លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះយេហូវ៉ា?

ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះយេហូវ៉ា?

ហេតុ​អ្វី​អ្នក​គួរ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

«ទេវតា​មួយ​រូប​របស់​ព្រះ​ដែល​ខ្ញុំ​គោរព​ប្រណិប័តន៍​និង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន បាន​ឈរ​នៅ​ជិត​ខ្ញុំ»។—សកម្ម. ២៧:២៣

១. តើ​ពួក​អ្នក​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ធ្វើ​អ្វី​ខ្លះ​រួច​ហើយ? តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

នៅ ក្នុង​សេចក្ដី​បញ្ចប់​នៃ​សុន្ទរកថា​សម្រាប់​ពួក​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក មាន​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ពីរ​ដែល​ពួក​គេ​ត្រូវ​ឆ្លើយ​គឺ៖ «ដោយ​មាន​មូលដ្ឋាន​លើ​ការ​បូជា​ជីវិត​នៃ​លោក​យេស៊ូ​គ្រិស្ត តើ​អ្នក​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​អ្នក ហើយ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ឬ​ទេ?»។ ហេតុ​អ្វី​បាន​ជា​ពួក​គ្រិស្ត​សាសនិក​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា? តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង ដរាប​ណា​យើង​ប្រគល់​ខ្លួន​ជូន​លោក? ដើម្បី​យល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ យើង​ត្រូវ​ពិចារណា​ជា​មុន​សិន​ថា តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ជា​អ្វី?

២. តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​មាន​ន័យ​អ្វី?

តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​មាន​ន័យ​អ្វី? សូម​កត់​សម្គាល់​របៀប​ដែល​សាវ័ក​ប៉ូល​បាន​ពណ៌នា​អំពី​ចំណង​មេត្រី​ភាព​របស់​គាត់​ជា​មួយ​ព្រះ។ នៅ​មុខ​មនុស្ស​ជា​ច្រើន​លើ​សំពៅ​ដែល​ហៀប​នឹង​លិច គាត់​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា ជា«ព្រះ​ដែល​ខ្ញុំ​គោរព​ប្រណិប័តន៍»។ (សូម​អាន សកម្មភាព ២៧:២២​-​២៤) គ្រិស្ត​សាសនិក​ពិត​ទាំង​ឡាយ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ មនុស្ស​ជា​ទូទៅ​ក្នុង​ពិភព​លោក​ស្ថិត«ក្រោម​អំណាច​របស់​មេ​កំណាច»។ (១យ៉ូន. ៥:១៩) ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​ព្រះ​របស់​ពួក​គ្រិស្ត​សាសនិក ពេល​លោក​ទទួល​ការ​ប្រគល់​ខ្លួន​ដែល​ពួក​គេ​បាន​ធ្វើ​តាម​រយៈ​ការ​អធិដ្ឋាន។ ការ​ប្រគល់​ខ្លួន​នេះ​គឺ​ជា​សម្បថ​មួយ​ដែល​បុគ្គល​ម្នាក់​ធ្វើ​ដោយ​ខ្លួន​ឯង។ ក្រោយ​មក បុគ្គល​នោះ​ទទួល​ការ​ជ្រមុជ​ទឹក។

៣. តើ​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​តំណាង​អ្វី? ហើយ​តើ​ពួក​អ្នក​កាន់​តាម​លោក​អាច​យក​តម្រាប់​តាម​គំរូ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​ទុក​គំរូ​ឲ្យ​យើង​ពេល​លោក​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​លោក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ តាម​ពិត លោក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​រួច​ហើយ ព្រោះ​លោក​បាន​កើត​ក្នុង​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។ ក៏​ប៉ុន្តែ ពេល​លោក​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ធ្វើ​អ្វី​មួយ​ដែល​ច្បាប់​មិន​បាន​តម្រូវ។ បណ្ដាំ​របស់​ព្រះ​បង្ហើប​ឲ្យ​ដឹង​ថា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ឱ​ព្រះ​អើយ មើល! ខ្ញុំ​មក . . . ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក»។ (ហេ. ១០:៧; លូក. ៣:២១) ដូច្នេះ ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​តំណាង​ការ​បង្ហាញ​ខ្លួន​ចំពោះ​ព្រះ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា។ ពួក​អ្នក​កាន់​តាម​លោក​យក​តម្រាប់​តាម​គំរូ​របស់​លោក​ពេល​ពួក​គេ​ទទួល​ការ​ជ្រមុជទឹក។ ប៉ុន្តែ ចំពោះ​ពួក​គេ​វិញ ការ​ជ្រមុជ​ទឹក​ជា​ការ​បង្ហាញ​ជា​សាធារណៈ​ថា ពួក​គេ​បាន​អធិដ្ឋាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​ផ្ទាល់។

របៀប​ដែល​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍

៤. តើ​ចំណង​មិត្តភាព​រវាង​ដាវីឌ​និង​យ៉ូណាថាន​បង្ហាញ​យើង​អ្វី​ខ្លះ​ស្តី​អំពី​ការ​សន្យា​ឬ​ការ​ប្ដេជ្ញា​ចិត្ត?

ការ​ប្រគល់​ខ្លួន​របស់​គ្រិស្ត​សាសនិក​ជា​រឿង​ធ្ងន់​ធ្ងរ​មួយ មិន​គ្រាន់​តែ​ជា​ការ​សន្យា​ឬ​ការ​ប្ដេជ្ញា​ចិត្ត​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? តាម​រយៈ​ការ​ប្រៀប​ធៀប សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​សេចក្ដី​សន្យា​ដែល​មនុស្ស​ធ្វើ​ជា​មួយ​គ្នា​នាំ​ឲ្យ​មាន​ប្រយោជន៍។ ឧទាហរណ៍​មួយ​គឺ​អំពី​ចំណង​មិត្តភាព។ ដើម្បី​ទទួល​ប្រយោជន៍​ពី​ចំណង​មិត្តភាព អ្នក​ត្រូវ​ទទួល​ភារកិច្ច​ដែល​អ្នក​មាន​ក្នុង​នាម​ជា​មិត្ត។ នេះ​រួម​បញ្ចូល​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នក​ដែល​ថា អ្នក​មាន​កាតព្វកិច្ច​យក​ចិត្ត​ទុក​ដាក់​នឹង​មិត្ត​ភក្ដិ។ គម្ពីរ​បាន​ពណ៌នា​អំពី​ចំណង​មិត្តភាព​ដ៏​ល្អ​អស្ចារ្យ​មួយ ពោល​គឺ​ចំណង​មិត្តភាព​រវាង​ដាវីឌ​និង​យ៉ូណាថាន។ ពួក​គាត់​ក៏​បាន​តាំង​សញ្ញា​ឬ​សន្យា​ថា​នឹង​ធ្វើ​ជា​មិត្ត​សំឡាញ់​នឹង​គ្នា។ (សូម​អាន សាំយូអែល​ទី​១ ១៧:៥៧; ១៨:១, ) ទោះ​ជា​កម្រ​មាន​ចំណង​មិត្តភាព​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​បែប​នេះ​ក៏​ដោយ តែ​ចំណង​មិត្តភាព​ជា​ច្រើន​នឹង​រឹត​តែ​រឹង​មាំ ពេល​មិត្ត​ភក្ដិ​តាំង​ចិត្ត​ស្មោះ​នឹង​គ្នា។—សុភ. ១៧:១៧; ១៨:២៤

៥. ដោយ​សារ​ខ្ញុំ​បម្រើ​មាន​ម្ចាស់​ល្អ តើ​គាត់​អាច​ទទួល​ប្រយោជន៍​ជា​រៀង​រហូត​យ៉ាង​ដូច​ម្ដេច?

ច្បាប់​ដែល​ព្រះ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ពណ៌នា​អំពី​ទំនាក់​ទំនង​មួយ​ទៀត​ដែល​មនុស្ស​អាច​ទទួល​ប្រយោជន៍​ដោយ​ធ្វើ​ការ​សន្យា​មួយ។ ប្រសិន​បើ​បាវ​ឬ​ខ្ញុំ​បម្រើ​ម្នាក់​ចង់​នៅ​រហូត​ជា​មួយ​ចៅហ្វាយ​ឬ​ម្ចាស់​ល្អ គាត់​អាច​ធ្វើ​ការ​សន្យា​ជា​មួយ​ម្ចាស់ ជា​ការ​សន្យា​ដែល​ស្ថិត​ស្ថេរ​និង​មិន​អាច​កែ​បាន។ ច្បាប់​នោះ​ចែង​ថា៖ «បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ នឹង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចង់​ចេញ​ទៅ​ទេ នោះ​ចៅហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្ដី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ​បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅហ្វាយ​ជា​ដរាប​ទៅ»។—និក្ខ. ២១:៥, ៦

៦, ៧. (ក) តើ​ការ​សន្យា​ឬ​ការ​ប្ដេជ្ញា​ចិត្ត​នាំ​ឲ្យ​មនុស្ស​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? (ខ) តើ​នេះ​បញ្ជាក់​អ្វី​ស្តី​អំពី​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា?

អាពាហ៍ពិពាហ៍​ជា​ចំណង​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​សំខាន់​មួយ។ នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​មនុស្ស​ម្នាក់​មិន​មែន​ចំពោះ​កិច្ច​សន្យា​ណា​មួយ​ទេ។ មនុស្ស​ដែល​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ​មិន​អាច​មាន​ទំនុក​ចិត្ត​ពិត​ប្រាកដ​ថា គូ​របស់​ខ្លួន​នឹង​នៅ​ជា​មួយ​គាត់​រហូត​ទេ​បើ​មាន​បញ្ហា ហើយ​សូម្បី​តែ​កូន​របស់​ពួក​គេ​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ ប៉ុន្តែ គូ​ដែល​ប្ដេជ្ញា​ចិត្ត​ប្ដូរ​ផ្ដាច់​ជា​មួយ​គ្នា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ដែល​ពួក​គេ​ចាត់​ទុក​ជា​អ្វី​ដែល​មាន​តម្លៃ នោះ​ពួក​គេ​មាន​មូលហេតុ​ធ្វើ​តាម​បទ​គម្ពីរ​ដែល​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដោយ​សេចក្ដី​ស្រឡាញ់។—ម៉ាថ. ១៩:៥, ៦; ១កូ. ១៣:៧, ៨; ហេ. ១៣:៤

នៅ​សម័យ​គម្ពីរ ពេល​មនុស្ស​ធ្វើ​កិច្ច​សន្យា​ដែល​មិន​អាច​កែ​បាន​ក្នុង​ពាណិជ្ជកម្ម​និង​ការងារ នោះ​ពួក​គេ​ទទួល​ប្រយោជន៍។ (ម៉ាថ. ២០:១, ២,) សព្វ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ។ ជា​ឧទាហរណ៍ មុន​យើង​សម្រេច​ចិត្ត​ចាប់​ផ្ដើម​ចូល​ហ៊ុន​គ្នា​រក​ស៊ី ឬ​ចាប់​ផ្ដើម​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ណា​មួយ យើង​ទទួល​ប្រយោជន៍​បើ​មាន​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ​ដែល​មិន​អាច​កែ​ប្រែ​បាន។ ដូច្នេះ ការ​សន្យា​ឬ​ការ​ប្ដេជ្ញា​ចិត្ត​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​រឹត​តែ​ល្អ​ក្នុង​ចំណង​មិត្តភាព អាពាហ៍ពិពាហ៍ និង​ការងារ​រក​ស៊ី តែ​បើ​យើង​ប្រគល់​ខ្លួន​ដោយ​ឥត​សំចៃ​ជូន​ព្រះ​វិញ នោះ​យើង​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង​ទៅ​ទៀត​ក្នុង​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា! ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​មនុស្ស​ពី​សម័យ​មុន​បាន​ទទួល​ប្រយោជន៍​ពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា និង​របៀប​ដែល​បញ្ជាក់​ថា​នេះ​មិន​គ្រាន់​តែ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ប៉ុណ្ណោះ​ទេ។

របៀប​ដែល​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ នាំ​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​ទទួល​ប្រយោជន៍

៨. តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​មាន​ន័យ​អ្វី​ចំពោះ​ប្រជាជាតិ​អ៊ីស្រាអែល?

ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​មូល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ពេល​ពួក​គេ​ស្បថ​ចំពោះ​លោក។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​មក​ជួប​ជុំ​គ្នា​នៅ​ជិត​ភ្នំ​ស៊ីណាយ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍»។ បណ្ដា​ជន​ទាំង​ឡាយ​បាន​ឆ្លើយ​ដោយ​ព្រម​ចិត្ត​គ្នា​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក»។ (និក្ខ. ១៩:៤​-​៨) ចំពោះ​ប្រជាជាតិ​អ៊ីស្រាអែល ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​មាន​ន័យ​ជ្រៅ​ជាង​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​មួយ។ នេះមាន​ន័យ​ថា ព្រះ​យេហូវ៉ា​ជា​ម្ចាស់​របស់​ពួក​គេ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដូច​ជា​ពួក​គេ«ជា​របស់​ផង»លោក។

៩. តើ​ប្រជាជាតិ​អ៊ីស្រាអែល​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ?

ដោយ​សារ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​របស់​ផង​ព្រះ​យេហូវ៉ា ពួក​គេ​បាន​ទទួល​ប្រយោជន៍។ លោក​ស្មោះ​ត្រង់ ហើយ​ថែ​រក្សា​ពួក​គេ​ដូច​ជា​មាតា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ថែ​រក្សា​កូន។ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​ប្រជាជាតិ​អ៊ីស្រាអែល​ថា៖ «តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ»។ (អេ. ៤៩:១៥) ព្រះ​យេហូវ៉ា​បាន​ណែនាំ​ពួក​គេ​តាម​រយៈ​ច្បាប់ លើក​ទឹក​ចិត្ត​ពួក​គេ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​ការ​ពារ​ពួក​គេ​ដោយ​ប្រើ​ពួក​ទេវតា។ អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា៖ «ទ្រង់​សំដែង​ព្រះ​បន្ទូល​ដល់​យ៉ាកុប ហើយ​បញ្ញត្ដិ នឹង​ច្បាប់​របស់​ទ្រង់​ដល់​អ៊ីស្រាអែល ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀត​យ៉ាង​នោះ​ឡើយ»។ (ទំនុក. ១៤៧:១៩, ២០; សូម​អាន ទំនុក​តម្កើង ៣៤:៧, ១៩; ៤៨:១៤) ដូច​ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​ប្រជាជាតិ​ដែល​ជា​របស់​លោក​នៅ​សម័យ​មុន លោក​ក៏​នឹង​ថែ​រក្សា​ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

មូលហេតុ​ដែល​យើង​គួរ​ប្រគល់​ខ្លួន​ជូន​ព្រះ

១០, ១១. តើ​មនុស្ស​យើង​កើត​មក​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​ឬ? សូម​ពន្យល់។

១០ ពេល​មនុស្ស​ខ្លះ​គិត​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹ហេតុ​អ្វី​ខ្ញុំ​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​មិន​ចាំ​បាច់​ប្រគល់​ខ្លួន​ជូន​លោក?›។ យើង​យល់​មូលហេតុ​យ៉ាង​ច្បាស់​លាស់ ពេល​យើង​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​ដែល​លោក​មាន​ចំពោះ​យើង​ឥឡូវ​នេះ។ សូម​ចាំ​ថា ដោយ​សារ​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​ពេល​យើង​កើត​មក យើង​មិន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​ឡើយ។ (រ៉ូម ៣:២៣; ៥:១២) ដូច្នេះ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​ដើម្បី​ព្រះ​ទទួល​យើង​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ។

១១ ក្នុង​ចំណោម​មនុស្សជាតិ​ទាំង​ឡាយ គ្មាន​នរណា​ម្នាក់​មាន​ឪពុក​បង្កើត​ដែល​អាច​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដូច​បំណង​របស់​ព្រះ​ឡើយ។ (១ធី. ៦:១៩) មនុស្ស​យើង​មិន​កើត​មក​ជា​បុត្រ​របស់​ព្រះ​ទេ ពី​ព្រោះ​ពេល​គូ​ស្វាមីភរិយា​ដំបូង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង មនុស្សជាតិ​បាន​ត្រូវ​កាត់​ផ្ដាច់​ចេញ​ពី​បិតា​និង​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ជា​អ្នក​បង្កើត​របស់​ពួក​គេ។ (សូម​ពិនិត្យ​បន្ថែម ចោទិយកថា ៣២:៥) តាំង​ពី​ពេល​នោះ​មក មនុស្សជាតិ​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា ហើយ​នៅ​ក្រៅ​ក្រុម​គ្រួសារ​របស់​លោក។

១២. (ក) តើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​ក្លាយ​ទៅ​ជា​សមាជិក​គ្រួសារ​របស់​ព្រះ​បាន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​មាន​ដំណាក់​កាល​ណា​ខ្លះ​ដែល​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​មុន​ទទួល​ការ​ជ្រមុជ​ទឹក?

១២ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ម្នាក់​ៗ​អាច​សុំ​ឲ្យ​ព្រះ​ទទួល​យក​យើង​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ដែល​មាន​សុទ្ធ​តែ​អ្នក​បម្រើ​ដែល​លោក​ពេញ​ចិត្ត។ * តើ​យើង​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អាច​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ តាម​រយៈ​សេចក្ដី​ស្លាប់​នៃ​បុត្រ​របស់​លោក កាល​ដែល​យើង​នៅ​ជា​សត្រូវ»។ (រ៉ូម ៥:១០) ពេល​យើង​ទទួល​ការ​ជ្រមុជ​ទឹក យើង​សុំ​ឲ្យ​ព្រះ​ផ្ដល់​នូវ​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ដើម្បី​ឲ្យ​លោក​ទទួល​យក​យើង។ (១ពេ. ៣:២១) ប៉ុន្តែ មុន​ការ​ជ្រមុជ​ទឹក មាន​ដំណាក់​កាល​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ធ្វើ​ដូច​ជា យើង​ត្រូវ​ស្គាល់​ព្រះ ចេះ​ទុក​ចិត្ត​លោក ប្រែ​ចិត្ត ហើយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​យើង​ជា​ដើម។ (យ៉ូន. ១៧:៣; សកម្ម. ៣:១៩; ហេ. ១១:៦) ម្យ៉ាង​ទៀត មាន​អ្វី​មួយ​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​មុន​ព្រះ​អាច​ទទួល​យើង​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក។ តើ​នោះ​ជា​អ្វី?

១៣. ហេតុ​អ្វី​សម​ហេតុ​សម​ផល​ឲ្យ​បុគ្គល​ម្នាក់​ស្បថ​ប្រគល់​ខ្លួន​ជូន​ព្រះ​ដើម្បី​ធ្វើ​ជា​សមាជិក​គ្រួសារ​របស់​លោក?

១៣ មុន​បុគ្គល​ម្នាក់​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​សមាជិក​គ្រួសារ​របស់​លោក គាត់​ត្រូវ​សន្យា​ជា​ឱឡារិក​នឹង​លោក​ជា​មុន​សិន។ ដើម្បី​យល់​មូលហេតុ​ដែល​បុគ្គល​នោះ​ត្រូវ​ធ្វើ​ដូច្នេះ សូម​នឹក​ក្នុង​ចិត្ត​ថា មាន​ឪពុក​ម្នាក់​ដែល​មាន​គេ​គោរព បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ស្មោះ​ចំពោះ​ក្មេង​ម្នាក់​ដែល​ជា​កូន​កំព្រា។ គាត់​ចង់​យក​ក្មេង​នោះ​មក​ចិញ្ចឹម​ដូច​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​របស់​គាត់។ ឪពុក​នោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​បុរស​ល្អ​ម្នាក់។ ប៉ុន្តែ មុន​នឹង​គាត់​ព្រម​ទទួល​យក​ក្មេង​នោះ​ជា​កូន គាត់​ចង់​ឲ្យ​ក្មេង​នោះ​សន្យា​អ្វី​មួយ។ ដូច្នេះ ឪពុក​នោះ​និយាយ​ថា៖ «មុន​ខ្ញុំ​ទទួល​ប្អូន​ជា​កូន ខ្ញុំ​ចង់​ដឹង​ថា​ប្អូន​នឹង​គោរព​ហើយ​ស្រឡាញ់​ខ្ញុំ​ទុក​ដូច​ជា​ឪពុក​របស់​ប្អូន»។ លុះ​ត្រា​តែ​ក្មេង​នោះ​ស្ម័គ្រ​ចិត្ត​សន្យា​ជា​ឱឡារិក​ជា​មុន ទើប​បុរស​នោះ​ព្រម​ទទួល​យក​គាត់។ នេះ​សម​ហេតុ​សម​ផល មែន​ទេ? ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ព្រម​ទទួល​យក​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ស្បថ​ប្រគល់​ខ្លួន​ជូន​លោក។ គម្ពីរ​ចែង​ថា៖ «ឲ្យ[អ្នក]ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ»។—រ៉ូម ១២:១

ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​បង្ហាញ ពី​សេចក្ដី​ស្រឡាញ់​និង​ជំនឿ

១៤. តើ​តាម​របៀប​ណា​ដែល​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់?

១៤ ការ​ស្បថ​ថា​យើង​នឹង​ប្រគល់​ខ្លួន​ជូន​ព្រះ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្មោះ​អស់​ពី​ចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ស្រដៀង​គ្នា​នឹង​សម្បថ​ដែល​មាន​នៅ​ថ្ងៃ​រៀប​ការ។ កូន​កំលោះ​ដែល​ជា​គ្រិស្ត​សាសនិក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ស្បថ​ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ គាត់​នៅ​តែ​មាន​ភក្ដី​ភាព​ចំពោះ​កូន​ក្រមុំ។ សម្បថ​នេះ​ជា​ការ​ស្បថ​ចំពោះ​នាង​ផ្ទាល់ មិន​គ្រាន់​តែ​ជា​ការ​ស្បថ​ថា​នឹង​ធ្វើ​អ្វី​មួយ​ទេ។ បើ​កូន​កំលោះ​នោះ​មិន​ស្បថ​ដូច្នេះ​ទេ គាត់​យល់​ថា​គាត់​មិន​អាច​មាន​ឯកសិទ្ធិ​រស់​នៅ​ជា​មួយ​នាង​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា លុះ​ត្រា​តែ​យើង​ស្បថ​ថា​ប្រគល់​ខ្លួន​ជូន​លោក។ ដូច្នេះ ទោះ​បី​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​ពី​ព្រោះ​យើង​ចង់​គោរព​ប្រណិប័តន៍​លោក។ ដោយ​សារ​យើង​ជា​របស់​លោក យើង​តាំង​ចិត្ត​ស្មោះ​ត្រង់​នឹង​លោក​សូម្បី​តែ​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។—ម៉ាថ. ២២:៣៧

១៥. ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ តើ​នេះ​បង្ហាញ​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ យើង​បង្ហាញ​ជំនឿ​របស់​យើង។ ហេតុ​អ្វី? ជំនឿ​ដែល​យើង​មាន​ចំពោះ​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា ការ​ចូល​ទៅ​ជិត​ព្រះ​ជា​ការ​ល្អ​ដល់​យើង។ (ទំនុក. ៧៣:២៨) កាល​ដែល​យើង​រស់​នៅ​ក្នុង​ចំណោម«ជំនាន់​មនុស្ស​ខូច​និង​វៀច​វេរ» យើង​ដឹង​ថា មិន​តែង​តែ​ស្រួល​ឲ្យ​យើង​ដើរ​តាម​ព្រះ​ទេ តែ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​ដែល​សន្យា​ថា​លោក​នឹង​គាំទ្រ​ការ​ព្យាយាម​របស់​យើង។ (ភី. ២:១៥; ៤:១៣) យើង​ដឹង​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ តែ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​សេចក្ដី​មេត្ដា​ករុណា សូម្បី​តែ​ពេល​យើង​ធ្វើ​ខុស​ក៏​ដោយ។ (សូម​អាន ទំនុក​តម្កើង ១០៣:១៣, ១៤; រ៉ូម ៧:២១​-​២៥) យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​រង្វាន់​ដល់​យើង​ដោយ​សារ​យើង​ប្ដេជ្ញា​ចិត្ត​ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង។—យ៉ូប ២៧:៥

ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​នាំ​ឲ្យ​យើង​មាន​សុភមង្គល

១៦, ១៧. ហេតុ​អ្វី​បាន​ជា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​សុភមង្គល?

១៦ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​សុភមង្គល ពី​ព្រោះ​នេះ​រួម​បញ្ចូល​ការ​លះបង់​ប្រយោជន៍​ខ្លួន។ លោក​យេស៊ូ​បាន​បញ្ជាក់​ការ​ពិត​មួយ​ពេល​លោក​មាន​ប្រសាសន៍​ថា៖ «ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល»។ (សកម្ម. ២០:៣៥) ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​មាន​សុភមង្គល​យ៉ាង​ពេញ​លេញ​ដែល​មក​ពី​ការ​ឲ្យ​គេ។ ជួន​កាល លោក​មិន​បាន​សម្រាក ពិសា​អាហារ ឬ​គ្មាន​ជីវិត​សុខ​ស្រួល​ទេ ដោយ​សារ​លោក​ជួយ​ឲ្យ​អ្នក​ឯ​ទៀត​រក​ឃើញ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត។ (យ៉ូន. ៤:៣៤) លោក​យេស៊ូ​រំភើប​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​បិតា​របស់​លោក​រីករាយ។ លោក​បាន​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល[ព្រះ​យេហូវ៉ា]ពេញ​ចិត្ត»។—យ៉ូន. ៨:២៩; សុភ. ២៧:១១

១៧ យ៉ាង​នេះ លោក​យេស៊ូ​បង្ហាញ​ពួក​អ្នក​កាន់​តាម​លោក​អំពី​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត ពេល​លោក​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ»។ (ម៉ាថ. ១៦:២៤) ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង។ គ្មាន​នរណា​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​លោក​យេស៊ូ​ទេ មែន​ទេ?

១៨. ហេតុ​អ្វី​ការ​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​ជាង​ប្រគល់​ខ្លួន​យើង​ទៅ​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ឬ​ទៅ​អ្វី​មួយ?

១៨ ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក នោះ​យើង​បង្ហាញ​ថា​យើង​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​នោះ។ នេះ​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ច្រើន​ជាង​ប្រគល់​ខ្លួន​យើង​ទៅ​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ឬ​ទៅ​អ្វី​មួយ។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​វេលា កម្លាំង​ចិត្ត​កម្លាំង​កាយ​ដើម្បី​ខំ​ប្រឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ តែ​មិន​បាន​ទទួល​សុភមង្គល​និង​ការ​ស្កប់​ចិត្ត​ពិត​ប្រាកដ​ទេ។ ក៏​ប៉ុន្តែ ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ទទួល​សុភមង្គល​ដ៏​ស្ថិត​ស្ថេរ។ (ម៉ាថ. ៦:២៤) ពួក​គេ​សប្បាយ​ចិត្ត​ដោយ​សារ​មាន​កិត្ដិយស​ធ្វើ​ជា«អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ» តែ​ពួក​គេ​មិន​បាន​ប្រគល់​ខ្លួន​ដើម្បី​កិច្ច​ការ​ណា​មួយ​ទេ តែ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ដែល​ឲ្យ​តម្លៃ​ដល់​ពួក​គេ។ (១កូ. ៣:៩) គ្មាន​នរណា​ឲ្យ​តម្លៃ​ចំពោះ​ការ​លះបង់​ប្រយោជន៍​របស់​ពួក​គេ​ស្មើ​នឹង​លោក​ទេ។ លោក​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្មោះ​ត្រង់​របស់​លោក​ទៅ​ជា​ក្មេង​វិញ ដើម្បី​ពួក​គេ​អាច​ទទួល​ប្រយោជន៍​ជា​រៀង​រហូត​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក។—យ៉ូប ៣៣:២៥; សូម​អាន ហេប្រឺ ៦:១០

១៩. តើ​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​មាន​ឯកសិទ្ធិ​អ្វី?

១៩ ការ​ប្រគល់​ជីវិត​អ្នក​ជូន​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ គម្ពីរ​ចែង​ថា៖ «ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ា. ៤:៨; ទំនុក. ២៥:១៤) នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ថា​ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​ប្រគល់​ជីវិត​យើង​ជូន​ព្រះ​យេហូវ៉ា ហើយ​ក្លាយ​ជា​របស់​លោក?

[កំណត់​សម្គាល់]

^ វគ្គ 12 ពេល​ចប់​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ នោះ«ពួក​ចៀម​ឯ​ទៀត»របស់​លោក​នឹង​ក្លាយ​ទៅ​ជា​បុត្រ​របស់​ព្រះ។ ក៏​ប៉ុន្តែ ដោយ​សារ​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ពួក​គេ​មាន​សិទ្ធិ​ហៅ​ព្រះ​ថា«បិតា» ហើយ​អាច​ត្រូវ​ចាត់​ទុក​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​សមាជិក​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។—យ៉ូន. ១០:១៦; អេ. ៦៤:៨; ម៉ាថ. ៦:៩; បប. ២០:៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​មាន​ន័យ​យ៉ាង​ណា?

• តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​បាន​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​១១]

ការ​រស់​នៅ​សម​ស្រប​នឹង​ការ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា នាំ​ឲ្យ​យើង​មាន​សុភមង្គល​ដ៏​ស្ថិត​ស្ថេរ