លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់

ហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់

ហ្វូង​តែ​មួយ ហើយ​មាន​គង្វាល​តែ​ម្នាក់

«អ្នក​រាល់​គ្នា​ដែល​បាន​កាន់​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​វិនិច្ឆ័យ​សេចក្ដី​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ»។—ម៉ាថ. ១៩:២៨

១. តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​កូន​ចៅ​របស់​អាប្រាហាំ? ហើយ​ហេតុ​អ្វី​នេះ​មិន​បាន​សេចក្ដី​ថា​លោក​មិន​អើពើ​ចំពោះ​មនុស្ស​ពី​ប្រទេស​ផ្សេង​ទៀត?

ព្រះ​យេហូវ៉ា​ស្រឡាញ់​អាប្រាហាំ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ស្រឡាញ់​កូន​ចៅ​របស់​អាប្រាហាំ​យ៉ាង​ស្មោះ។ ជាង​១.៥០០​ឆ្នាំ លោក​បាន​ចាត់​ទុក​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចៅ​របស់​អាប្រាហាំ ជា​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​រាស្ត្រ​ពិសេស«របស់​ផង​ទ្រង់»។ (សូម​អាន ចោទិយកថា ៧:៦) តើ​នេះ​បាន​សេចក្ដី​ថា​ព្រះ​យេហូវ៉ា​មិន​អើពើ​ចំពោះ​មនុស្ស​ពី​ប្រទេស​ផ្សេង​ឬ​ទេ? មិន​មែន​ទេ។ ក្នុង​អំឡុង​ពេល​នោះ មនុស្ស​ពី​ប្រទេស​ផ្សេង​ដែល​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ជា​មួយ​ប្រជាជាតិ​ពិសេស​របស់​លោក។ ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ដូរ​សាសនា​បាន​ត្រូវ​ចាត់​ទុក​ជា​សមាជិក​នៃ​ប្រជាជាតិ​នោះ ហើយ​អ្នក​ឯ​ទៀត​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ទុក​ដូច​ជា​បង​ប្អូន។ (លេវី. ១៩:៣៣, ៣៤) ម្យ៉ាង​ទៀត ពួក​គេ​ក៏​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ដែរ។—លេវី. ២៤:២២

២. តើ​លោក​យេស៊ូ​បាន​ប្រកាស​អ្វី​ដែល​ធ្វើ​ឲ្យ​ជនជាតិ​យូដា​នៅ​សម័យ​លោក​ភ្ញាក់​ផ្អើល? តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ជនជាតិ​យូដា​នៅ​សម័យ​លោក​ភ្ញាក់​ផ្អើល ពេល​លោក​ប្រកាស​ថា៖ «រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ហូត​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ឲ្យ​ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​នោះ»។ (ម៉ាថ. ២១:៤៣) តើ​នរណា​ជា​សមាជិក​នៃ​ប្រជាជាតិ​ថ្មី​នេះ? ហើយ​តើ​ការ​ផ្លាស់​ប្ដូរ​នេះ​មាន​ឥទ្ធិពល​មក​លើ​យើង​យ៉ាង​ដូច​ម្ដេច?

ប្រជាជាតិ​ថ្មី

៣, ៤. (ក) តើ​សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ឲ្យ​ដឹង​អំពី​ប្រជាជាតិ​ថ្មី​យ៉ាង​ដូច​ម្ដេច? (ខ) តើ​នរណា​ជា​សមាជិក​នៃ​ប្រជាជាតិ​ថ្មី​នេះ?

សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ឲ្យ​ដឹង​ច្បាស់​អំពី​ប្រជាជាតិ​ថ្មី​នេះ។ គាត់​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​ដូច​ត​ទៅ​ថា៖ «អ្នក​រាល់​គ្នា​ជា‹ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ត្រ​ដែល​ជា​សម្បត្ដិ​ពិសេស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណសម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា›របស់​លោក​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក»។ (១ពេ. ២:៩) ដូច​បាន​ទាយ​ទុក ជន​ជាតិ​អ៊ីស្រាអែល​ដែល​ទទួល​យក​លោក​យេស៊ូ​ជា​មេស្ស៊ី ជា​សមាជិក​ដំបូង​នៃ​ប្រជាជាតិ​ថ្មី​នោះ។ (ដាន. ៩:២៧​ក; ម៉ាថ. ១០:៦) ក្រោយ​មក មនុស្ស​ឯ​ទៀត​ជា​ច្រើន​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ក៏​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ប្រជាជាតិ​នោះ ពី​ព្រោះ​ពេត្រុស​បាន​និយាយ​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​ព្រះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​ព្រះ»។—១ពេ. ២:១០

តើ​ពេត្រុស​និយាយ​ទៅ​កាន់​អ្នក​ណា? នៅ​ដើម​សំបុត្រ​របស់​គាត់ គាត់​បាន​និយាយ​ថា៖ «[ព្រះ]បាន​ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែល​ស្ថិត​ស្ថេរ តាម​រយៈ​ការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ទទួល​មត៌ក​ដែល​មិន​អាច​ខូច​ទៅ ដែល​ឥត​សៅហ្មង ហើយ​ដែល​ស្ថិត​ស្ថេរ​ជា​និរន្តរ៍។ មត៌ក​នោះ​បាន​ត្រូវ​បម្រុង​ទុក​នៅ​ស្ថាន​សួគ៌​សម្រាប់​អ្នក​រាល់​គ្នា»។ (១ពេ. ១:៣, ៤) ដូច្នេះ សមាជិក​នៃ​ប្រជាជាតិ​ថ្មី​នេះ​គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ជា​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌។ ពួក​គេ​ជា«អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡ. ៦:១៦) សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ថា ពួក​អ៊ីស្រាអែល​នៃ​ព្រះ​មាន​ចំនួន​១៤៤.០០០​នាក់។ ពួក​គេ​បាន​ត្រូវ«ទិញ​ពី​ចំណោម​មនុស្សជាតិ ទុក​ជា​ផល​ដំបូង​ជូន​ព្រះ​និង​កូន​ចៀម»ដើម្បី​បម្រើ​ជា«សង្ឃ» ហើយ«គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក[យេស៊ូ]អស់​មួយ​ពាន់​ឆ្នាំ»។—បប. ៥:១០; ៧:៤; ១៤:១, ៤; ២០:៦; យ៉ា. ១:១៨

តើ​ប្រជាជាតិ​ថ្មី​រួម​បញ្ចូល​អ្នក​ឯ​ទៀត ក្រៅ​ពី​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​ទេ?

៥. (ក) តើ​ឃ្លា«អ៊ីស្រាអែល​នៃ​ព្រះ»សំដៅ​ទៅ​អ្នក​ណា? (ខ) ហេតុ​អ្វី​បាន​ជា​ពាក្យ«អ៊ីស្រាអែល»មិន​តែង​តែ​សំដៅ​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុណ្ណោះ?

ដូច្នេះ ឃ្លា«អ៊ីស្រាអែល​នៃ​ព្រះ»នៅ​កាឡាទី ៦:១៦​សំដៅ​ទៅ​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ តើ​មាន​ករណី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ប្រជាជាតិ​អ៊ីស្រាអែល​ជា​ឧទាហរណ៍​ដែល​រួម​បញ្ចូល​អ្នក​ឯ​ទៀត​ក្រៅ​ពី​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​ទេ? យើង​អាច​រក​ឃើញ​ចម្លើយ​ក្នុង​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​ពួក​សាវ័ក​របស់​លោក ដែល​ថា៖ «ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដូច​បិតា​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ ពោល​គឺ​សម្រាប់​រាជាណាចក្រ​មួយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសា​អាហារ​ពិសា​ស្រា​នៅ​តុ​របស់​ខ្ញុំ​ក្នុង​រាជាណាចក្រ​របស់​ខ្ញុំ ហើយ​អង្គុយ​លើ​បល្ល័ង្ក​ដើម្បី​វិនិច្ឆ័យ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​អ៊ីស្រាអែល»។ (លូក. ២២:២៨​-​៣០) នេះ​នឹង​កើត​ឡើង​នៅ«គ្រា​បង្កើត​សា​ជា​ថ្មី»ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។—សូម​អាន ម៉ាថាយ ១៩:២៨

៦, ៧. ក្នុង​ខ​គម្ពីរ​នៅ​ម៉ាថាយ ១៩:២៨ និង​លូកា ២២:៣០ តើ«កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ»សំដៅ​ទៅ​លើ​នរណា?

ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត ពួក​១៤៤.០០០​នាក់​នឹង​បម្រើ​ជា​ស្តេច សង្ឃ និង​ចៅ​ក្រម​នៅ​ស្ថាន​សួគ៌។ (បប. ២០:៤) តើ​ពួក​គេ​នឹង​វិនិច្ឆ័យ​អ្នក​ណា? ហើយ​តើ​ពួក​គេ​នឹង​គ្រប់​គ្រង​លើ​អ្នក​ណា? ម៉ាថាយ ១៩:២៨ និង​លូកា ២២:៣០ ចែង​ថា ពួក​គេ​នឹង​វិនិច្ឆ័យ​សេចក្ដី«កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ»។ តើ«កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ»តំណាង​នរណា​នៅ​ខ​គម្ពីរ​ទាំង​នេះ? ពួក​គេ​តំណាង​មនុស្ស​ទាំង​ឡាយ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ តែ​ពួក​គេ​មិន​រួម​ចំណែក​ក្នុង​ក្រុម​នៃ​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច​ឡើយ។ (កុលសម្ព័ន្ធ​លេវី​មិន​បាន​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​នៃ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​ទេ) ដូច្នេះ ក្នុង​ខ​គម្ពីរ​ទាំង​នេះ កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​តំណាង​ពួក​អ្នក​ដែល​នឹង​ទទួល​ប្រយោជន៍​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ កាល​ដែល​ពួក​១៤៤.០០០​នាក់​បំពេញ​កិច្ច​ការ​ជា​សង្ឃ។ ពួក​អ្នក​ទាំង​នេះ​ដែល​ទទួល​ប្រយោជន៍​ពី​កិច្ច​ការ​ពួក​សង្ឃ​ក៏​ជា​រាស្ត្រ​របស់​ព្រះ​ដែរ ហើយ​លោក​ស្រឡាញ់​និង​ទទួល​យក​ពួក​គេ។ គឺ​សម​រម្យ​ដែល​ពួក​គេ​បាន​ត្រូវ​ប្រដូច​នឹង​រាស្ត្រ​របស់​លោក​នៅ​សម័យ​បុរាណ។

ហេតុ​នេះ ក្រោយ​សាវ័ក​យ៉ូហាន​ឃើញ​ពួក​១៤៤.០០០​នាក់​ដែល​ជា​អ៊ីស្រាអែល​នៃ​ព្រះ​បាន​ត្រូវ​បោះ​ត្រា​ជា​អចិន្ត្រៃយ៍​មុន​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង គាត់​ក៏​ឃើញ«មនុស្ស​មួយ​ក្រុម​ធំ»មាន​ចំនួន​ច្រើន​ឥត​គណនា ដែល​ចេញ​ពី«គ្រប់​ប្រជាជាតិ»។ (បប. ៧:៩) ពួក​គេ​នឹង​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង ហើយ​នឹង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ នៅ​ទី​នោះ មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ចូល​រួម​ជា​មួយ​ពួក​គេ។ (យ៉ូន. ៥:២៨, ២៩; បប. ២០:១៣) ពួក​គេ​ទាំង​អស់​នេះ​ជា«កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ»ក្នុង​ន័យ​ធៀប ដែល​បាន​ត្រូវ​វិនិច្ឆ័យ​សេចក្ដី​ដោយ​លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​លោក។—សកម្ម. ១៧:៣១; ២៤:១៥; បប. ២០:១២

៨. តើ​អ្វី​ដែល​គេ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​យ៉ាង​ដូច​ម្ដេច​នូវ​ទំនាក់​ទំនង​រវាង​ពួក​១៤៤.០០០​នាក់​និង​មនុស្សជាតិ​ទាំង​ឡាយ?

ទំនាក់​ទំនង​រវាង​ពួក​១៤៤.០០០​នាក់​និង​មនុស្សជាតិ​ទាំង​ឡាយ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ដែល​គេ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង ដែល​ជា​បុណ្យ​ប្រចាំ​ឆ្នាំ។ (លេវី. ១៦:៦​-​១០, ខ.ស.) មុន​ដំបូង សម្ដេច​សង្ឃ​ត្រូវ​ថ្វាយ​គោ​ឈ្មោល​មួយ​ទុក​ជា​គ្រឿង​បូជា​លោះ​អំពើ​ខុស​ឆ្គង«សំរាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់»។ យ៉ាង​នេះ មុន​បង្អស់ គ្រឿង​បូជា​របស់​លោក​យេស៊ូ​គឺ​សម្រាប់​ពួក​សង្ឃ​ថ្នាក់​ក្រោម​ដែល​ជា​ក្រុម​គ្រួសារ​របស់​លោក ដែល​នឹង​បម្រើ​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌។ ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង គេ​យក​ពពែ​ពីរ​ធ្វើ​ជា​គ្រឿង​បូជា​លោះ​អំពើ​ខុស​ឆ្គង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត។ ក្នុង​ករណី​នេះ កុលសម្ព័ន្ធ​ដែល​ធ្វើ​ជា​ពួក​សង្ឃ​តំណាង​ពួក​១៤៤.០០០​នាក់ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​តំណាង​មនុស្ស​ទាំង​ឡាយ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី។ ដូច្នេះ នេះ​បង្ហាញ​ថា ពាក្យ«កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ»នៅ​ម៉ាថាយ ១៩:២៨ មិន​សំដៅ​ទៅ​លើ​ពួក​សង្ឃ​ថ្នាក់​ក្រោម​របស់​លោក​យេស៊ូ​ដែល​ព្រះ​បាន​តែង​តាំង​ដោយ​សកម្មពល​របស់​លោក​ទេ តែ​សំដៅ​ទៅ​លើ​មនុស្ស​ឯ​ទៀត​ទាំង​អស់​ដែល​បង្ហាញ​ជំនឿ​ទៅ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​វិញ។ *

៩. យោង​ទៅ​តាម​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​របស់​គាត់​អំពី​វិហារ​របស់​ព្រះ​យេហូវ៉ា តើ​ពួក​សង្ឃ​តំណាង​នរណា? ហើយ​តើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មិន​មែន​ជា​សង្ឃ​តំណាង​នរណា?

សូម​ពិចារណា​ឧទាហរណ៍​មួយ​ទៀត។ អ្នក​ប្រកាស​ទំនាយ​អេសេគាល​បាន​ឃើញ​ច្បាស់​ក្នុង​គំនិត​នូវ​វិហារ​របស់​ព្រះ​យេហូវ៉ា។  (អេស. ជំពូក​ទី ៤០​-​៤៨) តាម​អ្វី​ដែល​គាត់​ឃើញ​ក្នុង​គំនិត ពួក​សង្ឃ​ធ្វើ​ការ​ក្នុង​វិហារ ផ្ដល់​ការ​ណែនាំ ហើយ​ទទួល​ឱវាទ​និង​ការ​កែ​តម្រង់​ពី​ព្រះ​យេហូវ៉ា។ (អេស. ៤៤:២៣​-​៣១) គាត់​ក៏​ឃើញ​សមាជិក​នៃ​កុលសម្ព័ន្ធ​ផ្សេង​ៗ​មក​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ជូន​គ្រឿង​បូជា​ដែរ។ (អេស. ៤៥:១៦, ១៧) ក្នុង​ខ​គម្ពីរ​ទាំង​នេះ ពួក​សង្ឃ​តំណាង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កុលសម្ព័ន្ធ​ផ្សេង​ៗ​ដែល​មិន​មែន​ជា​សង្ឃ​តំណាង​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី។ ការ​ឃើញ​ក្នុង​គំនិត​នេះ​ដៅ​បញ្ជាក់​ថា ក្រុម​ពីរ​សហការ​គ្នា​ដែល​មាន​ក្រុម​នៃ​ពួក​សង្ឃ​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ពិត។

១០, ១១. (ក) តើ​យើង​បាន​ឃើញ​ការ​សម្រេច​អ្វី​នូវ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ពង្រឹង​ជំនឿ​យើង? (ខ) តើ​មាន​សំណួរ​អ្វី​ស្តី​អំពី​ពួក​ចៀម​ឯ​ទៀត?

១០ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី«ចៀម​ឯ​ទៀត»ដែល​មិន​នៅ​ក្នុង«ក្រោល»តែ​មួយ​ជា​មួយ​នឹង«ហ្វូង​តូច»ដែល​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​កាន់​តាម​លោក។ (យ៉ូន. ១០:១៦; លូក. ១២:៣២) លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ ហើយ​ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ រួច​ចៀម​ទាំង​អស់​នោះ​នឹង​ទៅ​ជា​ហ្វូង​តែ​មួយ ហើយ​មាន​គង្វាល​តែ​ម្នាក់»។ នេះ​ពិត​ជា​ពង្រឹង​ជំនឿ​មែន! ដោយ​យើង​បាន​ឃើញ​ការ​សម្រេច​នូវ​ពាក្យ​ទាំង​នោះ។ មនុស្ស​ពីរ​ក្រុម​បាន​ត្រូវ​បង្រួប​បង្រួមគ្នា ពោល​គឺ​ក្រុម​តូច​នៃ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង និង​មនុស្ស​មួយ​ក្រុម​ធំ​នៃ​ពួក​ចៀម​ឯ​ទៀត។ (សូម​អាន សាការី ៨:២៣) ក្នុង​ន័យ​ធៀប ថ្វី​បើ​ពួក​ចៀម​ឯ​ទៀត​មិន​បម្រើ​នៅ​ទី​ធ្លា​ខាង​ក្នុង​នៃ​វិហារ ដែល​ជា​ការ​រៀបចំ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ក៏​ដោយ តែ​ពួក​គេ​បម្រើ​នៅ​ទី​ធ្លា​ខាង​ក្រៅ​នៃ​វិហារ​នោះ។

១១ ប៉ុន្តែ បើ​ជួន​កាល​ព្រះ​យេហូវ៉ា​ប្រើ​សមាជិក​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ​ដែល​មិន​មែន​ជា​សង្ឃ​ដើម្បី​តំណាង​ពួក​ចៀម​ឯ​ទៀត​ទាំង​នេះ តើ​គប្បី​ឲ្យ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ដែរ​ឬ​ទេ? ឥឡូវ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​នេះ។

កិច្ច​ព្រម​ព្រៀង​ថ្មី

១២. តើ​ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​ការ​រៀបចំ​ថ្មី​អ្វី?

១២ ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​ការ​រៀបចំ​ថ្មី​សម្រាប់​រាស្ត្រ​របស់​លោក ពេល​លោក​មាន​ប្រសាសន៍​ថា៖ «សេចក្ដី​សញ្ញា[កិច្ច​ព្រម​ព្រៀង]ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ អញ​នឹង​ដាក់​ក្រិត្យ​វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ»។ (យេ. ៣១:៣១​-​៣៣) ដូច្នេះ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អាប្រាហាំ​នឹង​មាន​ការ​សម្រេច​យ៉ាង​អស្ចារ្យ​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។—សូម​អាន លោកុប្បត្តិ ២២:១៨

១៣, ១៤. (ក) តើ​អ្នក​ណា​ដែល​ជា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី? (ខ) តើ​ពួក​អ្នក​ទទួល​ប្រយោជន៍​ជា​នរណា? ហើយ​តើ​ពួក​គេ«កាន់​ខ្ជាប់»កិច្ច​ព្រម​ព្រៀង​ថ្មី​នោះ​យ៉ាង​ដូច​ម្ដេច?

១៣ លោក​យេស៊ូ​បាន​សំដៅ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​នៅ​រាត្រី​មុន​លោក​ទទួល​មរណភាព ពេល​លោក​មាន​ប្រសាសន៍​ថា៖ «ពែង​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​បង្ហូរ​ចេញ​ដើម្បី​អ្នក​រាល់​គ្នា»។ (លូក. ២២:២០; ១កូ. ១១:២៥) តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​រួម​បញ្ចូល​ពួក​គ្រិស្ត​សាសនិក​ទាំង​អស់​ឬ​ទេ? មិន​មែន​ទេ។ ពួក​គ្រិស្ត​សាសនិក​ខ្លះ ដូច​ពួក​សាវ័ក​ដែល​បាន​ពិសា​ពី​ពែង​នៅ​រាត្រី​នោះ គឺ​ជា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី។ * លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត​ជា​មួយ​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​គ្រប់​គ្រង​ជា​មួយ​លោក​ក្នុង​រាជាណាចក្រ​របស់​លោក។ (លូក. ២២:២៨​-​៣០) ពួក​គេ​នឹង​រួម​ចំណែក​ជា​មួយ​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ​របស់​លោក។—លូក. ២២:១៥, ១៦

១៤ ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​រស់​នៅ​ផែនដី​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​លោក? ពួក​គេ​ជា​អ្នក​ទទួល​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​នោះ។ (កាឡ. ៣:៨, ៩) ទោះ​បី​ពួក​គេ​មិន​មែន​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​ក៏​ដោយ ពួក​គេ«កាន់​ខ្ជាប់»កិច្ច​ព្រម​ព្រៀង​នោះ​ដោយ​ធ្វើ​តាម​តម្រូវ​ការ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ ដូច​អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​ទាយ​ទុក​ថា៖ «ពួក​សាសន៍​ដទៃ​ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​ការងារ​ទ្រង់ ហើយ​នឹង​ស្រឡាញ់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិស្ឋាន»។ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍»។—អេ. ៥៦:៦, ៧

តើ​នរណា​គួរ​ពិសា​វត្ថុ​តំណាង?

១៥, ១៦. (ក) តើ​សាវ័ក​ប៉ូល​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាប់​ទាក់​ទង​នឹង​អ្វី​ខ្លះ? (ខ) ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​មិន​គួរ​ពិសា​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក?

១៥ ពួក​អ្នក​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី«មាន​ចិត្ត​ក្លាហាន​ដើម្បី​ចូល​តាម​ផ្លូវ​ទៅ​ឯ​កន្លែង​បរិសុទ្ធ»។ (សូម​អាន ហេប្រឺ ១០:១៥​-​២០) ពួក​គេ​ទាំង​នេះ​ជា​ពួក​អ្នក​ដែល«ទទួល​រាជាណាចក្រ​ដែល​មិន​អាច​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ​ឡើយ»។ (ហេ. ១២:២៨) ដូច្នេះ មាន​តែ​ពួក​អ្នក​ដែល​នឹង​ធ្វើ​ជា​ស្តេច​និង​សង្ឃ​នៅ​ស្ថាន​សួគ៌​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត​ប៉ុណ្ណោះ ដែល​គួរ​ពិសា​ពី«ពែង»ដែល​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី។ ភាគី​ទាំង​នេះ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​គឺ​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​សន្យា​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​កូន​ចៀម។ (២កូ. ១១:២; បប. ២១:២,) មនុស្ស​ឯ​ទៀត​ទាំង​អស់​ដែល​មាន​វត្តមាន​ក្នុង​ពិធី​រំលឹក​រៀង​រាល់​ឆ្នាំ មិន​ពិសា​វត្ថុ​តំណាង​ឡើយ តែ​ពួក​គេ​មាន​វត្តមាន​ដើម្បី​បង្ហាញ​ការ​គោរព​វិញ។

១៦ ប៉ូល​ក៏​ជួយ​ពន្យល់​យើង​ឲ្យ​ដឹង​ដែរ​ថា មនុស្ស​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​មិន​ពិសា​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ទេ។ គាត់​បាននិយាយ​ទៅ​កាន់​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា៖ «រាល់​ដង​ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំ​ប៉័ង​នោះ និង​ផឹក​ពី​ពែង​នោះ អ្នក​រាល់​គ្នា​កំពុង​ប្រកាស​មរណភាព​របស់​លោក​ម្ចាស់​រហូត​ដល់​លោក​មក​ដល់»។ (១កូ. ១១:២៦) តើ​លោក​ម្ចាស់«មក​ដល់»នៅ​ពេល​ណា? លោក​ម្ចាស់​មក​ដល់​ពេល​លោក​មក​យក​ទៅ​ស្ថាន​សួគ៌​នូវ​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែនដី​ដែល​ជា​ក្រុម​នៃ​កូន​ក្រមុំ។ (យ៉ូន. ១៤:២, ៣) គឺ​ច្បាស់​ហើយ អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​មិន​មាន​រហូត​ទេ។ «ពួក​អ្នក​ដែល​នៅ​សល់»នៅ​ផែនដី​ដែល​ជា​ពូជ​របស់​ស្ត្រី នឹង​បន្ត​ពិសា​វត្ថុ​តំណាង​នៅ​ពិធី​នេះ​រហូត​ដល់​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌។ (បប. ១២:១៧) ប៉ុន្តែ បើ​ពួក​អ្នក​ដែល​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែនដី​មាន​សិទ្ធិ​ពិសា​វត្ថុ​តំណាង​វិញ នោះ​ពិធី​រំលឹក​នេះ​នឹង​ត្រូវ​ធ្វើ​ជា​រៀង​រហូត​ដែរ។

«គេ​នឹង​បាន​ជា​រាស្ត្រ»របស់​ខ្ញុំ

១៧, ១៨. តើ​ទំនាយ​នៅ​អេសេគាល ៣៧:២៦, ២៧​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​សាមគ្គីភាព​របស់​រាស្ត្រ​លោក​ដោយ​ពោល​ថា៖ «អញ​នឹង​តាំង​សន្ដិ​សញ្ញា[កិច្ច​ព្រម​ព្រៀង]នឹង​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប​ជា​និច្ច អញ​នឹង​តាំង​គេ​ឡើង ហើយ​ចំរើន​គេ ឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​អញ នៅ​កណ្ដាល​គេ​ឲ្យ​នៅ​អស់​កល្ប​ជា​និច្ច ព្រះ​វិហារ​របស់​អញ​នឹង​នៅ​ជា​មួយ​នឹង​គេ​ដែរ អញ​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ»។—អេស. ៣៧:២៦, ២៧

១៨ រាស្ត្រ​របស់​ព្រះ​ទាំង​អស់​មាន​ឯកសិទ្ធិ​ទទួល​ប្រយោជន៍​ពី​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​នេះ ដែល​ជា​កិច្ច​ព្រម​ព្រៀង​ដើម្បី​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​បាន​ធានា​ថា អ្នក​បម្រើ​ទាំង​អស់​ដែល​ស្ដាប់​បង្គាប់​លោក​នឹង​មាន​សេចក្ដី​សុខ​សាន្ត។ ផល​ដែល​បាន​បង្កើត​ដោយ​សកម្មពល​របស់​លោក​បាន​ត្រូវ​ឃើញ​ច្បាស់​ក្នុង​ចំណោម​ពួក​គេ។ ទី​បរិសុទ្ធ​របស់​លោក ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​ដែល​តំណាង​ការ​គោរព​ប្រណិប័តន៍​ដ៏​បរិសុទ្ធ​ជា​គ្រិស្ត​សាសនិក គឺ​មាន​ក្នុង​ចំណោម​ពួក​គេ។ ពួក​គេ​ប្រាកដ​ជា​ក្លាយ​ទៅ​ជា​រាស្ត្រ​របស់​លោក ពី​ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល​ការ​គោរព​បូជា​រូប​ព្រះ​ទាំង​អស់ ហើយ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ព្រះ​តែ​មួយ​គត់​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍។

១៩, ២០. តើ​អ្នក​ណា​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ហៅ​ថា​ជា«រាស្ត្រ»របស់​លោក? ហើយ​តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​បើក​ឱកាស​ឲ្យ​មាន​អ្វី​ខ្លះ?

១៩ គួរ​ឲ្យ​រំភើប​ចិត្ត​មែន! ដោយ​បាន​ឃើញ​ក្រុម​ពីរ​បាន​ត្រូវ​បង្រួប​បង្រួម​គ្នា​នៅ​សម័យ​យើង។ ទោះ​ជា​មនុស្ស​មួយ​ក្រុម​ធំ​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន មិន​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ក៏​ដោយ តែ​ពួក​គេ​មាន​មោទនភាព​ដោយ​បាន​សេព​គប់​ជា​មួយ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌។ ពួក​គេ​បាន​នៅ​ជាប់​ជា​មួយ​ពួក​អ៊ីស្រាអែល​នៃ​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ហៅ​ថា​ជា«រាស្ត្រ»របស់​ខ្ញុំ។ ពួក​គេ​បាន​សម្រេច​ទំនាយ​នេះ​ដែល​ថា៖ «នៅ​គ្រា​នោះ​សាសន៍​ជា​ច្រើន​នឹង​ចូល​ពួក​ខាង​ព្រះ​យេហូវ៉ា គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា»។—សាក. ២:១១; ៨:២១; សូម​អាន អេសាយ ៦៥:២២; ការ​បើក​បង្ហាញ ២១:៣, ៤

២០ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​ថ្មី។ ជន​ជាតិ​ដទៃ​រាប់​លាន​នាក់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​រួម​ចំណែក​ក្នុង​ប្រជាជាតិ​ដែល​លោក​ពេញ​ចិត្ត។ (មីកា ៤:១​-​៥) ពួក​គេ​បាន​តាំង​ចិត្ត​កាន់​ខ្ជាប់​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ទទួល​យក​ការ​រៀបចំ​ដែល​មក​ពី​កិច្ច​ព្រម​ព្រៀង​នោះ ហើយ​ធ្វើ​តាម​តម្រូវ​ការ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ។ (អេ. ៥៦:៦, ៧) ដោយ​ធ្វើ​ដូច្នេះ នោះ​ពួក​គេ​ព្រម​ទាំង​ពួក​អ៊ីស្រាអែល​នៃ​ព្រះ នឹង​ទទួល​ពរ​ជា​បរិបូរ​ដែល​ជា​សេចក្ដី​សុខ​សាន្ត​ដែល​គ្មាន​ទី​បញ្ចប់។ សូម​ឲ្យ​អ្នក​ទទួល​ពរ​ទាំង​នេះ​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត!

[កំណត់​សម្គាល់]

^ វគ្គ 8 ស្រដៀង​គ្នា​ដែរ ពាក្យ«ក្រុម​ជំនុំ»សំដៅ​ជា​ចម្បង​ទៅ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ (ហេ. ១២:២៣) ប៉ុន្តែ ពាក្យ«ក្រុម​ជំនុំ»ក៏​អាច​មាន​ន័យ​ម្យ៉ាង​ទៀត ពោល​គឺ​សំដៅ​ទៅ​លើ​ពួក​គ្រិស្ត​សាសនិក​ទាំង​ឡាយ ទោះ​ជា​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​មួយ​ណា​ក៏​ដោយ (សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០០៧ ទំព័រ​៩​-​១១)។

^ វគ្គ 13 លោក​យេស៊ូ​ជា​អ្នក​សម្រុះ​សម្រួល​នៃ​កិច្ច​ព្រម​ព្រៀង​នោះ មិន​មែន​ជា​ភាគី​ទេ។ ក្នុង​នាម​ជា​អ្នក​សម្រុះ​សម្រួល លោក​មិន​បាន​ពិសា​វត្ថុ​តំណាង​ឡើយ។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​អ្នក​ណា​ជា«កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ»ដែល​ពួក​១៤៤.០០០​នាក់​នឹង​វិនិច្ឆ័យ?

• តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ពួក​ចៀម​ឯ​ទៀត​ជាប់​ទាក់​ទង​យ៉ាង​ណា​ជា​មួយ​កិច្ច​ព្រម​ព្រៀង​ថ្មី?

• តើ​គ្រិស្ត​សាសនិក​ទាំង​អស់​គួរ​ពិសា​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ឬ​ទេ?

• តើ​សាមគ្គីភាព​អ្វី​នៅ​សម័យ​យើង​នេះ​ដែល​បាន​ត្រូវ​ទាយ​ទុក?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ក្រាប/រូប​ភាព​នៅ​ទំព័រ​២៣]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​កំពុង​បម្រើ ជា​មួយ​នឹង​អ៊ីស្រាអែល​នៃ​ព្រះ

៧.៣១៣.១៧៣​នាក់

៤.០១៧.២១៣​នាក់

១.៤៨៣.៤៣០​នាក់

៣៧៣.៤៣០​នាក់

ឆ្នាំ​១៩៥០ ឆ្នាំ​១៩៧០ ឆ្នាំ​១៩៩០ ឆ្នាំ​២០០៩