លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើស្ថានសួគ៌មានសភាពបែបណា?

តើស្ថានសួគ៌មានសភាពបែបណា?

តើ​ស្ថាន​សួគ៌​មាន​សភាព​បែប​ណា?

មនុស្ស ខ្លះ​គិត​ថា យើង​មិន​អាច​ដឹង​អំពី​ស្ថាន​សួគ៌​បាន​ឡើយ ដោយ​សារ​មិន​ដែល​មាន​នរណា​ចុះ​ពី​ស្ថាន​សួគ៌​ដើម្បី​ប្រាប់​យើង​អំពី​ទី​នោះ​ទេ។ ប្រហែល​ជា​ពួក​គេ​ភ្លេច​ថា លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌»។ (យ៉ូហាន ៦:៣៨) លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ដឹក​នាំ​ខ្លះ​នៃ​សាសនា​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ផែនដី តែ​ខ្ញុំ​មក​ពី​ស្ថាន​លើ»។ (យ៉ូហាន ៨:២៣) តើ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ស្តី​អំពី​ស្ថាន​សួគ៌?

លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ស្ថាន​សួគ៌​ជា​ទី​លំនៅ​របស់​ព្រះ​យេហូវ៉ា។ លោក​បាន​ហៅ​ព្រះ​ថា«បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌»។—ម៉ាថាយ ១២:៥០

ទោះ​ជា​មនុស្ស​បាន​សិក្សា​ស្រាវ​ជ្រាវ​សកល​លោក​ដោយ​ប្រើ​កែវ​យឹត​ដ៏​ខ្លាំង​ក្លា ហើយ​មនុស្ស​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​លំហ​អវកាស​ក៏​ដោយ តែ​អ្វី​ដែល​គម្ពីរ​ចែង​នៅ​តែ​ជា​ការ​ពិត ដែល​ថា៖ «គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឃើញ​ព្រះ​ម្ដង​ណា​ឡើយ»។ (យ៉ូហាន ១:១៨) លោក​យេស៊ូ​បាន​ពន្យល់​មូលហេតុ​ដែល​មនុស្ស​មិន​អាច​ឃើញ​ព្រះ ពេល​លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ​ជា​វិញ្ញាណ»។—យ៉ូហាន ៤:២៤

វិញ្ញាណ​ជា​ប្រភេទ​ជីវិត​មួយ​ដែល​ខ្ពស់​ជាង​មនុស្ស។ បុគ្គល​វិញ្ញាណ​មិន​មាន​រូប​រាង​ដែល​មនុស្ស​យើង​អាច​ឃើញ​ឬ​ប៉ះ​ពាល់​បាន​ដូច​ជា​សាច់​និង​ឈាម​ឡើយ។ ដូច្នេះ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​រស់​នៅ​ជា​មួយ​នឹង​បិតា​របស់​លោក​នៅ«ស្ថាន​សួគ៌» លោក​ចង់​បញ្ជាក់​ថា​លោក​ធ្លាប់​មាន​ជីវិត​មួយ​ប្រភេទ​ដែល​ខ្ពង់​ខ្ពស់​ជាង​ជីវិត​ជា​មនុស្ស។ (យ៉ូហាន ១៧:៥; ភីលីព ៣:២០, ២១) ពិភព​វិញ្ញាណ​នេះ​ជា​កន្លែង​ដែល​លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ជា​មួយ​នឹង​បិតា​របស់​លោក​ដែល​គម្ពីរ​ហៅ​ថា«ស្ថាន​សួគ៌»។ តើ​ស្ថាន​សួគ៌​មាន​សភាព​បែប​ណា? តើ​មាន​អ្វី​កើត​ឡើង​នៅ​ទី​នោះ?

ស្ថាន​សួគ៌ ជា​កន្លែង​ដែល​មាន​កិច្ចការ​ដែល​នាំ​ឲ្យ​សប្បាយ

គម្ពីរ​បាន​ពណ៌នា​ស្ថាន​សួគ៌​ជា​កន្លែង​ដែល​មាន​កិច្ច​ការ​ជា​ច្រើន ហើយ​ថា បុគ្គល​វិញ្ញាណ​ដ៏​ស្មោះ​ត្រង់​រាប់​រយ​លាន​រូប​រស់​នៅ​ទី​នោះ។ (ដានីយ៉ែល ៧:៩, ១០) បុគ្គល​វិញ្ញាណ​នី​មួយ​ៗ​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា។ ម្ដេច​បាន​ជា​យើង​ដឹង? ក្នុង​ចំណោម​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​ដែល​យើង​អាច​ឃើញ​បាន គ្មាន​អ្វី​ពីរ​ដែល​មាន​ជីវិត​គឺ​ដូច​គ្នា​បេះ​បិទ​នោះ​ទេ។ ដូច្នេះ យើង​អាច​ប្រាកដ​ថា​នៅ​ស្ថាន​សួគ៌ បុគ្គល​វិញ្ញាណ​ក៏​មាន​ភាព​ផ្សេង​ៗ​គ្នា​ដែរ។ គួរ​ឲ្យ​អស្ចារ្យ​មែន បុគ្គល​វិញ្ញាណ​ទាំង​អស់​នេះ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​មាន​សាមគ្គីភាព នេះ​ខុស​គ្នា​ស្រឡះ​ពី​មនុស្ស​នៅ​ផែនដី​ដែល​កម្រ​សហការ​គ្នា​បាន​ល្អ។

សូម​កត់​សម្គាល់​របៀប​ដែល​គម្ពីរ​ពណ៌នា​អំពី​កិច្ច​ការ​នៅ​ស្ថាន​សួគ៌។ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា អស់​ពួក​ទេវតា​របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិបត្ដិ​តាម​បង្គាប់​ទ្រង់ ដោយ​ស្ដាប់​តាម​ព្រះ​សូរ​សៀង​នៃ​ព្រះ​បន្ទូល​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា អស់​ពួក​ពល​បរិវារ​របស់​ទ្រង់​អើយ ជា​ពួក​អ្នក​បំរើ​ទ្រង់​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ»។ (ទំនុក​តម្កើង ១០៣:២០, ២១) ដូច្នេះ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​កំពុង​សម្រេច​នៅ​ស្ថាន​សួគ៌។ យើង​អាច​ប្រាកដ​ថា កិច្ច​ការ​នោះ​ជា​កិច្ចការ​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត។

បណ្ដា​ទេវតា​បាន​បម្រើ​ព្រះ​យ៉ាង​សប្បាយ​ជា​យូរ​យារ​ណាស់​មក​ហើយ តាំង​ពី​មិន​ទាន់​មាន​ផែនដី​នៅ​ឡើយ។ យោង​ទៅ​តាម​បទ​គម្ពីរ ពេល​ព្រះ​យេហូវ៉ា​បង្កើត​ផែនដី នោះ​បុត្រ​របស់​ព្រះ​ទាំង​អស់​បាន«ច្រៀង​ជា​មួយ​គ្នា» ហើយ«ស្រែក​អរ​សាទរ»។ (យ៉ូប ៣៨:៤,) ក្នុង​ចំណោម​បុត្រ​ទាំង​ឡាយ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ បុត្រ​មួយ​មាន​ឯកសិទ្ធិ​ធ្វើ​ការ​ជា​មួយ​ព្រះ​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់។ (កូឡុស ១:១៥​-​១៧) ការ​ពណ៌នា​ដ៏​ទាក់​ទាញ​ចិត្ត​នេះ​អំពី​កិច្ច​ការ​នៅ​ស្ថាន​សួគ៌​ដែល​នាំ​ឲ្យ​សប្បាយ ប្រហែល​ជា​ធ្វើ​ឲ្យ​លោក​អ្នក​មាន​សំណួរ​ស្តី​អំពី​ស្ថាន​សួគ៌​និង​មនុស្សជាតិ។

តើ​មនុស្ស​បាន​ត្រូវ​បង្កើត​មក ឲ្យ​ទៅ​រស់​នៅ​ស្ថាន​សួគ៌​ឬ?

ដោយ​សារ​ទេវតា​បាន​បម្រើ​ព្រះ​នៅ​ស្ថាន​សួគ៌​មុន​មាន​ផែនដី នោះ​បុរស​និង​ស្ត្រី​ដំបូង​ច្បាស់​ជា​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​គូ​ស្វាមីភរិយា​ដំបូង​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ»។ (លោកុប្បត្តិ ១:២៨; សកម្មភាព ១៧:២៦) អាដាម​ជា​ជីវិត​ថ្មី​មួយ​ប្រភេទ​ដំបូង​ដែល​រស់​នៅ​លើ​ផែនដី ដែល​អាច​ស្គាល់​ព្រះ​និង​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ គាត់​មាន​ភារកិច្ច​បង្កើត​កូន​ចៅ​ដែល​រស់​នៅ​លើ​ផែនដី។ «ឯ​ស្ថាន​សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ​យេហូវ៉ា ចំណែក​ផែនដី​វិញ នោះ​ទ្រង់​បាន​ប្រគល់​ដល់​មនុស្សជាតិ»។—ទំនុក​តម្កើង ១១៥:១៦

ធម្មតា​មនុស្ស​យើង​មិន​ចង់​ស្លាប់​ទេ ព្រោះ​សេចក្ដី​ស្លាប់​មិន​មែន​ជា​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស​ឡើយ។ ព្រះ​ប្រាប់​អាដាម​ថា គាត់​នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​ទណ្ឌកម្ម​ក្នុង​ករណី​ដែល​គាត់​មិន​ស្ដាប់​បង្គាប់​លោក​ប៉ុណ្ណោះ។ បើ​អាដាម​ស្ដាប់​បង្គាប់​ព្រះ នោះ​គាត់​នឹង​មិន​ស្លាប់​សោះ​ឡើយ។—លោកុប្បត្តិ ២:១៧; រ៉ូម ៥:១២

ដូច្នេះ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​ព្រះ​មិន​បាន​ប្រាប់​អាដាម​អ្វី​សោះ​អំពី​រឿង​ទៅ​ស្ថាន​សួគ៌។ ហេតុ​នេះ ផែនដី​មិន​មែន​ជា​កន្លែង​ដែល​មនុស្ស​ទទួល​ការ​សាក​ល្បង​ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​សម​ឬ​មិន​សម​នឹង​រស់​នៅ​ស្ថាន​សួគ៌​នោះ​ទេ។ មនុស្ស​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​ជា​រៀង​រហូត​នៅ​ផែនដី ហើយ​គោល​បំណង​នេះ​របស់​ព្រះ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។ សេចក្ដី​សន្យា​មួយ​ក្នុង​គម្ពីរ​ថា៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ[ផែនដី]ជា​និច្ច»។ (ទំនុក​តម្កើង ៣៧:២៩) ច្បាស់​ណាស់ នេះ​បញ្ជាក់​ថា​តាំង​ពី​ដើម​មក មនុស្ស​យើង​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌​ទេ។ បើ​ដូច្នេះ ហេតុ​អ្វី​លោក​យេស៊ូ​បាន​សន្យា​ជា​មួយ​សាវ័ក​ថា​ពួក​គាត់​នឹង​មាន​ជីវិត​នៅ​ស្ថាន​សួគ៌? តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​ថា មនុស្ស​ល្អ​ទាំង​អស់​នឹង​ទៅ​ស្ថាន​សួគ៌​ឬ?