច្រើន​នាក់​របស់​លោក។ កាល​ដែល​អ្នក​បន្ត​រៀន​គម្ពីរ ទៅ​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក​យ៉ាង​ទៀង​ទាត់ និង​មាន​ចំណេះ​កាន់​តែ​ច្រើន​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​សង្គ្រោះ​ជីវិត នោះ​អ្នក​ត្រូវ​គិត​យ៉ាង​ហ្មត់​ចត់​អំពី​សេចក្ដី​អញ្ជើញ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ រួច​លី​បង្គោល​ទារុណកម្ម របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ​»។ (​លូក. ៩:២៣​) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​ការ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ​ហើយ​កាន់​តាម​លោក​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ។ បើ​ដូច្នេះ គឺ​សំខាន់​ឲ្យ​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​ធ្វើ​តាម​«​គ្រិស្ត​»។—ម៉ាថ. ១៦:១៣​-​១៦

ចុះ​យ៉ាង​ណា​ចំពោះ​យើង​ដែល​កំពុង​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​យេស៊ូ​គ្រិស្ត​ឥឡូវ? យើង​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​«​បន្ត​ធ្វើ​ដូច្នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​»។ (​១ថែ. ៤:១, ២​) សូម្បី​តែ​យើង​ទើប​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ​ឬ​បាន​ធ្វើ​ដូច្នេះ​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ ការ​រំពឹង​គិត​អំពី​មូលហេតុ​យើង​ធ្វើ​តាម​គ្រិស្ត នោះ​នឹង​ជួយ​យើង​ឲ្យ​អនុវត្ត​តាម​ការ​ដាស់​តឿន​របស់​ប៉ូល ហើយ​ធ្វើ​តាម​គ្រិស្ត​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​រៀង​រាល់​ថ្ងៃ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​មូលហេតុ​ប្រាំ​យ៉ាង​ដែល​យើង​គួរ​មាន​ចិត្ត​ចង់​ធ្វើ​តាម​គ្រិស្ត។

ដើម្បី​រឹត​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា

៣​. តើ​យើង​អាច​ស្គាល់​ព្រះ​យេហូវ៉ា​តាម​វិធី​ពីរ​ណា?

ពេល​ប៉ូល​«​ឈរ​នៅ​កណ្ដាល​អារីយ៉ូស​»​និយាយ​ទៅ​អ្នក​ក្រុង​អាថែន នោះ​គាត់​ពោល​ថា​៖ ​«​[​ព្រះ​]​បាន​ចេញ​បញ្ជា​ស្តី​អំពី​គ្រា​កំណត់ ក៏​បាន​ដាក់​កម្រិត​លើ​ទី​អាស្រ័យ​នៅ​របស់​មនុស្ស​ជាតិ ដើម្បី​ឲ្យ​ពួក​គេ​រក​ព្រះ ប្រសិនបើ​ពួក​គេ​នឹង​ស្វះ​ស្វែងរក​លោក​ទាល់​តែ​ឃើញ ទោះ​ជា​ការ​ពិត លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​ក៏​ដោយ​»។ (​សកម្ម. ១៧:​២២, ២៦, ២៧​) យើង​អាច​រក​ព្រះ ហើយ​ពិត​ជា​អាច​ស្គាល់​លោក​ច្បាស់​បាន។ ជា​ឧទាហរណ៍ ពេល​យើង​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត នោះ​យើង​រៀន​ជា​ច្រើន​អំពី​គុណ​សម្បត្ដិ​និង​សមត្ថភាព​របស់​លោក។ ការ​រំពឹង​គិត​ដោយ​ឲ្យ​តម្លៃ​ចំពោះ​ស្នា​ដៃ​របស់​ព្រះ​ពិត​ជា​អាច​បង្រៀន​យើង​ច្រើន​ណាស់​អំពី​អ្នក​បង្កើត។ (​រ៉ូម ១:២០​) ព្រះ​យេហូវ៉ា​ក៏​បាន​កត់​ទុក​ព័ត៌មាន​អំពី​លោក​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (​២ធី. ៣:១៦, ១៧​) ប្រសិនបើ​យើង​‹រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ព្រះ›​ហើយ​‹ពិចារណា​ពី​កិច្ច​ដែល​លោក​ធ្វើ​ទាំង​ប៉ុន្មាន›​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង នោះ​យើង​អាច​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់​ជាង។—ទំនុក. ៧៧:១២

៤​. តើ​ការ​ធ្វើ​តាម​គ្រិស្ត​ជួយ​យើង​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

វិធី​ដ៏​ល្អ​ប្រសើរ​មួយ​ទៀត​ដើម្បី​ឲ្យ​បាន​រឹត​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​ដោយ​ធ្វើ​តាម​គ្រិស្ត។ ពិត​មែន​ហើយ លោក​យេស៊ូ​មាន​សិរី​រុងរឿង​ដោយ​នៅ​ក្បែរ​បិតា​របស់​លោក​«​កាល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ​»​! (​យ៉ូន. ១៧:៥​) លោក​ជា​«​អ្នក​ដំបូង​បង្អស់​ដែល​ព្រះ​បាន​បង្កើត​»។ (​បប. ៣:១៤​) ដោយ​សារ​លោក​ជា​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»​ លោក​បាន​រស់​នៅ​អស់​រាប់​លាន​ឆ្នាំ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា។ មុន​លោក​យេស៊ូ​មាន​កំណើត​ជា​មនុស្ស នោះ​លោក​មិន​គ្រាន់តែ​ចំណាយ​ពេល​ជា​មួយ​បិតា​ប៉ុណ្ណោះ​ឡើយ។ លោក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះ លោក​បាន​ធ្វើ​ការ​យ៉ាង​រីករាយ​ជា​មួយ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត ហើយ​មាន​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​បំផុត​ជា​មួយ​បិតា ដែល​គ្មាន​អ្នក​ណា​អាច​ជិត​ស្និទ្ធ​ជាង​នេះ​ឡើយ។ លោក​យេស៊ូ​មិន​គ្រាន់តែ​បាន​សង្កេត​មើល​របៀប​ដែល​បិតា​ប្រព្រឹត្ត​ដោយ​កត់​សម្គាល់​អារម្មណ៍​និង​គុណ​សម្បត្ដិ​របស់​បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​គុណ​សម្បត្ដិ​ដូច​បិតា​បេះបិទ ស្រប​តាម​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​រៀន​អំពី​បិតា។ ជា​លទ្ធផល បុត្រ​ដែល​ចេះ​ស្ដាប់​បង្គាប់​នេះ​មាន​លក្ខណៈ​ដូច​បិតា​បេះបិទ​ដល់​ម្ល៉េះ​ដែល​គម្ពីរ​រៀប​រាប់​ថា​៖ ​«​លោក​និង​ព្រះ​ដែល​យើង​មើល​មិន​ឃើញ​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​ស្រុង​»។ (​កូឡ. ១:១៥​) ដោយ​ធ្វើ​តាម​គ្រិស្ត​យ៉ាង​ដិត​ដល់ យើង​អាច​មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា។

ដើម្បី​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន

៥​. តើ​អ្វី​ដែល​នឹង​ជួយ​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ឲ្យ​បាន​កាន់​តែ​ច្រើន? ហើយ​ហេតុ​អ្វី?

ព្រះ​បាន​បង្កើត​យើង​ឲ្យ​‹ដូច​ជា​រូប​លោក ឲ្យ​មាន​ភាព​ដូច​លោក› ដូច្នេះ​យើង​មាន​លទ្ធភាព​បង្ហាញ​គុណ​សម្បត្ដិ​របស់​ព្រះ។ (​លោ. ១:២៦​) សាវ័ក​ប៉ូល​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​«​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​»។ (​អេភ. ៥:១​) ការ​ធ្វើ​តាម​គ្រិស្ត​ជួយ​យើង​ឲ្យ​យក​តម្រាប់​តាម​ព្រះ​របស់​យើង​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌។ នេះ​គឺ​ដោយ​សារ​គ្មាន​នរណា​បាន​យក​តម្រាប់​តាម​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​ល្អ​ជាង​លោក​យេស៊ូ ហើយ​ក៏​គ្មាន​នរណា​អាច​បង្រៀន​យើង​អំពី​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​លោក​ដែរ។ ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​មិន​គ្រាន់តែ​ប្រាប់​យើង​ឲ្យ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ លោក​បាន​បង្ហាញ​យើង​ឲ្យ​ស្គាល់​ច្បាស់​ថា ព្រះ​ជា​បុគ្គល​បែប​ណា។ (​សូម​អាន ម៉ាថាយ ១១:២៧​) លោក​យេស៊ូ​បាន​ធ្វើ​ដូច្នោះ​ដោយ​សម្ដី​និង​ការ​ប្រព្រឹត្ត ពោល​គឺ​សេចក្ដី​បង្រៀន​និង​គំរូ​របស់​លោក។

៦​. តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​បង្ហាញ​អ្វី​អំពី​ព្រះ​យេហូវ៉ា?

តាម​រយៈ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ នោះ​លោក​ពន្យល់​អំពី​អ្វី​ដែល​ព្រះ​តម្រូវ​ពី​យើង ហើយ​អំពី​អារម្មណ៍​របស់​ព្រះ​ស្តី​អំពី​អ្នក​គោរព​ប្រណិប័តន៍​លោក។ (​ម៉ាថ. ២២:៣៦​-​៤០; លូក. ១២:៦, ៧; ១៥:៤​-​៧​) ជា​ឧទាហរណ៍ ក្រោយ​ពី​លោក​យេស៊ូ​ដក​ស្រង់​ក្រឹត្យ​វិន័យ​មួយ​ពី​ចំណោម​ក្រឹត្យ​វិន័យ​១០​ប្រការ​ដែល​ថា ​‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឲ្យ​សោះ› នោះ​លោក​ពន្យល់​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​អ្វី​ដែល​កើត​ឡើង​ក្នុង​ចិត្ត​របស់​បុរស​ម្នាក់​យូរ​មុន​គាត់​ប្រព្រឹត្ត​អំពើ​នោះ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ​»។ (​និក្ខ. ២០:១៤; ម៉ាថ. ៥:​២៧, ២៨​) ម្យ៉ាង​ទៀត ក្រោយ​រៀប​រាប់​អំពី​របៀប​ដែល​ពួក​ផារិស៊ី​បក​ស្រាយ​ឃ្លា​មួយ​ក្នុង​ច្បាប់​ដែល​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​តែ​ត្រូវ​ស្អប់​សត្រូវ​»​ នោះ​លោក​យេស៊ូ​បាន​ប្រាប់​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​បៀតបៀន​អ្នក​»។ (​ម៉ាថ. ៥:៤៣, ៤៤; និក្ខ. ២៣:៤; លេវី. ១៩:១៨​) ដូច្នេះ ការ​យល់​ដឹង​អំពី​អារម្មណ៍​របស់​ព្រះ និង​របៀប​ដែល​លោក​គិត ព្រម​ទាំង​អ្វី​ដែល​លោក​តម្រូវ​ពី​យើង នោះ​នឹង​ជួយ​យើង​ឲ្យ​យក​តម្រាប់​តាម​លោក​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។

៧, ៨​. ពី​គំរូ​របស់​លោក​យេស៊ូ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

ម្យ៉ាង​ទៀត តាម​រយៈ​គំរូ​របស់​លោក​យេស៊ូ លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​របស់​បិតា​នៅ​ស្ថាន​សួគ៌។ សៀវភៅ​ដំណឹង​ល្អ​ក្នុង​គម្ពីរ​រៀប​រាប់​ថា លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​មនុស្ស​ដែល​ខ្វះ​ខាត លោក​យល់​ចិត្ត​អស់​អ្នក​ដែល​រង​ទុក្ខ​លំបាក ហើយ​លោក​ក៏​ទើស​ចិត្ត​នឹង​អ្នក​កាន់​តាម​លោក​ដែល​ស្តីបន្ទោស​កូន​ក្មេង។ ដូច្នេះ ពេល​យើង​អាន​កំណត់​ហេតុ​ដែល​បញ្ជាក់​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ យើង​ក៏​ដឹង​ថា​បិតា​របស់​លោក​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ មែន​ទេ? (​ម៉ាក. ១:៤០​-​៤២; ១០:១៣, ១៤; យ៉ូន. ១១:៣២​-​៣៥​) សូម​គិត​អំពី​របៀប​ដែល​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ស្គាល់​គុណ​សម្បត្ដិ​របស់​ព្រះ។ អព្ភូតហេតុ​ដែល​គ្រិស្ត​បាន​ធ្វើ​បង្ហាញ​ពី​ឫទ្ធានុភាព​ដែល​លោក​មាន។ ប៉ុន្តែ លោក​មិន​ដែល​ប្រើ​ឫទ្ធានុភាព​នោះ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ដើម្បី​ធ្វើ​បាប​អ្នក​ដទៃ​ទេ។ (​លូក. ៤:១​-​៤​) លោក​ពិត​ជា​បង្ហាញ​ថា​លោក​ស្រឡាញ់​យុត្ដិធម៌​មែន ពេល​លោក​បណ្ដេញ​ទាំង​អ្នក​ទិញ​ទាំង​អ្នក​លក់​ដែល​លោភ​លន់​ចេញ​ពី​វិហារ! (​ម៉ាក. ១១:​១៥​-​១៧; យ៉ូន. ២:១៣​-​១៦​) លោក​យេស៊ូ​ប្រើ​ពាក្យ​ពីរោះ​និង​សេចក្ដី​បង្រៀន​ដើម្បី​មាន​ឥទ្ធិពល​លើ​ចិត្ត​មនុស្ស ហើយ​នេះ​បង្ហាញ​ថា​លោក​មាន​ប្រាជ្ញា​ច្រើន​«​ជាង​សាឡូម៉ូន​»។ (​ម៉ាថ. ១២:៤២​) សេចក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​បង្ហាញ​ដោយ​លះ​បង់​ជីវិត​ដើម្បី​អ្នក​ឯ​ទៀត​បាន​ត្រូវ​រៀប​រាប់​យ៉ាង​ល្អ​ក្រៃ​លែង​ពេល​គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​»​នេះ។—យ៉ូន. ១៥:១៣

ក្នុង​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​ដែល​ជា​បុត្រ​នៃ​ព្រះ​ពោល​និង​ប្រព្រឹត្ត បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដល់​ម្ល៉េះ​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ (​សូម​អាន យ៉ូហាន ១៤:៩​-​១១​) ការ​ធ្វើ​តាម​គ្រិស្ត​គឺ​ដូច​គ្នា​នឹង​ការ​ធ្វើ​តាម​ព្រះ​យេហូវ៉ា។

លោក​យេស៊ូ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង

៩​. តើ​លោក​យេស៊ូ​ក្លាយ​ទៅ​ជា​អ្នក​ដែល​ព្រះ​រើស​តាំង​នៅ​ពេល​ណា? ហើយ​តាម​របៀប​ណា?

សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នា​ឆ្នាំ​២៩ គ.ស. កាល​ដែល​លោក​យេស៊ូ​មាន​អាយុ​៣០​ឆ្នាំ ហើយ​មក​ជួប​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ ​«​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ជ្រមុជ​ទឹក​ហើយ លោក​បាន​ងើប​ឡើង​ពី​ទឹក​មក​ភ្លាម ហើយ​មេឃ​បាន​បើក​ចំហ រួច​គាត់​ឃើញ​សកម្មពល​របស់​ព្រះ​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​លើ​លោក​»។ នៅ​ពេល​នោះ​លោក​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត ឬ​មេស្ស៊ី។ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​លោក​យេស៊ូ​ជា​អ្នក​ដែល​លោក​រើស​តាំង​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។ (​ម៉ាថ. ៣:​១៣​-​១៧​) នេះ​ពិត​ជា​មូលហេតុ​ដ៏​ល្អ​ប្រសើរ​ឲ្យ​យើង​មាន​ចិត្ត​ចង់​ធ្វើ​តាម​គ្រិស្ត!

១០, ១១​. (​ក​) តើ​ពាក្យ​«​គ្រិស្ត​»​បាន​ត្រូវ​ប្រើ​យ៉ាង​ណា​ដើម្បី​សំដៅ​ទៅ​លើ​លោក​យេស៊ូ? (​ខ​) ហេតុ​អ្វី​បាន​ជា​គប្បី​ឲ្យ​យើង​ធ្វើ​តាម​លោក​យេស៊ូ​គ្រិស្ត?

១០ ក្នុង​គម្ពីរ ឋានៈ​ជា​«​គ្រិស្ត​»​សំដៅ​ទៅ​លើ​លោក​យេស៊ូ​តាម​វិធី​ផ្សេង​ៗ​ដូច​ជា​យេស៊ូ​គ្រិស្ត គ្រិស្ត​យេស៊ូ និង​គ្រិស្ត។ លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​«​យេស៊ូ​គ្រិស្ត​»​មុន​គេ ពោល​គឺ​បញ្ជាក់​នាម​មុន​ឋានៈ។ ក្នុង​សេចក្ដី​អធិដ្ឋាន​ទៅ​បិតា​នៅ​ស្ថាន​សួគ៌ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។ (​យ៉ូន. ១៧:​៣​) ការ​បញ្ជាក់​នាម​មុន​ឋានៈ​បែប​នេះ​សំដៅ​ទៅ​លើ​បុគ្គល​ដែល​ព្រះ​បញ្ជូន​មក ហើយ​បុគ្គល​នោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ព្រះ​រើស​តាំង។ កាល​ណា​បញ្ជាក់​ឋានៈ​មុន​នាម​ដូច​ជា​«​គ្រិស្ត​យេស៊ូ​»​ នេះ​សំដៅ​ទៅ​លើ​មុខ​តំណែង​របស់​លោក​យេស៊ូ​វិញ ជា​ជាង​ទៅ​លើ​បុគ្គល។ (​២កូ. ៤:៥​) ពេល​ណា​ប្រើ​ពាក្យ​ថា​ ​«​គ្រិស្ត​»​ទទេ នោះ​ជា​វិធី​មួយ​ទៀត​ដែល​ដៅ​បញ្ជាក់​លើ​តំណែង​របស់​លោក​យេស៊ូ​ជា​មេស្ស៊ី។—សកម្ម. ៥:៤២

១១ មិន​ថា​ពាក្យ​«​គ្រិស្ត​»​បាន​ត្រូវ​ប្រើ​យ៉ាង​ណា​ក៏​ដោយ​ដើម្បី​សំដៅ​ទៅ​លើ​លោក​យេស៊ូ តែ​ទាំង​អស់​នេះ​បញ្ជាក់​ពី​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ។ សេចក្ដី​ពិត​នេះ​គឺជា ទោះ​បើ​បុត្រ​របស់​ព្រះ​បាន​មក​ផែនដី​ជា​មនុស្ស​ហើយ​ប្រាប់​ពី​បំណង​ប្រាថ្នា​របស់​បិតា​ក៏​ពិត​មែន លោក​យេស៊ូ​មិន​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​ឬ​គ្រាន់តែ​ជា​អ្នក​ប្រកាស​ទំនាយ​ប៉ុណ្ណោះ​ឡើយ តែ​លោក​បាន​មក​ផែនដី​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​រើស​តាំង។ ហេតុ​នេះ​ហើយ យើង​ត្រូវ​ប្រាកដ​ថា​យើង​ធ្វើ​តាម​អ្នក​ដែល​ព្រះ​រើស​តាំង។

លោក​យេស៊ូ​ជា​ផ្លូវ​តែ​មួយ​គត់​ទៅ​ដល់​សេចក្ដី​សង្គ្រោះ

១២​. តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​អ្វី ទៅ​កាន់​សាវ័ក​ថូម៉ាស់​ដែល​នៅ​តែ​សំខាន់​ចំពោះ​យើង?

១២ មូលហេតុ​សំខាន់​ចាំ​បាច់​មួយ​ទៀត​ឲ្យ​យើង​បន្ត​ធ្វើ​តាម​អ្នក​ដែល​ជា​មេស្ស៊ី គឺ​បាន​ត្រូវ​រៀប​រាប់​ក្នុង​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​សាវ័ក​ស្មោះ​ត្រង់ មិន​យូរ​មុន​លោក​ទទួល​មរណភាព។ លោក​យេស៊ូ​បាន​រៀប​រាប់​ថា​លោក​នឹង​ទៅ​ដើម្បី​រៀប​ចំ​កន្លែង​មួយ​ឲ្យ​ពួក​គេ តែ​ថូម៉ាស់​បាន​សួរ​សំណួរ​អំពី​រឿង​នេះ។ ដូច្នេះ លោក​យេស៊ូ​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាចម​ក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូន. ១៤:១​-​៦​) នៅ​ពេល​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​សាវ័ក​១១​នាក់​ដែល​ស្មោះ​ត្រង់ ហើយ​សន្យា​ថា​នឹង​ទុក​កន្លែង​នៅ​ស្ថាន​សួគ៌​ឲ្យ​ពួក​គេ។ ប៉ុន្តែ​ពាក្យ​របស់​លោក​ក៏​សំខាន់​ដែរ​ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី។ (​បប. ៧:៩, ១០; ២១:១​-​៤​) តើ​សំខាន់​យ៉ាង​ណា?

១៣​. តើ​លោក​យេស៊ូ​ជា​«​ផ្លូវ​»​ក្នុង​ន័យ​អ្វី​ខ្លះ?

១៣ លោក​យេស៊ូ​គ្រិស្ត​ជា​«​ផ្លូវ​»​មាន​ន័យ​ថា លោក​ជា​បុគ្គល​តែ​មួយ​គត់​ដែល​បើក​ផ្លូវ​ឲ្យ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន។ ជា​ឧទាហរណ៍ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ផ្ដល់​អ្វី​ៗ​ដែល​យើង​សុំ​តាម​បំណង​ប្រាថ្នា​របស់​លោក លុះ​ត្រា​តែ​យើង​អធិដ្ឋាន​តាម​រយៈ​នាម​របស់​លោក​យេស៊ូ។ (​យ៉ូន. ១៥:១៦​) លោក​យេស៊ូ​ក៏​ជា​«​ផ្លូវ​»​ក្នុង​ន័យ​មួយ​ទៀត​ដែរ។ ភាព​ខុស​ឆ្គង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​ឃ្លាត​ចេញ​ពី​ព្រះ។ (​អេ. ៥៩:២​) លោក​យេស៊ូ​បាន​ផ្ដល់​«​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។ (​ម៉ាថ. ២០:២៨​) ជា​លទ្ធផល គម្ពីរ​ពន្យល់​ថា​៖ ​«​ឈាម​របស់​លោក​យេស៊ូ . . . សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់​»។ (​១យ៉ូន. ១:៧​) យ៉ាង​នេះ បុត្រ​របស់​ព្រះ​បាន​បើក​ផ្លូវ​ផ្សះ​ផ្សា​យើង​ជា​មួយ​នឹង​ព្រះ។ (​រ៉ូម ៥:៨​-​១០​) យើង​ត្រូវ​តែ​មាន​ជំនឿ​លើ​លោក​យេស៊ូ​ហើយ​ស្ដាប់​បង្គាប់​លោក ទើប​យើង​អាច​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​បាន។—យ៉ូន. ៣:៣៦

១៤​. តើ​លោក​យេស៊ូ​ជា​«​សេចក្ដី​ពិត​»​យ៉ាង​ដូច​ម្ដេច?

១៤ លោក​យេស៊ូ​ជា​«​សេចក្ដី​ពិត​»​មិន​គ្រាន់តែ​ដោយ​សារ​លោក​តែង​តែ​និយាយ​ពិត ហើយ​រស់​នៅ​តាម​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ តែ​ដោយ​ព្រោះ​លោក​បាន​សម្រេច​ទំនាយ​ទាំង​អស់​ដែល​បាន​ទាយ​ទុក​អំពី​មេស្ស៊ី។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ទោះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​មាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សេចក្ដី​សន្យា​ទាំង​អស់​នោះ​បាន​ទៅ​ជា​មែន តាម​រយៈ​លោក​»។ (​២កូ. ១:២០​) សូម្បី​តែ​«​ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់​»​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ​វិន័យ​ម៉ូសេ​ក៏​បាន​ទៅ​ជា​ពិត​តាម​រយៈ​គ្រិស្ត​យេស៊ូ។ (​ហេ. ១០:១; កូឡ. ២:១៧​) លោក​យេស៊ូ​ជា​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ទំនាយ​ទាំង​អស់ ហើយ​ទំនាយ​ទាំង​នោះ​ជួយ​យើង​ឲ្យ​យល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​លោក​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (​បប. ១៩:១០​) ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​រៀប​ចំ​របស់​ព្រះ​សម្រាប់​យើង នោះ​យើង​ត្រូវ​ធ្វើ​តាម​អ្នក​ដែល​ជា​មេស្ស៊ី។

១៥​. តើ​លោក​យេស៊ូ​ជា​«​ជីវិត​»​ក្នុង​ន័យ​អ្វី?

១៥ លោក​យេស៊ូ​ជា​«​ជីវិត​»​ពីព្រោះ​លោក​បាន​ទិញ​មនុស្ស​ជាតិ​ដោយ​ឈាម​របស់​លោក ហើយ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​«​ដោយ​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​យើង​»។ (​រ៉ូម ៦:២៣​) លោក​យេស៊ូ​ក៏​ជា​«​ជីវិត​»​ចំពោះ​អស់​អ្នក​ដែល​បាន​ស្លាប់​ដែរ។ (​យ៉ូន. ៥:២៨, ២៩​) ម្យ៉ាង​ទៀត សូម​គិត​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​ក្នុង​នាម​ជាស​ម្ដេច​សង្ឃ​ក្នុង​អំឡុង​ការ​សោយរាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​លោក។ ពិត​មែន​ហើយ លោក​នឹង​ជួយ​ឲ្យ​រាស្ត្រ​របស់​លោក​នៅ​ផែនដី​ទទួល​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់ ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់!—ហេ. ៩:១១, ១២, ២៨

១៦​. តើ​មាន​មូលហេតុ​អ្វី​ដើម្បី​ធ្វើ​តាម​លោក​យេស៊ូ?

១៦ ដូច្នេះ ចម្លើយ​របស់​លោក​យេស៊ូ​ទៅ​ថូម៉ាស់​មាន​ន័យ​ខ្លឹម​សារ​ជ្រៅ​ណាស់​សម្រាប់​យើង។ លោក​យេស៊ូ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ លោក​ជា​បុគ្គល​ដែល​ព្រះ​បាន​ចាត់​ឲ្យ​ចូល​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ពិភព​លោក​អាច​ត្រូវ​សង្គ្រោះ​តាម​រយៈ​លោក។ (​យ៉ូន. ៣:​១៧​) គ្មាន​អ្នក​ណា​អាចម​ក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ទេ លើក​លែង​តែ​អ្នក​នោះ​មក​តាម​លោក​យេស៊ូ។ គម្ពីរ​បាន​រៀប​រាប់​យ៉ាង​ច្បាស់​ថា​៖ ​«​គ្មាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​អ្នក​ណា​ទៀត​ឡើយ ព្រោះ​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ផ្ដល់​ក្នុង​ចំណោម​មនុស្ស​ជាតិ​ឲ្យ​យើង​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ទេ​»។ (​សកម្ម. ៤:១២​) ដូច្នេះ មិន​ថា​យើង​ជឿ​លើ​អ្វី​ពី​មុន​ក៏​ដោយ យក​ល្អ​ឲ្យ​យើង​ជឿ​លើ​លោក​យេស៊ូ ធ្វើ​តាម​លោក ហើយ​បើ​ធ្វើ​ដូច្នេះ នោះ​នាំ​ឲ្យ​យើង​ទទួល​ជីវិត។—យ៉ូន. ២០:៣១

ព្រះ​បាន​បញ្ជា​ឲ្យ​យើង​ស្ដាប់​តាម​គ្រិស្ត

១៧​. ហេតុ​អ្វី​បាន​ជា​សំខាន់​ឲ្យ​យើង​ស្ដាប់​តាម​បុត្រ​របស់​ព្រះ?

១៧ ពេត្រុស យ៉ូហាន យ៉ាកុប​បាន​ឃើញ​លោក​យេស៊ូ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ។ នៅ​ពេល​នោះ​ពួក​គេ​បាន​ឮ​សំឡេង​មួយ​បន្លឺ​ចេញ​ពី​ស្ថាន​សួគ៌​ថា​៖ ​«​នេះ​ជា​កូន​របស់​ខ្ញុំ ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ចូរ​ស្ដាប់​តាម​លោក​»។ (​លូក. ៩:២៨, ២៩, ៣៥​) ដូច្នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ធ្វើ​តាម​បញ្ជា​ដែល​ថា​ឲ្យ​យើង​ស្ដាប់​តាម​អ្នក​ដែល​ជា​មេស្ស៊ី។—សូម​អាន សកម្មភាព ៣:២២, ២៣

១៨​. តើ​យើង​អាច​ស្ដាប់​តាម​លោក​យេស៊ូ​គ្រិស្ត​តាម​វិធី​ណាខ្លះ?

១៨ ការ​ស្ដាប់​តាម​លោក​យេស៊ូ​រួម​បញ្ចូល​‹ការ​សម្លឹង​មើល​លោក ហើយ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​លោក›​ផង។ (​ហេ. ១២:២, ៣​) អាស្រ័យ​ហេតុ​នេះ យក​ល្អ​ឲ្យ​យើង​«​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ចំពោះ​អ្វី​»​ដែល​យើង​អាន​អំពី​លោក​ក្នុង​គម្ពីរ និង​ក្នុង​សៀវភៅ​នានា​របស់​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ព្រម​ទាំង​ព័ត៌មាន​ដែល​យើង​ឮ​អំពី​លោក​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សាសនិក។ (​ហេ. ២:១; ម៉ាថ. ២៤:​៤៥​) ក្នុង​នាម​ជា​ចៀម​របស់​លោក សូម​ឲ្យ​យើង​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ស្ដាប់​តាម​លោក​យេស៊ូ ហើយ​មក​តាម​លោក​ចុះ។—យ៉ូន. ១០:២៧

១៩​. តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​គ្រិស្ត​រហូត?

១៩ ទោះ​ជា​មាន​ទុក្ខ​លំបាក​ក៏​ដោយ តើ​យើង​អាច​ធ្វើ​តាម​គ្រិស្ត​រហូត​បាន​ទេ? យើង​អាច​ធ្វើ​តាម​បាន បើ​យើង​«​កាន់​ខ្ជាប់​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍​»​ដោយ​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន​«​ដោយ​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ដែល​ទាក់​ទង​នឹង​គ្រិស្ត​យេស៊ូ​»។—២ធី. ១:១៣

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

ហេតុ​អ្វី​បាន​ជា​ការ​ធ្វើ​តាម​«​គ្រិស្ត​»​អាច​នាំ​ឲ្យ​យើង​មាន ​ភាព​ជិត​ស្និទ្ធ​កាន់​តែ​ច្រើន​ឡើង​ជា​មួយ​ព្រះ​យេហូវ៉ា?

ហេតុ​អ្វី​ការ​យក​តម្រាប់​តាម​លោក​យេស៊ូ​គឺ​ដូច​នឹង​ការ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា?

តើ​លោក​យេស៊ូ​ជា​«​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​»​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​បាន​ជា​គប្បី​ឲ្យ​យើង​ស្ដាប់​តាម​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៩]

សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ បង្ហាញ​ពី​គំនិត​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​៣០]

យើង​ត្រូវ​ធ្វើ​តាម​លោក​ដែល​ជា​អ្នក​រើស​តាំង​របស់​ព្រះ​ដោយ​ស្មោះ​ត្រង់

[រូបភាព​នៅ​ទំព័រ​៣២]

ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ ​«​នេះ​ជា​កូន . . . របស់​ខ្ញុំ ចូរ​ស្ដាប់​តាម​លោក​»​