លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រក្សាចិត្តគំនិតត្រឹមត្រូវចំពោះស្រា

រក្សាចិត្តគំនិតត្រឹមត្រូវចំពោះស្រា

រក្សា​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ស្រា

ឫទ្ធី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​ដើម អាច​មាន​ជីវិត​ប្រសើរ​ជាង បើ​គាត់​ទទួល​ស្គាល់​ថា​គាត់​ផឹក​ស្រា​ហួស​ប្រមាណ។ ប៉ុន្តែ ដោយ​សារ​គាត់​អាច​ផឹក​ស្រា​ច្រើន​ដែល​មើល​ទៅ​ដូច​ជា​មិន​មាន​ឥទ្ធិពល​ទៅ​លើ​គាត់ នោះ​គាត់​ជឿ​ថា​គាត់​គ្មាន​បញ្ហា​ក្នុង​ការ​ផឹក​ស្រា​ទេ។ ហេតុ​អ្វី​បាន​ជា​គាត់​សន្និដ្ឋាន​ខុស​អំពី​ខ្លួន​គាត់?

ការ​ផឹក​ស្រា​ហួស​ប្រមាណ​បាន​ប៉ះ​ពាល់​ដល់​សមត្ថភាព​គិត​ពិចារណា​របស់​គាត់។ ទោះ​ជា​ឫទ្ធី​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ ខួរ​ក្បាល​របស់​គាត់​ដែល​ជា​សរីរាង្គ​ដែល​កាន់​កាប់​លើ​លក្ខណៈ​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​អារម្មណ៍ បាន​ខូច​បង់​ពេល​គាត់​ផឹក​ស្រា​ច្រើន​ជ្រុល។ កាល​ដែល​គាត់​ផឹក​កាន់​តែ​ច្រើន សមត្ថភាព​ខួរ​ក្បាល​គាត់​ក្នុង​ការ​គិត​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​សភាព​ពិត​របស់​គាត់​គឺ​កាន់​តែ​អន់​ថយ​ទៅ។

មូលហេតុ​ទី​២​ដែល​ឫទ្ធី​សន្និដ្ឋាន​ខុស​គឺ​ដោយ​សារ​គាត់​ចង់​រក្សា​យ៉ាង​ខ្លាំង​នូវ​ទម្លាប់​ផឹក​ស្រា​របស់​គាត់។ សំអឿន​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​មុន ដំបូង​គាត់​មិន​ទទួល​ស្គាល់​ថា​គាត់​មាន​បញ្ហា​ក្នុង​ការ​ផឹក​ស្រា​ទេ។ គាត់​សារភាព​ថា៖ «ខ្ញុំ​មិន​ឲ្យ​នរណា​ដឹង​ថា​ខ្ញុំ​ផឹក​ស្រា​ហួស​ប្រមាណ​ទេ តែ​ខ្ញុំ​ខំ​យក​លេស ហើយ​ខំ​ចាត់​ទុក​ការ​ផឹក​ស្រា​ហួស​ប្រមាណ​ជា​រឿង​តូច​តាច។ ខ្ញុំ​មាន​គោល​ដៅ​មួយ ពោល​គឺ​បន្ត​ផឹក​ស្រា​ដោយ​មិន​ទទួល​ស្គាល់​ថា​ខ្ញុំ​មាន​បញ្ហា​នេះ​ទេ»។ ថ្វី​បើ​អ្នក​ឯ​ទៀត​បាន​ឃើញ​ថា​ស្រា​បាន​កាន់​កាប់​ជីវិត​របស់​ឫទ្ធី​និង​សំអឿន​ក៏​ដោយ តែ​ពួក​គាត់​ទាំង​ពីរ​នាក់​ខំ​ប្រាប់​ខ្លួន​ថា​អ្វី​ៗ​ទាំង​អស់​គឺ​ធម្មតា​ទេ។ បុរស​ទាំង​ពីរ​នាក់​ត្រូវ​ចាត់​វិធានការ​ដើម្បី​មិន​ឲ្យ​ស្រា​កាន់​កាប់​ជីវិត​គាត់។ ប៉ុន្តែ តើ​ពួក​គាត់​គួរ​ចាត់​វិធានការ​ណា​ខ្លះ?

ចូរ​ចាត់​វិធានការ!

មនុស្ស​ជា​ច្រើន​ដែល​បាន​ឈប់​ផឹក​ស្រា​ច្រើន​ជ្រុល​បាន​ចាត់​វិធានការ​សម​ស្រប​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​ថា៖ «ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ពី​ព្រោះ​បើ​អ្នក​បាត់​បង់​ភ្នែក​ម្ខាង គឺ​មាន​ប្រយោជន៍ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ»។—ម៉ាថាយ ៥:២៩

លោក​យេស៊ូ​មិន​ចង់​សំដៅ​ទៅ​លើ​ការ​ខ្វេះ​ភ្នែក​មែន​ទែន​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ដៅ​បញ្ជាក់​ក្នុង​ន័យ​ធៀប​ថា យើង​គួរ​សុខ​ចិត្ត​បោះ​បង់​អ្វី​ៗ​ក៏​ដោយ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ។ ពិត​មែន ការ​ចាត់​វិធានការ​នោះ​ប្រហែល​ធ្វើ​ឲ្យ​យើង​ពិបាក​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ណាស់។ ប៉ុន្តែ​នេះ​នឹង​ការ​ពារ​យើង​កុំ​ឲ្យ​មាន​ចិត្ត​គំនិត​និង​ស្ថានភាព​ដែល​នាំ​ឲ្យ​យើង​ផឹក​ស្រា​ហួស​ប្រមាណ។ ដូច្នេះ បើ​អ្នក​ឯ​ទៀត​ប្រាប់​ពី​បារម្ភ​របស់​គេ​ថា​លោក​អ្នក​ផឹក​ស្រា​ច្រើន​ពេក សូម​ចាត់​វិធានការ​ដើម្បី​កាត់​បន្ថយ។ * បើ​លោក​អ្នក​ឃើញ​ច្បាស់​ថា​លោក​អ្នក​មិន​អាច​កាត់​បន្ថយ​បាន​ទេ សូម​សម្រេច​ចិត្ត​ឈប់​ផឹក​ស្រា​តែ​ម្ដង។ ទោះ​ជា​ការ​សម្រេច​ចិត្ត​នេះ​ប្រហែល​ធ្វើ​ឲ្យ​លោក​អ្នក​ពិបាក​ក៏​ដោយ តែ​ទុក្ខ​វេទនា​ក្នុង​ជីវិត​ដែល​មក​ពី​ការ​ផឹក​ស្រា​ច្រើន​ជ្រុល នោះ​ធ្វើ​ឲ្យ​លោក​អ្នក​ពិបាក​ច្រើន​ជាង​ទៅ​ទៀត។

សូម្បី​តែ​លោក​អ្នក​មិន​មែន​ជា​អ្នក​ប្រមឹក​ក៏​ដោយ តើ​លោក​អ្នក​មាន​ទំនោរ​ចិត្ត​ផឹក​ស្រា​ច្រើន​ពេក​ឬ​ទេ? បើ​មែន តើ​លោក​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ស្រា?

វិធី​ដែល​ជួយ​លោក​អ្នក

. មាន​ជំនឿ​ទៅ​លើ​អានុភាព​នៃ​ការ​អធិដ្ឋាន​អស់​ពី​ចិត្ត​និង​ជា​ទៀង​ទាត់។ គម្ពីរ​ឲ្យ​ឱវាទ​នេះ​ដល់​អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដែល​ថា៖ «ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ»។ (ភីលីព ៤:៦, ៧) តើ​លោក​អ្នក​អាច​អធិដ្ឋាន​អំពី​អ្វី​ទើប​អាច​ទទួល​សេចក្ដី​សុខ​សាន្ត​នេះ?

លោក​អ្នក​អាច​សារភាព​ដោយ​ត្រង់​ៗ​ថា​លោក​អ្នក​មាន​បញ្ហា​ខាង​ស្រា ដែល​ជា​បញ្ហា​មួយ​ដែល​លោក​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់។ បើ​លោក​អ្នក​ជម្រាប​ព្រះ​អំពី​គម្រោង​របស់​លោក​អ្នក​ដើម្បី​យក​ឈ្នះ​បញ្ហា​នេះ នោះ​ព្រះ​នឹង​ឲ្យ​ពរ​ដល់​ការ​ព្យាយាម​របស់​លោក​អ្នក​ដើម្បី​ឲ្យ​លោក​អ្នក​បាន​ធូរ​ស្រាល ហើយ​ជៀស​ផុត​ពី​បញ្ហា​ធ្ងន់​ធ្ងរ​ឯ​ទៀត។ គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់​តួ ហើយ​លះ​បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ»។ (សុភាសិត ២៨:១៣) លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​ដែរ​ថា​យើង​អាច​អធិដ្ឋាន​ថា៖ ‹សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ តែ​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ›។ (ម៉ាថាយ ៦:១៣) ប៉ុន្តែ តើ​លោក​អ្នក​អាច​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​បែប​នេះ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​លោក​អ្នក​អាច​ទទួល​ចម្លើយ​ចំពោះ​ការ​អង្វរ​សុំ​របស់​លោក​អ្នក​នៅ​ឯ​ណា?

២. ទទួល​កម្លាំង​ចិត្ត​ពី​បណ្ដាំ​របស់​ព្រះ។ «បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព . . . ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​គំនិត​និង​បំណង​ចិត្ត»។ (ហេប្រឺ ៤:១២) ការ​អាន​និង​រំពឹង​គិត​ពី​ខ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ បាន​ជួយ​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ហួស​ប្រមាណ​ជា​ច្រើន​នាក់។ អ្នក​តែង​ទំនុក​តម្កើង​ដែល​គោរព​កោត​ខ្លាច​ព្រះ​បាន​សរសេរ​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ . . . អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ . . . ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។—ទំនុក​តម្កើង ១:១​-​៣

សំអឿន​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ជួយ​គាត់​ឲ្យ​បំបាត់​ចោល​ទម្លាប់​ផឹក​ស្រា​ហួស​ប្រមាណ។ គាត់​និយាយ​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​និង​គោល​ការណ៍​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈប់​ផឹក​ស្រា ពុំ​នោះ​សោត​ខ្ញុំ​នឹង​ស្លាប់​ជា​ពុំ​ខាន»។

៣. បណ្ដុះ​ការ​ចេះ​ទប់​ចិត្ត។ គម្ពីរ​រៀប​រាប់​ថា​ពួក​អ្នក​ដែល​ធ្លាប់​ជា​មនុស្ស​ប្រមឹក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក បាន​ត្រូវ​លាង​សម្អាត«ដោយ​សកម្មពល​នៃ​ព្រះ​របស់​យើង»។ (កូរិនថូស​ទី​១ ៦:៩​-​១១) តើ​លាង​សម្អាត​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​ដែល​ជួយ​ពួក​គាត់​ឲ្យ​បោះ​បង់​ការ​ផឹក​ស្រា​ឲ្យ​ស្រវឹង ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត គឺ​ដោយ​បណ្ដុះ​ឲ្យ​មាន​ការ​ចេះ​ទប់​ចិត្ត ដែល​ជា​គុណសម្បត្ដិ​មួយ​ដែល​បាន​ត្រូវ​បណ្ដុះ​ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ គម្ពីរ​ចែង​ថា៖ «កុំ​ស្រវឹង​ស្រា​ឡើយ ព្រោះ​នោះ​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ តែ​ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​សកម្មពល​របស់​ព្រះ​ជា​និច្ច»។ (អេភេសូរ ៥:១៨; កាឡាទី ៥:២១​-​២៣) លោក​យេស៊ូ​គ្រិស្ត​បាន​សន្យា​ថា «បិតា . . . ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក»។ ដូច្នេះ «ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល»។—លូកា ១១:៩, ១៣

ពួក​អ្នក​ដែល​ប្រាថ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត អាច​បណ្ដុះ​ឲ្យ​មាន​ការ​ចេះ​ទប់​ចិត្ត​ដោយ​អាន​និងសិក្សា​គម្ពីរ ព្រម​ទាំង​អធិដ្ឋាន​អស់​ពី​ចិត្ត​ជា​រឿយ​ៗ។ ជា​ជាង​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ចូរ​ទទួល​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​ដែល​ថា៖ «អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ អ្នក​នោះ​នឹង​ទទួល​ផល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ពី​សកម្មពល​របស់​ព្រះ។ ដូច្នេះ យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ ព្រោះ​នៅ​ពេល​កំណត់​យើង​នឹង​ទទួល​ផល បើ​យើង​មិន​រសាយ​ចិត្ត​ទេ»។—កាឡាទី ៦:៨, ៩

៤. ជ្រើស​រើស​មិត្ត​ភក្ដិ​ល្អ។ «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី​ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ»។ (សុភាសិត ១៣:២០) សូម​ប្រាប់​មិត្ត​ភក្ដិ​របស់​លោក​អ្នក​អំពី​ការ​តាំង​ចិត្ត​របស់​លោក​អ្នក​ថា​ឈប់​ផឹក​ស្រា​ហួស​ប្រមាណ​ត​ទៅ​ទៀត។ ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​ព្រមាន​ទុក​ជា​មុន​ថា​ពេល​លោក​អ្នក​បោះ​បង់«ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត [និង]ការ​ប្រកួត​គ្នា​ផឹក​ស្រា» នោះ​មិត្ត​ភក្ដិ​ចាស់​ខ្លះ​នឹង«ងឿង​ឆ្ងល់ ហើយ​ចេះ​តែ​និយាយ​ប្រមាថ​អ្នក»។ (ពេត្រុស​ទី​១ ៤:៣, ៤) ចូរ​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​រសាយ​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​ឈប់​ផឹក​ស្រា។

៥. ដាក់​កម្រិត​ឲ្យ​បាន​ច្បាស់​លាស់។ «ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សម​រម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ»។ (រ៉ូម ១២:២) បើ​លោក​អ្នក​ឲ្យ​គោល​ការណ៍​ក្នុង​បណ្ដាំ​របស់​ព្រះ​ជួយ​ដាក់​កម្រិត​សម្រាប់​លោក​អ្នក​ជា​ជាង​ឲ្យ​មិត្ត​ភក្ដិ​ឬ«របៀប​របប​ពិភព​លោក​នេះ»ដាក់​កម្រិត នោះ​លោក​អ្នក​នឹង​មាន​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត។ ប៉ុន្តែ តើ​លោក​អ្នក​អាច​ដាក់​កម្រិត​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​អ្នក​យ៉ាង​ដូច​ម្ដេច?

ការ​ពិសា​ស្រា​ប៉ុន្មាន​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សមត្ថភាព​គិត​ពិចារណា​និង​វែក​ញែក នោះ​គឺ​ច្រើន​ពេក​ហើយ​សម្រាប់​លោក​អ្នក។ ហេតុ​នេះ បើ​លោក​អ្នក​សម្រេច​ចិត្ត​ពិសា​ស្រា គប្បី​ឲ្យ​លោក​អ្នក​ដាក់​កម្រិត​ឲ្យ​បាន​ច្បាស់​លាស់។ បើ​លោក​អ្នក​មាន​បញ្ហា​នេះ សូម​កុំ​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ពិត​ឡើយ។ ចូរ​ដាក់​កម្រិត​ឲ្យ​បាន​ច្បាស់​លាស់​មិន​ឲ្យ​លើស​ពី​កម្រិត​នៃ​ការ​ផឹកដោយ​ចេះ​ប្រមាណ។ កម្រិត​នេះ​គួរ​ជួយ​លោក​អ្នក​មិន​ឲ្យ​ផឹក​ស្រា​ច្រើន​ជ្រុល។

៦. រៀន​ឲ្យ​ចេះ​បដិសេធ។ «គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា‹មែន› គឺ‹មែន› បើ​ថា‹ទេ› គឺ‹ទេ›»។ (ម៉ាថាយ ៥:៣៧) បើ​ម្ចាស់​ផ្ទះ​ដែល​មិន​យល់​ពី​បញ្ហា​របស់​លោក​អ្នក​ខំ​អញ្ជើញ​ឲ្យ​ពិសា​ស្រា​ដោយ​សេចក្ដី​សប្បុរស សូម​រៀន​ឲ្យ​ចេះ​បដិសេធ​ដោយ​គួរ​សម។ «ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ»។—កូឡុស ៤:៦

៧. ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ដែល​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក​អ្នក។ ចូរ​សុំ​ការ​គាំទ្រ​ពី​មិត្ត​ភក្ដិ​ដែល​អាច​ជួយ​លោក​អ្នក​ឲ្យ​រក្សា​ការ​សម្រេច​ចិត្ត​មិន​ផឹក​ស្រា​ហួស​ប្រមាណ ហើយ​ដែល​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ «មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ»។ (សាស្ដា ៤:៩, ១០; យ៉ាកុប ៥:១៤, ១៦) វិទ្យាស្ថាន​ជាតិ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ឲ្យ​ឱវាទ​ដូច​គ្នា​ថា៖ «ជួន​កាល ការ​បន្ថយ​ការ​ផឹក​ស្រា​ប្រហែល​ជា​ពិបាក។ ចូរ​សុំ​ជំនួយ​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក​អ្នក» (The National Institute on Alcohol Abuse and Alcoholism)។

៨. កាន់​ខ្ជាប់​ការ​សម្រេច​ចិត្ត​របស់​លោក​អ្នក «ចូរ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ មិន​គ្រាន់​តែ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ដោយ​បញ្ឆោត​ខ្លួន​តាម​ការ​វែក​ញែក​ខុស​នោះ​ទេ។ ប៉ុន្តែ​អ្នក​ដែល​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរី​ភាព ហើយ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​និច្ច អ្នក​នោះ​នឹង​មាន​សុភមង្គល​ក្នុង​ការ​នោះ ពី​ព្រោះ​អ្នក​នោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​ការ​នោះ មិន​មែន​ជា​អ្នក​ដែល​ឮ​រួច​ភ្លេច​ទៅ​វិញ​ទេ»។—យ៉ាកុប ១:២២, ២៥

ការ​កាត់​ផ្ដាច់​ពី​ការ​ញៀន​ស្រា

មិន​មែន​មនុស្ស​ទាំង​អស់​ដែល​ផឹក​ស្រា​ហួស​ប្រមាណ​ក្លាយ​ទៅ​ជា​អ្នក​ប្រមឹក​ទេ។ ប៉ុន្តែ អ្នក​ខ្លះ​ចាប់​ផ្ដើម​ផឹក​ស្រា​ច្រើន​ឬ​ជា​ញឹក​ញយ​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ក្លាយ​ជា​អ្នក​ញៀន​ស្រា។ ពួក​អ្នក​ដែល​ញៀន​ស្រា​ត្រូវ​ការ​ស្រា​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​និង​ខាង​ផ្លូវ​កាយ ហេតុ​នេះ ការ​ប្ដេជ្ញា​ចិត្ត​និង​ជំនួយ​ពី​គម្ពីរ​ដើម្បី​កាត់​ផ្ដាច់​ការ​ញៀន​ស្រា​ប្រហែល​ជា​មិន​គ្រប់​គ្រាន់​ទេ។ សំអឿន​នឹក​ចាំ​ថា៖ «ពេល​ខ្ញុំ​ផ្ដាច់​ស្រា ខ្លួន​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់។ ពេល​នោះ​ខ្ញុំ​ដឹង​ថា​ក្រៅ​ពី​ជំនួយ​ពី​គម្ពីរ ខ្ញុំ​ត្រូវ​ការ​ការ​ព្យាបាល»។

អ្នក​ផឹក​ស្រា​ជា​ច្រើន​នាក់​ត្រូវ​ការ​ការ​ព្យាបាល​ដើម្បី​ផ្ដាច់​ស្រា ហើយ​ឈប់​ពាល់​ស្រា​ទៀត នេះ​ជួយ​ពួក​គាត់​ឲ្យ​កាន់​ជំហរ​មាំ​មួន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ត្រឹម​ត្រូវ។ * ពេល​មនុស្ស​ផ្ដាច់​ស្រា ពួក​គេ​ប្រហែល​ជា​មាន​ការ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឬ​ត្រូវ​ការ​ថ្នាំ​ដើម្បី​កាត់​បន្ថយ​ចំណង់​ខ្លាំង​ចង់​ផឹក​ស្រា និង​ដើម្បី​ជួយ​កុំ​ឲ្យ​ផឹក​ស្រាត​ទៅ​ទៀត។ បុត្រ​របស់​ព្រះ​ដែល​ធ្វើ​កិច្ច​ការ​អស្ចារ្យ​បាន​កត់​សម្គាល់​ថា៖ «អ្នក​ដែល​មាន​សុខភាព​មាំ​មួន​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ»។—ម៉ាកុស ២:១៧

ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ

ដំបូន្មាន​ដ៏​ល្អ​ដែល​មាន​ក្នុង​គម្ពីរ​ស្តី​អំពី​ស្រា​គឺ​មក​ពី​ព្រះ​ដ៏​ពិត ដែល​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត មិន​ត្រឹម​តែ​នៅ​ឥឡូវ​នេះ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អនាគត​យូរ​អង្វែង​ដែរ។ ម្ភៃ​បួន​ឆ្នាំ​ក្រោយ​សំអឿន​ផ្ដាច់​ស្រា គាត់​នឹក​ចាំ​ថា៖ «គឺ​អស្ចារ្យ​ណាស់​ដោយ​ដឹង​ថា​ខ្ញុំ​អាច​មាន​ជីវិត​ប្រសើរ​ជាង ហើយ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​ខ្ញុំ​កែ​តម្រង់​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​ក្នុង​ជីវិត ថែម​ទាំង​ដឹង​ថា លោក . . . »។ សំអឿន​ផ្អាក​ហើយ​ទប់​ទឹក​ភ្នែក ពេល​ដែល​នឹក​ឃើញ​រឿង​ដើម​នាំ​ឲ្យ​គាត់​រំជួល​ចិត្ត ហើយ​បន្ត​និយាយ​ថា៖ «អ្ហា . . . ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​យល់ យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ជំនួយ​ដែល​ខ្ញុំ​ត្រូវ​ការ នេះ​ហើយ​ជា​អ្វី​ដ៏​អស្ចារ្យ​មែន»។

ដូច្នេះ បើ​លោក​អ្នក​ផឹក​ស្រា​ច្រើន​ជ្រុល​ឬ​ញៀន​ស្រា កុំ​ប្រញាប់​អស់​សង្ឃឹម​ពេក។ សំអឿន​និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ធ្លាប់​មាន​សភាព​ដូច​លោក​អ្នក​កំពុង​មាន​ដែរ ហើយ​ពួក​គាត់​បាន​បន្ថយ​ការ​ផឹក​ស្រា​ឬ​ឈប់​ផឹក​ស្រា​តែ​ម្ដង។ ពួក​គាត់​មិន​ស្ដាយ​ក្រោយ​ទេ ហើយ​លោក​អ្នក​ក៏​នឹង​ដូច​គ្នា​ដែរ។

ទោះ​ជា​លោក​អ្នក​សម្រេច​ចិត្ត​ពិសា​ស្រា​ដោយ​ចេះ​ប្រមាណ​ឬ​ក៏​មិន​ពិសា​ស្រា​ក៏​ដោយ សូម​ធ្វើ​តាម​សំណូម​ពរ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​ថា៖ ‹ឱ​បើ​អ្នក​បាន​ស្ដាប់​តាម​បញ្ញត្ដិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ នោះ​សេចក្ដី​សុខ​របស់​អ្នក​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​អ្នក នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ›។—អេសាយ ៤៨:១៨

[កំណត់​សម្គាល់]

^ វគ្គ 24 មាន​កន្លែង​ព្យាបាល មន្ទីរ​ពេទ្យ និង​ការ​ព្យាបាល​ជា​ច្រើន​ដែល​អាច​ជួយ​ពួក​អ្នក​ដែល​សម្រេច​ចិត្ត​ផ្ដាច់​ស្រា។ ទស្សនាវដ្ដី​ប៉ម​យាម​មិន​លើក​តម្កើង​ការ​ព្យាបាល​ណា​មួយ​ឡើយ។ គប្បី​ឲ្យ​បុគ្គល​ម្នាក់​ៗ​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​វិធី​ព្យាបាល ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ដែល​មិន​ខុស​នឹង​គោល​ការណ៍​គម្ពីរ។

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​៨]

 តើ​ខ្ញុំ​ឲ្យ​ស្រា​កាន់​កាប់​ជីវិត​ខ្ញុំ​ឬ​ទេ?

លោក​អ្នក​អាច​សួរ​ខ្លួន​ថា៖

• តើ​ខ្ញុំ​ផឹក​ស្រា​ច្រើន​ជាង​មុន​ឬ?

• តើ​ខ្ញុំ​ផឹក​ស្រា​ញឹក​ញយ​ជាង​មុន​ឬ​ទេ?

• តើ​ខ្ញុំ​ផឹក​ស្រា​ខ្លាំង​ជាង​ឬ?

• តើ​ខ្ញុំ​ផឹក​ស្រា​ដើម្បី​បន្ធូរ​ភាព​តាន​តឹង​ចិត្ត​ឬ​បំភ្លេច​បញ្ហា​ឬ​ទេ?

• តើ​មិត្ត​ភក្ដិ​ឬ​សមាជិក​គ្រួសារ​របស់​ខ្ញុំ​បាន​ប្រាប់​ថា ពួក​គាត់​បារម្ភ​អំពី​ការ​ផឹក​ស្រា​របស់​ខ្ញុំ​ឬ?

• តើ​ការ​ផឹក​ស្រា​បង្ក​ឲ្យ​ខ្ញុំ​មាន​បញ្ហា​នៅ​ផ្ទះ កន្លែង​ធ្វើ​ការ​ឬ​ពេល​ឈប់​សម្រាក​ពី​ការងារ​ឬ​ទេ?

• បើ​ខ្ញុំ​មិន​ផឹក​ស្រា​អស់​មួយ​សប្ដាហ៍ តើ​ជា​ការ​ពិបាក​សម្រាប់​ខ្ញុំ​ឬ?

• ពេល​អ្នក​ឯ​ទៀត​មិន​ផឹក​ស្រា តើ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ មិន​ស្រួល​ឬ?

• តើ​ខ្ញុំ​លាក់​មិន​ឲ្យ​គេ​ដឹង​ថា​ខ្ញុំ​ផឹក​ស្រា​ច្រើន​ប៉ុណ្ណា​ឬ​ទេ?

ប្រសិន​បើ​លោក​អ្នក​ឆ្លើយ​ថា​មែន ចំពោះ​សំណួរ​មួយ​ឬ​ច្រើន​ជាង លោក​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ចាត់​វិធានការ ដើម្បី​មិន​ឲ្យ​ស្រា​កាន់​កាប់​ជីវិត​លោក​អ្នក។

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​៩]

ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ស្តី​អំពី​ស្រា

មុន​ពិសា​ស្រា សូម​គិត​ពិចារណា៖

តើ​ខ្ញុំ​គួរ​ផឹក​ឬ​មិន​គួរ​ផឹក​ស្រា?

យោបល់: បុគ្គល​ដែល​មិន​ចេះ​ដាក់​កម្រិត​លើ​ការ​ផឹក​ស្រា​មិន​គួរ​ផឹក​ឡើយ។

តើ​ខ្ញុំ​គួរ​ផឹក​ស្រា​ប៉ុន្មាន?

យោបល់: ចូរ​ដាក់​កម្រិត​ក្នុង​ការ​ផឹក​ស្រា មុន​ស្រា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សមត្ថភាព​គិត​ពិចារណា​របស់​លោក​អ្នក។

តើ​ខ្ញុំ​នឹង​ផឹក​ស្រា​នៅ​ពេល​ណា?

យោបល់: កុំ​ផឹក​ស្រា​មុន​បើក​បរ មុន​ធ្វើ​កិច្ចការ​ដែល​លោក​អ្នក​ត្រូវ​ប្រុង​ស្មារតី មុន​កម្ម​វិធី​សាសនា ពេល​មាន​ផ្ទៃ​ពោះ ឬ​ពេល​លេប​ថ្នាំ​ខ្លះ​ៗ។

តើ​ខ្ញុំ​នឹង​ផឹក​ស្រា​នៅ​កន្លែង​ណា?

យោបល់: នៅ​កន្លែង​ថ្លៃ​ថ្នូរ​និង​ល្អ មិន​មែន​ផឹក​ដោយ​លួច​លាក់ ឬ​មិន​នៅ​មុខ​ពួក​អ្នក​ដែល​ទើស​ចិត្ត​នឹង​ការ​ផឹក​ស្រា។

តើ​ខ្ញុំ​នឹង​ផឹក​ស្រា​ជា​មួយ​នរណា?

យោបល់: ជា​មួយ​មិត្ត​និង​សមាជិក​គ្រួសារ​ដែល​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​លោក​អ្នក មិន​មែន​ជា​មួយ​ពួក​អ្នក​ដែល​មាន​បញ្ហា​ក្នុង​ការ​ផឹក​ស្រា​ទេ។

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​១០]

បណ្ដាំ​របស់​ព្រះ ជួយ​បុរស​ម្នាក់ ដែល​ធ្លាប់​ជា​អ្នក​ប្រមឹក

នៅ​ប្រទេស​ថៃ​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ូ​ផុត ធ្លាប់​ជា​អ្នក​ផឹក​ស្រា​ច្រើន​ជ្រុល។ ដំបូង​ឡើយ គាត់​ផឹក​ស្រា​តែ​នៅ​ពេល​ល្ងាច​ប៉ុណ្ណោះ។ បន្ដិច​ម្ដង​ៗ គាត់​ចាប់​ផ្ដើម​ផឹក​ស្រា​ពេល​ព្រឹក ហើយ​ក្រោយ​មក​ក៏​ផឹក​ពេល​បាយ​ថ្ងៃ​ត្រង់​ដែរ។ គាត់​ផឹក​ស្រា​ឲ្យ​តែ​ស្រវឹង​ជា​រឿយ​ៗ។ តែ​បន្ទាប់​មក គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ក្រោយ​ពី​រៀន​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រមឹក​ស្រា នោះ​គាត់​ក៏​បាន​ផ្ដាច់​ស្រា។ ក៏​ប៉ុន្តែ អស់​មួយ​រយៈ​ពេល គាត់​បែរ​ជា​មាន​ទម្លាប់​ផឹក​ស្រា​ម្ដង​ទៀត។ ក្រុម​គ្រួសារ​របស់​គាត់​ពិបាក​ចិត្ត​ណាស់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស៊ូ​ផុត​នៅ​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ត្រឹម​ត្រូវ។ មិត្ត​ភក្ដិ​របស់​ស៊ូ​ផុត​នៅ​តែ​ជួយ​គាត់ ហើយ​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​គាត់ និង​ឲ្យ​ជួយ​គាត់​ត​ទៅ​ទៀត។ បទ​គម្ពីរ​នៅ​កូរិនថូស​ទី​១ ៦:១០ ដែល​បាន​ចែង​យ៉ាង​ចំ​ៗ​ថា ‹អ្នក​ប្រមឹក​ស្រា​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ› នោះ​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា គាត់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​មែន។ គាត់​ទទួល​ស្គាល់​ថា គាត់​ត្រូវ​តាំង​ចិត្ត​យ៉ាង​មោះ​មុត​ដើម្បី​ជម្រុះ​ចោល​នូវ​ទម្លាប់​ផឹក​ស្រា​របស់​គាត់។

លើក​នេះ ស៊ូ​ផុត​បាន​តាំង​ចិត្ត​ផ្ដាច់​ស្រា​ទាល់​តែ​បាន។ នៅ​ទី​បំផុត ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ពី​ឱវាទ​ក្នុង​បណ្ដាំ​របស់​លោក និង​ជំនួយ​ពី​គ្រួសារ​ព្រម​ទាំង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ នោះ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ស៊ូ​ផុត ហើយ​ជួយ​គាត់​ឲ្យ​បំបាត់​ចោល​ចំណង់​ផឹក​ស្រា។ គ្រួសារ​របស់​គាត់​ត្រេក​អរ​ពន់​ពេក ពេល​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​តំណាង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។ ឥឡូវ​ស៊ូ​ផុត​រីករាយ​ដោយ​សារ​មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ដូច​សេចក្ដី​ប្រាថ្នា​របស់​គាត់ ហើយ​គាត់​ប្រើ​ពេល​វេលា​របស់​គាត់​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ។