ការខំរកសេចក្ដីណែនាំដែលមានប្រយោជន៍
ការខំរកសេចក្ដីណែនាំដែលមានប្រយោជន៍
ប្រសិនបើលោកអ្នកចង់បានការណែនាំ នោះមិនពិបាករកទេ ព្រោះមានការណែនាំច្រើនណាស់សព្វថ្ងៃនេះ។ ផ្នែកផលិតសៀវភៅជំនួយសម្រាប់ជួយខ្លួនឯង ជាវិស័យមួយដែលមានសម្ទុះរីកចម្រើនជាងគេក្នុងពិភពលោក។ នៅប្រទេសអង់គ្លេស អាម៉េរិកឡាទីន ជប៉ុន និងសហរដ្ឋអាម៉េរិក ដែលជាប្រទេសមានវប្បធម៌ខុសពីគ្នា នោះសៀវភៅជំនួយសម្រាប់ជួយខ្លួនឯងជាសៀវភៅដែលលក់ដាច់ជាងគេ។ កម្មវិធីទូរទស្សន៍ សិក្ខាសាលា និងវីដេអូដែលជាជំនួយសម្រាប់ជួយខ្លួនឯង ក៏ជាវិស័យដែលកំពុងពេញនិយមដែរ។ អ្វីៗទាំងនោះជាទីចូលចិត្តរបស់មហាជនពីព្រោះវាបំផុសគំនិតឲ្យគិតថា អ្នកអាចដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនចាំបាច់សួរមតិយោបល់របស់ពួកចិត្តវិទូ អ្នកជូនឱវាទអំពីអាពាហ៍ពិពាហ៍ ឬអ្នកបង្រៀនសាសនាឡើយ។ តើសៀវភៅជំនួយទាំងនោះរៀបរាប់អំពីរឿងអ្វីខ្លះ?
រឿងខ្លះៗដែលមនុស្សនិយមជាងគេមានដូចជា វិធីបំពេញបំណងជីវិតខ្លួន របៀបបានស្នេហាដូចចិត្តប៉ង ហើយវិធីចិញ្ចឹមអប់រំកូន។ រឿងឯទៀតដែលមនុស្សនិយមចូលចិត្តមាន វិធីប្រឈមមុខនឹងការធ្លាក់ទឹកចិត្ត ទុក្ខព្រួយ ឬផលវិបាកដែលមកពីការលែងលះគ្នាជាដើម។ មនុស្សក៏ចង់បានយ៉ាងខ្លាំងនូវការណែនាំអំពីវិធីបោះបង់ចោលទម្លាប់បរិភោគច្រើនជ្រុល ជក់បារី និងផឹកស្រាច្រើនពេក។ តើយោបល់ទាំងនោះមានប្រយោជន៍ទេ? ជួនកាលមានប្រយោជន៍ តែមានភាគតិចណាស់។ ដូច្នេះ យកល្អឲ្យយើងពិចារណាការព្រមានក្នុងគម្ពីរដែលថា៖ «មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។—សុភាសិត ១៤:១៥
សៀវភៅជំនួយសម្រាប់ជួយខ្លួនឯង មិនមែនដូចសៀវភៅដែលបង្រៀនអំពីកុំព្យូទ័រ គណនេយ្យ ឬភាសាបរទេសឡើយ។
សៀវភៅដែលបង្រៀនមុខវិជ្ជាទាំងនេះអាចជួយយើងឲ្យឆាប់ចេះ ដោយមិនចាំបាច់ចំណាយថវិកាច្រើនដូចរៀននៅសាលាទេ។ ប៉ុន្តែ សៀវភៅជំនួយសម្រាប់ជួយខ្លួនឯងគឺខុសស្រឡះពីនេះ សូម្បីតែសៀវភៅទាំងនោះទាក់ទងនឹងពាណិជ្ជកម្ម អាពាហ៍ពិពាហ៍ ការចិញ្ចឹមអប់រំកូន ឬសុខភាពផ្លូវចិត្តក៏ដោយ។ ធម្មតា សៀវភៅជំនួយទាំងនោះលើកទឹកចិត្តយើងឲ្យផ្លាស់ប្ដូររបៀបគិតគូរឬការប្រព្រឹត្ត។ ដូច្នេះ គប្បីឲ្យយើងសួរថា ‹តើអ្នកណាជូនយោបល់នេះ? តើអ្នកនោះបានព័ត៌មានពីណាមក?›។ជួនកាលអ្នកជំនាញមិនប្រមូលបានភស្តុតាងត្រឹមត្រូវ ដើម្បីគាំទ្រយោបល់របស់ពួកគេទេ។ ក្នុងសៀវភៅរបស់អ្នកជំនាញខ្លះ ពួកគេសរសេរយោបល់ណាដែលធ្វើឲ្យសៀវភៅនោះលក់ដាច់ជាងគេ ដោយដឹងថាពួកគេអាចបានកម្រៃយ៉ាងច្រើន បើឲ្យយោបល់ដែលត្រូវចិត្តមនុស្ស។ ជាឧទាហរណ៍ នៅប្រទេសមួយ ផ្នែកផលិតសៀវភៅជំនួយសម្រាប់ជួយខ្លួនឯងរកកម្រៃបានជាង៨ពាន់លានដុល្លាររៀងរាល់ឆ្នាំ!
តើសៀវភៅជំនួយសម្រាប់ជួយខ្លួនឯងមានប្រយោជន៍ប៉ុណ្ណា?
ពេលលោកអ្នករកការណែនាំក្នុងសៀវភៅជំនួយ នោះលោកអ្នកសង្ឃឹមថានឹងបានយោបល់ដែលមានប្រយោជន៍។ ប៉ុន្តែ ជួនកាលលោកអ្នកនឹងប្រទះឃើញសេចក្ដីពន្យល់ដែលសើៗ ឬទ្រឹស្តីដែលស្រពេចស្រពិល។ បើនិយាយទូទៅ សៀវភៅណែនាំទាំងនោះប្រាប់ថា៖ ‹បើអ្នកជឿជាក់ថានឹងបានអ្វីមួយ នោះអ្នកនឹងបានដូចបំណង។ មិនថាអ្នកចង់បានលុយកាក់ សុខភាពល្អ ឬទំនាក់ទំនងល្អជាមួយអ្នកឯទៀតក៏ដោយ នោះអ្នកគង់តែនឹងទទួល បើអ្នកជឿជាក់ថានឹងបានមែន›។ តើការណែនាំបែបនោះមានប្រយោជន៍ទេ? តើនេះនឹងជួយលោកអ្នកឲ្យប្រឈមមុខនឹងភាពបរាជ័យនៃជីវិត និងតថភាពជាក់ស្តែងក្នុងជីវិតទេ?
ជាឧទាហរណ៍ សូមគិតអំពីសៀវភៅពេញនិយមមួយចំនួនដែលមានយោបល់អំពីទំនាក់ទំនងជាមួយអ្នកដទៃ និងអាពាហ៍ពិពាហ៍។ តើសៀវភៅទាំងនោះជួយធ្វើឲ្យជីវិតគ្រួសារមានសុភមង្គលនិងមិនបែកគ្នាទេ? មិនមែនគ្រប់ករណីទេ។ មានសៀវភៅជំនួយមួយអំពីស្នេហា ចេញនៅអាម៉េរិកឡាទីនហើយសៀវភៅនោះលក់ដាច់ភ្លាមៗ។ អ្នកវាយតម្លៃម្នាក់ប្រាប់ថា អ្នកនិពន្ធសៀវភៅនោះ«ពន្យល់អ្នកអានអំពីវិធីឲ្យតម្លៃខ្លួន ហើយវិធីបង្កើតឲ្យមានទំនាក់ទំនងល្អូកល្អើនជាមួយអ្នកដទៃ»។ អ្នកនិពន្ធអះអាងថា យើងធ្វើបាបខ្លួនឯងប្រសិនបើយើងអស់និស្ស័យនឹងគេហើយ តែនៅតែបន្តធ្វើជាដៃគូរបស់គេ។ នេះបង្កប់អត្ថន័យថា អ្វីសំខាន់បំផុតគឺ យើងត្រូវធ្វើយ៉ាងណាឲ្យខ្លួនឯងបានសប្បាយចិត្ត ជាជាងប្រឈមមុខនឹងបញ្ហា ហើយខំដោះស្រាយបញ្ហានោះវិញ។
ពិតមែនតែសៀវភៅជំនួយផ្សេងៗ ប្រហែលជាមានការណែនាំខ្លះដែលមានប្រយោជន៍ ប៉ុន្តែការណែនាំឯទៀតប្រហែលជានាំឲ្យបង់ប្រយោជន៍វិញ។ អ្នកជំនាញម្នាក់ជូនយោបល់ដែលមានប្រយោជន៍ស្តីអំពីរឿងណាមួយ រីឯយោបល់ផ្សេងទៀតរបស់គាត់បែរជាធ្វើឲ្យមានបញ្ហាកាន់តែធំឡើង។ យោបល់ក្នុងសៀវភៅណែនាំទាំងនោះមានច្រើនរាប់មិនអស់ ហើយច្រើនតែផ្ទុយគ្នាទៀត។ យើងពិតជាគ្មានលទ្ធភាពសាកធ្វើតាមយោបល់ទាំងអស់នោះបានទេ។ ដូច្នេះ តើលោកអ្នកអាចទុកចិត្តការណែនាំរបស់អ្នកណា? សូមសួរខ្លួនឯងថា ‹តើអ្នកនិពន្ធនោះឲ្យយោបល់ដោយផ្អែកលើព័ត៌មានដែលគាត់បានស្រាវជ្រាវយ៉ាងហ្មត់ចត់ ឬក៏គ្រាន់តែផ្អែកលើការយល់ឃើញរបស់ខ្លួនប៉ុណ្ណោះ? តើការចង់បានប្រាក់ឬឈ្មោះល្បីបានប៉ះពាល់ដល់យោបល់ដែលអ្នកនិពន្ធនោះសរសេរក្នុងសៀវភៅទេ?›។
មានសៀវភៅមួយដែលបានផ្ដល់ការណែនាំដែលមានប្រយោជន៍តាំងពីយូរយារមកហើយ នោះគឺគម្ពីរបរិសុទ្ធ។ គម្ពីរមិនត្រឹមតែមានការណែនាំល្អៗអំពីរឿងជាច្រើនដែលត្រូវពន្យល់ក្នុងសៀវភៅជំនួយប៉ុណ្ណោះ តែក៏មានការណែនាំអំពីរឿងជាច្រើនឯទៀតដែរ។ គម្ពីរបានជំរុញទឹកចិត្តមនុស្សរាប់លាននាក់ឲ្យធ្វើតាមដំបូន្មានដែលថា៖ «ត្រូវឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នករាល់គ្នាវិញហើយត្រូវពាក់បុគ្គលិកលក្ខណៈថ្មី»។ (អេភេសូរ ៤:២៣, ២៤) គម្ពីរជួយយើងឲ្យយល់ធ្លុះធ្លាយអំពីដើមហេតុនៃបញ្ហារបស់យើង ហើយក៏បង្រៀនយើងអំពីរបៀបដោះស្រាយបញ្ហាទាំងនោះផង។ សំខាន់បំផុត គម្ពីរជំរុញទឹកចិត្តយើងយ៉ាងខ្លាំងឲ្យធ្វើអ្វីដែលត្រឹមត្រូវ ដោយបញ្ជាក់មូលហេតុដែលការធ្វើដូច្នោះមានប្រយោជន៍។ អត្ថបទបន្ទាប់នឹងពន្យល់រឿងនេះ។