លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកបម្រើដ៏ស្មោះត្រង់និងគណៈអភិបាល

អ្នកបម្រើដ៏ស្មោះត្រង់និងគណៈអភិបាល

អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​និង​គណៈ​អភិបាល

​«​តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​ចេះ​ពិចារណា ដែល​ម្ចាស់​នឹង​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​ពួក​អ្នក​បម្រើ​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​គ្រប់​គ្រាន់​តាម​ពេល​កំណត់?​»។—លូក. ១២:៤២

១, ២​. ពេល​លោក​យេស៊ូ​កំពុង​រៀប​រាប់​អំពី​លក្ខណៈ​ផ្សេង​ៗ​នៃ​សញ្ញា​សម្គាល់​គ្រា​ចុង​ក្រោយ​បង្អស់ តើ​លោក​បាន​លើក​សំណួរ​អ្វី?

ពេល​លោក​យេស៊ូ​កំពុង​រៀប​រាប់​អំពី​លក្ខណៈ​ផ្សេង​ៗ​នៃ​សញ្ញា​សម្គាល់​គ្រា​ចុង​ក្រោយ​បង្អស់ លោក​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ដែល​ម្ចាស់​បាន​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​តាម​ត្រូវ​ពេល?​»។ ក្រោយ​មក លោក​យេស៊ូ​បាន​ពន្យល់​ថា ដោយ​សារ​ខ្ញុំ​បម្រើ​នេះ​មាន​ភាព​ស្មោះ​ត្រង់ នោះ​គាត់​នឹង​ទទួល​រង្វាន់ គឺ​នឹង​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ម្ចាស់។—ម៉ាថ. ២៤:៤៥​-​៤៧

ប៉ុន្មាន​ខែ​មុន​នោះ លោក​យេស៊ូ​បាន​លើក​សំណួរ​ស្រ​ដៀង​គ្នា​ដែរ។ (​សូម​អាន លូកា ១២:៤២​-​៤៤ និង​កំណត់​សម្គាល់​)​ លោក​បាន​ហៅ​ខ្ញុំ​បម្រើ​នោះ​ថា​អ្នក​«​ចាត់​ចែង​កិច្ចការ​ផ្ទះ​»​ដែល​មើល​ការ​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀត។ ប៉ុន្តែ អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​នោះ​ក៏​ជា​អ្នក​បម្រើ​ផង​ដែរ។ តើ​ខ្ញុំ​បម្រើ​ឬ​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​នោះ​ជា​នរណា? ហើយ​តើ​គាត់​ឲ្យ​‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល›​យ៉ាង​ដូច​ម្ដេច? គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​ស្គាល់​ខ្សែ​រយៈ​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ពី​ព្រះ ដែល​ប្រៀប​ដូច​ជា​អាហារ។

៣​. (​ក​) តើ​ពួក​អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​ពិភព​គ្រិស្ត​សាសនា ខំ​ពន្យល់​យ៉ាង​ណា​អំពី​ពាក្យ​របស់​លោក​យេស៊ូ​ស្តី​អំពី​«​ខ្ញុំ​បម្រើ​»​? (​ខ​) តើ​អ្នក​«​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​»​ ឬ​«​ខ្ញុំ​បម្រើ​»​ជា​នរណា? ហើយ​តើ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ជា​អ្នក​ណា?

ជា​ញឹក​ញយ ពួក​អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​ពិភព​គ្រិស្ត​សាសនា​យល់​ថា ប្រសាសន៍​របស់​លោក​យេស៊ូ​ទាំង​នេះ សំដៅ​ទៅ​លើ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​ចំណោម​គ្រិស្ត​សាសនិក​ទាំង​ឡាយ។ ប៉ុន្តែ លោក​យេស៊ូ​ដែល​ជា​«​ម្ចាស់​»​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ មិន​បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​ខ្ញុំ​បម្រើ​ជា​ច្រើន​ដែល​នៅ​ដាច់​ពី​គ្នា នៅ​ទូ​ទាំង​និកាយ​ផ្សេង​ៗ​នៃ​ពិភព​គ្រិស្ត​សាសនា​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា នឹង​មាន​អ្នក​«​ចាត់​ចែង​កិច្ចការ​ផ្ទះ​»​ឬ​«​ខ្ញុំ​បម្រើ​»​តែ​ម្នាក់ ដែល​លោក​នឹង​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក។ ដូច្នេះ ដូច​ទស្សនាវដ្ដី​នេះ​បាន​ពន្យល់​ជា​ញយ​ដង អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​តំណាង​«​ហ្វូង​តូច​»​ ពោល​គឺ​ក្រុម​នៃ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​រើស​តាំង។ ក្នុង​ដំណឹង​ល្អ​របស់​លូកា មុន​លោក​រៀប​រាប់​អំពី​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ នោះ​លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​ហ្វូង​តូច។ (​លូក. ១២:៣២​) ពាក្យ​ថា​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ក៏​សំដៅ​ទៅ​លើ​ក្រុម​នេះ​ដែរ តែ​បាន​បញ្ជាក់​អំពី​តួនាទី​របស់​ពួក​គាត់​ម្នាក់​ៗ​វិញ។ នេះ​នាំ​ឲ្យ​មាន​សំណួរ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពោល​គឺ ក្នុង​ក្រុម​នៃ​ខ្ញុំ​បម្រើ​នោះ តើ​សមាជិក​ម្នាក់​ៗ​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​តាម​ត្រូវ​ពេល​ទេ? យើង​អាច​ឃើញ​ចម្លើយ​ច្បាស់ ពេល​យើង​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​អ្វី​ដែល​បទ​គម្ពីរ​រៀប​រាប់​អំពី​រឿង​នេះ។

អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​បុរាណ

៤​. តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ប្រជាជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ? តើ​សំខាន់​ឲ្យ​យើង​កត់​សម្គាល់​អ្វី​អំពី​ប្រជាជាតិ​នោះ?

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​ប្រជាជាតិ​អ៊ីស្រាអែល​ពី​បុរាណ​ដែល​ជា​រាស្ត្រ​របស់​លោក​ថា ពួក​គេ​រួម​គ្នា​ជា​អ្នក​បម្រើ​តែ​មួយ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹ឯង​រាល់​គ្នា​[​ពហុវចនៈ​]​ជា​ស្មរបន្ទាល់​[​ពហុវចនៈ​]​របស់​អញ ហើយ​ជា​អ្នក​បំរើ​[​ឯកវចនៈ​]​ដែល​អញ​បាន​រើស​តាំង›​»។ (​អេ. ៤៣:១០​) ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ​រួម​គ្នា​ធ្វើ​ជា​ក្រុម​អ្នក​បម្រើ​តែ​មួយ​នោះ។ យ៉ាង​ណា​ក៏​ដោយ គឺ​សំខាន់​ឲ្យ​យើង​កត់​សម្គាល់​ថា មាន​តែ​ពួក​សង្ឃ និង​ពួក​លេវី​ឯ​ទៀត​ដែល​មិន​មែន​ជា​សង្ឃ​ទេ ដែល​មាន​ភារកិច្ច​បង្រៀន​ច្បាប់​របស់​ព្រះ​ដល់​ប្រជាជាតិ​អ៊ីស្រាអែល។—២រប. ៣៥:៣; ម៉ាឡ. ២:៧

៥​. យោង​ទៅ​តាម​លោក​យេស៊ូ តើ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ណា?

តើ​ប្រជាជាតិ​អ៊ីស្រាអែល​ជា​ខ្ញុំ​បម្រើ​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​នោះ​ទេ? មិន​មែន​ទេ។ យើង​អាច​ឆ្លើយ​យ៉ាង​នេះ​បាន​ដោយ​សារ​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ជន​ជាតិ​យូដា​នៅ​សម័យ​នោះ​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ហូត​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ឲ្យ​ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​នោះ​»។ (​ម៉ាថ. ២១:៤៣​) យ៉ាង​ច្បាស់​ណាស់ នេះ​បញ្ជាក់​ថា​នឹង​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ។ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ប្រជាជាតិ​ថ្មី។ យ៉ាង​ណា​ក្ដី ស្តី​អំពី​ការ​ផ្ដល់​ការ​ណែនាំ​ពី​ព្រះ ដែល​ប្រៀប​ដូច​ជា​អាហារ នោះ​កិច្ចការ​នៃ​ខ្ញុំ​បម្រើ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​លោក​យេស៊ូ គឺ​ស្រ​ដៀង​គ្នា​នឹង​កិច្ចការ​នៃ​«​អ្នក​បំរើ​»​របស់​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ។

កំណើត​របស់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់

៦​. តើ​ប្រជាជាតិ​មួយ​ណា​កើត​មក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.? ហើយ​តើ​នរណា​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ប្រជាជាតិ​ថ្មី​នោះ?

ប្រជាជាតិ​ថ្មី ពោល​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ គឺជា​អ្នក​ដែល​បាន​រើស​តាំង។ (​កាឡ. ៦:១៦; រ៉ូម ២:២៨, ២៩; ៩:៦​) ប្រជាជាតិ​ថ្មី​នេះ​បាន​កើត​មក​ពេល​សកម្ម​ពល​របស់​ព្រះ​ត្រូវ​ចាក់​លើ​អ្នក​កាន់​តាម​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ បន្ទាប់​មក គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ រួម​ចំណែក​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់ បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​ក្រុម​នៃ​ខ្ញុំ​បម្រើ។ សមាជិក​ម្នាក់​ៗ​នៃ​ប្រជាជាតិ​នោះ​បាន​ទទួល​ភារកិច្ច​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​ម៉ាថ. ២៨:១៩, ២០​) ក៏​ប៉ុន្តែ តើ​សមាជិក​ទាំង​អស់​នៃ​ក្រុម​នោះ​ត្រូវ​ចូល​រួម​ក្នុង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ពី​ព្រះ ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល​ទេ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​បទ​គម្ពីរ​ឆ្លើយ​សំណួរ​នេះ។

៧​. នៅ​ដើម​ដំបូង តើ​អ្វី​ជា​ភារកិច្ច​ចម្បង​របស់​ពួក​សាវ័ក? ហើយ​ក្រោយ​មក តើ​ពួក​គាត់​ទទួល​ភារកិច្ច​ឲ្យ​ធ្វើ​អ្វី​ទៀត?

ពេល​លោក​យេស៊ូ​បាន​តែង​តាំង​បុរស​១២​នាក់​ជា​សាវ័ក នោះ​កិច្ចការ​ចម្បង​របស់​ពួក​គាត់​រួម​បញ្ចូល​ការ​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ (​សូម​អាន ម៉ាកុស ៣:១៣​-​១៥; កំណត់​សម្គាល់​) ភារកិច្ច​នេះ​គឺ​សម​ស្រប​នឹង​អត្ថន័យ​នៃ​ពាក្យ​ភាសា​ក្រិច​អាប៉ូស្តូឡូស ដែល​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»។ ក៏​ប៉ុន្តែ កាល​ដែល​ពេល​វេលា​បាន​កន្លង​ទៅ ហើយ​ពេល​ជិត​ស្ថាបនា​ឡើង​នូវ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក នោះ​ពួក​សាវ័ក​មាន​‹មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ›​ដែរ។—សកម្ម. ១:២០​-​២៦

៨, ៩​. (​ក​) តើ​អ្វី​ជា​ភារកិច្ច​ចម្បង​របស់​សាវ័ក​១២​នាក់? (​ខ​) តើ​អ្នក​ណា​ទៀត​មាន​ភារកិច្ច​ធ្ងន់ ដែល​គណៈ​អភិបាល​បាន​ទទួល​ស្គាល់?

តើ​អ្វី​ជា​ភារកិច្ច​ចម្បង​របស់​សាវ័ក​១២​នាក់​នោះ? ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​បុណ្យ​ថ្ងៃ​ទី​៥០​ផ្ដល់​ចម្លើយ​ឲ្យ​យើង។ ពេល​មាន​ទំនាស់​គ្នា​អំពី​ការ​ចែក​ចាយ​អាហារ​ទៅ​ពួក​ស្ត្រី​មេម៉ាយ នោះ​សាវ័ក​១២​នាក់​បាន​ប្រមូល​ពួក​អ្នក​កាន់​តាម​មក​ជុំ​គ្នា ហើយ​និយាយ​ទៅ​ពួក​គាត់​ថា​៖ ​«​បើ​យើង​ឈប់​បង្រៀន​បណ្ដាំ​របស់​ព្រះ ហើយ​ទៅ​បម្រើ​នៅ​តុ នោះ​មិន​ត្រឹម​ត្រូវ​ទេ​»។ (​សូម​អាន សកម្មភាព ៦:១​-​៦​) ក្រោយ​មក ពួក​សាវ័ក​បាន​តែង​តាំង​បង​ប្រុស​ឯ​ទៀត​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«​កិច្ចការ​ដ៏​ចាំ​បាច់​»​ ដើម្បី​ពួក​សាវ័ក​អាច​ព្យាយាម​«​ក្នុង​កិច្ច​បម្រើ​ដែល​ទាក់​ទង​នឹង​បណ្ដាំ​របស់​ព្រះ​»។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​លើ​ការ​រៀប​ចំ​នេះ កាល​ដែល​«​បណ្ដាំ​របស់​ព្រះ​បាន​បន្ត​ចម្រើន​ឡើង ហើយ​ចំនួន​អ្នក​កាន់​តាម​នៅ​ក្រុង​យេរូសាឡិម​ក៏​កើន​កាន់​តែ​ច្រើន​ឡើង​ៗ​»។ (​សកម្ម. ៦:៧​) ដូច្នេះ ភារកិច្ច​ចម្បង​របស់​ពួក​សាវ័ក​គឺ​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ពី​ព្រះ ដែល​ប្រៀប​ដូច​ជា​អាហារ។—សកម្ម. ២:៤២

ក្រោយ​មក បង​ប្អូន​ឯ​ទៀត​បាន​ទទួល​ភារកិច្ច​ធ្ងន់។ ក្រោម​ការ​ដឹក​នាំ​នៃ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ក្រុម​ជំនុំ​អាន់ទីយ៉ូក​បាន​ចាត់​ប៉ូល​និង​បាណាបាស​ឲ្យ​ទៅ​ធ្វើ​ជា​សាសនទូត។ ពួក​គាត់​ក៏​បាន​ត្រូវ​ចាត់​ទុក​ជា​សាវ័ក​ដែរ ទោះ​ជា​ពួក​គាត់​មិន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ពួក​សាវ័ក​១២​នាក់​ដំបូង​ក៏​ដោយ។ (​សកម្ម. ១៣:១​-​៣; ១៤:១៤; កាឡ. ១:​១៩​) គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម​បាន​ទទួល​ស្គាល់​ថា ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ជា​សាវ័ក។ (​កាឡ. ២:៧​-​១០​) មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពេល​នោះ ប៉ូល​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ដោយ​សរសេរ​សំបុត្រ​ទី​១​របស់​គាត់ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។

១០​. នៅ​សតវត្សរ៍​ទី​១ តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ ចូល​រួម​ក្នុង​ការ​រៀប​ចំ​ព័ត៌មាន​សម្រាប់​បង្រៀន​ទេ? សូម​ពន្យល់។

១០ ក៏​ប៉ុន្តែ តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ ចូល​រួម​ត្រួត​ពិនិត្យ​មើល​កិច្ច​ផ្សព្វ​ផ្សាយ​និង​រៀប​ចំ​ព័ត៌មាន​សម្រាប់​បង្រៀន​ទេ? អត់​ទេ។ សាវ័ក​ប៉ូល​ប្រាប់​យើង​ឲ្យ​ដឹង​ថា​៖ ​«​មិន​មែន​ទាំង​អស់​គ្នា​ជា​សាវ័ក​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​ប្រកាស​ទំនាយ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​បង្រៀន​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទេ មែន​ទេ?​»។ (​១កូ. ១២:២៩​) ទោះ​បី​ពួក​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ព្រះ​បាន​តែង​តាំង​ដោយ​សកម្ម​ពល​របស់​លោក​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ក៏​ពិត​មែន តែ​មាន​ចំនួន​តិច​ណាស់ គឺ​៨​នាក់​ដែល​បាន​សរសេរ​សៀវភៅ​២៧​ក្បាល​ជា​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។

ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នៅ​សម័យ​នេះ

១១​. តើ​ខ្ញុំ​បម្រើ​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«​ទ្រព្យ​សម្បត្ដិ​»​អ្វី​ខ្លះ?

១១ ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៤:៤៥​បញ្ជាក់​ច្បាស់​ថា ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់​នឹង​នៅ​តែ​មាន​ក្រុម​នៃ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ដែល​រស់​នៅ​ផែនដី។ សៀវភៅ​ការ​បើក​បង្ហាញ ១២:​១៧ ហៅ​ក្រុម​នេះ​ថា ​«​ពួក​អ្នក​ដែល​នៅ​សល់​»​ពី​ពូជ​របស់​ស្ត្រី។ ជា​ក្រុម ពួក​អ្នក​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​គ្រិស្ត​ដែល​មាន​នៅ​ផែនដី។ ឯ​«​ទ្រព្យ​សម្បត្ដិ​»​ដែល​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​ដ៏​ស្មោះ​ត្រង់​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ គឺ​កម្មសិទ្ធិ​របស់​ម្ចាស់​នៅ​ផែនដី។ កម្មសិទ្ធិ​នេះ​រួម​បញ្ចូល​ការិយាល័យ​និង​សាល​ប្រជុំ​ទាំង​ឡាយ​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​រាស្ត្រ​របស់​លោក​នៅ​ផែនដី។

១២, ១៣​. តើ​គ្រិស្ត​សាសនិក​ម្នាក់​ដឹង​យ៉ាង​ដូច​ម្ដេច​ថា គាត់​បាន​ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌?

១២ តើ​គ្រិស្ត​សាសនិក​ម្នាក់​ដឹង​យ៉ាង​ដូច​ម្ដេច​ថា គាត់​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ ហើយ​ស្ថិត​ក្នុង​ក្រុម​អ៊ីស្រាអែល​នៃ​ព្រះ​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌? ចម្លើយ​អាច​រក​ឃើញ​ក្នុង​ពាក្យ​របស់​សាវ័ក​ប៉ូល​ទៅ​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដូច​គាត់​ដែរ។ ប៉ូល​បាន​និយាយ​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ត្រូវ​ដឹក​នាំ​ដោយ​សកម្ម​ពល​របស់​ព្រះ អ្នក​ទាំង​នោះ​គឺជា​កូន​ព្រះ។ ព្រោះ​សកម្ម​ពល​របស់​ព្រះ​មិន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​បម្រើ​និង​នាំ​ឲ្យ​ភ័យ​ខ្លាច​ម្ដង​ទៀត​ទេ តែ​ដោយ​សកម្ម​ពល​នោះ យើង​បាន​ត្រូវ​ទទួល​ជា​កូន ហើយ​សកម្ម​ពល​នោះ​ជំរុញ​ឲ្យ​យើង​ស្រែក​ឡើង​ថា​៖ ‹អប្បា! បិតា​អើយ!›។ សកម្ម​ពល​របស់​ព្រះ​ធ្វើ​ជា​សាក្សី​ដែល​បញ្ជាក់​ជា​មួយ​នឹង​ចិត្ត​គំនិត​របស់​យើង​ថា យើង​ជា​កូន​ព្រះ។ ដូច្នេះ ប្រសិនបើ​យើង​ជា​កូន យើង​ក៏​ជា​អ្នក​ទទួល​មត៌ក​ដែរ ពោល​គឺ​ទទួល​មត៌ក​ពី​ព្រះ តែ​ជា​អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត លុះ​ត្រា​តែ​យើង​រង​ទុក្ខ​ជា​មួយ​នឹង​លោក ដើម្បី​ឲ្យ​យើង​ទទួល​សិរី​រុងរឿង​ជា​មួយ​នឹង​លោក​»។—រ៉ូម ៨:១៤​-​១៧

១៣ បើ​និយាយ​ឲ្យ​ចំ​ទៅ សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​បាន​រើស​តាំង​បុគ្គល​ទាំង​នេះ ហើយ​ពួក​គេ​បាន​ត្រូវ​«​ហៅ​»​ឬ​អញ្ជើញ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។ (​ហេ. ៣:១​) ព្រះ​បាន​អញ្ជើញ​ពួក​គាត់​ដោយ​ផ្ទាល់ ហើយ​ពួក​គាត់​តប​ឆ្លើយ​ភ្លាម​ៗ​ដោយ​គ្មាន​ការ​សង្ស័យ​ឬ​ការ​ភ័យ​ខ្លាច ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​យក​ជា​បុត្រ​ដោយ​សារ​សកម្ម​ពល​របស់​លោក។ (​សូម​អាន យ៉ូហានទី១ ២:២០, ២១​) ដូច្នេះ ពួក​គាត់​មិន​សម្រេច​ដោយ​ខ្លួន​ឯង​ថា​ចង់​ឬ​មិន​ចង់​ទៅ​ស្ថាន​សួគ៌​ឡើយ តែ​ព្រះ​យេហូវ៉ា​បោះ​ត្រា​ឬ​ឲ្យ​សកម្ម​ពល​បរិសុទ្ធ​របស់​លោក​ទៅ​ពួក​គាត់។—២កូ. ១:​២១, ២២; ១ពេ. ១:៣, ៤

ទស្សនៈ​ត្រឹម​ត្រូវ

១៤​. តើ​ពួក​អ្នក​រើស​តាំង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រង្វាន់​នៅ​ស្ថាន​សួគ៌?

១៤ តើ​ពួក​អ្នក​រើស​តាំង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន​ឯង កាល​ដែល​រង់​ចាំ​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌? ទោះ​ជា​ពួក​គាត់​ទទួល​សេចក្ដី​អញ្ជើញ​ដ៏​អស្ចារ្យ​នេះ​ក៏​ដោយ ពួក​គាត់​ទទួល​ស្គាល់​ថា​នេះ​គ្រាន់តែ​សេចក្ដី​អញ្ជើញ​ប៉ុណ្ណោះ។ ពួក​គាត់​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ទទួល​មរណភាព ទើប​អាច​បាន​រង្វាន់​នេះ។ ដោយ​មាន​ចិត្ត​រាប​ទាប ពួក​គាត់​មាន​អារម្មណ៍​ដូច​ប៉ូល​ដែល​ថា​៖ ​«​បង​ប្អូន​អើយ! ខ្ញុំ​មិន​ទាន់​ចាត់​ទុក​ថា​ខ្ញុំ​បាន​ទទួល​រង្វាន់​នោះ​ហើយ​ទេ។ ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​កំពុង​បំភ្លេច​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ ហើយ​កំពុង​ប្រឹង​រត់​សំដៅ​ទៅ​អ្វី​ៗ​នៅ​ខាង​មុខ។ ខ្ញុំ​កំពុង​រត់​ដោយ​មាន​គោលដៅ​ទទួល​រង្វាន់ ពោល​គឺ ព្រះ​បាន​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ (​ភី. ៣:១៣, ១៤​) ពួក​អ្នក​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​ត្រូវ​ខំ​ប្រឹង​អស់ពី​សមត្ថភាព ដើម្បី​ឲ្យ​‹ប្រព្រឹត្ត​សម​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​ហៅ ពោល​គឺ​ដោយ​មាន​ចិត្ត​រាប​ទាប​ជា​និច្ច› ហើយ​ធ្វើ​ដូច្នេះ​«​ដោយ​កោត​ខ្លាច​ញាប់​ញ័រ​»។—អេភ. ៤:១, ២; ភី. ២:​១២; ១ថែ. ២:១២

១៥​. តើ​គប្បី​ឲ្យ​ពួក​គ្រិស្ត​សាសនិក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​បុណ្យ​រំលឹក? តើ​ពួក​អ្នក​រើស​តាំង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន​ឯង?

១៥ ម្យ៉ាង​វិញ​ទៀត តើ​ពួក​គ្រិស្ត​សាសនិក​ឯ​ទៀត​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ដែល​អះអាង​ថា​ជា​អ្នក​រើស​តាំង ហើយ​ចាប់​ផ្ដើម​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​បុណ្យ​រំលឹក? យើង​មិន​គួរ​វិនិច្ឆ័យ​ពួក​គាត់​ទេ។ នេះ​ជា​រឿង​រវាង​ពួក​គាត់​និង​ព្រះ​យេហូវ៉ា។ (​រ៉ូម ១៤:​១២​) ក៏​ប៉ុន្តែ ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ពិត​ប្រាកដ មិន​ខំ​ចេញ​មុខ​ចេញ​មាត់​ទេ។ ទោះ​ជា​ពួក​គាត់​បាន​ត្រូវ​រើស​តាំង​ក៏​ពិត​មែន តែ​ពួក​គាត់​មិន​ជឿ​ថា​ខ្លួន​មាន​ចំណេះ​ពិសេស​ជាង​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ចំណោម​«​មនុស្ស​មួយ​ក្រុម​ធំ​»​នោះ​ឡើយ។ (​បប. ៧:៩​) ពួក​គាត់​មិន​ជឿ​ថា​ខ្លួន​មាន​សកម្ម​ពល​បរិសុទ្ធ​ច្រើន​ជាង​គូ​កន​របស់​ពួក​គាត់​ដែល​ជា​ពួក​«​ចៀម​ឯ​ទៀត​»​ឡើយ។ (​យ៉ូន. ១០:​១៦​) ពួក​គាត់​មិន​សង្ឃឹម​ថា​បង​ប្អូន​នឹង​យក​ចិត្ត​ទុក​ដាក់​ពួក​គាត់​ជាង​បង​ប្អូន​ឯ​ទៀត ឬ​ក៏​មិន​គិត​ថា​ការ​បរិភោគ​វត្ថុ​តំណាង​ធ្វើ​ឲ្យ​ពួក​គាត់​ធំ​ជាង​បង​ប្អូន​ដែល​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។

១៦​-​១៨​. (​ក​) តើ​អ្នក​រើស​តាំង​ទាំង​អស់​ចូល​រួម​ក្នុង​ការ​ប្រកាស​ការ​យល់​ដឹង​ថ្មី​ៗ​អំពី​គម្ពីរ​ទេ? សូម​លើក​ឧទាហរណ៍។ (​ខ​) ហេតុ​អ្វី​បាន​ជា​មិន​ចាំ​បាច់​ឲ្យ​គណៈ​អភិបាល​សុំ​យោបល់​ពី​បង​ប្អូន​ទាំង​អស់​ដែល​អះអាង​ថា​ជា​អ្នក​រើស​តាំង?

១៦ តើ​អ្នក​រើស​តាំង​ទាំង​អស់​នៅ​ទូ​ទាំង​ផែនដី រួម​គ្នា​ធ្វើ​ជា​បណ្ដាញ​មួយ​ដែល​ទាក់​ទង​គ្នា​ដើម្បី​ប្រកាស​ពី​ការ​យល់​ដឹង​ថ្មី​ៗ​អំពី​គម្ពីរ​ទេ? មិន​មែន​ទេ។ ទោះ​បី​ក្រុម​នៃ​ខ្ញុំ​បម្រើ​មាន​ភារកិច្ច​ឲ្យ​អាហារ​ដល់​អ្នក​កាន់​តាម​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង​ក៏​ដោយ តែ​មិន​មែន​សមាជិក​ទាំង​អស់​នៅ​ក្រុម​នៃ​ខ្ញុំ​បម្រើ​មាន​ភារកិច្ច​ឬ​កិច្ចការ​ដូច​គ្នា​ឡើយ។ (​សូម​អាន កូរិនថូសទី១ ១២:១៤​-​១៨​) ដូច​បាន​ពន្យល់​ពី​មុន នៅ​សតវត្សរ៍​ទី​១​សមាជិក​ទាំង​អស់​ចូល​រួម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​ដែល​ជា​កិច្ច​ការ​សំខាន់​ចាំ​បាច់។ ប៉ុន្តែ មាន​តែ​បង​ប្អូន​មួយ​ចំនួន​តិច​ប៉ុណ្ណោះ ដែល​មាន​ភារកិច្ច​សរសេរ​សៀវភៅ​ក្នុង​គម្ពីរ ហើយ​ត្រួត​ពិនិត្យ​មើល​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។

១៧ ជា​ឧទាហរណ៍ ជួនកាល​បទ​គម្ពីរ​រៀប​រាប់​ថា​«​ក្រុម​ជំនុំ​»​បាន​វិនិច្ឆ័យ​ទោស។ (​ម៉ាថ. ១៨:១៧​) ប៉ុន្តែ តាម​ពិត មាន​តែ​ពួក​អ្នក​ចាស់​ទុំ​ទេ​ដែល​បំពេញ​មុខ​នាទី​នេះ​ក្នុង​នាម​ជា​អ្នក​តំណាង​ក្រុម​ជំនុំ។ ពួក​អ្នក​ចាស់​ទុំ​មិន​ទាក់​ទង​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ដើម្បី​សុំ​យោបល់ មុន​ពួក​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ឡើយ។ តាម​ការ​រៀប​ចំ​របស់​ព្រះ ពួក​គាត់​បំពេញ​ភារកិច្ច​ដែល​ពួក​គាត់​មាន ហើយ​ចាត់​វិធាន​ការ​ដើម្បី​ក្រុម​ជំនុំ​ទាំង​មូល។

១៨ ស្រ​ដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​បុរស​មួយ​ចំនួន​ដែល​បាន​ត្រូវ​រើស​តាំង មាន​ភារកិច្ច​តំណាង​ក្រុម​នៃ​ខ្ញុំ​បម្រើ។ ពួក​គាត់​បម្រើ​ជា​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។ បុរស​ទាំង​នេះ​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ ត្រួត​ពិនិត្យ​លើ​កិច្ចការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​កម្មវិធី​បង្ហាត់​បង្រៀន​អំពី​ព្រះ។ ប៉ុន្តែ ដូច​នៅ​សតវត្សរ៍​ទី​១ គណៈ​អភិបាល​មិន​សុំ​យោបល់​ពី​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​នៃ​ខ្ញុំ​បម្រើ មុន​ធ្វើ​ការ​សម្រេច​ចិត្ត​ឡើយ។ (​សូម​អាន សកម្មភាព ១៦:៤, ៥​) យ៉ាង​ណា​ក៏​ដោយ សាក្សី​ព្រះ​យេហូវ៉ា​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង​ជាប់​រវល់​ខ្លាំង​ក្នុង​ការ​ប្រមូល​ផល​ដ៏​សំខាន់​ដែល​កំពុង​តែ​កើត​ឡើង។ ក្រុម​នៃ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​គឺ​ដូច​ជា​រូប​កាយ​តែ​មួយ ប៉ុន្តែ​បុគ្គល​ម្នាក់​ៗ​មាន​ភារកិច្ច​ផ្សេង​ៗ​។—១កូ. ១២:​១៩​-​២៦

១៩, ២០​. តើ​មនុស្ស​មួយ​ក្រុម​ធំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ និង​គណៈ​អភិបាល?

១៩ ចំពោះ​មនុស្ស​មួយ​ក្រុម​ធំ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី តើ​ការ​ពិត​ដែល​បាន​រៀប​រាប់​ក្នុង​វគ្គ​មុន គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ពួក​គាត់​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន? ដោយ​សារ​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​ទ្រព្យ​សម្បត្ដិ​របស់​ម្ចាស់ នោះ​ពួក​គេ​រីករាយ​សហការ​គ្នា​ទាំង​ស្រុង​ជា​មួយ​គណៈ​អភិបាល​និង​អ្វី​ដែល​ពួក​គាត់​បាន​រៀប​ចំ ដែល​តំណាង​ឲ្យ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ សមាជិក​នៃ​មនុស្ស​មួយ​ក្រុម​ធំ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ដែល​បាន​រៀប​ចំ​ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​អភិបាល។ ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នេះ​ដែរ ទោះ​ជា​ពួក​គាត់​គោរព​ក្រុម​នៃ​ខ្ញុំ​បម្រើ ពួក​គាត់​ប្រយ័ត្ន​មិន​លើក​តម្កើង​នរណា​ក៏​ដោយ​ដែល​អះអាង​ថា​ខ្លួន​រួម​ចំណែក​ក្នុង​ក្រុម​ខ្ញុំ​បម្រើ​នោះ។ គ្មាន​គ្រិស្ត​សាសនិក​ណា​ដែល​ពិត​ជា​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ គួរ​ចង់​បាន​ឬ​សង្ឃឹម​ថា​នឹង​បាន​ការ​លើក​តម្កើង​ពី​អ្នក​ឯ​ទៀត​ដូច្នោះ​ឡើយ។—សកម្ម. ១០:២៥, ២៦; ១៤:​១៤, ១៥

២០ មិន​ថា​យើង​ជា​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ដែល​រួម​ចំណែក​ក្នុង​ពួក​អ្នក​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​ក៏​យើង​ជា​សមាជិក​នៃ​មនុស្ស​មួយ​ក្រុម​ធំ​ក៏​ដោយ សូម​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​សហការ​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ជា​មួយ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​និង​គណៈ​អភិបាល​របស់​ពួក​គាត់។ សូម​ឲ្យ​យើង​ម្នាក់​ៗ​«​ចាំ​យាម​»​ ហើយ​បញ្ជាក់​ថា​យើង​ជា​មនុស្ស​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់។—ម៉ាថ. ២៤:១៣, ៤២

តើ​អ្នក​ចាំ​ទេ?

តើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ជា​នរណា? ហើយ​តើ​ខ្ញុំ​បម្រើ​ឯ​ទៀត​ជា​អ្នក​ណា?

តើ​បុគ្គល​ម្នាក់​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​គាត់​បាន​ត្រូវ​ហៅ​ឲ្យ​ទៅ​រស់​នៅ​ស្ថាន​សួគ៌?

តើ​នរណា​មាន​ភារកិច្ច​ចម្បង​ក្នុង​ការ​រៀប​ចំ​ព័ត៌មាន​ថ្មី​ៗ​សម្រាប់​បង្រៀន?

តើ​គប្បី​ឲ្យ​អ្នក​រើស​តាំង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន​ឯង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៦]

សព្វ​ថ្ងៃ​នេះ គណៈ​អភិបាល​តំណាង​ក្រុម​នៃ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា នេះ​គឺ​ស្រ​ដៀង​នឹង​ការ​រៀប​ចំ​នៅ​សតវត្សរ៍​ទី​១