លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានចិត្ដខ្នះខ្នែងចំពោះកន្លែងគោរពបូជារបស់ព្រះយេហូវ៉ា!

ចូរមានចិត្ដខ្នះខ្នែងចំពោះកន្លែងគោរពបូជារបស់ព្រះយេហូវ៉ា!

ចូរ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា!

​«​ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក​»។—យ៉ូន. ២:១៧

១, ២​. នៅ​ឆ្នាំ​៣០ គ.ស. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ក្នុង​វិហារ? ហើយ​ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ដូច្នោះ?

លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​អស់​៦​ខែ​ហើយ ពេល​ត្រូវ​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ គ.ស. នៅ​ពេល​នោះ​លោក​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​យេរូសាឡិម។ ក្នុង​វិហារ​នៅ​ឯ​ទី​ធ្លា​សម្រាប់​ជន​ជាតិ​ដទៃ លោក​យេស៊ូ​បាន​ឃើញ​«​មនុស្ស . . . កំពុង​លក់​គោ ចៀម និង​ព្រាប ក៏​ឃើញ​អ្នក​ដូរ​ប្រាក់​កំពុង​អង្គុយ​នៅ​ទី​នោះ​»​ដែរ។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ទិដ្ឋភាព​នេះ​ទេ? លោក​បាន​យក​ខ្សែ​មក​វេញ​ធ្វើ​ជា​រំពាត់ ដេញ​សត្វ​ទាំង​អស់​ចេញ​ពី​វិហារ ហើយ​អ្នក​លក់​ប្រាកដជា​ទៅ​តាម​សត្វ​ទាំង​នោះ​ដែរ។ លោក​យេស៊ូ​ក៏​បាន​ចាក់​កាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​ពួក​គេ​ផង។ លោក​បញ្ជា​ពួក​អ្នក​លក់​ព្រាប​ឲ្យ​យក​របស់​គេ​ចេញ​ពី​វិហារ​ទៅ។—យ៉ូន. ២:១៣​-​១៦

លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ដូច​នោះ​ដោយ​សារ​ចំពោះ​លោក វិហារ​ជា​កន្លែង​សំខាន់​ណាស់។ លោក​បាន​បញ្ជា​ថា​៖ ​«​ឈប់​យក​កន្លែង​គោរព​បូជា​របស់​បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ!​»។ កាល​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ឃើញ​ព្រឹត្ដិការណ៍​នេះ​កើត​ឡើង នោះ​ពួក​គេ​នឹក​ឃើញ​អ្វី​ដែល​ដាវីឌ​ជា​អ្នក​តែង​បទ​ទំនុក​តម្កើង បាន​កត់​ទុក​រាប់​រយ​ឆ្នាំ​មុន​គឺ​៖ ​«​ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក​»។—យ៉ូន. ២:១៦, ១៧; ទំនុក. ៦៩:៩

៣​. (​ក​) តើ​ការ​ខ្នះខ្នែង​ជា​អ្វី? (​ខ​) តើ​យើង​អាច​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​ខ្លះ?

លោក​យេស៊ូ​បាន​គិត​ដល់​កន្លែង​គោរព​បូជា​របស់​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រព្រឹត្ត​ដូច​នេះ​ដោយ​ខ្នះខ្នែង។ ការ​ខ្នះខ្នែង​ជា​«​ការ​ខំ​សង្វាត​ដើម្បី​សម្រេច​គោល​បំណង​ណា​មួយ​»។ ក្នុង​សតវត្សរ៍​ទី​២១​នេះ មាន​គ្រិស្ត​សាសនិក​ជាង​៧​លាន​នាក់​ដែល​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ។ យើង​ម្នាក់​ៗ​អាច​សួរ​ខ្លួន​ឯង​ថា ​‹តើ​ខ្ញុំ​អាច​ខ្នះខ្នែង​កាន់​តែ​ច្រើន​ទៀត​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?›។ ដើម្បី​ជួយ​យើង​ឆ្លើយ​សំណួរ​នោះ មុន​ដំបូង​សូម​ឲ្យ​យើង​ពិនិត្យ​មើល​ថា តើ​កន្លែង​គោរព​បូជា​របស់​ព្រះ​ជា​អ្វី​សព្វ​ថ្ងៃ? ក្រោយ​មក យើង​នឹង​ពិចារណា​គំរូ​ដែល​មាន​ក្នុង​គម្ពីរ​អំពី​បុរស​ស្មោះ​ត្រង់​ដែល​បាន​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​នោះ។ គំរូ​របស់​ពួក​គេ​បាន​ត្រូវ​សរសេរ​ទុក​«​ដើម្បី​ណែនាំ​យើង​»​ ហើយ​អាច​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តែ​ច្រើន​ឡើង។—រ៉ូម ១៥:៤

កន្លែង​គោរព​បូជា​របស់​ព្រះ​សម័យ​មុន​និង​សម័យ​នេះ

៤​. តើ​សាឡូម៉ូន​បាន​សាងសង់​វិហារ​ក្នុង​បំណង​អ្វី?

នៅ​ស្រុក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ កន្លែង​គោរព​បូជា​ព្រះ​គឺ​នៅ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ ពិត​មែន ព្រះ​យេហូវ៉ា​មិន​ស្នាក់​នៅ​ទី​នោះ​មែនទែន​ឡើយ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ។ ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​សង់​វិហារ​យ៉ាង​ណា​ឲ្យ​អញ? តើ​មាន​កន្លែង​ណា​សំ​រាប់​ជា​ទី​សំ​រាក​ដល់​អញ?​»។ (​អេ. ៦៦:១​) យ៉ាង​ណា​ក្ដី វិហារ​ដែល​បាន​ត្រូវ​សាងសង់​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន​ជា​កន្លែង​សំខាន់​បំផុត​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​នេះ​ជា​កន្លែង​ដើម្បី​អធិដ្ឋាន​ដល់​លោក។—១ព. ៨:២៧​-​៣០

៥​. តើ​ការ​គោរព​ប្រណិប័តន៍​ដែល​មាន​នៅ​ឯ​វិហារ​របស់​សាឡូម៉ូន​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ទុក​ជា​មុន?

សព្វ​ថ្ងៃ​នេះ កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អគារ​នៅ​ក្រុង​យេរូសាឡិម​ឬ​នៅ​កន្លែង​ណា​មួយ​ផ្សេង​ទៀត​ទេ ផ្ទុយ​ទៅ​វិញ កន្លែង​គោរព​បូជា​របស់​ព្រះ​គឺជា​របៀប​រៀប​ចំ​ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​គ្រិស្ត។ អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​នៅ​ផែនដី រួប​រួម​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​រៀប​ចំ​នេះ ដែល​ប្រៀប​ដូច​ជា​វិហារ​ក្នុង​ន័យ​ធៀប។—អេ. ៦០:៤, ៨, ១៣; សកម្ម. ១៧:​២៤; ហេ. ៨:៥; ៩:២៤

៦​. ក្នុង​ចំណោម​ស្តេច​ដែល​គ្រប់​គ្រង​លើ​រាជាណាចក្រ​យូដា តើ​មាន​ស្តេច​ណាខ្លះ​ដែល​បាន​បង្ហាញ​ចិត្ត​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ដ៏​ពិត?

ក្រោយ​ពី​ប្រទេស​អ៊ីស្រាអែល​បាន​បែក​ជា​រាជាណាចក្រ​ពីរ​នៅ​ឆ្នាំ​៩៩៧ មុន​គ.ស. មាន​ស្តេច​១៩​ដែល​គ្រប់​គ្រង​លើ​ស្រុក​យូដា​ដែល​ជា​រាជាណាចក្រ​ខាង​ត្បូង ហើយ​ក្នុង​ចំណោម​ស្តេច​ទាំង​នោះ​មាន​ស្តេច​៤​ដែល​បង្ហាញ​ចិត្ត​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ដ៏​ពិត។ ស្តេច​ទាំង​នោះ​គឺ​អេសា យ៉ូសាផាត​ឬ​យេហូសាផាត ហេសេគា និង​យ៉ូសៀស។ តើ​យើង​អាច​ទាញ​យក​មេរៀន​សំខាន់​អ្វី​ពី​គំរូ​របស់​ពួក​គាត់?

ការ​ខំ​បម្រើ​ព្រះ​អស់ពី​ចិត្ត​នាំ​ឲ្យ​បាន​ពរ

៧, ៨​. (​ក​) តើ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ការ​បម្រើ​បែប​ណា? (​ខ​) តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់​ស្តេច​អេសា​ដែល​ទុក​ជា​ការ​ព្រមាន​ដល់​យើង?

ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​ស្តេច​អេសា ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដើម្បី​ណែនាំ​រាស្ត្រ​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក។ ជា​ឧទាហរណ៍ គម្ពីរ​បាន​រៀប​រាប់​ឲ្យ​យើង​ដឹង​ថា​អេសា​ស្ដាប់​តាម​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​អ័សារា​ដែល​ជា​កូន​របស់​អូដេឌ។ (​សូម​អាន របាក្សត្រទី២ ១៥:១​-​៨​) ការ​កែ​ទម្រង់​ផ្សេង​ៗ​របស់​អេសា​នាំ​ឲ្យ​បណ្ដា​ជន​យូដា​មាន​សាមគ្គី​ភាព​ជា​មួយ​មនុស្ស​ជា​ច្រើន​ពី​រាជាណាចក្រ​អ៊ីស្រាអែល ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ដើម្បី​ចូល​រួម​សន្និបាត​ដ៏​ធំ​មួយ​នៅ​ទី​ក្រុង​យេរូសាឡិម។ ពួក​គេ​បាន​ប្រកាស​ជា​មួយ​គ្នា​ថា នឹង​ប្ដេជ្ញា​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ភក្ដីភាព។ គម្ពីរ​បាន​រៀប​រាប់​ថា​៖ ​«​គេ​ក៏​ស្បថ​ដល់​ព្រះ​យេហូវ៉ា​ដោយ​សំឡេង​ដ៏​ខ្លាំង ហើយ​ដោយ​ស្រែក​ហ៊ោ ព្រម​ទាំង​ផ្លុំ​ត្រែ និង​ស្នែង​ផង។ ពួក​យូដា​ទាំង​អស់​គ្នា​មាន​សេចក្ដី​អំណរ ដោយ​សេចក្ដី​សំបថ​នោះ ពីព្រោះ​គេ​បាន​ស្បថ​ដោយ​ចិត្ត​ស្មោះ ហើយ​ស្វែងរក​ព្រះ​យេហូវ៉ា​ដោយ​ពេញ​បំណង​ចិត្ត ក៏​រក​ទ្រង់​ឃើញ​ផង។ ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​ស្រាក​ស្រាន្ត​នៅ​ព័ទ្ធ​ជុំ​វិញ​»។ (​២រប. ១៥:៩​-​១៥​) ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​នឹង​ពិត​ជា​ផ្ដល់​ពរ​ឲ្យ​យើង ពេល​យើង​បម្រើ​លោក​ដោយ​អស់ពី​ចិត្ត។—ម៉ាក. ១២:៣០

គួរ​ឲ្យ​ស្ដាយ​ណាស់ ក្រោយ​មក​អេសា​បាន​ខឹង​ពេល​អ្នក​ប្រកាស​ទំនាយ​ហា​ណា​នី​កែ​តម្រង់​លោក។ (​២រប. ១៦:៧​-​១០​) តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ព្រះ​យេហូវ៉ា​ជូន​យោបល់​ឬ​ណែនាំ​យើង​តាម​រយៈ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់​ទុំ? តើ​យើង​ព្រម​ទទួល​និង​អនុវត្ត​តាម​ភ្លាម​ៗ​នូវ​ដំបូន្មាន​របស់​ពួក​គេ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទេ? ឬ​ក៏​តើ​យើង​ឲ្យ​កំហឹង​នាំ​ឲ្យ​យើង​លែង​គិត​ត្រឹម​ត្រូវ​វិញ?

៩​. តើ​ពួក​យូដា​និង​យេហូសាផាត​ប្រឈម​មុខ​ការ​គំរាម​កំហែង​អ្វី? ហើយ​តើ​ពួក​គេ​បាន​ធ្វើ​អ្វី?

យេហូសាផាត​គ្រប់​គ្រង​លើ​ប្រទេស​យូដា​ក្នុង​អំឡុង​សតវត្សរ៍​ទី​១០ មុន​គ.ស.។ គាត់​និង​បណ្ដា​ជន​យូដា​ទាំង​ឡាយ​ប្រឈម​មុខ​ការ​គំរាម​កំហែង​ពី​ពល​ទ័ព​ដែល​បាន​រួម​ដៃ​គ្នា ពោល​គឺ​ពល​ទ័ព​របស់​ស្រុក​អាំម៉ូន ស្រុក​ម៉ូអាប់ និង​ប្រជាជន​ពី​ភ្នំ​សៀរ។ ទោះ​បើ​ស្តេច​ភ័យ​ខ្លាច​ក៏​ដោយ តើ​គាត់​បាន​ធ្វើ​អ្វី? គាត់​និង​កង​ទ័ព​របស់​គាត់ រួម​ទាំង​ភរិយា​និង​កូន​បាន​ជួប​ជុំ​គ្នា​នៅ​ឯ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា។ (​សូម​អាន របាក្សត្រ​ទី​២ ២០:៣​-​៦​) នៅ​ទី​នោះ​យេហូសាផាត​បាន​អង្វរ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត សម​ស្រប​តាម​ពាក្យ​ដែល​សាឡូម៉ូន​ថ្លែង​នៅ​ឯ​ពិធី​សម្ពោធន៍​វិហារ​ពី​មុន។ យេហូសាផាត​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ! សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពីព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង នឹង​ទប់​ទល់​ចំពោះ​ពួក​យ៉ាង​ធំ​ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ។ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ដែរ ប៉ុន្តែ​ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ​»។ (​២រប. ២០:១២, ១៣​) ក្រោយ​ពី​យេហូសាផាត​បាន​អធិដ្ឋាន នោះ​«​នៅ​កណ្ដាល​ពួក​ជំនុំ​»​ សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ជំរុញ​យ៉ា​ហា​សៀ​ល​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី​ម្នាក់ ឲ្យ​ពោល​ពាក្យ​ដែល​សម្រាល​ទុក្ខ​ហើយ​នាំ​ឲ្យ​បណ្ដា​ជន​មាន​ទំនុក​ចិត្ត។—សូម​អាន របាក្សត្រទី២ ២០:១៤​-​១៧

១០​. (​ក​) តើ​យេហូសាផាត​និង​ពួក​យូដា​ទទួល​ការ​ណែនាំ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

១០ ពិត​មែន​ហើយ នៅ​សម័យ​នោះ​យេហូសាផាត​និង​ពួក​យូដា​ទទួល​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​យ៉ា​ហា​សៀ​ល។ សព្វ​ថ្ងៃ យើង​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​ណែនាំ​ពី​ក្រុម​នៃ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។ យើង​ពិត​ជា​ចង់​សហការ​និង​គោរព​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង។ ពួក​គេ​ខំ​ប្រឹង​បំផុស​ទឹក​ចិត្ត​យើង ហើយ​ប្រឹងប្រែង​ប្រតិបត្ដិ​តាម​ការ​ណែនាំ​របស់​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។—ម៉ាថ. ២៤:៤៥; ១ថែ. ៥:១២, ១៣

១១, ១២​. តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​យេហូសាផាត​និង​ពួក​យូដា?

១១ ដូច​យេហូសាផាត​និង​រាស្ត្រ​បាន​ជួប​ជុំ​គ្នា​ដើម្បី​ស្វែងរក​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា នោះ​ចូរ​ឲ្យ​យើង​ទៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​យ៉ាង​ទៀង​ទាត់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែរ។ ប្រសិនបើ​យើង​ជួនកាល​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​សែន​ពិបាក និង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​ល្អ​របស់​យេហូសាផាត​និង​បណ្ដា​ជន​យូដា ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត​លោក​ទាំង​ស្រុង។ (​សុភ. ៣:៥, ៦; ភី. ៤:៦, ៧​) ទោះ​ជា​យើង​នៅ​ដាច់​ឆ្ងាយ​ពី​បង​ប្អូន​រួម​ជំនឿ​ក៏​ដោយ ការ​អធិដ្ឋាន​របស់​យើង​ទៅ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​អាច​រួម​ចិត្ត​គំនិត​ជា​មួយ​«​បង​ប្អូន​ទាំង​អស់​របស់​[​យើង​]​រាល់​គ្នា​ពេញ​ពិភព​លោក​»។—១ពេ. ៥:៩

១២ ពេល​យេហូសាផាត​និង​រាស្ត្រ​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​ផ្ដល់​ឲ្យ​យ៉ា​ហា​សៀ​ល តើ​មាន​លទ្ធផល​អ្វី? ពួក​គេ​មាន​ជ័យ​ជម្នះ​ក្នុង​ចម្បាំង ហើយ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​«​ដោយ​អំណរ​»​ ព្រម​ទាំង​«​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា . . . ដោយ​លេង​ពិណ ស៊ុង​ហើយ​ផ្លុំ​ត្រែ​ផង​»។ (​២រប. ២០:២៧, ២៨​) ដូច​គ្នា​ដែរ យើង​គោរព​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​តាម​រយៈ​ខ្សែ​រយៈ​របស់​លោក ហើយ​យើង​ចូល​រួម​ក្នុង​ការ​សរសើរ​លោក។

ថែ​ទាំ​កន្លែង​ប្រជុំ​ឲ្យ​បាន​ល្អ

១៣​. តើ​ហេសេគា​ចាត់​វិធានការ​អ្វី​នៅ​ខែ​ដំបូង​នៃ​ការ​គ្រប់​គ្រង​របស់​គាត់?

១៣ ក្នុង​ខែ​ដំបូង​នៃ​ការ​គ្រប់​គ្រង​របស់​ហេសេគា គាត់​បាន​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ជួស​ជុល​និង​បើក​វិហារ​ម្ដង​ទៀត។ គាត់​បាន​រៀប​ចំ​ឲ្យ​ពួក​សង្ឃ​និង​ពួក​លេវី​សម្អាត​កន្លែង​គោរព​បូជា​របស់​ព្រះ ហើយ​ពួក​គេ​បាន​ធ្វើ​ដូច្នោះ​ក្នុង​១៦​ថ្ងៃ។ (​សូម​អាន របាក្សត្រទី២ ២៩:១៦​-​១៨​) ការ​ខំ​ប្រឹង​របស់​ពួក​គេ​រំលឹក​យើង​អំពី​ការ​ថែ​ទាំ​និង​ការ​ជួស​ជុល​ដែល​រក្សា​កន្លែង​ប្រជុំ​របស់​យើង​ឲ្យ​មាន​ភាព​ស្អាត​ស្អំ ហើយ​នេះ​បង្ហាញ​ថា​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ខ្នះខ្នែង។ អ្នក​ច្បាស់​ជា​ធ្លាប់​ឮ​បទ​ពិសោធន៍​ដែល​បង្ហាញ​ថា​មនុស្ស​បាន​កោត​ស្ងើច​នឹង​ចិត្ត​ខ្នះខ្នែង​របស់​បង​ប្អូន​យើង​ដែល​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ មែន​ទេ? ត្រូវ​ហើយ ការ​ខំ​ប្រឹង​របស់​ពួក​គេ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​ជា​ច្រើន។

១៤, ១៥​. សព្វ​ថ្ងៃ តើ​កិច្ចការ​អ្វី​បាន​នាំ​ឲ្យ​មាន​ការ​សរសើរ​ជា​ច្រើន​ដល់​ព្រះ​យេហូវ៉ា? សូម​លើក​ឧទាហរណ៍។

១៤ នៅ​ទី​ក្រុង​មួយ​នា​ទិស​ខាង​ជើង​នៃ​ប្រទេស​អង់គ្លេស មាន​បុរស​ម្នាក់​ដែល​ជំទាស់​នឹង​បង​ប្អូន​យើង​ដែល​គ្រោង​ជួស​ជុល​សាល​ប្រជុំ​នៅ​ជាប់​របង​ផ្ទះ​គាត់។ បង​ប្អូន​នៅ​តំបន់​នោះ​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​ក្ដី​សប្បុរស។ ពួក​គេ​ឃើញ​ថា​របង​រវាង​សាល​ប្រជុំ​និង​ផ្ទះ​របស់​បុរស​នោះ​ត្រូវ​ការ​ជួស​ជុល ដូច្នេះ​ពួក​គេ​សុំ​ការ​អនុញ្ញាត​ពី​គាត់​ដើម្បី​ជួស​ជុល​របង​នោះ​ដោយ​ឥត​គិត​ថ្លៃ។ ពួក​គេ​បាន​ធ្វើ​កិច្ចការ​យ៉ាង​នឿយ​ហត់ ហើយ​តាម​ពិត​ពួក​គេ​មិន​គ្រាន់តែ​ជួស​ជុល​ប៉ុណ្ណោះ​ទេ តែ​បាន​សង់​របង​នោះ​ស្ទើរតែ​ទាំង​អស់​ឡើង​វិញ។ ការ​ប្រព្រឹត្ត​របស់​បង​ប្អូន​យើង​បាន​នាំ​ឲ្យ​អ្នក​ជិត​ខាង​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត។ ឥឡូវ គាត់​ជួយ​មើល​សាល​ប្រជុំ។

១៥ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​រួម​ចំណែក​ក្នុង​ការ​សាងសង់​ដែល​មាន​ទូ​ទាំង​ពិភព​លោក។ បង​ប្អូន​ក្នុង​តំបន់​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​មួយ​អ្នក​បម្រើ​ផ្នែក​សាងសង់​អន្តរជាតិ​ដើម្បី​សាងសង់​សាល​ប្រជុំ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​សាងសង់​សាល​សន្និបាត​និង​បេតអែល​ផង​ដែរ។ បង​ប្រុស​សែម​ជា​វិស្វករ​ម្នាក់​ដែល​មាន​ជំនាញ​ខាង​ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​កម្ដៅ និង​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល។ គាត់​និង​ភរិយា​ឈ្មោះ​រស់ បាន​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​និង​ទ្វីប​អាហ្វ្រិក​ដើម្បី​ជួយ​ក្នុង​គម្រោង​ការណ៍​ផ្នែក​សាងសង់​ផ្សេង​ៗ។ កន្លែង​ណា​ដែល​ពួក​គេ​ទៅ​ក៏​ដោយ ពួក​គេ​ក៏​ចូល​រួម​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ពី​ក្រុម​ជំនុំ​នៃ​តំបន់​នោះ។ បង​ប្រុស​សែម​ពន្យល់​ពី​អ្វី​ដែល​ជួយ​គាត់​ឲ្យ​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​ការ​សាងសង់​អន្តរជាតិ​ដោយ​និយាយ​ថា​៖ ​«​គឺ​ដោយ​សារ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​ដែល​បាន​បម្រើ​នៅ​បេតអែល​នៅ​ទី​នេះ​និង​ប្រទេស​ក្រៅ។ ដោយ​ឃើញ​ពួក​គេ​ខ្នះខ្នែង​និង​មាន​អំណរ នោះ​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​បម្រើ​ក្នុង​ការ​សាងសង់​អន្តរជាតិ​»។

ស្ដាប់​តាម​ប្រសាសន៍​របស់​ព្រះ

១៦, ១៧​. តើ​រាស្ត្រ​របស់​ព្រះ​បាន​ចូល​រួម​ដោយ​រីករាយ​ក្នុង​កិច្ចការ​ពិសេស​ណា? ហើយ​តើ​មាន​លទ្ធផល​អ្វី?

១៦ បន្ថែម​នឹង​ការ​ជួស​ជុល​វិហារ ហេសេគា​បាន​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​រំលង​ប្រចាំ​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​បាន​បញ្ជា​ឲ្យ​ធ្វើ។ (​សូម​អាន របាក្សត្រ​ទី​២ ៣០:១, ៤, ៥​) ហេសេគា​និង​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​អញ្ជើញ​ប្រជាជន​ទាំង​ឡាយ សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​រាជាណាចក្រ​ខាង​ជើង​ឲ្យ​មក​ចូល​រួម​នៅ​ពិធី​បុណ្យ​នោះ។ អ្នក​នាំ​សារបាន​រត់​ទៅ​ទូ​ទាំង​ស្រុក​ដោយ​មាន​លិខិត​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ។—២រប. ៣០:៦​-​៩

១៧ នៅ​ពេល​ថ្មី​ៗ​នេះ យើង​ក៏​បាន​ចូល​រួម​ក្នុង​កិច្ចការ​ស្រ​ដៀង​គ្នា​ដែរ។ យើង​បាន​ប្រើ​លិខិត​អញ្ជើញ​ស្អាត​ៗ​ដែល​ទាក់​ទាញ​ចិត្ត​ដើម្បី​អញ្ជើញ​មនុស្ស​នៅ​តំបន់​ផ្សាយ​ឲ្យ​ជួប​ជុំ​ជា​មួយ​យើង​ក្នុង​ការ​ធ្វើ​ពិធី​រំលឹក​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ សម​ស្រប​តាម​បញ្ជា​របស់​លោក​យេស៊ូ។ (​លូក. ២២:១៩, ២០​) យើង​ទទួល​ការ​ណែនាំ​ពី​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បម្រើ ហើយ​បាន​ចូល​រួម​ក្នុង​កិច្ចការ​នេះ​ដោយ​ខ្នះខ្នែង។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹង​នេះ​មែន ពីព្រោះ​នៅ​ឆ្នាំ​មុន យើង​ដែល​មាន​ចំនួន​៧​លាន​នាក់​បាន​ចែក​លិខិត​អញ្ជើញ ហើយ​មនុស្ស​ចំនួន​១៧.៧៩០.៦៣១​នាក់​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​រំលឹក!

១៨​. ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​អ្នក​ខ្នះខ្នែង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ?

១៨ គម្ពីរ​បាន​រៀប​រាប់​អំពី​ហេសេគា​ថា​៖ ​«​ទ្រង់​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដល់​ម្ល៉េះ​បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​ក៏​គ្មាន​ដែរ។ ដ្បិត​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា ឥត​លា​ក​បង់​លែង​តាម​ទ្រង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រិត្យ​ក្រម ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​»។ (​២ព. ១៨:៥, ៦​) សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ហេសេគា។ ការ​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​ប្រណិប័តន៍​របស់​ព្រះ​នឹង​ជួយ​យើង​ឲ្យ​«​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា​»​ដោយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—ចោ. ៣០:១៦

ធ្វើ​តាម​ការ​ណែនាំ​ភ្លាម​ៗ​

១៩​. ពេល​ជិត​ដល់​ពិធី​បុណ្យ​រំលឹក តើ​បង​ប្អូន​ខ្នះខ្នែង​ធ្វើ​អ្វី?

១៩ ពេល​យ៉ូសៀស​គ្រប់​គ្រង គាត់​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀប​ចំ​ឲ្យ​បណ្ដា​ជន​យូដា​ធ្វើ​បុណ្យ​រំលង​ដែរ។ (​២ព. ២៣:២១​-​២៣; ២រប. ៣៥:១​-​១៩​) យើង​ក៏​ត្រូវ​ប្រាកដ​ថា​យើង​រៀប​ចំ​ឲ្យ​បាន​ល្អ​ពេល​មាន​មហាសន្និបាត​ប្រចាំ​តំបន់ សន្និបាត សន្និបាត​ពិសេស ព្រម​ទាំង​ពិធី​បុណ្យ​រំលឹក​ដែរ។ នៅ​ប្រទេស​ខ្លះ បង​ប្អូន​រួម​ជំនឿ​ប្រថុយ​ជីវិត​ដើម្បី​អាច​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត។ ពួក​អ្នក​ចាស់​ទុំ​ដែល​ខ្នះខ្នែង​ប្រាកដជា​គិត​អំពី​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។ បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​ពិការ​ទទួល​ជំនួយ​ដើម្បី​អាច​មាន​វត្តមាន​នៅ​ពិធី​នោះ។

២០​. (​ក​) តើ​មាន​អ្វី​កើត​ឡើង​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​ស្តេច​យ៉ូសៀស? ហើយ​តើ​គាត់​បាន​ធ្វើ​អ្វី? (​ខ​) តើ​មាន​មេរៀន​អ្វី​ដែល​យើង​ចង់​ពិចារណា​និង​ធ្វើ​តាម?

២០ ក្នុង​អំឡុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែល​យ៉ូសៀស​រៀប​ចំ នោះ​សម្ដេច​សង្ឃ​ហ៊ីលគីយ៉ា​បាន​«​ប្រទះ​ឃើញ​គម្ពីរ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ប្រទាន​មក​ដោយ​សារ​លោក​ម៉ូសេ​»។ គាត់​បាន​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន​ដែល​ជា​ស្មៀន​របស់​ស្តេច ហើយ​សាផាន​ចាប់​ផ្ដើម​អាន​គម្ពីរ​ជូន​ស្តេច។ (​សូម​អាន របាក្សត្រ​ទី​២ ៣៤:១៤​-​១៨​) តើ​មាន​ឥទ្ធិពល​អ្វី? ខណៈ​នោះ​ស្តេច​បាន​ហែក​សម្លៀក​បំពាក់​ដោយ​សារ​គាត់​សោកសង្រេង ហើយ​ណែនាំ​ឲ្យ​បុរស​ទាំង​នោះ​ទាក់​ទង​ជា​មួយ​ព្រះ​យេហូវ៉ា។ តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​នាង​ហ៊ុលដា ព្រះ​បាន​ផ្ដល់​ដំណឹង​ដែល​ផ្ដន្ទា​ទោស​ទម្លាប់​សាសនា​ខ្លះ​ៗ​ដែល​មាន​ក្នុង​ស្រុក​យូដា។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យ៉ូសៀស​ក្នុង​ការ​បំផ្លាញ​ចោល​រូប​ព្រះ ហើយ​ព្រះ​យេហូវ៉ា​នៅ​តែ​ពេញ​ចិត្ត​គាត់​ទោះ​បើ​ប្រទេស​ទាំង​មូល​នឹង​ទទួល​ទុក្ខ​លំបាក​ដែល​បាន​ត្រូវ​ទាយ​ទុក​ក៏​ដោយ។ (​២រប. ៣៤:១៩​-​២៨​) តើ​យើង​អាច​រៀន​អ្វី​ពី​នេះ? យើង​ពិត​ជា​មាន​ក្ដី​ប្រាថ្នា​ដូច​យ៉ូសៀស។ យើង​ចង់​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ភ្លាម​ៗ​ ហើយ​យើង​ចង់​គិត​យ៉ាង​ដិត​ដល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​យើង​ឲ្យ​ការ​ក្បត់​ជំនឿ​និង​ភាព​មិន​ស្មោះ​ត្រង់​រារាំង​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​នឹង​យើង បើ​យើង​ខ្នះខ្នែង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ពិត ដូច​លោក​បាន​ពេញ​ចិត្ត​នឹង​យ៉ូសៀស​ដែរ។

២១, ២២​. (​ក​) ហេតុ​អ្វី​បាន​ជា​គប្បី​ឲ្យ​យើង​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

២១ ស្តេច​ទាំង​បួន​នៃ​ស្រុក​យូដា ពោល​គឺ​អេសា យេហូសាផាត ហេសេគា និង​យ៉ូសៀស ទុក​គំរូ​ល្អ​ឲ្យ​យើង​ក្នុង​ការ​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​និង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ស្រ​ដៀង​គ្នា​ដែរ ចិត្ត​ខ្នះខ្នែង​របស់​យើង​គួរ​ជំរុញ​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ខំ​ប្រឹង​អស់ពី​ចិត្ត​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ យក​ល្អ​ឲ្យ​យើង​ស្ដាប់​តាម​ការ​ណែនាំ​ដែល​មក​ពី​ព្រះ ហើយ​ធ្វើ​តាម​ក្រុម​ជំនុំ​និង​ពួក​អ្នក​ចាស់​ទុំ​ដែល​យក​ចិត្ត​ទុក​ដាក់​និង​យើង ព្រម​ទាំង​កែ​តម្រង់​យើង​ដោយ​ក្ដី​ស្រឡាញ់ ការ​ធ្វើ​ដូច្នេះ​យើង​ពិត​ជា​មាន​សុភមង្គល។

២២ អត្ថបទ​បន្ទាប់​នឹង​ជួយ​យើង​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​នឹង​លើក​ទឹក​ចិត្ត​ប្អូន​ៗ​យុវវ័យ​ឲ្យ​បម្រើ​យ៉ាង​ខ្នះខ្នែង​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់។ យើង​ក៏​នឹង​ពិចារណា​នូវ​វិធី​ដែល​យើង​អាច​ជៀស​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​របស់​សាថាន​ដែល​បង្ខូច​ចិត្ត​គំនិត​យើង។ កាល​ដែល​យើង​ធ្វើ​តាម​ការ​រំលឹក​ទាំង​អស់​នេះ​ពី​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​ធ្វើ​តាម​គំរូ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​យេហូវ៉ា ដែល​គេ​បាន​រៀប​រាប់​ថា​៖ ​«​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ​»។—ទំនុក. ៦៩:៩; ១១៩:​១១១, ១២៩; ១ពេ. ២:២១

តើ​អ្នក​ចាំ​ទេ?

តើ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ការ​បម្រើ​បែប​ណា? ហើយ​ហេតុ​អ្វី?

តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

តើ​ចិត្ត​ខ្នះខ្នែង​អាច​ជំរុញ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ការ​ណែនាំ​ដែល​មក​ពី​ព្រះ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១២]

តើ​អេសា យេហូសាផាត ហេសេគា​និង​យ៉ូសៀស​បាន​បង្ហាញ​ចិត្ត​ខ្នះខ្នែង ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?