លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាបានត្រូវសឲ្យឃើញច្បាស់ថាត្រឹមត្រូវ!

ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាបានត្រូវសឲ្យឃើញច្បាស់ថាត្រឹមត្រូវ!

ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ថា​ត្រឹម​ត្រូវ!

«ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់​គ្រង​លើ​រាជ្យ​របស់​មនុស្ស»។—ដាន. ៤:១៧

១, ២. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា ការ​គ្រប់​គ្រង​របស់​មនុស្ស​មិន​បាន​សម្រេច​ការ​សោះ?

គ្មាន​ការ​សង្ស័យ​សោះ​ឡើយ​ថា ការ​គ្រប់​គ្រង​របស់​មនុស្ស​មិន​បាន​ជោគ​ជ័យ​ទេ! មូលហេតុ​ចម្បង​មួយ​គឺ​ដោយ​សារ​មនុស្ស​ខ្វះ​ប្រាជ្ញា​ដើម្បី​គ្រប់​គ្រង​ដោយ​ជោគ​ជ័យ។ ការ​គ្រប់​គ្រង​របស់​មនុស្ស​មិន​ទទួល​ជោគ​ជ័យ​គឺ​ឃើញ​ច្បាស់ ជា​ពិសេស​នៅ​សព្វ​ថ្ងៃ​នេះ​ពេល​អ្នក​គ្រប់​គ្រង​ជា​ច្រើន‹ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម មិន​ស្មោះ​ត្រង់ មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ មាន​មោទនភាព​ហួស​ហេតុ​ពេក›។—២ធី. ៣:២​-​៤

តាំង​ពី​យូរ​ណាស់​មក​ហើយ ជីដូន​ជីតា​ដំបូង​របស់​យើង​បាន​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​ស្មានថា ពួក​គេ​នឹង​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង តែ​តាម​ពិត ពួក​គេ​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន​វិញ។ អស់​៦.០០០​ឆ្នាំ​មក​ហើយ មនុស្ស​មិន​ចេះ​គ្រប់​គ្រង​បាន​ល្អ​ទេ ព្រោះ​ពួក​គេ​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​របស់​សាថាន​ដែល​ជា«អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ» ហើយ​សព្វ​ថ្ងៃ អ្វី​ៗ​ទាំង​អស់​នេះ​បាន​នាំ​ឲ្យ​យើង​ស្ថិត​ក្រោម​ស្ថានភាព​ដែល​ឱនថយ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស។ (យ៉ូន. ១២:៣១) ក្នុង​ការ​អធិប្បាយ​អំពី​ស្ថានភាព​របស់​មនុស្សជាតិ​នៅ​សព្វ​ថ្ងៃ​នេះ សៀវភៅ​មួយ​បាន​ចែង​ថា ការ«ចង់​បាន​ពិភព​លោក​ល្អ​ឥត​ខ្ចោះ​មួយ»គឺ​គ្មាន​ប្រយោជន៍​ទេ។ សៀវភៅ​នេះ​បាន​ពន្យល់​ថា៖ «យើង​មិន​អាច​មាន​ពិភព​លោក​មួយ​ដែល​ល្អ​ឥត​ខ្ចោះ​បាន​ទេ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ពិភព​លោក​ល្អ​ឥត​ខ្ចោះ នាំ​ឲ្យ​មាន​អន្តរាយ របប​ផ្ដាច់​ការ ហើយ​អាក្រក់​ជាង​គេ​បំផុត​គឺ​សង្គ្រាម» (The Oxford History of the Twentieth Century)។ នេះ​ពិត​ជា​ការ​សារភាព​ដ៏​ស្មោះ​មួយ​ដែល​បញ្ជាក់​ថា ការ​គ្រប់​គ្រង​របស់​មនុស្ស​មិន​បាន​សម្រេច​ការ​សោះ!

៣. ប្រសិន​បើ​អាដាម​និង​អេវ៉ា​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តើ​ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង​បាន​ជា​យ៉ាង​ណា?

គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែល​ជីដូន​ជីតា​ដំបូង​របស់​យើង​បានបដិសេធ​ការ​គ្រប់​គ្រង​តែ​មួយ​គត់​ដែល​អាច​សម្រេច​ការ​បាន ពោល​គឺ​ការ​គ្រប់​គ្រង​ដោយ​ព្រះ! ពិត​មែន យើង​មិន​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នឹង​រៀបចំ​ការ​គ្រប់​គ្រង​របស់​លោក​នៅ​លើ​ផែនដី​តាម​របៀប​ណា​ទេ បើ​អាដាម​និង​អេវ៉ា​នៅ​ស្មោះ​ត្រង់​នឹង​លោក។ ក៏​ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​ច្បាស់​គឺ​ថា បើ​មនុស្ស​ទាំង​ឡាយ​ទទួល​យក​ការ​គ្រប់​គ្រង​របស់​ព្រះ ការ​គ្រប់​គ្រង​នោះ​នឹង​ត្រូវ​សម្គាល់​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​មិន​រើស​មុខ។ (សកម្ម. ១០:៣៤; ១យ៉ូន. ៤:៨) ដោយ​គិត​អំពី​ប្រាជ្ញា​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​របស់​ព្រះ យើង​ក៏​អាច​ប្រាកដ​ដែរ​ថា បើ​មនុស្សជាតិ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា នោះ​កំហុស​ទាំង​អស់​ដែល​អ្នក​គាំទ្រ​ការ​គ្រប់​គ្រង​របស់​មនុស្ស​បាន​ធ្វើ នឹង​មិន​មាន​សោះ​ឡើយ។ ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង​មាន​ជោគ​ជ័យ​ក្នុង​ការ«បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។ (ទំនុក. ១៤៥:១៦) បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​គ្រប់​គ្រង​នោះ​នឹង​បាន​ជា​ការ​គ្រប់​គ្រង​ដ៏​ល្អ​ឥត​ខ្ចោះ។ (ចោ. ៣២:៤) គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់ ដែល​មនុស្សជាតិ​បាន​បដិសេធ​ការ​គ្រប់​គ្រង​នោះ!

៤. តើ​ព្រះ​បាន​ឲ្យ​សាថាន​គ្រប់​គ្រង​ដល់​កម្រិត​ណា?

ក៏​ប៉ុន្តែ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា ទោះ​បី​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ក៏​ដោយ តែ​គ្មាន​ពេល​ណា​ដែល​លោក​បោះ​បង់​ចោល​សិទ្ធិ​គ្រប់​គ្រង​របស់​លោក​លើ​មនុស្ស​និង​ទេវតា​ទេ។ នៅ​ទី​បញ្ចប់ សូម្បី​តែ​ស្តេច​បាប៊ីឡូន​ដែល​មាន​អំណាច​ខ្លាំង​ក្លា​ក៏​ត្រូវ​បាន​ជំរុញ​ឲ្យ​ទទួល​ស្គាល់​ថា «ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់​គ្រង​លើ​រាជ្យ​របស់​មនុស្ស»។ (ដាន. ៤:១៧) នៅ​ទី​បំផុត រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច។ (ម៉ាថ. ៦:១០) ពិត​មែន ក្នុង​រយៈ​ពេល​ខ្លី ព្រះ​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​ជា«ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ» ដើម្បី​ផ្ដល់​ចម្លើយ​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​វា​បាន​លើក​ឡើង។ (២កូ. ៤:៤; ១យ៉ូន. ៥:១៩) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ដែល​ឲ្យ​សាថាន​ធ្វើ​លើស​ពី​អ្វី​ដែល​លោក​អនុញ្ញាត​នោះ​ទេ។ (២រប. ២០:៦; សូម​ពិនិត្យ​បន្ថែម យ៉ូប ១:១១, ១២; ២:៣​-​៦) មួយ​វិញ​ទៀត តែង​តែ​មាន​បុគ្គល​មួយ​ចំនួន​ដែល​បាន​សម្រេច​ចិត្ត​ចុះ​ចូល​នឹង​ព្រះ ទោះ​ជា​ពួក​គាត់​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សត្រូវ​ដ៏​ធំ​របស់​ព្រះ​ក៏​ដោយ។

ការ​គ្រប់​គ្រង​របស់​ព្រះ​លើ​ប្រជាជាតិ​អ៊ីស្រាអែល

៥. តើ​ប្រជាជាតិ​អ៊ីស្រាអែល​បាន​សន្យា​ជា​មួយ​នឹង​ព្រះ​ថា​នឹង​ធ្វើ​អ្វី?

តាំង​ពី​សម័យ​អេបិល​រហូត​ដល់​សម័យ​បុព្វ​បុរស​របស់​ពួក​អ៊ីស្រាអែល មាន​បុគ្គល​ស្មោះ​ត្រង់​មួយ​ចំនួន​ដែល​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ស្ដាប់​តាម​បញ្ញត្ដិ​របស់​លោក។ (ហេ. ១១:៤​-​២២) នៅ​សម័យ​ម៉ូសេ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​កូន​ចៅ​របស់​បុព្វ​បុរស​យ៉ាកុប ហើយ​ពួក​គេ​បាន​ក្លាយ​ជា​ប្រជាជាតិ​អ៊ីស្រាអែល។ នៅ​ឆ្នាំ​១៥១៣​មុន​គ.ស. ជន​ជាតិ​អ៊ីស្រាអែល​បាន​សន្យា​ថា ពួក​គេ​ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​ទទួល​យក​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក»។—និក្ខ. ១៩:៨

៦, ៧. តើ​ការ​គ្រប់​គ្រង​របស់​ព្រះ​លើ​ប្រជាជាតិ​អ៊ីស្រាអែល​មាន​លក្ខណៈ​ពិសេស​ណា​ខ្លះ?

ពេល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្ររបស់​លោក លោក​មាន​គោល​បំណង​មួយ។ (សូម​អាន ចោទិយកថា ៧:៧, ៨) ជម្រើស​នោះ​មិន​គ្រាន់​តែ​ទាក់​ទង​នឹង​សុខុមាលភាព​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាប់​ទាក់​ទង​នឹង​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ពោល​គឺ​នាម​និង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ ប្រជាជាតិ​អ៊ីស្រាអែល​នឹង​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ការ​ពិត​ដែល​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ។ (អេ. ៤៣:១០; ៤៤:៦​-​៨) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ប្រជាជាតិ​នោះ​ថា៖ «ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​រើស​ឯង​ពី​អស់​ទាំង​សាសន៍​ដែល​នៅ​ផែនដី ទុក​ជា​សាសន៍​របស់​ផង​ទ្រង់»។—ចោ. ១៤:២

ពេល​ដែល​ព្រះ​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល នោះ​លោក​គិត​អំពី​ពួក​គេ​ថា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដំណាល​គ្នា​នេះ ច្បាប់​របស់​លោក​គឺ​ល្អ​ឥត​ខ្ចោះ​ហើយ​បង្ហាញ​ពី​គុណសម្បត្ដិ​របស់​អ្នក​ដែល​បង្កើត​ច្បាប់​ទាំង​នោះ។ បញ្ញត្ដិ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​គេ​តាម​រយៈ​ម៉ូសេ ដៅ​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​បរិសុទ្ធ ស្រឡាញ់​យុត្ដិធម៌ ចាំ​តែ​អភ័យ​ទោស ហើយ​មាន​ចិត្ត​អត់​ធ្មត់។ ក្រោយ​មក នៅ​ជំនាន់​យ៉ូស្វេ ប្រជាជាតិ​អ៊ីស្រាអែល​ស្ដាប់​តាម​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា ហើយ​មាន​សន្ដិភាព​និង​ទទួល​ពរ​ពី​លោក។ (យ៉ូស. ២៤:២១, ២២, ៣១) ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា​ក្នុង​រយៈ​ពេល​នោះ របៀប​ដែល​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​បាន​ទទួល​ជោគ​ជ័យ។

ការ​គ្រប់​គ្រង​របស់​មនុស្ស​នាំ​មក​នូវ​ផល​វិបាក

៨, ៩. តើ​ប្រជាជាតិ​អ៊ីស្រាអែល​មាន​សំណូម​ពរ​មិន​ល្អ​អ្វី? តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

យូរ​ៗ​ទៅ ជា​ញឹក​ញយ បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ទេ ដូច្នេះ ព្រះ​ក៏​លែង​ការ​ពារ​ពួក​គេ​ទៀត។ នៅ​ទី​បំផុត តាម​រយៈ​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ប្រជាជាតិ​អ៊ីស្រាអែល​ទាម​ទារ​ឲ្យ​មាន​ស្តេច​ដែល​ជា​មនុស្ស។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​សាំយូអែល​ឲ្យ​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា៖ «គេ​មិន​បាន​បោះ​បង់​ចោល​ឯង​ទេ គឺ​បោះ​បង់​ចោល​អញ​វិញ ដើម្បី​មិន​ឲ្យ​អញ​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត»។ (១សាំ. ៨:៧) ទោះ​បី​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​មាន​ស្តេច​ដែល​គេ​អាច​មើល​ឃើញ​ក៏​ដោយ តែ​លោក​បាន​ព្រមាន​ពួក​គេ​ថា ការ​គ្រប់​គ្រង​ដោយ​ស្តេច​ដែល​ជា​មនុស្ស​នឹង​នាំ​មក​នូវ​ផល​វិបាក។—សូម​អាន សាំយូអែល​ទី​១ ៨:៩​-​១៨

ប្រវត្ដិសាស្ត្រ​បាន​បង្ហាញ​ពី​សច្ចភាព​នៃ​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា។ ដោយ​សារ​មាន​ស្តេច​ដែល​ជា​មនុស្ស​គ្រប់​គ្រង នោះ​នាំ​ឲ្យ​មាន​រឿង​ធ្ងន់​ធ្ងរ​ជា​ពិសេស​ពេល​ដែល​ស្តេច​នោះ​មិន​ស្មោះ​ត្រង់។ ដោយ​គិត​អំពី​ឧទាហរណ៍​របស់​ប្រជាជាតិ​អ៊ីស្រាអែល យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដោយ​ឃើញ​ថា នៅ​គ្រប់​យុគ​សម័យ ការ​គ្រប់​គ្រង​ដោយ​មនុស្ស​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា​មិន​បាន​នាំ​មក​នូវ​លទ្ធផល​ល្អ​ដ៏​ស្ថិត​ស្ថេរ​ទេ។ ពិត​មែន​តែ​អ្នក​ដឹក​នាំ​ខ្លះ​បាន​សុំ​ព្រះ​ឲ្យ​ពរ​ដល់​ការ​ព្យាយាម​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​និង​សន្ដិសុខ ប៉ុន្តែ​ព្រះ​មិន​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​មិន​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​លោក​ទេ មែន​ទេ?—ទំនុក. ២:១០​-​១២

ប្រជាជាតិ​ថ្មី​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ

១០. ហេតុ​អ្វី​បាន​ជា​ប្រជាជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ជំនួស​ដោយ​ប្រជាជាតិ​ថ្មី?

១០ ប្រជាជាតិ​អ៊ីស្រាអែល​បង្ហាញ​ថា ពួក​គេ​មិន​សុខ​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ឡើយ។ នៅ​ទី​បំផុត ពួក​គេ​បាន​បដិសេធ​មេស្ស៊ី​ដែល​ព្រះ​បាន​រើស​តាំង ហើយ​ព្រះ​យេហូវ៉ា​ក៏​លែង​ទទួល​ស្គាល់​ពួក​គេ ថែម​ទាំង​លោក​មាន​គោល​បំណង​ឲ្យ​មនុស្ស​មួយ​ក្រុម​ដែល​រួម​គ្នា​ជា​ប្រជាជាតិ​ថ្មី​មួយ​មក​ជំនួស​ពួក​គេ។ ជា​លទ្ធផល ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៃ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដែល​បាន​ត្រូវ​រើស​តាំង បាន​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​៣៣​គ.ស.។ ក្រុម​ជំនុំ​នោះ​ជា​ប្រជាជាតិ​ថ្មី​មួយ​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ប៉ូល​បាន​និយាយ​អំពី​ក្រុម​ជំនុំ​នោះ​ថា​ជា«អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡ. ៦:១៦

១១, ១២. ស្តី​អំពី​ការ​នាំ​មុខ តើ​ប្រជាជាតិ​អ៊ីស្រាអែល​និង«អ៊ីស្រាអែល​នៃ​ព្រះ»មាន​លក្ខណៈ​ដូច​គ្នា​យ៉ាង​ណា?

១១ ប្រជាជាតិ​អ៊ីស្រាអែល​និង «អ៊ីស្រាអែល​នៃ​ព្រះ»មាន​លក្ខណៈ​ដូច​គ្នា​និង​ខុស​គ្នា។ មិន​ដូច​ប្រជាជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​គ្មាន​ស្តេច​ជា​មនុស្ស ហើយ​មិន​ត្រូវ​ការ​ជូន​សត្វ​ជា​គ្រឿង​បូជា​ដើម្បី​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ។ លក្ខណៈ​ដូច​គ្នា​មួយ​រវាង​ប្រជាជាតិ​អ៊ីស្រាអែល​និង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​គឺ ការ​រៀបចំ​ឲ្យ​មាន​ពួក​បុរស​ចាស់​ទុំ​ឬ​ពួក​អ្នក​ចាស់​ទុំ។ (និក្ខ. ១៩:៣​-​៨) ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សាសនិក​ទាំង​នេះ​មិន​ធ្វើ​ជា​ចៅហ្វាយ​លើ​ហ្វូង​ចៀម​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ឃ្វាល​ក្រុម​ជំនុំ​និង​នាំ​មុខ​កិច្ច​ការ​របស់​គ្រិស្ត​សាសនិក​ដោយ​ឥត​សំចៃ។ ពួក​គាត់​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ ថែម​ទាំង​ប្រព្រឹត្ត​ដោយ​ថ្លៃ​ថ្នូរ ហើយ​ផ្ដល់​កិត្ដិយស​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់។—២កូ. ១:២៤; ១ពេ. ៥:២, ៣

១២ សមាជិក​របស់«អ៊ីស្រាអែល​នៃ​ព្រះ» និង​ពួក«ចៀម​ឯ​ទៀត»ដែល​ជា​គូកន​របស់​ពួក​គាត់ អាច​បណ្ដុះ​ឲ្យ​មាន​ការ​ដឹង​គុណ​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា​និង​ការ​គ្រប់​គ្រង​របស់​លោក ដោយ​រំពឹង​គិត​អំពី​ការ​ប្រព្រឹត្ត​របស់​លោក​ទៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល។ (យ៉ូន. ១០:១៦) ជា​ឧទាហរណ៍ ប្រវត្ដិសាស្ត្រ​បាន​បង្ហាញ​ថា មនុស្ស​ដែល​ជា​អ្នក​គ្រប់​គ្រង​លើ​ប្រជាជាតិ​អ៊ីស្រាអែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​ពួក​គេ គឺ​អាច​មាន​ឥទ្ធិពល​ល្អ​ឬ​អាច​មាន​ឥទ្ធិពល​អាក្រក់។ ការ​ពិត​នោះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក​យល់​ច្បាស់​ថា ទោះ​បី​ពួក​គេ​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​ដូច​ស្តេច​ពី​សម័យ​បុរាណ​ក៏​ដោយ តែ​ពួក​គេ​ត្រូវ​ទុក​គំរូ​ល្អ​ក្នុង​ការ​បង្ហាញ​ជំនឿ។—ហេ. ១៣:៧

របៀប​ដែល​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​នៅ​សព្វ​ថ្ងៃ​នេះ

១៣. តើ​មាន​ព្រឹត្ដិការណ៍​សំខាន់​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤?

១៣ សព្វ​ថ្ងៃ​នេះ ពួក​គ្រិស្ត​សាសនិក​ប្រកាស​ប្រាប់​មនុស្ស​ក្នុង​ពិភព​លោក​ថា ការ​គ្រប់​គ្រង​ដោយ​មនុស្ស​លើ​មនុស្សជាតិ​ជិត​ដល់​ទី​បញ្ចប់​ហើយ។ នៅ​ឆ្នាំ​១៩១៤ ព្រះ​យេហូវ៉ា​បាន​តាំង​ឡើង​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌ ដោយ​មាន​យេស៊ូ​គ្រិស្ត​ជា​ស្តេច​ដែល​លោក​បាន​តែង​តាំង។ នៅ​ពេល​នោះ ព្រះ​បាន​ផ្ដល់​អំណាច​ឲ្យ​លោក​យេស៊ូ«ទៅ​យក​ជ័យ​ជម្នះ ហើយ​ដើម្បី​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក»។ (បប. ៦:២) ព្រះ​បាន​ប្រាប់​ស្តេច​ដែល​ទើប​នឹង​សោយ​រាជ្យ​ថា៖ «ឲ្យ​ឯង​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ»។ (ទំនុក. ១១០:២) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ប្រជាជាតិ​នានា​តែង​តែ​បដិសេធ​មិន​ចង់​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​ហាក់​ដូច​ជា«គ្មាន​ព្រះ[យេហូវ៉ា]ទេ»។—ទំនុក. ១៤:១

១៤, ១៥. (ក) សព្វ​ថ្ងៃ តើ​រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​លើ​យើង​យ៉ាង​ដូច​ម្ដេច? ហើយ​ដោយ​ចាំ​ពី​ចំណុច​នេះ តើ​យើង​គួរ​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​ខ្លះ? (ខ) សូម្បី​តែ​សព្វ​ថ្ងៃ តើ​អ្វី​បញ្ជាក់​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​គឺ​ល្អ​បំផុត?

១៤ សមាជិក​មួយ​ចំនួន​តិច​នៃ«អ៊ីស្រាអែល​នៃ​ព្រះ»រស់​នៅ​ផែនដី​នៅ​ឡើយ ហើយ​ក្នុង​នាម​ជា​បង​ប្អូន​របស់​គ្រិស្ត ពួក​គាត់​បន្ត​ធ្វើ​ជា«ទូត​តំណាង​គ្រិស្ត»។ (២កូ. ៥:២០) ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ដើម្បី​ថែ​រក្សា​និង​ផ្ដល់​ការ​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង និង​ក្រុម​គ្រិស្ត​សាសនិក​ដែល​ឥឡូវ​មាន​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត។ (ម៉ាថ. ២៤:៤៥​-​៤៧; បប. ៧:៩​-​១៥) ពរ​ដែល​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ដ៏​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​ទទួល​គឺ​ជា​ទី​សំអាង​ដែល​បញ្ជាក់​ថា​ព្រះ​ពេញ​ចិត្ត​នឹង​ការ​រៀបចំ​នោះ។

១៥ ជា​ការ​ល្អ​ឲ្យ​យើង​ម្នាក់​ៗ​សួរ​ខ្លួន​ឯង​ថា៖ ‹តើ​ខ្ញុំ​យល់​ច្បាស់​នូវ​ភារកិច្ច​ដែល​ខ្ញុំ​ត្រូវ​មាន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ទេ? តើ​ខ្ញុំ​កំពុង​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ​ឬ​ទេ? តើ​ខ្ញុំ​មាន​មោទនភាព​ធ្វើ​ជា​រាស្ត្រ​ដែល​ស្ថិត​នៅ​ក្រោម​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​តាំង​ចិត្ត​ដើម្បី​បន្ត​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ តាម​តែ​ខ្ញុំអាច​ធ្វើ​ទៅ​បាន​ឬ​ទេ?›។ ជា​ក្រុម យើង​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នឹង​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​គណៈ​អភិបាល ហើយ​សហការ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង​ក្នុង​ក្រុម​ជំនុំ។ តាម​របៀប​នេះ យើង​បង្ហាញ​ថា​យើង​ទទួល​យក​ការ​គ្រប់​គ្រង​របស់​ព្រះ។ (សូម​អាន ហេប្រឺ ១៣:១៧) ការ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នាំ​ឲ្យ​មាន​សាមគ្គីភាព​ទូទាំង​ផែនដី​ដែល​មិន​មាន​ក្នុង​ពិភព​លោក​ដែល​បែក​បាក់​គ្នា​នោះ​ទេ។ នេះ​ក៏​នាំ​មក​នូវ​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​សុចរិត ថែម​ទាំង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ ហើយ​នេះ​បង្ហាញ​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​គឺ​ល្អ​បំផុត។

ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ទទួល​ជោគ​ជ័យ

១៦. នៅ​សព្វ​ថ្ងៃ តើ​មនុស្ស​ទាំង​អស់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី?

១៦ ការ​ចោទ​ប្រកាន់​ដែល​បាន​លើក​ឡើង​នៅ​សួន​អេដែន​នឹង​ត្រូវ​ដោះ​ស្រាយ​ឆាប់​ៗ​ខាង​មុខ​នេះ។ ម្ល៉ោះ​ហើយ ឥឡូវ​នេះ​ជា​ពេល​ដែល​មនុស្ស​ត្រូវ​សម្រេច​ចិត្ត។ បុគ្គល​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​ថា តើ​គាត់​នឹង​ទទួល​យក​ការ​គ្រប់​គ្រង​របស់​ព្រះ​ឬ​ការ​គ្រប់​គ្រង​របស់​មនុស្ស​វិញ? យើង​មាន​កិត្ដិយស​ជួយ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​ឲ្យ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ។ បន្ដិច​ទៀត នៅ​សង្គ្រាម​ហាម៉ាគេដូន ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​ជំនួស​ជា​រៀង​រហូត​ការ​គ្រប់​គ្រង​របស់​មនុស្ស​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​សាថាន។ (ដាន. ២:៤៤; បប. ១៦:១៦) ការ​គ្រប់​គ្រង​របស់​មនុស្ស​នឹង​លែង​មាន​ទៀត ហើយ​ផែនដី​ទាំង​មូល​នឹង​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​រាជាណាចក្រ​ព្រះ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ថា គឺ​ត្រឹម​ត្រូវ។—សូម​អាន ការ​បើក​បង្ហាញ ២១:៣​-​៥

១៧. តើ​មាន​ការ​ពិត​ណា​ខ្លះ​ដែល​អាច​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ស្តី​អំពី​ការ​គ្រប់​គ្រង?

១៧ ពួក​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ជ្រើស​រើស​យក​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ត្រូវ​អធិដ្ឋាន​ដោយ​ពិចារណា​អំពី​ប្រយោជន៍​ដែល​ការ​គ្រប់​គ្រង​របស់​ព្រះ​ផ្ដល់​ឲ្យ​មនុស្សជាតិ។ ការ​គ្រប់​គ្រង​របស់​មនុស្ស​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម រួម​ទាំង​បញ្ហា​ភេរវកម្ម។ ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់​ពី​ផែនដី។ (ទំនុក. ៣៧:១, ២,) ការ​គ្រប់​គ្រង​របស់​មនុស្ស​នាំ​ឲ្យ​មាន​សង្គ្រាម​ឥត​ឈប់​ឈរ តែ​ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង«បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែនដី»។ (ទំនុក. ៤៦:៩) មួយ​វិញ​ទៀត ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​រវាង​មនុស្ស​និង​សត្វ​ឡើង​វិញ! (អេ. ១១:៦​-​៩) ការ​អត់​ឃ្លាន​និង​ភាព​ក្រី​ក្រ​តែង​តែ​មាន​ក្រោម​ការ​គ្រប់​គ្រង​របស់​មនុស្ស រីឯ​ការ​គ្រប់​គ្រង​របស់​ព្រះ​វិញ​នឹង​បំបាត់​ចោល​បញ្ហា​ទាំង​នោះ។ (អេ. ៦៥:២១) សូម្បី​តែ​អ្នក​ដឹក​នាំ​ដែល​ជា​មនុស្ស​ដែល​មាន​បំណង​ល្អ​បំផុត​ក៏​ដោយ ក៏​មិន​អាច​បំបាត់​ចោល​ជំងឺ​និង​សេចក្ដី​ស្លាប់​បាន​ដែរ។ ផ្ទុយ​ទៅ​វិញ ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ មនុស្ស​វ័យ​ចាស់​និង​មនុស្ស​មាន​ជំងឺ​នឹង​សប្បាយ​ចិត្ត​ដោយ​មាន​កម្លាំង​ដូច​កាល​នៅ​ក្មេង​វិញ។ (យ៉ូប ៣៣:២៥; អេ. ៣៥:៥, ៦) ពិត​មែន ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ដែល​នៅ​ទី​នោះ​សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។—លូក. ២៣:៤៣; សកម្ម. ២៤:១៥

១៨. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​ជឿ​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​គឺ​ល្អ​បំផុត?

១៨ ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​អ្វី​ៗ​ដែល​សាថាន​បាន​ធ្វើ​ឲ្យ​ខូច​បង់ ពេល​វា​បណ្ដាល​ឲ្យ​ជីដូន​ជីតា​ដំបូង​របស់​យើង​លែង​បម្រើ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ពួក​គេ។ មួយ​វិញ​ទៀត សូម​ពិចារណា​ថា សាថាន​បាន​ធ្វើ​ឲ្យ​ខូច​បង់​អស់​រយៈ​ពេល​ប្រហែល​៦.០០០​ឆ្នាំ តែ​តាម​រយៈ​គ្រិស្ត ព្រះ​នឹង​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​អ្វី​ៗ​ទាំង​អស់​ដែល​វា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ក្នុង​ពេល​១.០០០​ឆ្នាំ! នេះ​ជា​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​ថា ការ​គ្រប់​គ្រង​របស់​ព្រះ ពិត​ជា​ល្អ​បំផុត! ក្នុង​នាម​ជា​សាក្សី​របស់​ព្រះ យើង​ទទួល​យក​លោក​ជា​អ្នក​គ្រប់​គ្រង​របស់​យើង។ ដូច្នេះ ក្នុង​ជីវិត​របស់​យើង សូម​ឲ្យ​យើង​បង្ហាញ​រាល់​ម៉ោង​រាល់​ថ្ងៃ​ថា យើង​ជា​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​លោក ហើយ​ថា​យើង​មាន​មោទនភាព​ធ្វើ​ជា​សាក្សី​របស់​លោក។ សូម​ឲ្យ​យើង​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ប្រាប់​នរណា​ដែល​នឹង​ស្ដាប់ ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត។

តើ​យើង​បាន​រៀន​អ្វី​ខ្លះ ស្តី​អំពី​ការ​គ្រប់​គ្រង​របស់​ព្រះ ពេល​អាន​គម្ពីរ​នៅ​សៀវភៅ . . .

ចោទិយកថា ៧:៧, ៨?

សាំយូអែល​ទី​១ ៨:៩​-​១៨?

ហេប្រឺ ១៣:១៧?

ការ​បើក​បង្ហាញ ២១:៣​-​៥?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​២៩]

ព្រះ​យេហូវ៉ា​បាន​បន្ត​ការ​គ្រប់​គ្រង​របស់​លោក​ជា​និច្ច

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​៣១]

ការ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត នាំ​ឲ្យ​មាន​សាមគ្គីភាព​ទូទាំង​ពិភព​លោក