លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

១. សុំជំនួយពីអ្នកនិពន្ធគម្ពីរ

១. សុំជំនួយពីអ្នកនិពន្ធគម្ពីរ

វិធី​ដែល​លោក​អ្នក​អាច​យល់​គម្ពីរ​បរិសុទ្ធ

១.សុំ​ជំនួយ​ពី​អ្នក​និពន្ធ​គម្ពីរ

ស្ត្រី​ម្នាក់​ឈ្មោះ​នីនហ្វា ដែល​រស់​នៅ​ប្រទេស​អ៊ីតាលី បាន​រៀប​រាប់​ថា​៖ ​«​អស់​មួយ​រយៈ​ខ្ញុំ​ធ្លាប់​អាន​គម្ពីរ​មុន​ចូល​គេង។ ខ្ញុំ​ធ្វើ​ដូច្នោះ ពីព្រោះ​ខ្ញុំ​ដឹង​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ទោះ​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​អាន​ក៏​ដោយ ក៏​ខ្ញុំ​ចង់​ដឹង​ព័ត៌មាន​ដែល​ព្រះ​បាន​កត់​ទុក​ក្នុង​គម្ពីរ។ ខ្ញុំ​មាន​បំណង​អាន​គម្ពីរ​ទាំង​មូល។ នៅ​ដើម​ដំបូង ស្រួល​យល់​សម្រាប់​ខ្ញុំ តែ​ពេល​ដល់​កំណត់​ហេតុ​ដែល​ពិបាក​យល់ ខ្ញុំ​ក៏​ឈប់​អាន​»។

តើ​លោក​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​នីនហ្វា​ទេ? មនុស្ស​ជា​ច្រើន​ធ្លាប់។ ក៏​ប៉ុន្តែ ដូច​យើង​បាន​ឃើញ​ក្នុង​អត្ថបទ​មុន ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ ចង់​ឲ្យ​លោក​អ្នក​យល់​បណ្ដាំ​របស់​លោក។ ប៉ុន្តែ តើ​លោក​អ្នក​អាច​យល់​តាម​វិធី​ណា? មុន​ដំបូង លោក​អ្នក​ត្រូវ​សុំ​ជំនួយ​ពី​អ្នក​និពន្ធ​គម្ពីរ។

ពួក​សាវ័ក​របស់​លោក​យេស៊ូ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​«​មិន​បាន​រៀន​សូត្រ​»​ ពីព្រោះ​ពួក​គេ​មិន​បាន​ទទួល​ការ​អប់រំ​នៅ​ឯ​សាលា​ពិសេស​របស់​មេ​ដឹក​នាំ​សាសនាយូដា។ (​សកម្មភាព ៤:​១៣​) យ៉ាង​ណា​ក្ដី លោក​យេស៊ូ​បាន​ធានា​ថា ពួក​គេ​អាច​យល់​បណ្ដាំ​របស់​ព្រះ​បាន។ តើ​ពួក​គេ​អាច​យល់​តាម​វិធី​ណា? លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​អ្នក​ជួយ​ដែល​ជា​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ដែល​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​ឲ្យ​មក​ក្នុង​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​អស់​»។ (​យ៉ូហាន ១៤:២៦​) ព្រះ​បាន​ប្រើ​សកម្ម​ពល​បរិសុទ្ធ​នេះ​ដើម្បី​បង្កើត​ផែនដី ថែម​ទាំង​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី។ (​លោកុប្បត្តិ ១:២​) លោក​ក៏​បាន​ប្រើ​សកម្ម​ពល​នេះ​ដើម្បី​ដឹក​នាំ​អ្នក​សរសេរ​ប្រហែលជា​៤០​នាក់​ឲ្យ​កត់​ទុក​គំនិត​របស់​លោក​នៅ​ក្នុង​គម្ពីរ។ (​ពេត្រុសទី២ ១:២០, ២១​) សព្វ​ថ្ងៃ ព្រះ​អាច​ប្រើ​សកម្ម​ពល​នេះ ដើម្បី​ជួយ​អស់​អ្នក​ដែល​ស្វែង​យល់​គម្ពីរ។

តើ​លោក​អ្នក​អាច​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? លោក​អ្នក​ត្រូវ​សុំ​ដោយ​មាន​ជំនឿ។ តាម​ការ​ពិត លោក​អ្នក​ប្រហែលជា​ត្រូវ​សុំ​ម្ដង​ហើយ​ម្ដង​ទៀត​ទើប​បាន​ទទួល ព្រោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល​»។ លោក​ក៏​បន្ថែម​ថា​៖ ​«​អ្នក​រាល់​គ្នា . . . ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដជា​នឹង​ផ្ដល់​សកម្ម​ពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​យ៉ាង​ណា​ទៅ!​»។ (​លូកា ១១:៩, ១៣​) ព្រះ​យេហូវ៉ា​នឹង​ឲ្យ​សកម្ម​ពល​បរិសុទ្ធ​របស់​លោក​ដោយ​ចិត្ត​ទូលាយ​ដល់​អ្នក​ដែល​សុំ​យ៉ាង​ស្មោះ។ សកម្ម​ពល​នោះ​អាច​ជួយ​លោក​អ្នក​ឲ្យ​យល់​អត្ថន័យ​នៃ​ពាក្យ​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​រាប់​ពាន់​ឆ្នាំ​មុន ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ សកម្ម​ពល​របស់​ព្រះ​ក៏​អាច​ជួយ​លោក​អ្នក​ឲ្យ​មាន​ប្រាជ្ញា​ដើម្បី​អនុវត្ត​តាម​ព័ត៌មាន​ក្នុង​គម្ពីរ​ដែល​មាន​ឥទ្ធិពល​ខ្លាំង។—ហេប្រឺ ៤:១២; យ៉ាកុប ១:៥, ៦

ដូច្នេះ​ហើយ រាល់​ដង​ដែល​លោក​អ្នក​អាន​គម្ពីរ ចូរ​បួងសួង​ឬ​អធិដ្ឋាន​ទៅ​ព្រះ ហើយ​សុំ​សកម្ម​ពល​បរិសុទ្ធ​របស់​លោក​ឲ្យ​ជួយ​លោក​អ្នក​យល់​បណ្ដាំ​របស់​លោក។