លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ«ខ្នះខ្នែងធ្វើកិច្ចការដ៏ល្អប្រសើរ»!

ចូរ«ខ្នះខ្នែងធ្វើកិច្ចការដ៏ល្អប្រសើរ»!

ចូរ​«​ខ្នះខ្នែង​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​»​!

‹លោក​យេស៊ូ​បាន​ប្រគល់​ខ្លួន​ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ប្រឆាំង​ច្បាប់​គ្រប់​យ៉ាង ហើយ​សម្អាត​យើង​ដើម្បី​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក​តែ​មួយ​ប៉ុណ្ណោះ គឺ​រាស្ត្រ​ដែល​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ›។—ទីត. ២:១៤

១​. តើ​មាន​អ្វី​កើត​ឡើង​ពេល​លោក​យេស៊ូ​មក​ដល់​បរិវេណ​វិហារ​នៅ​ថ្ងៃ​ទី​១០ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស.?

ថ្ងៃ​ទី​១០​ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. គឺជា​ថ្ងៃ​ដែល​ជិត​ដល់​ពេល​ធ្វើ​បុណ្យ​រំលង។ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ជា​ច្រើន​នាក់​ក្នុង​បរិវេណ​វិហារ​នៅ​ក្រុង​យេរូសាឡិម​កំពុង​ទន្ទឹង​ចាំ​ពិធី​បុណ្យ​នោះ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ពេល​លោក​យេស៊ូ​មក​ដល់​វិហារ? អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ម៉ាថាយ ម៉ាកុស និង​លូកា​ទាំង​បី​នាក់​បញ្ជាក់​ប្រាប់​ថា លោក​យេស៊ូ​បណ្ដេញ​អ្នក​លក់​និង​អ្នក​ទិញ​ចេញ​ពី​វិហារ​ជា​លើក​ទី​២។ លោក​ក៏​បាន​ផ្កាប់​តុ​របស់​អ្នក​ដូរ​ប្រាក់ និង​ជើង​ម៉ា​វែង​របស់​អ្នក​លក់​សត្វ​ព្រាប​ផង​ដែរ។ (​ម៉ាថ. ២១:១២; ម៉ាក. ១១:១៥; លូក. ១៩:៤៥​) លោក​យេស៊ូ​ក៏​បាន​ធ្វើ​ដូច​នេះ​បី​ឆ្នាំ​មុន​ដែរ។ ដូច្នេះ នេះ​បង្ហាញ​ថា​លោក​នៅ​តែ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ។—យ៉ូន. ២:១៣​-​១៧

២, ៣​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា លោក​យេស៊ូ​មិន​គ្រាន់តែ​ខ្នះខ្នែង​ចំពោះ​ការ​សម្អាត​ឲ្យ​អស់​ពួក​លក់​ដូរ​ក្នុង​វិហារ​ប៉ុណ្ណោះ?

កំណត់​ហេតុ​របស់​ម៉ាថាយ​បង្ហាញ​ថា នៅ​ពេល​នោះ​លោក​យេស៊ូ​មិន​គ្រាន់តែ​ខ្នះខ្នែង​ចំពោះ​ការ​សម្អាត​ឲ្យ​អស់​ពួក​លក់​ដូរ​ក្នុង​វិហារ​ប៉ុណ្ណោះ​ឡើយ តែ​លោក​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក និង​មនុស្ស​ខ្វិន​ជា​សះ​ស្បើយ​ដែរ។ (​ម៉ាថ. ២១:១៤​) កំណត់​ហេតុ​របស់​លូកា​រៀប​រាប់​អំពី​កិច្ចការ​ឯ​ទៀត​ដែល​លោក​យេស៊ូ​បាន​សម្រេច ពោល​គឺ​«​លោក​[​យេស៊ូ​]​បាន​បង្រៀន​រៀង​រាល់​ថ្ងៃ​ក្នុង​វិហារ​»។ (​លូក. ១៩:៤៧; ២០:​១​) យ៉ាង​នេះ ចិត្ត​ខ្នះខ្នែង​របស់​លោក​យេស៊ូ​ក៏​បាន​ត្រូវ​ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

ក្រោយ​មក សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​ទីតុស​ដោយ​ពន្យល់​ថា លោក​យេស៊ូ​«​បាន​ប្រគល់​ខ្លួន​ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ប្រឆាំង​ច្បាប់​គ្រប់​យ៉ាង ហើយ​សម្អាត​យើង​ដើម្បី​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក​តែ​មួយ​ប៉ុណ្ណោះ គឺ​រាស្ត្រ​ដែល​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ​»។ (​ទីត. ២:១៤​) សព្វ​ថ្ងៃ តើ​យើង​អាច​«​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ​»​តាម​វិធី​ណាខ្លះ? ហើយ​តើ​គំរូ​របស់​ស្តេច​ល្អ​ៗ​នៃ​រាជាណាចក្រ​យូដា​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

ខ្នះខ្នែង​ផ្សាយ​និង​បង្រៀន

៤, ៥​. តើ​ស្តេច​ទាំង​បួន​នៃ​ស្រុក​យូដា​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ប្រសើរ​តាម​វិធី​ណាខ្លះ?

ទាំង​អេសា យេហូសាផាត ហេសេគា និង​យ៉ូសៀស បាន​ចាត់​វិធានការ​ដើម្បី​ជម្រះ​ការ​គោរព​បូជា​រូប​ព្រះ​ចេញ​ពី​ស្រុក​យូដា។ អេសា​បាន​«​បំបាត់​អស់​ទាំង​អាស​នា​ដទៃ នឹង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​ឲ្យ​សូន្យ​ចេញ ក៏​បំបាក់បំបែក​បង្គោល​ថ្ម​ដែល​សំ​រាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ​បង់​»។ (​២រប. ១៤:៣​) ចិត្ត​ខ្នះខ្នែង​របស់​យេហូសាផាត​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​គាត់​«​បំបាត់​អស់​ទាំង​ទី​ខ្ពស់ នឹង​រូប​ព្រះ​ចេញ​ពី​ស្រុក​យូដា​»​ដោយ​ក្លាហាន។—២រប. ១៧:៦; ១៩:៣ *

ក្រោយ​ពី​ធ្វើ​បុណ្យ​រំលង​៧​ថ្ងៃ​ដ៏​សំខាន់​ដែល​ហេសេគា​បាន​រៀប​ចំ​ក្នុង​ក្រុង​យេរូសាឡិម នោះ​«​ពួក​អ៊ីស្រាអែល​ដែល​មក​ប្រជុំ​គ្នា ក៏​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា បំបាក់បំបែក​បង្គោល​ថ្ម​ទាំង​ប៉ុន្មាន​ដែល​សំ​រាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ នឹង​អាស​នា​ទាំង​ប៉ុន្មាន​នៅ​ពេញ​ក្នុង​ស្រុក​យូដា ស្រុក​បេនយ៉ាមីន ស្រុក​អេប្រាអិម នឹង​ស្រុក​ម៉ាន៉ាសេដែរ ដរាប​ដល់​បាន​លាញ​ចេញ​ទាំង​អស់​ទៅ​»។ (​២រប. ៣១:១​) យ៉ូសៀស​ចាប់​ផ្ដើម​គ្រប់​គ្រង​ពេល​មាន​អាយុ​តែ​៨​ឆ្នាំ​ប៉ុណ្ណោះ។ បទ​គម្ពីរ​ចែង​ថា​៖ ​«​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់ កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ក៏​ចាប់​តាំង​ស្វែងរក​តាម​ព្រះ​នៃ​ដាវីឌ​ជា​ឰយុកោ​ទ្រង់ លុះ​ដល់​ឆ្នាំ​ទី​១២ នោះ​ទ្រង់​ផ្ដើម​ជំ​រះ​សំ​អា​ត​ស្រុក​យូដា នឹង​ក្រុង​យេរូសាឡិម​ឲ្យ​រួច​ពី​អស់​ទាំង​ទី​ខ្ពស់ រូប​ព្រះ រូប​ឆ្លាក់ នឹង​រូប​សិត​ទាំង​ប៉ុន្មាន​ចេញ​»។ (​២រប. ៣៤:៣​) ដូច្នេះ ស្តេច​ទាំង​បួន​នោះ​បាន​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ។

៦​. ហេតុ​អ្វី​យើង​អាច​ប្រៀប​ធៀប​កិច្ច​បម្រើ​ផ្សាយ​ទៅ​នឹង​អ្វី​ដែល​ស្តេច​ស្មោះ​ត្រង់​នៅ​ស្រុក​យូដា​បាន​ធ្វើ?

ស្រ​ដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​យើង​ចូល​រួម​ក្នុង​ការ​សហប្រតិបត្ដិការ​ដើម្បី​ជួយ​មនុស្ស​ដោះ​ខ្លួន​ចេញ​ពី​សេចក្ដី​បង្រៀន​របស់​សាសនា​មិន​ពិត រួម​ទាំង​ការ​គោរព​បូជា​រូប​ព្រះ។ កិច្ច​បម្រើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជួយ​យើង​ឲ្យ​ជួប​មនុស្ស​គ្រប់​ប្រភេទ។ (​១ធី. ២:៤​) ក្មេង​ស្រី​ជន​ជាតិ​អាស៊ី​ម្នាក់​ចាំ​នូវ​របៀប​ដែល​ម្ដាយ​ធ្វើ​ពិធី​ផ្សេង​ៗ​នៅ​មុខ​រូប​ព្រះ​មួយ​ចំនួន​ក្នុង​ផ្ទះ។ ក្មេង​ស្រី​នោះ​បាន​គិត​វែក​ញែក​ថា​រូប​ព្រះ​ទាំង​អស់​មិន​អាច​តំណាង​ព្រះ​ពិត​បាន​ទេ ដូច្នេះ​ជា​ញឹក​ញយ​គាត់​អធិដ្ឋាន​សុំ​ឲ្យ​ស្គាល់​ព្រះ​ពិត។ ពេល​មាន​គេ​គោះ​ទ្វារ ហើយ​គាត់​ទៅ​បើក នោះ​គាត់​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​ដែល​ប្រុង​ប្រៀប​ជួយ​គាត់​ឲ្យ​រៀន​អំពី​នាម​ដ៏​វិសេស​វិសាល​របស់​ព្រះ គឺ​យេហូវ៉ា។ គាត់​ពិត​ជា​អបអរ​មែន! ដែល​បាន​រៀន​សេចក្ដី​ពិត​អំពី​រូប​ព្រះ។ គាត់​គួរ​ឲ្យ​សរសើរ​មែន ពីព្រោះ​ឥឡូវ​គាត់​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ដោយ​ឧស្សាហ៍​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​បង្រៀន​អ្នក​ដទៃ​អំពី​ព្រះ​យេហូវ៉ា​និង​បំណង​ប្រាថ្នា​របស់​លោក។—ទំនុក. ៨៣:១៨; ១១៥:៤​-​៨; ១យ៉ូន. ៥:២១

៧​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​យក​តម្រាប់​តាម​អ្នក​បង្រៀន​ដែល​បាន​ទៅ​ទូ​ទាំង​ស្រុក​នៅ​សម័យ​យេហូសាផាត?

ពេល​យើង​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​យើង​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​ទេ? គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា នៅ​ឆ្នាំ​ទី​៣​នៃ​ការ​គ្រប់​គ្រង​របស់​យេហូសាផាត គាត់​បាន​ចាត់​ពួក​អ្នក​ដែល​ជា​ប្រធាន​៥​នាក់ ពួក​លេវី​៩​នាក់ ពួក​សង្ឃ​២​នាក់​ឲ្យ​ទៅ​បង្ហាត់​បង្រៀន​ច្បាប់​របស់​ព្រះ​ក្នុង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា។ ពួក​គេ​បាន​ធ្វើ​កិច្ចការ​នេះ​ដោយ​មាន​ប្រសិទ្ធភាព​ដល់​ម្ល៉េះ ដែល​មនុស្ស​នៅ​ប្រទេស​ជុំ​វិញ​ចាប់​ផ្ដើម​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ (​សូម​អាន របាក្សត្រទី២ ១៧:៩, ១០​) ដោយ​ទៅ​ផ្សាយ​នៅ​ពេល​វេលា​និង​ថ្ងៃ​ផ្សេង យើង​អាច​ជួប​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​នីមួយ​ៗ។

៨​. តើ​យើង​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​ជាង​យ៉ាង​ណា?

នៅ​សម័យ​ទំនើប​នេះ រាស្ត្រ​របស់​ព្រះ​ជា​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​ផ្លាស់​ទី​លំនៅ​របស់​ខ្លួន ទៅ​នៅ​កន្លែង​ដែល​ត្រូវ​ការ​សាក្សី​ច្រើន​ជាង​ដែល​មាន​ចិត្ត​ខ្នះខ្នែង។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ទេ? បង​ប្អូន​ខ្លះ​ដែល​មិន​អាច​ផ្លាស់​ទី​លំនៅ ប្រហែលជា​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​យើង តែ​និយាយ​ភាសា​ផ្សេង។ បង​ប្រុស​រ៉ុន​មាន​អាយុ​៨១​ឆ្នាំ ហើយ​ដោយ​សារ​គាត់​ជួប​ជន​ជាតិ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​តំបន់​ផ្សាយ នោះ​គាត់​បាន​រៀន​ពាក្យ​ជម្រាប​សួរ​ក្នុង​៣២​ភាសា! នៅ​ពេល​ថ្មី​ៗ គាត់​បាន​ជួប​គូ​ស្វាមីភរិយា​ជន​ជាតិ​អាហ្វ្រិក​តាម​ផ្លូវ ហើយ​ជម្រាប​សួរ​ពួក​គេ​ក្នុង​ភាសា​យ៉ូរូបា ដែល​ជា​ភាសា​របស់​ពួក​គេ។ គូ​ស្វាមីភរិយា​នោះ​សួរ​បង​រ៉ុន​បើ​គាត់​ធ្លាប់​ទៅ​លេង​ទ្វីប​អាហ្វ្រិក។ ពេល​បង​រ៉ុន​ឆ្លើយ​ថា​ មិន​ដែល​ទៅ​ទេ នោះ​ពួក​គាត់​ចង់​ដឹង​ពី​មូលហេតុ​ដែល​គាត់​ចេះ​និយាយ​ភាសា​នោះ។ នេះ​បើក​ឱកាស​ឲ្យ​បង​រ៉ុន​ផ្សព្វ​ផ្សាយ​ដល់​ពួក​គាត់ ហើយ​គូ​ស្វាមីភរិយា​នោះ​ព្រម​ទទួល​ទស្សនាវដ្ដី​ខ្លះ ព្រម​ទាំង​ពេញ​ចិត្ត​ឲ្យ​អាសយដ្ឋាន​ដល់​បង​រ៉ុន។ ក្រោយ​មក បង​រ៉ុន​បាន​រាយ​ការណ៍​ព័ត៌មាន​នេះ​ដល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​ផ្សាយ​នៅ​តំបន់​គូ​ស្វាមីភរិយា​នោះ​រស់​នៅ ដើម្បី​ឲ្យ​ពួក​គាត់​អាច​រៀន​គម្ពីរ​បាន។

៩​. តើ​ការ​អាន​ពី​គម្ពីរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​គឺ​សំខាន់​ប៉ុណ្ណា? សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ។

ពួក​អ្នក​បង្រៀន​ដែល​ទៅ​ទូ​ទាំង​ស្រុក​តាម​បង្គាប់​របស់​យេហូសាផាត បាន​យក​«​គម្ពីរ​ក្រិត្យ​វិន័យ​នៃ​ព្រះ​យេហូវ៉ា​»​ទៅ​តាម។ ទូ​ទាំង​ពិភព​លោក​យើង​ព្យាយាម​បង្រៀន​មនុស្ស​ពី​គម្ពីរ ដោយ​ព្រោះ​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។ យើង​បង្ហាញ​ថា​គម្ពីរ​មាន​សារៈសំខាន់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យើង គឺ​ដោយ​ខំ​ប្រឹង​អាន​ពី​គម្ពីរ​ដើម្បី​អ្នក​ឯ​ទៀត​អាច​ឃើញ​ពាក្យ​ដែល​មាន​ក្នុង​គម្ពីរ​នោះ។ ម្ចាស់​ផ្ទះ​ម្នាក់​ពន្យល់​ទៅ​បង​ស្រី​យើង​ឈ្មោះ​លីនដាថា ប្ដី​របស់​គាត់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ហើយ​គាត់​ត្រូវ​មើល​ថែ​ទាំ​ប្ដី។ ម្ចាស់​ផ្ទះ​នោះ​និយាយ​ដោយ​សោកសៅ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ធ្វើ​ខុស​អ្វី​បាន​ជា​ព្រះ​ឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​»។ បង​ស្រី​លីនដា​ឆ្លើយ​តប​ថា​៖ ​«​តើ​ខ្ញុំ​អាច​បង្ហាញ​អ្វី​មួយ​ឲ្យ​បង​បាន​ទេ?​»​។ បន្ទាប់​មក​បង​លីនដា​អាន​យ៉ាកុប ១:១៣ ហើយ​និយាយ​បន្ថែម​ថា​៖ ​«​អ្វី​ទាំង​អស់​ដែល​យើង​និង​បង​ប្អូន​ញាតិ​មិត្ត​របស់​យើង​រង​ទុក្ខ​គឺ​មិន​មែន​ជា​ទណ្ឌកម្ម​ពី​ព្រះ​ទេ​»។ ខណៈ​នោះ ម្ចាស់​ផ្ទះ​ឱប​លីនដា​ក្នុង​បំណង​បង្ហាញ​ការ​អបអរ​ចំពោះ​អ្វី​ដែល​បង​លីនដា​បាន​ប្រាប់។ បង​ស្រី​លីនដា​បាន​យល់​ថា​៖ ​«​ខ្ញុំ​បាន​សម្រាល​ទុក្ខ​គាត់​ដោយ​ប្រើ​គម្ពីរ។ ជួនកាល ម្ចាស់​ផ្ទះ​មិន​ធ្លាប់​ឮ​ខ​ដែល​យើង​អាន​ពី​គម្ពីរ​ទេ​»។ ជា​លទ្ធផល បង​លីនដា​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​យ៉ាង​ទៀង​ទាត់​ជា​មួយ​ម្ចាស់​ផ្ទះ។

ការ​ខ្នះខ្នែង​របស់​ប្អូន​ៗ​យុវវ័យ

១០​. តើ​យ៉ូសៀស​ជា​គំរូ​ល្អ​សម្រាប់​ប្អូន​ៗ​យុវវ័យ​ដែល​ជា​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច?

១០ ប្រសិនបើ​គិត​អំពី​គំរូ​របស់​យ៉ូសៀស​ម្ដង​ទៀត យើង​កត់​សម្គាល់​ថា គាត់​បាន​ស្វែងរក​ព្រះ​ពិត​ពេល​នៅ​ជា​យុវជន ហើយ​ពេល​មាន​អាយុ​ប្រហែលជា​២០​ឆ្នាំ គាត់​ចាប់​ផ្ដើម​កិច្ចការ​បំបាត់​ចោល​ការ​គោរព​បូជា​រូប​ព្រះ​នៅ​ទូ​ទាំង​ស្រុក។ (​សូម​អាន របាក្សត្រទី២ ៣៤:១​-​៣​) សព្វ​ថ្ងៃ មាន​មនុស្ស​វ័យ​ក្មេង​ច្រើន​ឥត​គណនា​ដែល​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

១១​-​១៣​. តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​យុវវ័យ​នៅ​សម័យ​នេះ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ខ្នះខ្នែង?

១១ ហា​ណា​រស់​នៅ​ប្រទេស​អង់គ្លេស ហើយ​ពេល​មាន​អាយុ​១៣​ឆ្នាំ គាត់​រៀន​ភាសា​បារាំង​នៅ​ឯ​សាលា។ នៅ​ពេល​នោះ​គាត់​ឮ​ថា​មាន​ក្រុម​ភាសា​បារាំង​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ភូមិ​មួយ​នៅ​ជិត​ផ្ទះ​គាត់។ ឪពុក​ហា​ណា​ព្រម​ទៅ​កិច្ច​ប្រជុំ​នៅ​ភូមិ​នោះ​ជា​មួយ​គាត់។ ឥឡូវ​ហា​ណា​មាន​អាយុ​១៨​ឆ្នាំ ហើយ​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​ក្នុង​ភាសា​បារាំង​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ តើ​ប្អូន​អាច​រៀន​ភាសា​បរទេស​ហើយ​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​បាន​ទេ?

១២ រ៉ាជែល​ចូល​ចិត្ត​មើល​កាស្សែត​វីដេអូ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា​ចូរ​ជ្រើស​រើស​គោលដៅ​ដែល​ផ្ដល់​កិត្ដិយស​ថ្វាយ​ព្រះ។ គាត់​ប្រាប់​អំពី​គំនិត​របស់​គាត់​ពេល​ចាប់​ផ្ដើម​បម្រើ​ព្រះ​នៅ​ឆ្នាំ​១៩៩៥ ដោយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​តាម​សេចក្ដី​ពិត​បាន​យ៉ាង​ល្អ​ហើយ។ ក្រោយ​ពី​បាន​មើល​ឈុត​សម្ដែង​នោះ ឥឡូវ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​មិន​បាន​ធ្វើ​តាម​សេចក្ដី​ពិត​អស់ពី​ចិត្ត​ទេ។ ខ្ញុំ​ត្រូវ​តស៊ូ​ដើម្បី​ធ្វើ​តាម​សេចក្ដី​ពិត ហើយ​យក​ចិត្ត​ទុក​ដាក់​និង​ខំ​ប្រឹងប្រែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​ក្នុង​ការ​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង​»។ ឥឡូវ​រ៉ាជែល​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​ចិត្ត​ខ្នះខ្នែង​ច្រើន​ជាង​មុន។ ដោយ​ធ្វើ​ដូច​នេះ តើ​គាត់​ទទួល​លទ្ធផល​អ្វី? គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ជិត​ស្និទ្ធ​ជាង​មុន។ សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ជាង ខ្ញុំ​សិក្សា​ស៊ី​ជម្រៅ​ជាង ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ជាង។ ម្យ៉ាង​ទៀត កំណត់​ហេតុ​ក្នុង​គម្ពីរ​ជា​អ្វី​ដែល​ពិត​ប្រាកដ​ចំពោះ​ខ្ញុំ​ជាង​មុន។ ជា​លទ្ធផល ខ្ញុំ​សប្បាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ណាស់ ហើយ​ពិត​ជា​មាន​ចិត្ត​ស្កប់​ស្កល់​កាល​ដែល​ខ្ញុំ​ឃើញ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​មនុស្ស​ឯ​ទៀត​»។

១៣ លូកា​ជា​យុវជន​ដែល​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ដោយ​កាស្សែត​វីដេអូ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា​ពួក​យុវជន​សួរ​ថា​៖ តើ​ខ្ញុំ​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​ខ្ញុំ? ក្រោយ​ពី​បាន​មើល​វីដេអូ​នេះ លូកា​សរសេរ​ថា​៖ ​«​វីដេអូ​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​គិត​អំពី​ជីវិត​ខ្លួន​ឯង​»។ គាត់​សារភាព​ថា​៖ ​«​កន្លង​មក គេ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ចាត់​ទុក​ការ​អប់រំ​ជាន់​ខ្ពស់​ជា​អ្វី​ដែល​សំខាន់​ជាង​គេ​ដើម្បី​អាច​ប្រមូល​លុយ​បាន​ច្រើន ហើយ​ក្រោយ​មក​អាច​គិត​អំពី​គោលដៅ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​វិញ។ ការ​បង្ខិត​បង្ខំ​ដូច​នេះ​មិន​អាច​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បាន​ទេ ប៉ុន្តែ​នាំ​ឲ្យ​យើង​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​លោក​វិញ​»។ ប្អូន​ៗ​យុវវ័យ​អើយ! សូម​ប្រើ​អ្វី​ដែល​ប្អូន​រៀន​នៅ​សាលា​ដើម្បី​អាច​ផ្សាយ​ដល់​មនុស្ស​ជា​ច្រើន​ទៀត​ដូច​ហា​ណា​បាន​ធ្វើ។ សូម​យក​តម្រាប់​តាម​រ៉ាជែល​ដោយ​ខ្នះខ្នែង​សម្រេច​គោលដៅ​ដែល​ពិត​ជា​ផ្ដល់​កិត្ដិយស​ដល់​ព្រះ។ សូម​ធ្វើ​តាម​គំរូ​របស់​លូកា​ដោយ​ជៀស​ចេញ​ពី​អ្វី​ដែល​ជា​អន្ទាក់​សម្រាប់​យុវវ័យ​ជា​ច្រើន។

ខ្នះខ្នែង​ធ្វើ​តាម​ការ​ព្រមាន

១៤​. តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​បែប​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​សព្វ​ថ្ងៃ​ពិបាក​រក្សា​ការ​គោរព​ប្រណិប័តន៍​នេះ?

១៤ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​មាន​ភាព​ស្អាត​ស្អំ​ទើប​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គាត់។ អេសាយ​ព្រមាន​ថា​៖ ​«​ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ​[​គឺ​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​] កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ​យេហូវ៉ា​អើយ! ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ​»។ (​អេ. ៥២:១១​) ច្រើន​ឆ្នាំ​មុន​អេសាយ​សរសេរ​ពាក្យ​ទាំង​នោះ ស្តេច​អេសា​ដែល​ជា​ស្តេច​ល្អ​បាន​ចាត់​វិធានការ​យ៉ាង​ស្វាហាប់​ដើម្បី​ជម្រះ​អំពើ​ប្រាសចាក​សីលធម៌​ចេញ​ពី​ស្រុក​យូដា។ (​សូម​អាន ពង្សាវតារក្សត្រទី១ ១៥:១១​-​១៣​) រាប់​រយ​ឆ្នាំ​ក្រោយ​មក សាវ័ក​ប៉ូល​បាន​ប្រាប់​ទីតុស​ថា លោក​យេស៊ូ​បាន​ប្រគល់​ខ្លួន​ដើម្បី​សម្អាត​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ជា​«​រាស្ត្រ​របស់​លោក​តែ​មួយ​ប៉ុណ្ណោះ គឺ​រាស្ត្រ​ដែល​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ​»។ (​ទីត. ២:១៤​) ក្នុង​សង្គម​សព្វ​ថ្ងៃ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អបាយមុខ គឺ​មិន​ងាយ​ស្រួល​ឲ្យ​យើង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ទេ ជា​ពិសេស​សម្រាប់​ប្អូន​ៗ​យុវវ័យ។ ជា​ឧទាហរណ៍ អ្នក​បម្រើ​ព្រះ​ទាំង​ឡាយ ទោះ​ជា​ក្មេង​ឬ​ចាស់​ក្ដី ត្រូវ​តស៊ូ​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​គំនិត​បំពុល​ដោយ​ការ​មើល​រូប​អាសអាភាស​ដែល​មាន​តាម​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម កញ្ចក់​ទូរទស្សន៍ ភាពយន្ត ហើយ​ជា​ពិសេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

១៥​. តើ​អ្វី​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ចំពោះ​អ្វី​ដែល​អាក្រក់?

១៥ ការ​ខ្នះខ្នែង​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្អប់ខ្ពើម​ចំពោះ​អ្វី​ដែល​អាក្រក់។ (​ទំនុក. ៩៧:១០; រ៉ូម ១២:៩​) ដូច​ជា​គ្រិស្ត​សាសនិក​ម្នាក់​បាន​និយាយ​ថា យើង​ត្រូវ​ស្អប់​ខ្ពើម​រូប​អាសអាភាស​ទាំង​នោះ​ដើម្បី​«​ដោះ​ខ្លួន​ចេញ​ពី​ការ​ទាក់​ទាញ​ដ៏​ខ្លាំង​របស់​វា ដែល​ប្រៀប​ដូច​ជា​ដែក​ឆក់​»។ បើ​យើង​ចង់​គាស់​ដែក​ឆក់​ចេញ​ពី​គ្នា យើង​ត្រូវ​ប្រើ​អ្វី​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ទំនាញ​របស់​ដែក​ឆក់។ ស្រ​ដៀង​គ្នា​ដែរ យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​មិន​ចាញ់​កម្លាំង​ទាក់​ទាញ​នៃ​រូប​អាសអាភាស។ ប៉ុន្តែ ដោយ​ដឹង​ថា​រូប​អាសអាភាស​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ប៉ុណ្ណា នោះ​ក៏​នឹង​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ចំពោះ​រូប​ទាំង​នោះ។ បង​ប្រុស​ម្នាក់​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​បោះបង់​ចោល​ទម្លាប់​មើល​រូប​អាសអាភាស​តាម​គេហទំព័រ​នៅ​ប្រព័ន្ធ​អ៊ីនធឺណិត។ គាត់​បាន​រើ​កុំព្យូទ័រ​ទៅ​ដាក់​នៅ​កន្លែង​មួយ​ក្នុង​ផ្ទះ​ដែល​សមាជិក​ទាំង​អស់​អាច​មើល​បាន។ ជា​មួយ​គ្នា​នេះ​ដែរ គាត់​បាន​ប្ដេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​សម្អាត​ខ្លួន​ពី​ទង្វើ​នេះ ហើយ​ដើម្បី​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ប្រសើរ។ គាត់​ក៏​បាន​ធ្វើ​អ្វី​មួយ​ទៀត​ដើម្បី​បោះបង់​ចោល​ទម្លាប់​នេះ។ ដោយ​សារ​គាត់​ត្រូវ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ការងារ គាត់​បាន​សម្រេច​ចិត្ត​ប្រើ​អ៊ីនធឺណិត​ពេល​ភរិយា​របស់​គាត់​អង្គុយ​ជិត​គាត់​តែ​ប៉ុណ្ណោះ។

សារៈសំខាន់​នៃ​ការ​ប្រព្រឹត្ត​ល្អ

១៦, ១៧​. តើ​ការ​ប្រព្រឹត្ត​ល្អ​ជា​គ្រិស្ត​សាសនិក​អាច​មាន​ឥទ្ធិពល​អ្វី​ដល់​អ្នក​ដែល​សង្កេត​មើល​យើង? សូម​លើក​ឧទាហរណ៍។

១៦ យុវជន​និង​យុវតី​ដែល​បម្រើ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​គំនិត​ល្អ​មែន ហើយ​នេះ​ពិត​ជា​នាំ​ឲ្យ​អ្នក​ដទៃ​កោត​ស្ងើច​ណាស់! (​សូម​អាន ពេត្រុស​ទី​១ ២:១២​) ជាង​ម្នាក់​ដែល​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​ជួស​ជុល​ម៉ាស៊ីន​បោះពុម្ព​នៅ​បេតអែល​នាទី​ក្រុង​ឡុងដ៍ បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់​ទាំង​ស្រុង​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា។ ភរិយា​របស់​គាត់​ដែល​កំពុង​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា បាន​កត់​សម្គាល់​ថា​ស្វាមី​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត។ ពី​មុន បុរស​នោះ​មិន​ចង់​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​មក​លេង​ផ្ទះ​គាត់​ទេ ប៉ុន្តែ​ពេល​គាត់​មក​ពី​ជួស​ជុល​នៅ​បេតអែល​វិញ គាត់​និយាយ​ល្អ​ៗ​អំពី​របៀប​ដែល​បង​ប្អូន​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គាត់។ គាត់​និយាយ​ថា​គ្មាន​នរណា​ជេរ​ប្រមាថ​គ្នា​សោះ ពួក​គេ​ទាំង​អស់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​នៅ​ទី​នោះ​មាន​បរិយាកាស​ល្អ។ ជា​ពិសេស​គាត់​កោត​ស្ងើច​ចំពោះ​ប្អូន​ប្រុស​ប្អូន​ស្រី​ដែល​ធ្វើ​ការ​ខ្នះខ្នែង​ដោយ​មិន​ទទួល​ប្រាក់​ខែ ហើយ​ស្ម័គ្រ​ចិត្ត​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​ខ្លួន​ដើម្បី​ជួយ​បោះពុម្ព​សៀវភៅ​ដែល​រៀប​រាប់​ពី​ដំណឹង​ល្អ។

១៧ ស្រ​ដៀង​គ្នា​ដែរ បង​ប្អូន​ដែល​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ ជា​អ្នក​ដែល​ខំ​ធ្វើ​ការ​អស់ពី​ចិត្ត។ (​កូឡ. ៣:២៣, ២៤​) ជា​ញឹក​ញយ នេះ​ជួយ​ពួក​គាត់​មិន​ឲ្យ​បាត់បង់​ការងារ​ធ្វើ ពីព្រោះ​និយោជក​ឲ្យ​តម្លៃ​ចំពោះ​ចិត្ត​គំនិត​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ការ​នៅ​កន្លែង​នោះ​រហូត។

១៨​. តើ​យើង​អាច​«​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ​»​យ៉ាង​ដូច​ម្ដេច?

១៨ វិធី​ខ្លះ​ដែល​យើង​បង្ហាញ​ការ​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា​គឺ​ដោយ​ទុក​ចិត្ត​លោក ស្ដាប់​បង្គាប់​តាម​ការ​ណែនាំ​របស់​លោក និង​ដោយ​ថែ​ទាំ​កន្លែង​ប្រជុំ​របស់​យើង។ បន្ថែម​ទៅ​ទៀត យើង​ចង់​ចូល​រួម​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ មិន​ថា​យើង​ក្មេង​ឬ​ចាស់​ក្ដី បើ​យើង​ខំ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ខ្នាត​តម្រា​ដ៏​ស្អាត​ស្អំ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង នោះ​យើង​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន។ ណា​មួយ​ទៀត គេ​នៅ​តែ​ស្គាល់​យើង​ជា​មនុស្ស​«​ដែល​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ​»។—ទីត. ២:១៤

[កំណត់​សម្គាល់]

^ វគ្គ 4 អេសា​ប្រហែលជា​បាន​បំបាត់​ទី​ខ្ពស់​ឬ​ទី​បូជា​ទាំង​ប៉ុន្មាន​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត ប៉ុន្តែ​គាត់​មិន​បាន​បំបាត់​កន្លែង​ដែល​មនុស្ស​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ ឬ​ក៏​ប្រហែលជា​ទី​បូជា​ទាំង​នោះ​បាន​ត្រូវ​គេ​សង់​ឡើង​វិញ​នៅ​ចុង​ការ​គ្រប់​គ្រង​របស់​អេសា ហើយ​គឺ​ទី​បូជា​ទាំង​នោះ​ដែល​យេហូសាផាត​ជា​បុត្រ​របស់​អេសា​បាន​បំបាត់​ចោល។—១ព. ១៥:១៤; ២រប. ១៥:១៧

តាម​គំរូ​ដែល​មាន​ក្នុង​គម្ពីរ​និង​សម័យ​នេះ តើ​អ្នក​បាន​រៀន​អ្វី​ស្តី​អំពី

របៀប​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ដោយ​ផ្សាយ​និង​បង្រៀន?

វិធី​ដែល​ប្អូន​ៗ​យុវវ័យ​គ្រិស្ត​សាសនិក​អាច​«​ខ្នះខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ​»​?

វិធី​ដែល​យើង​អាច​បោះបង់​ចោល​ទម្លាប់​ដែល​បង្ខូច​ចិត្ត​គំនិត​យើង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៦]

តើ​អ្នក​ប្រើ​គម្ពីរ​ជា​ទៀង​ទាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទេ?

[រូបភាព​នៅ​ទំព័រ​១៨]

ការ​រៀន​ភាសា​ផ្សេង​ពេល​នៅ​សាលា​អាច​ជួយ​អ្នក​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​បាន​ច្រើន​ជាង