លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេស្ស៊ីជាមធ្យោបាយដែលព្រះសង្គ្រោះមនុស្ស!

មេស្ស៊ីជាមធ្យោបាយដែលព្រះសង្គ្រោះមនុស្ស!

មេស្ស៊ី​ជា​មធ្យោបាយ​ដែល​ព្រះ​សង្គ្រោះ​មនុស្ស!

​​«​ព្រោះ​ដូច​ទាំង​អស់​គ្នា​កំពុង​ស្លាប់​ក្នុង​អាដាម នោះ​ទាំង​អស់​គ្នា​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ក្នុង​គ្រិស្ត​»។​—១កូ. ១៥:២២

១, ២​. (​ក​) តើ​អនទ្រេ​និង​ភីលីព​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ជួប​លោក​យេស៊ូ? (​ខ​)​ ហេតុ​អ្វី​យើង​អាច​និយាយ​ថា យើង​មាន​ភ័ស្តុតាង​ច្រើន​ជាង​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​១ ដែល​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី?

ដោយ​ជឿ​ជាក់​ថា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​គឺជា​អ្នក​រើស​តាំង​របស់​ព្រះ អនទ្រេ​បាន​ប្រាប់​ពេត្រុស​ជា​បង​ប្រុស​គាត់​ថា​​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ!​»។ ភីលីព​ក៏​បាន​ជឿ ហើយ​ទៅ​រក​មិត្ត​របស់​គាត់​ឈ្មោះ​ណាថាណែល ដោយ​ប្រាប់​ថា​៖ ​«​យើង​បាន​រក​ឃើញ​លោក​ដែល​ច្បាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ចែង​អំពី​លោក គឺ​លោក​យេស៊ូ ជា​កូន​យ៉ូសែប ពី​ក្រុង​ណាសារ៉ែត​»។—យ៉ូន. ១:៤០, ៤១, ៤៥

តើ​អ្នក​ជឿ​ស៊ប់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា ជា​‹មេ​ដឹក​នាំ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ផ្ដល់​សេចក្ដី​សង្គ្រោះ›​ឬ​ទេ? (​ហេ. ២:១០​) សព្វ​ថ្ងៃ យើង​មាន​ភ័ស្តុតាង​ដែល​ថា​លោក​ជា​មេស្ស៊ី។ យើង​មាន​ភ័ស្តុតាង​នេះ​ច្រើន​ជាង​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍ទី​១​ទៅ​ទៀត។ តាំង​ពី​កំណើត​របស់​លោក​យេស៊ូ​រហូត​ដល់​ការ​ប្រោស​ឲ្យ​លោក​រស់​ឡើង​វិញ នោះ​បណ្ដាំ​របស់​ព្រះ​ផ្ដល់​ភ័ស្តុតាង​យ៉ាង​ជាក់​ច្បាស់​ថា​លោក​ជា​គ្រិស្ត។ (​សូម​អាន យ៉ូហាន ២០:៣០, ៣១​) គម្ពីរ​ក៏​បង្ហាញ​ថា​លោក​យេស៊ូ​នឹង​បន្ត​បំពេញ​តួនាទី​របស់​លោក​ជា​មេស្ស៊ី​ពី​ស្ថាន​សួគ៌។ (​យ៉ូន. ៦:៤០; សូម​អាន កូរិនថូសទី១ ១៥:២២​) សព្វ​ថ្ងៃ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​គម្ពីរ អ្នក​ក៏​អាច​និយាយ​ថា​អ្នក​បាន​«​រក​ឃើញ​មេស្ស៊ី​»​ដែរ។ ប៉ុន្តែ មុន​ដំបូង សូម​ពិចារណា​នូវ​របៀប​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​បាន​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​ថា ពួក​គាត់​បាន​រក​ឃើញ​មេស្ស៊ី។

«​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​»​អំពី​មេស្ស៊ី​បាន​ត្រូវ​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​

៣, ៤​. (​ក​) តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១​អាច​«​រក​ឃើញ​មេស្ស៊ី​»​យ៉ាង​ណា? (​ខ​)​ ហេតុ​អ្វី​អ្នក​សន្និដ្ឋាន​ថា មាន​តែ​លោក​យេស៊ូ​ម្នាក់​ទេ​ដែល​អាច​សម្រេច​ទំនាយ​ទាំង​អស់​ស្តី​អំពី​មេស្ស៊ី?

នៅ​សតវត្សរ៍​ទី​១ តើ​តាម​របៀប​ណា​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​និយាយ​យ៉ាង​ប្រាកដ​ថា​លោក​ជា​មេស្ស៊ី? តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​អំពី​សញ្ញា​សម្គាល់​របស់​មេស្ស៊ី​ដែល​នឹង​មក។ បណ្ឌិត​គម្ពីរ​មួយ​រូប​បាន​ប្រដូច​ការ​បើក​បង្ហាញ​នេះ​ទៅ​នឹង​ការ​យក​ថ្ម​កែវ​មួយ​ដុំ​ៗ​មក​ផ្គុំ​ជា​រូប​ចម្លាក់​មួយ។ សូម​នឹក​ក្នុង​ចិត្ត​ថា បុរស​មួយ​ចំនួន​ដែល​មិន​ធ្លាប់​ប្រស្រ័យ​ទាក់​ទង​គ្នា​សោះ បាន​យក​ថ្ម​នោះ​មួយ​ដុំ​ម្នាក់​មក​ក្នុង​បន្ទប់​មួយ។ បើ​គេ​ផ្គុំ​ថ្ម​នោះ​លេច​ចេញ​ជា​រូប​ចម្លាក់​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ អ្នក​អាច​សន្និដ្ឋាន​ថា មាន​បុគ្គល​ម្នាក់​បាន​រៀប​ចំ​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រូប​ចម្លាក់​នោះ ហើយ​បញ្ជូន​ទៅ​បុរស​ម្នាក់​ៗ​នូវ​ព័ត៌មាន​សម្រាប់​ខ្លួន​គាត់។ ទំនាយ​នីមួយ​ៗ​ដែល​ទាក់​ទង​នឹង​មេស្ស៊ី ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​អំពី​លោក ដូច​ថ្ម​មួយ​ដុំ​ៗ​នៃ​រូប​ចម្លាក់​នោះ។

បើ​ដូច្នេះ តើ​បុរស​តែ​ម្នាក់​មាន​លទ្ធភាព​សម្រេច​ទំនាយ​ទាំង​អស់​អំពី​មេស្ស៊ី​ដោយ​ចៃដន្យ​បាន​ឬ​ទេ? អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​ពោល​ថា លទ្ធភាព​ដែល​មនុស្ស​ម្នាក់​អាច​សម្រេច​ទំនាយ​ទាំង​អស់​អំពី​មេស្ស៊ី​ដោយ​ចៃដន្យ ​«​គឺ​ស្តួច​ស្តើង​ណាស់!​»។ ដូច្នេះ​«​ក្នុង​ប្រវត្ដិសាស្ត្រ មាន​តែ​លោក​យេស៊ូ​ម្នាក់​ទេ​ដែល​អាច​ធ្វើ​យ៉ាង​នេះ​បាន​»។

៥, ៦​. (​ក​) តើ​ការ​វិនិច្ឆ័យ​ទោស​សាថាន​នឹង​ធ្វើ​ឡើង​តាម​របៀប​ណា? (​ខ​) តើ​ព្រះ​បាន​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​យ៉ាង​ដូច​ម្ដេច​អំពី​វង្ស​ត្រកូល​នៃ​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា?

ទំនាយ​ស្តី​អំពី​មេស្ស៊ី​ជាប់​ទាក់​ទង​នឹង​«​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​»​ដែល​មាន​លក្ខណៈ​សំខាន់​ជា​ច្រើន​សម្រាប់​សកលលោក​ទាំង​មូល។ (​កូឡ. ១:​២៦, ២៧; លោ. ៣:១៥​) ក្នុង​អាថ៌​កំបាំង​នោះ ក៏​មាន​ការ​វិនិច្ឆ័យ​ទោស​មេកំណាច​សាថាន ជា​«​ពស់​ដំបូង​បង្អស់​»​ ដែល​នាំ​មនុស្ស​ជាតិ​ឲ្យ​ទទួល​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​បប. ១២:៩​) តើ​ការ​វិនិច្ឆ័យ​ទោស​នោះ​នឹង​ធ្វើ​ឡើង​តាម​របៀប​ណា? ព្រះ​យេហូវ៉ា​បាន​ទាយ​ថា​«​ស្ត្រី​»​ម្នាក់​នឹង​បង្កើត​«​ពូជ​»​មួយ​ដែល​នឹង​កិន​ក្បាល​សាថាន។ ​«​ពូជ​»​ដែល​បាន​ត្រូវ​ទាយ​ទុក​នឹង​កិន​ក្បាល​ពស់ ហើយ​នេះ​នឹង​បំបាត់​ចោល​ដើម​ហេតុ​នៃ​ការ​បះបោរ​ប្រឆាំង ជំងឺ និង​សេចក្ដី​ស្លាប់។ ក៏​ប៉ុន្តែ ដោយ​មាន​ការ​អនុញ្ញាត​ពី​ព្រះ មុន​ដំបូង សាថាន​នឹង​ធ្វើ​ឲ្យ​មាន​របួស​កែង​ជើង​ក្នុង​ន័យ​ធៀប​ដល់​«​ពូជ​»​របស់​ស្ត្រី។

ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​ថា​នរណា​ជា​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា។ ព្រះ​បាន​ស្បថ​នឹង​អាប្រាហាំ​ថា​៖ ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង​»។ (​លោ. ២២:១៨​) ម៉ូសេ​បាន​ទាយ​ថា​បុគ្គល​នេះ​នឹង​ទៅ​ជា​«​ហោរា​»​ឬ​អ្នក​ប្រកាស​ទំនាយ​ដែល​ឧត្តម​ជាង​ម៉ូសេ។ (​ចោ. ១៨:១៨, ១៩​) ព្រះ​បាន​ធានា​ដាវីឌ​ថា មេស្ស៊ី​នឹង​ទៅ​ជា​កូន​ចៅ​របស់​គាត់ ហើយ​នឹង​ទទួល​បល្ល័ង្ក​របស់​គាត់​ជា​មត៌ក​ជា​រៀង​រហូត ក្រោយ​មក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរ។—២សាំ. ៧:១២, ១៦; យេ. ២៣:៥, ៦

ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី

៧​. តើ​តាម​របៀប​ណា​ដែល​លោក​យេស៊ូ​បាន​កើត​មក​ពី​«​ស្ត្រី​»​របស់​ព្រះ?

ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ដែល​ជា​ការ​បង្កើត​មុន​គេ​បង្អស់ ពី​អង្គការ​នៃ​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែល​ប្រៀប​ដូច​ជា​ភរិយា​របស់​លោក ឲ្យ​ធ្វើ​ជា​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា។ នេះ​តម្រូវ​ឲ្យ​បុត្រ​តែ​មួយ​របស់​ព្រះ​«​លះ​បង់​អ្វី​ៗ​ទាំង​អស់​»​នៅ​ស្ថាន​សួគ៌ ហើយ​កើត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ (​ភី. ២:៥​-​៧; យ៉ូន. ១:១៤​) ដោយ​សារ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​បាន​«​គ្រប​បាំង​»​នាង​ម៉ារៀ នោះ​ធានា​ថា​បុគ្គល​ដែល​ត្រូវ​កើត​មក​នឹង​«​ហៅ​ថា​ជា​បរិសុទ្ធ និង​ជា​បុត្រ​របស់​ព្រះ​»។—លូក. ១:៣៥

៨​. ពេល​លោក​យេស៊ូ​បង្ហាញ​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក តើ​លោក​កំពុង​សម្រេច​ទំនាយ​អំពី​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច?

ទំនាយ​ទាំង​ឡាយ​អំពី​មេស្ស៊ី​បញ្ជាក់​ពី​ទី​កន្លែង​និង​ពេល​វេលា​ដែល​លោក​យេស៊ូ​នឹង​លេច​មក។ លោក​យេស៊ូ​បាន​កើត​នៅ​ក្នុង​ក្រុង​បេថ្លេហិម​ដូច​បាន​ទាយ​ទុក។ (​មីកា ៥:២​) នៅ​សតវត្សរ៍​ទី​១ ជន​ជាតិ​យូដា​សង្ឃឹម​យ៉ាង​ខ្លាំង​ថា​នឹង​ឃើញ​មេស្ស៊ី។ មនុស្ស​ខ្លះ​ដែល​បាន​រង់​ចាំ​មើល​មេស្ស៊ី បាន​សួរ​អំពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ថា​៖ ​«​ប្រហែលជា​គាត់​ជា​គ្រិស្ត​ទេ​ដឹង?​»។ ប៉ុន្តែ​យ៉ូហាន​តប​ឆ្លើយ​ថា​៖ ​«​លោក​ដែល​ខ្លាំង​ជាង​ខ្ញុំ​កំពុង​មក​»។ (​លូក. ៣:១៥, ១៦​) នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នា​ឆ្នាំ​២៩ គ.ស. ពេល​លោក​យេស៊ូ​មាន​អាយុ​៣០​ឆ្នាំ លោក​ទៅ​ជួប​យ៉ូហាន​ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ​លោក។ ដោយ​ធ្វើ​ដូច្នេះ លោក​បង្ហាញ​ខ្លួន​លោក​ជា​មេស្ស៊ី​តាម​ពេល​កំណត់។ (​ដាន. ៩:២៥​) ក្រោយ​មក លោក​ចាប់​ផ្ដើម​ធ្វើ​កិច្ច​បម្រើ​ដ៏​សំខាន់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​គ្រា​កំណត់​បាន​មក​ដល់​ហើយ រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។—ម៉ាក. ១:១៤, ១៥

៩​. ថ្វី​បើ​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​យល់​ច្បាស់​ក៏​ដោយ តើ​ពួក​គេ​ជឿ​ស៊ប់​ទៅ​លើ​អ្វី?

ប៉ុន្តែ សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​យូដា​ចំពោះ​មេស្ស៊ី​ត្រូវ​ការ​កែ​តម្រូវ។ លោក​យេស៊ូ​បាន​ត្រូវ​សរសើរ​យ៉ាង​ត្រឹម​ត្រូវ​ជា​ស្តេច តែ​មនុស្ស​នៅ​សម័យ​នោះ​មិន​យល់​ច្បាស់​ថា លោក​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​នៅ​នា​អនាគត​ទេ។ (​យ៉ូន. ១២:១២​-​១៦; ១៦:១២, ១៣; សកម្ម. ២:៣២​-​៣៦​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​អ្នក​ថា​ខ្ញុំ​ជា​អ្នក​ណា?​»​ នោះ​ពេត្រុស​ឆ្លើយ​ដោយ​ឥត​ស្ទាក់​ស្ទើរ​ថា​៖ ​«​លោក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។ (​ម៉ាថ. ១៦:​១៣​-​១៦​) ពេត្រុស​ក៏​បាន​ឆ្លើយ​ស្រ​ដៀង​គ្នា​នេះ ពេល​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ដោយ​សារ​សេចក្ដី​បង្រៀន​មួយ ហើយ​លែង​កាន់​តាម​លោក​យេស៊ូ​ទៀត។—សូម​អាន យ៉ូហាន ៦:៦៨, ៦៩

ការ​ស្ដាប់​តាម​មេស្ស៊ី

១០​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ដៅ​បញ្ជាក់​ថា​យើង​ត្រូវ​ស្ដាប់​តាម​បុត្រ​របស់​លោក?

១០ នៅ​ស្ថាន​សួគ៌ បុត្រ​តែ​មួយ​របស់​ព្រះ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំងក្លា​មួយ​រូប។ នៅ​ផែនដី លោក​យេស៊ូ​ជា​«​តំណាង​របស់​បិតា​នៅ​ស្ថាន​សួគ៌​»។ (​យ៉ូន. ១៦:២៧, ២៨​) លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​បង្រៀន មិន​មែន​ជា​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ តែ​ជា​សេចក្ដី​បង្រៀន​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ (​យ៉ូន. ៧:១៦​) ក្នុង​អំឡុង​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក​យេស៊ូ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​លោក​ជា​មេស្ស៊ី ហើយ​បាន​បង្គាប់​ថា​៖​«​ចូរ​ស្ដាប់​តាម​លោក​»។ (​លូក. ៩:៣៥​) ត្រូវ​ហើយ យើង​ត្រូវ​ស្ដាប់​តាម​ឬ​ធ្វើ​តាម​អ្នក​រើស​តាំង​របស់​ព្រះ។ នេះ​តម្រូវ​ឲ្យ​យើង​មាន​ជំនឿ​និង​ការ​ប្រព្រឹត្ត​ល្អ ហើយ​លក្ខណៈ​ទាំង​ពីរ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត និង​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូន. ៣:១៦, ៣៥, ៣៦

១១, ១២​. (​ក​) តើ​ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​ដោយ​មូលហេតុ​អ្វី​ខ្លះ? (​ខ​)​ តើ​នរណា​មាន​ជំនឿ​លើ​លោក​យេស៊ូ?

១១ ទោះ​ជា​មាន​ភ័ស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី​ក៏​ដោយ ក៏​ជន​ជាតិ​យូដា​ភាគ​ច្រើន​នៅ​សតវត្សរ៍​ទី​១​នៅ​តែ​មិន​ទទួល​ស្គាល់​លោក​ជា​មេស្ស៊ី​ទេ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​ប្រកាន់​យក​ទស្សនៈ​ដែល​ពួក​គេ​ធ្លាប់​មាន​ពី​មុន​ស្តី​អំពី​មេស្ស៊ី ដូច​ជា​គិត​ថា​លោក​នឹង​ទៅ​ជា​អ្នក​ដឹក​នាំ​ដែល​នឹង​រំដោះ​ពួក​គេ​ពី​ការ​គាបសង្កត់​របស់​ពួក​រ៉ូម។ (​សូម​អាន យ៉ូហាន ១២:៣៤​) យ៉ាង​នេះ ពួក​គេ​មិន​អាច​ទទួល​យក​មេស្ស៊ី​ដែល​សម្រេច​ទំនាយ​ដែល​ថា គេ​នឹង​មើល​ងាយ​លោក ត្រូវ​មនុស្ស​បោះបង់​ចោល ជា​មនុស្ស​ទូទុក្ខ ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ​ចាប់ ហើយ​នៅ​ទី​បំផុត​ត្រូវ​គេ​សម្លាប់។ (​អេ. ៥៣:៣,​) សូម្បី​តែ​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក ក៏​ខក​ចិត្ត​ដែរ​ដោយ​សារ​លោក​មិន​រំដោះ​ពួក​គេ​ពី​ការ​ជិះ​ជាន់​របស់​ពួក​រ៉ូម។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​លោក ហើយ​ក្រោយ​មក​ពួក​គេ​ទទួល​បាន​ការ​យល់​ដឹង​យ៉ាង​ត្រឹម​ត្រូវ​អំពី​មេស្ស៊ី​វិញ។—លូក. ២៤:២១

១២ មូលហេតុ​មួយ​ទៀត​ដែល​មនុស្ស​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា គឺ​ដោយ​សារ​ការ​បង្រៀន​របស់​លោក ដែល​ពួក​គេ​ពិបាក​ទទួល​យក។ ការ​ចូល​រាជាណាចក្រ​របស់​ព្រះ​នឹង​តម្រូវ​ឲ្យ​ពួក​គេ​«​ប្រគល់​ខ្លួន​ឲ្យ​ព្រះ​»​ ​«​បរិភោគ​»​សាច់​និង​ផឹក​ឈាម​របស់​លោក​យេស៊ូ ​«​កើត​ម្ដង​ទៀត​»​ ហើយ​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»។ (​ម៉ាក. ៨:៣៤; យ៉ូន. ៣:៣; ៦:៥៣; ១៧:១៤, ១៦​) មនុស្ស​មាន​អំណួត មនុស្ស​មាន​ពុត​ត្បុត និង​អ្នក​មាន​គិត​ថា តម្រូវ​ការ​ទាំង​នេះ​ពិបាក​ធ្វើ​តាម​ពេក។ ប៉ុន្តែ ជន​ជាតិ​យូដា​ដែល​បន្ទាប​ខ្លួន ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី ដូច​ជន​ជាតិ​សាម៉ារី​ខ្លះ​ដែល​ពោល​ថា​៖ ​«​បុរស​នេះ​ប្រាកដជា​អ្នក​សង្គ្រោះ​ពិភព​លោក​»។—យ៉ូន. ៤:២៥, ២៦, ៤១, ៤២; ៧:៣១

១៣​. ក្នុង​ន័យ​ធៀប តើ​លោក​យេស៊ូ​បាន​រង​របួស​នៅ​កែង​ជើង​យ៉ាង​ណា?

១៣ លោក​យេស៊ូ​បាន​ទាយ​ថា ពួក​សង្ឃនាយក​នឹង​កាត់​ទោស​លោក ហើយ​ជន​ជាតិ​ដទៃ​នឹង​ព្យួរ​លោក​លើ​បង្គោល តែ​នៅ​ថ្ងៃ​ទី​៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាថ. ២០:១៧​-​១៩​) ពេល​លោក​បញ្ជាក់​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា លោក​ជា​«​គ្រិស្ត ជា​បុត្រ​របស់​ព្រះ​»​ នោះ​ពួក​គេ​ចាត់​ទុក​ថា​លោក​ប្រមាថ​ព្រះ។ (​ម៉ាថ. ២៦:​៦៣​-​៦៦​) ពីឡាត​បាន​ឃើញ​ថា​លោក​«​មិន​បាន​ធ្វើ​អ្វី​ដែល​គួរ​នឹង​ប្រហារ​ជីវិត​សោះ​»​ តែ​ដោយ​ព្រោះ​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ពី​បទ​បំបះបំបោរ នោះ​ពីឡាត​បាន​«​ប្រគល់​លោក​ទៅ​ឲ្យ​គេ​ប្រហារ​ជីវិត តាម​សំណូម​ពរ​របស់​បណ្ដា​ជន​»។ (​លូក. ២៣:១៣​-​១៥, ២៥​) យ៉ាង​នេះ​ពួក​គេ​បាន​«​បដិសេធ​មិន​ទទួល​ស្គាល់​»​ហើយ​រៀប​ផែនការ​សម្លាប់​«​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត​»​ ទោះ​ជា​មាន​ភ័ស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា​លោក​បាន​ត្រូវ​ព្រះ​ចាត់​ឲ្យ​មក​ក៏​ដោយ។ (​សកម្ម. ៣:១៣​-​១៥​) ដូច​បាន​ទាយ​ទុក មេស្ស៊ី​បាន​ត្រូវ​«​ផ្ដាច់​ចេញ​»​ ដោយ​បាន​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​នៅ​ថ្ងៃ​បុណ្យ​រំលង​នា​ឆ្នាំ​៣៣​គ.ស.។ (​ដាន. ៩:២៦, ២៧; សកម្ម. ២:២២, ២៣​) ដោយ​គេ​បាន​សម្លាប់​លោក​យ៉ាង​ឃោរឃៅ នោះ​លោក​បាន​រង​របួស​នៅ​«​កែង​ជើង​»​ ដូច​បាន​ទាយ​ទុក​នៅ​លោកុប្បត្តិ ៣:១៥

មូលហេតុ​ដែល​មេស្ស៊ី​ត្រូវ​ទទួល​មរណភាព

១៤, ១៥​. (​ក​) តើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​ទទួល​មរណភាព​ដោយ​ផ្អែក​លើ​មូលហេតុ​ពីរ​ណា? (​ខ​)​ ក្រោយ​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ?

១៤ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​ទទួល​មរណភាព​ដោយ​ផ្អែក​លើ​មូលហេតុ​សំខាន់​ពីរ។ មុន​ដំបូង ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​របស់​លោក​យេស៊ូ បាន​ដោះ​ស្រាយ​ផ្នែក​សំខាន់​មួយ​នៃ​«​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​»។ ថ្វី​បើ​សាថាន​បាន​ល្បង​ល​លោក​យេស៊ូ​យ៉ាង​ខ្លាំង​បំផុត​ក៏​ដោយ លោក​បាន​ផ្ដល់​ទី​សំ​អាង​រហូត​ដល់​ស្លាប់​ថា មនុស្ស​ល្អ​ឥត​ខ្ចោះ​អាច​រក្សា​«​ភក្ដីភាព​ចំពោះ​ព្រះ​»​ ហើយ​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ។ (​១ធី. ៣:១៦​) មូលហេតុ​ទី​២ គឺ​«​កូន​មនុស្ស . . . បាន​មក​ដើម្បី . . . ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»​ ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ (​ម៉ាថ. ២០:២៨​) ការ​«​ប្រគល់​ខ្លួន​ជា​ថ្លៃ​លោះ​»​បាន​បង់​ថ្លៃ​ពិន័យ​សម្រាប់​ភាព​ខុស​ឆ្គង​ដែល​កូន​ចៅ​របស់​អាដាម​បាន​ទទួល ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ទទួល​យក​លោក​យេស៊ូ​ជា​មធ្យោបាយ​ដែល​ព្រះ​ផ្ដល់​សេចក្ដី​សង្គ្រោះ មាន​លទ្ធភាព​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—១ធី. ២:៥, ៦

១៥ ក្រោយ​ពី​គ្រិស្ត​បាន​នៅ​ក្នុង​ផ្នូរ​អស់​បី​ថ្ងៃ លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​អស់​រយៈ​ពេល​៤០​ថ្ងៃ លោក​បាន​លេច​មក​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​ដើម្បី​បង្ហាញ​ថា លោក​ពិត​ជា​មាន​ជីវិត និង​ដើម្បី​ផ្ដល់​ការ​ណែនាំ​ថែម​ទៀត​ដល់​ពួក​គាត់។ (​សកម្ម. ១:៣​-​៥​) បន្ទាប់​មក លោក​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា​នូវ​តម្លៃ​នៃ​គ្រឿង​បូជា​របស់​លោក ហើយ​រង់​ចាំ​ពេល​កំណត់​ដែល​លោក​នឹង​ចាប់​ផ្ដើម​មាន​វត្តមាន​ជា​ស្តេច​មេស្ស៊ី។ ទម្រាំ​ដល់​ពេល​នោះ លោក​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​បំពេញ។

ការ​បំពេញ​តួនាទី​របស់​លោក​ជា​មេស្ស៊ី

១៦, ១៧​. សូម​រៀប​រាប់​តួនាទី​របស់​លោក​យេស៊ូ​ជា​មេស្ស៊ី​ក្រោយ​លោក​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ។

១៦ តាំង​ពី​ពេល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ច្រើន​សតវត្សរ៍​ក្រោយ​មក លោក​បាន​គ្រប់​គ្រង​ជា​ស្តេច​លើ​ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក ថែម​ទាំង​ត្រួត​ពិនិត្យ​លើស​កម្ម​ភាព​របស់​ពួក​គេ​ផង​ដែរ។ (​កូឡ. ១:១៣​) នៅ​ពេល​កំណត់ លោក​នឹង​ចាប់​ផ្ដើម​ប្រើ​អំណាច​របស់​លោក​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ទំនាយ​ក្នុង​គម្ពីរ​និង​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ក្នុង​ពិភព​លោក​ស​ឲ្យ​ឃើញ​ថា លោក​ចាប់​ផ្ដើម​មាន​វត្តមាន​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ ហើយ​នៅ​ឆ្នាំ​នោះ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ក៏​ចាប់​ផ្ដើម​ដែរ។ (​ម៉ាថ. ២៤:៣; បប. ១១:១៥​) មិន​យូរ​ក្រោយ​មក លោក​បាន​ដឹក​នាំ​បណ្ដា​ទេវតា​បរិសុទ្ធ​បោះ​ទម្លាក់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ពី​ស្ថាន​សួគ៌។—បប. ១២:៧​-​១០

១៧ ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ដែល​លោក​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២៩ ​គ.ស. គឺ​ជិត​ដល់​ទី​បញ្ចប់​ហើយ។ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។ បន្ទាប់​មក លោក​នឹង​ប្រាប់​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ដែល​ទទួល​យក​លោក​ជា​មធ្យោបាយ​ដែល​ព្រះ​ផ្ដល់​សេចក្ដី​សង្គ្រោះ ឲ្យ​«​ទទួល​រាជាណាចក្រ​ដែល​បាន​ត្រូវ​រៀប​ចំ​ឲ្យ​[​ពួក​គេ​]​តាំង​ពី​កំណើត​ពិភព​លោក​ជា​មត៌ក​»។ (​ម៉ាថ. ២៥:៣១​-​៣៤, ៤១​) រីឯ​ពួក​អ្នក​ដែល​បដិសេធ​លោក​យេស៊ូ​ជា​ស្តេច​នឹង​ត្រូវ​បំផ្លាញ​ចោល ពេល​លោក​ដឹក​នាំ​កង​ទ័ព​នៅ​ស្ថាន​សួគ៌​ប្រឆាំង​នឹង​អំពើ​អាក្រក់​ទាំង​ឡាយ។ ក្រោយ​មក លោក​យេស៊ូ​នឹង​ចង​សាថាន ហើយ​បោះ​វា​និង​វិញ្ញាណ​កំណាច​របស់​វា​ទៅ​ក្នុង​«​ទី​ជ្រៅ​បំផុត​»។—បប. ១៩:១១​-​១៤; ២០:១​-​៣

១៨, ១៩​. ពេល​ដែល​លោក​យេស៊ូ​បំពេញ​តួនាទី​របស់​លោក​ជា​មេស្ស៊ី តើ​លោក​បាន​សម្រេច​ការ​អ្វី​ខ្លះ? ហើយ​តើ​នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​ដែល​ចេះ​ស្ដាប់​បង្គាប់​ទទួល​លទ្ធផល​អ្វី​ខ្លះ?

១៨ ក្នុង​អំឡុង​ការ​សោយរាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ លោក​នឹង​បាន​បំពេញ​តួនាទី​ទាំង​អស់​ជា​‹អ្នក​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ចេស្ដា បិតា​ដ៏​គង់នៅ​អស់​កល្ប ម្ចាស់​នៃ​មេត្រី​ភាព[​ឬ​សន្ដិភាព​]›។ (​អេ. ៩:៦, ៧​) ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​លោក មនុស្ស​នឹង​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​រួម​ទាំង​មនុស្ស​ស្លាប់​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូន. ៥:២៦​-​២៩​) មេស្ស៊ី​នឹង​នាំ​មនុស្ស​ដែល​ព្រម​ធ្វើ​តាម​ទៅ​ឯ​«​រន្ធ​ទឹក​ដែល​ផ្ដល់​ជីវិត​»​ ហើយ​នេះ​នឹង​ជួយ​ពួក​អ្នក​ដែល​ចេះ​ស្ដាប់​បង្គាប់​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​សូម​អាន ការ​បើក​បង្ហាញ ៧:១៦, ១៧​) បន្ទាប់​ពី​កា​រសាក​ល្បង​ចុង​ក្រោយ ពួក​អ្នក​បះបោរ​ប្រឆាំង​ទាំង​អស់​រួម​បញ្ចូល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​«​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​»​ដែល​ជា​ការ​កិន​ក្បាល​«​ពស់​»​ឲ្យ​ស្លាប់​តែ​ម្ដង។—បប. ២០:១០

១៩ លោក​យេស៊ូ​បំពេញ​តួនាទី​របស់​លោក​ជា​មេស្ស៊ី​យ៉ាង​ល្អ​អស្ចារ្យ​និង​ឥត​ខ្ចោះ! ផែនដី​ដែល​ក្លាយ​ជា​សួន​ឧទ្យាន​នឹង​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​បាន​ត្រូវ​លោះ ហើយ​ពួក​គេ​នឹង​រស់​ជា​រៀង​រហូត​ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​និង​សុភមង្គល។ ព្រះ​យេហូវ៉ា​នឹង​ជម្រះ​ឲ្យ​អស់​ការ​បង្ខូច​ឈ្មោះ​ដ៏​ពិសិដ្ឋ​របស់​លោក ហើយ​នឹង​មាន​ការ​បង្ហាញ​ថា​ការ​គ្រប់​គ្រង​ទូ​ទាំង​សកលលោក​របស់​លោក​គឺ​ត្រឹម​ត្រូវ។ បន្ដិច​ទៀត អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​អ្នក​រើស​តាំង​របស់​ព្រះ នឹង​ទទួល​រង្វាន់​ដ៏​អស្ចារ្យ!

តើ​អ្នក​បាន​រក​ឃើញ​មេស្ស៊ី​ឬ​ទេ?

២០, ២១​. ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​មេស្ស៊ី តើ​អ្នក​មាន​មូលហេតុ​ណាខ្លះ?

២០ តាំង​ពី​ឆ្នាំ​១៩១៤​មក យើង​បាន​រស់​នៅ​ក្នុង​គ្រា​នៃ​វត្តមាន​របស់​គ្រិស្ត ឬ​ផា​រូ​សៀ។ ទោះ​ជា​យើង​មើល​មិន​ឃើញ​វត្តមាន​របស់​លោក​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​ក៏​ដោយ តែ​តាម​រយៈ​ការ​សម្រេច​ទំនាយ​គម្ពីរ យើង​ដឹង​ច្បាស់​ថា​លោក​មាន​វត្តមាន។ (​បប. ៦:២​-​៨​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដូច​ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១ មនុស្ស​ភាគ​ច្រើន​មិន​អើពើ​នឹង​ភ័ស្តុតាង​ដែល​បញ្ជាក់​ពី​វត្តមាន​របស់​មេស្ស៊ី​ទេ។ ពួក​គេ​ក៏​ចង់​បាន​មេស្ស៊ី​ដែល​ជា​អ្នក​ដឹក​នាំ​ម្នាក់​ឬ​យ៉ាង​ហោច​ណាស់​ចង់​បាន​មេស្ស៊ី​ម្នាក់​ដែល​នឹង​ប្រើ​មនុស្ស​ជា​អ្នក​គ្រប់​គ្រង។ ប៉ុន្តែ រីឯ​អ្នក​វិញ អ្នក​បាន​រៀន​ដឹង​ថា លោក​យេស៊ូ​កំពុង​សោយរាជ្យ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ពេល​អ្នក​ដឹង​អំពី​រឿង​នេះ អ្នក​ពិត​ជា​រំភើប​ចិត្ត​ណាស់ មែន​ទេ? ម្ល៉ោះ​ហើយ នេះ​បាន​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ពោល​ដូច​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១ ដែល​ថា​៖ ​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ!​»។

២១ សព្វ​ថ្ងៃ ពេល​អ្នក​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត តើ​អ្នក​គូស​បញ្ជាក់​តួនាទី​របស់​លោក​យេស៊ូ​ជា​មេស្ស៊ី​ឬ​ទេ? បើ​ធ្វើ​ដូច្នេះ នេះ​នឹង​បង្កើន​អំណរ​គុណ​របស់​អ្នក​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក អ្វី​ដែល​លោក​កំពុង​ធ្វើ​ឥឡូវ​នេះ ហើយ​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​អនាគត។ ដូច​អនទ្រេ​និង​ភីលីព អ្នក​ពិត​ជា​បាន​ប្រាប់​ញាតិ​សន្ដាន​និង​មិត្ត​ភក្ដិ​របស់​អ្នក​អំពី​មេស្ស៊ី។ យក​ល្អ​ឲ្យ​អ្នក​ទៅ​ជួប​ពួក​គេ​ដោយ​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តែ​ខ្លាំង​ឡើង ហើយ​បង្ហាញ​ពួក​គេ​ថា លោក​យេស៊ូ​គ្រិស្ត​ពិត​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា ជា​មធ្យោបាយ​ដែល​ព្រះ​សង្គ្រោះ​មនុស្ស។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១​អាច​រក​ឃើញ​មេស្ស៊ី​យ៉ាង​ណា?

តើ​លោក​យេស៊ូ​ត្រូវ​ទទួល​មរណភាព​ដោយ​ផ្អែក​លើ​មូលហេតុ​ពីរ​ណា?

តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​នៅ​អនាគត​ក្នុង​ការ​បំពេញ​តួនាទី​របស់​លោក​ជា​មេស្ស៊ី?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៤​]

តើ​មនុស្ស​នៅ​សតវត្សរ៍​ទី​១​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា?

[​រូបភាព​នៅ​ទំព័រ​២៦​]

ពេល​អ្នក​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត តើ​អ្នក​គូស​បញ្ជាក់​តួនាទី​របស់​លោក​យេស៊ូ​ជា​មេស្ស៊ី​ឬ​ទេ?