លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ

ចូរបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ

ចូរ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ

‹​សេចក្ដី​ស្រឡាញ់​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​›។—១កូ. ១៣:៧, ៨

១​. (​ក​) តើ​ជា​រឿយ​ៗ​គេ​លើក​ឡើង​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់? (​ខ​)​ តើ​មនុស្ស​ជា​ច្រើន​ស្រឡាញ់​នរណា​ហើយ​ស្រឡាញ់​អ្វី​ខ្លះ?

សេចក្ដី​ស្រឡាញ់​ជា​ប្រធានបទ​មួយ​ដែល​គេ​លើក​ឡើង​សន្ធឹក​ណាស់។ ក្នុង​ចម្រៀង​ផ្សេង​ៗ គេ​លើក​តម្កើង​គុណ​សម្បត្ដិ​នេះ។ សេចក្ដី​ស្រឡាញ់​ជា​អ្វី​ដែល​មនុស្ស​ជាតិ​ត្រូវ​ការ​ចាំ​បាច់ តែ​សៀវភៅ​និង​ភាពយន្ត​ច្រើន​តែ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ក្នុង​រឿង​ប្រលោមលោក​ស្នេហា​ដែល​គេ​ប្រឌិត​ឡើង ហើយ​រឿង​បែប​នេះ​គឺ​សម្បូរ​ណាស់។ ក៏​ប៉ុន្តែ គួរ​ឲ្យ​សោកស្ដាយ សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង គឺ​កម្រ​មាន​ណាស់។ យើង​កំពុង​ឃើញ​អ្វី​ដែល​គម្ពីរ​បាន​ទាយ​ទុក​អំពី​គ្រា​ចុង​ក្រោយ​បង្អស់។ មនុស្ស​«​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ . . . ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​»។—២ធី. ៣:១​-​៥

២​. តើ​គម្ពីរ​ព្រមាន​យើង​អ្វី​ស្តី​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​មិន​ត្រឹម​ត្រូវ?

មនុស្ស​យើង​មាន​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់ តែ​បណ្ដាំ​របស់​ព្រះ​ព្រមាន​យើង​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​មិន​ត្រឹម​ត្រូវ។ គម្ពីរ​ក៏​ពណ៌​នា​អំពី​អ្វី​ដែល​កើត​ឡើង​ពេល​សេចក្ដី​ស្រឡាញ់​បែប​នោះ​ដក់​ជាប់​ក្នុង​ចិត្ត​យើង។ (​១ធី. ៦:៩, ១០​) តើ​អ្នក​នឹក​ឃើញ​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​ដេម៉ាស​ឬ​ទេ? ថ្វី​បើ​ដេម៉ាស​បាន​សេពគប់​ជា​មួយ​ប៉ូល​ក៏​ដោយ តែ​គាត់​ស្រឡាញ់​អ្វី​ដែល​ពិភព​លោក​ផ្ដល់​ឲ្យ​វិញ។ (​២ធី. ៤:១០​) សាវ័ក​យ៉ូហាន​ក៏​បាន​ព្រមាន​ពួក​គ្រិស្ត​សាសនិក​អំពី​អ្វី​នេះ​ដែល​នាំ​ឲ្យ​អន្តរាយ។ (​សូម​អាន យ៉ូហានទី១ ២:១៥,១៦​) ការ​ស្រឡាញ់​ពិភព​លោក​ថែម​ទាំង​ស្រឡាញ់​ការ​ប្រព្រឹត្ត​និង​អ្វី​ដែល​មិន​ស្ថិតស្ថេរ​ក្នុង​ពិភព​លោក គឺ​មិន​សម​ស្រប​នឹង​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​អ្វី​ដែល​មក​ពី​លោក​ទេ។

៣​. តើ​យើង​ប្រឈម​មុខ​ការ​ពិបាក​អ្វី? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

យើង​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ទេ តែ​យើង​នៅ​តែ​រស់​នៅ​ក្នុង​ពិភព​លោក​នេះ។ ដូច្នេះ សម្រាប់​យើង ជា​ការ​ពិបាក​ឲ្យ​យើង​ជៀស​ចេញ​ពី​ទស្សនៈ​ខុស​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ស្តី​អំពី​សេចក្ដី​ស្រឡាញ់។ គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​មិន​បណ្ដោយ​ខ្លួន​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​មិន​ត្រឹម​ត្រូវ​ឬ​ស្រឡាញ់​អ្វី​ដែល​អាក្រក់​ជួជាតិ ដែល​ប្រៀប​ដូច​ជា​ចូល​ក្នុង​អន្ទាក់។ ដូច្នេះ តើ​គប្បី​ឲ្យ​យើង​បណ្ដុះ​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​នរណា? តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់ ហើយ​ដែល​មិន​ចេះ​សាប​សូន្យ? តើ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​មាន​ប្រយោជន៍​យ៉ាង​ណា​នៅ​ឥឡូវ​នេះ? ហើយ​តើ​មាន​ឥទ្ធិពល​ទៅ​លើ​អនាគត​យើង​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​ដឹង​ទស្សនៈ​របស់​ព្រះ​ចំពោះ​សំណួរ​ទាំង​នេះ ដើម្បី​យើង​អាច​ប្រព្រឹត្ត​ស្រប​តាម​ទស្សនៈ​របស់​លោក។

ចូរ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា

៤​. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង​យ៉ាង​ដូច​ម្ដេច?

យើង​អាច​ប្រៀប​ធៀប​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ទៅ​នឹង​កសិករ​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ភ្ជួរ​រាស់​កាប់​គាស់​ដី ហើយ​ដាំ​ពូជ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​ដុះ​ដាល​ឡើង។ (​ហេ. ៦:៧​) ស្រដៀង​គ្នា​ដែរ យើង​គួរតែ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង? យើង​ត្រូវ​ព្យាយាម​ប្រុង​ប្រៀប​ចិត្ត​យើង​ដែល​ប្រៀប​ដូច​ជា​ដី​ល្អ ព្រោះ​នេះ​ជា​កន្លែង​ដែល​សេចក្ដី​ពិត​នៃ​ពូជ​របស់​រាជាណាចក្រ​ព្រះ​បាន​ត្រូវ​សាប​ព្រោះ។ យើង​អាច​ប្រុង​ប្រៀប​ចិត្ត​ដោយ​ព្យាយាម​សិក្សា​បណ្ដាំ​របស់​ព្រះ​ដើម្បី​បង្កើន​ចំណេះ​អំពី​លោក។ (​កូឡ. ១:១០​) បើ​យើង​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ ហើយ​ឆ្លើយ​ជា​រឿយ​ៗ នេះ​ក៏​នឹង​ជួយ​យើង​បង្កើន​ចំណេះ​ដែរ។ តើ​យើង​ម្នាក់​ៗ​កំពុង​ព្យាយាម​ជា​និច្ច​ដើម្បី​មាន​ចំណេះ​ជ្រៅ​ជ្រះ​ឬ​ទេ?—សុភ. ២:១​-​៧

៥​. (​ក​) តើ​យើង​អាច​រៀន​អំពី​គុណ​សម្បត្ដិ​ចម្បង​របស់​ព្រះ​តាម​របៀប​ណា? (​ខ​) តើ​អ្នក​អាច​រៀប​រាប់​យ៉ាង​ណា​អំពី​យុត្ដិធម៌ ប្រាជ្ញា និង​ឫទ្ធានុភាព​របស់​ព្រះ?

ព្រះ​យេហូវ៉ា​បើក​បង្ហាញ​បុគ្គលិក​លក្ខណៈ​របស់​លោក តាម​រយៈ​បណ្ដាំ​របស់​លោក។ ដោយ​សិក្សា​បទ​គម្ពីរ​ហើយ​ក្រេប​ជញ្ជក់​យក​ចំណេះ​បន្ដិច​ម្ដង​ៗ​អំពី​ព្រះ​យេហូវ៉ា នោះ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​គុណ​សម្បត្ដិ​របស់​លោក ដូច​ជា​យុត្ដិធម៌ ឫទ្ធានុភាព ប្រាជ្ញា និង​គុណ​សម្បត្ដិ​សំខាន់​បំផុត គឺ​សេចក្ដី​ស្រឡាញ់​ដ៏​លើស​លប់។ ព្រះ​យេហូវ៉ា​បង្ហាញ​ថា លោក​មាន​យុត្ដិធម៌​ក្នុង​គ្រប់​ការ​ប្រព្រឹត្ត​របស់​លោក និង​ក្នុង​ច្បាប់​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។ (​ចោ. ៣២:៤; ទំនុក. ១៩:៧​) យើង​អាច​សញ្ជឹង​គិត​អំពី​ស្នា​ដៃ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ហើយ​កោត​ស្ងើច​ប្រាជ្ញា​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក។ (​ទំនុក. ១០៤:២៤​) សកលលោក​ក៏​ផ្ដល់​ភ័ស្តុតាង​ថា ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា ហើយ​ឫទ្ធានុភាព​របស់​លោក​គឺ​មិន​ចេះ​អស់។—អេ. ៤០:២៦

៦​. តើ​ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

តើ​យើង​អាច​និយាយ​យ៉ាង​ណា​អំពី​គុណ​សម្បត្ដិ​ចម្បង​របស់​ព្រះ ពោល​គឺ​សេចក្ដី​ស្រឡាញ់? សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ទូលំ​ទូលាយ​ហើយ​មាន​ឥទ្ធិពល​លើ​យើង​ទាំង​អស់​គ្នា។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ដោយ​ផ្ដល់​ថ្លៃ​លោះ​ដើម្បី​លោះ​មនុស្ស​ជាតិ។ (​សូម​អាន រ៉ូម ៥:៨​) ថ្លៃ​លោះ​នេះ​គឺ​សម្រាប់​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល ប៉ុន្តែ​មាន​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​វិញ ហើយ​ជឿ​លើ​បុត្រ​របស់​លោក​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នោះ។ (​យ៉ូន. ៣:​១៦, ៣៦​) ព្រះ​បាន​ផ្ដល់​លោក​យេស៊ូ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​មនុស្ស​និង​លោក ដើម្បី​លោះ​យើង​ពី​ការ​ខុស​ឆ្គង​របស់​យើង ហើយ​នេះ​គួរ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​ព្រះ​វិញ។

៧, ៨​. (​ក​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ? (​ខ​) តើ​រាស្ត្រ​របស់​ព្រះ​កាន់​តាម​បញ្ញត្ដិ​របស់​លោក ទោះ​ជា​ពួក​គេ​ជួប​ប្រទះ​អ្វី​ខ្លះ?

ស្តី​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​យើង តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​វិញ​យ៉ាង​ដូច​ម្ដេច? ចម្លើយ​ដែល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គឺ​សំខាន់​ណាស់ ដែល​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។ (​១យ៉ូន. ៥:៣​) ត្រូវ​ហើយ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​កាន់​តាម​បញ្ញត្ដិ​របស់​លោក។ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​យើង​ផ្សព្វ​ផ្សាយ​អំពី​នាម​និង​រាជាណាចក្រ​របស់​លោក ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ទទួល​ប្រយោជន៍។ បើ​យើង​ខំ​ធ្វើ​ដូច្នោះ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ពោរ​ពេញ​ក្នុង​ចិត្ត​យើង នេះ​ជា​ទី​សំ​អាង​ដែល​បញ្ជាក់​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក​ដោយ​ចិត្ត​ស្មោះ។—ម៉ាថ. ១២:៣៤

បង​ប្អូន​របស់​យើង​នៅ​ជុំ​វិញ​ផែនដី​តស៊ូ​ក្នុង​ការ​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះ ទោះ​ជា​ពួក​គេ​ជួប​ប្រទះ​ភាព​ព្រងើយ​កន្តើយ ហើយ​ជួប​មនុស្ស​ដែល​មិន​ចង់​ស្ដាប់​សារ​រាជាណាចក្រ​របស់​ព្រះ​ក៏​ដោយ។ ពួក​គេ​មិន​រសាយ​ចិត្ត​ទេ​ក្នុង​ការ​ព្យាយាម​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​គ្រប់​ជំពូក។ (​២ធី. ៤:៥​) ដូច​គ្នា​ដែរ យើង​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ដើម្បី​ចែក​ចំណេះ​ដែល​យើង​មាន​អំពី​ព្រះ​ដល់​អ្នក​ឯ​ទៀត ថែម​ទាំង​កាន់​តាម​បញ្ញត្ដិ​ឯ​ទៀត​ទាំង​អស់​របស់​ព្រះ។

មូលហេតុ​យើង​ស្រឡាញ់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង

៩​. តើ​គ្រិស្ត​បាន​ស៊ូ​ទ្រាំ​នឹង​អ្វី​ខ្លះ? ហើយ​តើ​អ្វី​បាន​ជំរុញ​ទឹក​ចិត្ត​លោក​ឲ្យ​ធ្វើ​ដូច្នេះ?

ក្រៅ​ពី​ស្រឡាញ់​ព្រះ មាន​មូលហេតុ​ជា​ច្រើន​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បុត្រ​លោក។ ថ្វី​បើ​យើង​មិន​ដែល​ឃើញ​លោក​យេស៊ូ​ក៏​ដោយ កាល​ដែល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​លោក នោះ​យើង​នឹង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង។ (​១ពេ. ១:៨​) តើ​លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​អ្វី​ខ្លះ? កាល​ដែល​លោក​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​ត្រូវ​គេ​ស្អប់​ដោយ​គ្មាន​មូល​ហេតុ បៀតបៀន ចោទ​ប្រកាន់​មិន​ពិត ព្រម​ទាំង​ជេរ​ប្រមាថ។ លោក​ក៏​ត្រូវ​គេ​បន្ទាប​បន្ថោក​ឯ​ទៀត​ផង​ដែរ។ (​សូម​អាន យ៉ូហាន ១៥:​២៥​) សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌ បាន​ជំរុញ​លោក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ។ ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​ក៏​បាន​ជំរុញ​លោក​ឲ្យ​លះ​បង់​ជីវិត​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន។—ម៉ាថ. ២០:២៨

១០, ១១​. ដោយ​គិត​អំពី​អ្វី​ដែល​គ្រិស្ត​បាន​ធ្វើ​ដើម្បី​យើង តើ​គោលដៅ​របស់​យើង​ជា​អ្វី?

១០ គន្លង​ជីវិត​របស់​លោក​យេស៊ូ​គួរ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​តាម​លោក។ កាល​ដែល​យើង​គិត​អំពី​អ្វី​ដែល​គ្រិស្ត​បាន​ធ្វើ​ដើម្បី​យើង នោះ​យើង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង។ ដោយ​សារ​យើង​ជា​អ្នក​កាន់​តាម​លោក គប្បី​ឲ្យ​យើង​បណ្ដុះ​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​គ្រិស្ត ដើម្បី​យើង​អាច​ស៊ូ​ទ្រាំ​ក្នុង​ការ​កាន់​តាម​បញ្ញត្ដិ​របស់​លោក​ដែល​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​របស់​លោក។—ម៉ាថ. ២៨:១៩, ២០

១១ គ្រិស្ត​ស្រឡាញ់​មនុស្ស​ទាំង​អស់ ហើយ​ពេល​យើង​ស្រឡាញ់​លោក​វិញ នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហើយ​ភារកិច្ច​របស់​យើង​មុន​ទី​បញ្ចប់​មក​ដល់។ (​សូម​អាន កូរិនថូសទី២ ៥:១៤, ១៥​) សេចក្ដី​ស្រឡាញ់​ដែល​គ្រិស្ត​បង្ហាញ​គឺ​សំខាន់​ដើម្បី​ជួយ​លោក​ឲ្យ​បំពេញ​បំណង​ប្រាថ្នា​របស់​ព្រះ​ចំពោះ​មនុស្ស​ជាតិ។ ម្យ៉ាង​ទៀត បើ​យើង​ធ្វើ​តាម​ឲ្យ​បាន​ដិត​ដល់​នូវ​គំរូ​ដែល​គ្រិស្ត​បាន​ទុក​ឲ្យ​យើង នេះ​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​រួម​ចំណែក​ក្នុង​ការ​គាំទ្រ​ការ​សម្រេច​នៃ​បំណង​ប្រាថ្នា​នោះ​របស់​ព្រះ។ នេះ​តម្រូវ​ឲ្យ​យើង​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឲ្យ​បាន​ខ្លាំង​បំផុត​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ (​ម៉ាថ. ២២:៣៧​) ដោយ​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន ហើយ​កាន់​តាម​បញ្ញត្ដិ​របស់​លោក នោះ​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​យេស៊ូ ព្រម​ទាំង​តាំង​ចិត្ត​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ដូច​លោក​យេស៊ូ​បាន​ធ្វើ​ដែរ។—យ៉ូន. ១៤:២៣, ២៤; ១៥:១០

ចូរ​ខំ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដែល​ជា​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់

១២​. តើ​ប៉ូល​ចង់​បញ្ជាក់​អំពី​អ្វី​ពេល​គាត់​ពោល​ពាក្យ​ដែល​ថា​«​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់​»​?

១២ សាវ័ក​ប៉ូល​ជា​អ្នក​យក​តម្រាប់​តាម​គ្រិស្ត។ ដោយ​សារ​គាត់​បាន​ដើរ​តាម​លំ​អាន​ដាន​របស់​គ្រិស្ត​យ៉ាង​ដិត​ដល់ នោះ​គាត់​មាន​សេចក្ដី​ក្លាហាន​ក្រៃ​លែង​ក្នុង​ការ​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ឲ្យ​យក​តម្រាប់​តាម​គាត់។ (​១កូ. ១១:១​) ថ្វី​បើ​គាត់​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​បន្ត​ខ្នះខ្នែង​ស្វែងរក​អំណោយ​ផ្សេង​ៗ​ដែល​សកម្មពល​របស់​ព្រះ​ផ្ដល់​ឲ្យ​នៅ​សតវត្សរ៍​ទី​១ ដូច​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ និង​និយាយ​ភាសា​ផ្សេង​ៗ​ក៏​ដោយ ប៉ូល​បាន​បង្ហាញ​ថា​មាន​អ្វី​ប្រសើរ​ជាង​ដែល​ពួក​គាត់​គួរ​ស្វែងរក។ នៅ​កូរិនថូសទី១ ១២:៣១ ប៉ូល​ពន្យល់​ថា​៖​«​ខ្ញុំ​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់​ដល់​អ្នក​រាល់​គ្នា​»។ ខ​បន្ត​បន្ទាប់​បង្ហាញ​ថា សេចក្ដី​ស្រឡាញ់​ជា​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់។ តើ​ផ្លូវ​នេះ​ប្រសើរ​លើស​លប់​ក្នុង​ន័យ​អ្វី? ប៉ូល​ចាប់​ផ្ដើម​ពន្យល់​ពាក្យ​របស់​គាត់។ (​សូម​អាន កូរិនថូសទី១ ១៣:១​-​៣​) បើ​គាត់​មាន​សមត្ថភាព​អស្ចារ្យ ហើយ​បាន​សម្រេច​កិច្ចការ​ធំ​ៗ តែ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ តើ​គាត់​នឹង​ក្លាយ​ជា​មនុស្ស​បែប​ណា? គាត់​មិន​ជា​អ្វី​សោះ! ដោយ​មាន​សកម្ម​ពល​របស់​ព្រះ​ដឹក​នាំ​គាត់ គាត់​បាន​ពន្យល់​ការ​ពិត​ដ៏​សំខាន់​នេះ។ ការ​ពន្យល់​របស់​គាត់​ពិត​ជា​មាន​អានុភាព​ដ៏​ខ្លាំងក្លា​មក​លើ​យើង​មែន!

១៣​. (​ក​) តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០១០​គឺជា​អ្វី? (​ខ​)​ តើ​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ក្នុង​ន័យ​អ្វី?

១៣ ក្រោយ​មក ប៉ូល​បញ្ជាក់​អំពី​អ្វី​ដែល​ជា​សេចក្ដី​ស្រឡាញ់​និង​អ្វី​ដែល​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់។ (​សូម​អាន កូរិនថូសទី១ ១៣:៤​-​៨​) ឥឡូវ​សូម​ចំណាយ​ពេល​ពិនិត្យ​មើល​ថា តើ​អ្នក​បាន​ធ្វើ​តាម​តម្រូវ​ការ​នៃ​សេចក្ដី​ស្រឡាញ់​ដល់​កម្រិត​ណា? សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​ឃ្លា​ចុង​ក្រោយ​ក្នុង​ខ​៧ និង​ឃ្លា​ដំបូង​ក្នុង​ខ​៨ ដែល​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០១០ ពោល​គឺ​៖ ‹សេចក្ដី​ស្រឡាញ់​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ›។ សូម​កត់​សម្គាល់​ខ​៨ ប៉ូល​បាន​និយាយ​ថា​អំណោយ​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ទទួល​ពី​សកម្ម​ពល​របស់​ព្រះ ដូច​ជា​ការ​ប្រកាស​ទំនាយ​និង​ការ​និយាយ​ភាសា​ផ្សេង​ៗ នោះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​សូន្យ​ទៅ។ ពេល​ដែល​ទើប​តែ​មាន​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ពួក​គេ​មាន​អំណោយ​ផ្សេង​នោះ តែ​អ្វី​ៗ​ទាំង​នោះ​នឹង​លែង​មាន​ទៀត។ ប៉ុន្តែ​សេចក្ដី​ស្រឡាញ់​នឹង​នៅ​តែ​មាន​ជា​រៀង​រហូត។ ព្រះ​យេហូវ៉ា​ជា​សេចក្ដី​ស្រឡាញ់ ហើយ​លោក​រស់​នៅ​ជា​រៀង​រហូត។ ដូច្នេះ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឬ​មិន​ដែល​ចប់​ទេ។ ព្រះ​របស់​យើង​ដែល​រស់​នៅ​ជា​រៀង​រហូត​នឹង​មាន​គុណ​សម្បត្ដិ​នេះ​ជា​និរន្តរ៍។—១យ៉ូន. ៤:៨

សេចក្ដី​ស្រឡាញ់​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់

១៤, ១៥​. (​ក​) តើ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​យ៉ាង​ដូច​ម្ដេច? (​ខ​)​ ហេតុ​អ្វី​បាន​ជា​ប្អូន​ប្រុស​ម្នាក់​មិន​ព្រម​លះ​បង់​ជំនឿ​របស់​ខ្លួន?

១៤ តើ​អ្វី​ជួយ​ពួក​គ្រិស្ត​សាសនិក​ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក ស្ថានភាព​ដ៏​ពិបាក និង​បញ្ហា​ណា​ក៏​ដោយ​ដែល​ពួក​គាត់​ប្រឈម​មុខ? បើ​និយាយ​ឲ្យ​ចំ​ទៅ អ្វី​ដែល​បាន​ជួយ​ពួក​គាត់​គឺ​សេចក្ដី​ស្រឡាញ់​ផ្អែក​លើ​គោលការណ៍។ សេចក្ដី​ស្រឡាញ់​បែប​នេះ មិន​គ្រាន់តែ​មាន​ន័យ​ថា យើង​លះ​បង់​ទ្រព្យ​សម្បត្ដិ​របស់​យើង​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​បែប​នេះ​មាន​ន័យ​ថា យើង​ស្ម័គ្រ​ចិត្ត​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​រហូត​ដល់​យើង​បាត់បង់​ជីវិត​ដោយ​សារ​គ្រិស្ត​ក៏​ដោយ។ (​លូក. ៩:២៤, ២៥​) សូម​រំពឹង​គិត​អំពី​ភាព​ស្មោះ​ត្រង់​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​រង​ទុក្ខ​នៅ​ជំរំ​ឃុំឃាំង ជំរំ​ពលកម្ម និង​គុក​ផ្សេង​ៗ​ក្នុង​អំឡុង​និង​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

១៥ យុវជន​ម្នាក់​ជន​ជាតិ​អាឡឺម៉ង់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឈ្មោះ​វៀល​ហែម បាន​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ច្បាស់។ ជា​ជាង​លះ​បង់​ជំនឿ​របស់​ខ្លួន គាត់​នៅ​ស្មោះ​ត្រង់​ពេល​ទាហាន​មួយ​ក្រុម​បាញ់​សម្លាប់​គាត់។ ក្នុង​សំបុត្រ​សុំ​លា​គ្រួសារ​គាត់ គាត់​បាន​សរសេរ​ថា​៖ ​«​សំខាន់​បំផុត យើង​ត្រូវ​ស្រឡាញ់​ព្រះ ដូច​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​យើង​បាន​បង្គាប់។ បើ​យើង​កាន់​ជំហរ​រឹង​មាំ​ចំពោះ​លោក នោះ​លោក​នឹង​ផ្ដល់​រង្វាន់​ឲ្យ​យើង​»។ ច្រើន​ឆ្នាំ​ក្រោយ​មក សមាជិក​ក្រុម​គ្រួសារ​គាត់​បាន​សរសេរ​ក្នុង​អត្ថបទ​ទស្សនាវដ្ដី​ប៉មយាម​មួយ​ថា​៖ ​«​ក្នុង​អំឡុង​គ្រា​ដ៏​ច្របូកច្របល់ ជា​ក្រុម​គ្រួសារ យើង​បាន​បញ្ជាក់​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​»។ បង​ប្អូន​ជា​ច្រើន​ដែល​កំពុង​ស៊ូ​ទ្រាំ​ក្នុង​ទី​ឃុំឃាំង​នៅ​ប្រទេស​អាមេនី អេរីទ្រី កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ឯ​ទៀត មាន​ចិត្ត​គំនិត​ដូច​នេះ​ដែរ។ បង​ប្អូន​ទាំង​នេះ​នៅ​តែ​មាន​ជំហរ​រឹង​មាំ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។

១៦​. តើ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​ប្រទេស​ម៉ាឡាវី​បាន​ស៊ូ​ទ្រាំ​អ្វី​ខ្លះ?

១៦ នៅ​កន្លែង​ជា​ច្រើន មាន​ទុក្ខ​លំបាក​ផ្សេង​ទៀត​ល្បង​ល​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ​របស់​បង​ប្អូន​យើង។ អស់​រយៈ​ពេល​២៦​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ម៉ាឡាវី​បាន​ស៊ូ​ទ្រាំ​ការ​ដាក់​បម្រាម​ពី​រដ្ឋាភិបាល ការ​ប្រឆាំង​ដ៏​សាហាវ និង​អំពើ​ឃោរឃៅ​ជា​ច្រើន​ឯ​ទៀត។ តែ​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គាត់​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ ពេល​ការ​បៀតបៀន​ចាប់​ផ្ដើម​ឡើង មាន​សាក្សី​ព្រះ​យេហូវ៉ា​១៨.០០០​នាក់​ក្នុង​ប្រទេស​នោះ។ សាមសិប​ឆ្នាំ​ក្រោយ​មក ចំនួន​នេះ​បាន​កើន​ឡើង​ជាង​ពីរ​ដង​គឺ​ដល់​៣៨.៣៩៣​នាក់។ ប្រទេស​ឯ​ទៀត​ក៏​មាន​លទ្ធផល​ស្រ​ដៀង​នេះ​ដែរ។

១៧​. តើ​បង​ប្អូន​ខ្លះ​ដែល​កំពុង​រស់​នៅ​ក្នុង​រង្វង់​គ្រួសារ​ដែល​មិន​មាន​ជំនឿ​សាសនា​ដូច​គ្នា ប្រឈម​មុខ​នឹង​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​អាច​ស៊ូ​ទ្រាំ​ការ​ធ្វើ​ទុក្ខ​បាន?

១៧ ការ​បៀតបៀន​ចំ​ៗ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​គឺ​ពិបាក​មែន តែ​ការ​បៀតបៀន​ដែល​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ទទួល​ពី​សមាជិក​គ្រួសារ​គឺ​រឹត​តែ​ពិបាក​ជាង​ទៅ​ទៀត។ ភាព​តាន​តឹង​ប្រហែលជា​អាចម​ក​ពី​អ្នក​ផ្ទះ​ឬ​សាច់​ញាតិ​ជិត​របស់​យើង។ លោក​យេស៊ូ​បាន​ទាយ​ទុក​ថា​ការ​បៀតបៀន​នេះ​នឹង​កើត​មាន​ឡើង ហើយ​បទ​ពិសោធន៍​ដែល​បង​ប្អូន​ជា​ច្រើន​បាន​ឆ្លង​កាត់ បង្ហាញ​ពី​សច្ចភាព​នៃ​ពាក្យ​របស់​លោក។ (​ម៉ាថ. ១០:៣៥, ៣៦​) ក្មេង​ជំទង់​បាន​ស៊ូ​ទ្រាំ​ការ​បៀតបៀន​ពី​មាតាបិតា​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ក្មេង​ជំទង់​ខ្លះ​បាន​ត្រូវ​ក្រុម​គ្រួសារ​បណ្ដេញ​ចេញ​ពី​ផ្ទះ តែ​សាក្សី​ព្រះ​យេហូវ៉ា​បាន​យក​ពួក​គាត់​មក​នៅ​ជា​មួយ​ដោយ​ចិត្ត​សប្បុរស។ ប្អូន​ៗ​ខ្លះ​ទៀត​បាន​ត្រូវ​ក្រុម​គ្រួសារ​កាត់​កាល់។ តើ​អ្វី​បាន​ជួយ​ប្អូន​ៗ​ទាំង​នោះ​ឲ្យ​ស៊ូ​ទ្រាំ​ការ​ធ្វើ​ទុក្ខ? អ្វី​ដែល​បាន​ជួយ​ពួក​គាត់​ឲ្យ​ស៊ូ​ទ្រាំ​គឺ​មិន​គ្រាន់តែ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ទេ តែ​សំខាន់​បំផុត គឺ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ដែល​ពួក​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា​និង​បុត្រ​លោក។—១ពេ. ១:២២; ១យ៉ូន. ៤:២១

១៨​. បើ​គូ​ស្វាមីភរិយា​ជា​គ្រិស្ត​សាសនិក​មាន​សេចក្ដី​ស្រឡាញ់​ដែល​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់ តើ​នេះ​អាច​ជួយ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៨ មាន​ស្ថានភាព​ឯ​ទៀត​ជា​ច្រើន​ក្នុង​ជីវិត​ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ ក្នុង​ចំណង​អាពាហ៍ពិពាហ៍ សេចក្ដី​ស្រឡាញ់​ជួយ​គូ​ស្វាមីភរិយា​ឲ្យ​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថ. ១៩:៦​) ពេល​គូ​ស្វាមីភរិយា​ជា​គ្រិស្ត​សាសនិក​កំពុង​មាន​«​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​»​ នោះ​ពួក​គេ​គួរ​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា​តួ​អង្គ​សំខាន់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ (​១កូ. ៧:២៨​) បណ្ដាំ​របស់​លោក​ចែង​ថា​‹សេចក្ដី​ស្រឡាញ់​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់› ហើយ​ស្វាមី​ភរិយា​ដែល​បំពាក់​ខ្លួន​ដោយ​គុណ​សម្បត្ដិ​នេះ នោះ​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា ព្រម​ទាំង​រក្សា​កុំ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​ប្រេះ​ឆា។—កូឡ. ៣:១៤

១៩​. ក្រោយ​មាន​មហន្តរាយ​ធម្មជាតិ តើ​រាស្ត្រ​របស់​ព្រះ​បាន​ធ្វើ​អ្វី?

១៩ សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​អ្វី​ៗ​ទាំង​អស់​ក្នុង​ពេល​មាន​មហន្តរាយ​ធម្មជាតិ ដូច​ជា​ក្នុង​ករណី​ដែល​មាន​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ពេរូ​ខាង​ត្បូង និង​ខ្យល់​ព្យុះ​កាទ្រីណា​ដែល​បំផ្លិចបំផ្លាញ​តំបន់​ខ្លះ​ជាប់​ឈូង​សមុទ្រ​នៅ​សហរដ្ឋអាម៉េរិក។ បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​បាន​បាត់បង់​ផ្ទះ​សម្បែង​ឬ​ទ្រព្យ​សម្បត្ដិ​ពេល​មាន​មហន្តរាយ​នោះ។ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ទឹក​ចិត្ត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ទូ​ទាំង​ពិភព​លោក​ឲ្យ​ផ្ដល់​ជំនួយ ហើយ​បង​ប្អូន​ជា​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ជួយ​សង់ផ្ទះ​ឡើង​វិញ និង​ជួស​ជុល​សាល​ប្រជុំ។ ការ​ប្រព្រឹត្ត​បែប​នេះ​បង្ហាញ​ថា បង​ប្អូន​យើង​ស្រឡាញ់​ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គ្រប់​ពេល​វេលា​និង​នៅ​ក្រោម​ស្ថានភាព​ណា​ក៏​ដោយ។—យ៉ូន. ១៣:៣៤, ៣៥; ១ពេ. ២:១៧

សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ

២០, ២១​. (​ក​) ហេតុ​អ្វី​បាន​ជា​សេចក្ដី​ស្រឡាញ់​គឺ​ប្រសើរ​ណាស់? (​ខ​) ហេតុ​អ្វី​បាន​ជា​អ្នក​តាំង​ចិត្ត​ខំ​អស់ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ជា​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់?

២០ សព្វ​ថ្ងៃ​នេះ ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​ឃើញ​ថា​ការ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ជា​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់ ជា​អ្វី​ដែល​មាន​ប្រយោជន៍។ ពិត​មែន ការ​ខំ​ធ្វើ​ដូច្នេះ​គឺ​ប្រសើរ​ណាស់​នៅ​គ្រប់​កាលៈទេសៈ។ សូម​កត់​សម្គាល់​របៀប​ដែល​សាវ័ក​ប៉ូល​បាន​ដៅ​បញ្ជាក់​ការ​ពិត​នោះ។ មុន​ដំបូង គាត់​បាន​ប្រាប់​ថា អំណោយ​ផ្សេង​ៗ​ដែល​មក​ពី​សកម្ម​ពល​របស់​ព្រះ​នឹង​ឈាន​ទៅ​រក​ការ​សាប​សូន្យ ហើយ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នឹង​លែង​មាន​លក្ខណៈ​ដូច​ទារក តែ​នឹង​មាន​ភាព​ពេញ​វ័យ​វិញ។ ក្រោយ​មក គាត់​បាន​សន្និដ្ឋាន​ថា​៖ ​«​ឥឡូវ​នេះ មាន​បី​យ៉ាង​ដែល​នៅ​គង់វង្ស គឺ​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ តែ​ក្នុង​ចំណោម​ទាំង​បី​យ៉ាង​នេះ សេចក្ដី​ស្រឡាញ់​គឺ​ឧត្តុង្គឧត្តម​ជាង​គេ​»។—១កូ. ១៣:១៣

២១ នៅ​ទី​បំផុត អ្វី​ដែល​យើង​ជឿ​ទៅ​លើ នឹង​កើត​ឡើង​ប្រាកដ​មែន ហើយ​ក្រោយ​មក​យើង​លែង​ត្រូវ​ការ​ជំនឿ​លើ​អ្វី​នោះ​ទៀត។ សេចក្ដី​សង្ឃឹម​លើ​សេចក្ដី​សន្យា​ដែល​យើង​ចង់​ឲ្យ​សម្រេច​យ៉ាង​ខ្លាំង នោះ​នឹង​លែង​មាន​ត​ទៅ​ទៀត ពេល​ដែល​អ្វី​ៗ​ទាំង​អស់​បាន​ទៅ​ជា​ថ្មី។ ចុះ​ចំពោះ​សេចក្ដី​ស្រឡាញ់​វិញ? សេចក្ដី​ស្រឡាញ់​នឹង​មិន​ចេះ​សាប​សូន្យ​ឬ​ចប់​ឡើយ តែ​នឹង​មាន​នៅ​ជា​និរន្តរ៍​វិញ។ ដោយ​គិត​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ យើង​ប្រាកដជា​ឃើញ​និង​យល់​កាន់​តែ​ច្បាស់​អំពី​លក្ខណៈ​ផ្សេង​ៗ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ បើ​អ្នក​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ ហើយ​ដែល​ជា​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់ នោះ​អ្នក​អាច​នៅ​ជាប់​ជា​រៀង​រហូត។—១យ៉ូន. ២:១៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រយ័ត្ន​នឹង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​មិន​ត្រឹម​ត្រូវ?

តើ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​អ្វី​ខ្លះ?

តើ​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ក្នុង​ន័យ​អ្វី?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣០​]

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០១០​គឺ: ‹​សេចក្ដី​ស្រឡាញ់​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​›។—១កូ. ១៣:៧, ៨

[​រូបភាព​នៅ​ទំព័រ​២៨​]

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ផ្សព្វ​ផ្សាយ

[​រូបភាព​នៅ​ទំព័រ​២៩​]

សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​ប្រទេស​ម៉ាឡាវី​ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក